jaukjeybanner

នាំចេញកៅស៊ូពីកម្ពុជានៅតែកើន

ភ្នំពេញៈ កម្ពុជា​បាន​រក្សា​កំណើន​នៃ​ការ​នំា​ចេញ​កៅស៊ូ ៤២ ភាគរយ​ក្នុង​រយៈ​ពេល ៩ ខែ​ដំបូង​ឆ្នាំ​នេះ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​ហើយ​ក្នុង​ នោះ​ការ​នាំ​ចេញ​នៅ​បី​ខែ​ចុង​ក្រោយ​បាន​រួម​ចំណែក​ស្ទើរ​ពាក់​កណ្តាល នៃ​ការ​នាំ​ចេញ​សរុប។

ការ​នាំ​ចេញ​កៅស៊ូ​ពី​ខែ កក្កដា ដល់ កញ្ញា ដែល​ជា​ពេល​នៃ​ការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ និង​បន្ទាប់​មក​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​អ្នក​នយោបាយ​នៃ​គណបក្ស ធំ​ពីរ​នៅ​កម្ពុជា សម្រេច​បាន ២៦ ៤០៣ តោន តំណាង​ដល់ ៤៧ ភាគរយ​នៃ​បរិមាណ​នាំ​ចេញ​សរុប។

យោង​តាម​របាយ​ការណ៍​នាំ​ចេញ​របស់​ក្រសួង ពាណិជ្ជកម្ម​ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​ម្សិលមិញ កម្ពុជា​បាន​នាំ​ចេញ​កៅស៊ូ​សរុប ៥៦ ២០២ តោន គិត​ចាប់​ពី​ខែ មករា ដល់​ខែ កញ្ញា ឆ្នាំ​នេះ​កើន​ឡើង​ពី ៣៩ ៣៤៧ តោន​ក្នុង​អំឡុង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

លោក ម៉ែន សុភ័ក្រ អនុ​ប្រធាន​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ជប់ ខេត្ត កំពង់ចាម ដែល​ជា​ក្រុមហ៊ុន​នាំ​ចេញ​ធំ​មួយ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ស្ថានភាព​មិន​ច្បាស់​លាស់​នៃ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​កន្លង​មក​ហាក់​មិន ​បាន​ជះ​ឥទ្ធិពល​អ្វី​ដល់​ផលិតកម្ម​កៅស៊ូ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ មួយ​នេះ​ឡើយ ដោយ​សារ​ថា ការ​នាំ​ចេញ​អាស្រ័យ​ខ្លាំង​ទៅ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក។ លោក បាន​អះអាង​ថា៖ «ការ​នាំ​ចេញ​មិន​មាន​ផល​ប៉ះពាល់​ទេ។ តម្រូវ​ការ​កៅស៊ូ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​បាន​កើន​ឡើង​ក្នុង​អំឡុង​ពេល​នេះ ដូច្នេះ​វា​បាន​ជួយ​ឲ្យ​ការ​នាំ​ចេញ​មាន​កំណើន»។

ខណៈ​ដែល​បរិមាណ​នៃ​ការ​នាំ​ចេញ​កៅស៊ូ​កើន​ឡើង​នៅ​ចុង​ឆ្នាំ​តម្លៃ​កៅស៊ូ​ មាន​ការ​ថយ​ចុះ​បន្តិច​ជាង​កាល​ពី​ដើម​ឆ្នាំ​។ តម្លៃ​កៅស៊ូ​លក់​នៅ​ព្រំដែន កម្ពុជា-វៀតណាម កាល​ពី​ថ្ងៃ​ម្សិលមិញ​គឺ ២២៨០ ដុល្លារ​ក្នុង ១ តោន ធ្លាក់​ចុះ​ពី​តម្លៃ ២៧០០ ដុល្លារ​កាល​ពី​ដើម​ឆ្នាំ។ តម្លៃ​សរុប​គិត​ជា​ទឹក​ប្រាក់​ពី​ការ​នាំ​ចេញ​កៅស៊ូ​រយៈ​ពេល ៩ ខែ​ឆ្នាំ នេះ​មាន ១៣២ លាន​ដុល្លារ។ បច្ចុប្បន្ន​កម្ពុជា​នាំ​ចេញ​កៅស៊ូ​មិន​ទាន់​កែច្នៃ​ទៅ​វៀតណាម ថៃ និង ម៉ាឡេស៊ី ហើយ​ប្រទេស​ទាំង​នេះ​នាំ​ចេញ​បន្ត​ទៅ​ចិន​ជា​ប្រទេស​កំពុង​លូត​លាស់​ ឧស្សាហកម្ម​រថយន្ត។

លោក ម៉ក គឹមហុង ប្រធាន​សមាគម​កៅស៊ូ កម្ពុជា ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​កៅស៊ូ​ពី​កម្ពុជា​នឹង​នៅ​តែ​បន្ត​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ ឆ្នាំ។ លោក​ថ្លែង​ថា៖ «ផ្ទៃ​ដី​ប្រមូល​ផល​កៅស៊ូ​ចាប់​ពី​ពេល​នេះ​ទៅ​មាន​ការ​កើន ៣ ម៉ឺន​ហិកតា​រៀង​រាល់​ឆ្នាំ​ដែល​វា​នឹង​បង្កើត​បរិមាណ​កៅស៊ូ​ប្រហែល ៣ ម៉ឺន​តោន​ដែរ»៕

Nissan នឹងលក់រថយន្ត Infiniti នៅទីផ្សារ ជប៉ុន

ក្រុង យូកូហាម៉ាៈ ក្រុមហ៊ុន Nissan Motor Co នឹង​ចាប់​ផ្តើម​លក់​រថយន្ត​ម៉ាក Infiniti នៅ​ប្រទេស ជប៉ុន ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល ២៤ ឆ្នាំ បន្ទាប់​ពី​រថយន្ត​ម៉ាក​ប្រណីត​មួយ​នេះ​បាន​ចាប់​កំណើត​នៅ​អាមេរិក ខណៈ​ក្រុមហ៊ុន​នេះ​កំពុង​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេងៗ ដូច​ជា រថយន្ត​ម៉ាក Mercedes-Benz របស់​ក្រុមហ៊ុន​ជាដើម Daimler AG។

លោក Andy Palmer ប្រធាន​មន្ត្រី​រៀបចំ​ផែនការ​របស់​ក្រុមហ៊ុន Nissan បាន​ឲ្យ​ដឹង​មុន​ពិធី​ពិព័រណ៍​រថយន្ត​កាល​ពី​ថ្ងៃ​ចន្ទ ដែល​នឹង​ត្រូវ​ដាក់​លក់​នៅ​ខែ កុម្ភៈ ថា រថយន្ត​ម៉ូដែល ដែល​នឹង​ត្រូវ​ដាក់​លក់​ជា​លើក​ដំបូង​នៅ​ប្រទេស ជប៉ុន នេះ នឹង​ត្រូវ​ដាក់​លក់​ក្រោម​ឈ្មោះ​ថា Skyline ហើយ​រថយន្ត​នេះ​គឺជា​ស៊េរី​រថយន្ត​កូន​កាត់​នៃ​រថយន្ត​ម៉ូដែល Q50 របស់​ម៉ាក Infiniti។ ក្រុមហ៊ុន​ផលិត​រថយន្ត Nissan បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្រុមហ៊ុន​របស់​ខ្លួន​កំពុង​កំណត់​ទិសដៅ​លក់​រថយន្ត​បឋម​ចំនួន ២០០ គ្រឿង ដោយ​មាន​តម្លៃ​ចាប់​ពី ៤,៥ លាន​យ៉េន (៤៥០០០ ដុល្លារ) ឡើង​ទៅ។

ការ​លក់​រថយន្ត​ម៉ាក Infiniti ក្នុង​ទីផ្សារ​ផ្សេង​ទៀត​នឹង​ជួយ​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​មាន​ មូលដ្ឋាន​នៅ​ទីក្រុង យូកូហាម៉ា ប្រទេស​ជប៉ុន​មួយ​នេះ​ឲ្យ​សម្រេច​ដល់​គោលដៅ​របស់​ខ្លួន​កាន់​តែ​ឆាប់​រហ័ស​ ក្នុង​ការ​បង្កើន​ការ​លក់​រថយន្ត​ម៉ាក Infiniti ប្រចាំ​ឆ្នាំ​ឲ្យ​បាន​ចំនួន ៥០ ម៉ឺន​គ្រឿង​នៅ​ត្រឹម​ខែ មីនា ឆ្នាំ ២០១៧ និង​កាត់​បន្ថយ​គម្លាត​រវាង​ក្រុមហ៊ុន Bayerische Motoren Werke AG និង​ក្រុមហ៊ុន Mercedes-Benz។ ក្រុមហ៊ុន Nissan កំពុង​ទាញ​យក​ប្រយោជន៍​ពី​ការ​ធ្លាប់​ប្រើ​ប្រាស់​រថយន្ត​ម៉ាក Skyline ដែល​អតិថិជន​ជប៉ុន​បាន​ស្គាល់​រួច​ទៅ​ហើយ និង​ជា​ប្រភេទ​រថយន្ត​ដែល​បាន​ដាក់​លក់​នៅ​ក្នុង​ប្រទេស​មួយ​នេះ​រួច​ហើយ​ នោះ។

លោក Karl Brauer អ្នក​វិភាគ​ជាន់​ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Kelley Blue Book បាន​ឲ្យ​ដឹង​ក្នុង​អ៊ីមែល​មួយ​ថា៖ «តើ​ការ​បង្កើន​ទីផ្សារ​របស់​ក្រុមហ៊ុន Nissan នឹង​ទទួល​បាន​ជោគជ័យ​ដែរ​ឬ​ទេ ឬ​តើ​អតិថិជន​ជប៉ុន​នឹង​ចាត់​ទុក​ថា​ការ​ពង្រីក​ទីផ្សារ​របស់​ក្រុមហ៊ុន​ ផលិត​រថយន្ត​មួយ​នេះ​ជា​ប្រភេទ​អាជីវកម្ម​ផ្តាច់​មុខ​ដែរ​ឬ​ទេ?»៕

ការលក់រថយន្តនៅចិនកើនឡើងខ្ពស់

ក្រុងប៉េកាំងៈ ការ​លក់​រថយន្ត​ដឹក​អ្នក​ដំណើរ​នៅ​ប្រទេស​ចិន​បាន​កើន​ឡើង ២៤ ភាគរយ​កាល​ពី​ខែ តុលា ដោយ​សារ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​កំណើន​តម្រូវការ​រថយន្ត​ជប៉ុន។

យោង​តាម​សមាគម​ក្រុមហ៊ុន​ផលិត​រថយន្ត ចិន​កាល​ពី​ថ្ងៃ​ម្សិលមិញ ការ​ចែក​ចាយ​រថយន្ត​ប្រភេទ SUV និង​រថយន្ត​ដែល​អាច​បំពេញ​មុខងារ​បាន​ច្រើន​យ៉ាង បាន​កើន​ឡើង​រហូត​ដល់ ១,៦១ លាន​គ្រឿង​កាល​ពី​ ខែតុលា ធៀប​នឹង​ការ​ព្យាករ​ជា​មធ្យម​របស់​ក្រុម​អ្នក​វិភាគ​បី​នាក់ ដែល​អង្កេត​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ដែល​បាន​ព្យាករ​ថា កំណើន​លក់​រថយន្ត​នៅ​ខែ តុលា អាច​នឹង​កើន​ឡើង​ត្រឹម​តែ ១,៥ លាន​គ្រឿង​ប៉ុណ្ណោះ។

ការ​លក់​រថយន្ត​ដែល​សម្រេច​បាន​ខ្ពស់​ជាង​ការ​ព្យាករ​កាល​ពី​ខែ តុលា បាន​បង្ហាញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កំពុង​បង្កើន​សន្ទុះ​នៅ​ត្រីមាស​ចុង​ក្រោយ​នេះ ដោយ​ស្ថិតិ​ផ្លូវ​ការ​មួយ​ចំនួន ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​នេះ​បាន​បង្ហាញ​ថា ទិន្នផល​ឧស្សាហកម្ម និង​ទិន្នន័យ​គយ​បាន​កើន​ឡើង​ខ្ពស់​ជាង​ការ​ព្យាករ ទន្ទឹម​នឹង​នោះ​ដែរ ការ​វិនិយោគ​ផ្នែក​ផលិតកម្ម​ក៏​បាន​កើន​ឡើង​ផង​ដែរ។ តម្រូវ​ការ​រថយន្ត​របស់​ក្រុមហ៊ុន Toyota និង​ក្រុមហ៊ុន Honda បាន​កើន​ឡើង​កាល​ពី​ខែ តុលា ដោយ​សារ​ការ​ប្រឆាំង​នឹង​ជប៉ុន​ជុំវិញ​ជម្លោះ​ដែនដី​នោះ​មាន​សភាព​ធូរស្រាល​ ឡើង​វិញ។

លោក Harry Chen អ្នក​វិភាគ​ប្រចាំ​ក្រុមហ៊ុន Guotai Junan Securities នៅ​ទីក្រុង ហ្សិនចិន បាន​ថ្លែង​ថា៖ «កំណើន​តម្រូវការ​រថយន្ត​ម៉ាក​ល្បី​របស់​ជប៉ុន​កំពុង​ជំរុញ​ការ​លក់​រថយន្ត​ទូទៅ។ តែ​វា​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ចំណែក​ទីផ្សារ​របស់​រថយន្ត​ជប៉ុន​កើន​ឡើង​វិញ»។

កំណើន​ទិន្នផល​ឧស្សាហកម្ម​ចិន​បាន​ហក់​ឡើង​ខ្ពស់​ជាង​ការ​រំពឹង​ទុក ចំណែក​ឯ​អត្រា​អតិផរណា​វិញ​មាន កម្រិត​ទាប​ជាង​ទិសដៅ​ដែល​រដ្ឋាភិបាល ចិន បាន​កំណត់​កាល​ពី​ខែ តុលា ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​កំពុង​ស្ទុះ​ងើប​ឡើង​វិញ។

ការ​លក់​រថយន្ត​របស់​ក្រុមហ៊ុន Toyota នៅ​ចិន​បាន​កើន​ឡើង ៨១ ភាគរយ ដល់ ៨២ ៤០០ គ្រឿង រី​ឯ​ការ​លក់​រថយន្ត​របស់​ក្រុមហ៊ុន Honda បាន​កើន​ឡើង​ជាង​បី​ដង​រហូត​ដល់ ៧៥ ១៥០ គ្រឿង៕

កំណើនសេដ្ឋកិច្ច អាមេរិក ធ្លាក់ចុះនៅត្រីមាសទីបី

ក្រុង វ៉ាស៊ីនតោនៈ ក្រុម​សេដ្ឋវិទូ​មួយ​ចំនួន​បាន​ព្យាករ​ថា សេដ្ឋកិច្ច​របស់​អាមេរិក​ប្រចាំ​ត្រីមាស​ទីបី​បាន​ធ្លាក់​ចុះ​ដែល​បង្ហាញ​ ឲ្យ​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​បាន​បាត់​បង់​សន្ទុះ​មុន​ការ​បិទ​ សេវាកម្ម​មួយ​ចំនួន​របស់​រដ្ឋាភិបាល​សហព័ន្ធ។

យោង​តាម​ការ​ព្យាករ​ជា​មធ្យម​របស់​សេដ្ឋវិទូ​ចំនួន ៨៧ នាក់ ដែល​អង្កេត​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg បាន​បង្ហាញ​ថា កំណើន ផ.ស.ស ដែល​ជា​តម្លៃ​ទំនិញ និង​សេវាកម្ម​ទាំង​អស់​នៅ​អាមេរិក​បាន​កើន​ឡើង ២ ភាគរយ​នៃ​អត្រា​ប្រចាំ​ឆ្នាំ បន្ទាប់​ពី​បាន​កើន​ឡើង ២,៥ ភាគរយ​នៅ​ត្រីមាស​ទី​ពីរ។ ការ​ចំណាយ​អតិថិជន​ដែល​ជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​សេដ្ឋកិច្ច​អាមេរិក​អាច​នឹង​ មាន​កម្រិត​ទាប​បំផុត​ក្នុង​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ។

កំណើន​សេដ្ឋកិច្ច​ដែល​បាន​ព្យាករ​នេះ​ត្រូវ​គ្នា​ទៅ​នឹង​កំណើន​ សេដ្ឋកិច្ច​ជា មធ្យម គិត​ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១០ មក ដែល​បាន​បង្ហាញ​ពី​សេដ្ឋកិច្ច​អាមេរិក​កំពុង​តស៊ូ​ស្ទុះ​ងើប និង​ជួយ​ពន្យល់​ពី​មូលហេតុ ដែល​មន្ត្រី​ធនាគារ​កណ្តាល​អាមេរិក​បន្ត​អនុវត្ត​ទៅ​តាម​គោល​នយោបាយ​ជំរុញ​ សេដ្ឋកិច្ច។

ការ​បិទ​សេវាកម្ម​របស់​រដ្ឋាភិបាល​អាមេរិក​ដែល​មាន​រយៈ​ពេល ១៦ ថ្ងៃ​កន្លង​មក​នេះ​បាន​កាត់​បន្ថយ​ការ​ចំណាយ​ក្រុមហ៊ុន និង​ចំណាយ​អតិថិជន ដោយ​បាន​បង្ខំ​ឲ្យ​ក្រុម​សេដ្ឋវិទូ​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច អាមេរិក​នៅ​ត្រីមាស​ទីបួន​នេះ។

លោក Stuart Hoffman ប្រធាន​សេដ្ឋវិទូ​ប្រចាំ​ក្រុមហ៊ុន PNC Financial Services Group Inc នៅ​ទីក្រុង Pittsburgh បាន​ថ្លែង​ថា៖ «កំណើន​សេដ្ឋកិច្ច​អាមេរិក​នៅ​ត្រីមាស​ទីបី​មាន​កម្រិត​ទាប​ជាង​កំណើន​នៅ​ ត្រីមាស​ទី​ពីរ​បន្តិច ទោះ​ជា​ទូទៅ​វា​មាន​កម្រិត​ប្រហាក់​ប្រហែល​គ្នា​ក៏​ដោយ»៕ BP

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2222
3734
4917761