jaukjeybanner

បុគ្គលិក​លួច​ប្រេង​ក្រុមហ៊ុន​៦.០០០​លី​ត្រ​ត្រូវ​ចាប់ខ្លួន​២​នាក់ រត់​រួច​២​នាក់

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន​ប្រេងឥន្ធនៈ LHR ២​នាក់​ត្រូវ​បាន​តំណាង​ក្រុមហ៊ុន​ចាប់ខ្លួន​ប្រគល់​ឲ្យ សមត្ថកិច្ច​សាកសួរ និង​កសាង​សំណុំរឿង ចំណែក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព លួច​ប្រេង​របស់​ក្រុមហ៊ុន​ចំ​នួ​៦.០០០​លី​ត្រ យក​ទៅ​លក់​បាន​លុយ​ចែក​គ្នា ដើរ​ស៊ីចាយ​សប្បាយ​ហ៊ឺហា កាលពី​ពេល​កន្លង​មក ហើយ​ក៏​ត្រូវ​ចាប់ខ្លួន នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​ខាងលើ ម្នាក់​ឈ្មោះ ផា​ន់ សុខ​គឿ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ បុគ្គលិក ក្រុមហ៊ុន​ប្រេង​LHR ស្នាក់​នៅ ក្រុមហ៊ុន ភូមិ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​ភូមិ​៣ ឃុំ​រកា​ខ្នុរ ស្រុក​ក្រួច​ឆ្មា ខេត្តកំពង់ចាម និង​ម្នាក់​ទៀត ឈ្មោះ នុ​ត ច័ន្ទ​ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំបុគ្គលិក​ក្រុមហ៊ុន LHR ស្នាក់​នៅផ្ទះ​លេខ​M21 ផ្លូវ​បេតុង ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​ភូមិ​បឹង​សាឡា​ង សង្កាត់​បឹង​សាឡា​ង ខណ្ឌឫស្សីកែវ ។ ដោយឡែក​បក្ខពួក​២​នាក់​ទៀត មិន​ស្គាល់ឈ្មោះ​បាន​រត់គេច​ខ្លួន​បាត់​។ តាម​បណ្តឹង របស់​ក្រុមហ៊ុន ខាងលើ​នោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ ចំនួន​៤​នាក់ ជា​បុគ្គលិក​ដែល ក្រុមហ៊ុន​ប្រេង​ទុកចិត្ត​ទុក​ថ្លើម​ខ្លាំង​ណាស់ ប៉ុន្តែ​ពួក​គេ​បាន​ឃុបឃិត​គ្នា ធ្វើ​សកម្មភាព​លួច​ប្រេង រហូត​ដល់​ទៅ​ចំនួន​៦.០០០​លី​ត្រ​។ ពួក​គេ​បាន​យក​ប្រេង​ដែល​លួច​បាន​នោះ ទៅ​លក់​បាន​លុយ​ជាង​២០​លាន​រៀល បន្ទាប់​មក​បាន​យក​ទៅ​ចែក​គ្នា​៤​ចំណែក ប៉ុន្តែ​ទ​ង្វើ​អាក្រក់​ពួក​គេ មិន​អាច​លាក់បាំង​បាន​រហូត​នោះ​ឡើយ ត្រូវ​ក្រុមហ៊ុន ដឹង​ទាន់​បែក​ការណ៍​ក៏​បាន​ចាប់​ឃាត់ខ្លួន​បាន​២​នាក់ យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​កន្ទោក ចំណែក​បក្ខពួក​២​នាក់​ទៀត រត់គេច​ខ្លួន​បាត់ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា បុគ្គលិក​ទាំង​៤​នាក់​នោះ គឺជា​អ្នកបើកបរ​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន ហើយ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​១៥ ខែឧសភា ពួក​គេ​បាន​បើករថយន្ត​ដឹក​ប្រេង ចេញពី​ខេត្ត​ព្រះ​សីហ​នុ ចូល​មក​ដាក់​នៅ​ក្នុង​ក្រុមហ៊ុន ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក សង្កាត់​កន្ទោក លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច ផ្សារ​ពេជ្រនិល ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ឈប់​រថយន្ត​រួច​បាន​ធ្វើ សកម្មភាព​បូម​ប្រេង​លក់​អស់​៦.០០០​លី​ត្រ បាន​លុយ ២០​លាន​រៀល​ចែក​គ្នា ។

បន្ទាប់​មក​ទើប បើករថយន្ត មក​ទុក​ក្នុង​ក្រុមហ៊ុន​។ ដោយ​មានការ​សង្ស័យ រហូត​ដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា​នេះ ក្រុមហ៊ុន នាំ​ជនសង្ស័យ​ខាងលើ ទៅ​ធ្វើការ​ត្រួតពិនិត្យ​មើល​ប្រេង ក្នុង​ស៊ីទែន​រថយន្ត​ទើប​ដឹង​បាត់​ប្រេង​អស់ ៦.០០០​លី​ត្រ ទើប​ជជីក​ដេញដោល​សួរ ដោយ​ពួក​គេ​មិន​អាច​លាក់​បាន ទើប​ពួក​គេ​សារភាព​ការ​ពិត ហើយ​ក៏​ឃាត់ខ្លួន ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​កន្ទោក ដើម្បី​សាកសួរ​បន្ត និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​៕

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហព័ន្ធ​រុ​ស្សី

រាជធានី​ភ្នំពេញ ៖ វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​អាកាសយានដ្ឋាន​ពិសេស នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់ បាន​ចាក​ចេញពី​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​សហព័ន្ធ​រុ​ស្សី ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប អាស៊ាន​-​រុ​ស្សី ៕

២ថ្ងៃ! ​សំបូរ​​ត្រី​គួរឱ្យកត់​​​សម្គាល់​

ខេត្តស្ទឹងត្រែង​ ៖ ត្រី​​ជា​ច្រើន​ប្រភេទ​ត្រូវ​​សង្កេត​​ឃើញ​​ថា រយៈពេល​២​​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​​ថ្ងៃទី​​១៦ ​ឧសភា ​នេះ មានការ​សំបូរ​​​ហូរហៀ​​រាប់​តោន​នៅ​លើ​ទីផ្សារខេត្តស្ទឹងត្រែង ជា​ពិសេសត្រីប៉ា​សេ​អី និង​ត្រី​ប៉ា​​វ៉ា ដែល​ជា​ប្រភេទ​ត្រី​កម្រ និង​មាន​រសជាតិ ឆ្ងាញ់​​ពិសា​ ។

ប្រជា​នេសាទបាន​យក​ត្រី​មក​​ល​ក់​នៅ​លើ​ទីផ្សារ​ ​ដោយ​​ត្រី​ប៉ា​សេ​លក់​​១គីឡូ​តម្លៃ៣​​ម៉ឺន ទៅ​៥​ម៉ឺន​​រៀល ខណៈ​ត្រីប៉ា​សេ​អីនៅ​រដូវ​ខែធ្នូ តំលៃ​ក្នុង​១​គីឡូក្រាមពី​៥០​ដុល្លារ ទៅ​៧០​ដុល្លារឯណោះ ។

ប្រជា​នេសាទ​សប្បាយចិត្ត​ ក្នុង​ការ​ប្រមូល​លុយ​ពី​ការ​លក់​ត្រី​ដែល​សំបូរច្រើន​ជាងគេ​ក្នុងរយៈពេល២​ ថ្ងៃនេះ ហើយ​គេ​ឃើញ​ភ្ញៀវ​ មក​ពី​បណ្តា​ខេត្ត​​នានាបាន​ប្រមូល​ទិញ​តាំងព្រឹក​ព្រលឹម រហូត​ដល់​ព្រលប់មិន​ទាន់​ឈប់​ទៀត​ ។

​ត្រី​ដែល​ចាក់​លក់​នៅ​​ទីផ្សារ​រាប់​​សិប​តោន​នោះ គេ​ឃើញ​ត្រី​សំបូរ​ជាងគេមាន​ត្រី​ក្អែក ត្រី​ប៉ា​វ៉ា ត្រី​ប៉ា​សេ​អី ត្រី​ប៉ា​ភៀន ​​ជា​ពិសេស​​អ្នក​ភ្នំពេញ បាន​​ប្រមូល​ទិញ​ដាក់​ក្នុង​ធុង​​ក្លាស្សេ និង​ខ្លះ​ធ្វើ​ផ្អក ​។ ប្រជា​នេសាទ​បានឱ្យ​ដឹង​ថា​ ទោះបីជាត្រី​ប៉ា​សេ​អ៊ី​សំបូរ​នៅ​ក្នុង​ខែ​នេះ តែ​បើ​និយាយ​ពី​រសជាតិមិនសូវ​ជា​ឆ្ងាញ់ ដូច​ត្រី​ប៉ាសេ​អី ក្នុង​រដូវរងារ​​ឡើយ គឺ​នៅ​ក្នុង​ខែធ្នូមាន​រសជាតិ​ឆ្ងាញ់​ជាង ។

ដោយឡែក នៅ​រដូវ​នេះភាគច្រើន​ប្រភេទ​ត្រី​ប៉ា​សេ​អ៊ី​តូច​ៗ១​គីឡូក្រាម​ចុះ​ក្រោម គេ​យក​ធ្វើ​ផ្អក ដើម្បី​លក់​ក្នុង​តម្លៃ​ផ្អក​១​គីឡូក្រាម​១២​​ម៉ឺន​រៀល ហើយ​មាន​រសជាតិ​ឆ្ងាញ់​ណាស់​ ។

​លោកដៀប បូ​រ៉ា នាយ​រង​ខណ្ឌ​ជន​ផល​ស្ទឹង​ត្រែង ​បាន​មាន​ប្រសាសន៍​ថា​ រយៈពេល​ពី​ថ្ងៃនេះ ពិតជា​សំបូរ​ត្រី​ណាស់ ដែល​លក់​នៅ​លើ​ទី​ផ្សារ ជា​ពិសេស​មាន​ត្រី​ក្អែក ត្រី​ប៉ា​វ៉ា និង​ត្រី​ប៉ា​សេ​អ៊ី ។ តែ​អ្វី​ដែល​ចាប់អារម្មណ៍ គឺ​ត្រី​ប៉ា​សេ​អី សំបូរ​ជាងគេ ដោយ​លោក​មិន​ដឹង​មូល​ហេតុ​ដែល ព្រោះ​ខុស​ពីឆ្នាំ​មុន ដោយ​លោក​គិត​ថា ប្រហែលជា​មានការ​ប្រែ​ប្រួល​អាកាសធាតុ ទើប​ធ្វើ​ឱ្យ​ត្រី​ប៉ា​សេ​អ៊ី​ សំបូរ​បែប​​នៅ​លើ​ទីផ្សារ​យ៉ាង​ដូច្នេះ ។

លោក​បន្ត​​ថា រដូវ​បិទ​នេសាទជិត​មក​ដល់​ហើយ គឺ​ចាប់ពី​ថ្ងៃ​ទី​០១​ មិថុនា រហូត​ដល់​៣០​ខែតុលា ​ប្រជា​នេសាទ​ត្រូវ​នេសាទ តាម​លក្ខណៈ​​គ្រួសារ ដែល​ក្រសួង​កំណត់​ឱ្យ​ហាម​ការ​នេសាទ​ល្មើស​ទៅ​នឹង​ច្បាប់ និង​សេចក្តីណែនាំរបស់​ក្រសួង ដើម្បី​ផល​នេសាទ​នា​ឆ្នាំ​ក្រោយ​កាន់តែ​សំបូរ​បែប​ ។

២​នាក់​បងប្អូន​បង្កើត ជា​ចោរប្លន់​រថយន្ត​ឡិច​ស៊ី​ស RX៤៧០

រាជធានី​ភ្នំពេញ​៖ ក្រោយ​ពេល​មាន​សកម្មភាព ចោរប្លន់​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX៤៧០ មួយ​គ្រឿង​បាន​សម្រេច បើក​យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​ស្តុក​គ្រឿងសំណង់ GGK ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ជិត​៩​និង​៤០​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៦​។ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ណ៏​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា ក្រុម​ចោរប្លន់​ខាងលើ និង​ចាប់ខ្លួន​បាន​ម្នាក់ ជា​មន្ត្រី​នគរបាល​តម្រួត​បទបញ្ជា ក្រសួងមហាផ្ទៃ ហើយ​ក៏​មាន​អ្នក​ផ្សំ​គំនិត​ម្នាក់​ទៀត ដែល​ជា​សន្តិសុខ យាម​នៅ​ក្នុង​ក្រុមហ៊ុន​GGK​នោះ ដែល​ត្រូវជា​បង​បង្កើត​របស់​ជន​ដៃដល់ ក្នុង​សកម្មភាព​ប្លន់​នោះ​ផង​ដែរ​។

ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង ជា​បន្តបន្ទាប់​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល​នោះ ដោយ​មុន​ដំបូង​នគរបាល ឃាត់ខ្លួន​សន្តិសុខ​ម្នាក់​ឈ្មោះ ហ៊​ន វណ្ណៈ អាយុ​ជាង​៣៥​ឆ្នាំ ត្រូវជា​បង ចំណែក​ជន​ដៃដល់​ជា​ចោរ ដែល​បាន ដក​កាំភ្លើងខ្លី​ភ្ជង់​គំរាម​បាញ់​សម្លាប់​ជន​រង​គ្រោះ ឈ្មោះ ហ៊​ន សំណាង អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​សាមគ្គី​ទី​៦ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​នេះ​គឺជា​មន្ត្រី​នគរបាល ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​ក្នុង​បន្ទាយ​តម្រួត​បទបញ្ជា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ នគរបាល​ក៏​បាន​ដកហូត​បាន កាំភ្លើងខ្លី​ម៉ាក​កា​៥៤ មួយ​ដើម ក្រៅពី​នេះ​ក៏​នៅ មាន​ជនសង្ស័យ​ម្នាក់​ទៀត ក៏​ត្រូវ​នគរបាល​ចាប់ខ្លួន​ដែរ ឈ្មោះ យ៉ង សុធា ប៉ុន្តែ​នគរបាល​ថា ទំនង​គ្មាន​ការ​ពាក់ព័ន្ធ​នោះ​ទេ តែ​ក៏​កំពុង​ស្ថិត​ក្នុង​ការ​សាកសួរ​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​វេលា​កើតហេតុ​ខាងលើ មាន​អំពើ​ប្លន់​យក​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX470 មួយ​គ្រឿង គឺ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-9925 នៅ​ត្រង់​ចំណុច​ភូមិ​ពង្រ សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ខាងលើ ក្នុង​ខណៈ​ពេល​ដែល​រក​ទិញ​រថយន្ត​នោះ ហើយ​បាន​សុំ​ប្អូន​ម្ចាស់​រថយន្ត​បើក​សាក លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​ដក​កាំភ្លើង​ភ្ជង់​គំរាម បាញ់​សម្លាប់ ប្លន់​យក​រថយន្ត​ជិះ​គេចខ្លួន យក​ទៅ​លាក់​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​ស្តុក​គ្រឿងសំណង់ GGK ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ពេល​នោះ នគរបាល​បាន ធ្វើការ​ឡោម​ព័ទ្ធ ប៉ុន្តែ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ហើយ​នគរបាល​បាន​ឃាត់ខ្លួន ឈ្មោះ ហ៊​ន វណ្ណៈ ត្រូវជា​បង ។ បន្ទាប់​មក​ទើប​បន្ត​ទៅ​ឃាត់ ឈ្មោះ ហ៊​ន សំណាង ម្នាក់​ទៀត​។ ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​នោះ​ភ្ជង់​ប្លន់ ឈ្មោះ​ឡាក់ សម្បត្តិ អាយុ​២៦​ឆ្នាំ ភេទ​ប្រុស ស្នាក់​នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ចំណែក​ម្ចាស់​រថយន្ត ឈ្មោះ​ឡាក់ សុ​ដា​រិ​ទ្ធិ អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​ជា​មន្ត្រី​យោធា មាន​ឋានន្តរសក្ដិ ជា​វរសេនីយ៍ទោ ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​៕

រថយន្ត​ដឹក​ថ្ម​ក្រឡាប់​ធ្លាក់​ផ្លូវ សង្ស័យ​តៃកុង​សល់​ចំហាយ​ស្រវឹង​ពី​យប់

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ថ្ម ប្រភេទ​យី​ឌុ​ប ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​សង្ស័យ​អ្នកបើកបរ មិន​ទាន់​អស់​ចំហាយ​ជាតិ​ស្រវឹង​ពី​យប់ បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​បណ្ដាល​ឲ្យ​ក្រឡាប់​ដេក​ស្ដូក​ក្នុង​ប្រឡាយ ចាក់​ថ្ម​ចោល​អស់​គ្មាន​សល់ ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​រថយន្ត​នោះ មិន​បាន​រង​របួស​ឬ​ក៏​ស្លាប់​នោះ​ឡើយ ជាង​នេះ​ទៀត​រថយន្ត​នោះ​រេ​ចង្កូត ចំ​ពេល​ដែល​គ្មាន​មនុស្ស​ឆ្លងកាត់​ទើប​គ្មាន​អ្នក​គ្រោះថ្នាក់​។ ហេតុ​ការ​ណ៏​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​បណ្ដោយ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ ១​គ្រឿង​នោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ បែន​ដឹ​ថ្ម​ប្រភេទ​យី​ឌុ​ប ពណ៌​ត្រេ​អ៊ី​អត់​ស្លាក​លេខ បើកបរ​ដោយ​បុរស មិន​ស្គាល់ឈ្មោះ​ម្នាក់ ដោយនៅ​មុន​ពេល​កើតហេតុ​ខាងលើ ថ​យន្ត​នោះ​បាន​ដឹក​ថ្ម​ពេញ​ទ្រុង ហើយ​បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​ចុះឡើង​ៗ រួច​ក៏​បាន​ធ្លាក់​ផ្លូវ​ក្រឡាប់​តែ​ម្ដង ហើយ​ខណៈនោះ​ស្មានថា មាន​អ្នក​របួស​ឬ​ក៏​ស្លាប់ ប្រជាពលរដ្ឋ​បាន​នាំ​គ្នារ​ត់ទៅ​មើល​ជិត ទើប​ឃើញ​ពី​ស្ថានភាព​ជាក់ស្ដែង គឺ​គ្មាន​អ្នក​ស្លាប់​ឬ​របួស​នោះ​ឡើយ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា រថយន្ត​នោះ​បើក​លឿន​គួរសម ហើយ​សង្ស័យ​អ្នកបើកបរ​មិន​ទាន់​អស់​ជាតិ​ស្រវឹង កាលពី​យប់​ទើប​បានជា នៅ​សុខ​ៗ​ក្រឡាប់​ទាំង​កំរោល​បែប​នឹង ហើយ​ម្យ៉ាងទៀត​ក៏​ចាត់​ទុក​ថា ជា​សំណាងល្អ​ខ្លាំង​ណាស់ ដែល​នៅ​ក្នុង​ពេល​នោះ​មិន​មាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លងកាត់​ដូច​រាល់ថ្ងៃ​ទើប ​គ្មាន​អ្នក គ្រោះថ្នាក់​បែប​នេះ បន្ទាប់​មក​ម្ចាស់​រថយន្ត បាន​យក​រថយន្ត​អូស រថយន្ត​នោះ​បញ្ឈរ​ឡើង​វិញ និង​នាំ​យក​ទៅ​រក្សារ​ទុក​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
677
923
4540415