jaukjeybanner

វិហារសួគ៌ មានការ​ប្រកួត​កីឡា​ប្រពៃណី​ធំ​ជាងមុន

ទិដ្ឋភាព​នៃ​ការ​ប្រណាំង​ក្របី ដែល​បាន​ធ្វើឡើង​នៅវត្ត​វិហារសួគ៌ ក្នុង​ថ្ងៃភ្ជុំបិណ្ឌ នា​ពេល​កន្លង​មក។

ភ្នំពេញៈ ​ជារៀង​រាល់​ឆ្នាំ​ ក្រោយថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌធំ ​ក្នុងបរិវេណ​វត្ត​វិហារ​សួគ៌​ នាស្រុក​ខ្សាច់​កណ្ដាល​ខេត្ដ​កណ្ដាល​ តែង​មានរៀបចំល្បែង ​និង​កីឡា​ប្រ​ពៃណី​ដូច​ជា​កីឡាចំបាប់​គុនដំបង​ ប្រណាំង​សេះ​ និង​ប្រណាំង​ក្របី​ ហើយការចូល​រួម​ទស្សនា​ បាន​បើក​ទូលាយ​គ្មានលក់សំបុត្រ​ឡើយ​ហើយ​អ្វី​ដែល​ជាការរៀប​ចំ​នោះ ​គឺ​អ្នកចូលរួម​មួយ​ចំនួន​បាន​ជួយឧបត្ថម្ភ​ក្នុង​ពិធីនោះ​ជាថវិកា​ទៀតផង​។​

លោក ​សំ​ សូភី​ ប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​កណ្តាល​ បាន​ប្រាប់ថា​ ​ថ្ងៃ​បុណ្យ​ភ្ជុំត្រូវ​នឹង​ថ្ងៃ​អង្គារ ទី ១៣ ​ខែតុលា​ ឆ្នាំ​នេះ មន្ទីរទេសចរណ៍​ខេត្ដ ​និង NOCC ​គ្រោង​ប្រារព្ធធ្វើ​ពិធី​នេះ​ឲ្យធំ​ជាង​ឆ្នាំ​មុនៗ ​ដើម្បី​បម្រើ​សេចក្តីត្រូវការ​ជូនប្រជាពល​រដ្ឋ ​ក៏​ដូចលើកស្ទួយ​ប្រពៃណី​វប្បធម៌បុរាណ​ខ្មែរ​ឲ្យ​បាន​ល្អ​។

លោកបាន​បញ្ជាក់ថា៖​«​ឆ្នាំនេះ​ខ្ញុំ​បាន​គ្រោងសុំគោល​ការណ៍​ពីថ្នាក់​ ខេត្ដ​ និងក្រសួង​ទេស​ចរណ៍ ​ដើម្បី​រៀបចំ​កម្ម​វិធី​នេះ​ឲ្យកាន់តែមាន​ភាព​ប្រសើរ​ឡើង ​ដោយ​កីឡាចំបាប់​ គួរតែ​ធ្វើ​តារាង​វេទិកា​ប្រកួត ​ដែល​មាន​កម្ពស់​ខ្ពស់​ ទំហំសម​ស្រប​ឲ្យ​អ្នកទស្សនា​បាន​ស្រួល ​ព្រមទាំង​មានវេទិកា​សម្រាប់​សប្បុរស​ជន ​និង​ថ្នាក់​ដឹកនាំ​ចូលទស្សនា​ស្រួល​ផង​។ ​

កាល​ពីចុងសប្តាហ៍មុន ​ខ្ញុំបានចុះ​ទៅ​ពិនិត្យ​ និង​ប្រជុំជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ដើម្បីធ្វើ​ផែន​ការ​ជម្រាបជូន​ថ្នាក់​ដឹកនាំ​ ហើយ​គោលដៅសំខាន់​មួយ​ទៀតគឺ​ទីតាំង​វប្បធម៌​នៃ​វត្ត​វិហារសួគ៌ ​និង​បឹង​វាល​សំណាប​ជិត​នេះ ​ជា​តំបន់ទេសចរណ៍​ធម្មជាតិ ​មាន​ទឹក​លិច ​អាចនឹងអភិវឌ្ឍ​តំបន់​អេកូទេស​ចរណ៍​បាន»។​

ចំណែក​លោក ​ធិន ​វិចិត្រ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ​និយាយថា៖​ «កាល​ពី​ឆ្នាំ​មុនៗ ​យើង​រៀបចំការ​ប្រ​កួតចំបាប់​បុរាណ​នេះ ​ក្នុង​ចំនួន​មិន​កំណត់​បាន តាមរយៈ​ចំនួន​ទឹក​ប្រាក់​របស់​សប្បុរស​ជន ​គឺ​ក្នុង​ប្រហែល ៣០ គូ​ឡើងដល់ ៥០ គូ ​ប៉ុន្តែ​បើ​ឆ្នាំ​នេះ​មាន​ការ​​គាំទ្រ​ពី​មន្ទីរ​ទេស​ចរណ៍​ខេត្ដ​កណ្តាល​ ខ្លះ ​ពី NOCC​ ខ្លះ ​និង​មាន​សប្បុរស​ជន​ផង​នោះ ​គឺ​យើងអាចធ្វើ​ទ្រង់ទ្រាយ​ធំ ​តាមការ​ចូល​រួម​របស់​ប្រ​ជាពល​រដ្ឋ​បាន​ដោយ​គ្មាន​បញ្ហាទេ ​ហើយ​តាមខ្ញុំគិត យើង​ចង់​ឲ្យ​រង្វាន់​ទាំង​ក្របី ​ទាំង​ម្ចាស់​ម្នាក់ៗបាន ១០ ដុល្លារ​ផង​ដែរ»​។​

អតីត​កីឡាករ​ចំបាប់​ជម្រើស​ជាតិ ចាប ​លឿន ​ដែលមាន​ស្រុក​កំណើត​នៅ​ទី​នោះ​ស្រាប់​បាននិយាយថា៖​«ខ្ញុំ​ និង​អាជ្ញាធរ ​ព្រម​ទាំងគណៈកម្មការ​វត្ត​នៅ​វត្ដ​វិហារ​សួគ៌​ ជា​អ្នកចាត់​ចែងឲ្យមាន​ល្បែង​ប្រពៃណី​ទាំង​នេះ​ច្រើនឆ្នាំ​មកហើយហើយ​ឆ្នាំ​ នេះ​យើងបាន​ត្រៀម​គោជាង ៥០ ក្បាល​​ សេះ ២៦ ក្បាល​ និង​ក្របី ៣០ ក្បាល​ ដែលកំពុង​ហ្វឹក​ហាត់​ រីឯកីឡាករ​ចំបាប់​លើ​ដី ​ចំបាប់ក្នុងភក់​ព្រម​ទាំង​គុន​ដំបង​ កំពុងតែ​សមគ្នាបណ្តើរៗ​មក​ពី​ភូមិ​ជិតៗ​នេះ ​គឺមិនបាច់​ចុះឈ្មោះទេ»​។​

លោក ​ម៉េង ​ឈាង​ហេង ​មេឃុំ​វិហារសួគ៌​ប្រាប់ថា​ ​ខាងឃុំ​តែង​តែ​ជួយគាំ​ទ្រ​ជានិច្ច​ទោះ​បី​មាន​​ ឬ​គ្មានគេ​ជួយ​ក៏​អ្នក​ភូមិ ​និង​គណៈកម្មការ​វត្ត​ខិតខំ​ធ្វើ​ឲ្យ​បាន​រាល់ឆ្នាំ​ដែរ ព្រោះ​ការ​ប្រណាំង​ក្របីសេះនេះ​ ជាជំនឿ និង​ជានិមិត្ត​រូបថ្វាយ​អ្នកតា​ម្ចាស់​ស្រុកឲ្យ​ថែរក្សា​ដល់សត្វ​ទាំង​នេះ​ កុំ​ឲ្យ​ឈឺ។

​ចំណែក​លោក ​ថែ ​ថាំង ​ជាអនុប្រធាន​គណៈកម្មការ​រៀប​ចំ ​និយាយ​ថា​៖​«រៀងរាល់​ឆ្នាំ​យើង​ខិតខំ​ប្រឹង​ប្រែង​រៀបចំ​បាន​ល្អ ​ប៉ុន្តែ​មន្ត្រីការិយាល័យអប់​រំ​ស្រុក ​ឬ​មន្ទី​អប់​រំយុវជន ​និង​កីឡា​ ខេត្ត​កណ្តាល​ មិន​ដែល​ចាប់​អារម្មណ៍​ទេ ​ទោះ​បី​ការ​ប្រកួត​ចំបាប់​របស់​ឃុំ​វិហារសួគ៌ល្បី​ដល់​ថ្នាក់​អន្តរជាតិ​ ក៏មិន​ខ្ចី​ភ្ញាក់​ផ្អើលឡើយ​»។​

លោក ​វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​ NOCC ​បានថ្លែងថា៖«​ឆ្នាំ​នេះ​ខាង​យើងនឹង​ចូល​រួម​ដើម្បី​ធ្វើឲ្យមាន​ទ្រង់​ទ្រាយ ​ស្តង់ដារ​ល្អ​ជាង​បណ្តាឆ្នាំមុនៗ​ ពីព្រោះ​ការ​ប្រ​កួត​ប្រពៃ​ណី​គប្បី​មាន​ការ​គោរព​លក្ខខណ្ឌមួយ​ឲ្យ​បាន​ ច្បាស់​លាស់និង​ដើម្បី​ចង​ក្រងជាឯកសារ​ច្បាប់​ឲ្យ​បាន​ត្រឹម​ត្រូវ ​ដោយសារ​​ជាកីឡាវប្បធម៌​ជាតិ​ដ៏​ល្អ​ផូរ​ផង់»​។​

គួរ​បញ្ជាក់ថា​ វិហា​រសួគ៌ គឺ​ជា​វត្ត​ដែល​មានប្រជា​ពល​រដ្ឋ​ចាត់​ទុកថា​មានបារមី​ស័ក្តិសិទ្ធិ និង​ជាកន្លែង​​តំបន់​ទេស​ចរណ៍​មួយ​ ដែល​ទាក់​ទាញ​បំផុត​ ហើយ​ទី​នេះមាន​កីឡា​ចំបាប់ច្រើនជាង​គេ​។ មិន​តែ​ប៉ុណ្ណោះ​កីឡាករ​ចំបាប់ល្បីៗ​នា​ជំនាន់​នេះ​ភាគ​ច្រើនមក​ពី​វិហារ​ សួគ៌​ គឺ​សូម្បី​តែ​គ្រូ​ជម្រើស​ជាតិ​ក៏​ជា​អ្នក​វិហារ​សួគ៌ដែរ​ ប៉ុន្តែ​អ្វីដែល​មាន​ការ​សោក​ស្តាយនោះ​គឺ​ស្ថាប័ន​ទទួល​ខុសត្រូវ​ជំនាញ​កីឡា ​នៅ​មូល​ដ្ឋាន​ដូច​ជា​ថ្នាក់​ស្រុក​ និង​មន្ទីរ​អយក​​ខេត្ត ​មិន​ដែល​ឃើញ​មាន​ការ​ចូលរួម​ឬ​លើកស្ទួយ​ឡើយ​៕​

 

បឹងកេត ស៊ី​ក្រុមទ័ព ១-០ ដើម្បីឡើង​ទៅកំពូលតារាង

ខ្សែការពារ​របស់ក្រុម​ក្រសួង​ការពារជាតិ (ប៉ូលិស) ខែក ខេមរិន្ទ បាន​ព្យាយាម​រារាំងខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី របស់​បឹង​កេតអង្គរ នៅក្នុងការ​ប្រកួតវិលជុំ​លើកទី ២០ នៃក្របខ័ណ្ឌ​មិត្ដ​ហ្វូនខេមបូឌានលីក ឆ្នាំ ២០១៥ នៅកីឡដ្ឋាន​ស្តាត​ចាស់ កាលពី​ល្ងាចថ្ងៃ​អាទិតត្យ ម្សិលមិញ។

នៅ​ក្នុងការ​ប្រកួត​ដ៏ស្វិត​ស្វាញ​នេះខ្សែប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា បាន​រក​ឃើញ​គ្រាប់បាល់ជ័យជម្នះ​ឲ្យ​បឹងកេត នៅ​នាទីទី ៧៣ គឺ​បន្ទាប់ពី ខែក ខេមរិន្ទ របស់​ទ័ព​ត្រូវ​បាន​លោក​អាជ្ញាកណ្តាល​ពិន័យ​កាតលឿង​ជាលើកទី ២ ស្មើកាតក្រហម និង​ត្រូវ​បណ្តេញចេញ​នៅនាទីទី ៥៣ នោះ ហើយ​ការ​យកឈ្នះ ១-០ ទាំង​លំបាក​នេះ​បានជួយឲ្យ​បឹង​កេត ឡើង​ទៅឈរ​នៅ​លើ​កំពូលតារាង ដោយមាន ៥១ ពិន្ទុ និង​បាន​ទម្លាក់​ក្រុមភ្នំពេញក្រោន ដែល​មាន ៤៨ ពិន្ទុឲ្យ​មក​ឈរ​នៅ​លេខរៀងទី ២ វិញ ប៉ុន្តែការ​ឈ្នះ​របស់​​ក្រុម​បឹង​កេត បាន​ធ្វើ​ឲ្យ​ក្រុម​ទ័ព ស្ទើរ​តែបាត់​ឱកាស​​ក្នុងការ​ប្រជែង​ទៅតំបន់ Top4 ទៅហើយ ព្រោះ​ពេល​នេះ​ទ័ព នៅ​តែ​មាន ៣២ ពិន្ទុ​ស្មើ​ក្រុមស្វាយរៀង ខណៈ​ណាហ្គាវើល និង​ប៉ូលិស មាន ៣៥ ពិន្ទុ​ទៅ​ហើយ ឯ​ខេមបូឌាន​ថាយហ្គឺរ ក៏មាន ៣៤ ពិន្ទុ​ដែរ ហេតុ​នេះឲ្យ​តែ​ក្រុម​ប៉ូលិស ឬ​ណាហ្គាវើល រក​ឃើញ​ការឈ្នះត្រឹម ១ លើក​ ក្នុង​ការ​ប្រកួត​សល់ចំនួន ២ ប្រកួតនោះ ​គឺ​ក្រុម​ទ័ព ត្រូវ​ធ្លាក់​ចេញពី​ការ​ប្រកួត​ដោយស្វ័យ​ប្រវត្តិ​។​

 

ហុង និង​ចាន់វ៉េត មិនខ្វល់ពី​លទ្ធផល ឯ គឹម​ភាព អាចឈ្នះ​មិន​ប្រកួត

ឈាន ហុង (ឆ្វេង) នឹង​ត្រូវ​ប៉ះជាមួយ​វ៉ាន់ ចាន់​វ៉េត ថ្ងៃ​សៅរ៍​នេះ​។

ភ្នំពេញ: សម្រាប់ការ​ប្រកួតប្រដាល់​ក្នុងពូល A លើកទី ៣ នៃ​ខ្សែ​ក្រវាត់ស៊ីម៉ងត៍​អូដ្ឋ​​នា​ថ្ងៃ​សៅរ៍ ទី៣ ខែ​តុលា សប្តាហ៍នេះ កីឡាករ​វ៉ាន់​ ចាន់​វ៉េត ក្លិបគី​សែមានរិទ្ធ នឹងត្រូវ​ជួប​ប្រកួត​ជា​មួយ​ឈាន ​ហុង​ សមាគមកីឡាក្រសួង​ការ​ពារ​ជាតិ ហើយ​​បើទោះ​បីលទ្ធផល​បែបណា​ក៏ដោយ ប៉ុន្តែ ពួកគេ​ទាំងពីរ​នៅតែមាន​សិទ្ធិវគ្គក្រោយ​ដូច​គ្នា​ ខណៈ​ដែល​កីឡាករពីរនាក់​ទៀត​គឺ សេក ​គឹម​ភាព ​និង Hector Tou គ្មានពិន្ទុ​អាច​ឡើង​បាន​នោះឡើយ។​

ប៉ុន្តែ អ្វីដែល​​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ​សេក គឹម​​ភាព អាចនឹងឈ្នះ​ជាស្វ័យ​ប្រវត្តិ​ពីព្រោះ Hector Tou ​សញ្ជាតិ​អង់​គ្លេស ដែល​ជាដៃគូ​របស់​គេ ត្រូវ​បានគេរាយការ​ណ៍​ក្រៅ​ផ្លូវ​ការ​ថា ឈប់ទៅ​ប្រកួត​ហើយពី​ព្រោះ​ជា​កីឡាករ​ទេសចរណ៍​ ខណៈដែល​លោកសេង កដិកា អ្នកគ្រប់​គ្រង​កម្មវិធី មិនអាច​សុំពន្យល់​បក​ស្រាយ​បានឡើយ។ ពីរ​ប្រកួត​កន្លងមក វ៉ាន់ ចាន់​វ៉េត និង​ឈាន បាន​ឈ្នះទាំង ២ ប្រកួត មាន ៦ ពិន្ទុដូចគ្នា។​

សម្រាប់​ការ​ជួបគ្នា​លើកទី ៣ នេះ បើទោះ​បី​ជា​នរណា​ឈ្នះ ឬ​នរណា​ចាញ់ ក៏​ពួកគេ​ទាំងពី​នៅ​តែ​បាន​ឱកាស​ឡើង​ទៅ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដដែល ​ជា​មួយ​នឹង​ការ​បញ្ចប់ក្នុង​ចំណាត់ថ្នាក់លេខ ១ និង​លេខ ២ ក្នុងពូល A។

ប្រវត្តិ​ប្រកួតគ្នា​កន្លងមកក្រៅខ្សែ​ក្រវាត់​រយៈ​ពេល​ច្រើន​ឆ្នាំ​ មករវាងឈាន ហុង​ និង​វ៉ាន់ ចាន់​វ៉េត​ ត្រូវបាន​គេ​កត់​សម្គាល់ឃើញថា មាន​ចំនួន ៥ លើក ក្នុង​នោះ ចាន់វ៉េត មិន​ដែលបានឈ្នះ​ឈាន​ ហុង​ ម្ដង​ណា​ឡើយ។ ការ​ជួបគ្នាលើក​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី ១៥ ខែ​កុម្ភៈ ឆ្នាំ ២០១៤ ឈាន ហុង បាន​ឈ្នះចាន់​ វ៉េត​ដោយ​ពិន្ទុ​ ប៉ុន្តែ ចាន់​វ៉េត ភាគច្រើន​ឡើង​ប្រ​កួត​មិន​បាន​ហ្វឹក​ហាត់ និងឡើង​វាយ​សម្រាប់ធ្វើ​តួ​អង្គ​ចាញ់​ប៉ុណ្ណោះ​។

សម្រាប់លើក​នេះ ​បើ​ចាន់វ៉េត​ ហាត់​បាន​ល្អ​ និងវាយអស់​ពី​សមត្ថ​ភាព​វិញ ឈាន ហុង ពិតជា​លំបាក​ឈ្នះ​ណាស់ ហើយ​ការ​ប្រ​កួត​ក្នុង​អំឡុងពេលមួយ​រយៈ​នេះ​គេ​សង្កេត​ឃើញថា​ ចាន់​វ៉េត បាន​ហ្វឹក​ហាត់​ល្អ ធានា​កម្លាំង​បាន​ល្អ​ និង​មាន​ស្នៀត​ជង្គង់​ល្អ​ដែល​អាច​ផ្តួល​ឈាន ហុង​ បាន។

ចាន់​វ៉េត បាននិយាយ​ថា៖ «ខ្ញុំ​បាន​ហាត់​ល្អ និង​សង្ឃឹមឈ្នះ ៩០ ភាគ​រយ​ដោយ​ស្នៀត​ជង្គង់»។ ចំណែក​ ឈាន ​ហុង​ បាន​អះអាង​ថា៖ «ខ្ញុំ​សង្ឃឹមឈ្នះ ៩០ ភាគ​រយ ហើយ​​បើ​មាន​ឱកាស​ ខ្ញុំ​នឹង​ផ្តួល ​ចាន់វ៉េត ឲ្យ​បាន​មុន​ទឹកទី ៥»។ ក្នុង​ពីរ​ប្រកួត​នេះ ឈាន​ ហុង បាន​ប្រើ​ក្បាច់​ពិសេស​ដើម្បីផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ និងដើម្បីទទួល​ប្រាក់​រង្វាន់​បាន​ចំនួន ២ លានរៀលយ៉ាង​រំភើយ។​

ដោយ​ឡែក ​សេក គឹម​ភាព​ ក្លិប​អង្គរមានជ័យ​ខេត្តសៀមរាប ដែល​ត្រូវ​ជួប​ ប្រ​កួតជាមួយ ​Hector Tou នោះ ​ប្រហែល​ទទួល​បាន​សំណាង​ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ​ ពី​ព្រោះ​ថា ​កីឡាករអង់គ្លេស​រូប​នោះ កាលពី​សប្ដាហ៍​មុន​អវត្ត​មាន​ដែល​ធ្វើ​ឲ្យ​វ៉ាន់​ ចាន់​វ៉េត​ ឈ្នះ​ដោយ​ស្វ័យ​ប្រ​វត្តិ​៕

 

ទ័ព ចាញ់ តែបឹងកេត ឈ្នះ មុនប៉ះគ្នា​ថ្ងៃ​អាទិត្យ

ហុង មករា របស់​បឹងកេត បាន​លោត​ទប់ការ​ទាត់បាល់​របស់កីឡាករ Chimerie។

ភ្នំពេញៈ ​ក្រុមបឹងកេតអង្គរ បានលត់​ក្រុម​មជ្ឈ​មណ្ឌលកំចាត់មីនកម្ពុជា (CMAC) ៣-០ កាល​ពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ដើម្បីមាន ៤៨ ពិន្ទុស្មើ​ភ្នំពេញក្រោន វិញ ប៉ុន្តែក្រុម​ក្រសួងការពារជាតិ (ទ័ព) បាន​បន្ដ​ចាញ់​ក្រុម​ណាហ្គាវើល ដែលធ្វើ​ឲ្យ​ក្រុមនេះ​កាន់​តែមាន​សម្ពាធខ្លាំង សម្រាប់ការជួប​បឹងកេត នៅ​ថ្ងៃ​អាទិត្យ ចុងសប្តាហ៍​នេះ។

សម្រាប់​ការ​ប្រកួត ៤៥ នាទី ក្នុងតង់ទី ១ នៅពហុកីឡដ្ឋាន​ជាតិ កាល​ពី​ម្សិលមិញ​នោះ ក្រុម​បឹងកេត មិន​អាចធ្វើ​អ្វីទៅ​លើ​ក្រុម​ CMAC បាននោះឡើយ បើ​ទោះ​បី​ជាបឹងកេត មាន​ឱកាស​គ្រប់គ្រង​បាល់​បាន​ច្រើនជាង CMAC ដែលពួកគេ​ធ្លាប់បាន​ឈ្នះ ៥-១ ក្នុងជើងទី ១ ក៏ដោយ។

ប៉ុន្តែ​ការ​ប្រកួតតង់ទី ២ ទើប​តែ​ចាប់ផ្តើមបាន ៣ នាទីខ្សែ​ប្រយុទ្ធ​ជើង​ចាស់​ជា​ប្រធានក្រុម ឃួន ឡាបូរ៉ាវី បាន​នាំ​ភាពសប្បាយ​រីករាយ​ឲ្យ​បឹង​កេត ភ្លាម​ តាមរយៈការ​ស៊ុតបញ្ចូល​ទីយ៉ាង​ល្អ​​របស់គេ ហើយខ្សែប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា ដែល​ស៊ូយកក្រណាត់​រុំមុខរបួស​ដោយបាន​បែកក្បាលដេរអស់ ៣ ថ្នេរ កាល​ពី​ចុង​សប្តាហ៍​មុន​នោះ បាន​ទម្លុះ​សំណាញ់ទី​របស់​ក្រុម CAMAC ១ គ្រាប់ទៀត នៅ​នាទីទី ៥៥។

បន្ថែមលើ​នេះ​ខ្សែ​ការពារ រស់ សំអឿន បានបន្ថែម ១ គ្រាប់ទៀត​ឲ្យ​បឹង​កេត នៅនាទី​បន្ថែម​ ៩០+៣ ហើយការឈ្នះ ៣-០ នេះ​បាន​បើកផ្លូវ​យ៉ាងធំ​ដល់ក្រុមបឹង​កេត ក្នុង​ការប្រជែង​យក​ទី​តាំងលេខ ១ ពីភ្នំពេញ​ក្រោន មក​វិញ​បើ​ទោះ​បីជាពេល​នេះពួកគេបាន​ត្រឹម​បន្ដ​ឈរលេខរៀងទី ២ ដោយសារមាន​គ្រាប់បាល់​ចំណេញ​តិចជាង​ភ្នំពេញក្រោន ក៏​ដោយ។

ផ្ទុយទៅវិញ​ក្រុមម្ចាស់ផ្ទះ​ក្រសួង​ការពារជាតិ មិនអាចប្រើ​កីឡដ្ឋានស្តាត​ចាស់របស់​ខ្លួន ដើម្បី​ធ្វើការសង​សឹក​លើ​ក្រុម​ណាហ្គាវើល ដែល​ពួកគេ​ធ្លាប់បាន​ចាញ់ ២-១ ក្នុងជើងទី ១ បាន​នោះឡើយ។

បើ​ទោះបីជា​ការ​ប្រកួតតង់ទី ១ ក្រុមទាំង ២ បានបញ្ចប់ដោយការ​មិនមាន​ការស៊ុតបាល់​បញ្ចូលទី​ទៅលើ​គ្នា ប៉ុន្តែ​ការ​ប្រកួតនៅតង់ទី ២ ខ្សែបម្រើជើងចាស់ ទៀប វឌ្ឍនៈ បានក្លាយជា​វីរបុរស នាំជ័យ​ជម្នះ​ឲ្យ​ក្រុម​ណាហ្គាវើល ខណៈរូបគេ​រកបាន ២ គ្រាប់​តែ​ម្នាក់​ឯង ដើម្បី​ជួយ​ឲ្យ​ណាហ្គាវើល បន្ដ​ឈ្នះក្រុម​ទ័ព ២-០ នោះ។

គ្រាប់ជ័យជម្នះ​ដែល​កើត​មានឡើង​នៅ​នាទីទី ៧៩ និងនាទីទី ៩០ របស់ ឌៀប វឌ្ឍនៈ លើកនេះ​បានជួយឲ្យ​ក្រុម​ណាហ្គាវើល បន្ដ​ឈរនៅលេខរៀងទី ៤ ដោយមាន ៣៥ ពិន្ទុស្មើ​ក្រុម​ប៉ូលិស។ចំណែក​ការប្រកួត​មួយគូ​ទៀត នៅ​ពហុកីឡដ្ឋាន​ជាតិ កាលពីយប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនោះ​ដែរ ក្រុមខេមបូឌាន​ថាយហ្គឺរ បាន​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប ក្នុងលទ្ទផល ២-១ ហើយ​ជ័យជម្នះ​នេះបានជួយ​ឲ្យ​ក្រុម​មួយ​នេះ ​ឡើង​ទៅឈរ​នៅលេខរៀងទី ៥ វិញ ដោយ​បានទម្លាក់ក្រុម​ក្រសួង​ការពារ​ជាតិ និងស្វាយរៀង ដែល​មាន ៣២ ពិន្ទុស្មើគ្នា ឲ្យ​ធ្លាក់មកឈរ​នៅលេខរៀងទី ៦ និងទី ៧ ជា​បន្ដ​បន្ទាប់គ្នា។

តើក្រុមទ័ព​អាច​សង​សឹក​បឹង​កេត ដើម្បីទៅតំបន់ Top4 វិញបានទេ?

យ៉ាង​ណា​ក៏​ដោយ តំបន់ Top4 នៃការ​ក្របខ័ណ្ឌ​មិត្ត​ហ្វូន​ខេម​បូឌាន​លីក ឆ្នាំ ២០១៥ នេះ អាច​នឹងមានការផ្លាស់ ក្រោម​ឥទ្ធិពល​នៃ​ការប្រកួត​បង្គ្រប់ឲ្យ​ក្រុ​ចំនួន ២០ ដង​របស់ក្រុម​បឹង​កេតអង្គរ និងក្រុមទ័ព នៅពហុកីឡដ្ឋាន​ជាតិ នារសៀល​ម៉ោង ៣:៣០ នាថ្ងៃអាទិត្យ ចុង​សប្តាហ៍​នេះ។

ក្រុមបឹង​កេត ត្រូវ​ការ​ឈ្នះ ដើម្បី​ដណ្តើម​តំបន់កំពូលតារាង​ពី​ក្រុម​ភ្នំពេញ​ក្រោន មកវិញ ខណៈក្រុម​ទ័ព ក៏​ត្រូវ​ការ​ឈ្នះ ដើម្បីបាន​ឡើង​ទៅ​ឈរនៅតំបន់​កំពូលតារាង​វិញ​ផង​ដែរ ប៉ុន្តែ​ក្រុមទ័ព ធ្លាប់​បាន​ចាញ់​ក្រុម​បឹង​កេត ៣-០ ម្ដងហើយ។

លោក ទេព ឡុងរចនា គ្រូ​បង្វឹក​ក្រុមទ័ព ធ្លាប់​បានប្រាប់ភ្នំពេញ មុន​ពេលចាញ់​ណាហ្គាវើល ថា៖​​«​បើយើង​អាច​​យក​ឈ្នះ​​ណាហ្គាវើល បាន​នោះ​គឺ​យើងក៏មាន​សង្ឃឹម​ក្នុង​ការ​ជួបក្រុម​បឹងកេត ​ដែរ ផ្ទុយទៅ​វិញ​បើ​យើងចាញ់​ណាហ្គាវើល​នោះ យើង​នឹងត្រូវ​ធ្វើ​ការងារ​កាន់​តែ​ធ្ងន់ គឺ​អាច​និយាយថាមុនយើង​​រែកពុន​ត្រឹម ២ តោនទេ តែដល់​ពេល​ចាញ់ យើង​ត្រូវរែកពុន​ដល់ ១០ តោន​ឯណោះ ពេល​ជួបក្រុមបឹងកេត»។

ចំណែក​លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​បឹងកេត ធ្លាប់បាន​ប្រាប់​មុន​ពេល​ទ័ព​ជួប​ក្រុមស្វាយ​រៀង​ថា៖​«ពិតណាស់​ក្រុម​ទ័ព​ កំពុង​ឡើង​ជើង តែ​មុន​ពេលជួបបឹង​កេត គឺ​ក្រុម​នេះ​ត្រូវ​ជួបស្វាយ​រៀង និងណាហ្គាវើល ហេតុ​នេះ​ខ្ញុំគិតថា ​ក្រុមទ័ព អាច​ទន់ជាង​មុន ពេល​ជួប​បឹងកេត»៕

 

The Crown លើកពាន​ជាលើកទី ២

លោក Casey Barnett បាន​ចូលរួម​អបអរ​ការ​លើកពាន​របស់​ក្រុម The Crown​។

ភ្នំពេញៈ ក្រុម The Crown ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​កំណត់​ហេតុ​របស់​វិទ្យាស្ថាន​ខេមអេដ​ថា គឺ​ជា​ក្រុម​ដែល​បាន​លើកពាន​នៃព្រឹត្តិការណ៍​បាល់​ទាត់​ហ្វុតសាល​បុរស​ ដណ្តើម​ពាន​រង្វាន់​ខេមអេដ បាន ២ ឆ្នាំ​ជាប់ៗ​គ្នា បន្ទាប់​ពី​ពួក​គេ​បាន​ឈ្នះ​ក្រុម Black Hawk ២-១​ ក្នុង​ការ​ប្រកួតផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃអាទិត្យ ម្សិលមិញ ខណៈ​ការ​ប្រកួត​នៅឆ្នាំនេះត្រូវ​បាន​លោក Casey Barnett លើក​ឡើង​ថា ក្រុម​នីមួយ​ៗ​មានយុទ្ធសាស្រ្ដ​ប្រកួត​កាន់តែ​ប្រសើរ។

តាមរយៈ​ការ​ប្រកួត​កាលពី​ព្រឹក​ម្សិលមិញ​នោះ ក្រុម The Crown និង Black Hawk បាន​ប្រកួត​គ្នាយ៉ាងតាន​តឹង​បំផុត ប៉ុន្តែ​ The Crown ដែល​ធ្លាប់​បាន​យក​ឈ្នះ Black Hawk ២-០ ក្នុង​វគ្គ​ជម្រុះ​តាមពូល​នោះ នៅ​តែ​មានលទ្ធផល ដណ្តើម​យក​ជ័យ​ជម្នះ​លើ​ក្រុម Black Hawk ដដែល។

បើ​ទោះ​បី​ជា​ការ​ប្រកួតនេះ​ក្រុមទាំង ២ មាន​ឱកាសវាយ​បកគ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ការ​ស៊ុតបាល់​បាល់​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​របស់ Thain Kvengleang បាន​ជួយ​ឲ្យ The Crown នាំ​មុខ Black Hawk ០-០ នៅ​តង់ទី ១ ដែល​មាន​រយៈពេល ៣០ នាទី ហើយ​នៅ​ដើមតង់ទី ២ តាំង ហួត បាន​បន្ថែម ១ គ្រាប់​ទៀត​ឲ្យ The Crown មុន​ពេល ផាន់ សុធារៈ បាន​បំបែក​ពង​មាន់​ឲ្យ Black Hawk នៅចុងម៉ោង ហើយ​ការ​ឈ្នះ ២-១ ដ៏​តាន​តឹង​នេះ​បាន​ជួយ​ឲ្យ The Crown លើកពាន​ CamEd Men Futsal Tourmament 2015​ ជា​ថ្មី​ម្តង​ទៀត។

ចំណែកការ​ប្រកួត​ដណ្តើម​យកលេខ ៣ ​កាល​ពី​ព្រឹកថ្ងៃអាទិត្យ​នោះ​ដែរ​ក្រុម The Pirate បាន​ឈ្នះ​ក្រុម Sparta ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទីក្នុង​លទ្ធផល ៤-៣ បន្ទាប់​ពី​ក្រុម​ទាំង ២ បាន​ស្មើ​គ្នា ២-២ នោះ ប៉ុន្តែ​ក្រុម Sparta ក៏បាន​ពាន Fair play ប្រចាំ​ព្រឹត្តិការណ៍ ដែល​មាន​ក្រុម​ចូល​រួម​សរុប​ចំនួន ២ ក្រុម​នេះ​ដែរ។

​លោក Casey Barnett នាយក​វិទ្យាស្ថាន​ខេមអេដ បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ក្រោយ​ពិធី​បំពាក់​មេដាយ និង​ប្រគល់​ពាន​ថា៖​«ខ្ញុំ​សង្កេត​ឃើញ​ថា ​ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​ក្រុម​នីមួយៗ​ មាន​បច្ចេក​ទេស​លេង​បាន​ល្អជាង​មុន ដោយ​ពួក​គេ​ចេះ​ប្រើ​យុទ្ធសាស្រ្ត​ក្នុង​ការ​ប្រកួត​ប្រជែង​គ្នា និង​គោរព​បាន​នូវគោល​ការណ៍ Fair Play ហេតុ​នេះ​ខ្ញុំ​សប្បាយ​ចិត្ត ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​ឲ្យមាន​រៀង​រាល់​ឆ្នាំ ព្រោះ​នេះ​ក៏​ជា​សកម្ម​ភាព​ជួយ​បំផុស​វិស័យ​កីឡា​នៅ​កម្ពុជាផង​ដែរ»។

ដោយ​សារ​តែ​កីឡាករ​សុទ្ធតែ​ជា​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​ខេមអេដ​នោះ លោក Casey បាន​បញ្ចេញ​ទស្សនៈ​របស់ខ្លួន​ថា៖​«​​នៅ​លើ​ពិភពលោក​នេះ​មាន​និស្សិត​ឆ្លាត​ វៃ​ច្រើន​ណាស់ តែ​មាន​អ្នក​ខ្លះ​ក៏​អត់​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ងារ ដោយ​សារ​ពួក​គេមាន​តែ​ចំណេះ​ដឹង តែ​​អត់​មាន​ការ​ប្រកួត​ប្រជែង ដូច្នេះ​​ក្នុងនាម​ខ្ញុំ​ជា​នាយក​សាលា ខ្ញុំ​ត្រូវ​តែ​បង្កើតឲ្យ​មាន​ព្រឹត្តិការណ៍​នេះ ដើម្បី​ឲ្យ​សិស្ស​របស់​ខ្ញុំ​ចេះតស៊ូ ក្នុង​ការ​​ប្រកួតប្រជែង និងចេះ​ធ្វើ​ការ​ងារ​ជាក្រុម​ ដើម្បី​ជួយ​ឲ្យ​ពួក​គេ ទទួល​បាន​ជោគ​ជ័យ​នៅ​ថ្ងៃ​អនាគត»៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2054
2594
4647889