jaukjeybanner

ទីបំផុត Apple សម្ពោធ​​កំពូល​ទូរស័ព្ទ iPhone 6S/6S Plus ​ពាក់​កណ្ដាល​អាធ្រាត្រ​យប់មិញ​ភ្ជាប់​​បច្ចេកវិទ្យា​ថ្មី​ 3D Touch ​កាមេរ៉ា​ធំ​ជាង​មុន 12MP និង​មុខងារ​ពិសេសៗ​ជាច្រើន

ពិត​ជា​ដូច​ការ​រំពឹង​ទុក​ទៅ​លើ​លក្ខណៈសម្បត្តិ​មួយ​ចំនួន ពិសេស​នៅ​លើ​រូបរាង ពណ៌ និង​ឈ្មោះ​តែ​ម្ដង។ ទូរស័ព្ទ​ទំនើប iPhone ជំនាន់​ទី៩ ដែល​ក្រុមហ៊ុន Apple ទើប​ប្រកាស​ផ្លូវការ​ដោយ​ប្រសិទ្ធនាម​ឱ្យ​ជា iPhone 6S និង iPhone 6S Plus កាលពី​យប់​មិញ គឺ​រក្សា​បាន​រចនាបថ​នៅ​ដដែល​ដូច​នឹង​រូបរាង iPhone 6/6 Plus ដែរ ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​បច្ចេកវិទ្យា​ថ្មី​ទំនើបៗ​មួយ​ចំនួន​ គួរ​ឱ្យ​កត់សម្គាល់ និង​ចាប់អារម្មណ៍ អម​ដោយ​ពណ៌​ថ្មី​មួយ​ពណ៌​ទៀត​គឺ​ពណ៌​មាស​ក្រហម (rose gold) រឹតតែ​ស៊ីវិល័យ​ថែមទៀត។ តោះ​កុំឲ្យ​ខាត​ពេល​យូរ ទៅ​ស្វែងយល់​ពី​បច្ចេកវិទ្យា​ថ្មីៗ​ដែល​បំពាក់​លើ​iPhone ជំនាន់​ថ្មី​ទាំង​ពីរ​ម៉ូដែល​ទៅ​មើល៍ តើ​មាន​លក្ខណៈ​ពិសេស អស្ចារ្យ​ជាង iPhone 6/6 Plus យ៉ាង​ណា?

+រចនាបថ​របស់ iPhone 6S និង iPhone 6S Plus៖
iPhone ជំនាន់​ថ្មី​ទាំង​ពីរ ពុំ​ត្រូវ​បាន​ឌីហ្សាញ​រូបរាង​ខុស​ប្លែក​ពី​ជំនាន់ iPhone 6/6 Plus ឡើយ គ្រាន់តែ​ត្រូវ​ក្រុមហ៊ុន​បន្ថែម​សមត្ថភាព​ផ្នែក Hardware និង​មាន​មុខងារ​ថ្មីៗ​មួយ​ចំនួន​សម្រាប់ Software ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9 ប៉ុណ្ណោះ។ iPhone 6S និង iPhone 6S មាន​សម្បក​រឹងមាំ​ជាង​ទូរស័ព្ទ iPhone ជំនាន់​មុនៗ ក្រោម​រូបមន្ត​ផលិត​ឡើង​ពី​អាលុយម៉ីញ៉ូម​ប្រភេទ​ថ្មី​ពិសេស​គឺ ៧០០០ស៊េរី (7000 Series) ព្រមទាំង hardware មាន​គុណភាព​ខ្ពស់ ដើម្បី​ជៀសវាង​ការ​ឆាប់​បាក់​កោង​ដូច​ព័ត៌មាន​កន្លង​ទៅ​នៅ​លើ iPhone 6/6 Plus។

 

+អេក្រង់ iPhone 6S/6S Plus៖
ទូរស័ព្ទ​ទំនើប iPhone 6S មាន​អេក្រង់​ទំហំ ៤,៧អ៊ីញ រីឯ iPhone 6S Plus មាន​ទំហំ ៥,៥អ៊ីញ​ប្រភេទ LED-backlit Retina HD។ ចំណែក resolution អេក្រង់​របស់ iPhone ទាំង​ពីរ​គឺ​នៅ​រក្សា​ដូច​នៅ​លើ iPhone 6/6 Plus ដែរ ពោល​គឺ 1334x750px សម្រាប់ iPhone 6S និង 1920x1080px សម្រាប់ iPhone 6S Plus។ អេក្រង់​ទូរស័ព្ទ​ជំនាន់​ទី៩ របស់ Apple នេះ​មាន​ការ​ការពារ​ខ្ពស់​ដោយ​បច្ចេកវិទ្យា​កញ្ចក់ ion-strengthened glass ហើយ​ក៏​គាំទ្រ​មុខងារ​ស្កេន​ក្រយៅដៃ​រហ័ស​ជាង​មុន​ផង​ដែរ។

+បច្ចេកវិទ្យា 3D Touch
កន្លង​ទៅ​ មាន​សំណួរ​ចោទ​ឡើង​ទាក់ទិន​នឹង​មុខងារ 3D Touch នៅ​លើ​កំពូល​ទូរស័ព្ទ iPhone 6S តើ​មាន​អ្វី​ខ្លះ​ដែល 3D Touch អាច​ធ្វើ​អ្វី​ ហើយ​អ្វី​ដែល​មិន​អាច​ធ្វើ​បាន? ថ្ងៃ​នេះ ក្រុមហ៊ុន Apple បាន​ធ្វើ​បទ​បង្ហាញ​បញ្ជាក់​អំពី​របៀប​ប្រើប្រាស់ 3D Touch ហើយ វា​ជា​ប្រភេទ​ការ​ចុច​សង្កត់ ឬ​ប៉ះ​ជាប់ កម្រិត​ tree-level touch ដែល​ផ្ដល់​ការ​ប្រើប្រាស់​មុខងារ​របស់​កម្មវិធី (app) មួយ​បាន​រហ័ស ដោយ​មិន​បាច់​បើក (open) កម្មវិធី​នោះ​ក៏​បាន (លក្ខណៈ​ដូច​ជា shortcut ដើម្បី​បើក​រហ័ស)។

ដើម្បី​ប្រើ​មុខងារ 3D Touch អ្នក​ប្រើ​ត្រូវ​ដាក់​ម្រាមដៃ​សង្កត់​ទៅ​លើ​រូប icon កម្មវិធី នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​លោត​ឡើង​ជាមួយ​ជម្រើស (option) នៃ​សកម្មភាព​ណាមួយ​ដែល​អ្នក​ចង់​ឱ្យ​កម្មវិធី (app) ដំណើរការ​ឱ្យ​ខ្លួន។ ក្រុមហ៊ុន Apple បាន​ហៅ​ឈ្មោះ​មុខងារ​ពិសេស​នេះ​ថា “Peek” និង “Pop”។ ឧទាហរណ៍ អ្នក​ចុច​សង្កត់​លើ​រូប icon កាមេរ៉ា (Camera app) នោះ​នឹង​បង្ហាញ​ផ្ទាំង​ជម្រើស​កិច្ចការ​ដែល​អ្នក​ចង់​ឱ្យ​កាមេរ៉ា​ធ្វើ ដែល​មាន​ដូច​ជា Take Selfie, Record Video, Record Sol-mo និង Take Photo ជាដើម។ បន្ទាប់​មក​អូស​ទៅ​កាន់​ជម្រើស​ដែល​ចង់​បាន​ជា​ការ​ស្រេច (អូស​ជាប់​លើ​អេក្រង់​ដោយ​មិន​លើក​ដៃ)។

+iPhone 6S/6S Plus បំពាក់​ឈីប​អង្គ​ប្រតិបត្តិ​ជំនាន់​ថ្មី​ល្បឿន​លឿន​ជាង​មុន​គឺ A9 Processor គាំទ្រ M9 motion coprocessor៖


iPhone 6/6 Plus គឺ​បាន​ប្រើ​ឈីប Apple A8 និង​មាន​សហ​អង្គ​ប្រតិបត្តិ​ត្រឹមតែ Apple M8 motion coprocessor លុះ iPhone ជំនាន់​ថ្មី​ទាំងពីរ​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​សមត្ថភាព​លើ​អង្គ​ ប្រតិបត្តិ​ដើម្បី​ឱ្យ​ដំណើរការ​របស់​វា​កាន់តែ​រលូន លឿន​ជាង​មុន ៧០% ហើយ​ក្រាហ្វិក​បំពេញ​ការងារ​លឿន​ជាង​មុន ៩០% បើ​ប្រៀបធៀប​នឹង​ឈីប A8 ដែល​បំពាក់​នៅ​លើ iPhone 6/6 Plus។

+M9 coprocessor នៅ​លើ iPhone 6S/6S Plus៖
M8 Coprocessor ជា​ឈីប​មួយ​ដែល​មាន​សមត្ថភាព​ខ្ពស់ ធ្វើឲ្យ​ទូរស័ព្ទ iPhone 6 និង iPhone 6 Plus ទទួល​បាន​ជោគជ័យ​កន្លង​ទៅ​រួច​មក​ហើយ ចំណែក​ឈីប​ថ្មី​នេះ នឹង​រឹតតែ​បង្កើន​សមត្ថភាព iPhone 6S និង iPhone 6S Plus បន្ថែម​ទៀត ជាក់ស្ដែង​អាច​ទទួល​ស្គាល់​ពាក្យ​បញ្ជា​កាន់តែ​ឆាប់រហ័ស​ជាង​មុន ដោយ​គ្រាន់តែ​និយាយ “Hey, Siri”។

+កាមេរ៉ា​ទូរស័ព្ទ iPhone 6S/6S Plus៖
iPhone 6S បាន​ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​ក្រោយ​ប្រភេទ iSight ទំហំ 12MP អាច​ថត​រូប​ច្បាស់​ជាង​មុន ដោយ​មាន​ទំហំ​ភិចហ្សែល​ធំ​ជាង​មុន ៥០% ធំ​ជាង iPhone 6/6 Plus ដែល​មាន​ត្រឹមតែ 8MP។ ចំណែក​កាមេរ៉ា​មុខ FaceTime ក៏​មាន​ទំហំ​ធំ​ជាង​មុន​ផង​ដែរ ពោល​គឺ​ទំហំ 5MP គាំទ្រ​ដោយ​ Retina Flash ដែល​អេក្រង់​នឹង​ភ្លឺ​ឡើង​ខ្លាំង​ជាង​ធម្មតា ៣ដង ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ថត​រូប selfie បាន​ច្បាស់​នៅ​ទី​ងងឹត។

កាមេរ៉ា iSight ថ្មី​នៅ​លើ iPhone 6S/6S Plus មាន​បច្ចេកវិទ្យា OIS ថត​រូប​មាន​លំនឹង ច្បាស់​ល្អ ហើយ​គាំទ្រ​ការ​ថត​វីដេអូ​កម្រិត 4K video ហើយ​កាមេរ៉ា​មុខ​គាំទ្រ​ការ​ថត​វីដេអូ​កម្រិត 720p។

-មុខងារ​ពិសេស Live Photos នៅ​លើ iPhone 6S/6S Plus៖

ក្រុមហ៊ុន Apple បាន​នាំ​យក​បទពិសោធន៍​ថ្មី​ចំពោះ​របៀប​នៃ​ការ​បង្ហាញ​រក​រូបថត ជាមួយ​ចលនា ដោយ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ ថត​រូបថត​ធម្មតា ប៉ុន្តែ​រូបថត​មាន​លក្ខណៈ​ឆ្លាតវៃ​ ធ្វើការ​បន្ថែម ១ហ្រ្វេម (1-frame) ឬ ២ហ្វ្រេម (2-frame) ហើយ​បន្ទាប់​ពី​ថត នឹង​ផ្ដល់​ការ​បង្ហាញ​ជា​លក្ខណៈ​មាន​ចលនា​បន្តិច អម​ដោយ​សំឡេង។

 

+មុខងារ Motion Wallpapers នៅ​លើ iPhone 6S/6S Plus៖
មុខងារ ​ដ៏​តូច​មួយ​នេះ ក៏​ចាត់​ទុក​ថា បន្ថែម​បទ​ពិសោធន៍​ថ្មី​ដល់​អ្នក​ប្រើ iPhone កន្លង​មក​ផង​ដែរ ដោយ​ក្រុមហ៊ុន​បាន​បញ្ចូល “Motion wallpapers” នេះ​ទៅ​លើ iPhone 6S/6S Plus បន្ទាប់​ពី​បាន​ដាក់​ឱ្យ​ដំណើរការ​រួច​មក​ហើយ​នៅ​លើ​នាឡិកា Apple Watch។ មុខងារ​នេះ អាច​ឱ្យ​អ្នក​ប្រើ​ធ្វើការ​បង្ហាញ​រូប wallpaper មាន​ចលនា​បាន។

 

+ថាមពល​ថ្ម​នៅ​លើ iPhone 6S/6S Plus៖
ទូរស័ព្ទ iPhone 6S ត្រូវ​បាន​បង្កប់​ថ្ម​ជាប់​នឹង​ម៉ាស៊ីន​ដែល​ជំនាន់​មុនៗ ប្រភេទ lithium ion ដែល​អាច​ប្រើ​សម្រាប់​ការ​សន្ទនា (talk time) បាន​រយៈពេល ១៤ម៉ោង ហើយ​ iPhone 6S Plus អាច​សន្ទនា​រយៈពេល​រហូត​ដល់ ២៤ម៉ោង។

+បច្ចេកវិទ្យា​តំណភ្ជាប់ LTE និង Wi-Fi នៅ​លើ iPhone 6S/6S Plus៖
Apple បាន​អះអាង​ថា​ឈីប LTE ថ្មី​ដែល​បំពាក់​នៅ​លើ iPhone 6S/6S Plus មាន​ល្បឿន​លឿន​ជាង​មុន ២ដង​ដោយ​ប្រើ 23 bands។ ចំណែក Wi-Fi ក៏​មាន​ល្បឿន​លឿន​ជាង​មុន ២ដង​ផង​ដែរ បើ​ប្រៀបធៀប​នឹង iPhone 6 និង iPhone 6 Plus។

+​មាន​ការ​កែលំអ​ទៅ​លើ Touch ID៖
Apple ថែមទាំង​បាន​អះអាង​ថា មុខងារ Touch ID នៅ​លើ iPhone ថ្មី​ទាំង​ពីរ គឺ​មាន​ល្បឿន​លឿន​ជាង​មុន ហើយ​កាន់តែ​សុវត្ថិភាព​ជាង​មុន​ផង​ដែឬ។

+ជម្រើស​ពណ៌​នៅ​លើ iPhone 6S/6S Plus៖

ឆ្នាំ​នេះ អតិថិជន​នឹង​បាន​ប្លែក​ភ្នែក​ជាមួយ​ជម្រើស​ពណ៌​ថ្មី​មួយ​ពណ៌​ទៀត​នៅ​លើ​ កំពូល​ទូរស័ព្ទ iPhone របស់ Apple នេះ​គឺ​បន្ថែម​ពណ៌​មាស​ក្រហម (rose gold) ដូច​នៅ​លើ​នាឡិកា Apple Watch ដែរ។ ដូច្នេះ​សរុប​មាន ៤ពណ៌​គឺ​ពណ៌​ប្រផេះ ទឹក​ប្រាក់ មាស និង​ពណ៌​មាស​ក្រហម​នេះ​តែ​ម្ដង។

+តម្លៃ​ទូរស័ព្ទ iPhone 6S៖
-16 GB — $199 (ជាប់​កុងត្រា) ឬ $649 (unlocked)
-64 GB — $299 (ជាប់​កុងត្រា) ឬ $749 (unlocked)
-128 GB — $399 (ជាប់​កុងត្រា) ឬ $849 (unlocked)

+iPhone 6s Plus៖
-16 GB — $299 (ជាប់​កុងត្រា) ឬ $749 (unlocked)
-64 GB — $399 (ជាប់​កុងត្រា) ឬ $849 (unlocked)
-128 GB — $499 (ជាប់​កុងត្រា) ឬ $949 (unlocked)

+កាលបរិច្ឆេទ​ចេញ​លក់៖
ក្រុមហ៊ុន​នឹង​ដាក់​ឱ្យ​ បញ្ជា​ទិញ​ទូរស័ព្ទ iPhone ជំនាន់​ថ្មី​ទាំង​ពីរ​ម៉ូដែល​នេះ នៅ​ថ្ងៃ​ទី១២កញ្ញា​ខាង​មុខ​នេះ ហើយ​នឹង​ចេញ​លក់​នៅ​ថ្ងៃ​ទី២៥ ខែ​កញ្ញា។ ក្រុមហ៊ុន​មាន​គម្រោង​ចែកចាយ​លក់ iPhone 6S/6S Plus ទៅ​កាន់​ប្រទេស​ចំនួន ១៣០​លើ​ពិភពលោក ដែល​មាន​​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ជាង ៤០០​ធ្វើ​ជា​ដៃគូ​សហការ​ចែកចាយ​លក់​បន្ត។

+លក្ខណៈ​សម្បត្តិ​ពិស្ដារ​មាន​នៅ​លើ iPhone 6S៖
-អេក្រង់​ទំហំ ៤,៧អ៊ីញ​ប្រភេទ LED-backlit IPS LCD មាន Resolution ទំហំ 750x1334px និង​ដង់ស៊ីតេ​ភិចហ្សែល 326ppi
-បច្ចេកវិទ្យា​ការពារ​អេក្រង់ និង​មុខងារ៖ Ion-strengthened glass, oleophobic coating, 3D Touch display, Display Zoom
-កាមេរ៉ា ​ក្រោយ​ប្រភេទ iSight ទំហំ 12MP ថត​រូប​កម្រិត 4608x2592px និង​វីដេអូ​កម្រិត [email protected], [email protected], [email protected], [email protected]
-បច្ចេកវិទ្យា ​កាមេរ៉ា៖ dual-LED, Geo-tagging, ថត​វីដេអូ 4K និង​ថត​រូប​កម្រិត 8MP ក្នុង​ពេល​តែមួយ, face/smile detection, HDR (photo/panorama)
-អង្គ​ប្រតិបត្តិ Apple A9 ល្បឿន​លឿន​ជាង A8 ដែល​បំពាក់​នៅ​លើ iPhone 6/6 Plus

 

-អង្គ​ចងចាំ ៣ជម្រើស គឺ​ទំហំ 16GB/64GB/128GB
-តំណភ្ជាប់៖ Wi-Fi 802.11 a/b/g/n/ac, hotspot, Bluetooth v4.1, GPS, NFC (សម្រាប់​ប្រើ​ជាមួយ​មុខងារ Apple Pay ប៉ុណ្ណោះ), USB v2.0
-បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ fingerprint sensor (Touch ID ជំនាន់​ទី២) ល្បឿន​លឿន​ជាង​មុន
-មុខងារ​បង់​ប្រាក់​ទិញ​ទំនិញ​តាម​ទូរស័ព្ទ​ដៃ Apple Pay (អាច​ប្រើ​ជាមួយ Visa, MasterCard, AMEX certified)
-ប្រភេទ​ស៊ីម​កាត Nano-SIM
-(បxទទ) = (១៣៨,៣មិល្លីម៉ែត្រ x ៦៧,១មិល្លីម៉ែត្រ)
-កម្រាស់ = ៧,‌១មិល្លីម៉ែត្រ
-ទម្ងន់ ១៤៣ក្រាម

+លក្ខណៈ​សម្បត្តិ​ពិស្ដារ​មាន​នៅ​លើ iPhone 6S Plus៖
-អេក្រង់​ទំហំ ៥,៥អ៊ីញ​ប្រភេទ LED-backlit IPS LCD មាន Resolution ទំហំ 1080x1920px និង​ដង់ស៊ីតេ​ភិចហ្សែល 401ppi
-បច្ចេកវិទ្យា ​ការពារ​អេក្រង់ និង​មុខងារ៖ កញ្ចក់​ប្រភេទ​គ្រីស្តាល់​ត្បូង​កណ្ដៀង (sapphire crystal glass), oleophobic coating Ion-strengthened glass
-កាមេរ៉ា ​ក្រោយ​ប្រភេទ iSight ទំហំ 12MP ថត​រូប​កម្រិត 4608x2592px និង​វីដេអូ​កម្រិត [email protected], [email protected], [email protected], [email protected]
-បច្ចេកវិទ្យា ​កាមេរ៉ា៖ dual-LED, Geo-tagging, ថត​វីដេអូ 4K និង​ថត​រូប​កម្រិត 8MP ក្នុង​ពេល​តែមួយ, face/smile detection, HDR (photo/panorama)
-អង្គ​ប្រតិបត្តិ Apple A9 ល្បឿន​លឿន​ជាង A8 ដែល​បំពាក់​នៅ​លើ iPhone 6/6 Plus
-អង្គ​ប្រតិបត្តិ​ប្រភេទ Dual-core ល្បឿន 2GHz

-អង្គ​ចងចាំ ៣ជម្រើស គឺ​ទំហំ 16GB/64GB/128GB
-តំណភ្ជាប់៖ Wi-Fi 802.11 a/b/g/n/ac, hotspot, Bluetooth v4.1, GPS, NFC (សម្រាប់​ប្រើ​ជាមួយ​មុខងារ Apple Pay ប៉ុណ្ណោះ), USB v2.0
-បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ fingerprint sensor (Touch ID ជំនាន់​ទី២) ល្បឿន​លឿន​ជាង​មុន
-មុខងារ​បង់​ប្រាក់​ទិញ​ទំនិញ​តាម​ទូរស័ព្ទ​ដៃ Apple Pay (អាច​ប្រើ​ជាមួយ Visa, MasterCard, AMEX certified)
-ប្រភេទ​ស៊ីម​កាត Nano-SIM
-(បxទទ) = (១៥៨,២មិល្លីម៉ែត្រ x ៧៧,៩មិល្លីម៉ែត្រ)
-កម្រាស់ = ៧,‌៣មិល្លីម៉ែត្រ
-ទម្ងន់ ១៩២ក្រាម

បន្ទាប់ពី​បាន​អាន​លក្ខណៈសម្បត្តិ​ពិស្ដារ​របស់​ កំពូលទូរស័ព្ទជំនាន់ទី៩ របស់ Apple រួច តើប្រិយមិត្តមានចំណាប់អារម្មណ៍​យ៉ាង​ណា​ដែរ? ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ iPhone 6S/6S Plus នេះ​ហើយ​ឬ​នៅ?

 

ប្រិយមិត្ត​ដែល​លេង Instagram គួរ​តែ​តម្លើង Tweak មួយនេះ!

Instagram គឺជាប្រព័ន្ធបណ្តាញ សង្គមមួយ ដែលកំពុងតែ ល្បីល្បាញ និង កំពុងតែមាន ភាពពេញនិយម នៅប្រទេសកម្ពុជា របស់យើង ផងដែរ ព្រោះថា Instagram នៅពេលដែល ថតរូបភាព វាមាន Filters ស្អាតៗជាច្រើន និង ច្បាស់គួរ អោយចាប់ អារម្មណ៍ មែនទែន។

មូលហេតុដែល ខេមបូ លើកយក Tweak InstaBetter ដើម្បីណែនាំ អោយប្រិយមិត្ត និយមក្នុងការ លេងបណ្តាញសង្គម Instalgram ធ្វើការតម្លើង ព្រោះ Tweak នេះវាមាន លក្ខណៈពិសេសៗ ជាច្រើន និង ជួយអោយអ្នក ប្រើប្រាស់ Instagram បានយ៉ាង ងាយស្រួល។ ក្នុងការ ប្រើប្រាស់ Tweak នេះអ្នកអាចធ្វើការ ទាញយក រូបភាព ពី Instagram ដើម្បីរក្សារទុក បានយ៉ាង ងាយស្រួល មិនត្រឹម តែប៉ុណ្ណោះ អ្នកអាចធ្វើការ Copy អក្សរពី Instagram បានទៀតផង ហើយមានមុខងារ ជាច្រើនទៀត។ តោះសាកល្បងធ្វើការ តម្លើង ឥឡូវនេះ៖

បញ្ជាក់៖ មុននឹងសម្រេចចិត្តធ្វើការ តម្លើងសូមមេត្តា ធ្វើតាមការ ណែនាំរបស់ ខេមបូ អោយបាន ត្រឹមត្រូវ ព្រោះក្រុម ការងារ ខេមបូ មិនទទួល ខុសត្រូវ រាល់បញ្ហា ដែលកើតឡើង សម្រាប់ប្រិយមិត្ត ដែលមិនបានធ្វើតាម ការណែនាំ របស់យើង ខ្ញុំឡើយ។

តម្រូវការ

  • All Device ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 8.4
  • Device របស់អ្នកត្រូវតែ Jailbreak អោយបាន ត្រឹមត្រូវ និង មាន Cydia រួចជាស្រេច

វិធីតម្លើង និង របៀបប្រើប្រាស់

  • ដោយសារតែ Tweak នេះមានក្នុង Bigboss សម្រាប់ អ្នកមិនចាំបាច់ ធ្វើការបន្ថែម Source ឡើយ
  • សូមធ្វើការ Refresh Source ជាមុនសិន រួចធ្វើការ ស្វែងរក InstaBetter រួចធ្វើការ តម្លើង និង Respring Device របស់អ្នក
  • ដើម្បីអោយ Device របស់អ្នកដំណើរការកាន់តែរលូនសូមធ្វើការ បិទបើក Device របស់អ្នក សាជាថ្មី
  • ក្រោយមកសូមចូលទៅកាន់ Settings > InstaBetter រួចធ្វើការ Enable
  • សាកល្បងចូលទៅកាន់ Instagram រួចស្វែងរករូបភាពណាមួយ គ្រាន់តែចុច អោយជាប់ រួចដកដៃ វានឹងមាន មុខងារ ជាច្រើន ដូចជារក្សា រូបភាពទុក។

ទស្សនាវីដេអូខាងក្រោម៖

ការ​បង្ហាញ​លក្ខណៈ​សម្បត្តិ​របស់ Galaxy Note 5

ការវិវត្តន៍នៃត្រកូល Galaxy Note បានឈានដល់ ចំនុចអស្ចារ្យ មួយទៀតហើយ ក្នុងប្រវត្តិសាស្រ្ត ដោយ Galaxy Note ជំនាន់មុនៗ មានសន្ទះ ខាងក្រោយ ស្រោបដោយ ជ័រផ្លាស្ទិច ឬស្បែកគ្រើម ស្រាប់តែមក ដល់ជំនាន់ Galaxy Note 5 នេះ មានសន្ទះខាងក្រោយ ក្រាលដោយកញ្ចក់ ដ៏ប្រណីត ហើយថែមទាំង មានកញ្ចក់កោង នៅផ្នែក ខាងក្រោយទៀត។ នេះពិតជា ការវិវត្ត៍ ដ៏គួរឲ្យស្ញើច សរសើរមែនទែន។

មិនត្រឹមតែរូបរាងខាងក្រៅដែលស្រស់ស្អាតប៉ុណ្ណោះទេ សូម្បីតែប្រព័ន្ធ ដំនើរការខាងក្នុង ក៏មាន សមត្ថភាព ខ្លាំងក្លាដែរ។ ជាពិសេស ប៊ិច S Pen ក៏មានការ ឌីហ្សាញដងថ្មី ដែលពោរពេញដោយ អានុភាព និងផ្តល់សារៈ ប្រយោជន៍ កាន់តែសម្បូរ បែបសំរាប់អ្នក ប្រើប្រាស់ ច្រើនជាងមុន ទៅទៀត។ ដើម្បីជ្រាប កាន់តែច្បាស់ មិត្តអ្នកអាន​ អាចតាមដាន ការបង្ហាញ លក្ខណៈសម្បត្តិ របស់ផាប្លេតនេះ នៅខាងក្រោម៖

រចនាបថ

Galaxy Note 5 មានទំងន់ប្រមាណ 171 ក្រាម, មានកម្រាស់ 7.6 mm, គែមជុំវិញ ព័ទ្ធដោយ លោហៈធាតុ ដែលមានភាព រឹងមាំ មិនងាយនឹង បែកបាក់ ហើយមិនបាច់ ភ័យថាប្រែពណ៌ឡើយ, ផ្ទៃខាងមុខ បំពាក់ដោយ កញ្ចក់ប្រភេទ Gorilla Glass 4 ហើយសន្ទះខាងក្រោយ ក៏ក្រាលដោយ កញ្ចក់ការពារ ប្រភេទ Gorilla Glass 4 ដែរ និងមានថ្ម ជាប់ម៉ាស៊ីន។ ស្មាតហ្វូននេះ មានជម្រើស ច្រើនពណ៌ សំរាប់អតិថិជន ជ្រើសរើស ដូចជា ពណ៌ទឹកប្រាក់, ពណ៌ស, ពណ៌ខ្មៅ និងពណ៌ ទឹកមាស។

ប៊ូតុង Power នៅផ្នែកខាងឆ្វេង ​នៃផាប្លេតនេះ ដដែល, ប៊ូតុងបញ្ជាសំលេង នៅផ្នែក ខាងស្តាំនៃ ផាប្លេតនេះ ហើយកន្លែង ដាក់ស៊ីម នៅផ្នែកខាងលើ ចំនែកឯ Speaker នៅផ្នែកខាងក្រោយ ក្បែរកន្លែង ដាក់ប៊ិច S Pen។

ចំណែកឯផ្នែកខាងក្រោយ យើងឃើញមាន កាមេរ៉ាមួយគ្រាប់ ដែលនៅ ក្បែរនោះ មាន Flash ពន្លឺមួយគ្រាប់ និងសេនស៊ឺ សំរាប់វាស់ ចង្វាក់បេះដូង រីឯផ្នែកខាងមុខ មានប៊ូតុង 3 ដែលប៊ូតុង សងខាង ជាប្រភេទ Touch និងប៊ូតុងកណ្តាល ជាប៊ូតុង ពិសេស ដែលមានស្រទាប់ សេនស៊ឺ ស្គេនក្រយ៉ៅដៃ នៅខាងក្រោមនោះ។

ការបង្ហាញរូបភាព

សំរាប់ម៉ូឌែល Galaxy Note 5 នេះមានអេក្រង់ 5.7 អ៊ីញ, ប្រើប្រាស់កញ្ចក់ អេក្រង់ប្រភេទ Super AMOLED មាន 16 លានពណ៌ និងមានស្រទាប់ កញ្ចក់ការពារ Corning Gorilla Glass 4 នៅផ្ទៃខាងមុខ ដែលអាចការពារ កញ្ចក់មិនឲ្យ ងាយឆ្កូត និងមិនងាយ បាក់បែក,​ វាមានកំរិត នៃការ បង្ហាញរូបភាព 1440 X 2560 ភិចសែល និងកំរិត ដង់ស៊ីតេ អេក្រង់ 518ppi អាចបង្ហាញ រូបភាពបាន ច្បាស់ល្អ និងមានពណ៌ ឌិតច្បាស់ល្អ អាចឲ្យយើង មើលច្បាស់ គ្រប់កាលៈទេសៈ។

ប្រព័ន្ធប្រតិបត្តិការ

សំរាប់ម៉ូឌែលនេះ យើងអាចប្រើប្រាស់ បានជាមួយ ស៊ីមកាតប្រភេទ Nano-SIM, ហើយវាបានបំពាក់ អង្គផ្ទុកទិន្នន័យ ជាប់ម៉ាស៊ីន មកស្រាប់ទំហំ 32GB និង 64GB ហើយមិនអាច បន្ថែមមេម៉ូរីក្រៅ បានទេ។ សំរាប់ម៉ូឌែលនេះ ដំនើរការដោយ ប្រព័ន្ធប្រតិបត្តិការ ចុងក្រោយបង្អស់ Android 5.1.1 Lollipop ជាមួយនឹង TouchWiz UI ជំនាន់ចុងក្រោយ ដែលអាចធ្វើ ឲ្យម៉ាស៊ីន ដំនើរការបាន ដោយរលូន ហើយយើង អាចផ្លាស់ប្តូរ Theme របស់វាបាន ទៀតផង។ វាមានស៊ីភីយូ Quad-core 1.5 GHz Cortex-A53 និង Quad-core 2.1 GHz Cortex-A57 និងប្រើប្រាស់ បន្ទះឈីប Exynos 7420 ចំនែកឯបន្ទះ ឈីបក្រាហ្វិក ប្រភេទ Mali- T760MP8, មានរ៉េមធំ ទំហំ 4GB និងមានថ្ម ទំហំ 3000mAh ជាប្រភេទថ្ម ជាប់ម៉ាស៊ីន។

កាមេរ៉ា

ម៉ូឌែលនេះដែលបំពាក់មកជាមួយកាមេរ៉ា ក្រោយទំហំ 16 មេហ្គាភិចសែល អាចថត យករូបភាពបាន រហូតដល់ទំហំ 5312 X 2988 ភិចសែល, មាន Flash LED ចំនួន 1 គ្រាប់នៅក្បែរ កាមេរ៉ាក្រោយ និងអាចថត វីដេអូបាន ទំហំ 2160 ភិចសែល ក្នុងល្បឿន 30 fps និង 1080 ភិចសែល ក្នុងល្បឿន 60 fps ។ ចំនែកកាមេរ៉ាមុខ មានទំហំ 5 មេហ្គាភិចសែល អាចចាប់យក រូបភាព Selfie បានយ៉ាង ច្បាស់ល្អ, ទូលាយ និងអាចប្រើប្រាស់ កាមេរ៉ាមុខថតជា Beauty Selfie បានទៀតផង។

ចំណាប់អារម្មណ៍

សម្រាប់គំនិតខ្ញុំផ្ទាល់ចំពោះម៉ូឌែល Galaxy Note 5 នេះ ពិតជាមាន រូបរាងស្អាត ពេលដែលកាន់នៅ ក្នុងដៃពោរពេញ ដោយភាព ថ្លៃថ្នូរ តែទាស់តែ វាងាយមើល ឃើញស្នាមម្រាមដៃបន្តិច ដោយសារ ទាំងផ្ទៃ ខាងមុខ និងក្រោយ ក្រាលដោយកញ្ចក់ ដូចនេះ តម្រូវឲ្យអ្នក ជូតជាញឹកញាប់ បន្តិចនៅពេល ជាប់ស្នាមម្រាម ដៃនេះ។ សំរាប់ប្រព័ន្ធ ដំនើរការគឺល្អមែនទែន អាចឲ្យយើង លេងហ្គេម,​ ប្រើប្រាស់ អ៊ីនធើណេត និងមើលវីដេអូ បានដោយរលូន ហើយគ្មានចំនុច រអាក់រអួល ទាល់តែសោះ។ ចំនុចដែលអ្នក ប្រើប្រាស់ សោកស្តាយមួយទៀតនោះ គឺគ្មានរន្ធ បន្ថែមមេម៉ូរីកាត សំរាប់ផាប្លេត នេះទេ។ ផាប្លេតនេះ ចាប់ផ្តើមមានការ ទទួលកុម្ម៉ង់ តាមបណ្តា ហាងមួយចំនួន ក្នុងប្រទេស យើង ដោយវា មានតម្លៃប្រមាណ 730 ដុល្លារ។

សូមទស្សនាវីដេអូបង្ហាញពីលក្ខណៈសម្បត្តិរបស់ Galaxy Note 5 ដោយ ខេមបូរីផត ៖

[Security] – Cyber Task Force របស់​ FBI ត្រូវ​បាន​គេ​លួច​ទិន្នន័យ​តាម​រយៈ FF-RAT

ត្រឹម​តែ​​ខែ​មេសា និង​ឧសភា​​ប៉ុណ្ណោះ​ការ​វាយ​ប្រហារ​តាម​រយៈ​បច្ចេក​វិទ្យា​បាន​ប្រពឹត្តិទៅ​ ​​ប្រឆាំង​នឹង​ Office of Personnel Management ដែល​ហៅ​កាត់​ថា OPM របស់​សហរដ្ឋ​អាមេរិក​ ដោយ​លួច​យក​ទិន្នន័យ​ព័ត៌មាន​​អឌិតមន្ត្រី​​ និង​មន្ត្រី​​​បច្ចុប្បន្ន​​ចំនួន ២១លាន​​​នាក់​។

ការ​ស្រាវ​ជ្រាវ​ខែបន្ទាប់​​របស់​​ផ្នែក​ Cyber Task Force របស់​ FBI កំណត់​បាន​អត្តសញ្ញាណ​ជា​ច្រើនទាក់​ទង​នឹង Remote Access Tools (RATs) ក្នុង​ចំណោម​ Tool ទាំង​អស់​​មាន Tool មួយ​ដែល​មាន​ប្រសិទ្ធ​ភាព​ជាង​គេ​គឺ​មាន​ឈ្មោះ​ថា FF-RAT។

 

FF-RAT គឺ​ជា​ Tool ម្យ៉ាង​​ដែល​មាន​សមត្ថភាព​គេច​វេះ​​ពី​ EndPoint Detection ដោយ​រាប់​បញ្ចូល​ទាំង​​​សមត្ថភាព​ក្នុង​ការ​ទាញ​យក DLLs និង​ Execute វា​នៅ​ក្នុង​តែ​ Memory ជា​មួយ​នឹង​ការ​ជ្រៀត​ចូល​លបៗ​ម្តង​បន្តិចៗ​ ហើយ​នៅ​ពេល​ដែល​គេ​ទទួល​បាន​សិទ្ធិ​ពេញ​លេញ​ដើម្បី​ចូល​ហើយ​នោះ វា​នឹង​បញ្ជុន Malware, Command and Control ហៅ​កាត់​ថា (C&C) Server Communitcation និង​ការ​​លួច​ពន្លា​ទិន្នន័យ​​។

តាម​រយៈគេហទំព័រ The Hacker News បាន​ឲ្យ​ដឹង​ថា​ភាគ​ច្រើន​បច្ចេក​ទេស Advanced Persistent Threat ហៅ​កាត់​ថា APT ក៏​បាន​រួម​ចំណែក​នៅ​ក្នុង​ FF-RAT ផង​ដែរ​សម្រាប់ប្រតិបត្តិ ByPass លើ Strong Authentication, Reconnaissance, Spreading Infection, និង​ Accessing Sensitive Applications ដើម្បី​ពន្លា​ទិន្នន័យ​។

​គន្លឹះ​​សម្រាប់​ក្នុង​ស្វែង​រក Tool និង​ Method ដើម្បី Detect នៅ​ក្នុង​បណ្តាញ​យើង​ឲ្យ​បាន​លឿន​បំផុត ជា​វិធី​សាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​បន្ធូ​បន្ថយ​កម្រិត​វាយ​ប្រហារ​ទៅ​តាម​ លំដាប់ និង​ប្រភេទ​របស់​វា​ ជាពិសេស​យើង​ត្រូវ​ទប់​ស្កាត់​ការ​វាយ​ប្រហារ​របស់​ពួក​គេ​នៅ​ជំហាន​ទី​១​ ឲ្យ​បាន មុន​ពេល​ពួក​គេ​ឈាន​ដល់​ជំហ៊ានទី២ នោះ​ការ​ខូច​ខាត​នឹង​មាន​កាន់​តែ​ធំ​។

ជំហ៊ាន​ដំបូង​​អ្នក​វាយ​ប្រហារ​បាន​​ប្រើប្រាស់ RAT ដោយ​មាន​​គោល​ដៅ​សំខាន់​បំផុត​មួយ​គឺ​ការ​បង្កើត​ Backdoor ដើម្បី​ចាក់​មេរោគ​បញ្ចូល​ក្នុង​ប្រព័ន្ធ​ ដូច​នេះ​ពួក​គេ​នឹង​អាច​​​ឲ្យ​មេរោគ​នេះ​ធ្វើ​ការ​ហើយ​ពួក​គេ​នឹង​អាច​គ្រប់ ​គ្រង​ប្រព័ន្ធ​ទាំង​ស្រុង​។ បន្ទាប់​ពី RAT បាន​ដំឡើង​ក្នុង​ប្រព័ន្ធ​របស់​យើង​រួច​រាល់ ក្រុម​អ្នក​វាយ​ប្រហារ​និង​អាច​មាន​សិទ្ធ​ក្នុង​ការ មើល កែសម្រួល ឬ​បង្ហូរ​ទិន្នន័យ​បាន​នៅ​លើ​ម៉ាស៊ីន​ដែល​ឆ្លង​នោះ​។

បច្ចុប្បន្ន​នេះ​ AlienVault Labs ដែល​ជា​ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើ​សន្តិសុខ​បណ្តាញ កំពុង​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ប្រភេទ​ Threat ទាំង​អស់​ខាង​លើ ហើយ​ពួក​គេ​ប្រមូល​បាន​ទិន្នន័យ​យ៉ាង​ច្រើន​ ដើម្បី​បង្កើត​ជា​ Threat Intelligence Correlation Directives, IDS Iignatures, Vulnerability Audits, Asset Discovery Signatures, IP Reputation Data, Data Source Plugins និង​ Report Templates​។

សកម្មភាព​របស់ FF-RAT អាច​ Datect ឃើញ​តាម​រយៈ IDS Signatures និង Correlation Rule ដែល​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្រោម​ឈ្មោះ​ថា AlienVault Unified Security Management ឬ​ហៅ​កាត់​ថា USM Platform​។

ក្រុម​អ្នក​បច្ចេក​វិទ្យា ចង់​បំពាក់​ឧបករណ៍​ដាក់​លើ​ខ្នង​សត្វ​កន្លាត ដើម្បី​រុក​រក​ជន​រង​គ្រោះ​នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ ផ្សេងៗ

សត្វកន្លាតពិតជាសត្វល្អិតមួយប្រភេទ ដែលមាន​ ភាពកខ្វក់ នឹងនាំមេរោគ ច្រើនដល់ ការរស់នៅ របស់មនុស្ស។ បែរជាមាន ក្រុមអ្នកផលិត គ្រឿងយន្ត មួយក្រុម បានមានគំរោង ផលិតនូវ ឧបករណ៍បំពាក់ លើសត្វកន្លាត ប្រភេទនេះ។

ក្រុមអ្នកបង្កើតគ្រឿងយន្ត នៅក្នុងសាកលវិទ្យាល័យ Carolina កំពុងតែ មានគំរោង បង្កើតនូវ បច្ចេកវិទ្យាមួយ ដែលអាចធ្វើ ឲ្យពិភពលោក​ ភ្ញាក់ផ្អើល ដោយបច្ចេកវិទ្យា ពួកគេ នឹងបំពាក់នៅលើ សត្វកន្លាត ដើម្បីឲ្យពួកវា ជួយរុករក ជនរងគ្រោះ នៅពេល មានគ្រោះធម្មជាតិ ផ្សេងៗ ដូចជារញ្ជួយដី ដោយសាររាល់ គ្រោះរញ្ជួយដី ម្តងៗ តែងមានការ បាក់ស្រុតផ្ទះ ដូចនេះមាន មនុស្សជាច្រើន កប់នៅ ក្រោមនោះ ទើបពួកគេ មានគំនិត ប្រើប្រាស់បច្ចេកវិទ្យា នេះឡើង ដោយអមមក ជាមួយ សេនស៊ឺ ដើម្បីធ្វើឲ្យ ការុករក កាន់តែ ជោគជ័យ។

គំនិតនេះពិតជាឆ្លាតវៃ ប៉ុន្តែមនុស្ស គ្រប់គ្នា មិនទាន់អាច ដឹងបានទេ ថាគំនិតនេះ អាចជោគជ័យ នាពេល ខាងមុខ ដូចនេះមាន តែរង់ចាំ ដំណឹងបន្ទាប់ ពីពួកគេបាន សំរេចការបង្កើតនេះ។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
636
923
4540374