jaukjeybanner

កូនកោះ​តូច​ហ៊ុមព័ទ្ធ​ដោយ​ភ្នំ​ព្រៃព្រឹក្សា​និង​គង្គា​ស្អាត​អស្ចារ្យ

ក្រុងប៊ីលីស៊ី : ប្លេត (Bled) គឺជា​ឈ្មោះ​ទីក្រុង​តូច​មួយ​នៅ​តំបន់​ស្លូវេនី ដែល​ទទួល​បាន​ការ​ពេញនិយម​ជា​ខ្លាំង​ពី​សំណាក់​ទេសចរ​ដោយសារ​តែ​ទេសភាព​ដូច​ផ្ទាំងគំនូរ​នៅ​ទីនោះ។

តំបន់​ដែល​ភ្ញៀវ​និយម​ទៅ​លេង​គឺ​បឹងប្លេត ដែល​មាន​កូនកោះ និង​ហ៊ុមព័ទ្ធ​ដោយ​ទឹកថ្លាឆ្វង់​ព្រមទាំង​ជួរ​ភ្នំ​ព្រៃព្រឹក្សា​ពណ៌​បៃតង​យ៉ាង​ស្រស់ស្អាត។

កូនកោះ​ធម្មជាតិ​ស្ថិត​នៅកណ្ដាល​បឹង​ប្លេត ហ៊ុមព័ទ្ធ​ដោយព្រៃ​ភ្នំ​។

បឹង​នេះ​ស្ថិត​នៅក្នុង​បរិស្ថាន​ទេសភាព​ស្អាត​អស្ចារ្យ​ដោយ​វា​ព័ទ្ធ​ដោយ​ជួរ​ភ្នំ​ជូលានអាប។ ស្ថិត​នៅ​ចំកណ្ដាល​បឹង​គឺជា​កូនកោះ​ធម្មជាតិ​ដែល​មាន​អគារ​ជាច្រើន​រួម​ទាំង​សំណង់​ព្រះវិហារ​សាសនា​ដែល​ជា​កន្លែង​មនុស្ស​មក​ធ្វើ​ធម្មយាត្រា។

សំណង់​ចំណាស់​ទាំងនោះ​ស្ថាបនា​ឡើង​ក្នុង​សតវត្សរ៍​ទី​១៥ និង​មាន​អគារ​កម្ពស់​៥២​ម៉ែត្រ​ដែល​នាំ​មនុស្ស​ទៅ​ដល់​តាមរយៈ​កាំ​ជណ្ដើរ​៩៩​ជាន់។

ក្រៅពី​ជា​កន្លែង​ធម្មយាត្រា ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ព្រះវិហារ​នេះ​បាន​ទាក់ទាញ​គូស្នេហ៍​ជាច្រើន​ឲ្យ​រៀបចំ​ពិធី​មង្គលការ​យ៉ាង​រ៉ូមេនទិក បីដូចជា​ក្នុង​រឿង​ព្រេងនិទាន។

កូនកោះ​សម្បូរ​ដោយសំណង់បុរាណ និងព្រះវិហារ​គ្រិស្ដសាសនា​ដ៏ល្បី។

បើទោះ​ជា​វា​មាន​ទំហំ​តូច​ក្ដី ក៏​ទី​នេះ​ដើមឡើយ​បាន​ទាក់ទាញ មនុស្ស​ទៅ​រស់នៅ​តាំងពី​យុគសម័យ​បុរេប្រវត្តិ។ ស្លាកស្នាម​មនុស្ស​សម័យដើម​បន្សល់​ទុក​នៅ​ទីនោះ​តាំងពី​សតវត្សរ៍​ទី​១១​មុន​គ្រិស្ដសករាជ​ទៅ​ទៀត។ នៅលើ​កោះ​ផ្នូរខ្មោច​១២៤​កន្លែង​ត្រូវ​បាន​គេ​ជីក​រក​ឃើញ​នៅ​អំឡុង​សតវត្សរ៍​ទី​៩​ដល់​ទី​១១។

វត្តមាន​វិហារ​បាន​លេច​ឡើង​នៅ​សតវត្សរ៍​ទី​១៧​ក្រោយ​ពេល​ដែល​គេ​ជួសជុល​អគារ​បាក់បែក​ដោយសារ​បាតុភូត​រញ្ជួយដី​នៅលើ​កូនកោះ​នោះ​មក។

ក្រៅពី​ជា​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម បឹងប្លេត ក៏​ជា​កន្លែង​ដែល​គេ​និយម​រៀបចំ​កម្មវិធី​កីឡា​ប្រណាំង​ទូក​លំដាប់​ពិភពលោក​ផង​ដែរ។​ក្រៅពី​នោះ​ប្រាសាទ​នៅលើ​កោះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ប្រាសាទ​ជនជាតិ​ស្លូវេនី​ចាស់​និង​មាន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ច្រើន​ជាង​គេ​បំផុត​ផង​ដែរ៕

រណ្ដៅ​ទឹកភ្លៀង​ធម្មជាតិ​ដ៏​ស្រស់ស្អាត​នៅ​ម៉ិកស៊ិក

ក្រុងម៉ិកស៊ីកូ : សេណូតេស (Cenotes)​គឺជា​ទីកន្លែង​រណ្តៅ​ទឹក​ធម្មជាតិ​មួយ​ដែល​មាន​ផ្ទាំង​ថ្ម​និង​ ដើម​រុក្ខជាតិ​នានា​ដុះ​នៅ​ព័ទ្ធ​ជុំវិញ​ខណៈ​ផ្នែក​ខាង​ក្រោម​ល្អាង​គេ​អាច​ ហែល​លេង​កម្សាន្ត​គួរ​ជា​ទី​សប្បាយ​និង​ត្រជាក់​ចិត្ត។ វា​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ឧបទ្វីប​យូតាតាន់​នៃ​ប្រទេស​ម៉ិកស៊ិក។ វា​មាន​ប្រវត្តិ​រាប់​លាន​ឆ្នាំ​មក​ហើយ ដោយ​បាត​មាន​រូបរាង​ដូចជា​អណ្តូង​ទឹក​ដែល​គេ​ជីក​អ៊ីចឹង។ ទឹក​ភាគច្រើន​ដែល​ហូរ​ទៅ​កាន់​អណ្តូង​នេះ​មាន​ប្រភព​មកពី​ទឹកភ្លៀង។ នៅពេល​មាន​ទឹកភ្លៀង​ហូរ​ធ្លាក់​ចុះ​ទៅ​ក្រោម គេ​ក៏​បាន​ឃើញ​មាន​រណ្តៅ​ទឹក​កកើត​ជា​ហូរហែ​តែ​ម្តង​ដោយ​ក្នុង​នោះ​ឃើញ​មាន​ ចំនួន​ប្រមាណ​ជា​៧០០០​រណ្តៅ​ឯណោះ​នៅក្នុង​តំបន់​ឧបទ្វីប​យូតាតាន់​ទាំង​មូល។

រុក្ខជាតិ​ដុះរយីង​រយោងប៉ះ​ផ្ទៃ​ទឹក​នៃ​រណ្ដៅ​ស្ដុក​ទឹក​ភ្លៀង​ធម្មជាតិ​​។

ម្ល៉ោះ​ហើយ​បាន​ជា​រណ្តៅ​ទឹក​ទាំងនោះ​ក៏​បាន​ក្លាយ​ជា​ទីកន្លែង​ហែលទឹក​ឬ ​អាង​ហែលទឹក​កម្សាន្ត​នានា​របស់​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង​និង​ក្រៅ​តំបន់។ ជាក់ស្តែង​ដូចជា​រណ្តៅ​ទឹក​ដែល​មាន​ទំហំ​ធំ​ជាង​គេ​ឈ្មោះ​ឈីឆេន​អ៊ីតហ្សា​ ជាដើម​ដែល​ជា​ទីកន្លែង​ពេញនិយម​របស់​ភ្ញៀវ ខណៈ​កន្លែង​ដែល​មាន​រណ្តៅ​តូច​ៗ​វិញ​នោះ​មិន​បាន​បើក​សេវាកម្ម​សម្រាប់​ ក្រុម​ភ្ញៀវ​កម្សាន្ត​ឡើយ។

អាង​ស្ដុក​ទឹកភ្លៀង​ធម្មជាតិ​មាន​ទឹក​ថ្លា​ឆ្វង់​អាច​ហែល​ជ្រមុជ​លេង​បាន។

ទឹក​ក្នុង​រណ្តៅ​ជា​អាង​ហែលទឹក​លេង​កម្សាន្ត​បែប​ធម្មជាតិ​នេះ​មាន​សភាព​ ថ្លាឈ្វេង មាន​រុក្ខជាតិ​ដុះ​រយីងរយោង​ប៉ប្រ៉ះ​ផ្ទៃទឹក​ភ្លៀង​ដែល​ហូរ​ចាក់​មាត់​រណ្ដៅ មើល​ទៅ​គួរ​គយគន់។

ចំណែក​រណ្តៅ​ទឹក​នៅ​កន្លែង​ខ្លះ​ត្រូវ​បាន​គេ​ប្រែ​ក្លាយ​ទៅ​ជា​អាង​ហែលទឹក​សាធារណៈ។

អាងទឹក​ដែល​ល្បី​ជាង​គេ​មាន​ឈ្មោះ​ហ្សាស៊ី​មាន​ទីតាំង​នៅក្នុង​តំបន់​ វ៉ាឡាដូលីត។ ចំណែក​ល្អាងទឹក​ដែល​មាន​ភ្ញៀវ​ទស្សនា​ច្រើន​ជាង​គេ​គឺ​អាងទឹក​ សាន-អ៊ីកណាស៊ីយ៉ូ​ក្នុង​ទីក្រុង​ឆូឆូឡា​ដោយសារ​តែ​រណ្តៅទឹក​នេះ​វា​មាន​ការ​ រចនា​បែប​សិល្បៈ​និង​មាន​សេវាកម្ម​ភោជនីយដ្ឋាន​សម្រាប់​ភ្ញៀវ​ទៅ​កម្សាន្ត​ ព្រម​ទាំង​មាន​សេវាកម្ម​ល្អ​ទៀត​ផង។ ពេល​ថ្មី​នេះ​គេ​ឃើញ​រណ្តៅ​ល្អាងទឹក​សាមប៊ូឡា​នៃ​តំបន់​ម៉ូតូល​ក៏​ត្រូវ​បាន ​គេ​ស្ថាបនា​សាជា​ថ្មី​ឡើង​វិញ​ហើយ​ដែរ៕

បឹង​បែក​ជា​៣​មាន​នាម​វែងអន្លាយ​ផ្គុំ​ដោយ​អក្សរ​៤៥​តួ

ក្រុងបូស្ដុន :​ពេល​ឃើញ​តួអក្សរ​ដដែល​ៗ​ជាប់​គ្នា​រដិក​ដូចជា Chargogggoggmanchauggagogg chaubunagungamaugg នោះ​លោកអ្នក​ប្រាកដ​ជា​សង្ស័យ​ថា​មាន​ឆ្កែ​ឆ្មា​លោត​លើ​ក្ដារ​ចុច​ កុំព្យូទ័រ​ជា​មិន​ខាន​ទើប​បង្កើត​ជា​អក្សរ​បែប​នោះ។ តាមពិត​ទៅ​នេះ​ជា​ឈ្មោះ​បឹង​មួយ​នៅក្នុង​ក្រុង​វេបស្ទឺរ​នៃ​រដ្ឋ​ម៉ាសេឈូសេត ​នៅ​សហរដ្ឋអាមេរិក។ បឹង​ដែល​មាន​ឈ្មោះ​ដ៏​វែងអន្លាយ​នោះ​ត្រូវ​បាន​គេ​ហៅ​កាត់​ថា Chaubunagungamaug​ខណៈ​អ្នក​ខ្លះ​បាន​ហៅ​វា​ថា​បឹង​វេបស្ទឺរ​ដោយ​យក​ឈ្មោះ​ ក្រុង​មក​ហៅ​តែ​ម្តង។

បឹង​មាននាម​វែង​ជា​ងគេ​ផ្គុំ​ដោយ​អក្សរ​៤៥​តួ នៅ​រដ្ឋ​ម៉ាសាឈូសេត​។

ឈ្មោះ​បឹង​នេះ​មាន​តួអក្សរ​សរសេរ​ដល់​ទៅ​៤៥​តួ​ឯណោះ​ធ្វើឲ្យ​វា​ក្លាយ​ជា ​នាម​ទីកន្លែង​មួយ​ដ៏​វែង​ជាង​គេ​នៅ​សហរដ្ឋអាមេរិក​និង​ពិភពលោក។

ឈ្មោះ​បឹង​ដ៏​ចម្លែក​នេះ​សូម្បី​តែ​ក្រុម​អាជ្ញាធរ​ស្រុក​ក៏​មិន​អាច​ប្រកប​វា​បាន​ដែរ។

សណ្ឋាន​រូបរាង​នៃ​បឹង​នេះ​មាន​ការ​បែងចែក​ជា​បី និង​មាន​បណ្ដាញ​ប្រឡាយ​ខ្វែងខ្វាត់​បង្កើត​បាន​ជា​តំបន់​ផ្លូវទឹក​មួយ​ ដ៏ល្បី​ដែល​ជា​ស្នាដៃ​ក្រុម​ជនជាតិ​ឥណ្ឌា​អម្បូរ​នីពម៉ុច​(Nipmuc Indians)​និង​បក្ខពួក​ខ្លួន។

បឹង​ត្រូវ​បា​ន​ខណ្ឌ​ចែក​ជា​បី ដោយ​នៅកណ្ដាល​មិន​សម្បូ​រត្រី​ទេ​​។

បើ​យោងតាម​ការ​ពណ៌នា​របស់​ជនជាតិ​ម្ចាស់​ស្រុក​នៃ​តំបន់​នេះ​ពួកគេ​បាន​ បកស្រាយ​ឈ្មោះ​របស់​បឹង​នេះ​ដែល​មាន​ន័យ​ថា​៖ «ជនជាតិ​អង់គ្លេស​នៅ​តំបន់​ម៉ានឆូក ច្រើន​តែ​ទៅ​នេសាទ​នៅ​បឹង​សង​ខាង​»។ ដោយសារ​តែ​បឹង​បែក​ជា​៣​នេះ​សម្បូរ​ត្រី​នៅ​សង​ខាង រីឯ​តំបន់​ផ្ទៃទឹក​នៅ​កណ្ដាល​មិន​អំណោយផល​ដល់​ការ​នេសាទ​ឡើយ។

ចំណុច​ពិសេស​របស់​បឹង​ដែល​មាន​ឈ្មោះ​ចម្លែក​នេះ​គឺ​វា​កើតឡើង​ដោយ​ការ​ ប្រមូលផ្ដុំ​នៃ​ផ្ទាំងទឹកកក​ជាច្រើន​នៅ​តាម​ដងទន្លេ​ស្ទឹង​នានា​តែ​ម្តង។ លក្ខណៈ​បែប​នេះ​ក៏​បាន​បង្កើត​ឲ្យ​មាន​ជា​ទេសភាព​ធម្មជាតិ​គួរ​ជាទី​គយគន់​ សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​និយម​ដើរ​លម្ហែកាយ​នៅ​ផ្លូវ​ខ្វាត់ខ្វែង​នៅ​ជុំវិញ ​បឹង​នោះ។ ក្រុម​ទេសចរ​ទាំងឡាយ​រមែង​រីករាយ​នឹង​សកម្មភាព​ហែល​ទឹក​លេង​កម្សាន្ត​ នៅក្នុង​ទឹកបឹង​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ធម្មជាតិ៕

បឹង​ប្រជុំ​កោះ​រយពាន់​លេប​សំណង់​បុរាណ​ក្រោម​ផ្ទៃទឹក

ក្រុងប៉េកាំង : ខុស​ពី​បឹង​ដទៃ​ឈានតាវ​ជា​បឹង​ចម្លែក​មាន​កោះ​រាប់​ពាន់។ បឹង​នេះ​ស្ថិត​នៅក្នុង​តំបន់​សេជៀង​ប្រទេស​ចិន​និង​មាន​ចម្ងាយ​ជាង​១៥០​ គីឡូម៉ែត្រ​ពី​ក្រុង​ហាងចូវ។

បឹងឈានតាវមាន​កោះ​រាប់​​ពាន់​ និង​មាន​សំណង់​បុរាណ​កប់​នៅបាត​បឹង​​​។

តាមពិត​ទៅ ឈានតាវ​ជា​បឹង​សិប្បនិម្មិត​កើត​ពី​ស្នាដៃ​មនុស្ស​ក្រោយពី​ទន្លេ​ស៊ីអាន​ ត្រូវ​បាន​គេ​សង់​ទំនប់​វារីអគ្គិសនី​និង​អាងស្តុក​ទឹក​ស៊ីនណានជៀង​នៅ​ឆ្នាំ ​១៩៥៩។ បណ្តាញ​ផ្លូវ​ទឹក​នៅ​តាម​ជ្រលង​ភ្នំ​នានា​បាន​ហូរ​ចាក់​ពេញ​ផ្ទៃបឹង​លិចលង់​ អស់​ភូមិឋាន សូម្បី​តែ​សំណង់​បុរាណ​ក៏​ត្រូវ​បាន​ទឹក​លេប​ត្របាក់​គ្មាន​សេសសល់​ដែរ។​ ផ្ទៃបឹង​នោះ​មាន​ទំហំ​៥៧៣​គីឡូម៉ែត្រការ៉េ​និង​អាច​ស្ដុក​ទឹក​បាន​ចំណុះ​ ១៧,៨​គីឡូម៉ែត្រ​គុប។ វា​គឺជា​បឹង​ដែល​មាន​ប្រជុំ​កោះ​ធំ​ទាំងអស់​ចំនួន​១០៧៨​កោះ​និង​កោះ​តូច​ៗ​ រាប់ពាន់​ទៀត។

បឹង​ឈានតាវ​ល្បី​តាមរយៈ​ទេសភាព​ល្អ​ស្អាត​និង​ទឹក​ថ្លាឆ្វង់​ដែល​អាច​ផឹក ​បាន។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ជា​ប្រភព​ទឹក​ដែល​គេ​បាន​យក​ចម្រោះ​ធ្វើ​ជា​ ទឹកបរិសុទ្ធ​សម្បូរ​ជាតិ​រ៉ែ​យីហោ​Nongfu Spring​ផង​ដែរ។ វា​ជា​បឹង​មួយ​មាន​ដុះ​ព្រៃឈើ​ត្រសុំត្រសាយ​លើ​ផ្ទៃដី​ជាង​៩០​ភាគរយ​និង​មាន ​កោះ​រាង​ចម្លែក​ៗ​ជាច្រើន។ នា​ពេល​ថ្មី​ៗ​នេះ​គេ​ឃើញ​មាន​ទេសចរ​យ៉ាង​ច្រើន​បាន​ទៅ​កាន់​ទី​នោះ​ដើម្បី​ ទស្សនា​បណ្តុំ​កោះ​នានា​ដូចជា​កោះ​ចាប​កោះ​ពស់​កោះ​ស្វា​កោះ​សោ​និង​កោះ​ កុមារភាព។

អ្វី​ដែល​ចម្លែក​ទៅ​ទៀត​នោះ​គឺ​ខាង​ក្រោម​បឹង​មាន​សំណង់​បុរាណ​អាយុកាល​រាប់រយ​ឆ្នាំ។

មុន​ការ​កកើត​បឹង​នេះ​លើ​ភ្នំ​វូស៊ី​ឬ​ភ្នំ​តោប្រាំ មាន​ទីក្រុង​បុរាណ​ពីរ​គឺ​ក្រុង​ស៊ីឆេង​និង​ហេឆេង។​សង់​នៅក្នុង​ គ្រិស្តសករាជ​ឆ្នាំ​៦២១​ក្នុង​រជ្ជកាល​ថាំង​នា (​ឆ្នាំ​៦១៨-៩០៧​)។ ក្រុង​ស៊ីឆេង​មាន​អាយុ​១៣០០​ឆ្នាំ​ហើយ វា​ក៏​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នយោបាយ​និង​វប្បធម៌​របស់​ចិន​ដែរ។ ឯ​ក្រុង​ហេឆេង​មាន​អាយុកាល​ចាស់​ជាង​គេ​កសាង​តាំងពី​ឆ្នាំ​២០៨​នៃ​ គ្រិស្តសករាជ នៅក្នុង​រជ្ជកាល​ហាន​(ឆ្នាំ​២៥​-២០០)​នៃ​គ្រិស្តសករាជ​និង​ជា​មណ្ឌល​ ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ទន្លេ​ស៊ីណានជៀង​តែ​ម្តង។

សំណង់​បុរាណ​​​ក្រោមបាត​បឹង​រក្សា​ទ្រង់ទ្រាយ​​​ល្អ​ច្រើន មិន​សូវ​បាក់បែក​​។

សំណង់​នៅ​ក្រុង​ហេឆេង​និង​ក្រុង​ស៊ីឆេង​ត្រូវ​បាន​លិចលង់​ទៅក្នុង​ទឹក​ បឹង​តាំងពី​ខែ​កញ្ញា​ឆ្នាំ​១៩៥៩​មក​ម្ល៉េះ​ខណៈ​ពេល​រដ្ឋាភិបាល​ចិន​បាន​ សម្រេច​បង្កើត​ស្ថានីយ​ទំនប់​វារីអគ្គិសនី​ថ្មី​មួយ​និង​អាង​ស្តុក​ទឹក​មួយ​ ទៀត​សម្រាប់​ផ្គត់ផ្គង់​ការ​ដាំដុះ​របស់​ប្រជាជន​ក្រុង​ហាងចូវ។

ដើម្បី​សម្រេច​គម្រោង​ស្ថាបនា​វារីអគ្គិសនី និង​អាងស្ដុក​ទឹក​ខ្នាត​យក្ស​ដែល​ក្លាយ​ជា​បឹង​សិប្បនិម្មិត​និង​កោះ​រាប់​ ពាន់​នេះ​រដ្ឋាភិបាល​ចិន​បាន​ជម្លៀស​ប្រជាជន​២៩​ម៉ឺន​នាក់​ពី​តំបន់​ទាំងនោះ ​ទៅ​កន្លែង​ផ្សេង​ៗ។

ក្រៅពី​ក្រុង​បុរាណ​ទាំង​ពីរ​ខាង​លើ​នោះ គេ​បាន​ដឹង​ថា​មាន​ក្រុង​តូច​ៗ​ចំនួន​២៧​ទៀត​ភូមិ​ចំនួន​១៣៧៧​ផ្ទៃដី​ចម្ការ ​ជាង​២​ម៉ឺន​ហិកតា និង​មាន​ផ្ទះ​អ្នកភូមិ​ចំនួន​រាប់​ពាន់​ត្រូវ​បាន​ទឹក​លេបត្របាក់​យក​អស់៕

រាជវាំង​ដ៏​ប្រណីត​បន្សល់ទុក​តាំងពី​ជំនាន់​ស្តេច​បុរាណ

ប្រសិន​បើ​យើង​មើល​ឃើញ​តាមរយៈ​រូបភាព​នេះ​វា​ហាក់​ដូចជា​សំណង់​មួយ​បាន​ សាងសង់​ឡើង​បណ្តែត​នៅលើ​ផ្ទៃបឹង​មួយ​អ៊ីចឹង​តែ​តាមពិត​វា​គឺជា​សំណង់​ រាជវាំង​បែប​បញ្ឆោត​មួយ​ត្រូវ​បាន​គេ​សង់​វា​ឡើង​នៅ​ចំកណ្តាល​ផ្ទៃបឹង​ពី​ ចូឡា។ ដោយឡែក​រាជវាំង​សង់​លើ​បឹង​នេះ​គឺជា​សណ្ឋាគារ​ដ៏​ល្បី​ឆើត​មួយ​ក្នុង​ចំណោម​ សណ្ឋាគារ​ល្បី​ៗ​នៅក្នុង​ប្រទេស​ឥណ្ឌា។ វា​ត្រូវ​បាន​គេ​សាងសង់​ឡើង​នៅ​ចន្លោះ​ឆ្នាំ​១៧៤៣​និង​ឆ្នាំ​១៧៤៦​ក្នុង​ សម័យកាល​របស់​ស្តេច​ម៉ាហារ៉ា​ណាចាហ្គាត់ស៊ីញ​ទី​២ ខណៈ​ព្រះអង្គ​គឺជា​អ្នក​ស្នងត្រកូល​ជំនាន់​ទី​៦២​នៃ​រជ្ជកាល​រាជវង្ស​មេវ៉ា​ នៃ​នគរ​អូដៃពួ។

ផ្ទៃ​ខាង​ក្នុង​របស់​សណ្ឋាគារ​ Taj ដែល​ដុះ​បណ្តែត​នៅ​លើ​ទឹក។

ទី​នេះ​វា​ត្រូវ​បាន​រាជវង្សានុវង្ស​ស្តេច​គ្រប់​សម័យកាល​ទុក​ជា​វាំង​ លម្ហែកាយ​នា​រដូវក្តៅ​ដោយ​បាន​ហៅថា​វាំង​ចេននីវ៉ាស​ចាប់​តាំងពី​ដើម​រៀង​មក។ រាជវាំង​នេះ​ត្រូវ​បាន​គេ​សាងសង់​ឡើង​ស្ថិត​នៅលើ​ផ្ទាំងថ្ម​ធម្មជាតិ​ដែល​ ដុះ​ក្នុង​ផ្ទៃបឹង​មាន​វិសាលភាព​ចំនួន​៤​អា​នៅ​តំបន់​កោះ​ចាគនីវ៉ាស​នៃ​ ប្រទេស​ឥណ្ឌា។ ខណៈ​ពេល​មាន​ចរន្តទឹក​ឡើង​ខ្លាំង​លេច​តំបន់​នានា​នៅក្នុង​បឹង​នោះ​គេ​ឃើញ​ រាជវាំង​នេះ​មិន​បាន​លិចលង់​ឡើយ ហើយ​វា​បែរ​ជា​មាន​សភាព​ផុស​លេច​អណ្តែត​លើ​ផ្ទៃទឹក​បឹង​ទៅ​វិញ។

ទិដ្ឋ​ភាព​មើល​ពី​ចម្ងាយ​ទៅ​សណ្ឋាគារ​ដ៏​ប្រណីត​កណ្តាល​បឹង​​។

បន្ទាប់ពី​ទី​នេះ​ត្រូវ​បាន​ជា​ទី​រមណីយដ្ឋាន​កម្សាន្ត​របស់​សែស្រឡាយ​ រាជវង្ស​ស្តេច​ម៉ាហារ៉ាណា​ចាហ្គាត់ស៊ីញ​ច្រើន​ជំនាន់​នោះ គេ​ក៏​ត្រូវ​បាន​ប្រែ​ក្លាយ​វា​ឲ្យ​ទៅ​ជា​សណ្ឋាគារ​ដ៏​ល្អ​ប្រណីត​នៅ​ឆ្នាំ​ ១៩៦០។ កាលពី​ឆ្នាំ​១៩៧១​វា​ត្រូវ​គេ​ដាក់​ឈ្មោះ​ថា​សណ្ឋាគារ​និង​រមណីយដ្ឋាន​Taj Hotels Resorts and Palace​ដែល​អាច​បម្រើ​ភ្ញៀវ​បាន​ចំនួន​៧៥​បន្ទប់។ ចំណែក​បច្ចុប្បន្ន​នេះ​គេ​ឃើញ​មាន​តែ​ក្រុម​ភ្ញៀវ​មាន​ទ្រព្យសម្បត្តិ​ ស្តុកស្តម្ភ​និង​ក្រុម​ជាប់​សែ​រាជវង្ស​ប៉ុណ្ណោះ​ដែល​អាច​ទៅ​ទស្សនា​កន្លែង​ នោះ​បាន។ ពេល​នេះ​វា​អាច​បើក​បម្រើ​ភ្ញៀវ​បាន​៨៣​បន្ទប់​ជាមួយ​នឹង​គ្រឿង​សង្ហារិម​ឈើ ​ល្អ​ប្រណីត​ៗ​ចម្រុះ​ពណ៌​និង​មាន​សោភណភាព​ស្អាត​ទៀត​ផង៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1098
2217
4574490