jaukjeybanner

សេដ្ឋកិច្ចសិង្ហបុរីបានធ្លាក់ចុះក្នុងត្រីមាសទី៤

សិង្ហបុរីៈ សេដ្ឋកិច្ច​​ប្រទេស​សិង្ហបុរី បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈពេល ៥​ត្រី​មាស បន្ទាប់​ពី​ឧស្សាហកម្ម​ផលិតកម្ម និង​សេវាកម្ម​របស់​ប្រទេស​នេះ​ធ្លាក់​ចុះ​ តែ​ការ​ធ្លាក់​ចុះនេះ អាច​នឹង​មាន​រយៈ​ពេល​ខ្លី ព្រោះ​កំណើន​សេដ្ឋកិច្ច​សកល​កំពុង​ស្ទុះ​ងើប​ឡើង។

ក្រសួង​ពាណិជ្ជកម្ម​ សិង្ហបុរី បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ម្សិលមិញ​ថា កំណើន​ ផ.ស.ស បាន​ធ្លាក់​ចុះ​ ២,៧ ​ភាគរយ​នៃ​អត្រា​ប្រចាំ​ឆ្នាំ​នៅ​ត្រីមាស​ទីបួន ធៀប​នឹង​ត្រី​មាស​ទីបី នៅ​ពេល​​កំណើន ផ.ស.ស កើន​ឡើង ២,២ ​ភាគរយ​នៃ​អត្រា​ប្រចាំ​ឆ្នាំ។

តាម​ការ​ព្យាករ​ជា​មធ្យម​​ចំនួន ១១ ​លើក​របស់​ Bloomberg បង្ហាញ​ថា កំណើន ផ.ស.ស របស់​ប្រទេស​សិង្ហបុរី​នៅ​ត្រីមាស​ទី​បួននេះ អាច​នឹង​ធ្លាក់​ចុះ ១,៣ ​ភាគរយ​ធៀប​នឹង​អត្រា​ប្រចាំ​ឆ្នាំ។​

សេដ្ឋកិច្ច​របស់​ប្រទេស​នេះ អាច​នឹង​ទទួល​ផល​ប្រយោជន៍​ពី​​កំណើន​តម្រូវ​ការ​នៅ​អាមេរិក និង​អឺរ៉ុប​នៅ​ឆ្នាំ​ថ្មីនេះ។

ទីភ្នាក់ ​ងារ​ជំរុញ​ពាណិជ្ជកម្ម​របស់​ប្រទេស​ដី​កោះ​មួយ​នេះ បាន​ឲ្យ​ដឹង​កាល​ពី​ខែ​វិច្ឆិកាថា ការ​នាំ​ចេញ​នឹង​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ឆ្នាំ​២០១៤នេះ បន្ទាប់ពី​ធ្លាក់​ចុះ​​កាល​ពី​ឆ្នាំមុន ដោយ​កាត់​បន្ថយ​សម្ពាធ​មក​លើ​ធនាគារ​កណ្តាល​សិង្ហបុរី ក្នុង​ការ​បណ្តោយ​ឲ្យ​រូបិយប័ណ្ណ​របស់​ខ្លួន​ធ្លាក់​ថ្លៃ​ ដើម្បី​ជំរុញ​ដល់​ការ​នាំ​ចេញទៅ​បរទេស​។​

លោក Joey Chew សេដ្ឋ​វិទូ​​ប្រចាំ​ក្រុមហ៊ុន Barclays Plc ​នៅ​ប្រទេស​សិង្ហបុរី​បាន​ថ្លែង​ថា៖ ​«កំណើន​សេដ្ឋកិច្ច​ពិភព​លោក​នៅ​មាន​ស្ថានភាព​ល្អ​ប្រសើរ​។ កំណើន​សេដ្ឋកិច្ច​សកល​នៅ​ឆ្នាំ ២០១៤ នេះ ទំនង​ជា​មាន​សន្ទុះ​ខ្លាំង​ជាង​ឆ្នាំ ២០១៣ ដូច្នេះ​សន្ទុះ​សេដ្ឋកិច្ច​សកល​នេះ នឹង​ជួយ​​ជំរុញ​សេដ្ឋកិច្ច​​សិង្ហបុរី»។

ប្រាក់ ​ដុល្លារ​សិង្ហបុរី​​ប្រែ​ប្រួល​តិច​តួច​បើ​ធៀបនឹង​ប្រាក់​ដុល្លារ​ អាមេរិក​ក្នុង​តម្លៃ ១,២៦៤២​ដុល្លារ​សិង្ហបុរី​ក្នុង​មួយ​ដុល្លារ​អាមេរិក​នៅ​ម៉ោង ១១ និង​១២​នាទី​ព្រឹក​ថ្ងៃ​ម្សិលមិញ​ម៉ោង​ក្នុង​ស្រុក។ រូបិយ​ប័ណ្ណ​នេះបាន​ធ្លាក់​ថ្លៃ​ជាង​ ៣​ ភាគ​រយ​កាល​ពី​ឆ្នាំ​២០១៣៕

Bill Gates នៅតែជាអ្នកមានទ្រព្យមហាសាល

សហរដ្ឋអាមេរិក: អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​លើ លោក កាន់​តែមាន​ច្រើន​នៅ​ឆ្នាំ២០១៣ ដោយបាន​បង្កើន​ទ្រព្យសម្បត្តិ​ចំនួន ៥២៤ពាន់​លាន​ដុល្លារ ​ទៅក្នុង​ទ្រព្យសម្បត្តិ​សរុប​របស់ខ្លួន។ នេះ​បើ​យោងតាម​ស​ន្ទ​ស្សន៍​មហាសេដ្ឋី​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ដែលជា​ចំណាត់ថ្នាក់​ប្រចាំថ្ងៃ​របស់​ក្រុម​អ្នកមាន​ទ្រព្យសម្បត្តិ ច្រើន​បំផុត​ចំនួន ៣០០នាក់ ​នៅ​ទូទាំង​ពិភពលោក។

កំណើន​ទ្រព្យសម្បត្តិ​សរុប​របស់​ក្រុម​មហាសេដ្ឋី​នៅ​ជុំវិញ​ពិភពលោក មាន ៣,៧ ពាន់​ពាន់​លាន​ដុល្លារ​ នៅ​ទីផ្សារ​គិត​ត្រឹម​ថ្ងៃទី ៣១ ខែធ្នូ។ នេះ​បើ​យោងតាម​តួលេខ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg។ កំណើន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​គឺ​នៅក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ដែល បាន​ហក់​ឡើង​ចំនួន២៨ភាគរយ​នៅក្នុង​អំឡុង​ឆ្នាំ២០១៣។

ក្នុងចំណោម​អ្នកមាន​ទ្រព្យសម្បត្តិ ៣០០ នាក់ ដែល​បង្ហាញ​នៅក្នុង​ចំណាត់ថ្នាក់​ចុងក្រោយ​ក្នុង​ឆ្នាំ២០១៣កន្លងមក នេះ មានតែ​អ្នកមាន​ទ្រព្យសម្បត្តិ​ចំនួន៧០នាក់​ប៉ុណ្ណោះ​ដែល​បានប្រកាស ពី​ការធ្លាក់ចុះ​នូវ​ទ្រព្យសម្បត្តិ​របស់ខ្លួន​ក្នុងអំឡុងពេល១២ខែ កន្លងមកនេះ។

លោក John Catsimatidis ស្ថាបនិក​ក្រុមហ៊ុន​អចលនទ្រព្យ និង​ថាមពល​ដ៏​ធំ គឺ​ក្រុមហ៊ុន Red Apple Group Inc  បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​ថា៖«អ្នកមាន​កាន់តែ​មាននៅ​ឆ្នាំ២០១៤ ។ អត្រា​ការប្រាក់​នៅតែមាន​កម្រិត​ទាប ទីផ្សារ​មូល​ប​ត្រ នឹង​បន្ត​កើនឡើង ហើយ​សេដ្ឋកិច្ច​នឹង​សម្រេចបាន​កំណើន​តិចជាង២ភាគរយ»។

លោក Bill Gates ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន Microsoft Corp ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Redmond ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​គឺជា​អ្នករក​ទ្រព្យសម្បត្តិ​បាន​ច្រើនជាងគេ នៅ ឆ្នាំ២០១៣។ ទ្រព្យសម្បត្តិ​របស់​មហា​សេដ្ឋី​វ័យ ៥៨ ឆ្នាំ​រូបនេះ បាន​កើនឡើង ១៥,៨ពាន់​លាន​ដុល្លារ ដល់ ៧៨,៥ពាន់​លាន​ដុល្លារ នេះ​បើ​យោងតាម​ស​ន្ទ​ស្សន៍​មហាសេដ្ឋី​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ដោយសារ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Microsoft ដែលជា​ក្រុមហ៊ុន​ផលិត​កម្មវិធី​កុំព្យូទ័រ​ធំជាងគេ​របស់​ពិភពលោក បាន​កើនឡើង ៤០ភាគរយ៕

កម្ពុជាទាក់ទាញតិចបំផុតសម្រាប់ការវិនិយោគក្នុងតំបន់

ភ្នំពេញៈ ការរកឃើញ​ថ្មី​មួយ​បង្ហាញថា ប្រទេស​កម្ពុជា​ជា​ទិសដៅ​ដែលមាន​ការទាក់ទាញ​វិនិយោគ​តិច​បំផុត​ក្នុងចំណោម​ប្រទេស​នៅ​តំបន់​អាស៊ាន។

ការអង្កេត​មួយ​ស្តីពី «ការប្រកួតប្រជែង​ប្រទេស​អាស៊ាន​ឆ្នាំ ២០១៣» ដែល​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន​បាន​បង្ហាញថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​ពីរ​រាប់​ពីក្រោម​លើ​ប្រទេស ប្រ៊ុយណេ មួយ​ពិន្ទុ​បើ​និយាយ​អំពី​ភាព​ទាក់ទាញ របស់​វិនិយោគិន។

ការអង្កេត​បង្ហាញថា មានតែ ២១ ភាគរយ​ប៉ុណ្ណោះ​នៅក្នុង​ចំណោម​អ្នក​ឆ្លើយតប ៥០២ នាក់​នៃ​ការអង្កេត​នេះ ដែល​ពួកគេ​ទាំងអស់​មកពី​សហគម​ន៍​ពាណិជ្ជកម្ម​ក្នុង​អាស៊ាន បាន​រកឃើញថា កម្ពុជា​គឺជា​ប្រទេសមួយ​សម​នឹង​ទទួលបាន​ការវិនិយោគ​ក្នុងពេល​អនាគត។

ជាមួយគ្នានេះដែរ ជាង ៤០ ភាគរយ​បាន​និយាយថា ពួកគេ​មានបំណង​វិនិយោគ​នៅក្នុង​ប្រទេស សិង្ហ​បុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬ ថៃ។ ៣៨ ភាគរយ​បានកំណត់​យក​ប្រទេស មី​យ៉ាន់​ម៉ា ៣៦ ភាគរយ​បានកំណត់​យក​ប្រទេស វៀតណាម និង ២៤ ភាគរយ​បានកំណត់​យក​ប្រទេស ឡាវ ជា​ប្រទេស​ដែល​ទាក់ទាញ​វិនិយោគិន​បរទេស។

ហេតុ​ដូច្នេះហើយ កម្ពុជា​បាន​ពិន្ទុ​ជារួម «ចំណាត់​ថ្នាក់លើ​ភាព​ទាក់ទាញ» គឺ ៤,០៦ ពិន្ទុ​ក្នុងចំណោម​ពិន្ទុ​ដែល​អាច​រកបាន ១០ ដោយ​ឈ្នះ​តែ​ប្រទេស ប្រ៊ុយណេ ដែល​បាន ៣,៦៧ ពិន្ទុ។

លោក ម៉ី កល្យាណ ទីប្រឹក្សា​នៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ (SNEC) បាន​និយាយថា៖ «នេះ​គឺជា​ការភ្ញាក់ផ្អើល​មួយ​យ៉ាងខ្លាំង។ ខ្ញុំ​បានឮ​ពី​ការវាយតម្លៃ​របស់​វិនិយោគិន​របស់​ប្រទេស មី​យ៉ាន់​ម៉ា ដែល​បង្ហាញថា បរិយាកាស​វិនិយោគ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន​ទូរគមនាគមន៍ និង​ក្របខ័ណ្ឌ​ការងារ​ស្របច្បាប់​មិនទាន់មាន​ភាពត្រឹមត្រូវ​នៅ ឡើយ»។

ដោយ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមប្រឹក្សា​ផ្ដល់យោបល់​ពាណិជ្ជកម្ម អាស៊ាន ការអង្កេត​នេះ​បាន​យក​ការឆ្លើយតប​ពី​ក្រុមហ៊ុន​តែ​បី​ប៉ុណ្ណោះ​នៅក្នុង ប្រទេស កម្ពុជា មក​ពិចារណា ខណៈ៧២ ភាគរយ​ក្នុង ចំណោម​ការ​ឆ្លើយតបបាន​ចេញពី​ប្រទេស​ថៃ និង​វៀតណាម។ ក្រុមប្រឹក្សា​នេះ​គឺជា​ក្រុមការងារ​មួយ​ដែល​ត្រូវបាន​បង្កើតឡើង កាលពី​ឆ្នាំ ២០០៣ ដោយ​តំណាង​មកពី​បណ្ដា​ប្រទេស​អាស៊ាន​ដើម្បី​ផ្ដល់យោបល់​ត្រឡប់មកវិញ របស់​វិស័យ​ឯកជន​ស្ដីពី​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​របស់​តំបន់​នេះ។

ក្រុមហ៊ុន​ក្នុងស្រុក ដែល​បាន​ចូលរួម​នៅក្នុង​ការអង្កេត​នេះ​នៅ​ចន្លោះ​ខែ ឧសភា និង​ខែ សីហា នៅ​ឆ្នាំនេះ​គឺ​សម្ព័ន្ធ​អ្នក​ផលិត និង​នាំ​អង្ករ​ចេញ​របស់​កម្ពុជា (ARPEC) ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Manulife Cambodia និង​ក្រុមហ៊ុន Winson International Garments Ltd។

លោក ម៉ី កល្យាណ បាន​និយាយថា ខណៈ​ប្រទេស ឡាវ ជាទី​តាំង​ដ៏​រឹងមាំ​មួយ​នៃ​ប្រភពធនធាន​ថាមពល នៅក្នុង​តំបន់​នេះ​បទ​ប្បញ្ញត្តិ​ការវិនិយោគ​សេរី​របស់​កម្ពុជា​ដែល អនុញ្ញាត​ឲ្យ​ជនបរទេស​កាន់កាប់​ភាគហ៊ុន ១០០ ភាគរយ តម្លៃ​ពលកម្ម​ទាប និង​ស្ថិរភាព​ផ្នែក​នយោបាយ​ដែល​ជាប់ទាក់ទង។ ទាំងអស់នេះ​គឺជា​សន្លឹក​បៀរ​ដ៏​សំខាន់​សម្រាប់​ការវិនិយោគ។

លោក​លើកឡើងថា៖ «តម្លៃ​ពលកម្ម​របស់​កម្ពុជា​គឺ​ទាប​បំផុត។ វា​អាច​ថា​តម្លៃ​ពលកម្ម​នៅ មី​យ៉ាន់​ម៉ា គឺ​កាន់តែ​ទាប ប៉ុន្តែ​អ្នក​ត្រូវតែ​គិតដល់​បញ្ហា​សមភាព​សម្រាប់​កម្មករ និង​កម្រិត​ជំនាញ​នៃ​ការផលិត​របស់​អ្នក»។ លោក​បន្តថា៖ «ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល នៅ​ខ្សោយ​នៅឡើយ ប៉ុន្តែ​បញ្ហា​ទាំងនេះ​មិនមែនជា​កត្តា​នៃ​ការសម្រេចចិត្ត​នោះទេ»។

លោក​បាន​បន្ថែមថា៖ «របាយការណ៍​ដូច្នេះ អាចមាន​ភាពលម្អៀង ហើយ​ពិតណាស់ វា​ជា​ភាពអវិជ្ជមាន​សម្រាប់​យុទ្ធនាការ​លើកទឹកចិត្ត​ការវិនិយោគ​បរទេស របស់​រដ្ឋាភិបាល​កម្ពុ​ជា»។

ការអង្កេត​របស់​អាស៊ាន​ក៏បាន​រកឃើញ​ផងដែរ​ថា សកម្មភាព​វិនិយោគ​ផ្ទាល់​ពី​បរទេស​ទៅ​ក្រៅ​របស់​កម្ពុជា ឬ​ពាណិជ្ជកម្ម​នាំចេញ​គឺ​ស្ថិតក្នុង​ចំណោម​ប្រទេស​មានការ​ទាក់ទាញ​ដល់ វិនិយោគិន​តិច​បំផុត មានតែ​ចំនួន ៣,៣ ភាគរយ​ប៉ុណ្ណោះ (ស្មើ​ប្រទេស​ថៃ)។

ក្នុងចំណោម​អ្នកឆ្លើយ​តប​ក្នុងការ​អង្កេត​នេះ​បានដាក់​ឈ្មោះ​កម្ពុជា ថា​ជាទី​តាំង នាំចេញ​ដែល​បានគ្រោង​ទុក​ក្នុង​រង្វង់​បី​ឆ្នាំក្រោយ។ ប៉ុន្តែ​ជាង ១២ ភាគរយ​បាន​រកឃើញ​ប្រទេស មី​យ៉ាន់​ម៉ា ហើយ ៣,៩ ភាគរយ​បានកំណត់​យក​ប្រទេស​ឡាវ​ជាទី​តាំង​ពាណិជ្ជកម្ម​នាំចេញ ដែល​បាន​គ្រោងទុក​ក្នុង​រយៈពេល​បី​ឆ្នាំក្រោយ។

លោក Grant Knuckey អគ្គនាយក​ក្រុមហ៊ុន​ធនាគារ ANZ Royal បាន​និយាយថា ការអង្កេត​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​របៀប​ប្រកួតប្រជែង​អាស៊ាន​គឺ​សម្រាប់ ការវិនិយោគ​បរទេស ខណៈ​កម្ពុជា​គឺជា​ទិសដៅ​ទាក់ទាញ​មួយ​សម្រាប់​ពាណិជ្ជកម្ម ដែល​វា​នឹងមិន​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​មានដំណើ​រការ​យឺត នោះទេ។

លោក​បញ្ជាក់ថា៖ «កម្លាំង​ពលកម្ម​ទាប​របប​បទ​ប្បញ្ញត្តិ​សេរី និង​ការ​សម្បទាន​ពន្ធដារ​មាន​ប្រយោជន៍​ប៉ុន្តែ​មិន​គ្រប់គ្រាន់​នោះទេ។ ការប្រកួតប្រជែង​អាស៊ាន​កើនឡើង​យ៉ាងខ្លាំង ក្រុមហ៊ុន​ជាច្រើន​នឹងធ្វើ​ការសម្រេចចិត្ត​ផ្អែកលើ​ការដឹកជញ្ជូន​ការ ចំណាយ​លើ​ថាមពល ដំណើរការ​គយ និង​ចង្វាក់​ផ្គត់ផ្គង់​នៅ​ជិត​នោះ ប៉ុន្តែ​ក៏​ពឹង​លើ​ជំនាញ​ដែល​អាច​រកបាន​ផងដែរ»៕

 

ពាណិជ្ជកម្មកម្ពុជានឹងកើន$១ ពាន់លាន

ភ្នំពេញៈ ទិន្នន័យ​ក្រៅផ្លូវការ​ពី​មន្ដ្រី​ជាន់ ខ្ពស់​មួយរូប​បាន​ឲ្យ​ដឹង កាលពី​ថ្ងៃ​ម្សិលមិញ​ថា ទំហំ​ពាណិជ្ជកម្ម​នាំចេញ​នាំចូល​សរុប​របស់​កម្ពុ​ជា​នៅ​ឆ្នាំ ២០១៣ ត្រូវបាន​រំពឹងថា នឹង​កើន​ដល់​ជិត​ដល់ ១៦ ពាន់​លាន​ដុល្លារ។

តួលេខ​នេះ​កើនឡើង ១៤,៤៤ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១២ ដែលមាន​ត្រឹមតែ ១៣,៩៨ ពាន់​លាន​ដុល្លារ​អាមេរិក។

លោក គាត ឈុន ឧបនាយករដ្ឋមន្ដ្រី​ប្រចាំការ​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​បើក ការតាំង​ពិ​ពរណ៍​ផលិតផល​នាំចេញ នាំចូល និង​ខេត្ត​មួយ​ផលិតផល​មួយ នៅ​កោះ​ពេជ្រ​ថា៖ «យើង​មាន​សុទិដ្ឋិនិយម​ព្យាករ​ថា តួលេខ​ពាណិជ្ជកម្ម​សរុប​នៅ​ឆ្នាំ ២០១៣នេះ មាន​ប្រមាណ​ជិត ១៦ ពាន់​លាន​ដុល្លារ​អាមេរិក»។

លោក​បាន​បន្តថា ការកើនឡើង​និង​ការរំពឹងទុក​នូវ​តួលេខ​ពាណិជ្ជកម្ម​ទាំងនេះ​គឺ​ដោយសារ ការជំរុញ​ពាណិជ្ជកម្ម គ្រប់មុខ​សញ្ញា ការបើកចំហ​ពាណិជ្ជកម្ម​ក្នុង​ក្របខណ្ឌ​សេដ្ឋកិច្ច​ទីផ្សារសេរី របស់​រដ្ឋាភិបាល។

លោក គាត ឈុន បាន​សំដៅទៅ​គោលនយោបាយ​ដែល​ជំរុញ​ការនាំចេញ​អង្ករ​ឲ្យ​បាន ១ លាន​តោន ត្រឹម​ឆ្នាំ ២០១៥ ដែល​បច្ចុប្បន្ន​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់​ចាប់តាំងពី​ឆ្នាំ ២០០។

លោក​ថ្លែងថា៖ «បន្ទាប់ពី​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​នេះ ការនាំចេញ​អង្ករ​បាន​កើន​ឡើងជា​បន្តបន្ទាប់។ នៅ ២០១៣នេះ​ការនាំចេញ​អង្ករ ១១ ខែ​ដំបូង​មាន​បរិមាណ ៣៣២០០៩តោន ដែល​កើនឡើង​ស្ទើរតែ​ទ្វេដង»។

នៅ​ឆ្នាំ ២០១៣ ត្រូវបាន​គេ​មើលឃើញថា ជា​ឆ្នាំ​ដែលមាន​ភាពចម្រូងចម្រាស​ដល់​ដំណើរការ​សេដ្ឋកិច្ចកម្ពុជា ដោយសារតែ​ការជាប់គាំង​ផ្នែក​នយោបាយ និង​ការបន្ត​ធ្វើបាតុកម្ម​ដោយ កម្មករ​រោងចក្រ​កាត់ដេរ​បន្តបន្ទាប់​ក្នុងការ​ទាមទារ​ប្រាក់​ឈ្នួល សមរម្យ និង​លក្ខខណ្ឌ​ការងារ​កាន់តែ​ល្អប្រសើរ​ឡើង។

លោក គង់ ពុទ្ធា​រ៉ា ប្រធាន​នា-យក​ដ្ឋា​ន​ស្ថិតិ និង​ព័ត៌មាន​ក្រ-សួង​ពាណិជ្ជកម្ម បាន​បញ្ជាក់ថា បញ្ហា​ដែល​បានលើកឡើង​ខាងលើ មិនមាន​ឥទ្ធិពល​ខ្លាំងក្លា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន ទំហំ​ពាណិជ្ជកម្ម​នាំចេញ នាំចូល​របស់​កម្ពុជា​នោះទេ។

លោក​បន្តថា៖«វា​មិន​ប៉ះពាល់​ទេ ដោយសារ​តម្រូវការ​ទំនិញ​នៅក្រៅ​ប្រទេស​មាន​ច្រើន។ សេដ្ឋកិច្ច​នៅ​ខាងក្រៅ​មិនមាន​វិបត្តិ​អី​ធ្ងន់ធ្ងរ អ៊ីចឹង​បន្ត​មានការ កុម្ម៉ង់ ហើយ​យើង​នៅតែ​នាំចេញ។ ទោះ​ក្រោយ​បោះឆ្នោត យើង​មាន​វិបត្តិ​អញ្ចឹង​មែន តែ​ការរកស៊ី​គេ​នៅតែ​រកស៊ី​ធម្មតា»។ លោក​លើកឡើងថា ទោះជា​កម្ពុ​ជាមាន​វិបត្តិ តែ​មិន​ធ្ងន់-ធ្ង​រ​ដូច​នៅ​ប្រទេស​ថៃ​រហូត​ទៅ​បិទ​ក្រសួង​ស្ថាប័នរដ្ឋ នោះទេ។

លោក Hiroshi Suzuki អគ្គនាយក និង​ជា​ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម កម្ពុជា​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពី​ខែសីហា​ថា កម្ពុជា​នៅតែ​ទទួលបាន​ការនាំ​ចេញទៅ​កាន់​ប្រទេសសំខាន់ៗ (អាមេរិក និង​អឺរ៉ុប) ដោយសារ​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​អាមេរិក​និង​អឺរ៉ុប។

លោក គង់ ពុទ្ធា​រ៉ា មើលឃើញ​កំណើន​នេះ​ថា ជាការ​រីកចម្រើន​ផ្នែ ក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ លោក​បន្តថា៖ «សេដ្ឋកិច្ច​រីកចម្រើន ស្ថិរភាព​នយោបាយ​ហ្នឹង​នរ ជា​អ្វីដែល​ប្រជាជន​យើង​សប្បាយចិត្ត​ទាំងអស់គ្នា»។

កាលពី​ឆ្នាំ២០១២ ទំហំ​ពាណិជ្ជកម្ម នាំចេញ នាំចូល​សរុប​របស់​ក​ម្ពុ​ជាមាន ១៣,៩៨ ពាន់​លាន​ដុល្លារ​កើន ១៧,១ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១១ ដែល​ត្រឹមតែ ១១,៩៣ ពាន់​លាន​ដុល្លារ​តែប៉ុណ្ណោះ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2210
3734
4917749