jaukjeybanner

ជប៉ុនយកឈ្នះអាមេរិកផ្នែកទីផ្សារកម្មវិធីទូរស័ព្ទ

ក្រុង តូក្យូៈ ប្រទេស ជប៉ុន បានយកឈ្នះសហរដ្ឋ អាមេរិក ក្នុងនាម​ជាទី​ផ្សារ​ដែល​រកប្រាក់​ចំណូល​បាន​ច្រើនជាងគេ​ក្នុង​ការលក់ កម្មវិធី​ទូរស័ព្ទ​ទំនើប​កាលពី​ខែ តុលា ខណៈ​ការប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​ប្រទេស​នេះ​បាន​កើនឡើង ហើយ​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​បានចាប់ផ្តើម​យក​ថ្លៃ​សេវា​ពី អតិថិជន​ដោយផ្ទាល់​សម្រាប់​ការទាញយក​កម្មវិធីផ្សេងៗពី​ហាង​លក់ទំនិញ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន Google Inc។

ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​ការលក់​កម្មវិធី​ទូរស័ព្ទ​ទំនើប​នៅ ប្រទេស ជប៉ុន បាន​កើនឡើង​ជាង​បី​ដង​កាលពី​ខែ តុលា ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារ​កំណើន​ប្រជាប្រិយភាព​នៃ​ហ្គេម​ទូរស័ព្ទដៃ ដូចជា ហ្គេម ដែលមាន​ឈ្មោះថា “Puzzle & Dragons” របស់​ក្រុមហ៊ុន GungHo Online Entertainment Inc ដែល​បាន​ជួយ​ឲ្យ​ហាង Google Play អាច​ដេញតាម​ប្រកៀក​ប្រកិត​នឹង​ហាង​របស់​ក្រុមហ៊ុន Apple Inc។ នេះ​បើ​យោងតាម​របាយការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ ទី១១ ខែ ធ្នូ ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ App Annie។ ការទាញយក​កម្មវិធីផ្សេងៗក៏បាន​កើនឡើង​ផងដែរ បន្ទាប់ពី​ក្រុមហ៊ុន NTT Docomo Inc ដែលជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ធំជាងគេ​នៅ​ប្រទេស ជប៉ុន បានចាប់ផ្តើម​ផ្គត់ផ្គង់​ទូរស័ព្ទ​ទំនើប iPhone កាលពី​ខែ កញ្ញា មក។

អតិថិជន ជប៉ុន កំពុង​ទម្លាប់​នឹង​ការប្រើប្រាស់​ទូរស័ព្ទ​ទំនើប​យ៉ាង​ឆាប់រហ័ស បន្ទាប់ពី​ដើរ​មិនទាន់​ទីផ្សារ​នានា នាពេល​កន្លងមក ដោយ​ប្រទេសមួយ​នេះ​មាន​ប្រជាជន​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ចំនួន ៤២ ភាគរយ​នៅ​ឆ្នាំ ២០១៣ ធៀប​នឹង​ចំនួន​អ្នកប្រើប្រាស់​ចំនួន ២៨ ភាគរយ​នៅ​ឆ្នាំ ២០១។ ក្រុមហ៊ុន​ស្រាវជ្រាវ App Annie បាន​បន្ត​ឲ្យ​ដឹងថា ចំនួន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​ប្រទេស​នេះ​អាច​នឹង​កើនឡើង​រហូត ដល់ ៦២ ភាគរយ​នៅ​ឆ្នាំ ២០១៤ ពោលគឺ​ខ្ពស់ជាង​កម្រិត ៥០ ភាគរយ​នៃ​ការ​ព្យាករ​សម្រាប់​ទីផ្សារ​នៅ​អាមេរិក។

លោក Hiroshi Naya អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Ichiyoshi Research Institute Inc បាន​ថ្លែងថា៖ «ជនជាតិ ជប៉ុន មាន​ទម្លាប់​ចំណាយ​ប្រា​ក់លើ​ការទិញ​ទូរស័ព្ទ​ចល័ត។ បើ​អ្នកពិនិត្យមើល​ប្រាក់ចំណូល​ដែល​ទទួលបាន​ពី​អ្នកប្រើប្រាស់​ម្នាក់ សម្រាប់​ក្រុមហ៊ុន​នានា ដូចជា​ក្រុមហ៊ុន GungHo ដែល​ចែកចាយ​កម្មវិធី​ទូរស័ព្ទ​នៅ​ទូទាំង​ពិភពលោក​នោះ អ្នកនឹង​ឃើញថា អតិថិជន​ជប៉ុន​បាន​ចំណាយ​ថវិកា​ច្រើនជាង​អតិថិជន​ផ្សេងទៀត​នៅលើ ពិភពលោក»៕


ហ្គេម Puzzle & Dragon ដែល​បង្ហាញ​លើ​កញ្ចក់​កុំព្យូទ័រ​​។

ក្រុមហ៊ុន អង្គការសហការជំរុញអង្ករសរីរាង្គ

ភ្នំពេញៈ ក្រុមហ៊ុននាំចេញអង្ករ មេគង្គ អូ​រី​ហ្សា ត្រេ​ឌី​ង កាលពី​ម្សិលមិញ​បាន​ចុះកិច្ចសន្យា​សហការគ្នាជាមួយ​អង្គកា​រ សេ​ដាក ដើម្បី​រួមគ្នា​ពង្រឹង​ការផលិត​និង​នាំចេញ​អង្ករ​សរីរាង្គ​របស់​ក​ម្ពុ​ជា ទៅកាន់​ទីផ្សារ​អន្តរជាតិ ស្រប​ពេលដែល​តម្រូវកា​រ​អង្ករ​ប្រភេទ​នេះ​កំពុងមាន​កំណើន។

តាមរយៈ​កិច្ចសន្យា​នេះ ក្រុមហ៊ុន មេគង្គ អូ​រី​ហ្សា នឹង​ក្លាយជា​ក្រុមហ៊ុន​ដំបូង​មួយ ដែល​នឹង​ជួយ​ទិញស្រូវ-អង្ករ​បែប​សរីរាង្គ​ពី​កសិករ ហើយ​នាំចេញ​អង្ករ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។ កន្លងមក​មានតែ​អង្គការ សេ​ដាក ទេ​ដែល​ព្យាយាម​បណ្តុះ​គំនិត និង​ជំរុញ​កសិករ​ឲ្យ​ផលិត​ស្រូវ​ដែល​គ្មាន​សារធាតុ​គីមី​នេះ។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នៃ​កិច្ចសន្យា​សហការគ្នា​ដែល​ធ្វើឡើង នៅ​ការិយាល័យ​ធនាគារ​អភិវឌ្ឍន៍ជនបទ​កាលពី​ម្សិលមិញ លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន អូ​រី​ហ្សា ត្រេ​ឌី​ង បាន​ឲ្យ​ដឹងថា អង្ករ​ក្រអូប​កម្ពុជា​កំពុង​ទទួលបាន​ការបញ្ជា​ទិញ​ច្រើនជាង​មុន​ពី ប្រទេស​នាំចូល​អង្ករ ហើយ​បន្ថែម​ពីនេះ​ពួកគេ​ក៏បាន​សួររក​ទិញ​អង្ករ​សរីរាង្គ​ពី​កម្ពុជា​ផង ដែរ។ ដូច្នេះ​វា​ជា​ឱកាសល្អ​ដែល​យើង​ត្រូវ​ត្រៀមខ្លួន​ដើម្បី​ពង្រឹង​ការផលិត និង​ទទួលយក​ផលប្រយោជន៍​ពី​សក្តានុពល​នៃ​ផលិតកម្ម​អង្ករ​សរីរាង្គ នេះ​ផងដែរ។

លោក​បាន​ថ្លែងថា៖ «ការ​បំផុស​ចលនា​ឲ្យ​កសិករ​ផលិត​អង្ករ​សរីរាង្គ​គឺជា​ឱកាស​ធំ ព្រោះ​អង្ករ​សរីរាង្គ​មានតម្លៃ​ខុសពី [តម្លៃ​ខ្ពស់ជាង] អង្ករ​ធម្មតា​ពី ១០០ ទៅ ២០០ ដុល្លារ​ក្នុង​មួយ​តោន។ អង្ករ​សរីរាង្គ​នឹង​ផ្តល់ឱកាស​ដល់​សហគម​ន៍ និង​កសិករ​ឲ្យ​ទទួល​ប្រាក់ ចំណេញ​ច្រើន»។

លោក​បន្តថា ប្រទេស​ផលិត​ស្រូវ​ជាច្រើន​ក្នុង​តំបន់​មិន​ងាយ​ងាក​មក​បង្កើន​ការផលិត អង្ករ​សរីរាង្គ​ដូច​កម្ពុជា​បានទេ ព្រោះថា អត្រា​នៃ​ការប្រើប្រាស់​សារធាតុ​គីមី​ដើម្បី​បង្កើន​ទិន្នផល​ក្នុង​ដំណាំ ស្រូវ​មាន​កម្រិត​ខ្ពស់ជាង​ខ្លាំង។

ការផលិត​ស្រូវ​បែប​សរីរាង្គ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់ និង​ឧស្សាហ៍​ព្យាយាម​ខ្លាំង​ព្រោះ​កសិករ​ត្រូវ​ចៀសវាង​ដាច់ខាត​ការប្រើ​ជី គីមី និង​ថ្នាំ​គីមី​ដើម្បី​សម្លាប់​សត្វល្អិត ហើយ​រាល់​ដំណើរ​ការផលិត​តាំងពី​ចាប់ផ្តើម​រហូត​ច្រូតកាត់​ទុកដាក់ ក៏ត្រូវ​ធ្វើឡើង ដោយមាន​ក្បួនខ្នាត​ត្រឹមត្រូវ​ដែល ឆ្លងកាត់​ការត្រួតពិនិត្យ និង​មាន​លិខិតបញ្ជាក់​ច្បាស់លាស់។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ក្រុមហ៊ុន មេគង្គ អូ​រី​ហ្សា ត្រេ​ឌី​ង នឹង​រួមសហការ​ផ្តល់​ដើមទុន​ដើម្បី​បង្កើន​ផលិតភាព​ផលិត​អង្ករ ក្រអូប និង​ស្វែងរក​ទីផ្សារ​ដែលមាន​សក្តានុពល​សម្រាប់​លក់​អង្ករ​សរីរាង្គ​ឲ្យ បាន​តម្លៃ​ខ្ពស់។ សេ​ដាក មាន​តួនាទី ផ្តល់​បច្ចេកទេស​ផលិត​ស្រូវ​សរីរាង្គ​ដល់​កសិករ និង​បន្ត​ត្រួតពិនិត្យ​វាយតម្លៃ​ដើម្បី​ធានាថា ដំណើរ​ការផលិត​ស្រូវ​សរីរាង្គ​របស់​កសិករ​បាន​ធ្វើឡើង​ស្របតាម​ក្បួន ខ្នាត និង​នីតិវិធី​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​សរីរាង្គ​ឬមួយ​ក៏​យ៉ាងណា?

លោក យ៉ង សាំង​កុមារ ប្រធាន​អង្គការ សេ​ដាក ឲ្យ​ដឹងថា កម្ពុជា​កំពុង​ទទួលបាន​ការបញ្ជា​ទិញ​អង្ករ​បែប​សរីរាង្គ​កើនឡើង​តែ​កសិករ កម្ពុជា​មិនទាន់​អាច​បង្កើន​ការផលិត​ដើម្បី​បំពេញតម្រូវការ​នេះ​ឲ្យ ពេញលេញ​នៅឡើយ​ទេ។ សហគមន៍​កសិករ​ផលិត​ស្រូវ​សរីរាង្គ​នៅតែ​ជួប​បញ្ហា​ប្រឈម​មួយចំនួន ពិសេស​គឺ​បញ្ហា​ខ្វះ​ទុន​ដើម្បី​យកមក​ទិញស្រូវ​ស្តុក និង​ដំឡើង​ម៉ាស៊ីនកិនស្រូវ​ជាដើម។

លោក​ថ្លែងថា៖ «តាមរយៈ​កិច្ចសហការ​រវាង​អង្គការ សេ​ដាក និង​ក្រុមហ៊ុន មេគង្គ អូ​រី​ហ្សា នេះ​វា​នឹង​ផ្តល់ឱកាស​ទៅដល់​សហគមន៍​កសិក​រ​ឲ្យ​មានលទ្ធភាព​កាន់តែ​ធំ​ថែម ទៀត​ក្នុង​ការផលិត​និង​វេច​ខ្ចប់​អង្ករ [សរីរាង្គ] ផ្គត់ផ្គង់​មកកាន់​ទីផ្សារ»។

នៅ​ឆ្នាំ ២០១៣ នេះ សេ​ដាក បាន​នាំចេញ​អង្ករ​ក្រអូប​សរីរាង្គ​ប្រហែល ៣២០ តោន​ទៅ​ទីផ្សារ អាមេរិក និង​ប្រទេស​នៅ អឺរ៉ុប។ កាលពី​ឆ្នាំមុន សេ​ដាក បាន​នាំចេញ​អង្ករ ១៥០ តោន៕


អង្ករសរីរាង្គរបស់អង្គការសេដាក ដែលដាក់លក់ក្នុងស្រុក​កន្លងមក​​​។

ហុង​កុង​ចង់​​យក​អង្ករ​កម្ពុជា​ជំនួស​ការ​នាំ​ចូល​ពី​ថៃ

ភ្នំពេញៈ សមាគម​ឈ្មួញ​អង្ករ​ហុងកុង​មាន​បំណង​នាំ​ចូល​អង្ករ​​ផ្កា​ម្លិះ​គុណ​ភាព​ ខ្ពស់​ពី​​កម្ពុជា​ជំនួស​ការ​នាំ​ចូល​ពី​ទីផ្សារ​ប្រទេស​ថៃ។

ការលើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភា​ក្សា​រវាង​ប្រតិភូ​ចំនួន​ ៣៤ នាក់ មក​ពី​សមាគម​ឈ្មួញ​អង្ករ​ហុង​កុង និង​សម្ព័ន្ធ​អ្នក​ផលិត ​និង​នាំ​ចេញ​អង្ករ​កម្ពុជា​(ARPEC) ក្រោម​ការ​សម្រប​សម្រួល​ដោយ​ ធនា​គារ​អភិវឌ្ឍ​ន៍ជនបទ​នៅ​ភ្នំពេញ​ កាល​ពីម្សិលមិញ។

ការ​ងាក​មក​ចាប់​អារម្មណ៍​អង្ករ​ក្រអូប​​កម្ពុជា​កើត​មាន​បន្ទាប់​ពី ​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​អង្ករ​គុណ​ភាព​​លេខ​១ ​របស់​ពិភព​លោក​​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា។

លោក​ វ៉ាន់ ​ដេវិដ ​អគ្គ​លេខា​ធិការ​រង​សម្ព័ន្ធ​អ្នក​ផលិត ​និង​នាំ​ចេញ​អង្ករ​កម្ពុជា​(​ARPEC) ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​​ទី​មួយ​ហើយ​​ដែល​ប្រតិភូ​ពី​សមាគម​ឈ្មួញ​អង្ករ​ហុងកុង​មក​​​ កម្ពុជា​ក្នុង​បំណង​​សិក្សា​​ស្វែង​យល់​ពី​វិស័យ​អង្ករ​កម្ពុជា​ដើម្បី​នាំ​ ចេញ​ដោយ​ផ្ទាល់​​ទៅ​ហុង​កុង​។

លោក​មាន​ប្រសាសន៍​ថា​៖ «ការ​មក​ដល់ ​របស់​​ប្រតិភូ​ហុង​កុង​លើក​នេះ​គឺ​ដើម្បី​ប្រមូល​ព័ត៌មាន​ពី​គុណ​ភាព​ អង្ករ​ និង​តម្រូវ​ការ​ផ្នែក​ច្បាប់​​ស្ដីពី​ការ​នាំ​ចេញ​អង្ករ​កម្ពុជា។​ ការ​ប្រជុំ​នេះ​ គឺ​ជា​ជំនួប​ដំបូង​ដើម្បី​បង្ហាញ​ពី​វិស័យ​អង្ករ​យើង ​និង​​បង្ក​ភាព​ជិត​ស្និទ្ធសម្រាប់​ឱកាស​ជំនួញ​នា​ពេល​អនាគត»។

ក្នុង ​កិច្ច​ប្រជុំ​នេះ ​តំណាង​សមាគម​ឈ្មួញ​​អង្ករ​ហុង​កុង​ លោក​ Kenneth​ Chan ​បាន​​បង្ហាញ​​សុទិដ្ឋិ​និយម​ចំពោះ​សក្តា​នុពល​ឧស្សាហកម្ម​អង្ករ​នៅ​ កម្ពុជា ​ប៉ុន្តែ​បាន​​ចោទ​សួរ​ពាក់​ព័ន្ធ​នឹង​ការ​ធានា​គុណ​ភាព​ និង​ប្រភព​ដើម​នៃ​អង្ករ​​នៅ​ពេល​ដែល​ការ​ដឹក​ជញ្ជូន​ពី​​កំពង់​ផែ​ភ្នំពេញ​ ត្រូវ​ឆ្លង​កាត់​ផែ​របស់​វៀតណាម​មុន​​នឹង​ទៅ​ដល់​ទី​ក្រុង​ហុង​កុង​។

បើ ​តាម​ការ​ឲ្យ​ដឹង​ពី​លោក វ៉ាន់​ ដេវីដ ​កន្លង​មក​មាន​បញ្ហា​អ្នក​នាំអង្ករ​ចេញខ្លះ​បានប្រើ​អង្ករ​វៀត​ណាម​លាយ​ ជាមួយ​អង្ករ​កម្ពុជា​ដើម្បី​នាំ​ចេញ​ ជា​ហេតុ​នាំ​ឲ្យ​អ្នក​ទិញ​បារម្ភ​ពី​គុណភាព​និង​ប្រភព​​អង្ករ​កម្ពុជា​ដែល​ ត្រូវ​នាំ​ចេញ​។

លោក​ថ្លែង​ថា​៖ «​ការ​ឆ្លង​កាត់​ផែ​វៀត​ណាម​គឺ​ដើម្បី​ផ្ទេរ​កុង​តឺន័រ​ទៅ​ដាក់​កប៉ាល់​ធំ​ រួច​ដឹក​បន្ត​ទៅ​កាន់​ផែ​ទី​ក្រុង​ហុង​កុង​ប៉ុណ្ណោះ ​ហើយ​ឯកសារ​ក៏​បញ្ជាក់​ពី​ប្រភព​ដើម​នៃអ​ង្ករ​កម្ពុជា»។

លោក​បាន​បន្ត​ថា ពាក់​ព័ន្ធ​នឹង​ការ​ធានា​បាន​នូវ​គុណ​​ភាព​អង្ករ​កម្ពុជា​សុទ្ធ ១០០ ភាគរយ​នោះ គឺ​អ្នក​បញ្ជា​ទិញ​ឬអ្នក​នាំ​ចេញ​ (អាស្រ័យ​លើ​ការ​ចរចា​គ្នា​) អាច​យក​គ្រាប់​អង្ករ​ធ្វើ​តេស្តិ៍​វិភាគ ​DNA​ រក​ប្រភព​ដើម​បាន»។

ហុង​កុង​ជា​ទីផ្សារ​ដែល​ត្រូវ​ការ​តែ​អង្ករ​ក្រអូប​ប៉ុណ្ណោះ។

តាម ​ទិន្ន​ន័យ​ពី​ក្រសួង​កសិកម្ម​ រយៈ​ពេល​ ១១​ខែ​ឆ្នាំ​២០១៣​ហុង​កុង​​បាន​នាំ​ចូល​អង្ករ​​ផ្កាម្លិះ​គុណភាព​ លេខ​មួយ​ពី​កម្ពុជា​បាន​តែ ​៨០៤តោន​ប៉ុណ្ណោះ គឺ​ឈរ​នៅ​លេខ​រៀង​ទី ៣២ ក្នុង​ចំណោម​ប្រទេស​នាំ​អង្ករ​ចូល​ពី​កម្ពុជា​។

លោក ​លឹម​ ប៊ុន​ហេង​ អគ្គនា-​យក​​ក្រុម​ហ៊ុន​នាំ​អង្ករ​ចេញ​ ឡូរ៉ង់​ ដែល​ជា​អ្នក​នាំ​ចេញ​អង្ករ​ផ្កាម្លិះ​ទៅ​​ទីផ្សារ​ហុងកុង​ដែរ​នោះ ​បាន​សាទរ​ចំពោះ​ដំណឹង​នៃ​ក្រុម​ឈ្មួញ​អង្ករ​ហុង​កុង​មាន​បំណង​ចង់​បង្កើន ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជាមួយ​ប្រទេស​កម្ពុជា។

ពាក់​ព័ន្ធ​នឹង​ការ​ធានា​គុណ​ភាព​ និង​ប្រភព​អង្ករ​មិន​គួរ​ជា​ក្តី​បារម្ភ​នោះ​ទេ។​ លោក​ថ្លែងថា​៖ «​មិន​មាន​​អ្នក​ណា​អាច​បន្លំ​ប្រភព​អង្ករ​បាន​​ទេ​។ អង្ករ​របស់​កម្ពុជា​គឺ​ជា​របស់​​កម្ពុជា»។

លោក​បញ្ជាក់​ថា ​ការ​​បញ្ជា​ទិញ​អង្ករ​ពី​​ហុង​កុង​​មាន​ការ​កើន​ឡើង​ បន្ទាប់​ពី​កម្ពុជា​ទទួល​បាន​ពាន​​រង្វាន់​អង្ករ​គុណភាព​​លេខ​១​របស់​ពិភព​ លោក​នៅ​ហុងកុង ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

ក្រោយ​កិច្ច​ប្រជុំ​ លោក​ Kenneth ​Chan អ្នក​តំណាង​សមា-​គម​​ឈ្មួញ​​អង្ករ​ហុង​កុង ​មិន​បាន​បញ្ជាក់​ពី​ទំហំ​នៃ​គម្រោង​នាំ​ចេញ​នោះ​ទេ​។​ លោកថ្លែង​ថា​៖«បន្ទាប់​ពី​ជំនួប​ថ្ងៃ​នេះ ​យើង​​បាន​ព័ត៌មាន​ច្រើន​អំពី​វិស័យ​អង្ករ​កម្ពុជា។ ពួក​យើង​នឹង​បន្ត​ពិភាក្សា​និង​ពិចារ-​ណា​ ហើយ​នឹង​ទាក់​ទង​មក​ខាង​កម្ពុជា​វិញ»។

ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​នេះ​ កម្ពុជា​បាន​នាំ​អង្ករ​សរុប ៣៣២ ០០៩ តោន កើន​ឡើង ៩៣,៧១ ភាគរយ ធៀប​នឹង​រយៈ​ពេល​ដូច​គ្នាកាល​ពី​ឆ្នាំ​មុន​ដែល​មាន​ចំនួន​ត្រឹម​តែ ១៧១ ៣៨៩ តោន៕

ការនាំចេញកូនក្រពើរបស់កម្ពុជានឹងបញ្ចប់

ភ្នំពេញៈ កសិករ​ចិញ្ចឹម​ក្រពើ​បាន​ងាក​មក​ចិញ្ចឹម​ក្រពើ​យក​ស្បែក ​វិញ បន្ទាប់​ពី​អាជីវកម្ម​លក់​កូន​ក្រពើ​ពិបាក​រក​ទីផ្សារ ហើយ​ការ​ផ្គត់​ផ្គង់​ជា​ស្បែក​បាន​បង្ហាញ​ពី​សក្តានុពល​ខ្ពស់។

តាំង​ពី​ចុង​ឆ្នាំ ២០១២ មក​សមាគម​ចិញ្ចឹម​ក្រពើ​នៅ​ខេត្ត សៀមរាប បាន​បង្វែរ​អាជីវកម្ម​ចិញ្ចឹម​លក់​កូន​មក​ចិញ្ចឹម​យក​លក់​ស្បែក​វិញ ដោយ​បាន​នាំ​ចេញ​ស្បែក​ក្រពើ​ប្រមាណ ២០ ០០០ ស្បែក​ទៅ​ប្រទេស ថៃ។

បច្ចុប្បន្ន​សមាគម​កំពុង​ចរចា​ជាមួយ​អ្នក​ទិញ​នៅ​ចិន​ដើម្បី​នាំ​ចេញ​ ស្បែក​ក្រពើ​ពី កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចិន។ មន្ត្រី​ជំនាញ​និយាយ​ថា ទីផ្សារ​ស្បែក​ក្រពើ​របស់​កម្ពុជា​មាន​សក្តានុពល​ខ្លាំង។

ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ក្រពើ​នៃ​អគ្គ​នាយកដ្ឋាន​រដ្ឋបាល​ជលផល លោក ហេង សុវណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា អ្នក​ចិញ្ចឹម​ក្រពើ​នឹង​ទទួល​បាន​ចំណូល​ច្រើន​ជាង​មុន​បើ​ពួក​គេ​ងាក​មក​ ចិញ្ចឹម​យក​ស្បែក​ជំនួស​ការ​នាំ​ចេញ​កូន​ក្រពើ​។ លោក​ថា៖ «ទីផ្សារ​ស្បែក​ក្រពើ​ឲ្យ​តែ​ផលិត​បាន​គឺ​មាន​ទីផ្សារ​លក់​ទៅ​ក្រៅ​ប្រទេស គេ​ប្រមូល​ទិញ​ទាំង​អស់»។

កូន​ក្រពើ​មួយ​មាន​តម្លៃ​ពី ១២ ទៅ ១៤ ដុល្លារ ខណៈ​ស្បែក​ក្រពើ​ដែល​មាន​អាយុ​បី​ឆ្នាំ​មួយ​ក្បាល​មាន​តម្លៃ​ប្រមាណ ៧០ ដុល្លារ។

លោក ហេង សុវណ្ណារ៉ា បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​សាកល្បង​នាំ​ចេញ​ស្បែក​ក្រពើ​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង​ ក្នុង​ឆ្នាំ ២០១២ ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​ជំរុញ​ឲ្យ​សមាគម​ចិញ្ចឹម​ក្រពើ​ចំនួន ពីរ​នៅ​ខេត្ត សៀមរាប ចាប់​ផ្តើម​ការ​ចិញ្ចឹម​យក​ស្បែក​វិញ។

សមាគម​អភិវឌ្ឍន៍​ការ​ចិញ្ចឹម​ក្រពើ​កម្ពុជា​ខេត្ត សៀមរាប ជា​អ្នក​ដែល​បាន​នាំ​ចេញ​ស្បែក​ជា​លើក​ដំបូង​ពី​ខែ វិច្ឆិកា ឆ្នាំ ២០១២ ដែល មក​ដល់​ពេល​នេះ​នាំ​ចេញ​បាន ២០ ០០០ ស្បែក​ទៅ​កាន់​ប្រទេស​ថៃ​។ សមាគម​នេះ​មាន​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ជាង ១០០ កសិដ្ឋាន។

លោក សេន រិទ្ធ អនុ​ប្រធាន សមាគម​អភិវឌ្ឍន៍​ការ​ចិញ្ចឹម​ក្រពើ​កម្ពុជា​ខេត្ត សៀមរាប អះអាង​ថា ការ​ផ្គត់​ផ្គង​ស្បែក​ក្រពើ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្រៅ​ស្រុក​មាន កម្រិត​ទាប​ជាង​តម្រូវ​ការ​ច្រើន​ណាស់​។ លោក​បញ្ជាក់​ថា៖ «កម្ពុជា​នៅ​មិន​ទាន់​ផលិត​បាន​គ្រប់​ចំនួន​តម្រូវការ​នោះ​ទេ។ សម្រាប់​ប្រទេស​ថៃ​ម្នាក់​ឯង គេ​ត្រូវ​ការ​ស្បែក​ជាង ១០ ម៉ឺន​ស្បែក​ទៅ​ហើយ។ សមាគម​យើង​មាន​ត្រឹម​តែ​ជាង ២០ ០០០ ស្បែក​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​នេះ»។ លោក សេន រិទ្ធ ក៏​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ម្នាក់​ផង​ដែរ។

ដើម្បី​បង្កើន​ការ​ផ្គត់​ផ្គង់​នាំ​ចេញ​ស្បែក​ក្រពើ​ដែល​ជា​អាជីវកម្ម​ ថ្មី​មួយ​នៅ​កម្ពុជា សមាគម​ចិញ្ចឹម​ក្រពើ សៀមរាប អង្គរ ផ្សេង​មួយ​ទៀត​ក៏​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ដើម​ឆ្នាំ ២០១២ ដែល​មាន​សមាជិក ១១០ នាក់។

លោក អុង វិសាល អនុ​ប្រធាន​សមាគម​ដែល​ទើប​នឹង​បង្កើត​ឡើង​នេះ​និយាយ​ថា៖ «យើង​សង្ឃឹម​ថា​នឹង​អាច​ផលិត​ស្បែក​ក្រពើ​សម្រាប់​នាំ​ចេញ​បាន​ពី ១០ ០០០ ដល់ ២០ ០០០ ស្បែក​នៅ​ឆ្នាំ​ក្រោយ»។

ជាមួយ​នឹង​បទ​ពិសោធ​រយៈ​ពេល ១០ ឆ្នាំ​នៅ​ក្នុង​អាជីវកម្ម​ចិញ្ចឹម​ក្រពើ​នេះ លោក វិសាល មើល​ឃើញ​ថា ដើម្បី​អាច​ផលិត​ស្បែក​ក្រពើ​តាម​ស្ដង់ដារ​ខ្ពស់​បាន​គឺ​នៅ​តែ​ជា​បញ្ហា ប្រឈម​សម្រាប់​អ្នក​ចិញ្ចឹម​នៅ​កម្ពុជា។ លោក​លើក​ឡើង​ថា កង្វះ​បច្ចេកទេស​ចិញ្ចឹម និង​ទុន​ក្នុង​ការ​វិនិយោគ គឺជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ផលិត​បាន​ស្បែក​ដែល​មាន​គុណភាព​តាម​ស្តង់ដារ។

រដ្ឋាភិបាល​បាន​អំពាវនាវ​ដល់​អ្នក​ចិញ្ចឹម​ក្រពើ​ឲ្យ​បញ្ឈប់​ការ​នាំ​ចេញ​កូន​ក្រពើ​ទៅ​បណ្ដា​ប្រទេស​ជិត​ខាង​តាំង​ពី​ឆ្នាំ ២០០៥។

លោក ហេង សុវណ្ណារ៉ា ពន្យល់​ពី​ការ​ពន្យារ​ពេល​ក្នុង​ការ​នាំ​ចេញ​ស្បែក​ក្រពើ​ថា កសិករ​ចិញ្ចឹម​ក្រពើ​ភាគ​ច្រើន​គ្មាន​លទ្ធភាព​ក្នុង​ការ​រង់​ចាំ​ដល់​ក្រពើ​ ធំ និង​គ្មាន​ទុន​គ្រប់​គ្រាន់​ដើម្បី​រៀប​ចំ​កន្លែង​ចិញ្ចឹម​ដែល​មាន លក្ខណៈ​ស្តង់ដារ។

មក​ដល់​ពេល​នេះ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ចំនួន ៣៥៧ កន្លែង​បាន​ចុះ​បញ្ជី​នៅ​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ។

កូន​ក្រពើ​ប្រហែល ៥០ ០០០ ក្បាល​ត្រូវ​បាន​នាំ​ចេញ​ពី​កម្ពុជា​ក្នុង​ឆ្នាំ ២០១៣ នេះ។

សមាគម​អភិវឌ្ឍន៍​ការ​ចិញ្ចឹម​ក្រពើ​កម្ពុជា​នៅ សៀមរាប រំពឹង​ថា​នឹង ផលិត​ស្បែក​ក្រពើ​បាន ១០ ម៉ឺន​ស្បែក​សម្រាប់​នាំ​ចេញ​នៅ​ឆ្នាំ​ក្រោយ។ សមាគម​ក៏​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ពង្រីក​ការផ្គត់​ផ្គង់​ទៅ ប្រទេស​ចិន​ទៀត​នៅ​រវាង​ពីរ​ឆ្នាំ​ខាង​មុខ​នេះ ប្រសិន​បើ​ការ​ចរចា​រវាង​ប្រទេស​ចិន និង​កម្ពុជា​ទទួល​បាន​ជោគជ័យ៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2211
3734
4917750