jaukjeybanner

កម្ពុជា ឈ្នះ​បាន​មេដាយ​មាស​ ៧ ហើយ ក្នុង​ការ​ប្រកួត Goodwill Mekong Game

ក្រុម​អត្ត​ពលិក​នៅ​លើ​ប្រភេទ​កីឡា​​វាយ​សី វាយ​កូន​ឃ្លីលើ​តុ និង​ក្រុម​បាល់​ទាត់​អាយុ​ក្រោម​ ១៩ ​ឆ្នាំ​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​ចំនួន​ ៥ ​ទៀត ក្នុង​ការ​ប្រកួត​ពានរង្វាន់ 12th Goodwill Mekong Game នៅ​ប្រទេស​ថៃ ថ្ងៃព្រហស្បតិ៍​​នេះ គឺ​បន្ថែម​ទៅ​លើ​ការ​ឈ្នះ​មេដាយ​មាស​ចំនួន​ ២ កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ។

សម្រាប់​ការ​ប្រកួត កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​ចំនួន​ ២ ក្នុង​ការ​ប្រកួត​វាយ​កូន​ឃ្លី​លើ​តុ​វិញ្ញាសា​ជា​ក្រុម និង​ការ​ប្រកួត​ប៉េតង់​វាយ​គូ​ចម្រុះ ហើយ​​កម្ពុជា​ក៏​ឈ្នះ​បាន​មេដាយ​ប្រាក់​ ១ និង​សំរឹទ្ធ ១ ក្នុង​ការ​ប្រកួត​ប៉េតង់​លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ​ផង​ដែរ។

ចំណែក​ការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុមបាល់​ទាត់​​ជម្រើស​ជាតិ​អាយុ​ក្រោម​ ១៩ ​ឆ្នាំ​របស់​កម្ពុជា បាន​បន្ត​​ទៅ​លត់​ក្រុម U19​ឡាវ ក្នុង​លទ្ធផល ៥-១ បន្ថែម​ទៅ​លើ​ការ​ឈ្នះ​ក្រុម U19 មីយ៉ាន់ម៉ា ៧-០ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ និង​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ​U19ថៃ ៣-៣ កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ឈ្នះ​បាន​មេដាយ​មាស ជា​លើក​ដំបូង។

ចំពោះ​ក្រុម​វាយ​សី​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​ចំនួន​៣ នៅ​លើ​វិញ្ញាសា​វាយ​ទោល​នារី វាយ​ទោល​បុរស និង​វាយ​គូ​បុរស រីឯ​ការ​ប្រកួត​វាយ​គូ​នារី កម្ពុជា​បាន​ឈ្នះ​មេដាយ​ប្រាក់ ខណៈ​ក្រុម​ស៊ី​ប៉ាក់​តាក្រ​កម្ពុជា​ផ្នែក​បុរស បាន​យក​ឈ្នះ​ក្រុមថៃ​២​សិត​ទល់​នឹង​សូន្យ ដើម្បី​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ។

បន្ថែមលើ​នេះ​​កីឡាករវាយ​កូន​ឃ្លី​លើ​តុ សឺន តុលា និង សំណាង វិរ:បុត្រ បាន​រួម​គ្នា​យក​ឈ្នះ​ក្រុម​ឡាវ ក្នុង​ប្រកួត​វាយ​ជា​គូ វគ្គ​​ផ្តាច់​ព្រ័​ត្រ ក្នុង​ថ្ងៃ​នេះ​ដែរ ដើម្បី​ឈ្នះ​មេដាយ​មាស១​ទៀតឲ្យ​កម្ពុជា ប៉ុន្តែ​ សំណាង វិរ:បុត្រ ​​បាន​ចាញ់​កីឡាករ​ឡាវ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​លើ​វិញ្ញាសា​វាយ​ទោល ដោយ​គេ​បាន​ត្រឹម​មេដាយ​ប្រាក់។ សរុប​មក​គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​សរុប​ចំនួន​៧ ប្រាក់​៣ និង​សំរឹទ្ធ​២ ពី​ការ​ប្រកួត​នេះ៕

 

ជើង​ខ្លាំង​កម្ពុជា ៣ នាក់ ត្រូវ​ដណ្តើម​ខ្សែ​ក្រវាត់នឹង​បរទេស

ភ្នំពេញៈ ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ចំនួន ៨ នាក់រួម​មាន ឡុង សុភី សែន រ៉ាឌី ឡៅ ចន្ទ្រា សែន រ៉ាដេត យ៉េន ឌីណា សារឿន ច័ន្ទ កំពែង ខ្មៅ និង រក្ស ជ័យ ត្រូវបាន​គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត​របស់​សង្វៀន​អប្សរាប៉ុស្តិ៍​លេខ ១១ ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ និង​មិត្ត​ភាព​អន្ដរជាតិ​ជាមួយ​អ្នក​ប្រយុទ្ធ​មក​ពី ៥ ប្រទេស​រួម​មាន​ថៃ ជប៉ុន ចិន មីយ៉ាន់ម៉ា និងអ៊ីតាលី នៅ​ទី​រួម​ខេត្តព្រះសីហនុ នា​ថ្ងៃ​ព្រហស្បតិ៍ ចាប់​ពីម៉ោង ៥ តទៅ។

នៅ​ក្នុង​ការ​ប្រកួត ដែល​មាន​ការ​ប្រកួត​ផ្សាយ​ផ្ទាល់​តាមកញ្ចក់​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ ១១ នេះ​ជើង​ខ្លាំង ឡុង សុភី សែន រ៉ាឌី និង​សែន រ៉ាដេត ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​ទំនេរ​របស់​ណាហ្គាវើល ជាមួយ​ជើង​ខ្លាំង​មក​ពី​ថៃ ចិន និង​មីយ៉ាន់ម៉ា លើ​ប្រភេទទម្ងន់​ខុសៗ​គ្នា។

រីឯ ឡៅ ចន្ទ្រា យ៉េន ឌីណា សារឿន ច័ន្ទ និង រក្ស ជ័យ ​ត្រូវ​ប្រកួត​មិត្ត​ភាព​អន្ដរជាតិ​ជាមួយ​ថៃ និង​អ៊ីតាលី។

កីឡាករវ័យ​ក្មេង ​រក្ស ​ជ័យ ​មក​ពីសមាគម​កីឡា​ប្រដាល់​ក្រ​សួង​កសិកម្ម ត្រូវ​ប្រកួត​ជា​មួយ​ថៃ Sak Kat ​ក្នុងទម្ងន់ ៣៩ គ.ក្រ គឺ​បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​គូ​មិត្តភាព​ក្នុងស្រុក​រវាង​កីឡាករ ស៊ូ ប៉ាន់យ៉ា និង ម៉ន រដ្ឋា ទម្ងន់ ៥២ គ.ក្រ។

ចំណែក​គូ​មិត្ត​ភាព​អន្ដរជាតិ​ទី ២ កីឡាករ កំពែង ខ្មៅ ត្រូវ​ជួប​អ្នក​ប្រដាល់ Phut Noy របស់​ថៃ​ក្នុង​ទម្ងន់ ៥៣ គ.ក្រ ឯ សារឿន ច័ន្ទ ត្រូវ​ប្រកួត​​នឹង​កីឡាករ​របស់​អ៊ីតាលី May Ken ក្នុង​ទម្ងន់ ៦០ គ.ក្រ ហើយ យ៉េន ឌីណា ត្រូវ​ដាក់​ឲ្យ​ជួប​ជើង​ខ្លាំង​មក​ពី​ជប៉ុន Hiroya ក្នុង​ទម្ងន់ ៦១ គីឡូ​ក្រាម​ជាថ្មី​ម្ដង​ទៀត ​ខណៈ​ការ​ជួប​គ្នា​ជា​លើកទី ១ នៅ​ទី​រួម​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី ២៦ ឆ្នាំ​២០១៤ អ្នកទាំង ២ បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា។

ចំពោះ​ជើង​ខ្លាំង ឡៅ ចន្ទ្រា ក្លិប​កង​ពល​តូច​ឆត្រ​យោង ៩១១ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​សង​សឹក​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Bacjo Kietkampoune ក្នុង​ទម្ងន់ ៦០ គីឡូ​ក្រាម ព្រោះ​​ការ​ជួប​គ្នា​លើក​ដំបូង នៅ​សង្វៀន​អប្សរា​នេះ កាល​ពី​ថ្ងៃ​ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ឡៅ ចន្ទ្រា បានភ្លាត់​ស្នៀត​បណ្តាល​ឲ្យ Bacjo ទាត់​ឲ្យ​សន្លប់​នៅ​ក្នុងទឹកទី ១ ដ៏​គួរ​ឲ្យភ្ញាក់​ផ្អើល​បំផុត។

ចំពោះ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​វិញ កីឡាករ សែន រ៉ាដេត ត្រូវ​ប្រកួត​ក្នុង​ទម្ងន់ ៥១ គីឡូ​ក្រាម​ជាមួយ​អ្នក​ប្រដាល់​របស់​មីយ៉ាន់ម៉ា Mong Chhay Den ឯ​បងប្រុស​របស់​គេ​គឺ​ជើង​ខ្លាំង សែន រ៉ាឌី ត្រូវប៉ះ​ជន​ជាតិចិន Lee Kung ក្នុង​ទម្ងន់ ៥៧ គីឡូ​ក្រាម ខណៈអ្នក​លេង​ជង្គង់ ឡុង សុភី ​ក្លិប​សាល​វ័ន្ដ​កីឡា ​ត្រូវ​ប្រឈម​ជាមួយ​អ្នក​ប្រយុទ្ធ​របស់​ថៃ Jamlopphuphanourng ​ក្នុង​ទម្ងន់ ៧០ គីឡូក្រាម។

លោក​ សុខ ​វុទ្ធី ​ជំនួយ​ការ​រៀប​ចំ​ការ​ប្រ​កួត​នៃ​សង្វៀន​អប្សរា​ បាន​ប្រាប់ភ្នំពេញ​ ប៉ុស្តិ៍​ ​ថា​៖«​ព្រឹត្តិការណ៍​ប្រ​កួតនេះ​សង្វៀន​អប្សរា​ ​ត្រៀម​បាន​ល្អដោយ​ជម្រើសកីឡាករ​ឆ្នើមៗ​ដើម្បី​ប្រកួត ព្រោះ​​យើង​បាន​ធ្លាប់រៀប​ចំ​ធំ​បែប​នេះ​ចំនួន ២ លើក​មក​ហើយ ​គឺ​លើកទី ១ នៅ​ខេត្ត​តាកែវ​ និង​លើកទី ២ នៅ​ខេត្ដ​ស្វាយ​រៀង ​ហើយ​លើកទី ៣ នេះ​នៅ​ខេត្ត​ព្រះ​សីហនុ​នេះ នឹង​មានការ​ចូល​រួម​ពី​សម្តេច​ក្រឡាហោម ​ស ​ខេង ​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះ​សីហនុ ​និង​មាន​ការ​ឧបត្ថម្ភ​ពី​ណា​ហ្កា​វើល​ និង​សាលា​ខេត្ត​ព្រះ​សីហនុ​ ខណៈ​សង្វៀន​អប្សរា​សម្រាប់ឆ្នាំ ២០១៦ នេះ ​មាន​គម្រោង​ការ​ប្រ​កួត​ដោយសហ​ការ​ជា​មួយ​វិស័យ​ឯក​ជន​ជា​ដៃ​គូ​ ដើម្បី​ឲ្យ​កម្ម​វិធី​ប្រ​ដាល់​ដំណើរ​ការ​បាន​រលូន​ល្អ​»៕​

 

ONE រំពឹង​ផ្ដល់ភាព​កក្រើក ខណៈ​កម្ពុជា ៧ នាក់​នឹង​បង្ហាញមុខ

មន្ត្រី​កីឡា និង​លោក Victor Cui (កណ្តាល) ថត​រួមគ្នាជា​មួយ​កីឡាករ​កម្ពុជា និង​បរទេស​។

ភ្នំពេញ: ONE Championship (ONE) ដែល​ជា​អង្គ​ភាព​រៀបចំការប្រកួត​យុទ្ធ​គុន​ចម្រុះ (MMA) ឈាន​មុខគេប្រចាំ​ទ្វីប​អាស៊ី និង​ជា​ប្រភព​ផ្ដល់ព័ត៌មាន​កីឡា​ដ៏ធំបំផុត​ក្នុង​ប្រវត្តិ​សាស្រ្ដ​របស់​ តំបន់​នេះ បាន​សន្យាថា នឹង​ផ្ដល់​សកម្មភាព​ប្រកួត​នា​ពេលរាត្រី​​ដ៏កក្រើក និងរំភើប​មួយ​ផ្សេង​ទៀត​នៅលើទឹកដី​កម្ពុជា ខណៈដែល​អ្នក​ប្រយុទ្ធ​​របស់​កម្ពុជា​ចំនួន ៧ នាក់​នឹងធ្វើការ​បង្ហាញ​ខ្លួន​។

នេះ​បើ​យោង​ទៅ​តាមការប្រកាស​ក្នុង​សន្និ​សីទ​សារព័ត៌មាន​មួយ​ដែលត្រូវ​ បាន​រៀប​ចំ​ឡើង​នៅឯមជ្ឈ​មណ្ឌល​កម្សាន្ដ និង​សណ្ឋាគារ​ណា​ហ្គា​វើល កាល​ពី​ថ្ងៃ​ម្សិលមិញ។​

ក្រោយ​ពី​ជួបភាព​​ជោគ​ជ័យលើ​ការ​រៀប​ចំ​ព្រឹត្តិការណ៍ជា​លើកទី ១ ដែល​មាន​ឈ្មោះ​ថា ONE: Rise of the Kingdom កាល​ពី​ខែកញ្ញា ឆ្នាំ​​មុន ONE ដែល​សហការ​ជាមួយ​នឹង​ណាហ្គាវើល ទូរទស្សន៍ស៊ីធីអិន និង​ស្រា​បៀរ​កម្ពុជា នឹង​នាំ​យក​ការប្រកួត​​កម្រិត​ពិភព​លោក​ចំនួន ១០ គូ​សម្រាប់​ព្រឹត្តិការណ៍ ONE: Kingdom of Khmer ដែលនឹងត្រូវ​រៀប​ចំ​នៅ​រោង​មហោ​ស្រពកោះពេជ្រ​នាថ្ងៃទី ៥ ខែធ្នូ ខាង​មុខ​នេះ​។

ថ្លែង​ចំពោះ​មុខ​​អ្នកយកព័ត៌មាន​ដ៏​ច្រើន​កុះ​ករ លោក Victor Cui នាយក​ប្រតិ​បត្តិ​របស់​អង្គ​ភាព ONE Championship បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំពិតជា​មាន​ការរំភើប​ណាស់​ក្នុងការ​វិលត្រឡប់​មក​ទឹក​ដី​កម្ពុជាជាមួយ​ នឹង​កម្ម​វិធី​ប្រកួត​ជាលើកទី ២​។ ខ្ញុំ​សន្យា​ថា ការ​ប្រកួត ONE: Kingdom of Khmer នឹង​ផ្តល់នូវ​ភាព​រំភើប និង​ទស្សនីយភាព​ដ៏​អស្ចារ្យ​នាពេលខាង​មុខ​នេះ​។ ខ្ញុំ​​អាច​មើល​ឃើញ​ថា កីឡាករកម្ពុជា​ពិត​ជា​មាន​កម្រិតសមត្ថ​ភាព​អន្តរជាតិ និង​អាច​ប្រកួត​ជាមួយ​កីឡាករ​​ខ្លាំង​ៗ​មក​បរទេស ហើយច្បាស់​ណាស់ ពួក​គេ​​នឹង​បង្កើត​ភាពអស្ចារ្យ​ក្នុងសង្វៀន​ដាក់​ទ្រុង​នា​ខាង​មុខនេះ»។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​វ៉ាត់ ចំ​រើន ប្រធាន​សមាគម​កីឡា​សិល្បៈ​ក្បាច់​គុន​ចម្រុះ​​កម្ពុជា បានបញ្ជាក់ថា៖ «កាល​ពី​មុន មាន​មតិ​ខ្លះ​គិតថា នេះ​ជាកីឡាករ​​កាច​សាហា​វ ប៉ុន្តែ ក្រោយ​ពី​មាន​ការសហការ​ជា​មួយ ONE Championship កីឡាករយល់​​ដឹង​ពី​បច្ចេកទេស​ប្រកួត និង​ចាប់ផ្តើម​ធ្វើបាន​យ៉ាង​ល្អ​នៅ​លើស​ង្វៀន ហេតុនេះ ​វាជា​ការថែរក្សា និង​អភិឌ្ឍ​ក្បាច់​គុនបុរាណ​របស់​យើងដើម្បីបង្ហាញ​សមត្ថ​ភាព​លើ​ ឆាកអន្តរជាតិ»។

ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះកាន់តែ​រំភើប ONE នឹងនាំយក​ជើង​ខ្លាំង​មក​ពីអាមេរិក Lowen Tynanes ឲ្យ​ជួប​ជា​មួយ​នឹង​កីឡាករ​រុស្ស៊ី Rasul Yakhyaev ក្នុងសង្វៀន​ដាក់​ទ្រុង ក្នុង​ការ​ប្រកួត​គូឯក​ក្នុងទម្ងន់ ៧០,៣ គីឡូ​ក្រាម​។

ក្នុង​នាមជា​អ្នកប្រយុទ្ធ​ម្នាក់​ក្នុង​ចំណោម​អ្នកប្រយុទ្ធ​វ័យក្មេង​ដ៏​ អស្ចារ្យ​បំផុត Tynanes មាន​សមត្ថភព​ក្បាច់គុន​ផ្នែក​​កីឡា​ចំបាប់​កម្រិត​ពិភព​លោក រួម​នឹងស្នៀត​​ប្រកួត​ដ៏អស្ចារ្យ និង​​គ្មាន​មេត្តាដែល​ធ្វើ​ឲ្យរូបគេ​ក្លាយ​ជា​កីឡាករ​ដ៏ខ្លាំង​។

Yakhyaev ដែល​មាន​កំណត់ត្រាឈ្នះ ៩ លើក និងរង​បរាជ័យ​ត្រឹមតែ ២ លើក​គត់​នោះ ជា​កីឡាករដ៏មាន​ទេពកោសល្យ​ម្នាក់​ទាំង​លើ​ការ​ប្រើប្រាស់កណ្តាប់​ដៃ និង​ជើង និង​​បច្ចេក​ទេស​​ប្រើប្រាស់ស្នៀត​ក្លេរបស់​គេ​។

ដោយ​ឡែក អ្នក​ប្រយុទ្ធ​ក្បាច់​គុន​ចម្រុះ​សញ្ជាតិ​ជប៉ុន Riku Shibuya នឹង​ត្រូវ​ប៉ះជា​មួយ​អ្នក​ប្រយុទ្ធសញ្ជាតិថៃ Anatpong Bunrad ក្នុង​ការ​ប្រកួតកម្រិត​គូឯក​រង។ ជា​មួយ​គ្នា​នេះ ONE ដែលបានប្រកាស​ការ​ប្រកួត ៧ គូ​ក្នុងសន្និសីទ​សារ​ព័ត៌មាន ខណៈការ​ប្រកួត ៣ គូ​ទៀត​នឹង​ត្រូវ​ប្រកាស​ជាក្រោយ​នោះ ក៏​ផ្តល់​ឱកាស​ឲ្យ​ចាន់ រត​នា ឡើង​ធ្វើការសង​សឹក​ សំអាង ឌុន ក្នុង​ទម្ងន់ ៦៥,៨ គីឡូក្រាម​ផង​ដែរ ក្រោយ​ពី​រូបគេ​បាន​ចាញ់​ទាំងចម្រូងចម្រាស​ដោយ​សារ​តែ​ការ​ប្រព្រឹត្ត​ល្មើស ​នឹងច្បាប់​ប្រកួត​កាល​ពី​ឆ្នាំ​មុន​។

រត​នា បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា៖ «ខ្ញុំ​​ពិត​ជា​សប្បាយចិត្ត​ណាស់​ក្នុង​ការមានឱកាស​ឡើង​សង​សឹក ហើយ​ខ្ញុំត្រៀម​លក្ខណៈរួច​ជា​​ស្រេច​សម្រាប់​ការ​ប្រកួត​នេះ ព្រោះ​​ខ្ញុំពិតជា​មាន​វិប្បដិសារី​ណាស់​​ចំពោះ​ការ​ចាញ់​កាលពីមុន​។​​ ខ្ញុំ​មិន​ហ៊ាន​មើល​ស្រាលលើ​ដៃ​គូឡើយ តែខ្ញុំ​នឹង​​ប្រឹង​ឲ្យ​អស់​ពីលទ្ធភាព»។

ក្នុង​ការ​ប្រកួត​រវាងអ្នក​ប្រយុទ្ធ​​កម្ពុជា និង​​បរទេស មាស ម៉ើ នឹងត្រូវឡើង​ទៅ​ប៉ះ​ជា​មួយ​កីឡាករ​ម៉ា​ឡេ​ស៊ី Chan Sam Art ក្នុង​ទម្ងន់ ៦១,២ គីឡូ​ក្រាម ខណៈ​ដែលចាន់ ហេង ត្រូវ​ប៉ះ​ជើង​ថ្មី​របស់​ឥណ្ឌូ​នេស៊ី Mario Satya Wirawan​។

កីឡា​ការិនី​សំ ថារ័ត្ន នឹង​បង្ហាញ​ខ្លួន​​ជា​លើក​ទី ៣ ក្នុងសង្វៀន​ដាក់​ទ្រុង​របស់ ONE ហើយ​​និងសម្លឹងរកជ័យ​ជម្នះជាលើកទី ១ ក្នុង​ទឹកដី​ខ្លួនឯងនៅ​ពេលជួប​កីឡា​ការិនី​ឥណ្ឌា Jeet Toshi ក្នុង​ទម្ងន់ ៤៨ គីឡូ​ក្រាម ខណៈ​ដែល​វី​ ស្រី​ឆៃ នឹង​ត្រូវប៉ះមិត្ត​រួម​ជាតិ​​របស់​ខ្លួន អេ យ៉ា​នុត ដែល​ជាកូនស្រីរបស់​អតីត​កីឡាករ​ប្រដាល់​ដ៏​ឆ្នើម​របស់​​កម្ពុជា អេ ភូ​ថង​៕

 

សង្វៀនប៉ុស្តិ៍​លេខ ៥ នៅតែ​គេច​មិនផុតពីភាពមិន​ប្រក្រតី​

ឡុង ប៊ុនយីម បាន​ដួល​ដេក​ក្រោយ សំណាង លីណា​ ទាត់ចំ​កញ្ចឹង​ក​​។

ភ្នំពេញៈ ទោះ​បី​ការ​ប្រឹងប្រែងស្តា​រមុខ​មាត់​ឡើង​ វិញរបស់​ លោក ​សេង​ កដិកា​ អគ្គ​នាយក​រង ​និង​ជា​ប្រធាន​គ្រប់គ្រង​កម្ម​វិធីប្រដាល់​ប៉ុស្តិ៍លេខ ៥ ​ក្នុង​ការ​លើកស្ទួយ​ឲ្យ​មានការប្រកួត​ល្អ កាត់​សេចក្តី​មាន​តម្លាភាព ​យុត្តិធម៌​ ទាក់ទាញ​ និង​តម្រូវ​ចិត្ត​មហាជនក្តី ​ប៉ុន្តែ​លទ្ធផលនៃ​ការប្រឹង​ប្រែង​​នេះ​ នៅ​តែ​ជួបបញ្ហាលំបាក​សឹងតែ​គ្រប់ពេល​ គឺ​មិន​អាចគេចផុត​ពី​ភាព​មិនប្រក្រតី​នោះឡើយ​ក្នុង​មួយ​សប្តាហ៍​ ក៏មាន ១ ឬ ២ គូមិនខាន។​

ជាក់​ស្តែង​សម្រាប់​ការ​ប្រកួត​ កាល​ពី​ថ្ងៃ​អាទិត្យ​ កីឡាករ ​ឆេង​ ពន្លក​ កូន​សិស្ស​ លោក ​មាស ​សុខគ្រី​ និង ​ឡូញ​ វ៉ាន់ឌី​ ​កូន​សិស្ស​ ឡុង ​វិបុល​ ត្រូវបានប្រកាសឲ្យ​​ស្មើ​គ្នា​ជំនួស​ការ​បណ្តេញ​ចុះ​ពីសង្វៀន​ ​ព្រោះ​ ​ឆេង ​ពន្លក ​ត្រូវ​បាន​គណៈ​កម្មការព្រមាន ដោយគេ​ឡើង​ប្រកួតមិនអស់ពី​សមត្ថភាព​ គឺ​គ្រាន់​តែ​រាំ​លេង​តាម​ចង្វាក់​ភ្លេង​ ប៉ុន្តែលោក ​សេង​ កដិកា​ មិន​ចង់​ឲ្យ​ដេញ​ចុះ​ ​ព្រោះខ្លាចសល់​ម៉ោង​ផ្សាយផ្ទាល់។​​

បន្ថែម​លើនេះ កីឡាករ ​ឡុង ​ប៊ុន​យីម ​ត្រូវ​បាន​សន្លប់​ដោយក្បាច់ទាត់ផ្កាប់​ចាន​របស់​ ​សំណាង​ លីណា​ ក្នុងទឹកទី ២ តែគណៈកម្មការ​បាន​​បណ្តេញ​ចុះ​ ដោយមិន​ប្រកាស​លទ្ធផល ដោយ​បាន​ចោទ​ ប៊ុនយីម ថា​បាន​ទ​ទួល​សំណូក​។​

លោក​ មាស​ សុខ​គ្រី​ ស្នងការប្រកួត​ប្រចាំ​សង្វៀនប៉ុស្តិ៍លេខ ៥​ បានប្រាប់ក្រុម​គណៈ​កម្មការ​វិនិច្ឆ័យ​ឮៗ​ក្រោយ​ពេល ឡុង ​ប៊ុនយីម​ សន្លប់​ភ្លាម​ថា មិន​ត្រូវ​ប្រកាស​លទ្ធផលឈ្នះ​ចាញ់​ទេ​ ហើយ​ លោក​ គង់ ​ឌៀប ជាប្រធាន​វិនិច្ឆ័យ​ក៏​ធ្វើ​តាម​ភ្លាមៗ​ដែរ​។​

ប៉ុន្តែ​ក្រោយ​ពេល​សម្រាក​បាន​ស្រួល​ខ្លួន​បន្តិច ឡុង ប៊ុនយីម​ ​បាន​ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ​ថា​៖​«ខ្ញុំគ្មានពាក់​ព័ន្ធ​រឿង​ពុក​រលួយ​លក់ខ្លួនទេ ​គឺ​ខ្ញុំ​ទទួល​រង​ទម្ងន់​ជើង​ធ្ងន់នាំឲ្យ​សន្លប់​»។​

ប៊ុន​យីម​ បាន​ត្អូញ​ត្អែ​រ និង​ប្រកែកមិន​ទទួល​យក​នូវ​ការ​ចោទ​ប្រកាន់​ឡើយ​ ដោយ​អះអាង​​ថា៖​«​ខ្ញុំ​ទទួល​រង​ភាព​អយុត្តិធម៌»​។

ចំណែកលោក ​ឡុង ​សាលវ័ន្ដ ​គ្រូ​បង្វឹក ឡុង ប៊ុនយីម ​អះអាង​ថា​៖«​​ខ្ញុំ​មិន​បាន​ឃើញហេតុការណ៍​ប្រ​កួតនោះទេ​ ដោយ​ជាប់​រវល់​ទៅ​បុណ្យ​ ប៉ុន្តែ​កូន​សិស្ស​មួយ​នេះចរិតល្អ​មិន​ដែល​ប្រកួត​លក់​ខ្លួន​ទេ ​ទោះបីការប្រកួត​មិន​សូវ​ឈ្នះ​ក៏​ដោយ​ ហើយក៏មិន​ដែលចាញ់​គេ​ដោយ​សន្លប់​ដូច​ពេល​នេះ​ដែរ»​។​

លោក​ តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ បាន​ឆ្លើយ​តប​ចំពោះ​ភាព​មិន​ប្រក្រតី​នៅ​សង្វៀន​នេះថា៖«​ខ្ញុំ​មិន​សប្បាយ​ ចិត្ត0ចំពោះ​ការ​ប្រ​កួត ​ដែលមានរឿង​អាស្រូវ​ញឹក​ញាប់​បែប​នេះ​ទេ ​ហើយវិធានការ​របស់​យើង​ តែង​តែ​រឹត​បន្តឹង​ទាំងកីឡាករ​ គ្រូ ​និង​ជួរ​គណៈ​កម្មការ​ ដើម្បី​កែ​លម្អ​តែ​ពួក​ខិល​ខូចនៅតែ​មាន ​ធ្វើ​ឲ្យ​យើង​លំបាក​»។​

លោក​បញ្ជាក់ថា​៖«​ជា​គោលការណ៍មិន​ឲ្យ​លម្អៀងទេ​ ប៉ុន្តែ​មន្ត្រី​អនុវត្ត​មួយ​ចំនួន​ គឺនៅតែហ៊ាន​ប្រព្រឹត្ត​គឺ​មិនអត់​ទេប៉ុន្តែ​អ្វីៗ​ ឬ​ការចោទ​ប្រកាន់ត្រូវ​តែមានភ័ស្តុតាង​គ្រប់​គ្រាន់​។ ​មន្ត្រី​ចាស់ក្តី​ថ្មី​ក្តី​ កីឡាករក្តី​ បើ​យើង​មាន​ភ័ស្តុតាង​ គឺ​នឹង​ចាត់​វិធាន​ការ​ដាក់ពិន័យ ដោយ​គ្មាន​យោគ​យល់ឡើយ​ ទោះ​បីក្លិប​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្ញុំ​ក៏​ដោយ»​៕

បើកការ​ប្រកួត វាយ​​កូនឃ្លីលើតុ​ រើស​ជើង​ឯក​ប្រចាំឆ្នាំ ២០១៥

ភ្នំពេញ: ក្លិប​កីឡា​វាយ​កូនឃ្លី​លើតុ​ (ប៉េង​ប៉ុង​) បឹង​កក់ បាន​រៀបចំការប្រ​កួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ ២០១៥​-២០១៦ រយៈពេលពីរ​ថ្ងៃ​ដែល​មាន​កីឡា​ករ​ចម្រុះ​មកពី​ក្លិប​នានាទូទាំង​ប្រ​ទេស​ ដើម្បី​ចូល​រួម​លើ​​វិញ្ញា​សាចំនួន​ពីរគឺវាយ​ជាគូ​ចំនួន ៣២ គូ​ និង​ឯកត្ត​ជន​ចំនួន ៣២ គូនៅ​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​ នៅ​ឯ​ក្លិបបឹងកក់ ខណ្ឌ​ទួលគោក​រាជធានីភ្នំពេញ។​

លោកស្រេង វណ្ណថា ប្រធានក្លិប​បឹង​កក់ បាន​និយាយ​ថា៖ «​ការ​ប្រ​កួតនេះ​ជាឆ្នាំទី ២ ហើយ​ និង​មាន​អ្នកចូលរួម​ច្រើន​ដែលយើងបើក​ទូលាយ ហើយ​ការប្រ​កួតក្នុងរយៈពេលពីរថ្ងៃមាន ១៦ តាប​។ កីឡាករ​មាន​វាយ​គូ​ និង​ឯកត្តជន​ដែល​មាន​សរុប​មាន​ជិត ២០០ នាក់​ឯណោះ​»​។

លោក​បាន​បន្ដ​ថា​៖​ «អ្នក​មក​ចូល​រួម​ប្រ​កួត​ប្រជែង​នេះ ភាគ​ច្រើន​គឺ​​អាជីវករ និង​មន្ត្រីរាជការ មិន​មែន​កីឡាករអាជីព​ទេ​ ប៉ុន្តែ​និយម​ចូលចិត្ត​លេង​កីឡា​ប្រភេទនេះ​ដើម្បី​សុខ​ភាព​ និង​មិត្ដភាព​ក្នុង​ការ​ជួបជុំគ្នា​ធ្វើជំនួញ​ផង​ដែរ​។ ​ទោះ​បី​ការ​ប្រកួតមិនស្ថិត​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​អប់​រំ យុវជន​ និង​កីឡា​ ក៏​ដោយ ប៉ុន្តែ​ កីឡាករ​មក​លេង​ មក​ពី​គ្រប់មជ្ឈដ្ឋាន​មិន​ប្រកាន់ឋានៈ​ ឬអាយុ​នោះ​ឡើយ»​។​

ការគាំ​ទ្រពី​សប្បុរស​ជន ពិសេសអ្នកនិយម​កីឡា​ប៉េងប៉ុង​ បាននាំ​ឲ្យ​មានការសហការ​គ្នា​រៀប​ចំ​ដើម្បី​សុខភាព ​អប់រំកាយ​ និងសហ​ប្រតិបត្តិការ​សាមគ្គីភាព និង​មាន​ប្រាក់រង្វាន់សម្រាប់​អ្នគ​ឈ្នះ​ផងដែរ​។

លោក​ស្រេង វណ្ណថា​ បាន​បញ្ជាក់​ថា​៖​ «ចំពោះ​ប្រាក់​រង្វាន់​ អ្នកឈ្នះវិញ្ញាសា​វាយ​គូ​ ចំណាត់​ថ្នាក់លេខ ១​ ទទួលបាន ២០០ ដុល្លារ​អ្នកឈ្នះលេខ ២​ ទទួល​បាន ១៥០ ដុល្លារ​ និង​អ្នក​ឈ្នះលេខ ៣​ ទទួល​បាន ១០០ ដុល្លារ​។​ ចំណែក​វិញ្ញា​សា​វាយ​ឯកត្តជន​ អ្នកឈ្នះលេខ ១ ទទួល​បាន​ប្រាក់​រង្វាន់ ១៥០ ដុល្លារ​ អ្នក​ឈ្នះ​ចំណាត់ថ្នាក់លេខ ២​ ទទួល​បាន ១០០ ដុល្លារ​ និងអ្នក​ឈ្នះ​ចំណាត់ថ្នាក់លេខ ៣ ទទួល​បាន ៥០ ដុល្លារ​»៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1745
1621
4530625