កម្ពុជាបាននាំអង្ករចេញកន្លះលានតោន តិចជាងគម្រោងការ
- សេចក្ដីលម្អិត
- ចេញផ្សាយនា អង្គារ, 12 មករា 2016 10:12
- និពន្ធដោយ camnews
កម្មករកំពុងផ្ទេរអង្ករចេញពីឡានមកដាក់ក្នុងឃ្លាំងនៅក្រុមហ៊ុន AMRU Rice កន្លងមក។
ភ្នំពេញៈ ការនាំចេញអង្កររបស់កម្ពុជានៅក្នុងឆ្នាំ ២០១៥ សម្រេចបានតែពាក់កណ្តាលនៃផែនការ ១ លានតោនរបស់រដ្ឋាភិបាលប៉ុណ្ណោះ ជាមួយនឹងការកើនឡើងជិត៤០ភាគរយបើធៀបនឹងឆ្នាំ ២០១៤។ នេះបើតាមទិន្នន័យផ្លូវការពីលេខាធិការដ្ឋាន ច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ។
របាយការណ៍ប្រចាំឆ្នាំចេញកាលពីថ្ងៃសុក្រ ឲ្យដឹងថា កម្ពុជានាំចេញអង្ករបាន ៥៣៨ ៣៩៦ តោនបើធៀបនឹង ៣៨៧ ០៦១ តោនកាលពីឆ្នាំ ២០១៤ ដែលកើនឡើង ៣៩,១ ភាគរយ។
កំណើននេះនាំមុខដោយប្រទេសចិន ដែលមានចំនួន ២១,៧ ភាគរយ និង ម៉ាឡេស៊ី ១០,២ ភាគរយ ក្នុងចំណោមទិសដៅឈានមុខគេ ១០។ ប្រភេទអង្ករនាំចេញសំខាន់ៗគឺអង្ករ ផ្កាម្លិះ និងអង្ករក្រអូប ដែលមាន៥១ភាគរយ ហើយបន្ទាប់មកអង្ករសមានចំនួន ៤១,២ភាគរយ។
តាមរបាយការណ៍ ក្រុមហ៊ុនអេមរុ រ៉ាយស៍ (ខេមបូឌា) នាំមុខគេក្នុងការនាំចេញអង្ករ ដែលបានរួមចំណែករហូតដល់ ១១,៣ ភាគរយនៃការនាំចេញសរុប បន្ទាប់មកក្រុមហ៊ុនខ្មែរហ្វូតដែលមាន១០,៨ភាគរយ។
ស្ថិរភាពនយោបាយ និងការខិតខំធ្វើការងារយ៉ាងខ្លាំងរបស់រដ្ឋាភិបាលសម្រាប់ការ ស្វែងរកទីផ្សារថ្មីសម្រាប់ការនាំចេញអង្ករ បានធ្វើឲ្យកម្ពុជារក្សាបានកំណើននាំចេញអង្កររបស់ខ្លួន។ នេះបើយោងតាមលោក ហ៊ាន វណ្ណហន អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម។
លោកលើកឡើងថា៖ «រដ្ឋាភិបាលតែងតែស្វែងរកការចរចាថ្មីៗសម្រាប់កូតាថ្មីពីប្រទេសចិន ដែលជាមូលហេតុសំខាន់នៃការកើនឡើង»។
ដើម្បីបង្កើនការនាំចេញនៅឆ្នាំនេះ ក្រុមហ៊ុននាំចេញអង្ករចាំបាច់ត្រូវទទួលការវាយតម្លៃដោយក្រសួង កសិកម្មតាមរយៈការត្រួតពិនិត្យសមត្ថភាពម៉ាស៊ីនកិនស្រូវ អនាម័យ និងភូតគាមអនាម័យក្នុងការធានាឲ្យប្រាកដពីគុណភាព និងសុវត្ថិភាពស្បៀង។
លោកបន្តថា៖ «វាមានការរឹតបន្តឹងខ្លាំងក្នុងការនាំចេញទៅប្រទេសចិន ដែលតម្រូវឲ្យមានការចុះបញ្ជីរបស់ក្រុមហ៊ុននាំចេញអង្ករសម្រាប់ ការនាំចេញទៅប្រទេសចិន ដើម្បីធានាថា វាបានឆ្លើយតបទៅនឹងលក្ខណវិនិច្ឆ័យរបស់ពួកគេ និងសមត្ថភាពក្នុងការនាំចេញ គុណភាព និងសុវត្ថិភាពស្បៀង»។
ប៉ុន្តែលោកមិនអាចរំពឹងបានទេថាតើរដ្ឋាភិបាលអាចបង្កើនកូតា បន្ថែមទៅប្រទេសចិនឬអត់ក្នុងឆ្នាំ ២០១៦ ព្រោះវាត្រូវពឹងលើរោងម៉ាស៊ីនកិនស្រូវថាតើអាចឆ្លើយតបនឹង តម្រូវការរបស់ពួកគេឬអត់?
លោកថ្លែងថា៖ «ប្រទេសចិនមានសក្ដានុពលដ៏សំខាន់សម្រាប់ទិសដៅនាំចេញអង្ករសម្រាប់កម្ពុជា»។
ទាក់ទងនឹងផលប៉ះពាល់ពីគ្រោះរាំងស្ងួត ក្រសួងកសិកម្មបានឲ្យដឹងថា វាមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ ប៉ុន្តែវានឹងមិនមានផលប៉ះពាល់ដល់សុវត្ថិភាពស្បៀង និងការនាំចេញអង្ករនោះទេ។
លោក ហ៊ាន វណ្ណហន បញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០១៥ កម្ពុជានៅមានស្រូវ៤លានតោនក្នុងឃ្លាំង។
អ្នកជំនាញខាងកសិកម្មថ្លែងថា តាមរយៈរបាយការណ៍នេះ វាអាចបង្ហាញថា ឧស្សាហកម្មអង្ករកំពុងរក្សាកំណើនជារៀងរាល់ឆ្នាំ ទោះបីជា វាមិនអាចឆ្លើយតបនឹងផែនការរបស់ រដ្ឋាភិបាលក៏ដោយ។
លោក យ៉ង សាំងកុមារ អតីតប្រធានអង្គការកសិកម្ម សេដាក បានឲ្យដឹងថា ការនាំចេញអង្ករឆ្នាំ ២០១៦ នៅតែវិជ្ជមាន ប៉ុន្តែវានឹងមិនកើនឡើងច្រើនទេ។
លោកលើកឡើងថា៖ «ទោះបីជាយើងមើលឃើញលទ្ធផលវិជ្ជមានក៏ដោយ ក៏សក្ដានុពលការនាំចេញអង្ករនៅតែមានកម្រិត ដោយសារតែមិនមានវិធានការចំពោះការចំណាយលើការផលិត»។
លោកបន្តថា កសិករមិនមានដើមទុន ពួកគេនៅតែត្រូវបង់ការប្រាក់ ខណៈការដឹកជញ្ជូន និងអគ្គិសនីគឺនៅតែជាឧបសគ្គ។
លោកបញ្ជាក់ថា៖ «ប្រព័ន្ធធារាសាស្ដ្រ និងអ្នកជំនាញសម្រាប់ជួយដល់កសិករក្នុងការបង្កបង្កើនផលស្រូវនៅ តែមានកម្រិត កសិករចំណាយច្រើន ប៉ុន្តែចំណេញតិច»។
បើតាមលោក យ៉ង សាំងកុមារ សមាគមកសិករនៅតែចាំបាច់ត្រូវបង្កើតបន្ថែមទៀតដើម្បីជួយដល់កសិករ និងការស្វែងរករបៀបថ្មីនៃការស្ដុកស្រូវទុក។
លោកស្រី ថេរ សុខា ប្រធានគណៈកម្មាធិការទទួលបន្ទុកផ្នែកផ្សព្វផ្សាយទីផ្សារនៅសហព័ន្ធ ស្រូវអង្ករ (CRF) បានថ្លែងថា ទោះបីជាលទ្ធផលមិនបានឆ្លើយតបនឹងទិសដៅ ១ លានតោនក៏ដោយ ប៉ុន្តែវានៅតែមានភាពវិជ្ជមាន និងជាសញ្ញាមួយដែលនឹងនាំទៅរកការសម្រេចបានទៅតាមទិសដៅ កំណត់នៅពេលអនាគត។
លោកស្រីបន្តថា៖ «ហើយខ្ញុំសង្ឃឹមថា នៅឆ្នាំនេះវានឹងកើនឡើងជិតដល់ទិសដៅកំណត់ ហើយតម្លៃអង្ករនឹងកើនឡើងផងដែរ»៕
កម្លាំងសាសនាធ្វើឲ្យសង្គមជាតិរុងរឿងនៅសម័យអង្គរ
- សេចក្ដីលម្អិត
- ចេញផ្សាយនា អង្គារ, 03 មីនា 2015 13:43
- និពន្ធដោយ kpt
សាសនាប្រៀបដូចជាកង់ម្ខាងនិងការដឹកនាំរដ្ឋក៏ដូចជាកង់ម្ខាងទៀតនៃរថដែលបើកបរទៅមុខឬ វិលស្របគ្នានៃចក្រទាំងពីរ មានដំណើរការល្អ ដោយមិនអាចវិលទៅមុខតាមរយៈកង់តែម្ខាងនោះទេ។ យ៉ាងណាមិញនៅសម័យអង្គរដែលប្រវត្តិសាស្ត្របានកត់ត្រាព្រមទាំងមានភស្តុតាងជាក់ស្តែងនៃការរីកចម្រើន បន្សល់ទុកមកទល់នឹងបច្ចុប្បន្នគឺ មរតកវប្បធម៌នៃសាសនាតែម្តង។ មិនថាតែត្រឹមសម័យអង្គរនោះទេគឺទាំងសម័យចេនឡា និងបន្តតាំងពីសម័យអាណាចក្រនគរភ្នំមកក្នុងសង្គមខ្មែរបានបន្សល់ទុកនូវកេរមរតកខាងសាសនាជាច្រើនចាក់ឫសក្នុងសង្គមខ្មែរដែលបានបង្ហាញរូបភាពពិតមកទល់ពេលនេះ។ មរតកវប្បធម៌ទាំងនោះមានដូចជាប្រាង្គប្រាសាទ ក្បាច់ចម្លាក់បដិមា ទេវរូប និង ទេវកថា នានាយ៉ាងច្រើនដែលដូនតាខ្មែរបានតម្កល់ទុកជាចំណងដៃដល់កូនចៅខ្មែរគ្រប់ជំនាន់សិក្សាស្វែងយល់ អំពីចំណេះដឹងនិងការច្នៃប្រឌិត របស់បុព្វបុរស។
ជាពិសេសឲ្យកូនចៅគ្រប់ជំនាន់បានដឹងនូវ វត្ថុបំណងរបស់ដូនតាអំពីជំនឿទៅលើសាសនាតែម្តង។ ទន្ទឹមនេះផងដែរ ក៏គេបានដឹងថា ជំនឿខាងសាសនាជាជំនឿនៅក្នុងការគ្រប់គ្រងរដ្ឋដែលដឹកនាំដោយព្រះមហាក្សត្រ ហើយដែលព្រះអង្គមានការគាំទ្រនិងទ្រទ្រង់សាសនា យ៉ាងមោះមុត ស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដ។ ជាពិសេសសំណង់នៃប្រាង្គប្រាសាទទាំងអស់នោះសុទ្ធសឹងបង្ហាញឲ្យដឹងថាជាការឧទ្ទិសថ្វាយខាងព្រហ្មញ្ញសាសនា និងខាងពុទ្ធសាសនាដែលប្រាង្គប្រាសាទទាំងនោះគេចាត់ទុកជាលំនៅដ្ឋានព្រះអាទិទេពឬជាព្រះវិហារតម្កល់ព្រះពុទ្ធប្បដិមា និងព្រះពោធិសត្វជាដើម។ បន្ទាប់ទៅនេះយើងនឹងបង្ហាញតែប្រាសាទ២កន្លែងទេដែលបានបញ្ជាក់អំពីកម្លាំងមហា សាមគ្គីផ្ទៃក្នុងរបស់ជាតិដ៏រឹងមាំលើសសម័យណាៗទាំងអស់គឺប្រាសាទបាយ័ននិងប្រាសាទនាគព័ន្ធក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។
ចំពោះការទាក់ទាញ ភ្ញៀវ ទស្សនាប្រាសាទបាយ័ន និងប្រសាទនាគព័ន្ធគេតែងយល់ថាពិតជាមានរូបភាពជាក់ស្តែងដែលជាឧត្តមគតិបុព្វបុរសទាញចេញពីទេវកថាមហាបេសកម្មកូរសមុទ្ទទឹកដោះតែម្តង។ ដ្បិតទេវ កថានោះគេធ្លាប់ឃើញតែតាមក្បាច់ចម្លាក់ថ្ម ជាផ្ទាំងតូចនិងឃើញចម្លាក់ដ៏ធំវែងនៅជញ្ជាំងប្រាសាទអង្គរវត្តប៉ែកខាងកើតចំហៀងខាងត្បូង។ ប៉ុន្តែចំពោះរូបភាពពិតនិងមានការបង្កប់នូវប្រស្នាអំពីការកូរសមុទ្ទនោះដែរ ដូចជាចម្លាក់យក្សនិងទេវតាទាញព្រ័ត្រនៅខាងមុខខ្លោងទ្វារ ប្រាសាទអង្គរធំ។ បានសេចក្តីថា បុព្វបុរសបានចាត់ទុកប្រាង្គកណ្តាលនៃប្រាសាទបាយ័នជាភ្នំមន្ទរៈ តម្កល់លើអណ្តើកកុម៌ៈ ហើយដែលប្រាង្គប្រាសាទនោះតម្កល់ព្រះពុទ្ធរូបប្រៀបបាននឹងទឹកអម្រឹតនៃមនុស្សជាតិដើម្បីឆ្ពោះទៅកាន់ឋានបរមសុខ។ ចំណែកឯប្រាសាទនាគព័ន្ធវិញនោះតាមរយៈនាគមួយគូឆ្វាយកងជារង្វេលធ្វើជាកំណល់នៃប្រាង្គប្រាសាទនោះបានឧទ្ទិសថ្វាយព្រះពុទ្ធសាសនា ដែលគេឃើញបដិមាព្រះពោធិសត្វលោកេស្វរៈ ជាអ្នកទ្រទ្រង់និងថែរក្សាប្រាសាទ។ ចំណែកឯទឹកមន្តដែលហូរចេញតាមទិសទាំង៤នោះហើយដែលគេប្រៀបប្រដូចជាទឹកអម្រឹត។ សរុបសេចក្តីមកទស្សនៈសំយោគនៃសាសនាធំទាំងពីរបានរួបរួមបញ្ចូលក្នុងសំណាក់វប្បធម៌នៃប្រាសាទបាយ័ន និងប្រាសាទ នាគព័ន្ធនោះជាសក្ខីភាពបង្ហាញឲ្យឃើញយ៉ាងឥតប្រកែកបានថាជាកម្លាំងមហាសាមគ្គីភាពក្នុងសង្គមខ្មែរដ៏រឹងមាំ។ បានសេចក្តីថា សាសនាផ្តល់កម្លាំងដល់រដ្ឋ និង រដ្ឋផ្តល់កម្លាំងដល់សាសនាក្នុងការធានាបានអំពីវឌ្ឍនភាពនិងវិបុលភាពសង្គមដ៏ប្រើសើរ៕
ពលរដ្ឋប្រទះឃើញរូបបដិមាមួយអង្គផុសពីស្រះទឹក
- សេចក្ដីលម្អិត
- ចេញផ្សាយនា ច័ន្ទ, 19 មករា 2015 14:09
- និពន្ធដោយ postkhmer
កំពង់ធំៈ រូបបដិមាមួយអង្គទម្ងន់ប្រមាណជា ១០០ គីឡូក្រាមដែលធ្វើពីស្ពាន់ត្រូវបានប្រជាពលរដ្ឋ និងព្រះសង្ឃបានរកឃើញក្នុងទឹកស្រះក្នុងវត្តក្តីដើម ស្ថិតក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃសុក្រសប្តាហ៍មុន ហើយប្រជាពលរដ្ឋនឹងរៀបចំធ្វើពិធីបុណ្យសុំសេចក្តីសុខពីរូបបដិ មាមួយអង្គនេះរយៈពេល ២ យប់ ៣ ថ្ងៃ។
លោកតាំង ឆេងនឿន ប្រធានផ្នែកសន្តិសុខស្រុកស្ទោង បាននិយាយថា រូបបដិមាមួយអង្គនេះកំពុងតែតម្កល់នៅក្នុងវត្តក្តីដើមដែលជា កន្លែងត្រូវបានរកឃើញ ប៉ុន្តែលោកក៏មិនដឹងដែរថា តើខាងស្ថាប័នពាក់ព័ន្ធនឹងយកវាទៅដាក់នៅកន្លែងផ្សេងឬយ៉ាងណាទេ ?
លោកបានថ្លែងឲ្យដឹងថា៖ «រូបនេះមានកម្ពស់ ១ ម៉ែត្រកន្លះ និងទម្ងន់ប្រហែលជា ១០០ គីឡូក្រាម ប៉ុន្តែខ្ញុំមិនដឹងថាវាមានអាយុប៉ុន្មាននោះទេ។ ខ្ញុំមិនទាន់អាចធ្វើការសន្និដ្ឋានបាននៅឡើយទេថា វាជារូបដែលសល់ពីយូរយារមកហើយ ឬមានអ្នកណាម្នាក់យកមកពីណារួចមកទម្លាក់ក្នុងស្រះនេះទេ ដោយសារតែកន្លងមកយើងបានធ្វើការជីកស្តារស្រះនេះពីរដងមកហើយ ប៉ុន្តែមិនដែលបានជួបប្រទះរូបនេះសោះ»។
លោកបានឲ្យដឹងទៀតថា តាមអ្នកស្រុកប្រាប់លោកគឺ មុនពេលរកឃើញរូបបដិមានេះ មានអ្នកយល់សប្តិឃើញថាមានរូបនេះក្នុងស្រះ។ ដូចនេះអ្នកស្រុកនិងព្រះសង្ឃបានធ្វើពិធីបន់ស្រន់រួចក៏បានរក ឃើញរូបបដិមានេះតែម្តង។
លោកតាំង ឆេងនឿន បានបន្តទៀតថា៖ «តាមគំនិតខ្ញុំផ្ទាល់គឺរូបនេះទើបតែធ្វើទេ មិនមែនជារបស់បុរាណទេ ប៉ុន្តែខ្ញុំមិនទាន់សន្និដ្ឋានច្បាស់នៅឡើយទេ»។
លោកគង់ ប៊ុនហេង នាយប៉ុស្តិ៍កំពង់ចិនត្បូង បាននិយាយខុសពីលោកតាំង ឆេងនឿន ពីការរកឃើញរូបនេះថា មានព្រះសង្ឃចាស់ៗនៅក្នុងវត្តនេះពីដើមឡើយបានយកអីវ៉ាន់ដាក់ក្នុង ស្រះ ហើយបានផ្តាំផ្ញើលោកក្រោយៗថា បើមានធ្វើពិធីបុណ្យរំឭកអ្វីមួយដល់វត្តនេះត្រូវយករបស់ក្នុង ស្រះមកធ្វើផង។
លោកបន្តទៀតថា នៅថ្ងៃចន្ទនេះ ចៅអធិការវត្ត មានរៀបចំពិធីបុណ្យមួយក្នុងវត្ត រួចក៏នាំគ្នានឹកឃើញពីបណ្តាំរបស់ព្រះសង្ឃមុនៗក៏នាំគ្នាធ្វើ ពិធីបន់ស្រន់រករបស់ដែលលោកបានលាក់ទុកជាច្រើនឆ្នាំ តាំងពីសម័យឥស្សរៈមកម្ល៉េះ។
លោកបាននិយាយទៀតថា៖«កាលពីថ្ងៃសុក្រ ពុទ្ធបរិស័ទ និងព្រះសង្ឃបាននាំគ្នាធ្វើពិធីបែបន់សុំឲ្យរកឃើញរបស់ដែលបាន លាក់ទុក ដោយបានបួងសួងដោយដាក់ចានដែកបណ្តែតលើទឹកព្រោះទឹកស្រះនោះជ្រៅ ដោយនិយាយថាបើរបស់នោះនៅកន្លែងណា សុំឲ្យចានដែកនោះវិលនៅកន្លែងនោះ។ ពេលនោះចានដែកនោះបានវិលចុះវិលឡើង រួចលោកសង្ឃពីរអង្គក៏បានចុះទៅកន្លែងវិលនោះ រួចក៏បានប៉ះនឹងរូបបដិមានោះតែម្តង»។
លោកស៊ឹម សាវិន ប្រធានការិយាល័យធម្មការ និងសាសនាស្រុក ស្ទោង បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា គណៈកម្មការ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធបានចុះមកធ្វើការពិនិត្យរូបបដិមានេះ ប៉ុន្តែមិនទាន់បានធ្វើការសម្រេចនៅឡើយទេថាតើត្រូវយកទៅដាក់ នៅសារមន្ទីរ ឬដាក់នៅក្នុងវត្តនេះដដែល។
លោកបានថ្លែងថា៖ «ពួកគេនឹងធ្វើការពិភាក្សាគ្នាទៀត ប្រសិនបើពិនិត្យឃើញថាវាជារូបដែលអាចចាត់ចូលជាបេតិកភណ្ឌនោះ គឺនឹងត្រូវនាំយកទៅរក្សាទុកនៅក្នុងសារមន្ទីរ ឬកន្លែងណាមួយដែលល្អ ប៉ុន្តែបើរកឃើញថាជារូបធម្មតាទេនោះ គឺរក្សាទុកនៅក្នុងវត្តនេះដដែល»។
លោកបាននិយាយប្រាប់បន្តទៀតថា ខាងមន្ទីរវប្បធម៌ និងបុរាណវិទូបានធ្វើការវាយតម្លៃថា រូបនេះមិនមែនជារបស់មានអាយុរាប់រយឆ្នាំនោះទេ តែវាប្រហែលជាក្នុងទសវត្សរ៍ទី ៥០ ឬ ៦០ ដែលអ្នកខ្លះហៅថាជាទេវរូប និងអ្នកខ្លះថា មហាទេព ដែលប្រជាពលរដ្ឋនិយមដង្ហែរូបនេះសុំសេចក្តីសុខក្នុងភូមិស្រុក។
លោក បានបន្ថែមថា៖ «រូបនេះមិនទាន់មានការបាក់បែកទេ គឺនៅមានរូបរាងស្អាតនៅឡើយ យើងនឹងរៀបចំពិធីបុណ្យឆ្លង និងអភិសេករូបនេះសុំសេចក្តីសុខសេចក្តីចម្រើនចំនួន ២ យប់ ៣ ថ្ងៃ»៕
ដូនចាស់វ័យ ១១០ ឆ្នាំ ទំនងជាមនុស្សអាយុវែងជាងគេនៅកម្ពុជា
- សេចក្ដីលម្អិត
- ចេញផ្សាយនា សៅរ៍, 24 មករា 2015 16:14
- និពន្ធដោយ postkhmer
ដំណើរជីវិតឆ្លងកាត់ជាច្រើនជំនាន់តាំងពីមុនសម័យសង្គ្រាមលោកលើក ទី១ បន្ដមកសម័យអាណានិគមនិយមបារាំង និងរបបវាលពិឃាតខ្មែរក្រហម ព្រមទាំងរយៈពេលជិត៤០ឆ្នាំនេះ ស្ដ្រីចំណាស់ស្បែកជ្រីវជ្រួញអាយុលើសពីការកំណត់វត្ថុបុរាណទៅហើយ នោះបានស្គាល់បទពិសោធជីវិតគ្រប់រសជាតិចាប់ពីភាពផ្អែមល្ហែមនិង ល្វីងជូរចត់ រកអ្វីមកប្រៀបប្រដូចពុំបានឡើយ។
ដូនចាស់ ញិ ប្លៀន វ័យ១១០ឆ្នាំ មានកំណើតជាជនជាតិព្រៅ ជ្រកក្រោមដំបូលខ្ទម ប្រក់ស្បូវធ្លុះធ្លាយលេចមុខលេចក្រោយរងការរងាពេលមានភ្លៀងធ្លាក់ ស្ទើរគ្មានកន្លែងដេក ជញ្ជាំងបន្ទះឫស្សី ទំហំទទឹង២ម៉ែត្រ និងបណ្តោយ ៣ម៉ែត្រ បានតស៊ូរស់ដល់បច្ចុប្បន្ន ជាមួយចៅស្រីម្នាក់មានវ័យប្រហែល៣០ឆ្នាំ បន្ទាប់ពីស្វាមីបានស្លាប់នៅសម័យរដ្ឋប្រហារ លន់ នល់ មក។
លោកយាយ ញិ ប្លៀន រស់នៅក្នុងភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ជាដែនដីតំបន់ដាច់ស្រយាល ភូមិភាគឦសាននៃប្រទេសកម្ពុជា ចម្ងាយប្រមាណ ៦៣៦ គីឡូម៉ែត្រ បើផ្ដើមដំណើរចេញពីភ្នំពេញទៅ។
បើគិតអំពីអាយុកាលខ្ទង់រយរបស់លោកយាយ ប្លៀន នោះ យើងអាចធ្វើការប៉ាន់ស្មានថា ប្រហែលជាមានតែលោកយាយទេដែលមានអាយុវែងជាងគេនៅប្រទេសខ្មែរនា ពេលបច្ចុប្បន្ន ខណៈយើងក៏មិនទាន់មានស្ថិតិពីទិន្នន័យណាមួយបង្ហាញថា ប្រជាពលរដ្ឋខ្មែរមានវ័យលើសពី ១០០ឆ្នាំប៉ុន្មាននាក់នៅឡើយ។
ដំណឹងស្រ្តីចំណាស់ជនជាតិព្រៅ ដែលរស់នៅដែនដីនៃខេត្តដាច់ស្រយាលរបស់កម្ពុជានេះ ក៏បានបង្កើតឲ្យមានការចោទសួរគ្នាពីប្រិយមិត្តនៃបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា តើអាយុកាល១១០ឆ្នាំរបស់គាត់នេះពិតដែរឬទេ? ម៉េចក៏អាយុវែងម្ល៉េះ? រីឯអ្នកខ្លះថា ពិត ពីព្រោះប្រសិនបើយើងផ្អែកតាមរូបរាងខាងក្រៅ និងសភាពជរាទ្រុឌទ្រោម ដើរលែងរួច ដោយគ្រាន់តែអង្គុយនៅមួយកន្លែង និងស្បែកជ្រីវជ្រួញរបស់គាត់នោះ។
បើតាមការរៀបរាប់ពីសំណាក់លោកមេភូមិ លោកអធិការស្រុក និងលោក វេង ឡេងណា ជាតំណាងភ្នាក់ងារស្ម័គ្រចិត្តនៃអង្គការសប្បុរសធម៌មួយដែលទើបនឹង បាននាំយកនូវអំណោយជាគ្រឿងបរិភោគ និងថវិកាមួយចំនួនកាលពីប៉ុន្មានថ្ងៃមុននេះ បានបញ្ជាក់ និងបានឃើញពីសភាពរស់នៅដ៏លំបាករបស់លោកយាយពិតមែន។
លោក អាំង ភឿក អធិការនគរបាលស្រុកតាវែង បញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ស្រ្តីជរានេះមានឈ្មោះ ញិ ប្លៀន ជាជនជាតិព្រៅ អាយុ១១០ឆ្នាំ ស្វាមីស្លាប់តាំងពីជំនាន់ លន់ នល់ មកម្ល៉េះ។ ពេលនេះលោកយាយកំពុងរស់នៅជាមួយចៅស្រីក្នុងភូមិតាវែងលើនេះឯង។ រាល់ថ្ងៃគាត់មានសភាពចាស់ជរាខ្លាំងណាស់ទៅហើយ ដោយមានចៅស្រីជាអ្នកមើលថែទាំ ទោះបីជាជីវភាពចៅស្រីគាត់ខ្វះខាតយ៉ាប់យ៉ឺនយ៉ាងណាក្តី»។
តំណាងភ្នាក់ងារស្ម័គ្រចិត្ដ លោក វេង ឡេងណា បានបញ្ជាក់ពីស្ថានភាពរស់នៅដ៏ដុនដាបរបស់ដូនចាស់ប្រសូតក្នុងឆ្នាំ ប្រមាណ ១៩០៤ ថា៖ «ស្ថានភាពរបស់លោកយាយពិតជាលំបាកមែន បន្ទាប់ពីខ្ញុំបានឮដំណឹង និងដឹងទីកន្លែងកំណើតភូមិឋានគាត់ច្បាស់មកក៏នាំយកនូវអំណោយ សប្បុរសធម៌ដែលជាគ្រឿងឧបភោគ និងបរិភោគមួយចំនួន រួមមាន អង្ករ ត្រីងៀត ត្រីខ ស្ករ ប៊ីចេង ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា២០ម៉ឺនរៀល កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥»។
ដោយឡែកតាមរយៈលោក វេង ឡេងណា លោកអធិការនគរបាលស្រុកតាវែង ក៏ដូចជាប្រជាជនរស់នៅភូមិតាវែងលើ បានស្នើសុំ និងអំពាវនាវដល់បណ្តាអង្គការសប្បុរសធម៌ និងអាជ្ញាធរថ្នាក់លើឲ្យជួយដល់លោកយាយ ប្លៀន ដែលមានវ័យ១១០ឆ្នាំ ដែលនៅបង្ហាញស្នាមញញឹមយ៉ាងកក់ក្ដៅកំពុងរស់នៅយ៉ាងលំបាកលំបិននេះផង ជាពិសេសខាងកាកបាទក្រហមកម្ពុជា សូមមេត្តាជួយដល់គាត់ផង៕
ជំនាន់មុន ស្ថាបត្យករ ពិបាករកប្រពន្ធជាងវិស្វករសំណង់
- សេចក្ដីលម្អិត
- ចេញផ្សាយនា អង្គារ, 13 មករា 2015 08:38
- និពន្ធដោយ thmeythmey
ភ្នំពេញ៖ លោកស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើតនៅឆ្នាំ១៩២៦ នៅក្នុងខេត្តកំពត ហើយនៅឆ្នាំ២០១៥នេះ លោកមានអាយុ៨៩ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជាសិស្សទី១ដែលបានប្រឡងជាប់បាក់ឌុបនៅវិទ្យាល័យស៊ីសុវត្ថិនៅ ឆ្នាំ១៩៤៤ ។ នៅឆ្នាំ១៩៤៧-១៩៥៦ លោកបានទៅសិក្សាផ្នែកស្ថាបត្យកម្មនៅទីក្រុងបារីស ប្រទេសបារាំង។ នៅជំនាន់នោះ កម្ពុជាគ្មានស្ថាបត្យករច្រើនទេ ហើយប្រជាជនទូទៅក៏មិនសូវស្គាល់អាជីពនេះដែរ។ មិនត្រឹមតែប៉ុណ្ណោះ កាលពីជំនាន់នោះ ស្ថាបត្យករ ពិបាករកប្រពន្ធជាងវិស្វករសំណង់។
នៅក្នុងបទសម្ភាសន៍ចុះផ្សាយកាលពីដើមឆ្នាំ២០០០ នៅក្នុងសៀវភៅដែលមានចំណងជើងថា៖«ខ្មែរប្រឈមនឹងវប្បធម៌» លោក វណ្ណ ម៉ូលីវណ្ណ បានរម្លឹកអតីតកាលថា កាលពីជំនាន់លោកសិក្សាជំនាញស្ថាបត្យកម្ម ពលរដ្ឋខ្មែរ មិនសូវស្គាល់ជំនាញនេះទេ។ កាលនោះ គេពេញនិយមតែជំនាញវិស្វករ។
លោក វណ្ណ ម៉ូលីវណ្ណ បានបន្តទៀតថា ពលរដ្ឋខ្មែរគិតស្មានថា ស្ថាបត្យករ គឺជាជាងគំនូរ។ លោកបានបញ្ជាក់នៅក្នុងបទសម្ភាសន៍ដដែលនោះថា៖«គេស្រឡាញ់ គេនិយម គេគោរពតែជាងសំណង់(វិស្វករសំណង់)ទេ។ ពេលរកប្រពន្ធស្ថាបត្យករ ត្រូវរកប្រពន្ធដោយខ្លួនឯង ព្រោះ គេមិនអោយកូនគេទេ គេអោយទៅពួកវិស្វករសំណង់»។
លោក វណ្ណ ម៉ូលីវណ្ណ បានអោយដឹងតាមរយៈបទសម្ភាន៍នោះទៀតថា ដោយសារតែស្រុកខ្មែរមិនស្គាល់ជំនាញស្ថាបត្យកម្ម ដូច្នេះ លោកបានខិតខំប្រឹងប្រែង និងចង់បង្ហាញអោយគេឃើញថា ស្ថាបត្យករមិនត្រឹមតែចេះគូរទេ តែចេះសង់បន្ថែមទៀត។
«ខ្ញុំចង់អោយពួកយើងសាងសង់អគារថ្មីៗរៀនពីអតីតកាល ដូចជនជាតិអាល្លឺម៉ង់ ដែលបានធ្វើអោយស្ថាបត្យកម្មបុរាណ និងសម័យរួមបញ្ចូលគ្នា»។ នេះគឺជាឱវាទរបស់លោក វណ្ណ ម៉ូលីវណ្ណ អត្ថាធិប្បាយនៅក្នុងសៀវភៅដែលមានចំណងជើងថា«ស្នាដៃស្ថាបនិកសតវត្សរ៍ ទី២០»។
ស្ថាបត្យករឯកនៃប្រទេសកម្ពុជារូបនេះបានរម្លឹកថា តាំងពីសង្គ្រាមលោកលើកទី២ ប្រទេសបារាំងបានបង្កើតស្ថាបត្យកម្មបុរាណទំនើបលើស្ថាបត្យកម្មដែល បន្សល់ទុកពីសង្គ្រាម។ ជនជាតិអាល្លឺម៉ង់ បានជួសជុលព្រះវិហារដែលត្រូវបានបំផ្លាញក្នុងពេលសង្គ្រាម ដោយសាងសង់ឡើងវិញដូចដើម។
លោក វណ្ណ ម៉ូលីវណ្ណ ដែលមានអាយុ៨៩ឆ្នាំនៅឆ្នាំ២០១៥នេះ បាននិយាយថា៖«ខ្ញុំសង្ឃឹមថា កូនចៅជំនាន់ក្រោយនឹងខិតខំរកគំនិតថ្មី ការឆ្នៃប្រឌិតថ្មី និងបន្ថែមលើសម័យបុរាណ»។ លោកបានបន្តទៀតថា៖«ស្ថាបត្យកម្មនៅកម្ពុជាដែលសាងសង់ដោយជនបរទេសមិន ប្រាកដថាត្រឹមត្រូវទេ។ ខ្មែរគួរខិតខំបង្កើតដោយខ្លួនឯងនូវអ្វីដែលសម័យអង្គរបានបន្សល់ទុក»។
ស្ថិតក្នុងវ័យ៨៩ឆ្នាំ បច្ចុប្បន្ន លោក វណ្ណ ម៉ូលីវណ្ណ កំពុងរស់នៅខេត្តសៀមរាម ទីក្រុងប្រាសាទនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានផ្លាស់ប្តូរទីលំនៅពីទីក្រុងភ្នំពេញ(ទីក្រុងទន្លេ) ទៅរស់នៅទីក្រុងប្រាសាទកាលពីខែកក្កដាឆ្នាំ២០១៤កន្លងមក។ លោកបានថ្លែងថា លោកចង់រស់នៅទីក្រុងសៀមរាមជាងទីក្រុងភ្នំពេញ។ ប៉ុន្តែលោកមិនបានប្រាប់ពីមូលហេតុលម្អិតនោះទេ។
នៅក្នុងទស្សនៈវិស័យរបស់លោកនៅក្នុងសៀវភៅ«ស្នាដៃស្ថាបនិកសតវត្សរ៍ ទី២០»ដដែល លោក វណ្ណ ម៉ូលីវណ្ណ បានលើកឡើងរបៀបជាសំណួរថា៖«ខ្ញុំមិនដឹងថា អ្នកជំនាន់ក្រោយរបស់ខ្ញុំ នឹងអាចធ្វើអោយកម្ពុជាត្រូវបានគេទទួលស្គាល់ឬយ៉ាងណានោះទេ។ យើងត្រូវការគំនិតថ្មី និងអោយមានការផ្លាស់ប្តូរគ្រប់យ៉ាង ដោយមិនត្រាប់តាមអ្វីដែលរបបប្រល័យពូជសាសន៍ខ្មែរក្រហមបានបំផ្លិញ បំផ្លាញ»។ លោកបានបន្ថែមទៀតថា៖«ត្រូវថែរក្សាសំណង់បុរាណអោយបានគង់វង្ស និងសង់ថ្មីបន្ថែមអោយបានច្រើនទៀត»។
ក្នុងបទសម្ភាន៍ជាមួយសារព័ត៌មានថ្មីៗកាលពីថ្ងៃចន្ទទី៥ខែមករា ឆ្នាំ២០១៥កន្លងមក នៅក្នុងទីក្រុងសៀមរាបអង្គរ លោក វណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់ជំហររបស់លោកយ៉ាងដូច្នេះថា៖«ខ្ញុំខ្មែរ ខ្ញុំធ្លាប់រស់នៅក្នុងផ្ទះឈើ ប្រក់ក្បឿង ដូច្នេះ ខ្ញុំត្រូវតែស្រឡាញ់របស់ហ្នឹង។ ខ្ញុំកើតក្នុងអត្តសញ្ញាណខ្មែរ ដូច្នេះ ខ្ញុំត្រូវតែរក្សាអត្តសញ្ញាណរបស់ខ្មែរក្នុងស្ថាបត្យកម្មរហូតដល់ ជីវិតចុងក្រោយរបស់ខ្ញុំ»។
អង្គុយនៅលើកៅអីសាមញ្ញក្នុងផ្ទះរចនាបទខ្មែរនៅក្នុងខេត្តសៀមរាប លោក វណ្ណ ម៉ូលីវណ្ណ បានស្នើដល់ស្ថាបត្យករជំនាន់ក្រោយយ៉ាងដូច្នេះថា៖«ត្រូវរក្សា អត្តសញ្ញាណខ្មែរនៅក្នុងសំណង់ទាំងអស់»។
លោកបានរម្លឹកថា កាលពីជំនាន់មុន គេថាលោកបានជួយបង្កើតចលនាមួយដែលគេហៅថា ស្ថាបត្យកម្មខ្មែរបែបទំនើប។ ប៉ុន្តែសម្រាប់សាស្ត្រចារ្យជនជាតិជប៉ុនខ្លះវិញ គេបានហៅលោកថា៖«លោកមិនត្រឹមតែជាអ្នកបង្កើតចលនាស្ថាបត្យកម្មខ្មែរ ទំនើបប៉ុណ្ណោះទេ។ តែលោក គឺជាអ្នកបង្កើតចលនាអោយវប្បធម៌ខ្មែររស់ឡើងវិញ»។ ស្ថាបត្យកម្ម គឺជាផ្នែកមួយនៃវប្បធម៌៕