jaukjeybanner

រយៈពេល​3​ថ្ងៃ មនុស្ស​59​នាក់​ស្លាប់​ដោយ​រន្ទះបាញ់​នៅ​បង់​ក្លា​ដែ​ស

អ្នក​ទទួលខុសត្រូវ​ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​គូសបញ្ជាក់​កាលពី​ ថ្ងៃ​ទី​១៥ ឧសភា ថា រន្ទះ​បាន​សម្លាប់​មនុស្ស​៥៩​នាក់ រយៈពេល​៣​ថ្ងៃ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស ដែល​នោះ​ជា​តុ​ល្យ​ការ​ខ្ពស់​មួយ​ពុំ​ធ្លាប់​មាន​សោះ​នៅ​ប្រទេស​នេះ ។

លោក REAZ AHMED ប្រធាន​ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្លែងប្រាប់ AFP ថា ពី​មុន​រៀង​មក យើង​ពុំ​ធ្លាប់​មាន​មនុស្ស​ស្លាប់​ច្រើន​បែប​នេះ​ដោយសារ​រន្ទះបាញ់​ឡើយ ។ ភាគច្រើន​នៃ​ជន​រង​គ្រោះ ជា​កសិករ​ពេល​ពួក​គេ​ចេញ​ទៅ​ធ្វើការ​នៅ​ឯ​វាលស្រែ ។

រន្ទះ​ជា​បាតុភូត​មួយ​កើត​មាន​ញឹកញាប់​ពេល​មាន​ព្យុះ​ត្រូ​ពី​កាល់ វាយប្រហារ​លើ​ប្រទេស​បង់​ក្លា​ដែ​ស មុន និង​ក្នុង​រដូវ​មូសុង​ចាប់ពី​ខែមិថុនា​ទៅ ខែវិច្ឆិកា ។ យោង​តាម​ផ្នែក​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថា ចាប់តាំងពី​ឆ្នាំ​២០១១​មក ក្នុង​មួយ​ឆ្នាំ​គិត​ជា​មធ្យម​មនុស្ស​២០០​នាក់​ស្លាប់​ដោយ​រន្ទះបាញ់ ។

យោង​តាម​លោក SHAH ALAM អ្នក​ជំនាញការ​ខាង​ឧតុនិយម​របស់​ប្រទេស​ថា ការ​កើនឡើង​ខ្ពស់​នៃ​ចំនួន​ជន​រង​គ្រោះ​ដោយសារ​រន្ទះបាញ់​មក​ពី​ការ​កាប់​ បំផ្លាញ​ព្រៃឈើ ពិសេស​ការ​កាប់​ដើមឈើ​ខ្ពស់​ៗ ដូច​ជាដើម​ត្នោត​ជាដើម​ដែល​តាម​ការ​ពិត​វា​ជា​ឧបករណ៍​ការពារ​រន្ទះ ដោយ​ស្រូប​យក​រន្ទះ ។ ម្យ៉ាងទៀត បណ្តា​កសិករ និង​កម្មករ​កសិកម្ម​ប្រើ​របស់របរ​ធ្វើ​ពី​លោហធាតុ​កាន់តែ​ច្រើន ដូច​ជា​ទូរស័ព្ទ​ដៃ​ជាដើម ។

លោក REAZ AHMET បន្ត​ថា អាជ្ញាធរ​ប្រកាស​ពី​ការ​បើក​ធ្វើ​យុទ្ធនាការ​មួយ​ពី​គ្រោះថ្នាក់​នៃ​រន្ទះ​ ចាប់ពី​ថ្ងៃ​ទី​១៦ ឧសភា ទៅ ។ យើង​នឹង​ស្នើ​ដល់​ប្រជាជន​កុំឱ្យ​ចេញ​ទៅ​ធ្វើការ​កណ្តាលវាល ពេល​មាន​ព្យុះ​ភ្លៀង ហើយ​ចៀសវាង​ប្រើ​របស់របរ​អេ​ឡិច​ត្រូ​និក​ដូច​ជា​ទូរស័ព្ទ​ពេល​មាន​ភ្លៀង​ ផ្គរ ហើយ​ចៀសវាង​កុំ​នៅ​ក្រោម​បណ្តា​បង្គោល​ដែក ឬ​ដើមឈើ​ធំៗ៕

ក្រុម​រដ្ឋ​អិុស្លា​ម​វាយប្រហារ​ជា​ថ្មី​នៅ​ភាគ​អាគ្នេយ៍​យេ​ម៉ែ​ន​ស្លាប់​37​នាក់

ក្រុម​រដ្ឋ​អិុ​ស្លា​ម​បាន​ធ្វើការ​វាយប្រហារ​អត្តឃាត​ថ្មី​មួយ​កាលពី​ ថ្ងៃ​ទី​១៥ ឧសភា នៅ​យេ​ម៉ែ​ន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣១​នាក់ និង​របួស​៦២​នាក់ ក្នុង​ចំណោម​ពួក​អ្នក​ទើប​ជ្រើស​ចូល​ប៉ូលិស​ក្នុង​តំបន់​មួយ​នា​ភាគ​ អាគ្នេយ៍​ប្រទេស ។

យោង​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ​ថា ក្រោយ​គេច​ផុត​ពី​ការ​វាយប្រហា​អត្តឃាត​នេះ ប្រមុខ​ប៉ូលិស​ខេត្ត​ហា​ដ្រា​មូ​ត ឧត្តមសេនីយ៍​មូ​ចា​រ៉ា​ក់ អាល់​អ៊ូ​ប​ថា​នី បាន​ត្រូវ​របួសស្រាល​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រឿងផ្ទុះ​មួយទៀត នៅ​មុខ​ការិយាល័យ​របស់​លោក បណ្តាល​ឱ្យ​អង្គរក្ស​លោក​៦​នាក់​ស្លាប់ ។ ឧត្តមសេនីយ៍​អ៊ូ​ប​ថា​នី គេច​ផុត​ពី​គ្រោះថ្នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា ពេល​ជន​អត្តឃាត​ម្នាក់ ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​ក្នុង​ចំណោម​យុវជន​ជា​ច្រើន​ សិប​នាក់​ដែល​ប្រមូលផ្តុំ​គ្នា​ក្នុង​មជ្ឈមណ្ឌល​ជ្រើសរើស​ប៉ូលិស​មួយ​កន្លែង ​នៅ FUWAH ជាយក្រុង​មូ​កាល់​ឡា ទីប្រជុំជន​ខេត្ត​ហា​ដ្រា​មូ​ត ។ សរុប​ប៉ូលិស​ទើប​រើស​ចូល​ថ្មី​៣១​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​៦២​នាក់​ទៀត​រង​របួស​ក្នុង​ការ​វាយប្រហារ​នេះ ។

ក្រុម​រដ្ឋ​អិុ​ស្លា​ម​ដែល​មាន​សកម្មភាព​កាន់តែ​សកម្ម​នៅ​ភាគ​ខាងត្បូង​ យេ​ម៉ែ​ន​គូសបញ្ជាក់​ថា យុទ្ធ​ជន​របស់​គេ​ម្នាក់​ឈ្មោះ​អា​ប៊ូ អាល់​បា​រ៉ា អាល់​អាន​សារី បាន​ធ្វើ​សកម្មភាព​អត្តឃាត​ប្រឆាំង​ពួក​អ្នក​ចុះ​ឈ្មោះ​ធ្វើ​ប៉ូលិស បណ្តាល​ឱ្យ​ស្លាប់​ប្រមាណ​ជា​៤០​នាក់ និង​របួស​ជា​ច្រើន​សិប​នាក់​នៅ FUWAH ។

កាលពី​ថ្ងៃ​ទី​១២ ឧសភា ក្រុម​រដ្ឋ​អិុ​ស្លា​ម​អះអាង​ពី​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​មួយ​ប្រឆាំង​ កងទ័ព​យេ​ម៉ែ​ន​នៅ KHALF ខាងកើត​ក្រុង​មូ​កាល់​ឡា សម្លាប់​ទាហាន​យ៉ាងតិច​១៥​នាក់ ៕

ជិត​90%​នៃ​ទីក្រុង FORT MCMURRAY កា​ណា​ដា​សង្គ្រោះ​ពី​អណ្តាតភ្លើង

ទោះបី​មាន​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ធំ ដែល​រាតត្បាត​ចាប់តាំងពី​ជិត​មួ​យស​ប្តា​ហ៍​មក​ហើយ​នៅ​តំបន់​អាល់​ប័​រ​តា ទីក្រុង FORT MCMURRAY ពេល​នោះ​ស្ទើរតែ​សង្គ្រោះ​ទាំងស្រុង​ពី​អណ្តាតភ្លើង​ដោយសារ​ការ​ខិតខំ​ ប្រឹងប្រែង​របស់​ពួក​អ្នក​ពន្លត់ភ្លើង ។ ក៏​ប៉ុន្តែ​ប្រជាជន​ទីក្រុង​នេះ​ដែល​ជម្លៀស​ចេញ​នឹង​ពុំ​វិល​ត្រឡប់​មក​វិញ​ មុន​រយៈពេល​១៥​ថ្ងៃ​ទៀត​ឡើយ ។

នាយក​រដ្ឋមន្ត្រី​រដ្ឋ​អាល់​ប័​រ​តា​ភាគ​ខាងលិច​កា​ណា​ដា លោកស្រី RACHEL NOTLEY កាលពី​ថ្ងៃ​ទី​៩ ឧសភា ចាត់ទុកជា​រឿង​អស្ចារ្យ​បំផុត ដែល​អាច​ជម្លៀស​ប្រជាជន​ទាំងអស់​ចេញពី​ក្រុង FORT MCMURRAY ដោយ​ពុំ​មាន​អ្នក​រង​គ្រោះ​ណា​ម្នាក់​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ។

សរុប​មនុស្ស​ជិត​១០០.០០០​នាក់​ត្រូវ​ជម្លៀស​ចេញ​កាលពី​ស​ប្តា​ហ៍​មុន​ពី​ ទីក្រុង FORT MCMURRAY និង​តំបន់​ជុំវិញ​ក្រុង​នេះ ខណៈ​ភ្លើង​បាន​ឆេះ​រាលដាល​យ៉ាង​ខ្លាំង​បំផ្លាញ​ផ្ទៃដី​ជា​ច្រើន​ពាន់​ហិ​កតា ព្រមទាំង​ផ្ទះ​ជាង​២.០០០​ខ្នង នា​ជាយក្រុង ។

លោកស្រី NOTLEY អះអាង​ថា ដោយសារ​ចម្លើយ​តប​យ៉ាង​ឆាប់រហ័ស​របស់​ក្រុម​អ្នក​ពន្លត់ភ្លើង​ប្រឈម​មុខ​នឹង ​ភ្លើង​ឆេះ​ព្រៃ​ពុំ​អាច​ត្រួតត្រា​បាន ដែល​ព័ទ្ធ​ជុំវិញ​ក្រុង​ប្រេត​កាត​នេះ ឥឡូវ​វា​ហាក់ដូចជា​៩០%​នៃ​ទីក្រុង FORT MCMURRAY ត្រូវ​បាន​សង្គ្រោះ ។ សង្កាត់ BEACON HILL និង​សង្កាត់ WATERWAYS ខាងលិច​ទីក្រុង FORT MCMARRAY រង​ការ​បំផ្លាញ​ស្ទើរ​ទាំងស្រុង ។

ភ្លើង​នៅ​បន្ត​នា​ថ្ងៃ​ទី​៩ ឧសភា ឆាបឆេះ​ទៅ​មុខ​ទៅ​ទិស​ខាងកើត តែ​ពុំ​សូវ​ខ្លាំង​ឡើយ ។ ព្រៃ​ជាង​២០០.០០០​ហិ​កតា ពេល​នេះ​រង​ការ​បំផ្លាញ​ពោល​ទំហំ​៤.០០០​គីឡូម៉ែត្រ​ក្រឡា រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ៕

លោក​គី​ម ជុង​អ៊ុ​ន ត្រូវ​ជ្រើសតាំង​ជា​ប្រធាន​បក្ស​ពលករ​កូរ៉េ

ប្រភព​ព័ត៌មាន​ផ្លូវការ​រាយការណ៍​កាលពី​ថ្ងៃ​ទី​៩ ឧសភា​ថា មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​បក្ស​ពលករ​កូរ៉េ​ដែល​នេះ​ជា​តំណែង​ទើ​បង្កើត ​ឡើង ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ដោយ​លោក​គី​ម យ៉ុ​ង​ណា​ម ប្រធាន​ប្រេ​ស៊ី​ឌី​យ៉ូ​ម​នៃ​សភា​ប្រជាជន​ជាន់ខ្ពស់​កូរ៉េ​ខាងជើង ។ លោក​គី​ម ជុង​អ៊ុ​ន ក៏​ជា​លេខា​ទី​មួយ​របស់​បក្ស​ពលករ​កូរ៉េ​ដែរ ។

ម្យ៉ាងវិញទៀត លោក CHOE RYONG-HAE និង​លោក PAK PONG JU ត្រូវ​បាន​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​ នយោបាយ​បក្ស​ពលករ​កូរ៉េ ដែល​ជា​ការ​បង្កើន​ចំនួន​សមាជិក​គណៈកម្មាធិការ​នេះ​ពី​៣​រូប​ដល់​៥​រូប ។ មុន​នេះ​ក្នុង​គណៈកម្មាធិការ​នោះ​មាន​លោក​គី​ម ជុង​អ៊ុ​ន លោក​គី​ម យ៉ុ​ង​ណា​ម និង​លោក HWANG PYONG SO នាយក​អគ្គស្នងការ​នយោបាយ​នៃ​កងទ័ព​ប្រជាជន​កូរ៉េ ។

ការិយាល័យ​នយោបាយ​បក្ស​ពលករ​កូរ៉េ​បន្ថែម​សមាជិក​ថ្មី​១៩​រូប​ទៀត និង​សមាជិក​បម្រុង​៩​រូប ។ ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​ធ្វើ​នា​ឱកាស​សម័យប្រជុំ​ពេញអង្គ​នៃ​សមាជ​ លើក​ទី​៧​របស់​បក្ស ។

យោង​តាម​លោក​គី​ម យ៉ុ​ង​ណា​ម ថា កិច្ចប្រជុំ​នេះ​ក៏​ជ្រើសតាំង​ផង​ដែរ អនុប្រធាន​៩​រូប​នៃ​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស ក្នុង​នោះ​រួម​មាន​លោក CHOE RYONG HAE និង​លោក KIM KI NAM ដែល​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​របស់​បក្ស ។ បណ្តា​អនុប្រធាន​គឺជា​ស្ថាប័ន​មួយ​ដែល​ទើប​បង្កើត​ថ្មី​ក្នុង​ក្រប​ខណ្ឌ​នៃ​ គណៈកម្មាធិការ​កណ្តាល​របស់​បក្ស ។

លោក​គី​ម យ៉ុ​ង​ណា​ម ក៏​ប្រកាស​ផង​ដែរ​ពី​សមាជិក​១១​រូប​នៃ​គណៈកម្មាធិការ​យោធា និង​បណ្តា​សមាជិក​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​របស់​បក្ស ៕

ព្យុហយាត្រា​រុ​ស្ស៊ី​នា​ឱកាស​បុណ្យ​ជ័យជម្នះ 9 ឧសភា ចាប់អារម្មណ៍​លើ​នារី​យោធា​ស្លៀកសំពត់​ខ្លី

ក្នុង​ឱកាស​នៃ​ក្បួនព្យុហយាត្រា​យោធា​ដ៏​ធំ​របស់​រុ​ស្ស៊ី​នា​ថ្ងៃជ័យ​ ជម្នះ​លើ​ពួក​ណា​ហ្ស៊ី​ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​៩ ឧសភា នៅ​ទីលាន​ក្រហម​ក្រុង​ម៉ូ​ស្គូ បណ្តា​អ្នកកាសែត​អង់គ្លេស​ពុំ​សូវ​ចាប់អារម្មណ៍​លើ​សម្ភារ​យោធា​ទំនើប​ៗ​ឡើយ តែ​មក​ចាប់អារម្មណ៍​លើ​កងវរសេនាតូច​នារី​ដែល​ស្លៀកពាក់​សំពត់​ហ្ស៊ី​ប​ខ្លី ។

កាសែត​អង់គ្លេស DAILY MIRROR រាយការណ៍​ថា សូ​ម្បី​តែ​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ក៏​ពេញចិត្ត​ខ្លាំង​ចំពោះ​បណ្តា​នារី​យោធា​ពេល​ដើរ​ក្បួនព្យុហយាត្រា​យោធា​ នៅ​ទីលាន​ក្រហម​ដែរ ។

កាសែត​នេះ​បន្ត​ថា ទោះបី​មាន​វត្តមាន​របស់​យន្តហោះ​ប្រដេញ ប្រព័ន្ធ​ការពារ​អាកាស និង​អាវុធ​នុយក្លេអ៊ែរ​ជា​ច្រើន​ចូលរួម​ក្នុង​ព្យុហយាត្រា​ក្តី តែ​ការ​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ផ្តោត​លើ​ទាហាន​នារី​ស្លៀកពាក់​ឯកសណ្ឋាន​ ខ្លី ។ កាសែត​អង់គ្លេស​នេះ​បញ្ជាក់​ថា បណ្តា​ទាហាន​នារី​ពាក់​ស្បែកជើង​បុត​ពណ៌​ខ្មៅ​ត្រឹម​ជ​ង្គ​ត់ គ្រង​ឯកសណ្ឋាន​ពណ៌​ស អម​ដោយ​គ្រឿង​តុបតែង​ពណ៌​មាស ពាក់​ក្រវាត់​ពណ៌​ខ្មៅ ស្រោមដៃ​ស ហើយ​ពាក់មួក​កា​ស្ពែត មើលទៅ​ស្រស់​ខ្លាំង​ណាស់ ពួក​នាង​ដើរ​ជា​ជួរ​យ៉ាង​ត្រង់​តាម​ជំហាន​យោធា ក្រោម​កំ​ដៅ​ថ្ងៃ ហើយ​ពិត​ណាស់​បាន​ធ្វើ​ឱ្យ​មេដឹកនាំ​រុ​ស្ស៊ី​ចាប់អារម្មណ៍​ខ្លាំង​បំផុត ។

គួរ​កត់​សម្គាល់ថា នារី​យោធា​ស្លៀកពាក់​ខ្លី​ចាត់ទុកជា​រឿង​សំខាន់​តែ​មួយ​គត់​សម្រាប់​បណ្តា​ អ្នកកាសែត​អង់គ្លេស ដែល​មក​តាមដាន​ព្យុហយាត្រា​យោធា​នា​ទិវា​ជ័យជម្នះ​នៅ​ក្រុង​មូ​ស្គូ ជា​ព្យុហយាត្រា​ដែល​ពួក​គេ​មិន​រារែក​ឡើយ ហៅ​ថា ព្យុហយាត្រា​ស៊ិ​ច​ស៊ី ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1726
2202
4537670