ភ្នំពេញៈ ការនាំចេញកៅស៊ូរបស់ក្រុមហ៊ុនឯកជនដែលមិនមែនជាគម្រោងវិនិយោគលើ ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋសម្រេចបាន ៧ ៥៨៩ តោននៅក្នុងឆមាសទីមួយឆ្នាំនេះ។
ចំនួននេះបានធ្លាក់ចុះ ១៨ ភាគរយបើធៀបរយៈពេលដូចគ្នាពីឆ្នាំមុនដោយសារតម្រូវការ និងតម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិធ្លាក់ចុះខ្លាំង។
ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានបង្ហាញថា កម្ពុជាមានក្រុមហ៊ុនចម្ការកៅស៊ូឯកជនសម្រាប់ផលិតនាំចេញ ៨ ក្រុមហ៊ុន ហើយគិតចាប់ពី ខែមករា ដល់ មិថុនា ឆ្នាំនេះ ក្រុមហ៊ុនទាំងនោះអាចនាំចេញកៅស៊ូបាន ៧ ៥៨៩ តោនដែលធ្លាក់ចុះពី ៩ ៣៣០ តោន កាលពីរយៈពេលដូចគ្នា ឆ្នាំ២០១៣។
លោក លឹម ហេង អគ្គនាយករងក្រុមហ៊ុន អាន ម៉ាឌី គ្រុប ដែលមានផ្ទៃដីប្រមូលផលកៅស៊ូសរុប ៤ ៣១២ ហិកតាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការធ្លាក់ចុះបរិមាណនាំចេញកៅស៊ូនៅដើមឆ្នាំនេះគឺដោយសារតម្លៃ កៅស៊ូនៅលើទីផ្សារអន្តរជាតិធ្លាក់ចុះខ្លាំងធ្វើឲ្យក្រុមហ៊ុនមួយ ចំនួនសម្រេចពន្យារការផលិតនិងពន្យារពេលនាំចេញ។
លោកបន្តថា៖ «ក្រុមហ៊ុនធំៗមួយចំនួនគេស្តុកទុកអត់ទាន់លក់។ សូម្បីតែចម្ការកៅស៊ូជាលក្ខណៈគ្រួសារមួយចំនួនគេផ្អាកចៀរជ័រ ព្រោះថា បើធ្វើទៅវាអត់រួចខ្លួន»។
លោកបន្តថា កាលពីដើមឆ្នាំមុនៗ តម្លៃកៅស៊ូអាចលក់បានចន្លោះពី ២ ០០០ ដុល្លារ ទៅ ៣ ០០០ ដុល្លារក្នុងមួយតោនតែតម្លៃនៅដើមឆ្នាំនេះបានធ្លាក់មកនៅត្រឹម រង្វង់ ១ ៦០០ ដុល្លារប៉ុណ្ណោះក្នុងមួយតោន។ តម្លៃកៅស៊ូបានកើនឡើងខ្លាំងដល់រង្វង់ ៣ ០០០ ដុល្លារក្នុងមួយតោនពីចន្លោះ ឆ្នាំ២០១១ ដល់ដើម ឆ្នាំ២០១៣។
ទិន្នន័យពីក្រសួងកសិកម្មបានបង្ហាញថា ផ្ទៃដីដាំដុះសរុបសម្រាប់ដំណាំកៅស៊ូជាលក្ខណៈគ្រួសារ និងជាលក្ខណៈក្រុមហ៊ុនឯកជនបានកើនដល់ ៨៤ ៩០២ ហិកតា ខណៈដំណាំកៅស៊ូដែលដាំដុះលើគម្រោងវិនិយោគលើសម្បទានដីសេដ្ឋកិច្ច មាន ១៣៥ ៤៤៦ ហិកតា។ ផ្ទៃដីដែលដាំដុះលើដីសម្បទានទើបតែអាចប្រមូលផលបានតិចតួច ប៉ុណ្ណោះ។
លោក លី ផល្លា អគ្គនាយកនៃនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម អះអាងថា បញ្ហាការធ្លាក់ចុះតម្លៃកៅស៊ូគឺអាស្រ័យលើទីផ្សារអន្តរជាតិ ដូច្នេះលទ្ធភាពរបស់រដ្ឋក្នុងការរក្សាស្ថិរភាពតម្លៃគឺជាការលំបាក។
លោកបន្តថា រដ្ឋាភិបាលមិនទាន់មានគម្រោងធ្វើឧបត្ថម្ភធនដល់កសិករកៅស៊ូទេ តែអាចនឹងបង្កើតគោលនយោបាយលើកទឹកចិត្តផ្សេងៗដើម្បីជួយសម្រួលដល់ កសិករដាំកៅស៊ូ។
លោកថ្លែងថា៖ «ឥឡូវខ្ញុំកំពុងគិតថា ធ្វើយ៉ាងណាសុំទៅរដ្ឋាភិបាលដើម្បីជួយដល់កសិករ។ ប្រហែលជាអាចកាត់បន្ថយពន្ធនានាដើម្បីជួយសម្រួលដល់កសិករ»។
កសិករ អ៊ុល គន្ធី អាយុ ៤០ឆ្នាំ ជាម្ចាស់ចំការកៅស៊ូដែលមានផ្ទៃដី ៦ ហិកតា នៅ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា តម្លៃកៅស៊ូនៅឆ្នាំនេះបានធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងតម្លៃ ក្នុងរយៈពេលបីទៅបួនឆ្នាំចុងក្រោយនេះ។
លោកថ្លែងថា៖ «យើងបារម្ភណាស់ យើងចង់ឲ្យរដ្ឋជួយធ្វើឲ្យតម្លៃកៅស៊ូនៅលើទីផ្សារនៅថេរ ព្រោះខាងបច្ចេកទេសយើងអាចធ្វើបាន»៕
កម្មករកំពុងចៀរជ័រកៅស៊ូនៅក្នុងចម្ការក្រុមហ៊ុនឯកជនមួយនៅ ខេត្តកំពង់ចាម នាពេលកន្លងមក