jaukjeybanner

ចំបាប់ និង​វ៉ូវីណាម ត្រូវ​បាន​ដក​ចេញ​ពី​ស៊ីហ្គេម ឆ្នាំ​២០១៥

ភ្នំពេញៈ ប្រភេទ​កីឡា​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា គឺ​កីឡា​ចំបាប់ និង​កីឡា​វ៉ូវីណាម ដែល​តែងតែ​ដណ្តើម​មេដាយ​បាន​ច្រើន​នៅ​ឆាក​អន្តរជាតិ ជាពិសេស​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​២៧ នោះ ត្រូវ​បាន​ប្រទេស​សិង្ហបុរី ដែល​ជា​ម្ចាស់​ផ្ទះ អនុម័ត​ដក​ចេញ​ពី​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​២៨ ឆ្នាំ​២០១៥ ខាង​មុខ​នេះ។ នេះ​បើ​តាម​ដំណឹង​ពី​ប្រធាន​ប្រតិភូ​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក កម្ពុជា ដែល​កំពុង​ប្រជុំ នៅ​សិង្ហបុរី​។

ការ​អនុម័ត​ដក​ប្រភេទ​កីឡា ចំបាប់ និង​វ៉ូវីណាម ចេញ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ី អាគ្នេយ៍ នា​ថ្ងៃ​អង្គារ ទី​២៩ ខែ​មេសា ម្សិលមិញ​នេះ ប៉ុន្តែ​ប្រភេទ​កីឡា​ក្រៅ​ពី​ចំបាប់ និង​វ៉ូវីណាម សរុប​៣៦ ត្រូវ​បាន​ជ្រើសរើស​ដាក់​ឲ្យ​មាន​ការ​ប្រកួតប្រជែង នៅក្នុង​កីឡាស៊ីហ្គេម លើក​ទី​២៨ នា​ឆ្នាំ​២០១៥ ដោយ​ក្នុង​នោះ​មាន​៤០២​វិញ្ញាសា​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៃ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ តំណាង​ឲ្យ​កម្ពុជា​នោះ បាន​ប្រាប់​តាម​សារ​អេឡិចត្រនិក ពី​សិង្ហបុរី កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​មក​ថា៖ «​ក្នុង​ចំណោម​កីឡា​ទាំង​៣៦​ប្រភេទ ដែល​ត្រូវ​បាន​សម្រេច​ដាក់​ឲ្យ​លេង​នៅក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​២៨ នៅ​សិង្ហបុរី​នោះ​កម្ពុជា​មាន​២១​ប្រភេទ ប៉ុន្តែ​នៅក្នុង​ចំណោម​កីឡា​ទាំង​២១​ប្រភេទ​នោះ មិន​មាន​កីឡា​ចំបាប់ និង​កីឡា​វ៉ូវីណាម នោះ​ទេ»។

តាម​ការ​ឲ្យ​ដឹង​របស់​លោក វ៉ាន់ ចំរើន ប្រភេទ​កីឡា​ទាំង​២១ ដែល​កម្ពុជា​អាច​ចូលរួម​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម នៅ​សិង្ហបុរី មាន​កីឡា​ហែលទឹក អត្តពលកម្ម វាយសី ប្រដាល់​សកល ប្រណាំង​កង់ ជិះសេះ គុនដាវ បាល់ទាត់ វាយ​កូនគោល កាយសម្ព័ន្ធ យូដូ ប៉េតង់ បាល់ទះ សីប៉ាក់តាក្រ បាល់ឱប វាយ​កូនឃ្លី​លើ​តុ ទូកប្រពៃណី កីឡា​ទ្រីយ៉ាត្លុង វាយកូនបាល់ តេក្វាន់ដូ និង​កីឡា​វូស៊ូ​។ រីឯ​កីឡា​១៥​ប្រភេទ​ទៀត ដែល​កម្ពុជា​ស្ទើរតែ​គ្មាន ឬ​អាច​និយាយ​ថា​នៅ​មាន​កម្រិត​ទាប​ឆ្ងាយ​មិន​អាច​ដណ្តើម​បាន​មេដាយ​នោះ មាន​កីឡា​បាញ់ធ្នូ បាល់បោះ បញ្ចសិលា ប៊ីយ៉ា ស្នូឃ័រ ប៊ូលីង ហុកគី ទូកកានូ Floorball​(ស្រដៀង​ហុកគី) Netball​(ស្រដៀង​បាល់បោះ) ទូកចែវ បាញ់កាំភ្លើង Softball (ស្រដៀង​កីឡាបេ​ស្បល) កីឡា​ជិះស្គី​លើ​ទឹក និង​កីឡា Squash។

ដំណឹង​នៃ​ការ​ដក​កីឡា​ចំបាប់ និង​វ៉ូវីណាម​ពី​សំណាក់​ក្រុម​ម្ចាស់​ផ្ទះ​សិង្ហបុរី​នោះ បាន​ធ្វើឲ្យ​ប្រទេស​មួយ​ចំនួន​រួមមាន​វៀតណាម កម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា ដែល​ប្រទេស​មាន​ប្រភេទ​កីឡា​ចំបាប់ និង​វ៉ូវីណាម កំពុង​តែ​ខ្លាំង​នោះ មិន​សប្បាយ​ចិត្ត​នោះ​ទេ ប៉ុន្តែ​ការ​អនុម័ត​លុប​ចោល​នោះ ជា​សិទ្ធិ​ដ៏ចម្បង​របស់​ម្ចាស់​ផ្ទះ​ផ្ទាល់​តែ​ម្តង ហើយ​ការ​ស្នើសុំ​របស់​ប្រទេស​មួយ​ចំនួន គឺ​មិន​បាន​សម្រេច​នោះ​ឡើយ​។

គួរ រំឭក​ថា ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​២៧ នៅ​មីយ៉ាន់ម៉ា ឆ្នាំ​២០១៣ អត្តពលិក​កីឡា​ចំបាប់ បាន​ឈ្នះ​មេដាយ​មាស​៤ ប្រាក់​២ និង​សំរឹទ្ធ​៤ រីឯ​អត្តពលិក​របស់​កីឡា​វ៉ូវីណាម​របស់​កម្ពុជា ដណ្តើម​បាន​មេដាយ​មាស​២ ប្រាក់​១ និង​សំរឹទ្ធ​៧ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូចជា​មន្ត្រី​ជាន់​ខ្ពស់​ចាប់​អារម្មណ៍ និង​កោតសរសើរ​យ៉ាង​ខ្លាំង ប៉ុន្តែ​ខណៈ​ដែល​គ្មាន​ប្រភេទ​កីឡា​ទាំង​ពីរ​នេះ នៅ​ស៊ីហ្គេម លើក​ទី​២៨ នោះ កម្ពុជា​អាច​ប្រឈម​ទៅ​នឹង​ការ​បាត់បង់​ចំនួន​មេដាយ៕

បឹងកេត អាច​ចំណេញ ពេល​ក្រោន​ប៉ះ​ណាហ្គាខប

ការ​ឈប់​សម្រាក​អស់​រយៈពេល​២០​ថ្ងៃ តាំងពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ មក​ដល់​ពេល​នេះ បាន​ធ្វើឲ្យ​ក្រុម​ទាំង​១២ ដែល​កំពុង​លេង​ក្នុង​ក្របខ័ណ្ឌ​មិត្តហ្វូន​ខេមបូឌានលីក ឆ្នាំ​២០១៤ មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ពង្រឹង​ការ​ហ្វឹកហាត់ ខណៈ​បញ្ហា​របួស​កីឡា ក៏​លែង​សូវ​ជា​បញ្ហា​ចោទ​ទៀត​នោះ​ដែរ ហើយ​ចំណុច​ដ៏ល្អ​ទាំង​ព្រម​នេះ​វា​នឹង​ធ្វើឲ្យ​ការ​វិល​មក​ចូល​ទីលាន​វិញ របស់​ក្រុម​ទាំង​១២​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ នា​ចុងសប្តាហ៍​នេះ​កាន់តែ​មាន​ការ​ប្រកួត​ស្វិតស្វាញ​មួយ​កម្រិត​ទៀត។

បន្ថែម លើ​នេះ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​ខ្លាំង​ទាំង​២ ដែល​កំពុង​គ្រប់គ្រង​នៅលើ​កំពូល​តារាង​គឺ​ភ្នំពេញ​ក្រោន និង​ណាហ្គាខប បាន​ក្លាយ​ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ ព្រោះ​វា​ជា​ពេល​ដែល​ត្រូវ​កំណត់​ពី​ជោគវាសនា​របស់​ក្រុម​ទាំង​២​នេះ ថា​តើ​ក្រុម​មួយ​ណា​អាច​ដណ្តើម​បាន​៣​ពិន្ទុ​បន្ថែម ដើម្បី​ឈរ​នៅ​លេខរៀង​ទី​១ និង​ក្រុម​ណា​ត្រូវ​ធ្លាក់​ទៅ​ឈរ​នៅ​លេខរៀង​ទី​៣ ព្រោះ​បឹងកេត ដែល​មាន​ពិន្ទុ​តិច​ជាង​ក្រុម​ទាំង​២​ត្រឹម​១ពិន្ទុ​នោះ ប្រាកដ​ណាស់​ថា នឹង​អាច​យក​ឈ្នះ​គិរីវង់ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី​២ ឬ​ក៏​អាច​ឈរ​នៅ​លេខរៀង​ទី​១​ក៏​ថា​បាន បើ​សិន​ជា​ណាហ្គាខប ស្មើ ភ្នំពេញក្រោន នោះ។

សម្រាប់​ការ​ប្រកួត​វិលជុំ​ចំនួន​៨​លើក​កន្លង​មក ភ្នំពេញក្រោន និង​ណាហ្គាខប បាន​ទទួល​លទ្ធផល​ឈ្នះ​៦ ស្មើ​១ និង​ចាញ់​១​ប្រកួត​ដូច​គ្នា រីឯ​ក្រុម​ដែល​បាន​ធ្វើឲ្យ ណាហ្គា និង​ក្រោន ស្គាល់​រសជាតិ​ចាញ់ គឺ​បឹងកេត ហើយ​លទ្ធផល​នេះ​បាន​ធ្វើឲ្យ​ក្រុម​ណាហ្គាខប និង​ក្រោន មាន​១៩​ពិន្ទុ​ស្មើ​គ្នា គ្រាន់តែ​ណាហ្គា មាន​គ្រាប់​បាល់​ចំណេញ​តិច​ជាង ក្រោន ចំនួន​២​គ្រាប់។

ជាមួយ​ការ​មាន​ពិន្ទុ​ស្មើ​គ្នា​នេះ​វា​បាន ក្លាយ​ជា​ចំណុច​ដ៏រសើប​បំផុត ដែល​ជំរុញ​ឲ្យ​ណាហ្គាខប និង​ភ្នំពេញ​ក្រោន ត្រូវ​តែ​បង្កើន​ការ​លេង​ប្រកប​ដោយ​ការ​ប្រុងប្រយ័ត្ន​ដូច​គ្នា ដើម្បី​រក្សា​ភាព​ខ្លាំង និង​ទីតាំង​នៅលើ​កំពូល​របស់​ខ្លួន​ជា​បន្ត​ទៀត ព្រោះ​ទម្រង់​លេង​របស់​ក្រុម​ទាំង​២​នេះ​មាន​លក្ខណៈ​ចាស់ទុំ និង​មាន​ភាព​ប្រាកដប្រជា​ដូច​គ្នា ខណៈ​ការ​ប្រកួត​២​លើក កាលពី​រដូវកាល​ឆ្នាំ​២០១៣ ក្រុម​ទាំង​២​បាន​ស្មើគ្នា ១-១ និង ០-០។

លោក Sam Schweingruber គ្រូបង្វឹក​ភ្នំពេញក្រោន បាន​និយាយថា៖ «មក​ដល់​ពេល​នេះ​យើង​ពិតជា​មាន​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​របួស​របស់ កីឡាករ​សំខាន់ៗ​មួយ​ចំនួន រួមមាន​កីឡាករ​ដ៏ឆ្នើម ធារី ចន្ថាប៊ីន ដោយសារ​តែ​បាក់​ឆ្អឹង​ម្រាម​ជើង ខណៈ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា Ombagin Tony បាន​បាក់​ធ្មេញ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រកួត​ចុងក្រោយ ហើយ​គេ​ត្រូវ​ទទួល​ការ​វះកាត់​ឆាប់ៗ​នេះ​។ រីឯ​ខ្សែ​ការពារ​កូនកាត់​ខ្មែរ-បារាំង កុគ បូរីស ក៏​មាន​របួស​ធ្ងន់ធ្ងរ​មិន​អន់​ប៉ុន្មាន​ដែរ ដោយ​គេ​បាន​ដួល​ម៉ូតូ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ»​។

លោក Sam បាន​បញ្ជាក់​ថា៖​«យ៉ាង​ណា​ក៏ដោយ យើង​មាន​កីឡាករ​ក្មេងៗ ដែល​រឹងមាំ​ជាង​ទាំង​កីឡាករ​បរទេស និង​កីឡាករ​ក្នុង​ស្រុក គ្រាន់តែ​យើង​បាត់បង់​ខ្សែការពារ​ដ៏រឹងមាំ​។ ហេតុ​នេះ​ការ​ប្រកួត​នេះ​ក៏​អាច​នឹង​ប្រឈម​ការ​លំបាក​ដែរ ព្រោះ​ណាហ្គាខប ក៏​សម្បូរ​កីឡាករ​ល្អៗ ដោយ​រាប់​បញ្ចូល​ទាំង​កីឡាករ​ជម្រើស​ជាតិ និង​ជា​ក្រុម​ដែល​មាន​បទពិសោធ​ប្រកួត​ច្រើន»​។

ជាមួយ​នឹង​ការ​ប្រឈមមុខ​របស់​ក្រោន និង​ណាហ្គាខប លើក​នេះ វា​អាច​នឹង​ផ្តល់​ភាព​ចំណេញ​ឲ្យ​បឹងកេត ព្រោះ​ពួកគេ​ត្រូវ​ជួប​ក្រុម​កំពុង​ឈរ​នៅ​លេខរៀង​បន្ទាប់ពី​បាត​តារាង គិរីវង់សុខសែនជ័យ ដែល​៨​ប្រកួត​កន្លង​មក ស្មើ​៤ និង​ចាញ់​៤​ដង។

វា​ជា ការពិត ដែល​គិរីវង់ ធ្លាប់​បាន​យក​ឈ្នះ​បឹងកេត ៧-៥ ក្នុង​ការ​ប្រកួត​លើក​ទី​២ កាលពី​ឆ្នាំ​២០១៣ មុន​ពេល​ពួកគេ​ចាញ់ ២-១ ក្នុង​ការ​ប្រកួត​លើក​ទី​១ ប៉ុន្តែ​ទម្រង់​នៃ​ការ​ប្រកួត​របស់​គិរីវង់ នៅពេល​នេះ គឺ​មិន​អាច​រារាំង​បឹងកេត ក្នុង​ការ​រក​៣​ពិន្ទុ​បន្ថែម​នោះ​ទេ។

ទីតាំង​របស់​ស្វាយរៀង កំពុង​ស្ថិត​នៅក្នុង​ការ​ប្រជែង

ដោយឡែក ទីតាំង​លេខ​៤ ដែល​ក្រុម​ម្ចាស់​ជើងឯក​ស្វាយរៀង កំពុង​គ្រប់គ្រង វា​បាន​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំងក្លា​បំផុត​ពី​ក្រុម ត្រាយអាស៊ី ប៉ូលិស និង​បៀលប្រាយ ព្រោះ​ក្រុម​ទាំង​៣​នេះ​មាន​១១​ពិន្ទុ​ស្មើៗ​គ្នា ខណៈ​ស្វាយរៀង មាន​១២​ពិន្ទុ​នៅក្នុង​ដៃ។

ការ​ប្រកួត​នៅ​សប្តាហ៍​ទី​៩​នេះ​ស្វាយរៀង ត្រូវ​ជួប​បៀលប្រាយ ដែល​ពួកគេ​ធ្លាប់​ស្មើ ០-០ និង​ឈ្នះ ២-១ កាលពី​ឆ្នាំ​២០១៣ ប៉ុន្តែ​ការ​លេង​ឡើង​ចុះៗ​របស់​បៀលប្រាយ ពេល​នេះ​វា​មិន​អាច​កំណត់​ឲ្យ​បាន​ឈ្នះ​ថា ស្វាយរៀង អាច​យក​ឈ្នះ​ពួកគេ​បាន​នោះ​ទេ។

បើ​សិន​ស្វាយរៀង ភ្លាត់​ចាញ់​បៀលប្រាយ​នោះ ទីតាំង​លេខរៀង​ទី​៤​របស់​ក្រុម​នេះ អាច​នឹង​ជំនួស​ដោយ​ក្រុម​កំពុង​ឈរ​នៅ​លេខរៀង​ទី​៥​ត្រាយអាស៊ី ឬ​ក្រុម​ឈរ​លេខរៀង​ទី​៦ ប៉ូលិស ដែល​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​បៀលប្រាយ ខណៈ​ការ​ប្រកួត​លើក​នេះ​ត្រាយ​អាស៊ី ត្រូវ​ជួប​អាស៊ីអឺរ៉ុប រីឯ​ប៉ូលិស ប៉ះ​វេស្ទើន។ ចំណែក​ក្រុម​ក្រសួង​ការពារ​ជាតិ ត្រូវ​ជួប​ជាមួយ​ក្រុម​បាត​តារាង Albirex Niigata។

កម្មវិធី​ប្រកួត​នៅ​ថ្ងៃ​សៅរ៍

-ការពារ​ជាតិ v Albirex នៅ​ស្តាត​ចាស់ ម៉ោង ១៣:៣០

-ត្រាយអាស៊ី v អាស៊ីអឺរ៉ុប នៅ​ស្តាតចាស់ ម៉ោង ១៥:៤៥

-ស្វាយរៀង v បៀលប្រាយ នៅ​ពហុកីឡដ្ឋាន​ជាតិ វេលា​ម៉ោង ១៥:៣០

-ណាហ្គាខប v ភ្នំពេញក្រោន នៅ​ពហុកីឡដ្ឋាន​ជាតិ វេលា​ម៉ោង ១៨:០០

ការ​ប្រកួត​នា​ថ្ងៃ​អាទិត្យ នៅ​ពហុកីឡដ្ឋាន​ជាតិ

-ប៉ូលិស v វេស្ទើន នៅ​វេលា​ម៉ោង ១៥:៣០

-គិរីវង់ v ចំការ​កៅស៊ូ​បឹងកេត នៅ​វេលា​ម៉ោង ១៨:០០៕

ឡង់ ភី​រម្យ សាក​ជាមួយ​ជើងចាស់​ភារ​ម្យ ភក្តី

ឡង់ ភី​រម្យ អ្នក​ប្រដាល់​ក្លិប​រាហ៊ូ​កីឡា​ខេត្តបាត់ដំបង​ ត្រូវ​បាន​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ ភារ​ម្យ ភក្តី នៃ​ក្លិប​រកាខ្នុរ​គុន​ខ្មែរ នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​១៩ ​ខែ​មេសា ឆ្នាំ​២​០១៤​នេះ នៅលើ​សង្វៀន​ស្ទឹងមានជ័យ។

អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ជា​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៦០​គ​.​ក្រ តែ​លើក​នេះ ពួកគេ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គ​.​ក្រ ​ប៉ុណ្ណោះ។ ពួកគេ​ទាំងពីរ​មិនដែល​ជួបគ្នា​ទេ​កន្លងមក ដោយសារ​ឡង់ ភី​រម្យ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ឯ​ភារ​ម្យ ភក្តី ជា​អ្នក​ប្រដាល់​ចាស់វស្សា​ហើយ។

ឡង់ ភី​រម្យ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​គួរសម​ដែរ ទាំង​កណ្តាប់ដៃ ទាំង​ស្នៀត​ទាត់​និង​ជង្គង់។ ប៉ុន្តែ​សម្រាប់​ការ​ជួប​ជាមួយ​ជើងចាស់​ភារ​ម្យ ភក្តី​លើក​នេះ ប្រហែលជា​លំបាក​បន្តិច ព្រោះ​ភក្តី​មាន​កលល្បិច​និង​បច្ចេកទេស​ច្រើនជាង ហើយ​ស្នៀត​ប្រដាល់​របស់​គេ ក៏​មិនធម្មតា​ដែរ។

ភារ​ ម្យ ភក្តី គេ​ខាន​ឡើង​ប្រកួត​ជិត​មួយឆ្នាំ​ហើយ ក្រោយពី​បាន​ប្រកួត​ចាញ់​សំរិទ្ធ សុភាព អ្នក​ប្រដាល់​ក្លិប​ក្រសួងកសិកម្ម​ដោយ​ពិន្ទុ លើ​សង្វៀន​ស្ទឹងមានជ័យ កាលពី​ថ្ងៃទី​២៦ ​ខែ​កក្កដា ​ឆ្នាំ​២០១៣​កន្លងមក​នោះ។ គេ​មានប្រៀប​លើ​ឡង់ ភី​រម្យ ត្រង់​ស្នៀត​ជង្គង់ និង​ទាត់ ​និយាយ​រួម​គេ​ល្អ​ល្វែង​ក្រោម។

ទោះជា​យ៉ាងនេះ​ក្តី ភារ​ម្យ ភក្តី ខាន​ឡើង​ប្រកួត​យូរ​យ៉ាងនេះ មិនដឹងថា​គេ​នៅ​ល្អ​និង​ខ្លាំង​ដូច​មុន​ឬ​យ៉ាងនោះ​នោះ​ទេ?

រវាង​ អ្នក​ប្រដាល់​ទាំងពីរ​ជួបគ្នា​នេះ ពិបាក​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​ណាស់ ព្រោះ​ពួកគេ​ល្អ​និង​ខ្លាំង​ប្រហា​ក់ប្រហែល​គ្នា គ្រាន់​តែមួយ​ជើងចាស់ មួយ​ជើង​ថ្មី​ប៉ុណ្ណោះ។ ប៉ុន្តែ​យ៉ាងណា គេ​មាន​ជំនឿ​លើ​ភារ​ម្យ ភក្តី ឈ្នះ​ច្រើនជាង៕

ហ៊ឹម​សារ៉ាន់ ឌុន រដ្ឋា ឡេះ​តើក និង​កែវ​រំ​ចង់​ជួប​ជាមួយ​ថៃ​ក្នុង ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​អាស៊ាន​

សម្រាប់ ​សប្ដាហ៍​ទី​៣ នៃ​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​អាស៊ាន​២០១៥ រៀបចំ​សហការ​រវាង​សហព័ន្ធ​ប្រដាល់​កម្ពុជា និង​សហព័ន្ធ​ប្រដាល់​ថៃ ដែល​ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍​BTV NEWS នា​រសៀល​ថ្ងៃ​សៅរ៍​ទី​២៦ ខែមេសា​២០១៤​ខាង​មុខ​នេះ នៅ​លើ​សង្វៀន​រោង​សៀក​មុខ​រដ្ឋសភា​នោះ មាន​ចំនួន​៤​គូ​ដូច​សប្ដាហ៍​មុនៗ​ដែរ។

អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ឌុន រដ្ឋា ក្លិប​អេ​ភូ​ថង​កីឡា ត្រូវ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជា មួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Lampard Sor Kamsing ដោយ​ប្រកួត​ក្នុង​ទម្ងន់​៧១ គ​.​ក្រ។

តាម​អ្នកចាត់ចែង​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​បាយ័ន​អោយ​ដឹង​នោះ​ថា Lampard Sor Kamsing អ្នក ​ប្រដាល់​ថៃ​នេះ ជា​ជើង​ខ្លាំង​នៅ​ស្រុក​ថៃ​ដែល​មាន​ប្រវត្តិ​ប្រកួត​រហូតដល់​ទៅ​១៤០​ដង​ឯណោះ ក្នុង​នោះ​វាយ​ឈ្នះ​១០០​ដង ចាញ់​៤០​ដង។ បើ​ធៀប​ជាមួយ​ឌុន រដ្ឋា ឃើញថា​លើស​ជាង​ពាក់​កណ្តាល ខណៈ​ដែល​រដ្ឋា​មាន​ប្រវត្តិ​ប្រកួត​តែ​៦៨​ដង ឈ្នះ​៤១​ដង ចាញ់​២១​ដង និង​ស្មើ​៦​ដងនោះ។

ទោះជា​ យ៉ាងណា ពុំ​អាច​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​អ្នកណា​ចាញ់​នោះ​ឡើយ ព្រោះ​ពួកគេ​ទាំងពីរ​មាន​កម្ពស់​និង​ទម្ងន់​ដូចគ្នា គ្រាន់តែ​បច្ចេកទេស​និង​ល្បិចកល​ខុសគ្នា​ប៉ុណ្ណោះ។ ប៉ុន្តែ​យ៉ាងណា ក្រុម​អ្នក​វិភាគ​ប្រដាល់​មានការ​បារម្ភ​ចំពោះ​ឌុន រដ្ឋា ដែល​វាយ​ចេញ​យឺត និង​ស្ពឹក​នោះ។

ឡេះ តើក អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដែល​ជា​អ្នក​ប្រដាល់​ចាស់វស្សា​របស់​កម្ពុជា ដែល​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២៨​ដង ឈ្នះ​៧៥​ដង ចាញ់​៤៩​ដង និង​ស្មើ​៤​ដងនោះ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Paiton Sorkimsing ដែល​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩២​ដង ឈ្នះ​៧០​ដង ចាញ់​២២​ដង។ ពីរ​នាក់​នេះ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥​គ​.​ក្រ។

ឡេះ តើក ជា​លើក​ទី​១​របស់​គេ​ហើយ ដែល​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​នោះ។ ជា​អ្នក​ប្រដាល់​ម្នាក់​ដែល​វាយ​មិន​សូវ​មាន​ស្នៀត​ច្បាស់លាស់​ទេ តែ​តើក​គេ​មាន​ជំនាញ​ទាត់ និង​ទាត់​បាន​គ្រប់​ស្ថានភាព​ទាំងអស់។ ឈ្នះ​ឬ​ចាញ់​មិនដឹង​ទេ តែ​ឡេះ តើក​វ៉ៃ​គឺ​វ៉ៃ ហើយ។

ចំណែក ហ៊ឹម សារ៉ាន់ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា នៃ​ក្លិប​ក្រសួងការពារជាតិ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Yokpet Petkasam ក្នុង​ទម្ងន់​៦៣,៥០០​គ​.​ក្រ។ សារ៉ាន់ ធ្លាប់​ប៉ះ​ថៃ​៥​នាក់​ហើយ​កន្លងមក ដោយ​ឈ្នះ​២​និង​ចាញ់​៣។

សម្រាប់​Yokpet Petkasam គេ ​មិនដែល​មក​ប្រកួត​នៅ​ភ្នំពេញ​ម្តង​ណា​ទេ។ អ្នក​ប្រដាល់​ថៃ​រូប​នេះ ធ្លាប់​ប្រកួត​បាន​៨៥​ដង ឈ្នះ​៧៥​ដង និង​ចាញ់​១០​ដង ប្រហាក់ប្រហែល​នឹង​សារ៉ាន់​ដែរ ដែល​សារ៉ាន់​ប្រកួត​បាន​៨៩​ដង ឈ្នះ​៦២​ដង ចាញ់​២២​ដង និង​ស្មើ​៥​ដង។

ជំនួប​រវាង​សារ៉ាន់​និង​Yokpet Petkasam​នេះ គេ​មាន​ជំនឿ​លើ​សារ៉ាន់ ប៉ុន្តែ​ខ្លាច​តែ​ម្យ៉ាង​ប៉ុណ្ណោះ គឺ​សារ៉ាន់​ឆាប់​អស់​ស៊ុ​ហ្វ បើ​ក្នុង​៣​ទឹក​ដំបូង​ធ្វើ​គេ​មិន​បែក​ទេ គឺ​ច្បាស់​ជា​ចាញ់​គេ​វិញ​ហើយ។ ចាំ​មើល តើ​សារ៉ាន់​អាច​យក​ឈ្នះ​អ្នក​ប្រដាល់​ថៃ​នោះ​បាន​ឬ​អត់?

កែវ រំ​ចង់ អ្នក​ប្រដាល់​ជើង​ខ្លាំង​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨​ភ្នំ​ទ្រព្យ ត្រូវ​បាន​លោក នាង ស៊ី​វុត្ថា អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​បាយ័ន ផ្គូផ្គង​ឲ្យ​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Kamlaphet Sornsamnak ដែល​បាន​ផ្តួល​ឯម​វុត្ថា​អោយ​បោះបង់​ការប្រកួត​នៅក្នុង​ទឹក​ទី​១ កាលពី​ថ្ងៃទី ១២ មេសា​មុន​ចូលឆ្នាំ​កន្លង​មក​នេះ។

ការ​ បរាជ័យ​របស់​ឯម វុត្ថា ជា​ការ​ចាញ់​ដោយ​មិន​អស់ចិត្ត និង​មិនទាន់​ដឹង​ស​ខ្មៅ​នៅឡើយ​ទេ ដោយសារតែ​វុត្ថា​ឈឺ​ជើង​ស្តាំ ពេល​ទាត់​ទៅ​ត្រូវ​ចំ​ចុង​កែងដៃ​របស់​Kamlaphet Sornsamnak បណ្តាល​អោយ​ហើម​ប្រអប់ជើង​មួយ​រំពេច ហើយក៏​បោះបង់​ការប្រកួត​ដែល​នឹង​ឈាន​ចូល​ដល់​ទឹក​ទី​២​នោះ។

Kamlaphet Sornsamnak​នេះ មិន​ទាន់​បាន​បង្ហាញ​ស្នៀត​អោយ​គេ​ឃើញថា ខ្លាំង​ឬក៏​ខ្សោយ​នោះ​នៅឡើយ​ទេ ត្បិត​ក្នុង​ទឹក​ទី​១​នោះ គេ​មិនទាន់​ទាំង​វ៉ៃ​នៅឡើយ គឺ​នៅ​បាន​ត្រឹម​ទប់​ការ​វាយ​របស់​វុត្ថា​ប៉ុណ្ណោះ។ តែបើ​តាម​ប្រវត្តិ​ប្រកួត​របស់​គេ ប្រហែលជា​មិន​ខ្សោយ​នោះ​ទេ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ ធ្លាប់​ឆ្លងកាត់​ប្រកួត​ចំនួន​១០៥​ដង​ឯណោះ ក្នុង​នោះ​វាយ​ឈ្នះ​៨៣​ដង ចាញ់​២០​ដង និង​ស្មើ​២​ដង។

ទោះជា​យ៉ាងណា កែវ រំ​ចង់ ប្រហែលជា​អាច​ស៊ីសង​គ្នា​ជាមួយ Kamlaphet​បាន ត្បិត​រំ​ចង់​ក៏​មាន​ប្រវត្តិ​ប្រកួត​ច្រើន​និង​ខ្លាំង​ជាង​ឯម វុត្ថា​ដែរ។ ដូច្នេះ ក្នុង​ជំនួប​ជាមួយ​Kamlaphet នេះ កែវ រំ​ចង់ មាន​សង្ឃឹម​ឈ្នះ​ច្រើន៕

ថៃ ប៊ុន​ហាន​ជួប រិន្ទ​មុន្នី​ម្តង​ទៀត​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ

អ្នក​ ប្រដាល់​ថៃ ប៊ុន​ហាន ក្លិប​បូរី​នាគរាជ នឹង​ជួប​ប្រកួត​ជាមួយ​រិន្ទ មុន្នី អ្នក​ប្រដាល់​ក្លិប​ទីបញ្ជាការដ្ឋាន​កងទ័ព​ជើងគោក នា​ល្ងាច​ថ្ងៃអាទិត្យ ទី​២០ មេសា ២០១៤​នេះ​នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ។

ថៃ ប៊ុន​ហាន និង រិន្ទ មុន្នី កាលពី​ថ្ងៃទី​១២​មេសា​កន្លងមក​នេះ បាន​ជួបគ្នា​ម្តង​ហើយ​នៅ​លើ​សង្វៀន​រោង​សៀក​មុន​ថ្ងៃ​ចូលឆ្នាំ ដែល​ការ​នោះ​ពួកគេ​ត្រូវ​អាជ្ញា​កណ្តាល​ដេញ​ចុះ​ក្នុង​ទឹក​ទី​២ ដោយសារតែ​ប្រកួត​មិន​អស់ពី​សមត្ថភាព ពិសេស​នោះ​គឺ​ថៃ ប៊ុន​ហាន តែម្តង​ដែល​មិន​វាយ​នោះ ទើប​ធ្វើអោយ​កើតមាន​បញ្ហា​ដេញ​ចុះ​លែង​អោយ​ប្រកួត។ ចាំ​មើល ការ​ជួបគ្នា​នៅ​ថ្ងៃអាទិត្យ​នេះ​នៅ​បឹង​ស្នោ តើ​ថៃ ប៊ុន​ហាន ប្រកួត​អស់ពី​សមត្ថភាព​ឬ​អត់ ?

ថៃ ប៊ុន​ហាន ប្រកួត​មាន​លក្ខណៈ​ហើមស្រក ពោល​គឺ​វាយ​ល្អ​មួយ​រយះ អន់​មួយ​រយះ។ កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៣ អ្នក​ប្រដាល់​ឡើង​ខ្លាំង​គួរសម ក្រោយមក​ចុះ​ធ្លាក់​ហៅ​សឹង​មិន​ចង់​ឮ​ទេ តែ​មកដល់​បច្ចុប្បន្ន​រាង​ងើបឡើង​វិញ។

ជា​ អ្នក​ប្រដាល់​ម្នាក់ ដែល​ប្រកួត​និង​ផ្តួល​គូប្រកួត​ដោយសារ​កម្លាំងបាយ​សុទ្ធសាធ។ គេ​អាង​មានមុខ​វាយ​មិនសូវ​ឈឺ ប៊ុន​ហាន​ដើរចូល​វាយ​ទៅលើ​គូប្រកួត​ជានិច្ច។ កណ្តាប់ដៃ និង​កែង​រាង​គ្រាន់បើ​បន្តិច តែបើ​ស្នៀត​ជង្គង់​ឬ​ល្បិចកល​ប្រកួត មិនជា​ប៉ុន្មាន​ឡើយ។

ប៉ះ​ ជាមួយ​រិន្ទ មុន្នី ប៊ុន​ហាន​យ៉ាប់​ដែរ ព្រោះ​មុន្នី​មាន​សកម្មភាព​លឿន និង​បន្លាស់​ទី​រហ័ស មិនអាច​អោយ​ប៊ុន​ហាន​វាយ​ត្រូវ​សាច់​គេ​នោះ​ទេ។ មុន្នី​មានប្រៀប​លើ​ប៊ុន​ហាន​ទាំង​ខាង​កម្លាំង​ស៊ុ​ហ្វ ទាំង​ល្បិចកល​ប្រកួត ទោះបីជា​គេ​មាន​កណ្តាប់ដៃ​វាយ​ចេញ​រាង​ស្រាលៗ ក៏ដោយ។

ប៊ុន​ ហាន និយាយ​រួមមាន​ប្រៀប​លើ​មុន្នី តែ​ខាង​កាយសម្បទា​មួយ​មុខ​គត់ ឯ​កលល្បិច​និង​ស្នៀត​សម្លាប់ គឺ​អត់​សោះតែ​ម្តង។ ដូច្នេះ​ការប្រកួត​លើក​នេះ មិន​ដឹង​ថា​ប៊ុន​ហាន អាច​ឈ្នះ មុន្នី បាន​ឬ​អត់​នោះទេ ?

រិន្ទ មុន្នី គេ​មាន​ផ្លែ​សម្លាប់​ប៊ុន​ហាន​ត្រង់​ទាត់ និង​កណ្តាប់​ដៃ អោយ​តែ ប៊ុន​ហាន ព្រហើន​ដើរចូល​ដោយ​គឃ្លើន​នោះ ច្បាស់​ជា​ត្រូវ​នឹង​ប្រអប់ជើង​របស់​មុន្នី​មិន​ខាន។ ចាំ​មើល រវាង​ប៊ុន​ហាន​និង​មុន្នី​នេះ នរណា​ឈ្នះ ?

សុខ ចំរើន​ស្រ៊ុន អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ក៏​នឹង​ឡើង​ប្រកួត​សងសឹក​ជាមួយ​តូច ទូ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម​។ ពីរ​នាក់​នេះ ជួបគ្នា​ម្តង​កាលពី​ថ្ងៃទី​២៣​កុម្ភៈ ២០១៤ ដែល​ក្នុង​ការ​ជួបគ្នា​ពេលនោះ សុខ ចំរើន​ស្រ៊ុន​សន្លប់​ក្នុង​ទឹក​ទី​២។

តូច ទូ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម បាន​ប្រើ​កណ្ដាប់ដៃ​វាយ​ផ្ទួនៗ​ទៅលើ សុខ ចំរើន​ស្រ៊ុន ធ្វើអោយ​ស្រ៊ុន​ដួល​រហូតដល់​៣​ដង​ឯណោះ ដោយ​ត្រូវ​អាជ្ញា​កណ្តាល​រាប់​៨​ពីរ​ដង​និង​ដួល​លើក​ទី​៣ អាជ្ញា​កណ្តាល​បញ្ឈប់​លែង​អោយ​ប្រកួត​តែម្តង។

ចាំ​មើល សុខ ចំរើន​ស្រ៊ុន អាច​សងសឹក​តូច ទូ បានសម្រេច​ឬ​អត់​លើក​នេះ ?។ ចំរើន​ស្រ៊ុន គេ​ប្រកួត​ចុងក្រោយ​(២៩​មីនា​២០១៤) វាយ ​ឈ្នះ​សូ​យ ចិន្តា អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​ដោយ​ពិន្ទុ។ ឯ ការប្រកួត​ចុងក្រោយ​របស់​តូច ទូ គឺ​វាយ​ឈ្នះ​ចក់ ចាន់ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន​ខេត្តរតនគិរី ក្នុង​ទឹក​ទី​២។ និយាយ​រួប តូច ទូ គេ​មាន​ផ្លែ​ល្អ ណាស់ ដោយ​ផ្តួល​គូប្រកួត​អោយ​សន្លប់​មុន​ទឹក​ភាគច្រើន។

ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សល់ រី​ប៊ែ​ល ក្លិប​កុសល​កីឡា ។ ពីរ​នាក់​នេះ ជួបគ្នា​ជា​លើកដំបូង​ប៉ុណ្ណោះ។

សល់ រី​ប៊ែ​ល មើលទៅ​ប្រហែលជា​មិនអាច​ឈ្នះ​ចាន់ ប៊ុន​ហឿន នោះ​ឡើយ ព្រោះ​គេ មាន​ផ្លែ​និង​ភាព​ស៊ូ​មិន​ដល់​ប៊ុន​ហឿន​ទេ។

ចំពោះ​ វ៉ែន ឌី​យ៉ា​ម៉​ង់ អ្នក​ប្រដាល់​ក្លិប​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ជួប​ប្រកួត​ប្រដាល់សកល​អាជីព ជាមួយ​ពេជ្រ សំរិទ្ធ អ្នក​ប្រដាល់​ក្លិប​អា​រុណ​រះ ក្នុង​ទម្ងន់​៥២​គ​.​ក្រ។ រវាង​ពួកគេ​ទាំងពីរ​នាក់​នេះ វ៉ែន ឌី​យ៉ា​ម៉​ង់ មាន​ភាគរយ​ឈ្នះ​ច្រើនជាង​ពេជ្រ​សំរិទ្ធ៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
498
2096
4643739