jaukjeybanner

ការប្រកួត​កីឡា​នៅ​បូក​គោ រក​ឃើញម្ចាស់​ជយលាភី

ម្ចាស់​ជយ​លាភី​​ការរត់​ពាក់​កណ្តាល​ម៉ារ៉ាតុង ក្នុងពេលបំពាក់មេដាយ។

ភ្នំពេញៈ ​ព្រឹត្តិការណ៍​ប្រណាំងកង់ និង​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្តាល​ម៉ារ៉ាតុង​ឋានសួគ៌បូកគោ លើកទី ២ ឆ្នាំ ២០១៥ ដែលមាន​អ្នកចូល​រួមជិត ១ ពាន់​នាក់​នោះ កាល​ពី​ថ្ងៃ​សុក្រ និងថ្ងៃសៅរ៍​កន្លង​មក​នេះ​បាន​បញ្ចប់​ដោយ​រលូន ខណៈម្ចាស់​ជយ​លាភី​ភាគច្រើន​បាន​ទៅ​លើ​អត្ត​ពលិកកម្ពុជា។

សម្រាប់ការ​ប្រណាំង​កង់ កាល​ពី​ថ្ងៃ​សុក្រ ដែល​មានអ្នកចូលរួម ១៣៤ នាក់​នោះ បាន​ចែក​ការ​ប្រកួតជា ៦ កម្រិត​ ក្នុង​នោះ​ការប្រកួតកម្រិត A លើ​ចម្ងាយ​ផ្លូវ ៥១ គីឡូម៉ែត្រ​ ​លេខ ១ បាន​ទៅ សេង ឃៀង ​ថិរវេលា ១:២២:៣២ ម៉ោង លេខ ២ ហុង ចាន់​មករា ​ប្រើពេល ១:២៤:០៦ ម៉ោង ​ខណៈ​ សេង សីហា បាន​ប្រើពេល ១:២៤:០៧ ម៉ោង​ ដើម្បី​ទទួល​បានលេខ ៣។

ចំណែក​កម្រិត B លើ​ចម្ងាយផ្លូវ ៣៤ គីឡូម៉ែត្រ លេខ ១ បាន​ទៅលើ​កីឡាករ គឹម ចាន់ថន ​ប្រើពេល ១:០៣:៥៣ ម៉ោង​ លេខ ២ ញ៉ុ​ង លេង និង​លេខ ៣ ហ៊ុត ឡូយ​រស្មី។ រីឯ​កម្រិត C ​លើ​ចម្ងាយ​ផ្លូវ ៣៤ គ.ម​សម្រាប់​មនុស្ស​វ័យចាស់ និង​នារីលេខ ១​ Pierre Yves Catry លេខ ២ Bobby Viceral ​លេខ ៣ វង្ស ឈិងឆូវ ។

ចំពោះកម្រិត D លើ​ចម្ងាយផ្លូវ ១៧ គ.ម​លេខ ១ បានទៅ ភុ​ត មករា លេខ ២ ប៊​យ តុលា និង​លេខ ៣ សន វី​រៈ។ រីឯ​កម្រិត E ចម្ងាយ​ផ្លូវ ១៧ គ.ម​ដែរ តែ​សម្រាប់នារី​នោះ​ ​កីឡាការិនី​ ហេង ស៊ីវ​ឡេង បាន​លេខ ១​ លេខ ២ ហេង ស៊ីវ​ហ្គេ​ច និង​លេខ ៣ ភុំ ស៊ីណា ហើយ​កម្រិត F ចម្ងាយ ១០ គីឡូម៉ែត្រ​សម្រាប់​ក្មេងៗ​នោះលេខ ១ បាន​ទៅ សំ មា​រ៉ាភី លេខ ២ វង្ស ឈុន​ហេង និង​លេខ ៣ រ៉ែ​ន កាឡាស់។

ដោយឡែក ការ​ប្រណាំង​អន្តរជាតិ​ពាក់​កណ្តាល​ម៉ារ៉ាតុង ចម្ងាយ ២១ គីឡូម៉ែត្រ ​កីឡាករ​កម្ពុជា ម៉ា វីរ៉ូ ​បានប្រើពេល ១:២៧:០៩.២៧ ម៉ោង ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក នាំ​មុខ​អង់​គ្លេស Neil Burns ដោយ​ប្រើ​ពេល ១:២៩:១៣.៣២ ម៉ោង និង​នាយ យ៉ាន ជា​ជនជាតិបារាំង​ បាន​លេខ ៣ ដោយ​ប្រើ​ពេល ១:៣០:​៣៩.​១៤ ម៉ោង។ រីឯ​ផ្នែក​នារី​លេខ ១ បាន​ទៅ​កីឡាការិនី​អៀរ​ឡង់ Jill Hamill ក្នុង​ថិរវេលា ១:៣១:២២.៤៤ ម៉ោង លេខ ២ បានទៅកីឡាការិនី​បារាំង Veronique Messina ប្រើ​ពេល ១:៣៨:០០.៩៧ ម៉ោង ខណៈ​កីឡាការិនី​កាណាដា Denise Reesor ប្រើ​ពេល ១:៤៩:៤២.៨០ ម៉ោង ដើម្បី​បានលេខ ៣​។

ចំណែក​ការ​រត់​ប្រណាំង​ចម្ងាយ ១០ គីឡូម៉ែត្រ ​កីឡាករកម្ពុជា កង ធឿន ក្លាយជា​ម្ចាស់​ជើងឯក​ផ្នែក​បុរស ឯ​លេខ ១ ផ្នែកនារី​បាន​ទៅ​កីឡាការិនី​អាមេរិក Olivia Harrow ហើយ​កីឡាករ​កម្ពុជា ឈុន ប៊ុនធឿន និងកីឡាការិនីកម្ពុជា ហេង ម៉ី​ជូ ជាប់​លេខ ២ លើ​វិញ្ញាសានេះ ខណៈ​​កីឡាករ​បារាំង Christian Debenath និង​កីឡាការិនី​អាមេរិក Tanya Peitay បាន​លេខ ៣។

ក្រៅ​ពី​នេះក៏​មាន​ការ​រត់ចម្ងាយ ៥ គ.ម និង ៣ គ.ម ​បែបកម្សាន្ត​ផង​ដែរ ខណៈ​ព្រឹត្តិការណ៍​នេះរៀបចំឡើងដោយ​ម្ចាស់​រមណី​យដ្ឋាន​បូកគោ ក្រោមការ​ឧបត្ថម្ភ​ពី Smart ភេសជ្ជៈកូកាកូឡា ប្រេងម៉ាស៊ីន​សូគីម៊ិច និង​ក្រុម​ហ៊ុន​ផ្សេង​ទៀត៕

 

Smart រៀបចំការ​រត់ម៉ារ៉ាតុង​ដើម្បី​រក​អត្ត​ពលិក​លឿនបំផុត

សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការរៀបចំ​ការ​ប្រកួតរត់ «ខ្ញុំលឿន​បំផុត» កាល​ពី​ថ្ងៃ​អង្គារ។

ភ្នំពេញ: ព្រឹត្តិការណ៍​ប្រ​កួតរត់ប្រណាំង​ជាង ២៤ ខេត្ត និង​រាជធានី​ភ្នំពេញ​ ដែលគេ​ប្រសិទ្ធ​នាម​ថា​ «ខ្ញុំ​លឿនបំផុត» នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅថ្ងៃទី ២៩ ខែ​តុលា ខាង​មុខ​នេះ ក្រោម​ការឧបត្ថម្ភ​របស់​ក្រុម​ហ៊ុន​ទូរ​ស័ព្ទចល័ត​ Smart។

ព្រឹត្តិការណ៍​រត់ម៉ារ៉ា​តុង​នេះ ជា​ការ​ប្រកួត​ប្រជែង​ថ្នាក់ជាតិមួយ​​ ដែល​ជា​ការ​រួម​បញ្ចូលគ្នា​ធំ​បំផុត​នៃ​វិស័យកីឡា និងការ​អប់​រំ​ផ្នែក​អាន អម​ដោយការ​ប្រគំ​តន្ត្រីសម័យ ដែល​ជា​ការ​ពេញ​និយម​របស់​យុវវ័យ និងមិនធ្លាប់​ត្រូវ​បាន​រៀប​ចំ​ឡើង​កន្លង​មក​នៅ​ក្នុង​ប្រទេសកម្ពុជា​។​

ការ​ប្រកួត​ប្រជែង​ថ្នាក់​ជាតិ​នេះ នឹង​ផ្ដល់ការ​លើក​ទឹកចិត្ត​ដើម្បី​រក​ឃើញ​ឲ្យឃើញ​នូវ​កីឡាករ និង​កីឡាការិនី​កាន់​តែ​ច្រើន​នៅ​កម្ពុជា ដែល​មាន​សមត្ថ​ភាព​រត់​បាន​លឿន​ ព្រមទាំង​ស្វែង​រក​អ្នកអាន​អក្សរបានលឿន​ក្នុង​ការ​លើក​ស្ទួយ​ការអប់​រំ​ ផងដែរ។​

ការរត់​គឺជា​ប្រភេទ​កីឡា​ជា​មូលដ្ឋាន​ដែល​មនុស្ស​គ្រប់គ្នាអាច​ធ្វើ​បាន​ ដោយ​មិន​ចាំបាច់​មាន​ឧបករណ៍​ ឬការប​ណ្តុះ​ប​ណ្តាល ​ឬ​ការចំណាយ​ពេល​យូរ​ក្នុងការបង្វឹក​ ហើយ​វាជា​មូល​ហេតុ​ដែល​ស័ក្តិសម​ជាកីឡាសហគមន៍​ក្នុង​ស្រទាប់​មហាជន​ដែល​អាច​ ចូលរួមបាន​គ្នា​ច្រើន​មិន​ប្រកាន់​វណ្ណៈ​។​

ប្រធាន​បទ ​«​ខ្ញុំ​លឿន​បំផុត​»​ ជា​ការប្រកួត​ប្រជែង​ដែល​បើកចំហ​ដល់ប្រជា​ពលរដ្ឋ​ទាំង​ក្នុង​ប្រទេស​កម្ពុជា ​ដែល​មាន​អាយុ ៦ ឆ្នាំ​ឡើង​ដើម្បី​ចូល​រួម​ដោយ​សេរីដោយ​មិន​ប្រកាន់អាជីព​ ឬ​មិន​អាជីព​នោះទេ។

លោក​យ៉ាប់​កុក លីយ៉ុង​ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​៖​ «ព្រឹត្តិការណ៍​នេះ​នឹង​ចាប់ផ្តើមនៅ​ថ្ងៃ​ទី ២៩​ ខែ​តុលា​ ​ឆ្នាំ ២០១៥​ ហើយ​នឹងបន្ដជា​រៀង​រាល់​ថ្ងៃ​សៅរ៍​ឆ្ពោះទៅ​រក​ការ​ប្រកួត​ប្រជែងនៅ​ទី​តាំង​ ចំនួន ២៤ ខេត្ត​ផ្សេង​ទៀត​ មុននឹ​បញ្ចប់​នៅលើទី ១១​ ខែ​ធ្នូ​ឆ្នាំ ២០១៥​ នៅ​កោះពេជ្រ​ រាជធានីភ្នំពេញ​»។​

លោក​បាន​ប្រាប់​បន្ដថា៖ «នៅក្នុងអំឡុង​ពេល​នៃ​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​នៃខេត្ត​នីមួយៗ​ យើង​នឹង​ជ្រើស​រើសចំណាត់​ថ្នាក់​នៅ​ខេត្ត​ និងយក​មក​ប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រតែ​ម្ដង​។​ ​យើងនឹងរកឃើញ​យ៉ាង​ហោច​ណាស់​បុរសម្នាក់​ និងនារីម្នាក់​ដែល​លឿន​បំផុត​ដើម្បី​រត់ដណ្តើម​ពានរង្វាន់វគ្គ​ផ្តាច់​ ព្រាត់​នៅ​ភ្នំពេញ​។​ ការរត់​ជា​លក្ខណៈគ្រួសារ​ នឹង​បញ្ចប់​ជា​មួយ​នឹងការ​ប្រ​គំតន្ត្រី​របស់ Smart ​មេហ្គា​នៅ​ពេល​ល្ងាច​ផង​ដែរ​ដើម្បី​សប្បាយ​រីក​រាយក្នុង​ពេល​ដែល​គាត់​ សប្បាយចិត្ត​ទោះ​ជា​មុន​ឈ្នះ​ក៏ដោយ​»​។

លោក​បន្ថែម​ថា​៖ «​ការ​រត់​ជា​កីឡាមួយ​ដែលជា​សម​ជា​មូលដ្ឋាន​បំផុត​ និង​ស្ទើរ​តែ​មនុស្ស​គ្រប់គ្នាអាច​ចូល​រួម​បាន​ដោយមិន​លំបាក ហើយក៏ជាកីឡាករ​ផ្ដល់​ភាព​សប្បាយ​រីក​រាយ​ផងដែរ។ យើង​ជា​អ្នក​ឧបត្ថម្ភ​ធំ​សម្រាប់​​នៃ​ព្រឹត្តិការណ៍​រត់ម៉ារ៉ា​តុងភាគ​ច្រើន ​នៅ​ក្នុង​ប្រ0ទេស​កម្ពុជា​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​»។​

លោក​ហៀង ​ស៊ីណេ ​អនុរដ្ឋ​លេខាធិការ​ក្រ​សួងអប់រំ​ យុវជន ​និង​កីឡា​ មាន​ប្រសាសន៍​ថា៖ «​ក្នុង​នាម​ក្រសួង​ និង​ក្នុង​នាម​ខ្លួន​ផ្ទាល់​ សូមគាំ​ទ្រពេញ​ទំហឹងនៃ​កម្ម​វិធី​កីឡា​ និង​ការ​អប់​រំ​ដែលរៀបចំ​ដោយក្រុមហ៊ុន​ Smart​ ដើម្បី​សុខ​ភាព​ប្រជាពល​រដ្ឋ​ និងការ​អាន​ដែល​បច្ចុប្បន្ន​ហាក់​បី​ដូច​មិន​សូវមានសកម្មភាព​»​​៕

NOCC បិទសិក្ខា​សាលា​ស្តីពី​ការអភិវឌ្ឍ​អត្តពលិក​វ័យក្មេង

មន្ត្រី​កីឡា និង​សិក្ខា​កាម​ថតរួម​គ្នា​ក្រោយ​ពី​បញ្ចប់​វគ្គ​។

ភ្នំពេញ: គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​បិទវគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការ​អភិវឌ្ឍ​អត្តពលិក​វ័យ​ក្មេង​ដែល​ជា​ គម្រោង​ជំនួយ​របស់​អង្គការ​សាម​គ្គី​អូឡាំពិក (OS) ​សហការ​ជាមួយ NOCC កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍ ក្រោយ​ពី​ដំណើរ​ការរៀនសូត្រ​ចំនួន ២ ថ្ងៃ​កន្លះ​ទៅ​លើ​​ផ្នែក​ទ្រឹស្តី និង​ការអនុវត្តជាក់​ស្តែង​នៅ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​តែ​ម្ដង​។

លោក Joen​ Techman អនុបណ្ឌិត​មក​ពី​មជ្ឈមណ្ឌលវេជ្ជ​សាស្រ្ដ​កីឡា​នៃ​ប្រ​ទេស​ម៉ាឡេស៊ី និង​ជាគ្រូ​បង្វឹក​មក​ពី​គណៈកម្មាធិការ​អូឡាំ​ពិក​អន្ដរជាតិ (​IOC) ​បាន​មក​ធ្វើ​ការ​បង្វឹក​ផ្ទាល់​ក្នុង​សិក្ខា​សាលា​នេះដែល​ត្រូវ​បាន​រៀប​ចំ ​ឡើង​នៅ​ទីស្នាក់​ការ NOCC​។

សិក្ខាកាម​សរុប​ចំនួន ២៤ នាក់​មក​ពី​សហព័ន្ធ​កីឡាជាតិ និង​មក​ពី​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា រួម​ទាំង​មន្ត្រី​របស់ NOCC ផង​ដែរ បាន​ទទួល​នូវវិញ្ញាបនបត្រ​បញ្ជាក់​ពី​ជំនាញ​​បណ្តុះ​បណ្តាល​នេះ​ដែលត្រូវ​ បាន​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពីស្ថាប័ន​កីឡា​អូឡាំពិក​ អន្តរជាតិ​។​

លោក​វ៉ាត់​ ចំរើន​ អគ្គ​លេខាធិការ NOCC ​បាន​ប្រាប់​ភ្នំ​ពេញ ប៉ុស្តិ៍ ថា៖ «វគ្គ​បណ្តុះ​បណ្តាល​នេះ​​មានសារៈ​សំខាន់​ក្នុង​ការ​ផលិតធនធាន​មនុស្ស​ជា​ គ្រូ​បង្វឹក​ និង​ថ្នាក់​ដឹក​នាំ​កីឡា​ដើម្បី​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​»។

លោក​បាន​សង្កត់​ធ្ងន់​ទៅ​ដល់​មន្ត្រី​កីឡា​ និង​គ្រូបង្វឹក ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​កីឡាជាតិ​របស់​កម្ពុជាទាំងអស់​គប្បី​ បណ្តុះ​​បណ្តាល​ឲ្យ​មាន​ជំនាញបច្ចេកទេស និង​ចេះ​ភាសា​អន្តរជាតិ​ដែល​អាចទាក់​ទង​​​ជា​មួយ​ស្ថាប័ន​កីឡា​អន្តរជាតិ ពី​ព្រោះ​នៅឆ្នាំ ២០២៣​ កម្ពុជា​នឹង​ត្រូវ​ការ​មន្ត្រី​ជំនាញ​ផ្នែក​កីឡា​ដល់​ទៅ ៨០ ភាគ​រយ ហើយ ២០ ភាគ​រយ​ទៀត​យើង​ជួល​ពី​អន្តរជាតិ​»។​

លោក​ស្តើង​ ជា​ ប្រធាន​អនុគណៈ​កម្មការ​វេជ្ជ​សាស្ត្រ​កីឡា​អម NOCC ​មាន​ប្រ​សាសន៍​ថា​៖​ «សិក្ខាកាមទាំង ២៤ នាក់​សុទ្ធ​សឹង​ជា​មន្ត្រី​បម្រើ​ការពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​កីឡា​ដែល​ ធ្លាប់​ឆ្លង​កាត់​ការងារកីឡា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ហេតុ​នេះ​វា​មានភាពងាយ​ស្រួល​ក្នុង​ការ​ស្វែង​យល់​ និង​ទទួល​បាននិទ្ទេស​ល្អ​ភាគ​ច្រើន​»។​

លោក​បាន​បន្ត​ថា​៖​ «សិក្ខាសាលា​បែប​នេះ​គឺ​ជា​​ការ​ចង់​បាន​របស់​យើង ​ហើយកិច្ច​សហប្រ​តិបត្តិការ​របស់ NOCC និង​ OS​ ដែលជា​ស្ថាប័ន​ជំនាញ​បណ្តុះ​បណ្តាល​របស់​ IOC​ បាន​ផ្តល់​ការ​យក​ចិត្តទុក​ដាក់​ខ្លាំង​ដល់​គម្រោង​របស់ NOCC»។​

លោក Joen Techman បាន​ឲ្យ​ដឹង​ថា​៖ «​ទំនាក់​ទំនង​របស់​សិក្ខាកាម​កម្ពុជា​ បង្ហាញ​នូវ​ការ​យល់​ដឹង​ខ្ពស់​ដែល​ធ្វើ​ឲ្យ​​ខ្ញុំ​មាន​អារម្មណ៍​ថា ចង់​មក​បណ្តុះ​បណ្តាល​ដល់មន្ត្រីកីឡា​កម្ពុជា​ជា​បន្ត​បន្ទាប់​ទៀត​ដោយ​ សោមនស្ស​រីក​រាយ​»​៕

 

កម្ពុជា សម​ជើង​ជាមួយ​ប្រ៊ុយណេ ត្រៀម​ប៉ះ​ជើង​ខ្លាំង​ជប៉ុន

ខ្សែបម្រើ គួច សុកុម្ភៈ របស់​កម្ពុជា​ព្យាយាម​ដណ្តើម​បាល់​ជាមួយ​កីឡាករ អាហ្វហ្គានីស្ថាន ក្នុង​ពេល​ប្រកួត​ក្នុង​ទឹក​ដី​កម្ពុជា​កន្លងមក។

ភ្នំពេញៈ ក្រុម​ធំ ជម្រើស​ជាតិ​កម្ពុជា ដែល​គេ​ស្គាល់​ថា ជា​ក្រុម​គោព្រៃ នោះ នឹង​ត្រូវ​ប្រមូល​ផ្តុំ​ឲ្យ​ហ្វឹក​ហាត់​ជុំ​គ្នា​ជាថ្មី ដើម្បី​ត្រៀម​លក្ខណៈ​ប្រកួត​ជា​ជម្រុះ​ជុំ​ទី​ ២ ​ពាន​រង្វាន់ 2018 FIFA World Cup Russia ប្រចាំ​ទ្វីប​អាស៊ី​ជា​បន្ត​ទៀត គឺ​ត្រូវ​ចេញ​ទៅ​ជួប​ក្រុម អាហ្វហ្គានីស្ថាន នៅ​ថ្ងៃ​ទី​ ១២ ខែវិច្ឆិកា មុន​វិល​មក​​ស្វាគមន៍​ក្រុម​ខ្លាំង​ជប៉ុន នៅ​លើ​ទឹក​ទី​ខ្លួនឯង នា​ថ្ងៃ​ទី​ ១៧ ខែ​វិច្ឆិកា ឆ្នាំ​ ​២០១៥។

ប៉ុន្តែ មុន​​ឈាន​ទៅ​ដល់​ការ​ប្រកួត​ជា​ផ្លូវ​ការ​ទាំង​ ២ ​នោះ សហព័ន្ធ​បាល់​ទាត់​កម្ពុជា បាន​សម្រេច​ដាក់​ក្រុម​គោព្រៃ​កម្ពុជា ឲ្យ​ធ្វើ​ការ​ប្រកួត​មិត្ត​ភាពអន្តរជាតិ ​ក្រុម​ជម្រើសជាតិ​ប្រ៊ុយណេ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ាន​ជាមួយ​គ្នា ហើយ​​ការ​ប្រកួត​មិត្ត​ភាព​នោះ នឹង​ត្រូវ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ វេលា​ម៉ោង ១៨:៣០ នា​ថ្ងៃទី ៣ ខែវិច្ឆិកា។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​សហព័ន្ធ​កីឡាបាល់​​ទាត់​កម្ពុជា ដែល​ភ្នំពេញ ប៉ុស្តិ៍ ទើប​តែ​ទទួល​បាន នៅ​ថ្ងៃ​អង្គារ​នេះ។

ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ច្រើន ទាំង​ការ​ដក​ស្រង់​បច្ចេកទេស ទាំង​ការ​កែ​ប្រែ​ចំណុច​ខ្វះ​ខាត របស់​ខ្លួន ដើម្បី​ត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​ល្អ ពេល​ចេញ​ជួប​ក្រុម​អាហ្វហ្គានីស្ថាន និង​ក្រុម​សាម៉ូរៃ​ជប៉ុន នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន ខណៈ​ពេល​នេះ​កម្ពុជា កំពុង​ឈរ​នៅ​បាត​តារាង​នៃ​ពូល​ E ព្រោះ​ការ​ប្រកួត​ជម្រុះ​ ៥ ​លើក​ទាំង​ក្នុង​ទឹក​ដី និង​​ក្រៅ​ទឹក​ដី​​សរុប​ ៥ ​លើក​​កន្លង​មក​នេះ កម្ពុជា បាន​ចាញ់​រហូត។

គួរ​បញ្ជាក់​ថា លទ្ធផល​នៃ​ការ​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​ជម្រើស​ជាតិ​ប្រ៊ុយណេ ក្នុង​ព្រឹត្តការណ៍​ប្រកួត​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup កាល​ពី​ថ្ងៃ​ទី​ ២០ ខែ​តុលា ឆ្នាំ​២០១៤ នៅ​កីឡដ្ឋាន Chao Anouvong ក្នុង​ទីក្រុង វៀងចន្ទន៍ ប្រទេសឡាវ ​ក្រុម​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​ប្រ៊ុយណេ​ ក្នុង​លទ្ធផល ១-០៕

Smart និង​ក្រោន ​ចុះកិច្ច​សន្យា​លើកស្ទួយ​បាល់ទាត់ចំនួន ៣ ឆ្នាំ

ភ្នំពេញៈ ក្រុមបាល់​ទាត់​ភ្នំពេញក្រោន បានចុះកិច្ច​ព្រមព្រៀង​សហការ​ជាដៃគូជាមួយ​ក្រុម​ហ៊ុនទូរស័ព្ទ Smart ដើម្បី​លើកស្ទួយ​វិស័យ​បាល់​ទាត់​របស់ក្លិប​នេះ​ក្នុងរយៈ​ពេល ៣ ឆ្នាំ​ ​ចាប់​ពីរដូវកាលឆ្នាំ ២០១៥ នេះត​ទៅ ក្នុង​គ្រប់ព្រឹត្តិការណ៍ប្រកួត​ទាំងអស់ ​ទាំងក្នុង ​និងក្រៅ​ប្រទេស​។

ក្រោយ​ពិធី​ចុះកិច្ច​ព្រម​ព្រៀង​សហ​ការ នៅកីឡដ្ឋាន RSN កាលពី​​រសៀល​ថ្ថៃ​អង្គារម្សិលមិញ លោក ​រិទ្ធី ​សំណាង​ ម្ចាស់ក្លិបភ្នំពេញក្រោន​ ថ្លែងថា៖«ចាប់​ពី​ពេល​នេះ​ទៅ​ក្រុមហ៊ុន Smart ​បានក្លាយ​ជា​ដៃ​គូ​សហការ​ឧបត្ថម្ភ​ឲ្យ​ក្លិប​បាល់ទាត់ភ្នំពេញ​ក្រោន​រយៈ​ ពេល ៣ ឆ្នាំ​ គ្រប់ព្រឹត្តិការណ៍​ប្រ​កួត​ទាំង​ក្នុង ​និង​ក្រៅ​ប្រទេស​ ដើម្បីសម្លឹង​ឆ្ពោះ​ទៅមុខ​ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡាបាល់​ទាត់​កម្ពុជា​ ក៏​ដូចជា​ការ​ជួយសង្គម​ជាតិផងដែរ​»។

​លោក​បន្ត​ថា​៖​«ការប្រឹងប្រែង​ និង​ពុះពារ ក្នុង​ការ​ចំណាយ​សម្រាប់​វិស័យ​បាល់​ទាត់​របស់​ខ្ញុំគិតមកដល់​ពេល​នេះ​ គឺ​ទទួល​បាន​លទ្ធផល​គួរជាទីមោទនៈ ​ហើយ​ក្រុម​កីឡា​បាល់​ទាត់​របស់ភ្នំពេញក្រោន​ ល្បី​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​រហូតដល់​យើង​មាន​ដៃ​គូ​ជួយ​សហការ​កាន់​តែរឹងមាំ ខណៈ​វិស័យបាល់​ទាត់​កម្ពុជា​បច្ចុប្បន្ន ​កំពុង​តែល្អ ​ព្រោះការ​ប្រកួត​ជម្រុះ 2018 FIFA World Cup Russia កន្លង​មក​នេះ មាន​អ្នក​ចូល​រួម​គាំ​ទ្រ​ក្រុមជម្រើស​ជាតិកម្ពុជា ច្រើន​បំផុត​ជា​ប្រវត្តិ​សាស្រ្ត ហើយ​ក្នុង​នោះ​ភ្នំពេញ​ក្រោន ​ក៏​មាន​ក្តី​រំភើប​បំផុត​ខ្លាំងណាស់​ដែរ»​។

ចំណែក​ លោក​ Thomas Hundt ​នាយកប្រតិបត្តិក្រុម​ហ៊ុន ​Smart ​បាននិយាយថា​៖​សិទ្ធិជា​ដៃ​គូ​ គឺ​ជា​សមិទ្ធផល​សំខាន់​ និង​ទទួល​បាន​ផលប្រយោជន៍​រួម​ឆ្ពោះ​ទៅ​រក​ការ​លើក​កម្ពស់​សុខភាព សហគមន៍ ​រួម​ទាំង​ការ​បណ្តុះបណ្តាល​កីឡាករ​បាល់ទាត់​ឲ្យ​ឈាន​ទៅ​លំដាប់​ពិភព​លោក​ បាន​ក្នុងពេលអនាគត​។​

មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន ​Smart​ កំពុង​តែ​បំពេញ​ភាព​ឥត​ខ្ចោះ​រយៈពេល ៦ ឆ្នាំ​ជាមួយ Happy football ​អូស្ត្រាលី​កម្ពុជា​ និង​ HFAC​ ដោយទទួល​ក្មេង​អនាថា​ឲ្យ​ចូល​ទី​លាន​បាល់​ទាត់ ​ព្រមទាំង​ព្រឹត្តិ​ការណ៍ ​Homeless World Cup ​ជារៀង​រាល់​ឆ្នាំ​ផង​ដែរ។​

លោក​ Thomas Hundt​ បាន​បញ្ជាក់​ថា៖«​មូលហេតុ ​ដែល​យើង​បាន​​ចាប់​យក​វិស័យ​បាល់​ទាត់ជា​ដៃគូសហការ​នោះ ​ដោយ​សារការ​ប្រ​កួត​បាល់​ទាត់មានអត្ថន័យ​បន្ថែម​ទៀត ​គឺ​នាំ​មក​សុខភាព​ និងរបៀប​របប​រស់​នៅ​ក្នុង​សង្គម ​បង្ហាញ​ឲ្យ​មនុស្ស​ចេះ​គោរព​ច្បាប់ ​ព្រោះ​លក្ខខណ្ឌ​និង​ច្បាប់​ប្រ​កួត​របស់​បាល់ទាត់ ​ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ឲ្យ​មាន​ការ​យល់​ដឹងយ៉ាង​ទូលំទូលាយ ទាំង​អ្នក​លេង​ និង​​អ្នក​ទស្សនា​ ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​ក្រុម​បាល់​ទាត់​ភ្នំ​ពេញក្រោន ​ទៅ​ដល់​ណា​ ក្រុម​ហ៊ុន​ Smart ​ទៅ​ដល់​ទី​នោះដែរ»៕​

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2190
3734
4917729