jaukjeybanner

សេចក្តីសម្រេច​ចុង​ក្រោយ​របស់​សមាជ​បក្ស​ពលករ​កូរ៉េ​លើក​លោក​គី​ម ជុង​អ៊ុ​ន ខ្ពស់​បំផុត

យោង​តាម​របាយការណ៍​មួយ​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA ថា កូរ៉េ​ខាងជើង​បាន​ធ្វើការ​សម្រេច​ចុង​ក្រោយ​ក្នុង​ពេល​សមាជ​លើក​ទី​៧​របស់​ បក្ស​ពលករ​កូរ៉េ ដោយ​លើក​លោក​គី​ម ជុង​អ៊ុ​ន ប្រធាន​ទី​មួយ​នៃ​គណៈកម្មាធិការ​ការពារ​ជាតិ​ឱ្យ​កាន់​តំណែង​ជាន់ខ្ពស់​ បំផុត ។

សេចក្តី​សម្រេចចិត្ត​ចុង​ក្រោយ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សមាជ​លើក​ទី​៧​ រយៈពេល​៣​ថ្ងៃ​របស់​បក្ស​ពលករ​កូរ៉េ រួច​ចាត់​ទុក​កូរ៉េ​ខាងជើង​ថា ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ដោយ​ធានា​ថា ប្រទេស​នេះ​នឹង​ពុំ​ប្រើប្រាស់​មុនគេ​ឡើយ នូវ​មធ្យោបាយ​នុយក្លេអ៊ែរ ប្រសិនបើ​ពួក​សត្រូវ​ពុំ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ខ្លួន​ទេ​នោះ ។

ទន្ទឹម​នឹង​ផ្តល់​លក្ខន្តិកៈ​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ សេចក្តី​សម្រេចចិត្ត​នេះ​បញ្ជាក់​ថា កូរ៉េ​ខាងជើង​នឹង​គោរព​កាតព្វកិច្ច​មិន​សាយភាយ​នុយក្លេអ៊ែរ​ជាមួយ​ការ​ខិតខំ ​ប្រឹងប្រែង ដើម្បី​រំសាយ​នុយក្លេអ៊ែរ​លើ​ពិភពលោក ។

សេចក្តីសម្រេច​ចិត្ត​បន្ត​ថា គេ​ត្រូវ​ធ្វើការ​តស៊ូ​យ៉ាង​ខ្លាំង​មួយ ដើម្បី​ការពារ​សន្តិភាព​ក្នុង​តំបន់ និង​លើ​ពិភពលោក ដោយ​កាត់​បន្ថយ​ការ​គំរាមកំហែង​នៃ​សង្គ្រាម​នុយក្លេអ៊ែរ​ពី​សំណាក់​សហរដ្ឋ​ អា​េ​ម​រិ​កតាម​រយៈ​កម្លាំង​នុយក្លេអ៊ែរ​គួរ​ឱ្យ​ជឿជាក់​របស់​យើង ។

យោង​តាម​សេចក្តី​សម្រេចចិត្ត​ចុង​ក្រោយ​នេះ​ថា កូរ៉េ​ខាងជើង​នឹង​ពង្រីក​ទំនាក់ទំនង​មិត្តភាព ព្រមទាំង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ដែល​មាន​ទំនោរ​ចិត្ត​ ចំពោះ​ប្រទេស​យើង​ដោយ​កែ​លម្អ និង​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​គ្នា ។

ទាក់ទិន​នឹង​ទំនាក់ទំនង​អន្តរ​កូរ៉េ សេចក្តី​សម្រេចចិត្ត​ចុង​ក្រោយ​នេះ ធ្វើការ​កត់​សម្គាល់ថា យើង​ទាមទារ​ឱ្យ​មានការ​បង្រួបបង្រួម​ក្រោម​ប្រព័ន្ធ​សហព័ន្ធ​មួយ ហើយ​យើង​នឹង​ធ្វើការ​ខិតខំ​ប្រឹងប្រែង​នានា​សម្រាប់​ការ​បង្រួបបង្រួម​ដោយ​ សន្តិវិធី ក៏​ប៉ុន្តែ​ប្រសិនបើ​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​ទទូច​ឱ្យ​មានការ​បង្រួបបង្រួម ​ក្រោម​ប្រព័ន្ធ​នយោបាយ​តែ​មួយ រួច​ជ្រើសរើស​យក​ផ្លូវ​សង្គ្រាម នោះ​យើង​នឹង​រំលាយ​កងកម្លាំង​ប្រឆាំង​ការ​បង្រួបបង្រួម​ដោយ​ពុំ​ត្រា​ប្រណី ដើម្បី​ឈាន​ទៅ​សម្រេចការ​បង្រួបបង្រួម​មាតុភូមិ​យើង ។

KCNA រាយការណ៍​ថា សេចក្តីសម្រេច​ចុង​ក្រោយ​នេះ​គូសបញ្ជាក់​ថា បក្ស​ពលករ​លើក​សម​មិត្ត​គី​ម ជុង​អ៊ុ​ន ឱ្យ​កាន់​តំណែង​ជាន់ខ្ពស់​បំផុត​នៃ​បដិវត្តន៍ JUCHE ហើយនឹង​ធ្វើការ​តស៊ូ​បដិវត្តន៍​របស់​ប្រជាជន ព្រមទាំង​អនុវត្ត​បណ្តា​គម្រោង​កសាង​ប្រទេស​ឱ្យ​បាន​ជោគជ័យ ប្រកបដោយ​ការ​ជឿជាក់ ៕

ប្រធានាធិបតី​ចិន​អំពាវនាវ​ឱ្យ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ក្រោយ​ការ​បាក់​ដី​នៅ FUJIAN

យោង​តាម​ស៊ី​ន​ហួ​ថា ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង បាន​អំពាវនាវ​ឱ្យធ្វើ​ការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​បំផុត ដើម្បី​ធានា​ដល់​ការ​ជួយ​សង្គ្រោះ​ដោយ​ឆាប់រហ័ស​បំផុត​ក្រោយ​ការ​បាក់​ដី កាលពី​ថ្ងៃ​ទី​៨ ឧសភា នៅ​ខេត្ត FUJIAN ភាគ​អាគ្នេយ៍​ចិន ។

នា​វេលា​ថ្ងៃត្រង់ មនុស្ស​៣៤​នាក់​បាត់​ខ្លួន ហើយ​មនុស្ស​៧​នាក់​ទៀត​រង​របួស ក្រោយ​គ្រោះ​មហន្តរាយ​នៃ​ការ​បាក់​ដី​នេះ​នៅ​ស្រុក TAIWING ខេត្ត FUJIAN នា​ព្រឹក​ថ្ងៃ​ទី​៨ ឧសភា វេលា​ម៉ោង​៥​ម៉ោង​ក្នុងស្រុក ។

ក្នុង​ការ​ណែនាំ​មួយ ក្រោយ​គ្រោះ​មហន្តរាយ​នេះ លោក​ស៊ី ស្នើ​ដល់​អាជ្ញាធរ​ខេត្ត FUJIAN និង​បណ្តា​ផ្នែក​ពាក់ព័ន្ធ​ឱ្យ​រៀបចំ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ឱ្យ​បាន​ ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ។ លោក​ស្នើ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​កាយ​រក​មនុស្ស​ទាំងឡាយ​ដែល​កប់​ដី និង​បាត់​ខ្លួន​ដោយ​លោក​សង្កត់ធ្ងន់​លើ​ការ​យកចិត្តទុកដាក់​ឱ្យ​ព្យាបាល​ បណ្តា​អ្នក​របួស ។

លោក​ស៊ី ក៏​ស្នើ​ផង​ដែរ​ឱ្យ​ពង្រឹង​ការ​ត្រួតពិនិត្យ​រួច​ពិនិត្យ​សន្តិសុខ​ក្នុង​ កម្រិត​មូលដ្ឋាន បង្ការ​គ្រោះថ្នាក់​នានា​ប្រហាក់ប្រហែល​គ្នា​នេះ ។

ចំណែក​នាយក​រដ្ឋមន្ត្រី​ចិន លោក LI KEQIANG វិញ​បាន​ចេញ​ការ​ណែនាំ​ជា​លាយ​ល័​ក្ខ​អក្សរ​មួយ ដែល​អំពាវនាវ​ឱ្យធ្វើ​រាល់​ការ​ខិតខំ​ប្រឹងប្រែង តាម​រក​បណ្តា​មនុស្ស​បាត់​ខ្លួន​ក្រោយ​ការ​បាក់​ដី​នេះ ហើយ​ឱ្យ​យកចិត្តទុកដាក់​ដល់​បណ្តា​អ្នក​របួស ៕

 

លោក​គី​ម ជុង​អ៊ុ​ន ថា​នឹង​មិន​ប្រើ​អាវុធ​នុយក្លេអ៊ែរ​មុន​លើកលែង​ការ​រំលោភ​បំពាន​អធិបតេយ្យភាព

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​៨ ឧសភា ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​ថា ក្រុង​ព្យុ​ង​យ៉ាង​នឹង​ធ្វើការ​ខិតខំ​ប្រឹងប្រែង​សម្រាប់​ការ​រំសាយ​ នុយក្លេអ៊ែរ​លើ​ពិភពលោក ដោយ​សន្យា​ថា​នឹង​ពុំ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​មុន​ឡើយ​លើកលែងតែ​ អធិបតេយ្យភាព​របស់​ខ្លួន​ត្រូវ​រំលោភ​បំពាន ។

លោក​គី​ម ជុង​អ៊ុ​ន អះអាង​បែប​នេះ​ក្នុង​សុន្ទរកថា​មួយ​នា​ឱកាស​សមាជ​លើក​ទី​៧​របស់​បក្ស​ពលករ​ កូរ៉េ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ក្រុង​ព្យុ​ង​យ៉ាង​ចាប់តាំងពី​ថ្ងៃ​ទី​៦ ឧសភា មក។ លោក​ក៏​គូសបញ្ជាក់​ផង​ដែរ​ថា ប្រទេស​របស់​លោក​នឹង​សន្យា​ចំពោះ​ការ​មិន​សាយភាយ​អាវុធ​នុយក្លេអ៊ែរ និង​ការ​រំសាយ​នុយក្លេអ៊ែរ​លើ​ពិភពលោក ។

កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​កាលពី​ឆ្នាំ​២០០៦ ឆ្នាំ​២០០៩ ឆ្នាំ​២០១៣ ព្រមទាំង​នា​ខែមករា ឆ្នាំ​២០១៦​នេះ ។

លោក​គី​ម ជុង​អ៊ុ​ន ក៏​អំពាវនាវ​ផង​ដែរ​ដល់​សហរដ្ឋអាមេរិក​ឱ្យ​បញ្ឈប់​ការ​អុជអាល​ឱ្យ​មានការ​ ប្រកួតប្រជែង​គ្នា​អន្តរ​កូរ៉េ ហើយ​កុំ​ជ្រៀតជ្រែក​ចូ​ូ​ល​កិច្ចការ​ផ្ទៃក្នុង​របស់​ឧបទ្វីប​កូរ៉េ។ លោក​អះអាង​ថា លោក​បើកទ្វារ​ទៅ​រក​ការ​កែ​លម្អ​ទំនាក់ទំនង​របស់​កូរ៉េ​ខាងជើង​ជាមួយ​បណ្តា​ ប្រទេស​ដែល​គោរព​អធិបតេយ្យភាព និង​ឯករាជ្យ​របស់​ខ្លួន ។

មេដឹកនាំ​កូរ៉េ​ខាងជើង​ថ្លែង​ទៀត​ថា គោលបំណង​របស់​បក្ស​គឺ​ចង់បាន​ពិភពលោក​មួយ​ដែល​គ្មាន​សង្គ្រាម ដោយ​លោក​អះអាង​ថា កូរ៉េ​ខាងជើង និង​បក្ស​ពលករ​បាន​ខិតខំ​ធ្វើការ​ដើម្បី​សន្តិភាព និង​សន្តិសុខ​តំបន់ ព្រមទាំង​សន្តិសុខ​ជា​សាកល ។

ទាក់ទិន​នឹង​ទំនាក់ទំនង​អន្តរ​កូរ៉េ លោក​គី​ម ជុង​អ៊ុ​ន និយាយ​ថា គោលបំណង​គឺ​ចង់ឱ្យ​សម្រេច​បានការ​បង្រួបបង្រួម​ដោយ​ឯករាជ្យ​ដែល​ឆ្លុះ​ បញ្ចាំង​ពី​បំណងប្រាថ្នា​របស់​ប្រជាជន និង​ថា​ការ​ខិតខំ​ប្រឹងប្រែង​ផ្សេង​ៗ​ត្រូវ​បាន​ធ្វើ​សម្រាប់​ការ​ចរចា​ ជាមួយ​កូរ៉េ​ខាងត្បូង​ក្នុង​គ្រប់​កម្រិត ព្រមទាំង​ផ្តោត​លើ​បញ្ហា​ផ្សេង​ៗ ។ លោក​ពោល​ថា ចាំបាច់​ត្រូវ​កែ​លម្អ​ទំនាក់ទំនង​រវាង​កូរ៉េ​ទាំង​២ ដោយ​លោក​ពន្យល់​ថា ប្រទេស​ទាំង​២​ត្រូវ​គោរព​គ្នា​ទៅ​វិញ​មក ហើយ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា ដើម្បី​បើក​ទំព័រ​ថ្មី ដែល​អាច​ថ្ងៃ​ណាមួយ​ឈាន​ទៅ​ដល់​ការ​បង្រួបបង្រួម​ឧបទ្វីប​កូរ៉េ ។

លោក​គី​ម ជុង​អ៊ុ​ន ប្រកាស​ថា ប្រទេស​របស់​លោក​នឹង​បន្ត​ពិនិត្យ​មើល​របស់​ដែល​ហៅ​ថា ធម្មនុញ្ញ​មាន​៣​ចំណុច សម្រាប់​ការ​បង្រួបបង្រួម​ជាតិ ដែល​រួម​មាន​សេចក្តី​ប្រកាស​រួម​ចុះ​ថ្ងៃ​ទី​៤ កក្កដា ចេញផ្សាយ​ដោយ​កូរ៉េ​ទាំង​២​កាលពី​ឆ្នាំ​១៩៧២ ព្រមទាំង​ទិស​ដៅ​នយោបាយ​កូរ៉េ​ខាងជើង ដែល​លើក​ឡើង​កាលពី​ឆ្នាំ​១៩៨០ និង​១៩៩៩ ៕

ភ្លើង​ឆេះ​រាលដាល​នៅ​ក្រុង​FORT MCMURRAY​កា​ណា​ដា នៅ​តែ​ពុំ​ទាន់​ត្រួតត្រា​បាន

រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈកា​ណា​ដា លោក RALPH GOODALE ថ្លែង​កាលពី​ថ្ងៃ​ទី​៧ ឧសភា ថា សភាពការណ៍​នៅ​តែ​ពុំ​ទាន់​អាច​ត្រួតត្រា​បាន និង​គ្រោះថ្នាក់​បំផុត​ក្នុង​តំបន់​ទីក្រុង FORT MCMURRAY ដែល​រង​ការ​បំផ្លាញ​ដោយ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​ធំ ។ នេះ​ដោយសារ​លក្ខខណ្ឌ​ឧតុនិយម ពិសេស​សីតុណ្ហភាព​ឡើង​ខ្ពស់​សម្រាប់​រដូវ​នេះ ។

លោក RALPH GOODALE ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ផ្សាយ​តាម​ទូរទស្សន៍​បន្ត​ថា ភ្លើង​ឆេះ​នៅ​តែ​រាលដាល​ខ្លាំង ហើយ​គ្រោះថ្នាក់​ដែល​ពុំ​អាច​ត្រួតត្រា​បាន ។ លក្ខខណ្ឌ​លើ​រណសិរ្ស​ភ្លើង​ឆេះ​ព្រៃ​នៅ​តែ​អាក្រក់​បំផុត​មក​ពី​មាន​ភាព​សើម ​ខ្សោយ សីតុណ្ហភាព​ខ្ពស់ ព្រមទាំង​ខ្យល់​ខ្លាំង ។ ប្រសិនបើ​នៅ​បែប​នេះ​ទៀត​នោះ ផ្ទៃដី​ដែល​រង​ការ​ឆាបឆេះ​អាច​កើន​ដល់​ទ្វេ​ដង ។

យោង​តាម​តុល្យការ​ចុង​ក្រោយ​របស់​ផ្នែក​ពន្លត់ភ្លើង​ថា រយៈពេល​មិន​ដល់​២៤​ម៉ោង​ផង ផ្ទៃដី​៥៥.០០០​ហិ​កតា​ទៀត​រង​ការ​ឆាបឆេះ​ធ្វើ​ឱ្យ​ផ្ទៃដី​សរុប​រង​ការ​ ឆាបឆេះ​ឡើង​ដល់​សរុប​ទំហំ​១.៥៧០​គីឡូម៉ែត្រ​ក្រឡា ពោល​ស្នើ និង​ផ្ទៃដី​ទីក្រុង​ឡុ​ង​ដ៍ ឬ​១៥​ដង​នៃ​ផ្ទៃដី​ក្រុងប៉ារីស ។

យោង​តាម​ការ​ព្យាករណ៍​ឧតុនិយម​ថា សីតុណ្ហភាព​អាច​ឡើង​ដល់​២៨​អង្សា​សេ ដែល​បែប​នេះ​វា​កាន់តែ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​ថែម​ទៀត ។

នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៧ ឧសភា ក្បួន​រថយន្ត​ដើម្បី​ជម្លៀស​មនុស្ស​ជា​ច្រើន​ពាន់​នាក់​ជាប់​នៅ​កន្លែង​មួយ​ ចម្ងាយ​ប៉ុន្មាន​សិប​គីឡូម៉ែត្រ​ខាងជើង​ក្រុង FORT MCMURRAY បាន​ដំណើរការ​ជា​ថ្មី​ក្នុង​លក្ខខណ្ឌ​លំបាក​បំផុត ដោយសារ​ផ្សែង​យ៉ាង​ក្រាស់ ។ ប៉ូលិស​បាន​បើកផ្លូវ​ថ្នល់​លេខ​៦៣ មក​កាន់​ភាគ​ខាងត្បូង​ក្រុង សម្រាប់​ប្រតិបត្តិការ​យ៉ាង​ធំ​ជម្លៀស​មនុស្ស​ទាំងឡាយ​ដែល​ជាប់​ក្នុង​បណ្តា ​ទីតាំង​របស់​ក្រុមហ៊ុន​ប្រេងកាត​នានា ជា​កន្លែង​ពួក​គេ​ភៀសខ្លួន​មក​កាលពីដើម​ស​ប្តា​ហ៍ ក៏​ប៉ុន្តែ​ភ្លើង​នៅ​គំរាមកំហែង​គ្រប់ពេល​ដល់​បណ្តា​រថយន្ត ហើយ​ប៉ូលិស​ពាក់​ម៉ាស់​ការពារ​នាំ​ក្បួន​រថយន្ត​ជម្លៀស​មនុស្ស​ចេញ ៕

អីុរ៉​ង់​អះអាង​ពី​ការ​ស្លាប់​ទីប្រឹក្សាយោធា​13​នាក់​នៅ​ស៊ី​រី

កង​ឆ្មាំ​បដិវត្តន៍​អីុរ៉​ង់​អះអាង​កាលពី​ថ្ងៃ​ទី​៧ ឧសភា ពី​ការ​ស្លាប់​ទីប្រឹក្សាយោធា​អីុរ៉​ង់​១៣​នាក់​ក្នុង​ជម្លោះ​ស៊ី​រី ។

ក្នុង​សេចក្តី​ប្រកាស​មួយ​អាន​តាម​ទូរទស្សន៍ PRESS TV កង​ឆ្មាំ​បដិវត្តន៍​ឱ្យ​ដឹង​ថា ទីប្រឹក្សាយោធា​អីុរ៉​ង់​២១​នាក់​ទៀត​រង​របួស​នៅ​ស៊ី​រី ។ បណ្តា​ទីប្រឹក្សាយោធា​អីុ​រ៉​ង់​ត្រូវ​ស្លាប់ និង​របួស​នៅ​ខាន់​ទូ​ម៉ា​ន់ ជាទី​ក្រុង​មួយ​នៃ​ខេត្ត​អា​ឡែ​ប​ភាគ​ពាយ័ព្យ​ស៊ី​រី ។

ក្រុម​រណសិរ្ស​អាល់​ណូ​ស្ត្រា​ដែល អ​.​ស​.​ប ចាត់ទុកជា​អង្គការ​ភេរវកម្ម​បាន​ធ្វើការ​វាយលុក​ដោយ​ទ្រ​ទ្រាយ​ធំ​មួយ​នៅ​ ខាន់​ទូ​ម៉ា​ន់​កាលពី​២​ថ្ងៃមុន​នេះ ។

អីុ​រ៉​ង់​ជា​សម្ព័ន្ធមិត្ត​សំខាន់​នៃ​របប​ក្រុង​ដា​ម៉ាស់ ក្នុង​ជម្លោះ​ស៊ី​រី​លាតត្រដាង​នា​ពេល​មុន​នេះ​ពី​វត្តមាន​បណ្តា​ ទីប្រឹក្សាយោធា​របស់​ខ្លួន​នៅ​ស៊ី​រី ។ ដោយ​ដកស្រង់​សម្តី​មេបញ្ជាការ​កងទ័ព​មួយ​រូប​ទីភ្នាក់ងារ​ព័ត៌មាន​អីុ​រ៉​ង់ TASNIM រាយការណ៍​កាលពី​ថ្ងៃ​ទី​២ ឧសភា កន្លង​មកនេះ​ថា អីុរ៉​ង់​បាន​ដាក់​ពង្រាយ​បណ្តា​សមាជិក​កង​កុំម៉ង់ដូ​នៃ​កងទ័ពជើងគោក​របស់​ ខ្លួន​នៅ​ស៊ី​រី​សម្រាប់​បំពេញបេសកកម្ម​ជា​ទីប្រឹក្សាយោធា ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
596
923
4540334