jaukjeybanner

ជើងខ្លាំង​កម្ពុជា ៧ នាក់ ប៉ះថៃ​សប្តាហ៍នេះ​

(ពី​ឆ្វេង​ទៅស្តាំ) កីឡាករ​ថៃ Kham និង Lao Py និង​កីឡាករ​កម្ពុជា មឿន សុខ​ហ៊ុច

ភ្នំពេញ: រឿង​ សោភ័ណ្ឌ​ ក្លិបមកុដ​រាជសីហ៍​, ពេជ្រ ម្ទេស​ខ្មាំង ​មកពីអរុណរៈ​, ម៉ន​វិរៈ​ មក​ពី​ក្លិប​ព្រែកឯង​, ព្រំ​ សំណាង​ មក​ពីកងទ័ព​ឆត្រ​យោង ៩១១, ចាន់​ ស៊ីណាត​ មក​ពី​និរោធន៍​មានជ័យ​, ចាន់​ ប៊ុន​ធឿន មក​ពី​និរោធន៍មានជ័យ​ និង​មឿន​ សុខហ៊ុច​ មកពីពុទ្ធ​សេរីវង្ស​ នឹងត្រូវដាក់​ឲ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃនា​ចុង​សប្តាហ៍​នេះ​នៅ​សង្វៀន​ អាស៊ីអា​គ្នេយ៍ (SEA​TV) ​ដែល​ជា​ការ​ប្រកួតមិត្ត​ភាព​អន្ដរជាតិ​លើសង្វៀន​តែមួយ​ក្រោម​ការ​ ឧបត្ថម្ភពី​សំណាក់​ម្ចាស់​ក្រុមហ៊ុន​ផ្សេង​ពីគ្នា​។​

សម្រាប់​គូ​អន្ដរជាតិព្រឹក​ថ្ងៃ​សៅរ៍​ក្នុងកម្ម​វិធី Expert Beer ​កីឡាករ​រឿង​ សោភ័ណ្ឌ​ ត្រូវ​ប៉ះ​ជាមួយ​កីឡាករថៃ ​Kamlai ​Phach​ ក្នុង​ទម្ងន់ ៦៧ គីឡូក្រាម។​ រឿង​សោភ័ណ្ឌ ​ធ្លាប់​ប៉ះជាមួយ​អន្ដរជាតិជិត ២០ លើក​ និងចាញ់​តែ​កីឡាករ ​Jetsada ម្នាក់ប៉ុណ្ណោះ​ក្រៅ​ពីហ្នឹង​គេឈ្នះ​ទាំង​អស់​ និង​ស្មើម្ដង​។

សោ​ភ័ណ្ឌ​ នឹង​ឈានទៅកាន់​ការ​ប្រកួត​នេះ ក្រោយ​ពី​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ​ជាមួយ SuperChhai​ កាលពី​ថ្ងៃទី ២៩ ខែ​សីហា​កន្លង​ទៅ ហើយ​រូបគេ​មាន​ប្រវត្តិ​ប្រកួតរហូត​ដល់ ១៣២ ដង​ ឈ្នះ ១២២ ដង​ ចាញ់ ៩ ដង និង​ស្មើ ២ ដង​ និងធ្លាប់​ផ្តួល​គូប្រកួត​ឲ្យ​សន្លប់​ចំនួន ៥២ ដង។

ដៃ​គូ​របស់គេ​គឺ ​Kamlai Phach ​ធ្លាប់មក​ប្រកួត​នៅស្រុកខ្មែរ​ម្ដង​កាល​នោះ​ឈ្នះ​មឿន​ សុខ​ហ៊ុច​ នៅ​ទឹកទី ១ និង​មានប្រវត្តិ​ប្រកួតបាន ៩៦ ដង ​ឈ្នះ ៧៦ ដង​ និងចាញ់ ១៨ ដង​ និង​ស្មើ ២ ដង។ ក្នុង​ពេល​ជា​មួយគ្នា​នេះ​ដែរ​ ពេជ្រ​ម្ទេស​ខ្មាំង​ ត្រូវ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នកប្រដាល់ថៃ Pep​ Sy ​ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ហើយ​នេះ​ជា​ជំនួប​លើកទី ៣ របស់​ម្ទេសខ្មាំង​ក្នុងការជួប​ជាមួយ​ថៃ​នោះ​។

ពេជ្រ ​ម្ទេស​ខ្មាំង ​មាន​ប្រវត្តិប្រកួត ៦២ ដង ​វាយឈ្នះ ៥៧ ដង ​ចាញ់ ៤ ដង​និងស្មើ ១ ដង​ និង​កីឡាករ​លំដាប់ខ្លាំង​ម្នាក់​។​ បើ​យោង​តាម​លោក​ញាន​ សុធី​ អ្នក​ផ្គូផ្គង​និង​គ្រប់​គ្រង​ប្រដាល់​ប្រចាំ​ SEATV​ កីឡាករ Pep Sy មាន​ប្រវត្តិ​ឡើង​ប្រកួត​ចំនួន ៥២ ដង​ ឈ្នះ ៥០ ដង ចាញ់​តែ ២ ដង​ប៉ុណ្ណោះ​ និង​មិនដែលស្មើ។​ សម្រាប់​ព្រឹក​ថ្ងៃ​អាទិត្យ​ក្នុង​កម្មវិធី​ស្រាបៀរ GANZBERG ម៉ន​ វិរៈ​ ក្លិបព្រែក​ឯង ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​ថៃ​ ​ម៉ាវីន​ ក្នុង​ទម្ងន់ ៥៤ គីឡូក្រាម​។​

ម៉ន ​វិរៈ ​ធ្លាប់​ប្រកួត​បាន ១២៩ ដង​ ឈ្នះ ១១៧ ដង​ ចាញ់ ១១ ដង​ ស្មើ ១ ដង​ ខណៈ​ដែល​ដៃ​គូ​របស់គេ​ម៉ាវីនវិញ​ មាន​ប្រវត្តិប្រកួត​បាន​ចំនួន ១០៩ ដង​ ឈ្នះ ៩៧ ដង ​ចាញ់ ១០ និង​ស្មើ ២ ដង​។​ ដោយ​ឡែក ព្រុំ សំណាង​ ទម្ងន់ធ្ងន់​គឺ ៧៥ គី​ឡូ​ក្រាម​ ត្រូវ​ប៉ះជា​មួយ​ អ៊ិន​ទ្រី​ ថង ​ម្ចាស់​ខ្សែ​ក្រវាត់​មក​ពី​ប្រទេសថៃ។​

ព្រំ​ សំណាង​ មានប្រវត្តិ​ប្រ​កួត​បាន​ចំនួន ៧៥ ដង​ ឈ្នះ ៦៥ ដង​ ចាញ់ ៨​ និង​ស្មើ ២ ដង​ ខណៈ​ដៃគូ​របស់​គេ​គឺ ​អ៊ិន​ទ្រី​ ថង​ ជា​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់ និង​ជា​ម្ចាស់​ខ្សែក្រវាត់ផង​ដែរ​។​ កីឡាករ​នេះ​ធ្លាប់​ប្រកួត​ចាញ់​អ៊ុង ​វិរៈ​ម្តង​ និង​មាន​ប្រវត្តិប្រកួត​បាន​ចំនួន ៩៩ ដង​ ឈ្នះ ៨៤ ចាញ់ ១៣ និង​ស្មើ ២ ដង​។​ ស្រប​ពេល​ជា​មួយគ្នា​នេះ ចាន់​ ស៊ីណាត ​ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​ថៃ​ ខេម ​ក្នុងទម្ងន់ ៥៧ គីឡូក្រាម។ ​

កីឡាករ​ស៊ីណាត ប្រកួត​បានចំនួន ៦៥ ដង ឈ្នះ ៥៥ ចាញ់​ ៨ និង​ស្មើ ២ ដង​ ខណៈ​ដែល ខេម​ ធ្លាប់​ប្រកួតបានចំនួន ៥៩ ដង​ ឈ្នះ ៥៤ ដង​ ចាញ់ ៤ និង​ស្មើ ១ ដង​៕

 

កម្ពុជា ធ្លាក់​ត្រឹមវគ្គ​ជម្រុះ Homeless World Cup 2015 ​នៅ ហូឡង់

ភ្នំពេញៈ ក្រុម​កីឡាករ​គ្មានផ្ទះសម្បែង​​របស់​ កម្ពុជា បាន​ធ្លាក់​ចេញពី​ការ​ប្រកួតបាល់​ទាត់​គ្មានផ្ទះ​សម្បែង​ពិភពលោក ​ឆ្នាំ ២០១៥ (Homeless World Cup 2015) ដែល​កំពុង​ធ្វើ​នៅទីក្រុង Amsterdam ប្រទេស​ហូឡង់ ហើយ បន្ទាប់ពីបាន​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ១ ប្រកួត និង​ចាញ់​យ៉ាងចាស់​ដៃ​ចំនួន ៤ ប្រកួត​នោះ។

ដោយ​ឈរ​នៅ​ក្នុងពូល A ជាមួយ​ក្រុម​មក​ពី​ប្រេស៊ីល រូម៉ានី អាហ្សង់ទីន និង​ប្រទេស​វេលស៍ ក្រុម​កីឡាករ​គ្មានផ្ទះសម្វែង​របស់​កម្ពុជាទាំង ៦ នាក់ (បម្រុង ២ នាក់) បានឈ្នះ ៣ ពិន្ទុនៅ​ថ្ងៃបើកឆាកគឺ​ការ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ខណៈ​ក្រុមតំណាង​ឲ្យ​ប្រទេស​មួយ ក្នុងពូល A នេះ​មិន​បាន​មកចូល​រួមប្រកួត​នោះ។

ប៉ុន្តែ​ចំពោះ​ការ​ប្រកួត​ជម្រុះ​ចំនួន ៤ លើក​ទៀត ​ក្រុម​កម្ពុជា បាន​ចាញ់​ក្រុម​មក​ពីវេលស៍ ៧-៥ និងបន្ដ​ចាញ់ក្រុមមក​ពី​ប្រទេស​អាហ្សង់ទីន ៦-៤ កាលពីថ្ងៃ​អាទិត្យ រួចបាន​បន្ដ​ចាញ់​ក្រុមមកពី​ប្រេស៊ីល ៨-១ និង​ចាញ់​ក្រុមមក​ពី​រូម៉ានី ៨-៤ កាល​ពី​ថ្ងៃចន្ទ ហើយ​លទ្ធផលនេះបាន​ធ្វើ​ឲ្យ​កម្ពុជា ឈរ​នៅ​លេខរៀងទី ៥ បន្ទាប់​ពី​ក្រុម​បោះ​បង់​ការ​ប្រកួត។

ចំណែក​ក្រុម​ប្រេស៊ីល បាន​ឈ្នះទាំង ៥ ប្រកួតតែ​ម្ដង​ មាន ១៥ ពិន្ទុ​ពេញ ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់លេខ ១ ប្រចាំពូល A នេះ ហើយ​ក្រុមមក​ពី​រូម៉ានី ​បានឈ្នះ ៤ និង​ចាញ់ ១ ប្រកួតទទួល​បានលេខ ២ ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​មក​ពី​ប្រេស៊ីល​ ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ឈ្នះ​មកពី​ពូលចំនួន ៧ ទៀត។

ប៉ុន្តែ​ ក្រុម​មក​ពី​អាហ្សង់ទីន ដែល​ឈរ​នៅ​លេខរៀងទី ៣ ដោយ​​មាន ១២ ពិន្ទុ និង​ក្រុម​មក​ពី​វេលស៍ ដែល​ឈរ​នៅលេខ​រៀងទី ៤ ដោយ​មាន ៦ ពិន្ទុ ​បាន​ធ្លាក់ចេញ​ពីការប្រកួតនេះ​ដូច​ក្រុម​កម្ពុជា​ដែរ៕

 

សាមូរ៉ៃ​ជប៉ុន ​ស៊ី​​គោព្រៃ​កម្ពុជាក្នុង​ទឹកដី

ឈិន ឈឿន (ស្តាំ) របស់​កម្ពុជា បានព្យាយាមរំខាន Yoshinori Muto របស់ក្រុមជប៉ុន​។ Afp

ភ្នំពេញៈ ក្រុម​សាមូរ៉ៃ​ជប៉ុន បាន​ធ្វើ​ឲ្យ​ក្រុម​គោព្រៃ​កម្ពុជា មាន​ភាពវក់វី​ពេញទីលាន សម្រាប់​ការ​ប្រកួតជម្រុះ​ជុំទី ២ ពាន​ 2018 FIFA World Cup Russia ប្រចាំ​ទ្វីបអាស៊ី នៅពហុកីឡដ្ឋាន Saitama Stadium 2002 ក្នុង​ទីក្រុង Saitama ​ប្រទេស​ជប៉ុន កាល​ពីយប់ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។​

នៅ​ក្នុង​ការប្រកួតដ៏​តាន​តឹង​នោះ ក្រុម​គោព្រៃ​កម្ពុជា មិន​មានឱកាស​ទាល់​តែសោះ ក្នុង​ការ​វាយបក​ទៅលើ​ក្រុម​ជប៉ុន។ នៅ​ក្នុងការបប្រកួត ៩០ នាទីពេញសមាជិក​ទាំង ១០ នាក់​របស់កម្ពុជា បាន​ត្រឹម​លេង​ទប់នៅ​មុខទី​ខ្លួនឯង ដើម្បី​ការពារ​ការវាយសម្រុក​យ៉ាង​ខ្លាំង​របស់​ក្រុម​ជប៉ុន ព្រោះ​ក្រុម​ជប៉ុន​បាន​គ្រប់គ្រង​បាល់​ទាំងស្រុង​តែ​ម្ដង ប៉ុន្តែ​ក្រុមសាមូវៃ​ដ៏​ខ្លាំង​នៅ​ទ្វីបអាស៊ី​មួយ​នេះ បាន​ស៊ុត​ទម្លុះសំណាញ់​ទី​កម្ពុជា បាន​ត្រឹម ៣ គ្រាប់​តែ​ប៉ុណ្ណោះ។

​ខ្សែ​បម្រើ Keisuke Honda ដែល​កំពុង​លេង​នៅ​ក្លិប AC Milan ​របស់​ប្រទេសអ៊ីតាលី បាន​រក​គ្រាប់​បាល់បើកឆាក​ឲ្យ​ជប៉ុន នៅ​នាទីទី ២៨ ដើម្បី​បញ្ចប់​ការប្រកួត​នៅតង់ទី ១ ជាមួយ​លទ្ធផល​នាំមុខកម្ពុជា ១-០ ហើយ​ការប្រកួត​នៅ​តង់ទី ២ Maya Yoshida ដែល​លេង​នៅ​ក្លិប​ Southampton របស់​អង់គ្លេស បាន​បន្ថែម ១ គ្រាប់​ទៀត នៅនាទីទី ៥០ ហើយអតីត​ខ្សែ​បម្រើ​របស់​ក្លិប Manchester United កីឡាករ Kagawa Shinji ដែល​កំពុងលេង​នៅក្លិប Dortmund របស់​អាល្លឺម៉ង់ ជាអ្នករក​បាន​គ្រាប់​បាល់ទី ៣ ចុងក្រោយ​ឲ្យ​ជប៉ុន នៅនាទីទី ៦១ ដើម្បី​ឈ្នះ​កម្ពុជា ៣-០។

ទោះ​បីជា​យ៉ាង​ណា គ្រូ​បង្គោល​ជនជាតិ​បារាំង​លោក Vahid Halilhgozic ​របស់ក្រុម​ជប៉ុន និង​កីឡាករ Keisuke Honda ហាក់​មិន​សូវសប្បាយ​ចិត្ត​ចំពោះការ​ឈ្នះ​កម្ពុជា​ត្រឹម ៣-០ នេះ​នោះ​ទេ ខណៈ​ពួកគេ​បានធ្វើ​ឲ្យ​ឱកាស​មាសជា​ច្រើន​ត្រូវ​បាត់បង់់​នោះ។

ឱកាស​មាស​របស់​ជប៉ុន​ត្រូវ​បានបំផ្លាញ​ដោយ​ការ​លេងទប់​ប្រកប​ដោយឆន្ទៈ​ និង​មនសិការ​ជាតិ​របស់​ក្រុម​កម្ពុជា ហើយ​អ្នកចាំទី ស៊ូ យ៉ាទី ​បាន​ធ្វើ​ការងារ​ធ្ងន់​ជាងគេ សម្រាប់​ការ​ជួយសង្រ្គោះ​​ក្រុមកម្ពុជា ក្នុង​ការ​ប្រកួតដ៏​លំបាក​មួយ​នេះ រីឯ​ខ្សែ​បម្រើ គួច សុកុម្ភៈ ​គឺជា​កីឡាករ​កម្ពុជាតែ​ម្នាក់​គត់ ដែល​បានតែត​បាល់​សំដៅទី​របស់ជប៉ុន ដែល​ធ្វើ​ឲ្យ​អ្នកចាំទី​ជប៉ុន Nishikawa Shusaku បាន​ចាប់បាល់ត្រឹម ១ គ្រាប់ គត់​ក្នុងការ​ប្រកួត​នេះ។

ចំពោះ​អ្នក​តាម​ដាន​ការ​ប្រកួតនេះ​ផ្ទាល់នៅ​កម្ពុជា បាន​កោត​សរសើរ​ពី​ការ​លេង​ប្រកប​ដោយ​ឆន្ទៈ និងភាព​អំណត់​របស់​ក្រុម​កម្ពុជា លើក​នេះ បើ​ទោះបីជា​ក្រុម​គោព្រៃកម្ពុជា​ដ៏​កម្សត់​នេះ​បានចាញ់​ ៣-០ ក៏​ដោយ៕

 

វីរ​នារី ស៊ន សៀវម៉ី បន្ដ​ចាញ់​នៅ​លើ​ឆាកអន្ដរជាតិ

ភ្នំពេញៈ កីឡាការិនី​តេក្វាន់​ដូ ស៊ន សៀវម៉ី ដែល​ត្រូវ​បាន​តែង​តាំង​ជា​វីរ​នារី​ខ្មែរ តាមរយៈ​ការ​ឈ្នះ​បាន​មេដាយ​មាស​ជូន​ជាតិក្នុង ​ការ​ប្រកួត​ Asian Game កាល​ពី​ចុង​ឆ្នាំ​ ២០១៤ ​នោះ បាន​ជួប​នូវ​ការ​ខកចិត្ត​ជា​ថ្មី​ម្តង​ទៀត ខណៈ​រូបនាង​បាន​ធ្លាក់ចេញ​ពី​ការ​ប្រកួត World University Games នៅ​ទី​ក្រុង Gwangju សាធារណរដ្ឋ​កូរ៉េ កាល​ពី​ថ្ងៃ​អាទិត្យ នោះ។

ស៊ន សៀវម៉ី ធ្លាប់​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ជម្រុះ​ The 2015 World Taekwondo Championships លើក​ទី ២២ នៅ​សង្វៀន Traktor Arena ក្រុង Chelyabinsk ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៥ ម្តង​ហើយ ក្រោយ​ប្រកួត​ចាញ់​កីឡាការិនីកាហ្សាក់​ស្ថាន Feruza Yergeshova ក្នុង​វគ្គ​ជម្រុះ​លើក​ទី ១ ​នោះ។

ប៉ុន្តែ​សម្រាប់ការ​ប្រកួត World University Games ដែល​មាន​និស្សិត​ជាង​ ១០០ ប្រទេស​ចូលរួម​នេះ ស៊ន សៀវម៉ី គឺ​ជា​បេក្ខភាព​របស់​កម្ពុជា​តែ​ម្នាក់​គាត់ ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ ១៦ ​នាក់ ខណៈ​បងស្រី​របស់​នាង ស៊ន ដាវីន ​កីឡាករ លី ហេងច័ន្ទ​ប៉ាន់ រិទ្ធី,ធន ណាវុធ និង​កីឡាការិនី ស៊ឹម រចនា ព្រម​ទាំង​អត្តពលិក​​លើ​ជំនាញ​ហែលទឹក រត់ប្រណាំង និង​វាយ​កូន​ឃ្លីលើតុ​របស់​កម្ពុជា​ចំនួន ៧​ នាក់​ទៀត ​បាន​ធ្លាក់​ចេញ​ពី​ការប្រកួត​នេះ​ក្នុង​វគ្គជម្រុះ​ជា​បឋម​ដូច​គ្នា​។

សៀវម៉ី បាន​ឈ្នះ​កីឡាការិនី​របស់​រុស្ស៊ី Kurbanva ក្នុង​លទ្ធផល ១១-២ ដោយ​ចំណាយ​ពេល​ប្រកួតត្រឹម​ ២​ ជុំ​ដើម្បី​ឡើង​ទៅ​ជួប​កីឡាការិនី​របស់​ចិន Zheng Shuyin នៅ​ក្នុង​វគ្គ​ ៨​ នាក់​ចុង​ក្រោយ។

នៅ​ជុំ​ទី​ ១ សៀវម៉ី បាន​យកឈ្នះ ៣-០ តែ​បាន​ចាញ់ ៧-៦ នៅ​ជុំ​ទី​ ២ ហើយ​ការ​ប្រកួតកាត់​សេចក្តី​នៅ​ជុំ​ទី​ ៣ សៀវម៉ី បាន​ចាញ់ ២០-៧ ហើយ​ក្រោយ​ទម្លាក់ សៀវម៉ី Zheng Shuyin បានបន្ត​ឈ្នះ​រហូត​ និង​ចុង​ក្រោយ​បាន​ឈ្នះ​ Iva Rados របស់​ប្រទេស​ក្រូអាស៊ី វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ឈ្នះ​មេដាយ​មាស លើ​វិញ្ញាសា​ទម្ងន់​ ៧៣​ គ.ក្រ​នេះ៕

កែវ​សុផេង ​និង​រស់​ សំអឿន សុត​មួយ​គ្រាប់​ម្នាក់​ឲ្យ​កម្ពុជា​ឈ្នះ​ប៊ូតាន់ ២-០(មានវីដេអូ)

ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​​រវាង​ម្ចាស់​ផ្ទះ​កម្ពុជា​ប៉ះ​ ជាមួយ​ជម្រើស​ជាតិ​ប៊ូតាន់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំពិក​ បាន​បញ្ចប់​ហើយ​ដោយ​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះ​២​ទល់​០។
 
ក្រុម ​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ធ្វើ​ការ​វាយ​សម្រុក​និង​ដាក់​សម្ពាធ​ទៅ​លើ​ ប៊ូតាន់​យ៉ាង​ខ្លាំង​។​ក្នុង​តង់​ទី​មួយ​នាទី​២៨​​រស់​ សំអឿន​បាន​រក​បាន​មួយ​គ្រាប់​នាំ​មុខ​មុន​។​ ចូល​តង់​ទី​២​ខ្សែ​ប្រយុទ្ធ​សំណព្វ​ចិត្ត​អ្នក​គាំទ្រ​ កែវ ​សុផេង​បាន​បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី​​៥៧​បន្ទាប់​ពី​ការ​បញ្ជូន​បាល់​ យ៉ាង​ល្អ​ពី​ខ្សែ​បម្រើ​ ឈិន ឈឿន។
 
ចប់​ការ​ប្រកួត ​គ្រូ​បង្វឹក​ជម្រើសជាតិ​កម្ពុជា​លោក Lee Tae Hoon បាន​បញ្ចេញ​ចំណាប់​អារម្មណ៍ថា កីឡាករ​កម្ពុជា​ទាំង​អស់​មាន​ការ​នឿយហត់​ខ្លាំង​ ដោយ​សារ​ការ​ប្រកួត​ក្នុង​លីក​កំពូល​កម្ពុជា​មមាញឹក​ពេក។ កម្ពុជា​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​​​ ដើម្បី​ធ្វើ​ការ​ប្រកួត​ជាមួយ​ឡាវ​ លក្ខណៈមិត្តភាពមួយប្រកួត​ទៀត មុន​ពេល​បន្ត​ធ្វើ​ដំណើរទៅ​ប្រទេស​ជប៉ុន។
 
បន្ថែម​ ពី​នេះ​គ្រូ​បង្វឹក​ខាង​ល់ើ​បាន​បន្ត​ទៀត​ថា​៖ ជម្រើស​ជាតិ​ជប៉ុន​ជា​ក្រុម​ដែល​ខ្លាំង​ជាង​យើង​ដាច់​ឆ្ងាយ​តែ​ម្ដង។ ការ​ប្រកួត​​ជាមួយ​ជប៉ុន  ​លោកចង់​ឲ្យ​កីឡាករ​កម្ពុជា​ទាំង​អស់​ ប្រកួត​ឲ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​កុំ​ភ័យខ្លាច​ ទោះ​បី​ជាយើង​មិន​ដែល​ជួប​ប្រទះ​ជាមួយ​ក្រុម​ខ្លាំង​ក៏​ដោយ។ ចំណែក​ការ​ចាញ់​ឈ្នះ​លោក​មិន​បាន​រំពឹង​នោះ​ទេ។
 

ចំពោះ ​ប្រកួត​ផ្លូវការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រូវ​ជួប​ម្ចាស់​ផ្ទះ​ជប៉ុន ក្នុង​វគ្គ​​ជម្រុះ​ពូល E នៃ​ពាន​រង្វាន់ FIFA World Cup ប្រចាំ​ទ្វីប​អាស៊ី ​នៅ​​កីឡដ្ឋាន Saitama Stadium 2002 ក្នុង​ទីក្រុង Saitama នា​​ថ្ងៃ​ទី ៣ ​ខែ កញ្ញា ​ឆ្នាំ ២០១៥ ហើយ​ត្រូវ​ត្រឡប់​មក​រាជធានី​ភ្នំពេញវិញ ​ដើម្បី​ទទួល​ភ្ញៀវ​ក្រុម​ស៊ីរី នៅ​ពហុ​កីឡដ្ឋាន​ជាតិ នាសៀល​​ថ្ងៃ​ទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥ វិញ​ម្ដង។

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
503
2096
4643744