jaukjeybanner

សមុទ្របុប្ផាព្រៃភ្នំដ៏ល្បីល្បាញនៅរដ្ឋកាលីហ្វ័រនីញ៉ា

ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស : តំបន់​អភិរក្ស​មួយ​ស្ថិតនៅ​រដ្ឋ កាលីហ្វ័រ​នីញ៉ា តែងតែ​ប្រែ​ក្លាយទៅជា​កម្រាលព្រំ​បុប្ផា​រីក​ស្គុសស្គាយ​ពណ៌​លឿង ទុំ ដែល​លាតសន្ធឹង​ឆ្ងាយ​ដាច់​កន្ទុយភ្នែក។

តំបន់​ជ្រលង​ភ្នំ​អេ​ន​ថែ​លុប​វ៉ា​ឡី ដែល​វា​មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​តំបន់​ឡូ​ស​អេ​ន​ជឺ​លេស​ខោ​ន​ធី​មាន ដី​មួយកន្លែង​ដុះ​នូវ​បុប្ផា​ម្យ៉ាង​ឈ្មោះ «ផ​ប​ភី» ដុះ​ព្រោងព្រាត​ស្រស់បំព្រង និង​ត្រូវបាន​គេ​ការពារ​មិន​ឲ្យ​មាន​សត្វ ឬ​មនុស្ស​ទៅ​ប៉ះពាល់​វា​ទៀតផង។

រាល់​រដូវ​ផ្កា​រីក គេ​តែង​បានឃើញ​តំបន់​នេះ​មាន​បុប្ផា​ពណ៌​លឿង​ស្រស់​ដុះ​ទ្រុប​ទ្រុល និង​រីក​ស្គុសស្គាយ​ពេញ​ផ្ទៃដី​រាប់លាន​ទង​ឯណោះ។ បុប្ផា​ព្រៃ​ប្រភេទ​នេះ​មាន​រដូវ​កាល​ដុះ​របស់​វា​ចាប់ពី​ពាក់​កណ្តាលខែ កុម្ភៈ​ដល់​ចុងខែ​ឧសភា ហើយ​ចំនួន​ផ្កា​ដុះ​គឺ​អាស្រ័យទៅលើ​ចំនួន​ទឹកភ្លៀង​ដែល​ធ្លាក់​នៅ​រដូវរងា ទៅដល់​រដូវ​ផ្កា​រីក​នោះ​ទៀតផង។

នាពេល​បច្ចុប្បន្ន​តំបន់​នោះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា តំបន់​អភិរក្ស​ផ្កា​លឿង​ជ្រលង​ភ្នំ​អេ​ន​ថែ​លុប​វ៉ា​ឡី។ ដើម្បី​រក្សា និង​ការពារ​តំបន់​ខាងលើ​ឲ្យ​គង់វង្ស​តាមបែប​ធម្មជាតិ​នោះ អាជ្ញាធរ​ឧទ្យាន​ជាតិ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​មិនបាន​ឲ្យ​គេ​បាញ់​ទឹក​ទៅលើ ផ្កា​ទាំង​នោះឡើយ។ មិនតែប៉ុណ្ណោះ​គេ​ក៏​មិនបាន​បណ្តោយ​ឲ្យ​មានការ​ចិញ្ចឹមសត្វ​ចៀម សត្វ​គោ​និង​សត្វពាហនៈ​នានា​នៅ​តំបន់​នោះឡើយ។

កាល​ដើមឆ្នាំ១៩៧០គេ​ឃើញ​មាន​ហ្វូង​សត្វ​ចៀម​ត្រូវបាន​គេ​ចិញ្ចឹម​នៅ តំបន់​ភាគ​ខាងលិច​នៃ ជ្រលង​ភ្នំ​អេ​ន​ថែ​លុប​វ៉ា​ឡី​នោះ។ តែ​កាលពីមុន​វា​ជាទី​ជម្រក​របស់​ហ្វូង​សត្វ​ក្តាន់​លុះដល់​ឆ្នាំ១៨៧៦គេ បាន​សាង​ផ្លូវ​រថភ្លើង​កាត់​តំបន់​នោះ​ជា​លើកដំបូង។ ដោយឡែក​សត្វ​ចិញ្ចឹម​នានា​ដូចជា​សត្វ​ឆ្កែ​ជាដើម​ត្រូវបាន​គេ​ហាម​នាំ ចូលទៅ​កាន់​តំបន់​នោះ។

បើ​យោងតាម​ច្បាប់​របស់​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សូម្បីតែ​បណ្តា​ភ្ញៀវទេសចរ​ទាំងឡាយ​ដែល​បាន​ទៅ​ទស្សនា​ទីនោះ​ក៏ត្រូវ បាន​ហាមប្រាម​ក្នុងការ​កាច់​ឬ​ក្តិច​យក​ផ្កា​ដុះ​ក្នុង​តំបន់​អភិរក្ស ផ្កា​លឿង​ជ្រលង​ភ្នំ​អេ​ន​ថែ​លុប​វ៉ា​ឡី នោះដែរ៕

តំបន់ឆ្នេរសមុទ្រសម្បូរសម្បកសិប្បីសត្វច្រើនជាងគេ

អាហ្វ្រិកៈ តាមធម្មតាតំបន់ឆ្នេរសមុទ្រនីមួយៗនៅលើ​ពិភពលោក យើង​នេះ​រមែង​មាន​ដីខ្សាច់ ដី​ក្រួស​ល្អិត ក្រួស​ធំ និង​កម្ទេច​ក្រួស​នានា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែលជា​គ្រឿង​លម្អ​របស់ សមុទ្រ។ តែ​ពេលនេះ​យើង​សុំ​នាំ​អារម្មណ៍​លោកអ្នក​មក​មើល​ទេសភាព​នៃ​តំបន់​សមុទ្រ មួយ​ដែល​សម្បូរ​ទៅដោយ​សម្បកខ្យង​ខ្ចៅ គ្រំ លៀស ទាំង​បែកបាក់ និង​នៅ​ទាំងមូល​យ៉ាងច្រើន​សម្បើម​ដែល​មើលទៅ​វា​ជា​គ្រឿង​លម្អ​សមុទ្រ​ទៅ វិញ។

នោះគឺជា ​តំបន់​ឆ្នេរសមុទ្រ​ចេ​ហ្វ ហ្វ្រេស៍​បេ​ដែលមាន​ទីតាំង​ស្ថិតនៅ​ខេត្ត​អ៊ី​ស្ទើ​ន​ខេ​ប​ពី​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង។

ទោះបី​ជា​យក​សម្រស់​ទេសភាពរ​បស់​តំបន់ឆ្នេរ​សមុទ្រ​សាន់​នី​បែ​ល ឬ​សែ​ល​ប៊ី​ច​របស់​ប្រទេស​អូស្ត្រាលី​មក​ប្រៀប​ក្តី​ក៏​តំបន់ឆ្នេរ​សមុទ្រ ចេ​ហ្វ ហ្វ្រេស៍​បេ​នេះ​នៅតែមាន​សម្រស់​ស្រស់ស្អាត​ជាង​ដែរ ដោយសារតែ​វា​សម្បូរ​នូវ​សម្បកខ្យង​ខ្ចៅ​លៀស​គ្រំ​យ៉ាង​មហិមា​បំផុត​នៅលើ លោក​ដែល​គិត​ទៅ​មាន​ប្រមាណ​ជាង៦០០ប្រភេទ​ឯណោះ។ វា​បាន​ក្លាយជា​តំបន់​នៃ​សារមន្ទីរ​ធម្មជាតិ​មាន​សម្បកខ្យង​ខ្ចៅ​ច្រើន ជាងគេ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​ពិភពលោក។

កាលពី​ខែកញ្ញា កន្លងមកនេះ​គេ​ឃើញ​អាជ្ញាធរ​ក្រុង​បានរៀបចំ​ពិធីបុណ្យ​មួយ​ឈ្មោះថា សែ​ល​ហ្វេ​ធី​វ៉​ល់ (Shell Festival) លើក​ទី២។ បច្ចុប្បន្ន​ទីនេះ​បាន​ក្លាយជា​តំបន់​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ ទេសចរ​ទាំង​ក្នុង និង​ក្រៅប្រទេស​យ៉ាងច្រើន​កុះករ​មក​ទស្សនា​កម្សាន្ត​លេង​ជាមួយនឹង សម្រស់​នៃ​សម្បក​សត្វ​សមុទ្រ​ច្រើន​ប្រភេទ​និង​ទំហំ​ផ្សេងគ្នា​ទៀតផង។

តំបន់ ឆ្នេរសមុទ្រ​ចេ​ហ្វ ហ្វ្រេស៍​បេ នេះ​ក៏មាន​ប្រជាប្រិយ​ភាពខ្លាំង​ផងដែរ​សម្រាប់​ក្រុម​ទេសចរ​ដែល​និយម ការ​ជិះ​ស្គី​លើ​ផ្ទៃ​ទឹកសមុទ្រ។ វា​ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ទិសដៅ​ជិះ​ស្គី​លើ​ផ្ទៃ​ទឹកសមុទ្រ​ដ៏ ល្បី​ទាំង​ប្រាំ​នៅលើ​លោក។ ការរៀបចំ​កម្មវិធី​ប្រណាំង​ជិះ​ស្គី​លើទឹក ឬ Billabong Pro ASP World Tour ប្រចាំឆ្នាំ​តែង​ប្រារព្ធ​ធ្វើ​នៅ​តំបន់​សូ​ភើ​ធូប​នា រៀងរាល់ឆ្នាំ​ក្នុង​ខែ​កក្កដា៕

កោះធម្មជាតិ ដ៏ស្រស់ស្អាត និង រ៉ូម៉ែនទិចបំផុត នៅហ្វីលីពីន

Coron Palawan គឺជា​កោះ​ធម្មជាតិ​មួយ ដ៏​ស្រស់ស្អាត ពោរពេញ​ដោយ​ទេសភាព ដ៏​ស្រស់បំព្រង ដែល មាន​ទីតាំង​ស្ថិតនៅ​ក្នុងប្រទេស​ហ្វីលីពីន។

កោះ Coron Palawan គឺជា​កោះ​ធម្មជាតិ​មួយ សម្បូរ​ដោយ​ថ្មកំបោរ និង​ទឹកសមុទ្រ​ពណ៌​ខៀវ​ថ្លា ដូច កញ្ចក់ អម​ជាមួយនឹង​ទេសភាព​ព្រៃឈើ​ពណ៌​បៃតង​ខៀវស្រងាត់ បានធ្វើឱ្យ​កោះ​នេះ ក្លាយទៅជា កន្លែង​កំសាន្ត និង តំបន់​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព បំផុត នៅក្នុង​ប្រទេស​ហ្វីលីពីន។

ភ្ញៀវទេសចរ​ជាច្រើន មក​កំសាន្ត​នៅ​តំបន់​កោះ​នេះ អាចធ្វើ​ដំណើរ​កំសាន្ត​ទស្សនា​ទិដ្ឋភាព ដ៏​ស្រស់ ស្ងា​ត នៅ​ជុំវិញ​កោះ តាមរយៈ​ការ​ជិះ​ទូ និង ស្រប់​យក​ខ្យល់​កា​អាកាស​បរិសុទ្ធ៕

សូម​ទស្សនា រូបភាព ខាងក្រោម

រដូវធ្លាក់ទឹកកកក៏អាចងូតទឹកលេងក្នុងកម្ដៅត្រូពិក

ក្រុង​ប៊ែ​រ​ឡាំង : ទោះបីជា​រដូវរងា​ធ្លាក់​ទឹកកក​សក្បុស​ជាមួយ​សីតុណ្ហភាព​ក្រោម​សូន្យ អង្សា​សេ​ក្ដី ក៏​ប្រជាជន និង​ភ្ញៀវទេសចរ​ដែល​ទៅលេង​ប្រទេស​អាល្លឺម៉ង់ នៅតែ​អាច​សប្បាយរីករាយ​នឹង​អាកាសធាតុ​បែប​ត្រូ​ពិ​ក នៅ​រមណីយដ្ឋាន​សិប្បនិម្មិត​បិទ​ជិត​មួយ ដែល​ស្ថិតនៅ​ចម្ងាយ៦០គីឡូម៉ែត្រ ភាគខាងត្បូង​ទីក្រុង​ប៊ែ​រ​ឡាំង។

ផុស ចេញពី​ផ្ទៃដី​ដែល​គ្របដណ្ដប់​ដោយ​ព្រឹល​សំឡី​សំណង់​យក្ស​ដ៏​ធំ​ចង្គ្រុង មួយ​បាន​ផុស​ឡើង។ នោះ​គឺជា​រមណីយដ្ឋាន​សិប្បនិម្មិត «ត្រូ​ពិ​ខ​ល​អាយ​ឡេ​ន​រី​ហ្សត» ដែល​បកប្រែ​មក​ថា «កោះ​តំបន់​ត្រូ​ពិ​ក» ធ្វើ​ពី​ដែកថែប​ទម្ងន់១៤ពាន់​តោន ដែល​អាច​ចត​យន្តហោះ​បាន។

សំណង់ នេះ​មាន​បណ្តោយ​ប្រវែង៣៦០ម៉ែត្រ ទទឹង២១០ម៉ែត្រ និង​កម្ពស់​ប្រវែង១០៧ម៉ែត្រ។ វា​គឺជា​សំណង់​ស្ថាបត្យកម្ម​ធំជាងគេ​តែមួយគត់​លើ​លោក​ដែល​មិន ប្រើ សសរ​ទ្រ​នៅ​ផ្នែក​ខាងក្នុង។

នៅ​ពី​ក្នុង​សំណង់​យក្ស​រាង​ដូច ស្នូកអណ្ដើក និង​បិទ​ជិតឈឹង​នោះ គឺជា​តំបន់​ព្រៃ​ដុះ​ទ្រុប​ទ្រុល​ចម្រុះ​ដោយ​រុក្ខជាតិ​ជាង៣ម៉ឺន​ដើម ដូចជា ចេក កាហ្វេ រុក្ខជាតិ​វល្លិ និង​កូនឈើតូច។ ចង្ហូរទឹក​ខ្វាត់ខ្វែង​ហូរ​ធ្លាក់​ក្នុង​អាងទឹក​ខ្នាត​យក្ស​ដែល​ផ្ទុក ទឹកប្រៃ​ដូច​ទឹកសមុទ្រ និង​មាន​សីតុណ្ហភាព២៦ អង្សា​សេ​ពេញ​មួយឆ្នាំ។ ក្រុម​ភ្ញៀវ​អាច​សម្រាកកាយ​លើ​ឆ្នេរ​ខ្សាច់​ដែលមាន​ប្រវែង២០០ម៉ែត្រ ជុំវិញ​នោះ​ផងដែរ។

គោលបំណង​នៃ​ការសង់​រមណីយដ្ឋាន​តំបន់​ត្រូ​ពិ​ក​សិប្បនិម្មិត​លើ​ដែនដី​បួន រដូវ​នេះ​គឺ ដើម្បី​ផ្ដល់​ឱកាស​​ឲ្យ​ប្រជាជន​នៅ ប្រទេស​អាកាសធាតុ​ត្រជាក់​អាច​ភ្លក្ស​រសជាតិ​កម្សាន្ត​ដោយ​មិនចាំបាច់ ចំណាយ​ពេល​ជិះ​យន្តហោះ​រាប់​ម៉ោង​ទៅ​ប្រទេស​តំបន់​ត្រូ​ពិ​ក​ឡើយ។

នៅ​រដូវរងា​ក្នុង​មួយថ្ងៃ​អាចមាន​ភ្ញៀវ​ដល់​ទៅ​ជាង៨ពាន់​នាក់​ឯណោះ៕


ខាង​ក្រៅធ្លាក់ទឹកកក ប៉ុន្តែ​ខាង​ក្នុង​រីហ្សត​បែរ​ជា​មាន​អាកាសធាតុ​ត្រូពិក​​

ខាងក្នុងអគារធំបំផុតលើលោក

ក្រុម​អ្នកដឹកនាំ​ក្រុង ឆឹង ទូ ប្រទេស​ចិន​ បានអះអាងថា ក្រុង​មួយ​នេះ​ជា​ម្ចាស់​លើ​អាគារ​ទោល ដែល​ធំ​បំផុត​លើ​លោក ដោយ​អាច​ផ្ទុក​បាន​មហោស្រព Opera Sydney (ផ្ទះ​ដូច​កប៉ាល់) ចំនួន 20 ។

មជ្ឈមណ្ឌល​ពិភពលោក​នៃ​សតវត្ស​ថ្មី​នៅ​ក្រុង ​ឆឹង​ទូ ខេត្ត​ស៊ី​ឈួន ភាគ​ខាងលិចឈាង​ខាងត្បូង​ប្រទេស​ចិន មាន​ទំហំ​ដី 170 ហិកតា មាន​កំពស់ 100m ទទឹង 400m បណ្តោយ 500m ។ ក្រុម​អ្នកដឹកនាំ​ក្រុង​អះអាងថា​នេះ​ជា​អគារ​ទោល ធំ​បំផុត​ក្នុង​លោក ដោយ​ទំហំ​មុខកាត់​ស្មើ និង លាន​បាល់​ឱ្យ​ប​ចំនួន 329 បញ្ចូល​គ្នា ធំ​ជាង​ព្រលានយន្តហោះ​ក្រុង ឌុយ​បៃ ដែលជា​អ្នក​កាន់តំណែង​នេះ​កាល​មុន ។

ជាមួយ​ទំហំ​នេះ​វា​ស្មើ 20ដង មហោស្រព Opera Sydney និង ស្មើ 3ដង មន្ទីរ​បញ្ច​កោណ​របស់​អាមេរិក ។


ខាងមុខ​អគារ​នេះ​មាន​ស្រះ​ទឹក​ដ៏​ធំ​មួយ ។

ដោយ​ទំហំ​ធំ​នាំឱ្យ​បណ្តា​បន្ទាប់​ការិយាល័យ​ក្រុមហ៊ុន​នានា សណ្ឋាគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រោងភាពយន្ត សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ទីលាន​ជិះ​ស្គី​លើទឹក​កក និង​ឧទ្យាន​ទឹក ស្ថិតនៅក្រោម​ដំបូល តែមួយ​រួមគ្នា ។


ការដ្ឋាន​ដ៏​ធំ​នេះ ត្រូវបាន​សាងសង់​រួចរាល់​ក្នុង​វេលា 3ឆ្នាំ ។

គម្រោង​ពិភពលោក​ក្នុង​សតវត្ស​ថ្មី​នេះ សបញ្ជាក់​ថា​ប្រទេស​ចិន​រីកចម្រើន​ពី​កើ​តទៅ​លិ​ច ពី​ជើង​ទៅ​ត្បូង ។

មគ្គុទេសក៍​ទេសចរណ៍​បាន​និយាយថា “យើងខ្ញុំ​បាន​ប្រើ​បច្ចេកវិទ្យា​ជប៉ុន បង្កើត​ព្រះអាទិត្យ សិប្ប​និមិត្ត ធ្វើឱ្យ​សីតុណ្ហភាព​ក្នុង​អគារ កក់ក្តៅ ទាំងថ្ងៃទាំងយប់” ។ ឆ្នេរសមុទ្រ​សិប្ប​និមិត្ត​នេះ​បណ្តោយ 400m បំពាក់​អេក្រង់ LED ធំ​បំផុត​លើ​លោក​កំពស់ 40m បណ្តោយ 150m ដើម្បី​បង្ហាញ​ពី​អរុណ្ណោទ័យ និង​សូរិយា​អស្តង្គត ។

ឧទ្យាន​ទឹក​អាចទទួលភ្ញៀវ​បាន 6000នាក់ ដំណាលគ្នាមក​ងូតទឹក អាំង​កម្តៅថ្ងៃ ឬទទួលទាន​អាហារ​សមុទ្រ ក្រេប​ស្រា Cocktail៕

ប្រភព Sydney Morning Herald

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1097
2217
4574489