jaukjeybanner

ជប៉ុន វិនិយោគតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត

ភ្នំពេញ: វិនិយោគិន​ជប៉ុន​បាន​រួមគ្នា​វិនិយោគ​ជាមួយ​វិនិយោគិន​ក្នុងស្រុក​ក្នុង ទឹកប្រាក់ ៥៦ លាន​ដុ​លា្ល​រ​អាមេរិក​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ក្រុង ប៉ោយប៉ែត ក្នុង​ខេត្ត បន្ទាយមានជ័យ ដើម្បី​ចាប់យក​អត្ថប្រយោជន៍​ពី​ក្រុមហ៊ុន​ផលិតកម្ម​ជាច្រើន​នៅក្នុង ប្រទេស ថៃ កំពុង​ពិចារណា​ពី​ការរក​ទីតាំង​ថ្មី​នៅ កម្ពុជា ដើម្បី​គេច​ឲ្យ​ផុតពី​ហានិភ័យ​ក្នុងការ​វិនិយោគ។ លោក ឈួ​រ វិចិត្រ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន SANCO Investment Group ជា​ក្រុមហ៊ុន​មួយ​កើតចេញពី​ការវិនិយោគ​រួម​នេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពី​ថ្ងៃ​ចន្ទ ថា ដោយមាន​បញ្ហា​មួយចំនួន​នៅក្នុង​ប្រទេស ថៃ ដូចជា​ទឹកជំនន់​ធំ បញ្ហានយោបាយ​មាន​រយៈពេល​វែង និង​ទី៣ ពួកគេ​កំពុង​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម ហើយ​មានតម្លៃ​ពលកម្ម​ខ្ពស់​ដែលជា​បញ្ហា​សម្រាប់​វិនិយោគិន។

លោក​បន្តថា៖ «ខ្ញុំ​ត្រូវ​ឆក់ យក​ឱកាស​នេះ​ក្នុង​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ទីនោះ​ដើម្បី ទាក់ទាញ​រោងចក្រ​មួយចំនួន​នៅក្នុង​ប្រទេស ថៃ មក​បើក​ដំណើរការ​នៅទីនេះ»។

លោក​បាន​បន្ថែមថា៖ «ពេលនេះ​យើង​មើលឃើញ​លំហូរ​នៃ​ការវិនិយោគ​មកពី​ប្រទេស ថៃ ឆ្ពោះ​មក កម្ពុជា ដោយសារតែ​រោងចក្រ​នៅ​ទីនោះ​ពួកគេ​ចង់​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ ទីនេះ​ដោយសារតែ​យើង​មាន​កម្លាំង​ពលកម្ម​ច្រើន​តម្លៃ​ពលកម្ម​ថោក ហើយ​យើង​មាន​ទីតាំង​នៅក្នុង​កន្លែង​ដ៏​ល្អ»។

លោក​និយាយថា ក្រុមហ៊ុន SANCO ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១២ ដែលជា​ដំបូង​ពួកគេ​គ្រាន់តែ​សាងសង់​រោងចក្រ​សម្រាប់​ជួល ហើយ​នៅពេលនេះ រោងចក្រ ជប៉ុន មួយ​បាន​បើក​ដំណើរការ​នៅ​ទីនោះ​ពួកគេ​ផលិត​សម្ភារ​កុំព្យូទ័រ ហើយ​កាលពី​អំឡុង​ខែ តុលា ឆ្នាំ ២០១៣ ក្រុមហ៊ុន​បានទទួល​ការអនុញ្ញាត​ពី​រដ្ឋាភិបាល ក្នុងការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​មាន​ទីតាំងនៅ​សង្កាត់ ផ្សារកណ្ដាល ខណ្ឌ ផ្សារកណ្ដាល របស់​ក្រុង ប៉ោយប៉ែត មាន​ចម្ងាយ​ប្រហែល ៥ គីឡូម៉ែត្រ​ពី​ព្រំដែន និង​មាន​ចម្ងាយ ១,៥ គីឡូម៉ែត្រ​ពី​សាលាក្រុង ប៉ោយប៉ែត។

លោក វិចិត្រ និយាយថា តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​សាងសង់​លើ​ផ្ទៃដី ២៥០ ហិកតា ហើយនឹង​សាងសង់​ជា​ពីរ​ដំណាក់កាល​ដោយមាន​ទឹកប្រាក់​វិនិយោគ ៣៦ លាន​ដុល្លារ​អាមេរិក លើ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​ផ្ទៃដី ៦៦,៥ ហិកតា​ហើយ​នៅ​ដំណាក់កាល​ទី​ពីរ​នឹង​សាងសង់​អគារ​ពាណិជ្ជកម្ម និង​ខុន​ដូ​ផងដែរ។ ក្រុមហ៊ុន​នឹង​ចំណាយ​រយៈពេល ៦ខែ ដើម្បី​បញ្ចប់​ហេដ្ឋារចនាសម្ព័ន្ធ របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ។

លោក ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា បាន​និយាយថា ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​គឺ​មិនមែន​គ្រាន់តែ​ដើម្បី​ទាក់ ទាញ​ការវិនិយោគ​កាន់តែច្រើន​មកពី​ប្រទេស ថៃ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស ជិតខាង​របស់ខ្លួន។

លោក​លើកឡើងថា៖ «តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​គឺ​ពិតជា​ល្អ​តាម​បណ្ដោយ​ព្រំដែន ដោយសារតែ​វា​នឹងធ្វើ​ឲ្យ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន​មាន​ភាពល្អ ប្រសើរ ហើយ​យើង​អាច​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ផងដែរ ដោយសារតែ​វិនិយោគិន​បរទេស​ភាគច្រើន​ចង់​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន នៅក្នុង​សួន​ឧស្សាហកម្ម ដែល​ផ្ដល់​ឲ្យ​ពួកគេ​នូវ​សេវាកម្ម​ច្រកចេញចូល​តែមួយ»។

លោក​បញ្ជាក់ថា៖ «ខ្ញុំ​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ការ​បង្កើត​តំបន់ សេដ្ឋកិច្ច​ពិសេស​កាន់តែច្រើន​ដោយសារតែ​វា​អាច​កែលម្អ​បរិយាកាស ពាណិជ្ជកម្ម របស់​យើង​និង​ជួយ​កាត់បន្ថយ​ការចំណាយផ្សេងៗដែល​មិនចាំបាច់»។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​មាន​រោងចក្រ ជប៉ុន មួយចំនួន​ដែលមាន​ទីតាំងនៅ​ថៃ​បានមក​បើក​សាខា​របស់ខ្លួន​នៅ​កម្ពុជា ដូចជា Minebea, Mikasa, និង Yazaki ជាដើម។

លោក វិចិត្រ បានលើកឡើង​បន្តទៀតថា ក្រុមហ៊ុន​គ្រោង​នឹង​បង្កើត​រោងចក្រ​មួយចំនួន​លើ​ផ្ទៃដី ៦ ហិកតា​សម្រាប់​ជួល និង​ផ្នែក​នៅសល់​បម្រុង​ទុក​សម្រាប់​ក្រុមហ៊ុន​ឯកជន​សម្រាប់ ជួល​ដើម្បី​សាងសង់អ្វីៗដែល​ពួកគេ​ត្រូវការ។

លោក​បញ្ជាក់ថា បច្ចុប្បន្ន នេះ​មាន​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិកធំៗ ៤ ដែល​ស្ថិតក្នុង ចំណោម​ក្រុមហ៊ុនសំខាន់ៗទាំង ១០ នៅក្នុង​ប្រទេស ជប៉ុន កំពុង​ទាក់ទង​ដើម្បី​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​នៅ​ទី នោះ។

កម្ពុជា និង ថៃ កាលពី​ខែ មិថុនា ឆ្នាំមុន​បាន​យល់ព្រម​ក្នុងការ សហការគ្នា​ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ពីរ​នៅតាម​តំបន់​ជាប់ ព្រំដែន មួយ​នៅក្នុង​ខេត្ត បន្ទាយមានជ័យ ជាប់​ព្រំដែន​ខេត្ត ស្រះកែវរ របស់ ថៃ និង​មួយទៀត​នៅក្នុង​ខេត្ត កោះកុង ជាប់​ព្រំដែន​ខេត្ត ត្រាត ភាគ​ខាងកើត​ប្រទេស ថៃ។

លោក វិចិត្រ អះអាងថា៖ មិនមាន​ការបារម្ភ​អំពី​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ទេ។ លោក​លើកឡើងថា៖ «វា​គ្រាន់តែ​ជា​គំនិត​បានស្នើ​ឡើង ខ្ញុំ​គិតថា វា​នឹង​ត្រូវការ​ពេលវេលា​ដើម្បី​សម្រេចបាន​ការងារ​នេះ ដូច្នេះ​វិស័យ​ឯកជន​នៅតែមាន​តួនាទី​ដ៏​សំខាន់​ទាក់ទង​នឹង​ការវិនិយោគ​នៅ ទីនោះ ហើយ​ខ្ញុំ​មិនមាន​ការបារម្ភ​អំពី​បញ្ហា​នោះទេ»។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា (CDC) ប្រាប់ថា បច្ចុប្បន្ន​កម្ពុជា មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ២៣ ដែលមាន​ទីតាំង​នៅតាម​បណ្ដា​ខេត្ត និង​ទីក្រុង​ចំនួន ១០ ទូទាំងប្រទេស៕

 

 

ការលក់ដូរក្នុងរដូវចូលឆ្នាំ ចិន-វៀតណាម ធ្លាក់ចុះ

ភ្នំពេញ: ទំនិញប្រើប្រាស់ សំខាន់ៗសម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ ចិន-វៀតណាម ឆ្នាំនេះ​ទំនងជា​ត្រូវ​លក់​ចេញ​បាន​តិចជាង​ឆ្នាំមុន​ដោយសារ​អ្នក​ប្រើ ប្រាស់​ជាច្រើន​ត្បិតត្បៀត​ការចាយវាយ​ដោយសារ​ពិបាក​រក​ចំណូល​ស្របពេល ដែល​តម្លៃ​ទំនិញសំខាន់ៗហក់​ឡើង។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អាជីវករ​តាម​បណ្តា​ផ្សារ​មួយចំនួន​នៅ ភ្នំពេញ។

ក្រុមអាជីវករ​ជាច្រើន​រួមមាន​អ្នកលក់​ផ្លែឈើ អ្នកលក់​សាច់ជ្រូក មាន់ ទា និង​សម្ភារ​សម្រាប់​សែនព្រេនផ្សេងៗ ដែល​សុទ្ធសឹង​ជា​ទំនិញសំខាន់ៗសម្រាប់​ប្រើប្រាស់​អំឡុងពេល​ចូលឆ្នាំ ចិន-វៀតណាម បានបញ្ជាក់​ប្រាប់ ភ្នំពេញ ប៉ុ​ស្ត៍ ដោយ​លើកឡើង​ស្រដៀង​គ្នា​ថា​ការលក់ ទំនិញ​ឆ្នាំនេះ​បាន​ថយចុះ​ធៀប​នឹងឆ្នាំមុន។

ម្ចាស់​ហាង​លក់​ផ្លែឈើ​ធំ​មួយ​យីហោ ស្រី​លាភ នៅ​ជិត​ស្តា​ត អូឡាំពិក បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំមុន​លោក​អាច​លក់​ផ្លែឈើ​សរុប​បាន​ជាង ២០០ កេស​ក្នុង​មួយ​សប្តាហ៍​នៃ​អំឡុង​រដូវចូលឆ្នាំ​ចិន តែ​ឆ្នាំនេះ​ការលក់​អាច​ធ្លាក់​មក​ត្រឹម ១០០ កេស​ប៉ុណ្ណោះ។

លោក​បន្តថា៖ «ប្រជាជន​ទាំង​អ្នកស្រែ​ចម្ការ និង​អ្នកលក់ដូរ​តាម​ផ្សារ​ពិបាក​រក​ចំណូល​ណាស់​ឥឡូវ។ អ្នកទិញ​ដូច​មិនសូវមាន​ច្រើន​ដូច​ឆ្នាំមុន​ទេ»។

ម្ចាស់​ហាង​លក់​ផ្លែឈើ​ជាច្រើន​នៅ​ម្តុំ​ស្តា​ត អូឡាំពិក បាន​ប្រាប់ ភ្នំពេញ ប៉ុ​ស្ត៍ កាលពី​ម្សិលមិញ​ថា ការលក់​ផ្លែឈើ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ​ហាក់​ថយចុះ ច្រើន​ធៀប​នឹង​ឆ្នាំមុន។ ជា​មធ្យម​តម្លៃ​ផ្លែឈើ​គ្រប់មុខ​បាន​ឡើងថ្លៃ​ចន្លោះ​ពី ៣ ០០០ ទៅ ៤ ០០០ រៀល​ក្នុង​មួយ​គីឡូក្រាម​បន្ថែម​ពី​តម្លៃ​ធម្មតា។

លោក សម្បត្តិ អាយុ ៥៣ឆ្នាំ ជា​អាជីវករ​លក់​សាច់ជ្រូក​នៅ​ផ្សារ អូឡាំពិក បាន​មានប្រសាសន៍ថា តម្លៃ​ជ្រូក​ទិញ​ចូល​ពី​អ្នកផ្គត់ផ្គង់​បាន​ឡើងថ្លៃ​ស្ទើរ​រាល់ថ្ងៃ ដែល​អាជីវករ​លក់រាយ​ត្រូវ​បង្ខំចិត្ត​ដំឡើងថ្លៃ​ដែរ។ តម្លៃ​សាច់ជ្រូក​លក់រាយ​បាន​កើនឡើង​ក្នុង​រង្វង់ ១ ០០០ រៀល​បន្ថែម​ពី​តម្លៃ​កាលពី​ដើមខែ ធ្នូ។ កត្តា​នេះ​បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​ជាច្រើន​កាត់បន្ថយ​ការទិញ។

លោក​អះអាងថា៖ «កាលពីឆ្នាំមុនៗខ្ញុំ​អាច​លក់​ជ្រូក​បាន ២ ក្បាល​ក្នុង​មួយថ្ងៃ​ពេល​ជិត​ចូលឆ្នាំ​ចិន​អ៊ីចឹង តែ​ឥឡូវ​លក់​តែ​ជ្រូក​មួយ​ចំហៀង​ក៏​មិន​ចង់​អស់​ផង»។ លោក​បាន​និយាយថា​រដ្ឋាភិបាល​ហាក់​មិនមាន​វិធានការ​ណា​ដើម្បី​ជួយ​ទប់ ស្កាត់​ការឡើង​ថ្លៃទំនិញ​នៅលើ​ទីផ្សារ​សោះ។

លោក ហៀ​ង គីម អ្នកលក់​សម្ភារ​សែនព្រេន​នៅក្នុង​ផ្សារ បឹង​កេងកង បាន​ឲ្យ​ដឹងថា​ការលក់ដូរ​របស់លោក​ដូចជា​ស្ងប់ស្ងាត់​បើទោះបីជា ពិធីបុណ្យ​ចូលឆ្នាំថ្មី​កាន់តែ​ខិតជិត​មកដល់​ក្តី។

ពិធីបុណ្យ​ចូលឆ្នាំ ចិន វៀតណាម មិនមែនជា​ពិធីបុណ្យ​ជាតិ​នៅ​កម្ពុជា​ទេ តែ​វា​បាន​ក្លាយជា​ពិធីបុណ្យ​ដ៏​មាន​ប្រជាប្រិយ​មួយ​របស់​ប្រជាជន​កម្ពុជា ជាពិសេស​អ្នក​ដែលមាន​ជាប់សែស្រឡាយ​ដូនតា​ជា​ជនជាតិ ចិន និង វៀតណាម ហើយ​ជាទូទៅ​ការជួញដូរ​ទំនិញសំខាន់ៗសម្រាប់​ប្រើប្រាស់​ក្នុង​ពិធី បុណ្យ​នេះ​តែងមាន​សកម្មភាព​ខ្លាំង​ផងដែរ។ យ៉ាងណាក៏ដោយ កម្ពុជា​មិនដែល​មាន​ស្ថាប័ន​ណាមួយ​បាន​សិក្សា​វាយតម្លៃ​ពី​ទំហំ​ចាយវាយ ជាក់ស្តែង​របស់​ប្រជាជន​កម្ពុជា​ក្នុងអំឡុង​ពិធីបុណ្យ​នេះឡើយ។

នៅ​ប្រទេស ថៃ ដែល​ប្រជាជន​តែង​ប្រារព្វ​ពិធី​នេះ​ផងដែរ​ត្រូវបាន​គេ​ព្យាករ​ថា ប្រជាជន ថៃ នឹង​ចំណាយ​ប្រាក់​សរុប​ប្រហែល ១,៤៥ ពាន់​លាន​ដុល្លារ​នៅក្នុង​អំឡុង​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំនេះ គឺជា​ការចំណាយ​ដែលមាន​អត្រាកំណើន​តិច​ធៀប​នឹង​កាលពី​ឆ្នាំ ២០១៣ ដោយសារ​អតិថិជន​ជាច្រើន​ទំនងជា​ត្រូវ​ត្បិតត្បៀត​ក្នុងការ​ចំណាយ​ដោយ សារ​តែ​វិបត្តិ​នយោបាយ​ក្នុងប្រទេស​នេះ។ នេះ​បើ​យោងតាម​ការអង្កេត​មួយ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ សភាពាណិជ្ជកម្ម ថៃ (UTCC)។

លោក Thanavath Phonvichai អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ UTCC ប្រទេស ថៃ បាន​និយាយ​ឲ្យ​ដឹងថា ការចំណាយ​ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ​នឹង​កើន​ដល់ ៥០ ពាន់​លាន​បាត ប្រសិនបើ​គ្មាន​ភាពចលាចល​ផ្នែក​នយោបាយ។

ការអង្កេត​មួយ​នេះ​បាន​រកឃើញថា ការចំណាយ​ដោយ​ប្រជាពលរដ្ឋ ថៃ កាត់ ចិន លើ​ការទិញ​ទំនិញ​សែន​នឹង​គ្មាន​ការប្រែប្រួល​នោះទេ ប៉ុន្តែ​អ្នកឆ្លើយ​សំណួរ​ភាគច្រើន​ចង់​នៅផ្ទះ​ជាជាង​ការធ្វើដំណើរ កម្សាន្ត​ទៅ​ទី​ឆ្ងាយ​នានា។

ប្រទេស កម្ពុជា កំពុង​ប្រឈម​វិបត្តិ​នយោបាយ​ដោយបាន​អូសបន្លាយ​ពេល​ជាង ៥ខែ ចាប់តាំងពី​មានការ​បោះឆ្នោតជាតិ​កាលពី​ខែ កក្កដា ឆ្នាំមុន ដោយសារ​ការមិនចុះសម្រុង​គ្នា​រវាង​អ្នកនយោបាយ​ដែល​មកពី​គណបក្ស​ធំ ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ៕

 

ទំនិញកសិកម្ម៤ ប្រភេទត្រូវបាននាំចេញ

កម្ពុជា បាន​នាំចេញ​ផលិតផល​កសិកម្ម ៤៦ ប្រភេទ​ដែល​ស្មើនឹង ២,៩ លាន​តោន​ទៅកាន់​ទីផ្សារ​ពិភពលោក​កាលពី​ឆ្នាំមុន។ អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​អះអាងថា​កំណើន​នៃ​ការនាំចេញ​នេះ​នៅមាន កម្រិត​ទាប​នៅឡើយ​បើ​ធៀប​នឹង​សក្តានុពល​ដែលមាន។

យោងតាម​ទិន្នន័យ​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម​បានបង្ហាញ​ថា ប្រទេស​នេះ​បាន​នាំចេញ​ដំឡូង​ស្ងួត​ជាង ១ លាន​តោន ដំឡូង​ស្រស់​ជាង ៦៧០ ០០០ តោន អង្ករ ៣៧០ ០០០ តោន ស្ករស ២០០ ០០០ តោន ពោតក្រហម ១៦០ ០០០ តោន និង​គ្រាប់ស្វាយចន្ទី ៨០ ០០០ តោន។ល។

បើ​យោងតាម​របាយការណ៍​ដ​ដែល​នេះ​បាន​បង្ហាញថា វិស័យ​កសិកម្ម​នៅតែ​ដើរតួនាទី​សំខាន់​និង​មាន​វិសាលភាព​ធំធេង​ក្នុងការ ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​របស់ កម្ពុជា។ បច្ចុប្បន្ន​វិស័យនេះ​បានរួម​ចំណែក​ប្រមាណ ២៧ ភាគរយ​នៃ​ផលទុនជាតិ​សរុប។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​កាលពី​សប្ដាហ៍ មុន​ថា​កសិករ​បាន​ផ្លាស់ប្តូរ​ទម្លាប់​របស់​ពួកគេ​ពី​ការដាំដុះ សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន​ទៅជា​ការដាំដុះ​សម្រាប់​លក់ដូរ។

លោក​បាន​បន្តថា៖ «យើង​បាន​មើលឃើញថា មជ្ឈដ្ឋាន​កសិករ​កំពុង​វិវត្តន៍​ទៅរក​ភាព​កាន់តែ​ប្រសើរ​ពី​ការផលិត សម្រាប់​ការប្រើប្រាស់​ក្នុង​គ្រួសារ​ផ្ទាល់​របស់​ពួកគេ​ឬ​សម្រាប់​ការ ផ្គត់​ផ្គង​គ្រួសារ ឬ​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក​ទៅជា​ការផលិត សម្រាប់​ជួញដូរ​ទៅវិញ គឺ​ដោយសារតែ​ការកើនឡើង​តម្រូវការ​ក្នុងស្រុក​និង ពិភពលោក»។

ប៉ុន្តែ​សិទ្ធិ​ចូលដល់​ទីផ្សារ​និង​កង្វះ​ព័ត៌មាន​ទីផ្សារ​នៅតែ​ជា បញ្ហា​ដ៏​សំខាន់​ដែល​មិនទាន់​ត្រូវបាន​ដោះស្រាយ​សម្រាប់​កសិករ​នោះទេ។

លោក ស្រី ច​ន្ធី អ្នកវិភាគ​កសិកម្ម​ឯករាជ្យ​បាន​ជំទាស់​ថា​អត្រាកំណើន​គឺ​នៅតែ​ទាប។ លោក​បញ្ជាក់ថា៖ «ខ្ញុំ​គិតថា​ទំហំ​នៃ​ការនាំចេញ​គឺ​នៅតែមាន​ចំនួន​តិច​ធៀប​នឹង សក្ដានុពល​ដ៏​ធំ​របស់ខ្លួន។ យើង​នាំចេញ​ភាគច្រើន​ជា​វត្ថុធាតុដើម​ដូច្នេះ​យើង​ខាតបង់​ច្រើន​នៃ តម្លៃបន្ថែម​ចំពោះ​សេដ្ឋកិច្ច»។

លោក​បន្តថា៖ «ប្រសិនបើ​អ្នក​សម្លឹងមើល​ប្រជាជន​ដែល​កំពុងធ្វើការ​ងារ​នៅក្នុង​វិស័យ នេះ​គឺ​ធំ​ដែលមាន​ប្រហែល ២,១ លាន​គ្រួសារ ខណៈ​យើង​អាច​នាំចេញ​បានតែ​ប្រហែល ៣ លាន​តោន​ដែល​ពិត​ជាមាន​ចំនួន​តិចតួច»។

លោក​ពិតជា​យល់ស្រប​ថា​កសិករ​តែងតែ​ប្រឈម​នឹង​បញ្ហា​ក្នុងអំឡុងពេល រដូវ​ប្រមូល​ផល​ដោយសារតែ​បញ្ហា​ទីផ្សារ ហើយ​ភាគច្រើន​ពឹង​ផ្អែកលើ​ប្រទេស វៀតណាម និង ថៃ ដែល​ទិញ​ក្នុងតម្លៃ​ទាប។

លោក​បន្តថា៖ «ផលិតផល​របស់​យើង​គឺ​នៅតែ​ខ្ពស់ជាង​ប្រទេស វៀតណាម ឬ​ប្រទេស ថៃ ដូច្នេះ​យើង​មានការ​ពិបាក​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ពួកគេ​លើ​តម្លៃ នេះ។ តាមពិត​យើង​មាន​ទីផ្សារ​ច្រើន​ដែល​បើកចំហ​នៅ អាមេរិក និង អឺរ៉ុប ប៉ុន្តែ​បញ្ហា​គឺថា យើង​ខ្វះ​សមត្ថភាព​ក្នុងការ​កែច្នៃ»។

លោក​បន្ថែមថា៖ «យើង​ត្រូវ​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​ដែលមាន​ជំនាញ​ខាង​វិស័យនេះ ដើម្បី​វិនិយោគ​នៅក្នុង​វិស័យ​កែច្នៃ​សម្រាប់​នាំចេញ​និង​បង្កើត​ការងារ កាន់តែច្រើន និង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច»។

លោក មាស លឿន អ្នក​ដាំពោត​ដែល​បាន​ដាំ​លើ​ផ្ទៃដី ៣០ ហិកតា​នៅក្នុង​ខេត្ត ប៉ៃលិន បាន និយាយថា៖ «យើង​តែងតែ​ដាំ​ដំណាំ​របស់​យើង​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ។ ប៉ុន្តែ​នៅពេល​យើង​ប្រមូល​ផល អ្នកទិញ​នឹង​បន្ទាប​តម្លៃ​ផលិតផល​របស់​យើង។

លោក​បន្តថា៖ «ខ្ញុំ​ចង់​ស្នើសុំ​ឲ្យ​ក្រសួង កសិកម្ម ត្រូវតែ​ធានា​ឲ្យ​ពិត​ប្រាកដថា​យើង​អាចមាន​ទីផ្សារ​គ្រប់គ្រាន់​ដើម្បី ទិញ​កសិផល​របស់​យើង​តាម​តម្លៃ​ទីផ្សារ​កុំ​ឲ្យ​អ្នកទិញ​អាចធ្វើអ្វីៗបាន ស្រេច​តែ​ចិត្ត»។ ផល​របស់​យើង​គឺ​នៅតែ​ខ្ពស់ជាង​ប្រទេស វៀតណាម ឬ​ប្រទេស ថៃ ដូច្នេះ​យើង​មានការ​ពិបាក​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ពួកគេ​លើ​តម្លៃ នេះ។ តាមពិត​យើង​មាន​ទីផ្សារ​ច្រើន​ដែល​បើកចំហ​នៅ អាមេរិក និង អឺរ៉ុប ប៉ុន្តែ​បញ្ហា​គឺថា យើង​ខ្វះ​សមត្ថភាព​ក្នុងការ​កែច្នៃ»។

ក្នុងចំណោម​ផលិតផល​ទាំងនេះ បាន​រាយការណ៍​ថា អង្ករ​បាន​កើនឡើង​ខ្លាំង​ពី ២០០ ០០០ តោន​កាលពី​ឆ្នាំ ២០១២ ដល់​ជាង ៣៧០ ០០០ តោន​កាលពី​ឆ្នាំ ២០១៣ ដែល​បាន​កើនឡើង ១៧៣ ១៣៩ តោន​ឬ​កើនឡើង ៨៤,១ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១១ និង​ឆ្នាំ ២០១២ បាន​កើនឡើង ១,៩ ភាគរយ។ ចំនួន​នាំចេញ​របស់​ប្រទេស​នេះ​បាន​កើនឡើង​ពី ៥៧ ភាគរយ​កាលពី​ឆ្នាំ ២០១២ ដល់ ៦៦ ភាគរយ​កាលពី​ឆ្នាំ ២០១៣ ដែល​ភាគច្រើន​នាំទៅ​ប្រទេស អឺរ៉ុប៕

 

 

 

 

Nissan គ្រោង​លក់​រថយន្ត Leaf ឲ្យ​បាន​ទ្វេ​ដង

ក្រុង យូកូហាម៉ាៈ លោក Carlos Ghosn នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Nissan Motor Co បាន​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក​ដែល​បាន​រាយការណ៍​ពី​ការ​លក់​រថយន្ត​ម៉ូដែល Leaf នៅ​អាមេរិក​បាន​ច្រើន​បំផុត​កាល​ពី​ឆ្នាំ ២០១៣ មាន​សុទិដ្ឋិនិយម​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​របស់​ ពិភពលោក​មួយ​នេះ អាច​នឹង​ចែក​ចាយ​រថយន្ត​បាន​ទ្វេ​ដង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

ការ​លក់​រថយន្ត​ម៉ូដែល Leaf ដែល​ប្រើ​ថាមពល​អាគុយ​បាន​កើន​ឡើង ១៣០ ភាគរយ​កាល​ពី​ឆ្នាំ​មុន ដល់ ២២ ៦១០ គ្រឿង ដោយ​បាន​កើន​ឡើង ២ ៥២៩ គ្រឿង​កាល​ពី​ខែ ធ្នូ និង​ជា​ខែ​តែ​មួយ​គត់​ដែល​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទីក្រុង យូកូហាម៉ា ប្រទេស ជប៉ុន មួយ​នេះ លក់​រថយន្ត​ម៉ូដែល​នេះ​បាន​ច្រើន​បំផុត។ លោក Ghosn បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ CNBC កាល​ពី​ថ្ងៃ​ពុធ​ថា ការ​លក់​រថយន្ត​ម៉ូដែល Leaf នេះ អាច​នឹង​បន្ត​កើន​ឡើង។

លោក Ghosn បន្ត​ថា៖ «បច្ចុប្បន្ន​យើង​អាច​លក់​រថយន្ត​បាន​ប្រមាណ ៣ ពាន់​គ្រឿង​នៅ​អាមេរិក ស្មើ​នឹង ៣៦០០០ គ្រឿង​ក្នុង​មួយ​ឆ្នាំ។ ជំហាន​បន្ទាប់​កំពុង​កើន​ឡើង​ដល់ ៤ ពាន់​គ្រឿង​ក្នុង​មួយ​ខែ»។ តែ​លោក​ពុំ​បាន​កំណត់​ពី​កាលបរិច្ឆេទ​កំណត់​ទិសដៅ​នៃ​ការ​លក់​រថយន្ត​ទេ។

ក្រុមហ៊ុន Nissan និង​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេង​ទៀត​បាន​ចែក​ចាយ​រថយន្ត​កូន​កាត់ និង​រថយន្ត​អគ្គិសនី រួម​ទាំង​រថយន្ត​ធុន​ស្រាល​នៅ​អាមេរិក​បាន​ច្រើន​បំផុត​កាល​ពី​ឆ្នាំ​មុន ខណៈ​ឧស្សាហកម្ម​ផលិត​រថយន្ត​នៅ​តែ​បន្ត​ស្ថិត​ក្រោម​សម្ពាធ​ក្នុង​ការ​ បង្កើន​ប្រសិទ្ធភាព​ថាមពល។ ការ​លក់​រថយន្ត​ដែល​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ខ្លះ និង​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ទាំង​ស្រុង មាន​ចំនួន​សរុប​យ៉ាង​ហោច​ណាស់ ៥៧៨ ០០០ គ្រឿង ពោល​គឺ​កើន​ឡើង​ជាង ១០ ម៉ឺន​គ្រឿង ធៀប​នឹង​ការ​លក់​នៅ​ឆ្នាំ ២០១២ និង​មាន​ចំនួន​ស្មើ​នឹង​ប្រមាណ ៣,៧ ភាគរយ​នៃ​ការ​លក់​រថយន្ត​ថ្មី​សរុប​នៅ​អាមេរិក។ នេះ​បើ​ផ្អែក​លើ​តួលេខ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន Bloomberg ទទួល​បាន និង​ការ​ព្យាករ​របស់​ក្រុមហ៊ុន Autodata Corp។

អាមេរិក​បាន​កំណត់​គោលដៅ​កាល​ពី​ឆ្នាំ ២០១១ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ថាមពល​ជា​មធ្យម​ឬ​ហៅ​ថា CAFE ឲ្យ​បាន​ទ្វេ​ដង ដល់ ៨៧,៧ គីឡូម៉ែត្រ​ក្នុង ៣,៧៨ លីត្រ​នៅ​ឆ្នាំ ២០២៥៕


រថយន្ត​អគ្គិសនីម៉ាក Leaf របស់ក្រុមហ៊ុន Nissan

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2224
3734
4917763