jaukjeybanner

ADB អាច​ទម្លាក់​ការ​ព្យាករ​សេដ្ឋកិច្ច​កម្ពុជា

ភ្នំពេញៈ មន្ដ្រី​ជាន់ខ្ពស់ ​ធនាគារ​អភិវឌ្ឍន៍ ​អាស៊ី​ ប្រចាំ​កម្ពុជា​ថ្លែង ​កាលពី​ម្សិលមិញ​ថា នៅ​ពេល​ទំហំ​នៃ​ការ​ខូចខាត​ដោយ​ទឹកជំនន់​ត្រូវ​បាន​មើល​ឃើញ​កាន់តែ​ច្រើន​ADB​អាច​បន្ទាប​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​កម្ពុជា។

ស្ថានភាពទឹកជំនន់​លិចសន្ទូង​របស់កសិករនៅខេត្ត​បាត់ដំបងកាល​ពីសប្តាហ៍មុន ។

លោក​ Eric Sidgwick នាយក​ប្រចាំ​ប្រទេស​របស់ ADB នៅ​កម្ពុជា​និយាយ​ថា​៖ «​វា​អាច​កើតឡើង​បាន​ដែល ​យើង​ត្រូវតែ​កែប្រែ​ទម្លាក់​នៅពេល​យើង​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្រើន។ ​ប៉ុន្តែ​ យើង​កំពុង​ពិនិត្យ​បញ្ហា​នេះ​ដោយ​យក​ចិត្ត​ទុកដាក់​»។

កាលពី​ថ្ងៃ​ទី​២ ខែ​តុលា​ ADB បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច​នៅ​ ៧,២ ​ភាគរយ​នៅ​ឆ្នាំ​នេះ​ហើយ​ថា នៅ​ ២០១៤ កំណើន​ត្រូវ​បាន​គេរំពឹង​នឹង​មាន ​៧,៥ ​ភាគរយ ​ដោយសារ​ តែ​ការ​កើនឡើង​វិញ​នៃ​ទីផ្សារ ​អឺរ៉ុប និង​ អាមេរិក។

ថ្លែង​នៅ​សណ្ឋាគារ Dara Airport ក្នុង​សិក្ខាសាលា​ចេញ​របាយការណ៍​ពាក់កណ្ដាល​ឆ្នាំ​ឈ្មោះ​ថា Asian Economic Integration Monitor លោក ​Eric Sidgwick​ និយាយ​ថា​ ផ្នែក​ជាច្រើន​នឹង​ពឹងផ្អែក​ទៅលើ​ថា តើ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​រង​ផលប៉ះពាល់​ច្រើន​ប៉ុន្មាន​ដោយ​ទឹកជំនន់។ ​

លោក​បាន​បន្ត​ថា​៖ «​យើង​ត្រូវតែ​ពិនិត្យ​មើល​ផ្លូវ​ណា​មួយ​បាន​រង​ការ​ខូចខាត ​ហើយ​នៅ​កន្លែង​ណា។​ តើ​អ្វី​គឺជា ​ផលប៉ះពាល់​លើ​ពាណិជ្ជកម្ម​ និង ​អ្វី​គឺជា​ផល​ប៉ះពាល់​លើ​កំណើន​សេដ្ឋកិច្ច​»។

ADB បាន​ព្យាករ​ថា​តម្លៃ​នៃ​ការ​ខូចខាត​បង្ក​ឡើង​ដោយ​ទឹកជំនន់​ដ៏​ធំ ​កាលពី​ឆ្នាំ ​២០១១ មាន ​៦២៤ ​លាន​ដុល្លារ។ ​ជាង​ពាក់កណ្ដាល​ចំនួន​នោះ​ គឺជា ​ការ​ខូចខាត​ ផ្លូវ ​និង ​ស្ពាន។

ទោះ​បី​ជា​ការ​ចំណាយ​ច្រើន ក៏ ​លោក Sidgwick មិន​សូវ​ជា​បារម្ភ​លើ​ការ​ខូចខាត​រយៈពេល​យូរ​ដល់​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ បើ​ប្រៀបធៀប​ស្ថានការណ៍​នៅ​ឆ្នាំ ​២០១១ ពេល​ដែល​ទឹកជំនន់​មិន​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កំណើន​សេដ្ឋកិច្ច​នោះ។

លោក​បន្ត​ថា​៖ «​ដូច្នេះ​ ទោះ​បី​ជា ​អាច​មាន​ការ​ធ្លាក់​ចុះ​ប្រហែល​ជា​ការ​ធ្លាក់​ចុះ​រយៈពេល​ខ្លី​»។

ប៉ុន្តែ​ ការ​ប៉ាន់ស្មាន​ជា​ បឋម​គឺ​មិន​ល្អ​នោះ​ទេ។ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ កាលពី​ថ្ងៃ​ ពុធ ​​ប៉ាន់ស្មាន​តម្លៃ​សរុប​នៃ​ការ​ខូចខាត​ទ្រព្យសម្បត្តិ ​ដោយសារ​ទឹកជំនន់​នៅ​ ឆ្នាំ​នេះ ​មាន​តម្លៃ ​១ ​ពាន់​លាន​ដុល្លារ។​ តួលេខ​នេះ​គិត​ពី​ការ​បំផ្លាញ​ទំនប់​ជាច្រើន ​អាងស្ដុក​ទឹក​ប្រព័ន្ធ ​ធារាសាស្ដ្រ ផ្លូវជាតិ ​និង​ ហេដ្ឋារចនាសម្ព័ន្ធ ​ផ្សេង​ទៀត។

លោក ញឹម វណ្ណដា​ អនុប្រធាន​ទី​មួយ ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះមហន្តរាយ​និយាយ​ថា​ ការ​ខូចខាត​ខាង​ហិរញ្ញវត្ថុ​ គឺ​មាន​ភាព​ «ធ្ងន់ធ្ងរ» ​ហើយ​តម្លៃ​និង​ទំហំ​នៃ​ការ​ខូចខាត ​គឺ​លើស​ពី​ឆ្នាំ ​២០១១ ​ឆ្ងាយ​ណាស់។​

លោក​បន្ត​ថា​៖ «​បន្ទាប់ពី​ទឹកជំនន់​ស្រក​ចុះ​ ការងារ​របស់​យើង ​គឺ ​ការ​ស្ដារ​ឡើង​វិញ​»។

របាយការណ៍​ចុងក្រោយ​របស់ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បង្ហាញ​ថា ​មនុស្ស ​១៦៨ ​នាក់ ​បាន​ស្លាប់ ​ហើយ​ស្រែ​ រាប់​សែន ​ហិកតា ​ត្រូវ​បាន​ទទួលរង​ផលប៉ះពាល់។ ផ្លូវជាតិ​ប្រហែល ​២៤១ ៩០០ ​គីឡូម៉ែត្រ ​ត្រូវ​បាន​ខូចខាត។ លើស​ពី​នេះ​ទៀត  ផ្លូវថ្នល់ និង​ ផ្លូវលំ ​ប្រហែល​ ១៤២ ៨៨២ ​គីឡូម៉ែត្រ​ក៏​ត្រូវ​រង​ការ​ខូចខាត​ដែរ៕

តម្រូវ​ការ​កៅ​ស៊ូ​នៅទូទាំង​ពិភព​លោក នឹង​កើន​ឡើង​៣,៥​%​ក្នុង​១​ឆ្នាំ

តម្រូវ​ការ​កៅ​ស៊ូ​នៅទូទាំង​ពិភពលោក នឹង​កើន​ឡើង​ជា​មធ្យម ៣,៥​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០១៨ ដោយ​សារ​​តម្រូវ​ការ​កៅ​ស៊ូ​កើន​ឡើង​សម្រាប់​យក​ជំនួស​ឲ្យ​សំបក​កង់​រថយន្ត ជំរុញ​ឲ្យ​តម្លៃ​កៅ​ស៊ូ​កើន​ឡើង នេះ​បើ​យោង​តាម​ក្រុម​ហ៊ុន​ LMC International Ltd។

លោក Gerard Stapleton ប្រធាន​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ក្រុមហ៊ុន LMC បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​មួយ​នៅទីក្រុង​កូឡា​ឡាំ​ពួរ​កាល​ពី​ថ្ងៃ​ពុធ​ ថា​៖«​បើ​សំឡឹង​មើល​ទៅ​ដល់​ឆ្នាំ ២០១៨ យើង​រំពឹង​ថា​តម្រូវ​ការ​សំបក​កង់​នឹង​កើន​ឡើង​ខ្ពស់ ហើយ​វា​នឹង​ជំរុញ​ដល់​ទីផ្សារ​កៅ​ស៊ូ​»។​​

កៅ​ស៊ូ​ធម្ម​ជាតិ ដែល​ត្រូវ​បាន​ជួញ​ដូរ​ក្នុង​ទីក្រុង​តូក្យូ បាន​ធ្លាក់​ចូល​ក្នុង​ទីផ្សារ​ទំនិញ​ឡើង​ថ្លៃ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ដោយ​សារ​កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន ដែល​ប្រើ​ប្រាស់​កៅ​ស៊ូ​ប្រមាណ​១​ភាគ​៣​នៃ​តម្រូវ​ការ​កៅ​ស៊ូ​ពិភពលោក បាន​កើន​ឡើង​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៣​ត្រីមាស​កាល​ពី​ត្រីមាស​ទី​បី​។

ការ​លក់​រថយន្តនៅ​ប្រទេស​ចិន បាន​កើន​ឡើង ២១​ភាគ​រយ​កាល​ពី​ខែ​កញ្ញា ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​៨​ខែ ដោយ​ចូល​រួម​ចំណែក​ដល់​អ្វី​ដែល​ក្រុមហ៊ុន​​ LMC Automotive Ltd បាន​ឲ្យ​ដឹង​ថា នឹង​ជំរុញ​ដល់​ការ​​ទិញ​កៅ​ស៊ូ​នៅទូទាំង​ពិភពលោក​ក្នុង​កម្រិត​ខ្ពស់​បំផុត​ នៅ​ឆ្នាំ​២០១៣។

 

អ្នក​បញ្ជា​ទិញ​បារម្ភ​ពី​វិធានការ GMAC

ភ្នំពេញៈ ក្រុមហ៊ុន​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​រោងចក្រ​នៅ​ កម្ពុជា​មួយ​ចំនួន សម្តែង​ក្តី​ព្រួយ​បារម្ភ​ពី​បញ្ហា​ចម្រូង​ចម្រាស​រវាង​គម្រោង​រោងចក្រ​កាន់ ​តែ​ប្រសើរ​នៅ​កម្ពុជា និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ស្តី​ពី​របាយ​ការណ៍​ស្ថានភាព​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា។

អ្នក​បញ្ជា​ទិញ​សំខាន់ៗ​រួម​មាន​ក្រុមហ៊ុន GAP ក្រុមហ៊ុន H&M ក្រុមហ៊ុន Levis ក្រុមហ៊ុន Nike ក្រុមហ៊ុន Puma សរសេរ​លិខិត​ជូន​ទៅ GMAC បង្ហាញ​ពី​ការ​បារម្ភ​អំពី​បង្គាប់​បញ្ជា​ទៅ​លើ​ម្ចាស់​រោងចក្រ​ដែល​តម្រូវ​ ឲ្យ​យល់​ព្រម​ជា​មុន មុន​ពេល​អនុញ្ញាត​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​ចូល​ក្នុង​រោងចក្រ​បើ​ពួក​គេ​មិន​ ត្រូវ​បាន​អម​ដំណើរ​ដោយ​មន្ដ្រី​រដ្ឋាភិបាល​នោះ​ទេ។ លិខិត​នេះ​បញ្ជាក់​ថា៖ «ដូច្នេះ​ក្រុមហ៊ុន​ទាំង​នេះ​សូម​ស្នើ​ឲ្យ GMAC ដក​ចេញ​នូវ​សេចក្ដី​ជូន​ដំណឹង​ដល់​សមាជិក​របស់​ខ្លួន កាល​ពី​ថ្ងៃ ទី៣០ ខែ កញ្ញា ហើយ​មិន​ចាំ​បាច់​ប្រឹង​ប្រែង​បន្ត​ទៀត​ដើម្បី​រារាំង​ដល់​ប្រតិបត្តិការ​ របស់ BFC ទេ»។

ក្រុមហ៊ុន​ទាំង​នោះ​បាន​ពណ៌នា​ការ​ណែនាំ​ចេញ​របស់ GMAC ថា ជា «បញ្ហា​ដ៏​ជ្រៅ» នៅ​ក្នុង​ការ​បង្កើត​លក្ខខណ្ឌ​បន្ថែម​ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​របស់ BFC។

ប្រភព​នេះ​បន្ត​ថា៖ «យើង​នៅ​តែ​បន្ត​លើក​ទឹក​ចិត្ត​ដល់ GMAC ត្រូវ​មើល​ឲ្យ​បាន​វែង​ឆ្ងាយ និង​មាន​រយៈ​ពេល​យូរ​ពី​ការ​ជាប់​ទាក់​ទង​នឹង​ការ​ណែនាំ​របស់​សមាជិក​ បច្ចុប្បន្ន​របស់ GMAC និង​ត្រូវ​ពិចារណា​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ដ៏​ធំ​របស់​ខ្លួន​ស្ដី ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា»។

លិខិត​នេះ​ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល កាល​ពី​ម្សិលមិញ​មាន​កាល​បរិចេ្ឆទ​ចុះ​ថ្ងៃ ទី១៥ ខែ តុលា និង​បាន​ផ្ញើ​ទៅ​លោក វ៉ាន់ ស៊ូអៀង ប្រធាន GMAC។

លោក Maeve Galvin អ្នក​ប្រឹក្សា​យោបល់​នៅ BFC បាន​និយាយ​ថា៖ «រហូត​មក​ដល់​ពេល​នេះ​យើង​មិន​មាន​ផល​លំបាក​ក្នុង​ការ​ចូល​ទៅ​ក្នុង​រោងចក្រ ​នោះ​ទេ ហើយ​យើង​កំពុង​បន្ត​ប្រតិបតិ្តការ​ត្រួត​ពិនិត្យ​រោងចក្រ​ជា​ធម្មតា»។ លោក​ថ្លែង​ថា BFC មិន​បាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​លិខិត​សម្រប​សម្រួល​នេះ​តាម​របៀប​ណា​មួយ​ នោះ​ទេ។

កាល​ពី​ខែ​មុន BFC ប្រកាស​ថា ខ្លួន​នឹង​បន្ត​ការ​ចេញ​ផ្សាយ​ជា​សាធារណៈ​នៃ​របាយ​ការណ៍​ស្ដី​ពី​ស្ដង់ដារ ការងារ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​របស់​កម្ពុជា។ ការ​ចេញ​ផ្សាយ​នឹង​ចាប់​ផ្ដើម​ធ្វើ​នៅ​ខែ មករា និង​ត្រូវ​ផ្អែក​លើ​ការ​ត្រួត​ពិនិត្យ​ចាប់​ផ្ដើម​នៅ​ខែ​នេះ។

ភ្លៀវៗ GMAC បាន​ចេញ​លិខិត​ដល់​សមាជិក​របស់​ខ្លួន ដោយ​បញ្ជាក់​ថា ពួក​គេ​មិន​ត្រូវ​បាន​គេ​ផ្ដល់​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​វាយតម្លៃ​ ពី​ផល​ប៉ះពាល់​ដ៏​ធំ​នៃ​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​នេះ។

ក្នុង​លិខិត​ផ្លូវ​ការ​មួយ​ឆ្លើយ​តប​ទៅ​អ្នក​បញ្ជា​ទិញ លោក ខេន លូ អគ្គ​លេខាធិការ GMAC បាន​បញ្ជាក់​ថា តំណាង​រដ្ឋាភិបាល​នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​ឯករាជភាព​ទេ ប៉ុន្តែ​តាម​ពិត​គឺ​លើក​កម្ពស់​ប្រកប​ដោយ​ប្រសិទ្ធភាព​នៃ​ការ​ត្រួត​ពិនិត្យ ​របស់ BFC ទៅ​វិញ​ទេ។

លោក​បន្ត​ថា ច្បាប់​ការងារ​ផ្ដល់​សិទ្ធិ​ដល់​រដ្ឋាភិបាល​ក្នុង​នាម​ជា​អាជ្ញាធរ ក្នុង​ការ​ត្រួត​ពិនិត្យ​ព្រម​ទាំង​ការ​ដាក់​ទណ្ឌកម្ម​ដល់​អ្នក ដែល​មិន​គោរព​តាម​។ ការ​តម្រូវ​ឲ្យ​អ្នក​ត្រួត​ពិនិត្យ​របស់ BFC អម​ដោយ​មន្រ្ដី​រដ្ឋាភិបាល​នឹង​ធ្វើ​ឲ្យ​ការ​ត្រួត​ពិនិត្យ​នេះ​ស្រប​ ច្បាប់។

លោក​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាល​ពី​ម្សិលមិញ​ថា៖ « BFC កំពុង​តែ​ព្យាយាម​ធ្វើ​ឲ្យ​សម្រេច​បាន​ក្នុង​ការ​ពង្រឹង​ច្បាប់​កាន់​តែ​ ខ្លាំង​តាម​រយៈ​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​ជា​សាធារណៈ ប៉ុន្តែ​យន្តការ​សម្រាប់​ពង្រឹង​ច្បាប់​មាន​រួច​ហើយ តែ BFC មិន​ទាន់​បាន​ប្រើ​ប្រាស់​ច្បាប់​ទាំង​នេះ​ទេ»។ លោក​បញ្ជាក់​ថា៖ «បើ BFC មិន​ចាត់​ទុក GMAC ជា​ដៃ​គូ​ប្រកប​ដោយ​ប្រយោជន៍​ម្នាក់​ក្នុង​ឧស្សាហកម្ម​កាត់ដេរ កម្ពុជា ខ្ញុំ​គិត​ថា គេ​នឹង​មិន​សម្រេច​បាន​ច្រើន​ទេ»៕


សកម្មភាពកម្មករកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀក​បំពាក់មួយ​កន្លែង​នៅភ្នំពេញ​នា​ពេលកន្លងមក​

កំពង់​​​​​​ផែ​​ស្វយ័ត​ខេត្ត​ព្រះ​សីហនុ​មាន​ទំនិញ​ចេញ​ចូល​ជិត​៣លាន​តោន​ក្នុង​ឆ្នាំ​

ជា​រៀងរាល់ឆ្នាំ​ទំនិញ​ចេញចូល​នៅ​កំពង់ផែ ​ស្វ​យ័​ខេត្ត​ព្រះសីហនុ មាន​ជា​មធ្យម​ប្រមាណ ៣លាន​តោន​ក្នុង​មួយឆ្នាំ។ ក្នុង​ឆ្នាំ ២០១៣ នេះ គេ​រំពឹងថា ការនាំចេញ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ នឹងមាន​ចំនូន​ប្រមាណ ២ លាន ៨​សែន​តោន។ នេះ​បើតាម លោក លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ ព្រះសីហនុ។ ស្របពេល​ជាមួយគ្នានេះ គោលនយោបាយ​ជាតិ​ស្តីពី​កំពង់ផែ​ក៏​ត្រូវបាន​ផ្សព្វផ្សាយ​ផងដែរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

កំពង់​ផែ​ស្វយ័ត​ ក្រុង​ព្រះ​សីហ​នុ​

នៅ កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ការ​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​មានការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ។ នៅក្នុង​ឆ្នាំ ២០១៣ នេះ​ការនាំ​ទំនិញ​ចេញចូល​មានការ​កើនឡើង ១០% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១២ កន្លងទៅ។ ហើយ​គេ​រពឹង​ថា​ទំនិញ​ទាំងនោះ​អាច​កើនឡើង​ដល់ ២លាន ៨សែន​តោន ក្នុង​ឆ្នាំ២០១៣ នេះ​បើតាម លោក លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ ព្រះសីហនុ។

ស្រប​ពេល​ដែល​ទំនិញ​នាំចេញ​នាំចូល​មានការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ក្រសួង​សាធារណការ និង ដឹកជញ្ជូន​បានរៀបចំ សិក្ខា​សាលា​មួយ​នៅ​ភ្នំពេញ​ដើម្បី​ផ្សព្វផ្សាយ​គោល​នយោបាយ​ជាតិ​ស្ដីពី កំពង់ផែ និង ការ​គ្រប់គ្រង​កំពង់ផែ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧ តុលា​នេះ។ គោលនយោបាយ​ជាតិ ស្ដីពី​កំពង់ផែ និង ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ ត្រូវ​បាន​អនុម័ត​ក្នុង​កិច្ច​កិច្ច​ប្រជុំ​ពេញអង្គ​នៅ​ ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០១៣ កន្លងទៅ។
គោលនយោបាយ​ដែល​ទើបតែ​បង្កើត​ថ្មី​នេះ​ជា​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ធានា​ ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ និង ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​សេវាកម្ម ដែល​មាន​ទំនុកចិត្ត​ពី​អ្នកប្រើប្រាស់ និង​រួម​ចំណែក​ការពារ​បរិស្ថាន ឲ្យ​សម​ស្រប​នឹង​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់។
 
លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ថា មកដល់​ពេលបច្ចុប្បន្ន​វិស័យ​កំពង់មាន​ការអភិវឌ្ឍ​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពី​វិស័យ​មួយ​នេះ​ត្រូវបាន​បំផ្លាញ​យ៉ាងខ្លាំង​ខ្លា​ក្នុងសម័យ​ ខ្មែរក្រហម។ ហើយ​ថា ការអភិវឌ្ឍ​នៃ​វិស័យ​អាច​ដំណើរការ​ទៅបាន ក្រោម​ជំនួយ​ឧបត្តម្ភ​នានា ដែលមាន​ដូចជា​ជំនួយ​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ជប៉ុន​ជាដើម។

យ៉ាងណាក៏ដោយ លោក លូ គឹមឈុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បាន​និយាយថា បញ្ហា​ព័ត៌មានវិទ្យា និង អេឡិចត្រូនិក​មិនទាន់​ល្អឥតខ្ចោះ​នោះទេ ប៉ុន្តែ​ស្ថិតក្នុង​កម្រិត​មួយ​ដែល​អាច​ទទួលយកបាន។ លោក លូ គឹមឈុន ក៏បាន​បញ្ជាក់ដែរថា បញ្ហា​ដែល​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ កំពុង​ប្រឈម​គឺ​ការកកស្ទះ​ក្នុងការ​ទម្លាក់​ទំនិញ​នៅក្នុង​ថ្ងៃ​សុក្រ និង ថ្ងៃ​សៅរ៍។ ចំណែក​ថ្ងៃផ្សេងៗទៀត មិនមាន​ការកកស្ទះ​ទេ។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​វិស័យ​កំពង់ផែ​នៅ​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩០។ ហើយ​គោល​នយោបាយ​ជាតិ ស្ដីពី​កំពង់ផែ និង ប្រព័ន្ធគ្រប់គ្រង​កំពង់ផែ​នេះ​គឺជា​សមិទ្ធិផល​ថ្មី​បំផុត ក្នុង​គម្រោង​ការសិក្សា​សម្រាប់​បង្កើត​គោល​នយោបាយ​ជាតិ​ស្ដីពី​កំពង់ផែ និង​ប្រព័ន្ធ​គ្រប់គ្រង​កំពង់ផែ​ដែល​បាន​អនុវត្តន៍​ចាប់ពី​ខែមីនា ឆ្នាំ២០០៩ ដល់​ខែវិច្ឆិកា២០១១។ សព្វ​ថ្ងៃនេះ ប្រទេស​ជប៉ុន កំពុង​តែ​ផ្ដល់​ជំនួយ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកទេស និង បច្ចេកវិទ្យា មកដល់​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ដែល​ជំនួយ​នោះ​រួមមាន​ដូចជា សំភារបចេ្ចកទេស និង​អ្នក​បច្ចេកទេស​ជាដើម៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2216
3734
4917755