jaukjeybanner

ប្រទេស​ចិន​​​ ហេងស៊យ​វ៉ាដាច់​អាមេរិក ខាង​ផលិត​យន្តហោះ​ដ្រូន​បាត់​ទៅ​ហើយ​ក៏​មិន​ដឹង!

ប្រទេស​ចិន​ទំនង​ជា​បាន​ពិន្ទុ​មួយ​បន្ថែម​ទៀត ហើយ​ឡើង​លើស​ពិន្ទុ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ទៀត ក្នុង​វិស័យ​អាកាសចរណ៍។ កាលពី​ចុង​ខែធ្នូ​ឆ្នាំ​ទៅ​មិញ ក្រុមហ៊ុន​ Chengdu Aircraft Corp. របស់​ប្រទេស​ចិន ផលិត​បាន និង​តាំង​ពិព័រណ៍​នូវ​យន្តហោះ​ដ៏​ថ្មី​សន្លាង ជា​ប្រភេទ​យន្តហោះ​បញ្ជា​ពី​ចម្ងាយ ឬ​ដ្រូន (drone) ឈ្មោះ​ធានយី (Tian Yi)។ ដ្រូន​ធានយី ជា​យន្តហោះ​ដែល​អាច​ហោះ​សំកុក​នៅ​ក្នុង​អាកាស​ក្នុង​រយៈ​កម្ពស់​ខ្ពស់ – ហោះ​បាន​ឆ្ងាយ​ និង​រ៉ាដា​ចាប់​មិន​បាន (stealth)។

​មក​ទល់​នឹង​ពេល​នេះ ក្រុមហ៊ុន Chengdu Aircraft Corp. បាន​បញ្ចេញ​ស្នាដៃ​របស់​ខ្លួន​ចំនួន​ពីរ​លើក កាលពី​មុន​នេះ​ម៉្លេះ កាលពី​ឆ្នាំ២០០៦ ម្ដង និង​ ២០០៨ ម្ដង​ទៀត។ ​ដោយឡែក ចំពោះ​ដ្រូន​ស៊េរី​ថ្មី​បំផុត ដែល​ទើប​តែ​ផលិត​បាន​នេះ ត្រូវ​បាន​កែលំអ​លើ​ប្រព័ន្ធ​ផ្សេងៗ​ជាច្រើន ដូចជា​តួ​ម៉ាស៊ីន​ត្រូវ​បាន​កែ​ថ្មី – ប្រព័ន្ធ​ស្រូប​ខ្យល់​មាន​ទំហំ​ធំ​ជាង​មុន និង​ម៉ាស៊ីន​ប្រើ​កង្ហារ​ចំនួន​ពីរ​ម៉ាស៊ីន។

នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​របស់​ប្រទេស​ចិន ព្រោះ​ចិន​ប៉ង​យូរ​ហើយ និង​ប្រឹង​ពឺត​យក​តែ​ពី​ឈ្នះ​ដៃ ដើម្បី​ប្រឡងប្រជែង​គ្នា​ខាង​វិស័យ​យោធា ជាមួយ​និង​សហរដ្ឋ​អាមេរិក។ កុំ​ភ្លេច​ថា​អ្នក hacker ​របស់​ចិន​បាន​បើក​យុទ្ធនាការ​រយៈ​ពេល​ពីរ​ឆ្នាំ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន​បរទេស​ដែល​ផលិត​សម្ភារៈ​សឹក មិន​តិច​ជាង ២០ ក្រុមហ៊ុន​ទេ​អាច​ចុះ​កុង​ត្រា​បាន​។ គេ​ធ្វើ​នេះ​ដើម្បី​លួច​យក​បច្ចេកវិទ្យា​ផលិត​យន្តហោះ​ដ្រូន​របស់​សហរដ្ឋ​ អាមេរិក។

យន្តហោះ​ដ្រូន​ប្រភេទ​ថ្មី​នេះ អាច​បំពេញ​មុខ​ងារ​ជា​គូប្រកួត​ប្រជែង​របស់​យន្តហោះ​ដ្រូន​ម៉ាក Global Hawk របស់​សហរដ្ឋ​អាមេរិក​ និង​ជា​ប្រភេទ​ដាក់​ឲ្យ​ប្រើ​ប្រាស់​សម្រាប់​បំពេញ​បេសកកម្ម​ឃ្លាំ​មើល (surveillance)។ សូម​បញ្ជាក់​ថា​ប្រទេស​ចិន​មិន​មែន​ព្យាយាម​ប្រកួតប្រជែង​ជា​មួយ​អាមេរិក​តែ ​លើ​យន្តហោះ​ដ្រូន​មួយ​មុខ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​ក្រុមហ៊ុន Chengdu Aircraft Corp. ក៏​កំពុង​ផលិត​យន្តហោះ​ចម្បាំង​ម៉ាក J-20 ​ដែល​ជា​ប្រភេទ​យន្តហោះ​ជំនាន់​ទី ៥ (fifth generation) ​អាច​ល្អ​ជាង​យន្តហោះ​ចម្បាំង​ម៉ាក F-35 ​របស់​សហរដ្ឋ​អាមេរិក លើ​ផ្នែក​ខ្លះ។

យន្តហោះ​របស់​ប្រទេស​ចិន​ម៉ាក J-20 អាច​លេចចេញ​ជា​រូបរាង​​ទៅ​បាន ក៏​អាស្រ័យ​ដោយ​សារ​ប្រទេស​ចិន​ប្រើ​វិធី​លួច​យក​ឯកសារ​តាម​អ៊ីនធឺណិត និង​មួយ​ផ្នែក​ទៀត តាម​វិធី​ចារកម្ម (espinage)។ ​កាលពី​ខែកក្កដា ឆ្នាំ២០១៤ សហគ្រិន​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​តែ​បាន​លួច​យក​ទិន្នន័យ​ទុន (soft copy) រាប់​ជីហ្កាបៃ (gigabytes) ស្ដីពី​ផែនការណ៍​ផលិត​យន្តហោះ​ចម្បាំង​ម៉ាក F-35 និង F-22 Raptorរបស់​សហរដ្ឋ​អាមេរិក រួម​ជាមួយ​ឯកសារ​មួយ​ចំភ្លូស​ធំ ពាក់ព័ន្ធ​នឹង​ផែនការណ៍​ក្នុង​វិស័យ​អាកាសចរណ៍​របស់​ក្រសួងការពារជាតិ​ អាមេរិក។ ប្រទេស​ចិន​មានលទ្ធភាព​ឡើង​ស៊េរី​យន្តហោះ​ម៉ាក J-20 ឲ្យ​កាន់​តែ​ទំនើប​ខ្លាំង​ឡើង ក៏​ដោយ​សារ​លួច​បាន​ផែនការណ៍​ផលិត​យន្តហោះ​ម៉ាក F-35 នេះ​ឯង៕

យន្តហោះ​ចម្បាំង F-35 មាន​ទំហំ​ប៉ុណ្ណឹង​សោះ​អាច​ផ្ទុក​គ្រាប់​បាន​ប៉ុន្មាន​តោន​សម្រាប់​ទៅ​វាយ​ប្រហារ​នៅ​សមរភូមិ?

រូបភាព​ដែល​ប្រិយមិត្ត​បាន​ឃើញ​ខាងលើ​នេះ គឺ​ជា​​​​គ្រឿង​យុទ្ធភណ្ឌ​​ (គ្រាប់) ដែល​ត្រូវ​បាន​គេ​យក​ទៅ​បំពាក់​លើ​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប​​បំផុត​មួយ​ របស់​អាមេរិក F-35។ F-35 គឺ​​ជា​យន្តហោះ​ចម្បាំង​ដ៏​មាន​សក្ដានុពល​បំផុត​​នៅ​ក្នុង​សមរភូមិ​ វាយប្រហារ​តាម​ដែន​អាកាស​របស់​កងទ័ព​អាមេរិក​​នា​ពេល​បច្ចុប្បន្ន​នេះ។​

ផ្អែក​​លើ​រូបភាព​នេះ​​​​ គេ​បាន​អះអាង​ថា ​យន្តហោះ​ចម្បាំង F-35 មាន​សមត្ថភាព​អាច​ផ្ទុក​គ្រាប់​បាន​​ទម្ងន់​ជា​អតិបរមា​សរុប​ប្រមាណ ៨,១៦ តោន​សម្រាប់​ទៅ​វាយ​ប្រហារ​លើ​គូ​សត្រូវ​គ្រប់​សមរភូមិ។ ​

គ្រាប់​មីស៊ីល​ទំនើបៗតូច​ធំ​ជា​ច្រើន​គ្រាប់ គ្រាប់​បែក​ទម្ងន់​ធ្ងន់ៗ និង​ កាំភ្លើង​ស្វ័យប្រវត្តិ​​ត្រូវ​បាន​បំពាក់​នៅ​លើ​យន្តហោះ​ចម្បាំង​ទំនើប​ នេះ។ ​​​​​ ការ​តាំង​បង្ហាញ​គ្រឿង​យុទ្ធភណ្ឌ​​របស់​យន្តហោះ​​ចម្បាំង​​​នេះ​ធ្វើ​ឡើង​នៅ ​មូលដ្ឋាន​កងទ័ព​ជើង​​អាកាស​របស់​ខ្លួន ​​Edwards Air Force Base ស្ថិត​នៅ​​រដ្ឋ​​ California​៕

ឈុតសព្វាវុធទំនើបៗ របស់សហរដ្ឋ អាមេរិកនៅពិព័រណ៏ AUSA-2014

AUSA ជាពិព័រណ៏ វិស័យការពារដែលព្រារព្ធធ្វើប្រចាំឆ្នាំ នៅក្នុងខែតុលានៅសហរដ្ឋអាមេរិក។ បណ្តាក្រុមហ៊ុនផលិតសព្វាវុធ របស់អាមេរិកនាំមកផ្សព្វផ្សាយនូវបណ្តាសព្វាវុធទំនើបៗ ជាច្រើនឈុត ពិសេសគឺឧទ្ធម្ភាកចក្រវាយប្រហារល្បឿនលឿន ម៉ាក Kaider។

ឧទ្ធម្ភាកចក្រដឹកជញ្ចូនពហុមុខងារ ធុន V-280 valor ផលិតដោយក្រុមហ៊ុនBell។

នេះជាឧទ្ធម្ភាកចក្រឈ្លបយកការណ៏ និងវាយប្រហារកម្រិតខ្ពស់ S-97 Ran ជាផលិតផល នៃក្រុមហ៊ុន Sikotsky ។ វាអាចដឹកទ័ព ឈ្លបយកការណ៏និងវាយប្រយុទ្ធ ជាមួយល្បឿន400Km/h។

អ្នកសង្កេតការណ៏កំពុងពិនិត្យ អាវុធវែងសម្រាប់វាយលុកប្រភេទថ្មី។ អាវុធដែលតាំងបង្ហាញក្នុងឆ្នាំនេះ ភាគច្រើនជាអាវុថសម្រាប់ទ័ពស្មើរជើង។

សូម្បីកាំភ្លើងខ្លី ក៏មានកែវតម្រង់ ប្រើបច្ចេកវិទ្យាពន្លឺ ដ៏ទំនើបផងដែរ។

កាំភ្លើងបាញ់ឆ្មក់ HISS-XLR មានកែវតម្រង់ប្រើកំដៅ Thermo sight ដែលជួយឱ្យខ្មាន់កាំភ្លើង អាចបាញ់ត្រូវគោដៅនៅចម្ងាយ 200m ពីគេ។

នេះជាពន្លាតាំងបង្ហាញកំាភ្លើងបាញ់ឆ្មត់ផលិតដោយក្រុមហ៊ុនFlir។​

រថយន្តMinibus workswagenដែលបំពាក់ដោយអាវុធទំនើបៗសំម្រាប់កងកំម៉ង់ដូ បន្លំភ្នែកបច្ចាមិត្រ។

រថពាសដែក JLFV ផលិតដោយក្រុមហ៊ុន Oshkosh ដែលនិងត្រូវគេដាក់ឱ្យជំនួសរថយន្ត Humvee។

រថចម្បាំង​ GCV មានកាំភ្លើង ត្បាល់បញ្ជាបានពីចម្ងាយ MK38 ដែលផលិតដោយ BAE Systems សំម្រាប់កងទ័ពអាមេរិក។

បណ្តាគ្រាប់កាំជ្រួចប្រភេទថ្មី ប្រើសម្រាប់កំាភ្លើងប្រតិកម្ម​M270។

មួកដែលមានកាំមេរ៉ាជួយឱ្យមើលឃើញគោលដៅពីចម្ងាយ ឬប្រើក្នុងទី ងងឹក ឬ វេលាយប់ ដែលផលិតដោយWilcox។

ឧបករណ៏ តាមដានគោដៅប្រើកាំរសី្ម X ផលិតដោយFLir

Robot​ ប្រើចូលបញ្ជាសម្រាប់ចៀតជ្រៅនៅក្នុងតំប់ខ្មាំងដើម្បីឈ្លបយក ការណ៏ និង​បញ្ចូនរូបភាពទីបញ្ជាការ៕​

 

​ប្រភព XALUANCOM

កងកម្លាំងពិសេសរុស្សី ប្រើកាំភ្លើងខ្លីរបស់បស្ចឹមប្រទេស

កងកម្លាំងពិសេសសម្រាប់វាយឆ្មក់ Moseow (OMON) ទើបតែត្រូវបានគេបំពាក់បន្ថែមនូវអាវុធប្រចាំខ្លួន គឺកាំភ្លើងខ្លីប្រភេទថ្មី។ ចំណុចត្រូវនិយាយត្រង់នេះគឺ ជាអាវុធ ផលិតដោយបស្ចឹមប្រទេស។

កងកម្លាំងពិសេស Moscow (OMON) មានភារកិច្ចបង្រ្កាបភេរវកម្មនិងឧក្រិដ្ឋជន សាហាវៗ។ ទន្ទឹម នឹងអាវុធដែលផលិតក្នុងស្រុក កងកម្លាំងOMON​ទើបតែត្រូវបានគេបំពាក់ថែមនូវកាំភ្លើងខ្លី Glock​ ដែលផលិតដោយប្រទេសអូទ្រីស។ Glock ផលិតឡើងពីជ័រ ប្រយោន៏ស្រាល និងផ្ទុកគ្រាប់បានច្រើន។

តម្រូវតាមភាចាំបាច់ ពួកគេត្រូវបានបំពាក់ដោយ អាវុធទំនើបៗ។

អាវុធរបស់ OMON មានកម្រិតប្រសិទិ្ធភាពខ្ពស់ កម្លាំងកំទេចខ្លាំង។

ក្រៅពីកាំភ្លើងខ្លី Pssvulនិង Ao-44 កំម្លាំង​OMON ត្រូវបានបំពាក់បន្ថែមដោយ Glock(ពណ៏ខ្មៅ)។

នេះជាឈុតអាវុធ សម្រាប់ពលទាហានម្នាក់ៗ ក្នុងOMON។​

ចំណុចខ្លាំងរបស់Glock គឺគ្រាប់ច្រើន ល្បឿនលឿន និងទម្ងន់ស្រាល។

ប្រទេស​​​៥ក្នុង​តំបន់​អាស៊ាន​ ដែល​ចំណាយ​ថវិកា​អស់​ច្រើន​បំផុត​លើ​វិស័យ​ការពារ​ជាតិ​​ឆ្នាំ​២០១៣

វិស័យ​ការពារ​ជាតិ​ពិតជា​ដើរតួ​សំខាន់​បំផុត ក្នុង​ការ​ការពារ​​ពី​​ការវាយប្រហារ​ ឬ ឈ្លានពាន​ណា​មួយ​ពី​បរទេស​ព្រោះថា បើ​កម្លាំងទ័ព​ខ្សោយ​ វា​ពិតជា​មាន​ការ​លំបាក​ក្នុង​ទប់ទល់​ជាមួយ​នឹង​សត្រូវ​ខ្លាំង​ណាស់។ ដោយសារតែ​មាន​សារៈសំខាន់​បែប​នេះ​ហើយ ​បាន​ជា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក​ តែង​ខិត​ខំ​ចំណាយ​ថវិកា​​ជា​ច្រើន​ដើម្បី​ ពង្រឹង​វិស័យ​ការពារ​ជាតិ​ឲ្យ​រឹងមាំ​ជាង​មុន។ សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​វិញ​ ក៏​មិន​ខុស​ពី​ប្រទេស​ទៃ​ទៀត​ដែរ ពោល​គឺ​មិន​បាន​ភ្លេច​ពី​ការ​សារសំខាន់​​ពង្រឹង​វិស័យ​ការពារ​ជាតិ​ឡើយ។

ខាង​ក្រោម​នេះ គឺជា ប្រទេស​ទាំង​៥ នៅ​តំបន់​អាស៊ាន​ដែល​ចំណាយ​ថវិកា​អស់យ៉ាង​ច្រើន​លើ​វិស័យ​ការពារ​ជាតិ​៖

១) សិង្ហបុរី
ថ្វី​បើ​ប្រទេស​នេះ​តូច​ក្តី ពោល​គឺ មាន​ទំហំ​ត្រឹមតែ​ ៧១៨,៣ គីឡូម៉ែត្រក្រឡា តែ​សេដ្ឋកិច្ច​ប្រទេស​នេះ គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​យ៉ាង​ខ្លាំង។ ដោយសារតែ​មាន​សេដ្ឋកិច្ច​ល្អ​បែបនេះ​ហើយ បានជា​ សិង្ហបុរី បានឈរនៅលំបាប់ទី១ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ក្នុង​នាម​ជា​ប្រទេស​ដែល​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ច្រើន​ជាង​គេ គឺ​រហូត​ដល់ ១២, ៣៤ ពាន់​លាន​ដុល្លារ​អាមេរិក​ កាលពី​ឆ្នាំ ២០១៣ (ប្រភព៖ www.singaporebudget.gov.sg​)​។

២) ឥណ្ឌូណេស៊ី​
ឥណ្ឌូណេស៊ី​ជា​ប្រទេស​ធំ​មួយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ហើយ​ក៏​ជា​ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ធំ​មួយ​ផង​ដែរ។ បើ​និយាយ​អំពី​វិស័យ​ការពារ​ជាតិ​វិញ ប្រទេស​នេះ បាន​ខិតខំ​ពង្រឹង​យ៉ាង​ខ្លាំង ហើយ​បាន​ឈរ​នៅ​លំដាប់​ទី​ តាម​ពី​ក្រោយ​សិង្ហបុរី ដោយ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​អស់​ប្រមាណ ៨,១ ពាន់​លាន​ដុល្លារ​អាមេរិក ឆ្នាំ ២០១៣ (ប្រភព៖www.globalsecurity.org)។

៣) ថៃ
ក្នុង​ប្រវត្តិសាស្ត្រ​របស់​ថៃ គឺ​មិនសូវ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​តែ​សង្គ្រាម​ដូច​បណ្តា​ប្រទេស​ដទៃ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នោះ​ទេ ប៉ុន្តែ​ប្រទេស​នេះ ក៏​មិន​បាន​ធូររលុង​លើ​វិស័យ​ការពារ​ជាតិ​នោះ​ដែរ។ កាល​ពី​ឆ្នាំ ២០១៣ ប្រទេស​ថៃ បាន​ចំណាយ​អស់ ៥,៧ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ ឈរ​នៅ​លំដាប់​ទី បន្ទាប់​ពី​ឥណ្ឌូណេស៊ី (ប្រភព៖www.globalsecurity.org)។

៤) ម៉ាឡេស៊ី​
ម៉ាឡេស៊ី​ក៏​មិន​ខុស​ពី​ប្រទេស​ផ្សេង​ទៀត​ដែរ ពោល​គឺ​កំពុង​ពង្រឹង​វិស័យ​ការពារ​ជាតិ​ឲ្យ​កាន់​តែ​ប្រសើរ​ជាង​មុន។ សម្រាប់​ឆ្នាំ ២០១៣កន្លងទៅ រដ្ឋាភិបាល​ប្រទេស​នេះ បាន​ចំណាយ​អស់ ប្រមាណ ៤,៩៦ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ឆ្នាំ ២០១៨ គ្រោង​ចំណាយ​ចំនួន​ ៥,៦៨ ពាន់​លាន​ដុល្លារ​អាមេរិក (ប្រភព៖www.asdreports.com) ។

៥) ប្រទេស​វៀតណាម
វៀតណាម​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្រទេស​ដែល​ធ្លាប់​ឆ្លងកាត់​ភ្លើង​សង្គ្រាម​ជា​ច្រើន​ ដូច្នេះ​បើ​ទោះបីជា នៅ​ពេល​បច្ចុប្បន្ន​នេះ មិន​មាន​បញ្ហា​អ្វី​ធំ​ដុំ​ក៏​ដោយ ក៏​ប្រទេស​នេះ​នៅ​តែ​បន្ត​ពង្រឹង​សមត្ថភាព​យោធា​របស់​ខ្លួន​ជានិច្ច។ បើ​តាម​របាយការណ៍​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០១២ កន្លងទៅ ​វៀតណាម​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ៣,៣ ពាន់​លាន​ដុល្លារ​អាមេរិក​លើ​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​ (ប្រភព​៖ www.defence.gov.au)៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
357
2461
4918357