jaukjeybanner

បំបែក​ករណីគ្រឿងញៀន​ធំៗ៣ នៅ​​ដើម​ឆ្នាំនេះ

ខេត្តស្ទឹងត្រែង ៖ នៅ​ឆមាស​ទី​១ ដើមឆ្នាំ​២០១៦ នគរបាល​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ស្ទឹងត្រែង បានបំបែក​ករណី​គ្រឿងញៀន​ធំ​ៗ​​ចំនួន​៣​ករណី ដោយ​បង្ក្រាប​​គ្រឿងញៀន​​បាន​ចំនួន​៦​គីឡូក្រាម និងចាប់​ជន​សង្ស័យ​​​ជា​ជនជាតិ​ឡាវ​ចំនួន​​៤​នាក់​ ។

​លោក​សាន់ និមល ស្នងការ​រងទទួល​បន្ទុក​បទល្មើស​សេដ្ឋកិច្ច និង​បទល្មើស​គ្រឿងញៀនបានឱ្យ​ដឹង​ថា នៅ​ដើមឆ្នាំ​២០១៦​នេះ បាន​ធ្វើការ​បង្ក្រាប​លើ​បទល្មើស​គ្រឿងញៀន​ចំនួន​៣​ករណី​ធំ​ៗ ដែល​នគរបាល​ជំនាញ​បាន​កំណត់​មុខសញ្ញា និង​ប្រើ​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប ដែល​ក្នុង​នោះ​២​ករណី គឺ​មានការ​សហការ​ជាមួយ​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃនគរ ​បាល BLO​។

ដោយឡែក​ ករណី​ចុង​ក្រោយ​នេះ កម្លាំង​នគរបាល​បង្ក្រាប​បាន​១​ករណី​ទៀត ចាប់​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ និង​ថ្នាំ​ញៀន​ប្រភេទមេ​តំ​ហ្វេ​តា​មីន ក្រាម​ពណ៌.​ស ហៅ​ម៉ា​ទឹកកក​ចំនួន​ជិត​១​គីឡូក្រាម ​។ ជនសង្ស័យ​​ឈ្មោះខាំ ផា​ផូ​ស៊ី អាយុ​៤០​ឆ្នាំ ជនជាតិ​ឡាវ ជា​កសិករ រស់នៅភូមិ​គីឡូ​លេខ​៨ ស្រុកបាក់សាន់ ខេត្ត​ប​លិ​ខាំ​សៃ ប្រទេស​ឡាវ​ ។

ជនសង្ស័យ​ដាក់​ថ្នាំ​ញៀន​ក្នុង​កន្ត្រក​ធ្វើ​សកម្មភាព​ឆ្លង​ដែន​ចូល​ ទឹកដី​កម្ពុជា មក​ដល់​ចំណុច​អូរ​ប្រាំក្នុងភូមិ​អូរ​សាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខណៈ​សមត្ថកិច្ច​​​ប្រើ​ជំនាញ និង​កំណត់​មុខ​សញ្ញា​រួចរាល់ ក៏​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ឡាវ​នោះ​ កាលពី​វេលា​ម៉ោង​៨​ព្រឹកថ្ងៃ​ទី​១៦ ​ឧសភា​ ​២០១៦ និង​រឹបអូស​ថ្នាំ​ញៀនប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ក្រាម ពណ៌​ស ហៅ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ធំ និង​បញ្ជូន​មកស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ត្រួតពិនិត្យ ដែល​មានការ​ចូលរួម​ពីលោកស្រីស៊ុន យឺត ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត ពិនិត្យ​ឃើញ​ថ្នាំញៀន​ចំនួន​៩១១​​ក្រាម​។

លោកសាន់ និមល ស្នងការ​រង​បាន​បញ្ជាក់​ថា​ នគរបាល​ដែល​មានកំ​លាំង​សហការ​ទាំង​មន្ទីរប្រឆាំង​គ្រឿងញៀន នគរបាល​BLO នៅ​ដើមឆ្នាំ​២០១៦​នេះ បង្ក្រាប​លើ​ករណី​ធំ​៣ ៖

ទី​១កាលពី​ថ្ងៃទី​២៥ មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល ព្រំដែន​កម្ពុជា-ឡាវ ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ចាប់​ជនជាតិ​ឡាវ​ម្នាក់​មាន​ឈ្មោះខាំ សៃ​ញ៉ា​វង្សា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ឡាវ រស់នៅ​ភូមិចម​ភិត ស្រុក​ខាំ​ខេត ខេត្ត​ខាំ​មួន ប្រទេស​ឡាវ និង​រថយន្ត​Vigo ពណ៌.ស មួយ​គ្រឿង​​ជា​មធ្យោ​បាយ​ ​និង​ថ្នាំ​ញៀន​ចំនួន៤​គីឡូក្រាម ក្នុង​នោះ​ប្រភេទហេ​រ៉ូ​អី​នចំនួន​២​គីឡូក្រាម ។

ទី​២-នៅ​ថ្ងៃ​ទី​២៨ ​មេសា ឆ្នាំ​២០១៦ ចាប់​ជនជាតិ​ឡាវ​បាន​ចំនួន​២​នាក់ រួម​ទាំង​ថ្នាំ​ញៀន ប្រភេទមេ​តំ​ហ្វេ​តា​មីន​ក្រាម ​ពណ៌.​ស​ ហៅ​ម៉ា​ទឹកកក​ចំនួន​១​គីឡូក្រាម នៅ​ចំណុចវ៉ើន ខាវ ក្បែរ​ច្រកព្រំដែន​កម្ពុជា-ឡាវ អន្តរជាតិ​ត្រពាំង​ក្រៀល ក្នុង​ព្រៃ ភូមិ​ខាំផា​ន់ សង្កាត់ សាមគ្គី ក្រុង​ស្ទឹង​ត្រែង និង​ករណី ​ទី​៣-​កំលាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បាន​ថ្នាំ​ញៀន មេ​តំ​ហ្វេ​តា​មីន​ក្រាម ពណ៌​ស​ ហៅ​ម៉ា​ទឹកកក​ចំនួន​១​គីឡូក្រាម​ទៀត កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៦ ​ឧសភា ឆ្នាំ​២០១៦ ចំនុចអូរ​ប្រាំ ភូមិ​អូរ​សាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ហើយសមត្ថកិច្ច​បាន​ធ្វើ​របាយ​ការណ៍​​បញ្ជូន​វត្ថុ​តាង និង​ជនជាតិ​ឡាវ​នោះ​ទៅ​តុលាការ​៕

សាលាឧទ្ធរណ៍​ជំនុំជម្រះ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក អ៊ុំ សំ​អាន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលាឧទ្ធរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០១៦ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​ជំនុំជម្រះ​ជា​អសាធារណៈ​ចំពោះ​ បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោក អ៊ុំ សំ​អាន តំណាងរាស្ត្រ​មណ្ឌល​សៀមរាប នៃ​គណបក្ស​សង្គ្រោះ​ជាតិ ។

គួរ​រំលឹក​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក តុ​ប ឈុ​ន​ហេង កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៦ សម្រេច​បដិសេធ​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក អ៊ុំ សំ​អាន ។

លោក អ៊ុំ សំ​អាន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៦ ។

តុលាការ​ចោទប្រកាន់​ចំនួន​២​បទល្មើស គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ៍​(​បង្ក​ឲ្យ​មាន​ភាព​ វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​) និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​មាត្រា​៤៩៥ និង​មាត្រា​៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៦ ។

លោក អ៊ុំ សំ​អាន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៦ នៅ​ក្នុង​ខេត្តសៀមរាប បន្ទាប់​ពី​គាត់​បាន​វិល​ត្រឡប់​ពី​បរទេស​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែមេសា និង​បាន​បញ្ជូន​មក​កាន់​ក្រសួងមហាផ្ទៃ ។

លោក អ៊ុំ សំ​អាន ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀមរាប របស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចាប់ខ្លួន​បន្ទាប់​ពី​ការ​ចាប់ខ្លួន​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា ។ ក្រោយ​ពី​ឃាត់ខ្លួន រដ្ឋសភា​បាន​ប្រជុំ​បន្ទាន់​មួយ ដោយ​សម្រេច​ឲ្យ​តុលាការ​ឃុំខ្លួន​លោក អ៊ុំ សំ​អាន ដើម្បី​បន្ត​នីតិវិធី ។

Freetel សហការ​ជាមួយ Seatel លក់​ស្មា​ត​ហ្វូ​ន​នៅ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ផ្អែក​លើ​គុណភាព ការ​ច្នៃប្រឌិត និង​ជា​ផលិតផល​លំដាប់​ពិភពលោក ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ Freetel មានការ​រំពឹង​យ៉ាង​មុតមាំ​ថា ទូរស័ព្ទ Freetel ម៉ូ​ដែល Priori 3 ជំនាន់​ទី​៣ របស់​ខ្លួន​នឹង​ក្លាយជា​ម៉ាក​សញ្ញា​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទ​នៅ ​កម្ពុជា​។ 

លោក Kaoru Masuda នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Freetel បាន​ឲ្យ​ដឹង​ក្នុង​ពិធី​បើក​សម្ពោធ​ទូរស័ព្ទ​ម៉ូ​ដែល Priori 3 កាលពី​ថ្ងៃ​ទី​១៣ ឧសភា ២០១៦ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ថា នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ការ​ផ្លាស់​ប្តូរ​នឹង​កើត​មាននៅ​ក្នុង​ រលកធាតុអាកាស និង​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ មាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ចំនួន​១.៥​ពាន់​លាន​គ្រឿង​បញ្ចេញ​លក់​នៅ​លើ​ ទីផ្សារ​ពិភពលោក​ទាំងមូល ហើយ​មាន​តម្លៃ​ប្រមាណ​៥.០០០​លាន​ដុល្លារ និង​សម្រាប់​អ្នក​ដែល​ឈ្នះ​នា​ពេល​បច្ចុប្បន្ន វា​មិន​ប្រាកដ​ថា បន្ត​ឈ្នះ​រហូត​នោះ​ទេ វា​តែង​មាន​ម៉ាក​សញ្ញា​ថ្មី​ចូល​មក​ជំនួស​នៅ​ក្នុង​ទីផ្សារ​។

លោក​បន្ត​ថា នៅ​ក្នុង​ប្រទេស​ជប៉ុន​ទូរស័ព្ទ Freetel បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្លាយជា​អ្នក​ផ្គត់ផ្គង់​ឈានមុខ​មួយ​លំដាប់​ពិភពលោក ​ទៅ​ឲ្យ​អតិថិជន​របស់​យើង​តាម​រយៈ​ភាព​ច្នៃប្រឌិត និង​គុណភាព​ជប៉ុន​ដែល​ប្រកាន់ខ្ជាប់​នូវ​គោល​គំនិត​ផ​លិ​ផល​ជប៉ុន​។ «​ថ្ងៃនេះ យើង​មាន​មោទនភាព​ប្រកាស​នូវ​គម្រោង​ថ្មី​គឺ ទូរស័ព្ទ Freetel បាន​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ Seatel នៅ​កម្ពុជា ហើយ​ជឿជាក់​ថា ផលិតផល​របស់​យើង​នឹង​ក្លាយជា​ជា​ម៉ាក​សញ្ញា​លេខ​១ នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ​»​។

លោក  Yang Liqun នាយក​គ្រប់គ្រង​ទូទៅ របស់​ក្រុមហ៊ុន Seatel មាន​ប្រសាសន៍​ថា « Freetel នឹង​ដើរតួ​សំខាន់​នៅ​ក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​កម្ពុ​ជានា​ពេល​អនាគត​ ដ៏​ខ្លី ព្រោះ Seatel បាន​ក្លាយជា​ដៃគូរ និង Freetel នៅ​កម្ពុជា ដែល​ជា​ប្រតិបត្តិការ​ទី​១ ដែល​ផ្តល់​បណ្តាញ​សេវា 4G ឈានមុខ​គេ​នៅ​កម្ពុជា ចំណែក Freetel ជា​ក្រុមហ៊ុន​មាន​ដើម​កំណើត​នៅ​ប្រទេស​ជប៉ុន ដែល​បាន​ចែកចាយ​សេវាកម្ម និង​ផលិត​នៅ​តាម​បណ្តា​ប្រទេស​ជាង​២០​ជុំវិញ​ពិភពលោក ហើយ​ទូរស័ព្ទ​ដៃ​នេះ តំណាង​ឲ្យ​ផលិតផល​ដែល​ផលិតភាព​ច្នៃប្រឌិត​ដោយ​ជប៉ុន​»​។

លោក​លើក​ឡើង​ថា ក្រុមហ៊ុន Seatel  បានការ​ទទួលស្គាល់​ថា មានគុណ​ភាព​សេវា 4G ល្បឿន​លឿន និង​សន្សំ​សំចៃ រីឯ Freetel មានឈ្មោះ​ជា​ស្មា​ត​ហ្វូ​ន​មានគុណ​ភាព​ខ្ពស់ ជា​ហេតុ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ នឹង​នាំ​មក​នូវ​បទ​ពិសោធន៍​ឈានមុខ​គេ​ជូន​អ្នក​ប្រើប្រាស់​។ « Seatel និង Freetel  នឹង​ខិតខំ​ផ្តល់​ជូន​ដល់​អតិថិ​ជន​នូវ​ផលិតផល​លំដាប់​ពិភពលោក និង​សេវាកម្ម​មាន​តម្លៃ​សមរម្យ ហើយ​នៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ធ្វើការ​កាន់តែ​ជិត​ស្និទ្ធ​ បន្ថែម​ទៀត ដើម្បី​ចូលរួម​ចំណែក​នៅ​ក្នុង​ទីផ្សារ​ទូរ​គម​នាគម​ន៍​នៅ​កម្ពុជា ដោយ​យើង​រំពឹង​ថា នឹង​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា​»​។

លោក​ ​Eugene Yoshioka អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Freetel បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​កម្ពុជា មានការ​យល់​ដឹង​ច្បាស់ និង​ពេញ​និយម​ជា​ខ្លាំង​ទៅ​លើ​ការ​ប្រើប្រាស់​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ ន ដូច្នេះ Freetel ដែល​ជា​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី ទើប​នាំ​ចូល​កម្ពុជា​ពេល​នេះ វា​ជារ​បទ​ថ្មី​មួយទៀត​សម្រាប់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​ជ្រើសរើស​ប្រើ​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​។

លោក​បន្ត​ថា «​នៅ​ថ្ងៃ​អនាគត យើង​បង្កើត​ឲ្យ​មានការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​ទូរស័ព្ទ​នេះ ទៅ​ដល់​អតិថិជន មាន​ន័យ​ថា ក្រុមហ៊ុន​នឹង​ធ្វើការ​បង្ហាញ​ជូន​នូវ​គុណសម្បត្តិ និង​តម្លៃបន្ថែម​ពី​របៀប​ប្រើប្រាស់​ជូន​ដល់​អតិថិជន ហើយ​ក្រុមហ៊ុន​ជឿជាក់​ថា ការ​លក់​ទូរស័ព្ទ Freetel នឹង​មានការ​លក់ដាច់​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។

បើ​យោង​តាម​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នា​ពេល​ថ្មី​ៗ​នេះ​បាន​គូសបញ្ជាក់​ថា គិត​ត្រឹម​ដើមឆ្នាំ​២០១៦ ចំនួន​អ្នក​ជាវ​សេវា​ទូរស័ព្ទ​មាន​ប្រមាណ​២១​លាន​នាក់ គឺ​ស្មើនឹង​១៣៩% នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប ។  ចំនួន​អ្នក​ជាវ​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​ក៏​មានការ​កើនឡើង​រហូត​ដល់​ប្រមាណ​៦,៧ ​លាន​នាក់ ស្មើនឹង​៤៥% នៃ​ប្រជាពលរដ្ឋ​សរុប ដែល​ញ៉ាំង​ឲ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​២ នៅ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន ។

លោក ត្រាំ អ៊ី​វ​តឹក មាន​ប្រសាសន៍​បន្ថែម​ថា « កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មាន​ភាព​ប្រកួតប្រជែង​រវាង​ ប្រតិបត្តិ​ករ​ដទៃ​ទៀត​កាន់តែ​មាន​ភាព​តានតឹង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ជា​ពិសេស​នៅ​ពេល​ដែល​កម្ពុជា​បាន​ផ្ដើម​ចូល​ជា​សមាជិកសមាគម​សេដ្ឋកិច្ច​ អាស៊ាន​នៅ​ដើមឆ្នាំ​២០១៦ នេះ ការ​ប្រកួតប្រជែង​វា​ជា​បញ្ហា ប៉ុន្តែ​វា​ក៏​ជា​ឱកាស​សម្រាប់​​ក្រុមហ៊ុន​ផង​ដែរ ។ ការ​វិនិយោគ និង​ការ​រៀបចំ​ដំណើរការ​នូវ​បច្ចេកវិទ្យា​ថ្មី 4G/LTE នេះ មិន​ត្រឹមតែ​ផ្តល់​នូវ​ឧត្តមភាព​ប្រកួតប្រជែង​ដល់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បង្កើន​នូវ​ទំនុកចិត្ត​ដល់​អ្នក​ប្រើប្រាស់​ដែល​មាន​ភាព​ បត់បែន​តាម​សភាពការណ៍​នៃ​ការ​រីក​ចម្រើន​របស់​សង្គម​នា​ពេល​បច្ចុប្បន្ន និង​នាំ​មក​នូវ​កំណើន​ចំណូល​សម្រាប់​ក្រុមហ៊ុន​ផង​ដែរ » ៕

សាលា​រាជធានី​ភ្នំពេញ នឹង​ផ្លាស់​អំ​ពូ​ល​ភ្លើង​ជាង​១​ម៉ឺនអំពូល

រាជធានី​ភ្នំពេញ  ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​គម្រោង​ប្រគល់​ការងារ​ជួសជុល​ថែទាំ​សួនច្បារ ដើមឈើ និង​ភ្លើង​បំភ្លឺ​សាធារណៈ ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ទៅ​ឲ្យ​វិស័យ​ឯកជន​ជា​អ្នកគ្រប់គ្រង​ក្នុង​ពេល​ឆាប់​ៗ ដោយ​អាជ្ញាធរ​នេះ បាន​ចោទប្រកាន់​ថា ការ​ប្រគល់​ទៅ​ឲ្យ​វិស័យ​ឯកជន គឺជា​ការ​ល្អ​ជាង​សាធារណការ​គ្រប់គ្រង ព្រោះ​បើ​សាធារណ​ការ​​គ្រប់គ្រង​នៅ​ពេល​ជួសជុល​ម្តង​ៗ​យក​ថ្លៃ​ឈ្នួល​ប្រហែល ​ឯកជន​ដែរ ក្នុង​ពេល​ដែល​អង្គភាព​របស់​រដ្ឋ​ស៊ីប្រាក់ខែ​រដ្ឋ ព្រមទាំង​ប្រើប្រាស់​ឧបករណ៍​របស់​រដ្ឋ ជា​ពិសេស​ត្រូវ​មានការ​លើកទឹកចិត្ត​ពី​រដ្ឋ​ទៀត​នោះ ។

ក្នុង​កិច្ចប្រជុំ​នៅ​សាលា​រា​ធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​១៦ ឧសភា ២០១៦ នេះ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កោះ​ប្រជុំ​មន្ត្រី​ក្រោម​ឱ​វាត ដើម្បី​ត្រៀម​រៀបចំ​ផែនការ​សំខាន់​ៗ​ចំនួន​២ គឺ​១-​ផែនការ​ព​ន្លឿ​ន​ការងារ​តម្លើង​កាមេរ៉ា​សុវត្ថិភាព នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ​បន្ថែមចំនួន​៦០០​គ្រឿង ឲ្យ​បាន​ក្នុង​រយ​:​ពេល ០៦​ខែ​ទៀត និង​២-​ការងារ​រៀបចំ​កិច្ចសន្យា​ការ​ថែទាំ​សួនច្បារ បង្គោល​ភ្លើង និង​ដើមឈើ ប្រគល់​ទៅ​ឲ្យ​វិស័យ​ឯកជន​ជា​ជួសជុល និង​ថែទាំ ។

លោក ប៉ា សុ​ជាតិ​វង្ស មាន​ប្រសាសន៍​ទៀត​ថា សួនច្បារ​នៅ​រាជធានី​ភ្នំពេញ មាន​ជាង​៦៩​ហិ​កតា ដើមឈើ​ជាង​៦​ម៉ឺន​ដើម និង​ត្រូវ​ប្តូរ​ការ​ទទួលខុសត្រូវ​ថែទាំ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន ។ ចំណែកឯ​អំ​ពូ​ល​ភ្លើង​បំភ្លឺ​សាធារណ​:​ទាំងអស់​មាន​ជាង​១១.០០០​អំ​ពូ​ល នឹង​ត្រូវ​ប្ដូរ​ជា​អំ​ពូ​ល LED (​អំ​ពូ​ល​មាន​លក្ខណៈ​ទំនើប​ស៊ី​ភ្លើង​តិច​) ទាំងអស់ ហើយ​ការ​ទទួលខុសត្រូវ​ទទួល​ថែទាំ​ក៏​ត្រូវ​ប្ដូរ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ផង​ដែរ ។ លោក​បញ្ជាក់​ថា  ការ​តម្លើង ឬ​រៀបចំ​អំ​ពូ​ល ឬ​សួនច្បារ​ថ្មី​ពិតជា​ពិបាក ប៉ុន្តែ​ការ​ថែរក្សា ឬ​ថែទាំ គឺ​រឹតតែ​ពិបាក​ថែម​ទៀត សាលា​រាជធានី​ភ្នំពេញ​សង្ឃឹមថា ការ​គ្រប់គ្រង​សួនច្បារ​សាធារណ​:  អំ​ពូ​ល​ភ្លើង​បំភ្លឺ​សាធារណ​:  សន្តិសុខ សុវត្ថិភាព​សាធារណ​: នឹង​បាន​កាន់តែ​ល្អ​ប្រសើរ បន្ទាប់​ពី​បាន​កែសម្រួល​យន្តការ​ថ្មី និង​តម្លើង​កាមេរ៉ា​សុវត្ថិភាព​ជាង ៦០០​គ្រឿង​បន្ថែម​ទៀត​នេះ ។

ចំណែក​លោក សំ សា​មុត ប្រធាន​អង្គភាព​សួនច្បារ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​បាន​លើក​ឡើងជា​សំនួ​រថា អង្គភាព​របស់​លោក​មាន​បុគ្គលិក​បណ្តែត​រាប់រយ​នាក់ ដែល​ជា​អ្នក​ថែ​សួន មាន​ស្រោច​ផ្កា ដាំ ឬ​ជួស​ស្មៅ បោសសំអាត​សួន និង​បង្គន់​អនាម័យ​ជាដើម មាន​អ្នកខ្លះ​បម្រើ​ការងារ​នេះ​រហូត​ដល់​ជិត​៣០​ឆ្នាំ ។ មាន​ន័យ​ថា សួនច្បារ​នៅ​រាជធានី​ភ្នំពេញ ពួក​គាត់​មានការ​ខិតខំ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍ ចាប់តាំងពី​សួនច្បារ​នៅ​ជា​ដីក្រហម​មក​ម្ល៉េះ ទាំងនេះ​មិន​ដោយសារ​ពួក​គាត់​ទេ ? ឬ​ក៏​ពួក​គាត់​ជា​មនុស្ស​មិន​បានការ ? បើ​ពេល​នេះ​សាលា​រាជធានី​ភ្នំពេញ ប្រគល់​ទៅ​ឲ្យ​វិស័យ​ឯកជន តើ​ពួក​គាត់​គិត​យ៉ាងម៉េច ?

សិប្បកម្ម​ទឹកកក​ថៅកែ ស៊ី សុ​វ​ណ្ណា​រ៉ា បញ្ចេញ​ទឹក​ស្អុយ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព

ខេត្តកំពង់ធំ ៖ រោង​សិប្បកម្ម​ទឹកកក​របស់​លោក​ថៅកែ ស៊ី សុ​វ​ណ្ណា​រ៉ា បញ្ចេញ​ទឹក​ស្អុយ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ សិស្សានុសិស្ស និង​បំផ្លាញ​បរិស្ថាន ។ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ត្រស់ ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ នាំ​គ្នា​និយាយ​រិះគន់​ដល់​អាជ្ញាធរ​ឃុំ ស្រុក និង​មន្ទីរ​ដែល​ពាក់ព័ន្ធ​ថា មិន​គិតគូរ​ដល់​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស បែរជា​បណ្តែតបណ្តោយ​ឲ្យ​ម្ចាស់​បើក​ធ្វើ​អាជីវកម្ម​រោង​សិប្បកម្ម​ទឹកកក លោក ថៅកែ ស៊ី សុ​វ​ណ្ណា​រ៉ា បង្ហូរទឹក​កខ្វក់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ ពួក​គាត់​បាន​រាយការណ៍​ការ​ប្រាប់​អាជ្ញាធរ​ភូមិ ឃុំ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែរ តែ​ហាក់ដូចជា​គ្មាន​វិធានការ​សោះ ។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ពួក​គាត់​រស់នៅ​ទីនោះ​សែនពិបាក ទី​១.​ស្អុយ​ទឹក​កខ្វក់​ដែល​គេ​បង្ហូរ​ចេញ​មក​ក្រៅ និង​ទី​២. ធុំក្លិន​ហ្គែ​ល​ដែល​សាយភាយ​ចេញពី​រោងចក្រ​ទឹកកក ធ្វើ​ឲ្យ​សុខភាព​កូនចៅ ព្រមទាំង​មនុស្ស​ចាស់​ផង​ដែរ តែងតែមាន​ជំងឺ​មិន​ចេះ​ចប់ ជា​ពិសេស​នៅ​រដូវវស្សា​ទឹក​ស្អុយ​នេះ​ឡើ​ពាសពេញ​ដី​នៅ​ម្តុំ​នោះ ហើយ​ក៏​ធ្វើ​ឲ្យ​ដី​សាលារៀន​ប​ឋ​សិក្សា​ស្ទឹង​ជី​និ​ត​មួយ​ភាគ​ធំ ស្តុ​ប​ទៅ​ដោយ​ទឹក​ស្អុយ បង្កើត​បានជា​ឧស្ម័ន​ជាតិពុល​ធុំក្លិន​ប៉ះពាល​ដល់​សុខភាព ដោយសារ​តែ​រស់នៅ​ក្បែរ​រោងចក្រ​ទឹកកក​នេះ ពួក​គាត់​ប្រាប់​ថា​រោងចក្រ​ទឹកកក​នេះ​បាន​ដំណើរការ និង​បង្ហូរទឹក​ស្អុយ​ប្រហែល​ជាង​៣០​ឆ្នាំ​មក​ហើយ តែ​គ្មាន​វិធានការ​ដើម្បី​រក្សា​ទុក​កាក​សំណល់​របស់​ខ្លួន​ឲ្យ​បាន​ ត្រឹមត្រូវ​នោះ​ឡើយ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោក ស៊ី សុ​វ​ណ្ណា​រ៉ា ថៅកែ​រោង​ម៉ាស៊ីន​ទឹកកក​ខាងលើ ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦ នេះ ដោយសារ​ទូរស័ព្ទ​ដៃ​របស់​លោក​ហៅ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល ។

លោក ហ៊ី ប៊ុ​ន​ថា​ន មេឃុំ បល្ល័ង្ក ស្រុក​បារាយណ៍​ប្រាប់​ថា អាជ្ញាធរ​ឃុំ ស្រុក ខាង​បរិស្ថាន ខាង​សិប្បកម្ម និង​ឧស្សាហកម្ម បាន​ចុះ​មក​ពិនិត្យ​មើល និង​បាន​ធ្វើ​កិច្ចសន្យា​រួច​ហើយ​ចំពោះ​រឿង​នេះ ។ លោក សាយ ហៀ​ក នាយក​សាលា​ស្ទឹ​ក​ជី​និ​ត​បាន​ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃមុន​ឃើញ​ខាង​អាជ្ញាធរ និង​ខាង​ជំនាញ​ចុះ​មក​ឲ្យ​ខាង​ភាគី​រោងចក្រ​ទឹកកក​ធ្វើ​កិច្ចសន្យា​ហើយ អ​ញ្ចឹ​ង​ហើយ​ខាង​សាលា​ក៏​នៅ​ស្ងៀម​សិន​ទៅ រង់ចាំ​មើល​ថា​តើ​គេ​គោរព​តាម​កិច្ចសន្យា​ឬ​យ៉ាងណា ពីព្រោះ​កន្លង​មក​ឃើញ​តែ​ចុះ​ពិនិត្យ​ក៏​ស្ងាត់ឈឹង​ទៅ​វិញ ។ លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ប្រាប់​ថា​ចំពោះ​ករណី​ខាងលើ​នេះ មន្ទីរ​បាន​ចាត់​ឲ្យ​មន្ត្រី​ចុះ​ទៅ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ឃុំ ស្រុក ធ្វើ​កិច្ចសន្យា​ជាមួយនឹង​ខាង​រោងចក្រ​ទឹកកក​រួច​ហើយ គេ​នឹង​ជីក​អាក​ស្តុក​ទឹក​កខ្វក់​នេះ​នៅ​ក្នុង​ផ្ទៃដី​របស់​គេ ហើយ​បើ​គាត់​មិន​គោរព​តាម​កិច្ចសន្យា​របស់​គាត់​ទេ​នោះ មន្ទីរ​នឹង​មាន​វិធានការ​បន្តរ​ទៀត​ទៅ​តាម​និ​តិ​វិធី ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1721
2202
4537665