ភ្នំពេញ: សំឡេងដែលបង្ហើរជាងមួយឆ្នាំថា វិលរកឆ្នាំងចាស់ ទទួលការសម្តែងដូចកាលពី៤ឆ្នាំមុន របស់តារាសម្តែងស្រីជាប់ងារកំពូលតារាសិចស៊ី នាង វ៉ាង ស្រីណូ បានបង្ហាញរូបរាងហើយ។ ក្រោយថតសម្តែងចម្រៀងខារ៉ាអូខេឲ្យផលិតកម្មសាន់ដេក្នុងបទចម្រៀង សុខ ពិសី និងទទួលការងាររាំកំដរឆាកឲ្យផលិតកម្មចម្រៀងក្រៅស្រុកផងនោះ ពេលនេះនាងបានប្រកាសដកខ្លួនពីការសម្តែងឈុតក្តៅសាច់ទៀត។
ស្រីណូ បានដកខ្លួនចេញពីសង្វៀនសម្តែងសិល្បៈរយៈពេលជិតកន្លះទសវត្សរ៍។ ប៉ុន្ដែថ្វីបើអតីតកំពូលតារាសិចស៊ីរូបនេះ គ្មានវត្តមានក្នុងការសម្តែងភាពយន្តយ៉ាងណាក្តី ក៏នាងនៅតែចូលរួមជួបជុំសិល្បៈធម្មតា មិនខុសពីតារាកំពុងសស្រោកសស្រាំនឹងសិល្បៈទេ។
នៅក្នុងចន្លោះពេលនោះ ជីវិតនាងហាក់ហ៊ុមព័ទ្ធដោយរឿងអាស្រូវកាន់តែច្រើន ដូចជា ការរស់នៅជាមួយគូស្នេហ៍ និងរឿងរ៉ាវវិប្បដិសារីជំងឺមហារីកសុដន់ ដោយការកែសម្ផស្សញឹកញាប់រហូតត្រូវកាត់សុដន់ដ៏មូលក្បំទាំងគូ ចោល។
ប៉ុន្តែព្យុះព័ត៌មានដ៏អាស្រូវត្រូវបានរលាយសាបសូន្យដូចអំបិល ត្រូវទឹក ហើយភាពប្រក្រតីបានវិលមកដូចដើមវិញ បន្ទាប់ពីនាងបង្ហាញខ្លួនជាសាធារណៈ និងប្រឡូកក្នុងសិល្បៈក្នុងសភាពស្អាតបាតពេញមួយតួខ្លួន។
ជាមួយរូបសម្រស់នៅតែស្រស់ផូរផង់ មិនចាញ់តារាស្រករក្រោយ ការវិលវិញនោះ នៅមិនទាន់បង្ហាញទស្សនីយភាពសិចស៊ីទាក់ភ្នែកមហាជនមួយឈុតផង បែរជានាងប្រកាសថា ឈប់ទន្ទឹងមើលឈុតរោលរាលអីទៀតទៅ។
វ៉ាង ស្រីណូ ប្រាប់បែបនេះនៅក្នុងជំនួបពេលនាងទៅចូលរួមសម្តែងកំដរឆាកឲ្យ ផលិតកម្មរៃមាស ដោយនាងអះអាងថា៖ «ការវិលមកសិល្បៈសម្តែងនោះ នឹងមិនចង់ឲ្យមានពាក្យរិះគន់ថា ខ្ញុំនៅគ្រងតំណែងសិចស៊ីទៀតទេ»។
បើទោះជា វ៉ាង ស្រីណូ អះអាងថា ខ្លួនរាដៃបាយៗពីឈុតសម្តែងសិចស៊ី ទម្លាក់ទុកឲ្យតារាស្រករក្រោយក្តី ប៉ុន្ដែក្នុងរូបភាពបង្ហាញពីសកម្មភាពសម្តែងបទចម្រៀងឲ្យផលិតកម្ម សាន់ដេថ្មី ជាមួយនឹងតារាមហាសំណាងប៉ះសាច់តារាស្រីខ្មែរអស់មួយនគរលោក អេនឌី កញ្ញា វ៉ាង ស្រីណូ ក៏គ្រងរ៉ូបសិចស៊ីដដែល។
ប៉ុន្ដែនាងបដិសេធថា នេះគ្រាន់តែជាឈុតធម្មតាហ្នឹង មិនសិចស៊ីណាដូចមុនទេ។ វ៉ាង ស្រីណូ និយាយដដែលថា នាងបានវិលមកប្រឡូកអាជីពសម្តែងជាថ្មីនេះ គ្មានចេតនា ស្វែងរកភាពល្បី ឬចង់សន្សំប្រាក់ពីការសម្តែងនោះទេ។
នាងបញ្ជាក់យ៉ាងខ្លីថា៖ «ការវិលវិញនេះគឺដោយសារស្រឡាញ់អាជីពសិល្បៈ»។
តារាសាច់សខ្ចីដ៏ទ្រលុកទ្រលន់រូបនេះ ប្រកាសថា៖ «មិនលេងឈុតកាចៗ និងថតរឿងបែបស្រើបស្រាលទៀតឡើយ និងមិនដើរថតហាលក្តៅទៀតទេ។ ឈុតសម្ដែងបែបនេះទុកឲ្យប្អូនជំនាន់ក្រោយចុះ»៕