jaukjeybanner

ឃាត់​មុខសញ្ញា​ថ្នាំ​ញៀន​២​នាក់ ដកហូត​ថ្នាំ​ញៀន​១៧​កញ្ចប់​តូច

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់ រួម​ជាមួយ​ថ្នាំ​ញៀន​១៧​កញ្ចប់​តូច ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មាន​ជ័យ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ត្រី ម៉េ​ង វិមាន​តារា អធិការរង​នគរបាល​ខណ្ឌ​ទទួល​បន្ទុក​ជំនាញ​ព្រហ្មទណ្ឌ បាន​ចុះ​បង្ក្រាប​នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ក្នុងភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១៤ និង​៥០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៦ ។ ជនសង្ស័យ​មានឈ្មោះ ស៊ន រ៉ា​វី ហៅ​អា​ប៊ូ​ឡូ អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ទីតាំង​ឃាត់ខ្លួន ។

ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ ក្រោយ​រក​ឃើញ​ថា​មិន​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ ត្រឹម​គ្រាន់តែ​សេព​តែ​ប៉ុណ្ណោះ ។ ក្នុង​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​ដកហូត​បាន ម្សៅ​ក្រាម​ស​ថ្លា ហៅ​ម៉ា​ទឹកកក​ចំនួន ១៧​កញ្ចប់​តូច ដាវ​សាំ​ម៉ូ​រៃ​២​ដើម រួម​ទាំង​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ធំ​ផង​ដែរ ។ បច្ចុប្បន្ន​ជនសង្ស័យ នឹង​វត្ថុ​តាង​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់  អធិការដ្ឋាន​នគរ​ខណ្ឌមានជ័យ ដើម្បី​សាកសួរ​នាំ​បន្ថែម និង​ត្រៀម​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

រថយន្តក្រុង​បុក​នី​សាន់​ពីក្រោយ​ពេញទំហឹង ស្លាប់​និង​របួស​៣​នាក់

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ និង​ប្រុស​ស្រី​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ស្រាល មូលហេតុ​ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តក្រុង ព្រលះ​ពីក្រោយ​រថយន្ត​នី​សាន់​បើក​ស្រប​ទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​ រថយន្ត​នី​សាន់​ខ្ទាត​ដល់​ចិញ្ចើម​ផ្លូវ ។ ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​១ នៅ​ត្រង់​ចំណុច​ភូមិ​ព្នៅ ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។

តាម​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លាប់​មានឈ្មោះ វ៉ា សេង ភេទ​ស្រី អាយុ​55​ឆ្នាំ មុខរបរ ជា​មន្ត្រីរាជការ​។ ចំណែក​អ្នក​រង​របួសធ្ងន់​ស្រាល​មានឈ្មោះ សោម ភារ​ម្យ ភេទ​ប្រុស អាយុ​30​ឆ្នាំ មុខរបរ​អាជីវករ​លក់ដូរ (​ជា​អ្នកបើកបរ​រថយន្ត​នី​សាន់​) និង​ឈ្មោះ ចាប សុភាព ភេទ​ស្រី អាយុ​27​ឆ្នាំ​មុខរបរ​និស្សិត ដោយ​អ្នក​ទាំង​៣​មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្តក្រុង​ម៉ាក​ហ៊ី​យ៉ា់​ន​ដាយ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-6588 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ដោយ​ធ្វើ​ដំណើរ​ទិស​ដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន ហើយ​ក៏​ជែង​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត បញ្ច្រាសទិស​គ្នា​ដោយ​ស្ថានភាព​គ្រោះថ្នាក់ រួច​ក៏​បុក​គូថ​រថយន្ត​ដែល​បើក​ស្រប​ទិស​គ្នា​ពីក្រោយ​យ៉ាង​ពេញទំហឹង​លាន់​ សូរដូច​រន្ទះបាញ់​ខែចេត្រ បណ្ដាល​ឲ្យ​រថយន្ត​នី​សាន់​ប៉ើង​ខ្ទាត​ធ្លាក់​ទៅ​ចិញ្ចើម​ផ្លូវ​តែ​ម្ដង​។

ក្រោយ​កើតហេតុ​អ្នក​បើករថយន្ត​បង្ក​បើកទ្វារ​រត់​គេ​ខ​ខ្លួន​តែ​ម្ដង​ បន្សល់​ទុក​រថយន្ត​នៅ​នឹង​កន្លែង​។ បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​បាន​ចោមរោម​មើល​និង​រាយ​ការ​ណ៏​មក​សមត្ថកិច្ច​ មូលដ្ឋាន​មក​អន្តរាគមន៍​យក​ជន​រង​គ្រោះ​មក​កាន់​មន្ទី​ពេទ្យ​បង្អែក​ ខេត្តស្វាយរៀង ប៉ុន្តែ​ដោយ​ស្ត្រី​ឈ្មោះ វ៉ា សេង រង​របួសធ្ងន់​ក៏​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​។ សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ ប្រពៃណី ចំណែក​មធ្យោបាយ​រថយន្ត​ទាំង​២​គ្រឿង​សមត្ថកិច្ច​នគរបាល​បាន​អូស​យក​ទៅ​រក្សា ​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​៕

ភ្ញៀវ​ទេសចរណ៍​សម្រុក​ទៅ​កម្សាន្ត​តាម​កោះ នា​ឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មានកា​ផ្សព្វផ្សាយ តាម​បណ្តាញ​ព័ត៌មាន និង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក អំពី​សក្ដានុពល​វិស័យ​ទេសចរ​ណ៏ លើ​កោះ​រ៉ុ​ង រហូត​ដល់​មាន​ភ្ញៀវ​ទេសចរ​ណ៏​ជា​ច្រើន​បាន​ដាក់​ប្រសិទ្ធ​នាម​ថា ជា​កោះ​ឋានសួគ៌​ធម្មជាតិ ។ ក្នុង​ឱកាស​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ឆ្នាំ​២០១៦​នេះ ភ្ញៀវ​ទេសចរ​ណ៏​ជា​ច្រើន​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​បាន​សម្រុក ទៅ​កម្សាន្ត​នៅ​លើ​កោះ ដែល​តួលេខ​នេះ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​។

លោក វរៈសេនីយ៍ត្រី ឃឹម សុផល មន្ត្រី​នគរបាល​ចរាចរ​ជើង​ទឹក  បាន​គូស​បញ្ចា​ក់ថា​សម្រាប់​ឱកាស​បុណ្យ​ចម្រើន​ព្រះ ជន្ម​ព្រះមហាក្សត្រ​រយៈពេល​០៣​ថ្ងៃ ភ្ញៀវ​ទេសចរ​ណ៏​ដែល​បាន​មក​កម្សាន្ត​តាម​កោះ​ក្នុង​ដែនដី​ខេត្ត​ព្រះ​សីហ​នុ គឺ​មាន​សុវត្ថិ​ភាពល្អ​ប្រសើរ​ណាស់ បើ​ទោះបីជា​ភ្ញៀវ​ជាង​២៦០០​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ បាន​សម្រុក​ទៅ​កំសាន្ត​នៅ​តាម​កោះ​យ៉ាងណា​ក្តី ។ កត្តា​ទាំងនេះ​ក៏​ដោយសារ​មានការ​ចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន ស្នងការ​នគរបាល​ខេត្ត ក្នុង​ការ​បង្កើន​កិច្ច​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។​

​លោក នូ សុផល ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​គូសបញ្ជាក់​ថា ក្នុង​ឱកាស​បុណ្យ ចម្រើន​ព្រះ​ជន្ម​ព្រះមហាក្សត្រ រយៈពេល​០៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៣-១៥ ខែឧសភា ឆ្នាំ​២០១៦ ភ្ញៀវ​សរុប ៩៦,២០៦ នាក់ កើនឡើង ១៣.២៣%  ភ្ញៀវ​ជាតិ ៩២,១៣១​នាក់ កើនឡើង ១៣.៣៩%  ភ្ញៀវ​អន្តរជាតិ ៤,០៧៥ នាក់ កើនឡើង ៩.៨០%​។ សណ្ឋាគារ​មាន​៧១ មាន​៣,២៨៩ បន្ទប់ និង​ផ្ទះសំណាក់​មាន​ចំនួន​២៦៩ មាន​៣,៦៧៣​បន្ទប់ ។ ចំពោះ​កត្តា​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មាន​កំណើន​ពី​មួយ​ថ្ងៃ​ទី​មួយ​ថ្ងៃ ​ក៏​ដោយសារ​ខេត្ត​ព្រះ​សីហ​នុ មាន​សន្តិសុខ សុវត្ថិ​ភាពល្អ គួប​ផ្សុំ​ជាមួយ​សម្រស់​ធម្មជាតិ ដ៏​សម្បូរ​បែប ច្រើន​កន្លែង ទាំង​នៅ​ដី​គោ​គ និង ដែន​កោះ ។

ពាក់ព័ន្ធ​ទៅ​នឹង​សន្តិសុខ​សុវត្ថិភាព រយៈពេល​៣​ថ្ងៃ នៃ​ឱកាស​បុណ្យ​ចម្រើន​ព្រះ ជន្ម​ព្រះមហាក្សត្រ​នេះ​ផង​ដែរ លោក​វរៈសេនីយ៍ឯក អ៊ី សុខា ស្នងការ​រង​ទទួល​សណ្តាប់ធ្នាប់ បាន​បញ្ជាក់​ថា  សម្រាប់​ខេត្ត​ព្រះ​សីហ​នុ​ពុំ​មាន​អ្វី​កើតឡើង នោះ​ទេ​។ ដោយឡែក​ទាក់ទិន​ទៅ នឹង​តម្លៃ ម្ហូបអាហារ​ឆ្នាំ​នេះ ហាក់​មានការ​ឡើងថ្លៃ​ខ្ពស់ គ្រា​ដែល​តម្លៃ​ផ្ទះសំណាក់ មានការ​ឡើងថ្លៃ​កប់​ពពក ពី​១៥​ដុល្លា ឡើង​រហូត​៤០​ដុល្លា​ក្នុង​មួយ​បន្ទប់​។ រីឯ​តម្លៃ​តុ​អង្គុយ​ក្នុង​១​តុ​មាន​តម្លៃ​រហូត​៣០​ដុល្លា​ទៅ​៤០​ដុល្លា  នេះ​បើ​យោង​តាម​ការ​អះអាង​ពី​ភ្ញៀវ​ទេសច​ណ៍ ជា​ច្រើន​ដែល​បាន​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​៕

សាហា​ណាស់ បុក​អូស​បែក​ផ្កាភ្លើង​ជាង​១​គីឡូម៉ែត្រ

ខេត្តកំពង់ចាម ៖ រថយន្ត​ពាក់​ស្លាក​លេខ​រដ្ឋ​១​គ្រឿង​បាន​បើក​បុក​ម៉ូតូ​១​គ្រឿង​យ៉ាង​ ពេញទំហឹង ហើយ​បើក​រត់គេច​ខ្លួន​ទាំង​អូស​ជាប់​ម៉ូតូ​បែក​ផ្កាភ្លើង​ជាង​១​គីឡូម៉ែត្រ​ ទើប​របូត​ម៉ូតូ​វិញ ហើយ​បន្ត​បើក​គេចខ្លួន​បាត់​បន្សល់​តែ​ស្លាក​លេខ រដ្ឋ​10-2-0191 ជ្រុះ​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៦ ចំណុច​ផ្លូវបំបែក​ជា​បួន ខាងលិច​សាល​មហោស្រព ស្ថិត​ក្នុងភូមិ​ទី​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។

នគរបាល​ក្រុង​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​អ្នក​ជិះ​ម៉ូតូ​ឈ្មោះ ម៉េ​ង គូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​ថ្នល់ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ជិះ​ម៉ូតូ​វ៉េវ ពណ៌​ក្រហម ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ពេញទំហឹង​ផ្លោង​ខ្ទាត​ចេញពី​ម៉ូតូ ចំណែក​រថយន្ត​បាន​កៀប​ម៉ូតូ​ជាប់​ពី​ខាងក្រោម​មិន​បាន​ឈប់​នោះ​ទេ គឺ​ប្រឹង​បន្ថែម​ល្បឿន​បើក​រត់គេច​ទៅ​ខាង​មុខ​ទៀត ។

នគរបាល​ក្រុង​កំពង់ចាម បន្ត​ថា ជន​រង​គ្រោះ​បាន​បាក់ជើង​រហូត​សន្លប់ ត្រូវ​បាន​ពលរដ្ឋ​ដែល​បាន​ធ្វើ​ដំណើរ​ឃើញ​ប្រញាប់​លើកដាក់​ម៉ូតូ​ដឹក​មក​ សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ចំណែក​រថយន្ត​បង្ក​មិន​បាន​ឈប់​ទេ គឺ​រឹតតែ​បន្ថែម​ល្បឿន​បើក​ទៅ​មុខ​ទៀត ដោយ​បាន​បើក​គេច​ចេញពី​ផ្លូវ​មួយ​ចូល​ទៅ​ផ្លូវ​មួយ​ទាំង​ជាប់​ម៉ូតូ​ពី​ ខាងក្រោម​បែក​ផ្កាភ្លើង​មើលទៅ​គួរ​ឲ្យ​រន្ធត់ ។

នគរបាល​ចរាចរណ៍​ក្រុង​កំពង់ចាម​បញ្ជាក់​ថា តាម​រយៈ​ស្លាក​លេខ​រថយន្ត​ដែល​ជ្រុះ​នោះ គឺ​មាន​ពន្លឺ​បណ្តើរ​ៗ​ហើយ ដោយ​រថយន្ត​នោះ​នៅ​មិន​ឆ្ងាយ​ទេ គឺ​ស្ថិត​នៅ​ក្នុង​អង្គភាព​មួយ​ក្នុង​ខេត្តកំពង់ចាម ៕

ផ្អើល​ទាំង​ព្រឹក ប្រទះ​ឃើញ​សព​ជាងឈើ​ម្នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាងឈើ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​កៀន​ របង​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ក្នុងភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ដែល​ការ​ស្លាប់​នេះ គេ​ដាក់​ការ​សង្ស័យ​ថា អាច​ជា​ការ​លោត​សម្លាប់​ខ្លួន ឬ​ក៏​ធ្លាក់​ពី​ជាន់​ទី​២ ។

ជន​រង​គ្រោះ​ឈ្មោះ ជា ខាំ​ប៉ូច អាយុ​២២​ឆ្នាំ រស់នៅ​តុ​ក​រ៉ុ​ក ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។

ប្រភព​ពី​ជាងឈើ​ដូច​គ្នា​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​ល្ងាចម្សិលមិញ ជន​រង​គ្រោះ​និង​ជាង​កម្មករ​មួយ​ចំនួន​បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ក្នុង​ដី​ ឡូត៍​ខាងលើ នៅ​នៅ​វេលា​ម៉ោង​៦-៧​ព្រលប់​ក៏​បែកផ្លូវ​គ្នា​ទៅ​ដេក​រៀង​ៗ​ខ្លួន​ទៅ ។ ស្រាប់តែ​ព្រឹក​ឡើង​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​នៅ​ក្បែរ​របង​តែ​ម្តង ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​ផឹកស៊ី​ជន​រង​គ្រោះ​បាន​សម្តែង​ការ​សោកសៅ​ដោយសារ​តែ​មិត្តភក្តិ​ ម្នាក់​នៅ​ឯក​ស្រុក​កំណើត​បាន​ស្លាប់​ដោយសារ​លង់ទឹក ។

ក្រោយ​ពេល​កើតហេតុ គេ​ប្រទះ​ឃើញ​ស្បែកជើង និង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​នៅ​ជាន់​ទី​២​នៃ​វីឡា​ក្នុង​ដី​ឡូត៍​ខាងលើ​ផង​ដែរ ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
690
923
4540428