កងម៉ារីនចិននឹងធ្វើសមយុទ្ធក្នុងសមុទ្រចិនខាងត្បូង
- សេចក្ដីលម្អិត
- ចេញផ្សាយនា សុក្រ, 06 ឧសភា 2016 08:28
- និពន្ធដោយ jaukjey
យោងតាមស៊ីនហួថា នាវាចម្បាំង៣គ្រឿងនៃកងនាវាចរណ៍ណានហៃកាលពីថ្ងៃទី៤ ឧសភា បានចាកចេញពីកំពង់ផែមួយនៅសានយ៉ា ខេត្តហៃណាន់ភាគខាងត្បូងចិន ដើម្បីចូលរួមក្នុងសមយុទ្ធបែបប្រយុទ្ធមួយនៅសមុទ្រចិនខាងត្បូង ព្រមទាំងក្នុងដែនទឹកជិតខាង ។
នាវាទាំង៣គ្រឿងនេះគឺ នាវាពិឃាតបាញ់មីស៊ីល HEFEI នាវាពិឃាតបាញ់មីស៊ីល SANYA និងនាវាផ្គត់ផ្គង់ HONGHU ។ នាវាទាំងនេះនឹងទៅចូលរួមនាពេលខាងមុខនេះ ជាមួយនាវាពិឃាតបាញ់មីស៊ីល LANZHOU និង GUANGZHOU ព្រមទាំងនាវាពិឃាតបាញ់មីស៊ីល YULIN ដែលបច្ចុប្បន្នកំពុងបំពេញបេសកកម្មផ្សេង ។
ជាមួយឧទ្ធម្ភាគចក្រ៣គ្រឿង និងទាហានជាច្រើនសិបនាក់នៃកងកម្លាំងពិសេស កងនាវាចម្បាំងចិននឹងត្រូវបែងចែកជា៣ក្រុម ដែលធ្វើសកម្មភាពក្នុងបណ្តាតំបន់នៃសមុទ្រចិនខាងត្បូង មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក ដើម្បីធ្វើសមយុទ្ធផ្សេងៗ ។
កងម៉ារីនចិននឹងកេណ្ឌប្រមូលសម្រាប់សមយុទ្ធនូវកងទ័ពអាកាស កងទ័ពជើងទឹក កងកម្លាំងនៅលើកោះXISHA និងកោះ NANSHA ព្រមទាំងកងកម្លាំងនៃកងនាវា BEIHAI។
សមយុទ្ធនេះសំដៅពង្រឹងដល់ការត្រៀមលក្ខណៈ និងការសម្របសម្រួលគ្នា ជាក់ស្តែងរវាងបណ្តានាវាចម្បាំង និងកងយន្តហោះ ព្រមទាំងកងកម្លាំងឯទៀតៗ ។
កាលពីចុងខែកក្កដា ឆ្នាំ២០១៥ ក្រុងប៉េកាំងបានបញ្ជូនទៅកាន់សមុទ្រចិនខាងត្បូងនូវនាវាចម្បាំង ជាង១០០គ្រឿង ព្រមទាំងនាវាផ្ទុកយន្តហោះទៅចូលរួមក្នុងសមយុទ្ធកងនាវាចរណ៍នៅ ៕
លោក JOHN KASICH ដកថយសល់លោក TRUMP ម្នាក់ឯង
- សេចក្ដីលម្អិត
- ចេញផ្សាយនា សុក្រ, 06 ឧសភា 2016 08:24
- និពន្ធដោយ jaukjey
លោក JOHN KASICH ជាគូប្រជែងសល់ម្នាក់គត់របស់លោក DONALD TRUMP ក្នុងការបោះឆ្នោតសម្រាំងបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ឥឡូវលោកសម្រេចដកខ្លួនថយហើយសល់លោក TRUMP តែម្នាក់ឯងដែលពិតណាស់នឹងប៉ះគ្នាជាមួយលោកស្រីហ៊ីលឡារី គ្លីនតុន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាចុងឆ្នាំនេះ។
មុននេះលោក TED CRUZ គូប្រជែងខ្លាំងរបស់លោក TRUMP ប្រកាសដកខ្លួនថយ ក្រោយទទួលបរាជ័យនៅរដ្ឋអីុនឌីយ៉ាណា ។ ដូច្នេះលោក TRUMP សល់ជាបេក្ខជនចុងក្រោយ ក៏ប៉ុន្តែត្រូវរង់ចាំរហូតដល់អនុសញ្ញារបស់គណបក្សសាធារណរដ្ឋនា ខែកក្កដាខាងមុខនេះ ដើម្បីអាចក្លាយជាបេក្ខជនប្រធានាធិបតីផ្លូវការ ៕
នាវិកឥណ្ឌូនេស៊ីថា ក្រុមអាប៊ូសាយ៉ាហ្វគំរាមកាត់ក្បាលមុនពេលដោះលែង
- សេចក្ដីលម្អិត
- ចេញផ្សាយនា ពុធ, 04 ឧសភា 2016 08:47
- និពន្ធដោយ jaukjey
រដ្ឋធានីហ្សាកាតា ៖ នាវិកឥណ្ដូនេស៊ីម្នាក់បាននិយាយកាលពីថ្ងៃទី០២ ឧសភាម្សិលមិញថា ពួកសកម្មប្រយុទ្ធអីុស្លាមអាប៊ូសាយ៉ាហ្វរបស់ប្រទេសហ្វីលីពីន បានគំរាមសម្លាប់ដោយវះទម្លុះបំពង់ករបស់គាត់ ពេលចាប់ជំរិតភ្លាមៗ ពោលគឺ មួយថ្ងៃ មុនពេលលោកនិងសមាជិកនាវិកចំនួនប្រាំបួននាក់ផ្សេងទៀត ត្រូវបានដោះលែង។
សមាជិកនាវិក, លោក ជូលៀន ភីលីព ពណ៌នាពីរបៀបដែលពួកគេត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយក្រុម សកម្មប្រយុទ្ធចំនួន៨នាក់ក្លែងឯកសណ្ឋានជាប៉ូលិសហ្វីលីពីន ដោយជិះ នាវាសណ្ដោងមួយធ្វើសកម្មភាពត្រួតពិនិត្យក្រុមនាវិករបស់ខ្លួន រួចវាប់ចងជាចំណាប់ខ្មាំងតែម្តង។
ទោះជាយ៉ាងណាក៏ដោយ លោកភីលីពបានបន្ថែមទៀតថា ពួកសកម្មប្រយុទ្ធអ៊ីស្លាមនិយមរបស់ហ្វីលីពីន មិនបានប៉ះពាល់រៀងកាយនិងអាយុជីវិតចំណាប់ខ្មាំងទាំង១០នាក់នោះទេ ដោយគ្រាន់តែចាប់ដើម្បីជំរិតទារប្រាក់ប៉ុណ្ណោះ ៕
ទីក្រុងកាណាដាមួយឡោមព័ទ្ធដោយភ្លើងឆេះព្រៃជម្លៀសប្រជាជនចេញអស់
- សេចក្ដីលម្អិត
- ចេញផ្សាយនា ព្រហស្បតិ៍, 05 ឧសភា 2016 08:22
- និពន្ធដោយ jaukjey
សភាពការណ៍នៃភ្លើងឆេះព្រៃមើលទៅដូចជាឆាកមួយនៃខ្សែភាពយន្តគ្រោះមហន្តរាយដូច្នេះដែរ ។
ទីក្រុង FORT MCMURRAY នៅ ALBERTA ភាគខាងលិចកាណាដាត្រូវរងគ្រោះដោយភ្លើងឆេះព្រៃយ៉ាងខ្លាំងក្លា ដែលបង្ខំឱ្យអាជ្ញាធរជម្លៀសប្រជាជនចេញ៨០.០០០នាក់ ក្នុងចំណោមប្រជាជនទាំង១០០.០០០នាក់នៃទីក្រុងនេះ ។
ទីក្រុងប្រេងកាតនេះទាំងមូលរាតត្បាតដោយផ្សែងខ្មៅយ៉ាងក្រាស់ ចាប់តាំងពីថ្ងៃទី៣ ឧសភា មក ហើយភ្លើងនៅភាគខាងជើងក្រុងកំពុងឆេះរាលដាលយ៉ាងរហ័សបំផុត ។
ផ្នែកប្រកាសអាសន្ននៃខេត្ត ALBERTA គូសបញ្ជាក់ថា ទីក្រុង FORT MCMURRAY ស្ថិតក្រោមបញ្ជាឱ្យជម្លៀសមនុស្សចេញជាការចាំបាច់ លើកលែងតែនៅឧទ្យានជិតទន្លេភាគកណ្តាលក្រុង ព្រមទាំងតំបន់ចុងខាងត្បូងជុំវិញព្រលានយន្តហោះ ។
រូបភាពនៃការជម្លៀសមនុស្សចេញយ៉ាងច្រើនបែបនេះពិតជាគួរឱ្យ ភ្ញាក់ផ្អើលខ្លាំង ។ ខ្សែរថយន្តយ៉ាងវែងឃើញបន្តកន្ទុយគ្នាតាមផ្លូវថ្នល់ទៅកាន់បណ្តា មជ្ឈមណ្ឌលទទួលដែលបង្កើតឡើងជាពិសេស ។ រូបភាពទូរទស្សន៍បង្ហាញបណ្តារថយន្តរត់កណ្តាលថ្នល់ ដែលចញ្ចើមថ្នល់រាតត្បាតដោយអណ្តាតភ្លើង ។ បណ្តាសារព័ត៌មានក្នុងស្រុកអះអាងថា បណ្តាស្ថានីយចាក់ប្រេងនៃទីក្រុងនេះត្រូវផ្ទុះឆេះ រួចប្រជាជនជាច្រើនរងការរលាកភ្លើងរួចហើយ ។ ម្យ៉ាងទៀត ឧទ្យានធំមួយសម្រាប់ជាកន្លែងចតរថយន្តត្រូវភ្លើងឆេះខ្ទេចទៅជា ផេះ ។ ទីក្រុងនេះមានពលករខាងផ្នែកប្រេងកាតរស់នៅច្រើនរួចក៏មានរថយន្ត ច្រើនដែរ ។
នាយករដ្ឋមន្ត្រីកាណាដា លោក JUSTIN TRUDEAU គូសបញ្ជាក់ថា លោកអំពាវនាវស្នើសុំជំនួយ ។ លោកមានប្រសាសន៍ថា សូមឱ្យប្រជាជនក្រុង FORT MCMURRAY ប្រុងប្រយ័ត្ន ហើយធ្វើតាមបទបញ្ជាឱ្យជម្លៀសចេញ ៕
ចិនបន្តបើកទ្វារទំនប់ទម្លាក់ទឹកមកទន្លេមេគង្គ
- សេចក្ដីលម្អិត
- ចេញផ្សាយនា ពុធ, 04 ឧសភា 2016 08:34
- និពន្ធដោយ jaukjey
យោងតាមទីភ្នាក់ងារព័ត៌មានវៀតណាម VNA ថា ប្រទេសចិនបានបង្កើនទំហំទឹកទម្លាក់ពីទំនប់វារីអគ្គិសនី JONGHONG ស្ថិតក្នុងខេត្តយុនណាន់ឆ្ពោះមកកាន់ទន្លេមេគង្គខាងក្រោម ។
ថ្ងៃទី២១ មេសា ទឹកដែលមានទំហំ១.៥០០ម៉ែត្រគូប ក្នុងមួយវិនាទី ត្រូវបានបើកទម្លាក់ ហើយប្រតិបត្តិការនេះនឹងមានរហូតដល់ថ្ងៃទី៣១ ឧសភា ។
ព័ត៌មាននេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រី កសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម លោក CAO DUC PHAT ក្នុងឱកាសនៃកិច្ចប្រជុំមួយកាលពីថ្ងៃទី២៦ មេសា នៅក្រុងហាណូយ ដើម្បីស្នើសុំការជួយទ្រទ្រង់សំដៅអនុវត្តផែនការធ្វើអន្តរាគមន៍ បន្ទាន់សម្រាប់ទប់ទល់នឹងគ្រោះរាំងស្ងួត និងការជ្រាប ឬហូរចូលនៃទឹកប្រៃ ។
លោក CAO DUC PHAT ថ្លែងថា កម្ពស់ទឹកទន្លេមេគង្គបានកើនឡើងក្នុងពាក់កណ្តាលដំបូងនៃខែមេសា ដែលអាចជួយកាត់បន្ថយការជ្រាបចូល ឬហូរចូលនៃទឹកប្រៃ ។ ក៏ប៉ុន្តែកម្ពស់ទឹកបានស្រកចុះវិញយ៉ាងឆាប់ជាមួយការវិលត្រឡប់ និងការហូរចូលវិញនៃទឹកសមុទ្រនៅតំបន់ដីសណ្តទន្លេមេគង្គ ។
ការទម្លាក់ថ្មីនៃទឹកទំនប់នឹងរួមចំណែកសម្រាលសភាពការណ៍ក្នុង តំបន់មួយចំនួននៃដីសណ្តទន្លេមេគង្គ ។ ទឹកដែលទម្លាក់មកនឹងមកដល់វៀតណាម រយៈពេលពី១៨ទៅ២០ថ្ងៃ ។
តាមសំណើរបស់បណ្តាប្រទេសនៅជាប់ទន្លេមេគង្គប្រទេសចិនបានបើក ទម្លាក់ទឹក ពីថ្ងៃទី១៥ មក១០ មេសា ពីទំនប់នៃមជ្ឈមណ្ឌលវារីអគ្គិសនី JINGHONG ជាមួយទំហំទឹក២.១៩០ម៉ែត្រគូបក្នុងមួយវិនាទី ។
គ្រោះរាំងស្ងួត និងការជ្រាប ឬហូរចូលនៃទឹកប្រៃក្នុងតំបន់ដីសណ្តទន្លេមេគង្គឈានដល់កម្រិតកំពូល ពុំធ្លាប់មានចាប់តាំងពី៩០ឆ្នាំមកហើយ នៅវៀតណាមញ៉ាំងឱ្យមានការព្រួយបារម្ភរបស់កសិករជាច្រើនលាននាក់នៃ តំបន់មានជីវជាតិនេះ ។ មកទល់ពេលនេះទីក្រុង និងខេត្តដល់ទៅ២០នៅតំបន់ដីសណ្តទន្លេមេគង្គប្រឈមមុខនឹងគ្រោះរាំង ស្ងួត និងការជ្រាប ឬហូរចូលនៃទឹកប្រៃញ៉ាំងឱ្យមានការខូចខាតដីស្រែ១៦០.០០០ហិកតា ៕