Aaron Ramsey (ឆ្វេង) របស់ក្រុម Arsenal និង Ander Herrera របស់ Man United។
ភ្នំពេញ: សម្រាប់ការប្រកួតនៅសប្តាហ៍ ៨ នេះ ក្របខ័ណ្ឌអង់គ្លេសនឹងផ្ដល់នូវភាពរំភើបយ៉ាងខ្លាំង ខណៈដែលក្រុមធ្លាក់ទម្រង់លេង Arsenal នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវក្រុមកំពុងនាំមុខ Man United ហើយ Everton និង Liverpool នឹងត្រូវជួបគ្នាក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់ Mejerseys តែមួយ។
ខាងមុខក្រោមនេះគឺជាវិភាគរបស់ អ៊ិន សុផេង ការីនិពន្ធព័ត៌មានកីឡារបស់ភ្នំពេញ ប៉ុស្តិ៍៖
Man City v Newcastle3/1/2015 ម៉ោង 21
ក្រោយពីការស្តារមុខមាត់របស់ខ្លួនត្រឡប់មកវិញតាមរយៈការយកឈ្នះលើ ក្រុម Mon-chengladbach ២-១ ក្នុង Champions League កាលពីពេលថ្មីៗនេះ Man City នឹងសម្លឹងរកជ័យជម្នះនៅពេលជួបក្រុម Newcastle ដើម្បីអាចវិលទៅឈរលេខ ១ វិញ។ ការប្រកួត ៥ លើកចុងក្រោយ ពួកគេបានឈ្នះ ២ លើក និងចាញ់ ៣ លើក។
ក្រុម Newcastle នឹងឈានទៅកាន់ការប្រកួតនេះដោយគ្មានជំនឿចិត្ត ហើយអាចនឹងបន្ដការចាញ់របស់ខ្លួន ក្រោយពីការមិនស្គាល់ឈ្នះសោះសម្រាប់ការប្រកួត ៥ លើកចុងក្រោយពោលគឺចាញ់ ៤ លើក និងស្មើ ១ លើក។
- ជំនួប ៤ លើកចុងក្រោយ
22/215 Man City 5-0 Newcastle
30/10/14 Man City 0-2 Newcastle
17/8/14 Newcastle 0-2 Man City
Chelsea v Southampton3/10/2015 ម៉ោង 23:30
ក្រោមពីរងនូវការខកចិត្តទាំងក្នុងការប្រកួតលីកក្នុងស្រុក និងក្របខ័ណ្ឌអឺរ៉ុប Chelsea ដឹងយ៉ាងច្បាស់ថា ពួកគេត្រូវតែធ្វើឲ្យការប្រកួតរបស់ពួកគេមានភាពល្អប្រសើរ ពេលជួបក្រុមជើងខ្លាំង Southampton នៅថ្ងៃសៅរ៍នេះ។
នេះជាការប្រកួតដែល Chelsea ត្រូវការឈ្នះជាចាំបាច់ ហើយសម្រាប់ការប្រកួត ៥ លើកចុងក្រោយ ពួកគេឈាន ៣ លើក ស្មើ ១ លើក និងចាញ់ ១ លើក។ ដោយឡែក Southampton ធ្វើបានល្អគួរសមសម្រាប់ការប្រកួត ៥ លើកចុងក្រោយដោយពួកគេក៏ឈ្នះ ៣ លើក ស្មើ ១ លើក និងចាញ់ ១ លើកផងដែរ។
- ជំនួប ៤ លើកចុងក្រោយ
15/3/15 Chelsea 1-1 Sou.ton
28/12/14 Sou.ton 1-1 Chelsea
1/1/14 South.ton 0-3 Chelsea
Arsenal v Man United4/10/2015 ម៉ោង 22:20
ក្រោយពីជួបការខកចិត្តក្នុងការប្រកួត Champions League កាលពីពាក់កណ្តាលសប្តាហ៍នេះតាមរយៈការចាញ់ក្រុម Olympiakos ៣-២ ក្រុម Arsenal នឹងត្រូវជួបការប្រកួតដ៏ស្វិតស្វាញមួយទៀតនៅពេលជួបក្រុម Man United។
Arsenal ធ្វើមិនបានល្អឡើយសម្រាប់ការប្រកួត ៥ លើកចុងក្រោយរបស់ពួកគេ ពោលគឺឈ្នះ ២ លើក និងចាញ់ ៣ លើក និងបានបណ្តោយឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនរាល់ការប្រកួតទាំង ៥ លើកនោះ។
ដោយឡែក Man Utd ចាញ់តែ ១ លើកគត់ ប៉ុន្តែ ឈ្នះដល់ទៅ ៤ លើកពីការប្រកួត ៥ លើកចុងក្រោយរបស់ពួកគេ និងបានរកគ្រាប់បាល់បញ្ចូលទីរាល់ការប្រកួតទាំងអស់។ ហេតុនេះពួកគេនឹងឈានទៅកាន់ការប្រកួតនេះដោយការជឿជាក់។
- ជំនួប ៤ លើកចុងក្រោយ
17/5/15 Man U 1-1 Arsenal
10/3/15 Man U 1-2 Arsenal
23.11.14 Arsenal 1-2 Man U
Everton v Liverpool4/10/2015 ម៉ោង 19:30
ក្រុម Everton នឹងត្រូវប្រឈមមុខនឹងការប្រកួតដ៏ស្វិតស្វាញមួយនៅពេលពួកគេធ្វើជា ម្ចាស់ផ្ទះទទួលភ្ញៀវ Liverpool ក្នុងជំនួបរវាងក្រុមស្ថិតក្នុងតំបន់ Mejerseys តែមួយ។
ក្រុមម្ចាស់ផ្ទះនឹងឈានទៅកាន់ការប្រកួតនេះដោយការជឿជាក់ ក្រោយពីពួកគេធ្វើបានយ៉ាងល្អសម្រាប់ការប្រកួត ៥ លើកចុងក្រោយរបស់ពួកគេ ដោយពួកគេបានកត់ត្រាជ័យជម្នះ ៣ លើក និងស្មើ ២ លើក។
ហេតុនេះ ការមានប្រៀបផ្សេងៗគួរតែធ្លាក់ទៅលើពួកគេ។ Liverpool ហាក់កំពុងធ្វើឲ្យទម្រង់លេងរបស់ពួកគេមានភាពល្អប្រសើរឡើងវិញ តាមរយៈការដណ្តើមបានជ័យជម្នះ ១ លើក ស្មើ ៣ លើក និងចាញ់ ១ លើកពីការប្រកួត ៥ លើកចុងក្រោយរបស់ពួកគេ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ពួកគេបានស៊ុតបាល់បញ្ចូលទីរាល់ការប្រកួតទាំង ៥ លើកនោះ និងទើបតែទទួលស្វាគមន៍ Daniel Sturridge ពីបញ្ហារបួស។