jaukjeybanner

ក្រុមហ៊ុន Apple Inc បើក​ហាង​លក់​រាយ​ទី ១០​នៅ​ចិន

ក្រុងគូភើទីណូៈ ក្រុមហ៊ុន​ Apple Inc ដែល​បាន​ពឹង​ផ្អែក​លើ​ប្រទេស​ចិន​ដើម្បី​លក់​ទូរស័ព្ទ​​ជាង​ ១៥ ​ភាគ​រយ​​កាល​ ពី​ឆ្នាំ​មុននោះ នឹង​បើ​ក​ហាង​​លក់​ទូរស័ព្ទ​ទី​ ១០​របស់​ខ្លួន​​នៅ​ចិន​ដី​គោក​ក្នុង​ សប្តាហ៍​នេះ។

ក្រុមហ៊ុន Apple Inc បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​លើ​ គេហទំព័រ​របស់​ខ្លួននៅ​ប្រទេស​ចិន​​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ហាង​លក់​រាយ​នេះ​នឹង​បើក​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​១០ ខែ​មករា នៅ​ផ្សារ China Central Mall ក្នុង​សង្កាត់​ Chaoyang ក្នុង​ទីក្រុង​ប៉េកាំង។

លោក Tim Cook នាយក​ប្រតិបត្តិក្រុមហ៊ុន​ Apple បាន​សន្យា​បង្កើន​ចំនួន​ហាង​លក់​រាយ​ឲ្យ​បាន​ទ្វេ​ដង ពោលគឺ​ដល់​ ២២ ​កន្លែង​នៅ​ប្រទេស​ចិន ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជា​ជន​ច្រើន​ ជាង ​គេ​របស់​ពិភព​លោក​មួយ​នេះ។ ហាង​លក់​រាយ​ថ្មី​នៅ​ទី​ក្រុង​ប៉េកាំង​នេះ​នឹង​បង្កើន​ចំនួនហាង​លក់​រាយ​ សរុប​របស់​ក្រុមហ៊ុន​ Apple ដល់​១៣​កន្លែង រួម​ទាំង​ហាង​លក់​រាយ​ចំនួន​៣​កន្លែង​នៅ​តំបន់​ស្វយ័ត​ទីក្រុង​ហុង​កុង​ផង​ ដែរ។

ក្រុមហ៊ុន Apple បាន​បើក​ហាង​លក់​រាយ​របស់​ខ្លួន​លើក​ដំបូង​នៅ​សង្កាត់​​ Sanlitun ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ឆ្នាំ ២០០៨។ ហាង​លក់​រាយ​ថ្មីនេះ​នឹង​ក្លាយ​ជា​ហាង​ទីបួ​ន​ហើយ​​នៅ​ទីក្រុង​ប៉េកាំង​។ ក្រុមហ៊ុន​ Apple ក៏​មាន​ហាង​លក់​រាយ​៤​កន្លែង​ផង​ដែរ​នៅទីក្រុង​ស៊ាង​ហៃ ១​កន្លែង​នៅ​ទីក្រុង Chengdu និង​១​កន្លែង​ទៀត​នៅទីក្រុង Shenzhen នេះ​បើយោង​តាម​គេហទំព័រ​ក្រុមហ៊ុន Apple។

នា​ពេលកន្លង​មក ​​ក្រុមហ៊ុន Apple Inc. មាន​ផែនការ​កំណត់​​ទិសដៅ​បង្កើន​ចំនួន​ហាង​លក់​រាយ​របស់​ខ្លួន​រហូត​ដល់​ ចំនួន​ ២៥​កន្លែង​នៅ​ប្រទេស​​ចិនគិត​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១២៕


ទិដ្ឋភាពក្នុង​ហាង Apple Store នៅ​ក្រុង​ប៉េកាំង

G-Flex ដល់​ទីផ្សារ​អាមេរិក​នៅ​ខែ មេសា

ក្រុង ឡាសវេហ្គាសៈ ក្រុមហ៊ុន LG បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ទូរស័ព្ទ​ទំនើប​ដែល​មាន​អេក្រង់​រាង​កោង និង​អាច​ពត់​បាន​ម៉ូដែល G-Flex នឹង​ត្រូវ​ដាក់​លក់​នៅ​ទីផ្សារ​អាមេរិក​នៅ​ខែ មេសា ដោយ​ចាប់​ដៃ​គូ​ជាមួយ​នឹង​ក្រុមហ៊ុន​បណ្តាញ​ទូរស័ព្ទ​ចល័ត AT&T ក្រុមហ៊ុន Sprint និង​ក្រុមហ៊ុន T-Mobile។

ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិច​ត្រូនិក​ដ៏​ធំ​របស់​កូរ៉េ​ខាង​ត្បូង​មួយ​នេះ ​បាន​ដាក់​បង្ហាញ ទូរស័ព្ទ​ទំនើប​ស៊េរី​ថ្មីៗកាល​ពី​ចុង​ខែ តុលា ឆ្នាំ​មុន តែ​ទូរស័ព្ទ​ទាំង​នោះ​អាច​រក​ទិញ​បាន​តែ​នៅ​ប្រទេស កូរ៉េ​ខាង​ត្បូង ហុងកុង និង សិង្ហបុរី ប៉ុណ្ណោះ។

ក្រុមហ៊ុន LG ពុំ​បាន​បញ្ជាក់​ពី​ផែនការ​កំណត់​តម្លៃ​ទូរស័ព្ទ​របស់​ខ្លួន​នៅ​អាមេរិក​ទេ តែ​បាន​ឲ្យ​ដឹង​ថា ឧបត្ថម្ភធន​ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន​បណ្តាញ​ទូរស័ព្ទ​នៅ​អាមេរិក​នោះ អាច​នឹង​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​ខ្លួន​ប្រកួត​ប្រជែង​ជាមួយ​នឹង​ទូរស័ព្ទ​ តម្លៃ​ថ្លៃ​ផ្សេង​ទៀត​បាន។

ទូរស័ព្ទ​ទំនើប​ម៉ូដែល G-Flex បច្ចុប្បន្ន​មាន​តម្លៃ ៩៤០ ដុល្លារ​អាមេរិក​ដោយ​គ្មាន​ឧបត្ថម្ភធន​នៅ​តាម​ទីផ្សារ​ដែល​មាន​ដាក់​លក់​ ទូរស័ព្ទ​ម៉ូដែល​នេះ។

លោក Frank Lee ប្រធាន​ក្រុមហ៊ុន LG Electronics USA mobile communications បាន​ថ្លែង​នៅ​ពេល​ធ្វើ​បទបង្ហាញ​នៅ​ក្នុង​ពិធី​ពិព័រណ៍​គ្រឿង​អេឡិច​ត្រូនិក ​នៅ​ទីក្រុង Las Vegas ថា៖ «ទូរស័ព្ទ​ម៉ូដែល G-Flex គឺ​ជា​ទូរស័ព្ទ​ទំនើប​ដែល​មាន​អេក្រង់​កោង និង​អាច​បត់​បាន​ដំបូង​របស់​ពិភពលោក»។

លោក​បាន​ថ្លែង​បន្ត​ថា៖ «នេះ​គឺជា​ប្រភេទ​ទូរស័ព្ទ​ទំនើប​ប្លែក​ដំបូង​គេ»។

អេក្រង់​រាង​កោង HD ដំណើរការ​ដោយ​ថាមពល​ថ្ម​រាង​កោង​ស្រដៀង​គ្នា​នឹង​អេក្រង់​ដែរ និង​ត្រូវ​បាន​រចនា​ម៉ូដ​ឡើង​ដើម្បី​ឲ្យ​បត់​បាន​បន្តិច​បើ​អ្នក​ប្រើ​ ប្រាស់​អង្គុយ​លើ​ទូរស័ព្ទ​នេះ​ដោយ​ចៃដន្យ។

លោក David Owens អនុ​ប្រធាន​ផ្នែក​ផលិតផល​ប្រចាំ​ក្រុមហ៊ុន Sprint បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​ប្រើ​ប្រាស់​ទូរស័ព្ទ​នេះ​មួយ​កាល​ពី​ពីរ​បី​សប្តាហ៍​មុន​នេះ ហើយ​មិន​ដែល​មាន​នរណា​ម្នាក់​ឈប់ ហើយ​សាក​សួរ​ខ្ញុំ​ពី​ទូរស័ព្ទ​ដែល​ខ្ញុំ​កំពុង​កាន់​នេះ​ទេ។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​រីករាយ​ណាស់ ដែល​ទូរស័ព្ទ​ប្រភេទ​នេះ​បាន​មក​ដល់​ទីផ្សារ​អាមេរិក​ដ៏​ឆាប់​រហ័ស​បែប​នេះ»។

ទូរស័ព្ទ​ម៉ូដែល LG G-Flex ប្រើ​ប្រាស់​បច្ចេកវិទ្យា OLED ដែល​អាច​បត់​បាន និង​មាន​អេក្រង់​ទូរស័ព្ទ​ទំហំ ៦ អ៊ិញ ដែល​មាន​រាង​កោង។

កាល​ពី​ខែ តុលា ក្រុមហ៊ុន Samsung បាន​ចាប់​ផ្តើម​លក់​រាយ​នូវ​ទូរស័ព្ទ​ម៉ូដែល Galaxy Round របស់​ខ្លួន​ដែល​មាន​អេក្រង់​ទំហំ ៥,៧ អ៊ិញ (១៤,៥ សង់ទីម៉ែត្រ) និង​មាន​រាង​កោង​ទាំង​សង​ខាង​ទៅ​តាម​រាង​បាត​ដៃ​របស់​មនុស្ស។

ក្រុមហ៊ុន LG បាន​បន្ត​ទៀត​ថា ទូរស័ព្ទ G-Flex មាន​រាង​កោង​តាម​អក្សរ​ឈរ​ស្រប​តាម​រាង​ផ្ទៃ​មុខ​របស់​មនុស្ស៕


ទូរស័ព្ទ G-Flex របស់​ក្រុមហ៊ុនផលិត​ទូរស័ព្ទ LG

ប្រាក់​ចំណេញ​ប្រតិបត្តិការ Samsung ធ្លាក់​ខ្លាំង

ក្រុង សេអ៊ូលៈ ក្រុមហ៊ុន Samsung របស់​ប្រទេស កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ក្រុមហ៊ុន​របស់​ខ្លួន​រំពឹង​ថា ប្រាក់​ចំណេញ​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ត្រីមាស​ទី​បួន​ឆ្នាំ ២០១៣ នឹង​ធ្លាក់​ចុះ​ខ្លាំង ដោយ​សារ​ការ​លក់​ទូរស័ព្ទ​ទំនើប​តម្លៃ​ខ្ពស់​បាន​ធ្លាក់​ចុះ និង​ដោយ​សារ​កំណើន​ថ្លៃ​ប្រាក់​វ៉ុន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ បច្ចេកវិទ្យា​ដ៏​ធំ​របស់​ពិភពលោក​មួយ​នេះ។

ក្រុមហ៊ុន​នេះ​បាន​ព្យាករ​ថា ប្រាក់​ចំណេញ​ប្រតិបត្តិការ​នៅ​ត្រីមាស​ទី​បួន​របស់​ខ្លួន​អាច​នឹង​មាន​ ចំនួន ៨,៣ ពាន់​ពាន់​លាន​វ៉ុន (៧,៨ ពាន់​លាន​ដុល្លារ) គឺ​ធ្លាក់​ចុះ ១៨,៣ ភាគរយ​ធៀប​នឹង​ត្រីមាស​ទីបី និង​បាន​ធ្លាក់​ចុះ ៦,១ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។

ការ​លក់​របស់​ក្រុមហ៊ុន Samsung អាច​នឹង​មាន​ចំនួន ៥៩ ពាន់​ពាន់​លាន​វ៉ុន ពោល​គឺ​ធ្លាក់​ចុះ ០,១ ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​បី តែ​កើន​ឡើង ៥,២៤ ភាគរយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​យោង​តាម​សេចក្តី​ណែនាំ​ស្តីពី​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន។ ក្រុមហ៊ុន​នេះ មិន​បាន​បញ្ជាក់​ពី​ការ​ព្យាករ​ស្តីពី​ប្រាក់​ចំណេញ​សុទ្ធ​ទេ។

ការ​ព្យាករ​នេះ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណេញ​ប្រតិបត្តិការ​ លើក​ដំបូង​របស់​ក្រុមហ៊ុន Samsung ចាប់​តាំង​ពី​ត្រីមាស​ទី​មួយ ឆ្នាំ ២០១៣ មក ហើយ​ជា​តួលេខ​ទាប​បំផុត​គិត​ចាប់​តាំង​ពី​ត្រីមាស​ទី​បី​ឆ្នាំ ២០១២ មក នៅ​ពេល​ដែល​ប្រាក់​ចំណេញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះ​មាន​ចំនួន ៨,០៦ ពាន់​ពាន់​លាន​វ៉ុន។

តួលេខ​នេះ​ក៏​បាន​ធ្លាក់​ចុះ​ខ្លាំង​ជាង​ការ​ព្យាករ​របស់​ក្រុម​អ្នក​ វិភាគ​ដែល​ស្ថិត​ក្នុង​ការ​អង្កេត​របស់​សារព័ត៌មាន Dow Jones Newswires ដែល​បាន​ព្យាករ​ថា​មាន​ចំនួន ៩,៦៥ ពាន់​ពាន់​លាន​វ៉ុន​ផង​ដែរ។

ក្រុមហ៊ុន Samsung ដែល​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចល័ត និង​ទូរទស្សន៍​ធំ​ជាង​គេ​របស់​ពិភពលោក​បាន​ប្រកាស​ពី​ប្រាក់​ចំណេញ​ខ្ពស់​ បំផុត​នៅ​ក្នុង​រយៈ​ពេល​បី​ត្រីមាស​ដំបូង​កាល​ពី​ឆ្នាំ​មុន ដោយ​សារ​កំណើន​លក់​ទូរស័ព្ទ​ទំនើប​ដ៏​មាន​ប្រជាប្រិយភាព​របស់​ខ្លួន។

សេចក្តី​ណែ​នាំ​ស្តីពី​ប្រាក់​ចំណេញ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​នេះ​បាន​ បង្ហាញ​ថា ការ​លក់​ប្រចាំ​ឆ្នាំ ២០១៣ មាន​ចំនួន ២២៨,៤ ពាន់​ពាន់​លាន​វ៉ុន ហើយ​ប្រាក់​ចំណេញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ ២០១៣ មាន​ចំនួន ៣៦,៧ ពាន់​ពាន់​លាន​វ៉ុន ដែល​ជា​ចំនួន​ខ្ពស់​បំផុត។

តែ​ក្រុមហ៊ុន Samsung ដែល​បាន​យក​ឈ្នះ​គូ​ប្រជែង​របស់​ខ្លួន​គឺ​ក្រុមហ៊ុន Apple របស់​អាមេរិក ក្នុង​នាម​ជា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ទំនើប​ធំ​ជាង​គេ​របស់​ពិភពលោក​នោះ បាន​ឲ្យ​ដឹង​ថា ការ​លក់​ទូរស័ព្ទ​ទំនើប​តម្លៃ​ខ្ពស់​របស់​ខ្លួន​ធ្លាក់​ចុះ ដោយ​សារ​ទីផ្សារ​កាន់​តែ​ចង្អៀត៕


អតិថិជន​កំពុង​ធ្វើ​តេស្ត​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​ Samsung នៅក្រុង​សេអ៊ូល​​

អឺរ៉ុប​ចាក់​បញ្ចូល ១២០ ពាន់​លាន​អឺរ៉ូ​ដើម្បី​កំណើន​សេដ្ឋកិច្ច

អឺរ៉ុប: មេ​ដឹក​នាំ​សហភាព​អឺរ៉ុប ដែល​កំពុង​ពិចារណា​ពី​លទ្ធផល​នៃ​កម្មវិធី​ជំរុញ​ដែល​ចំណាយ​ថវិកា​ដល់​ទៅ ១២០ ពាន់​លាន​អឺរ៉ូ (១៦៣ ពាន់​លាន​ដុល្លារ) ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​បង្កើត​ការងារ​នៅ​តំបន់​នេះ អាច​ពិនិត្យ​មើល​ទិន្នន័យ​នៅ​សប្តាហ៍​នេះ ដើម្បី​បង្ហាញ​ថា​តើ​លទ្ធផល​ដែល​ទទួល​បាន​ពី​កម្មវិធី​នេះ សម្រេច​បាន​តិច​តួច​កម្រិត​ណា។

អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​តំបន់​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ មាន​កម្រិត​ក្បែរ​អត្រា​ខ្ពស់​បំផុត​កាល​ពី​ខែ វិច្ឆិកា គឺ ១២,១ ភាគរយ។ នេះ​បើ​យោង​តាម​ការ​ព្យាករ​ជា​មធ្យម​នៅ​ក្នុង​ការ​អង្កេត​ពី​ក្រុម​ សេដ្ឋវិទូ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg។ របាយ​ការណ៍​នេះ នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ៨ ខែ មករា បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​ទិន្នន័យ​តម្លៃ​ទំនិញ​ប្រចាំ​ខែ ធ្នូ នៅ​ថ្ងៃ​នេះ។

នៅ​ខែ ធ្នូ មេ​ដឹក​នាំ​សហភាព​អឺរ៉ុប បាន​ទទួល​ស្គាល់​ពី​លទ្ធផល​នៃ​ការ​ព្យាយាម​បង្កើត​ការងារ​របស់​ខ្លួន​ក្នុង​ រយៈ​ពេល ១៨ខែ បន្ទាប់​ពី​មេ​ដឹក​នាំ​ទាំង​នោះ បាន​ប្រកាស​ពី​ការ​កាត់​បន្ថយ​កញ្ចប់​ថវិកា​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ ដោយ​បាន​លើក​ឡើង​ថា អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​តែ​មាន​កម្រិត​ខ្ពស់។ រដ្ឋាភិបាល​នៅ​តំបន់​អឺរ៉ុប កំពុង​ពឹង​ផ្អែក​លើ​ជំនួយ​ជា​បន្ត​ពី​ធនាគារ​កណ្តាល​អឺរ៉ុប ដែល​នៅ​សប្តាហ៍​នេះ អាច​នឹង​បញ្ជាក់​ជា​ថ្មី​ពី​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​បន្ត​អនុវត្ត​ គោល​នយោបាយ​បើ​មាន​ការ​ចាំ​បាច់។

លោក Tobias Blattner សេដ្ឋវិទូ​ជាន់​ខ្ពស់​ប្រចាំ​ធនាគារ Bank of America Merrill Lynch នៅ​ទីក្រុង ឡុងដ៍ បាន​ថ្លែង​ថា៖ «អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​តំបន់​អឺរ៉ុប អាច​នឹង​មាន​កម្រិត​ខ្ពស់​ដដែល បើ​ការ​ស្ទុះ​ងើប​នៃ​សេដ្ឋកិច្ច​ធ្លាក់​ចុះ។ ហើយ​ដោយ​សារ​តែ​ឥណទាន​មាន​កម្រិត​តិច​តួច និង​មាន​តម្លៃ​ខ្ពស់​នៅ​តាម​តំបន់​ធំៗ​នៃ​តំបន់​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ​ នោះ អត្រា​អតិផរណា​នឹង​មិន​អាច​ធ្លាក់​ចុះ​ខ្លាំង​ទេ។

ធនាគារ​កណ្តាល អឺរ៉ុប ព្យាករ​ថា សេដ្ឋកិច្ច​នៅ​តំបន់​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ អាច​នឹង​ធ្លាក់​ចុះ ០, ​ភាគរយ​នៅ​ឆ្នាំ ២០១៣ ហើយ​អាច​នឹង​កើន​ឡើង ១,១ ភាគរយ​នៅ​ឆ្នាំ ២០១៤ នេះ៕


ទិដ្ឋភាព​នៃការ​ធ្វើដំណើរនៅទីក្រុង បាកសេឡូណា អេស្ប៉ាញ

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1984
2594
4647819