jaukjeybanner

ស្រូបខ្យល់​បរិសុទ្ធ​នៅ​តំបន់​បឹង​ធម្មជាតិ ត្រាវ​កុដិ ខេត្តសៀមរាប

សៀមរាបៈ ក្តី​សុបិន​កុមារ(CCD) គឺជា​ឈ្មោះ​អង្គការ​មួយ​មាន​មូលដ្ឋាន​បង្កើតឡើង​ដោយ​ជនជាតិ​អាមេរិក​កាលពី ខែកុម្ភៈ ឆ្នាំ២០០៩ ដោយមាន​គោលដៅ​សំខាន់​សហការ​ជាមួយនឹង​អាជ្ញាធរ​ក្នុងស្រុក​ដើម្បី​អភិវឌ្ឍ តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ឯ​ស្រុក​បាគង ខេត្តសៀមរាប។

គម្រោង អភិវឌ្ឍន៍​នោះ​ត្រូវបាន​គេ​ផ្តោតទៅលើ​បឹង​មួយ​ដោយ​គេ​បានដាក់​ឈ្មោះ តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​ត្រាវ​កុដិ​ដែលមាន​វិសាលភាព​ផ្ទៃ​បឹង ចំនួន៦៥ហិកតា​មាន​ប្រវែង២៨គីឡូម៉ែត្រ​ស្ថិតនៅ​ភាគ​ឦសាន​នៃ​ខេត្ត សៀមរាប​ដោយ​វា​មាន​ព្រំដែន​ជាប់​នឹង​តំបន់ភ្នំ​គូលែន​ផងដែរ។ ទីនេះ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​សំខាន់​ដែលមាន​តួនាទី​ជួយ​បង្កើត សេដ្ឋកិច្ច​របស់​តំបន់​ដាច់ស្រយាល។

លោក អ៊ូ បញ្ញា នាយក​អង្គការ​សុបិន​កុមារ​បាន​ប្រាប់​ឲ្យ​ដឹងថា បឹង​នេះ​ជាទី​កន្លែង​ដ៏​មនោ​រម្យ​មួយ​សម្រាប់​ក្រុម​ភ្ញៀវ​ក្នុង​និង​ក្រៅ ស្រុក​មក​កម្សាន្ត​តាមរយៈ​ការជួបជុំ​សមាជិកគ្រួសារ​ញ៉ាំ​អាហារ ការបោះ​ជំរំ និង​ការ​គយគន់​ទេសភាព​និង​ស្រូបខ្យល់​ធម្មជាតិ​ដ៏​ស្រស់ថ្លា។

លោក បន្តថា៖ «វា​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី​បំផុត​មួយ​និង​មាន​ទេសភាព​ស្រស់ស្អាត​ដែល អាច​ទាក់ទាញ​ក្រុម​ភ្ញៀវ​ជា​លក្ខណៈ​គ្រួសារ​មក​កម្សាន្ត​ជាមួយនឹង​សកម្មភាព ផ្សេងៗដូចជា ស្ទូចត្រី ជិះទូក​លេង ហែល​ទឹក និង​សកម្មភាព​ដទៃទៀត​មិន​ចាញ់​តំបន់​រមណីយដ្ឋាន​បារាយណ៍​ខាងលិច​ទេ»។

លោក អ៊ូ បញ្ញា បាន​បន្តថា កាលពីមុន​អ្នកភូមិ​រាប់រយ​នាក់​នៃ​តំបន់​ភូមិ​ដាច់ស្រយាល​មួយ​បាន​ចាកចេញ ពី​ភូមិកំណើត​ខ្លួន​ទៅរក​ការងារ​ក្រៅ​ស្រុក ជាពិសេស​ព្រំដែន​ខ្មែរ-ថៃ​ដើម្បី​រកប្រាក់​ចិញ្ចឹម​គ្រួសារ។ ជីវិត​ពួកគាត់​មានការ​លំបាក​ក្រៃលែង​ដោយសារ​សមាជិកគ្រួសារ​នៅ​ឆ្ងាយ ពីគ្នា​ខណៈ​មួយខែ​ម្តង​ទើប​អាច​បាន​ជួបគ្នា។ គោលដៅ​សំខាន់​របស់​យើង​គឺ​ចង់​អប់រំ​ដល់​អ្នកភូមិ​ឲ្យ​ចេះ​ស្រឡាញ់ បរិស្ថាន​និង​ថែទាំ​ទ្រព្យសម្បត្តិ​ធម្មជាតិ​នៅក្នុង​តំបន់​របស់ខ្លួន។ ពិសេស​ចង់​ឲ្យ​ពួកគាត់​ចេះ​ដាំ​ដើមឈើ និង​បន្លែបង្ការ​ចិញ្ចឹមសត្វ​និង​រៀន​ជំនាញ​ចម្អិនម្ហូបពិសេសៗនានា ប្រកបដោយ​ភាព​អនាម័យ​សម្រាប់​បម្រើ​ដល់​ក្រុម​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា នៅទីនេះ។

លោក​ជឿថា អ្នកភូមិ​រាប់ពាន់នាក់​នៅទីនេះ​អាច​បង្កើន​ប្រាក់ចំណូល​ប្រចាំថ្ងៃ បាន​តាមរយៈ​ការលក់ដូរ​នូវ​មុខម្ហូប​នំចំណី ផ្លែឈើ ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍​នានា​ដល់​ភ្ញៀវ​តែម្តង។ ប៉ុន្តែ​តំបន់​បឹង​ត្រាវ​កុដិ​នៅ​ពុំទាន់​មាន​បណ្តាញ​អគ្គិសនី​ចូលទៅ​ដល់ ទីនោះ​នៅឡើយ​ទេ ខណៈ​អ្នកភូមិ​បាន​ប្រើ​ប្រព័ន្ធ​ថាមពល​ស្រូប​ពន្លឺព្រះអាទិត្យ​សម្រាប់ ប្រើប្រាស់ និង​នៅ​ពុំទាន់​មានផ្ទះ​សំណាក់​ស្នាក់នៅ​ផងដែរ។

ប៉ុន្តែ បន្ទាប់ពី​មានការ​ណែនាំ​ឲ្យ​បាន​ស្គាល់ និង​ពន្យល់​ពី​ផ្នែក​សំខាន់​នៃ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​ត្រាវ​កុដិ នេះ​រយៈពេល​ពីរ​បី​ខែ​ដល់​អ្នកភូមិ​មក​លោក អ៊ូ បញ្ញា បាន​និយាយថា លោក​ជឿថា​អត្រា​ភាគរយ​នៃ​ការធ្វើ​ចំណាកស្រុក​នឹងមាន​ការថយចុះ​ប្រមាណ ជា៣០ភាគរយ។

គេ​សង្កេតឃើញ​ក្រុម​ភ្ញៀវទេសចរ​ដែល​បាន​ទៅ​ទស្សនា តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​ត្រាវ​កុដិ​បាន​ទិញ​នូវ​ផលិតផល​របស់​អ្នក ស្រុក​ជាច្រើន​មានដូចជា ផ្លែឈើ​ទឹកត្នោត ស្ករត្នោត នំចំណី មាន់​អាំង ភេសជ្ជៈ និង​មាន​អាហារ​នំ​បញ្ចុក​ខ្មែរ​ទៀតផង។ ព័ត៌មាន​លម្អិត​សម្រាប់​ការ​ទស្សនា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​ត្រាវ​កុដិ នោះ​លោកអ្នក​អាចទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ២៧៣ ២១៣និង០១២ ៨៩៩ ៣៦៣៕

“ភូមិ​ត្នោត” រមណីយដ្ឋាន​ថ្មី​នៅ​មិន​ឆ្ងាយ​ពី​ដី​ក្រុងមាន​អ្វី​ប្លែក?

ទិដ្ឋភាព​អ្នក​ឡើងត្នោត រម្ងាស់​យក​ស្ករ ម៉ូដ​ផ្ទះ​បែប​ខ្មែរ រទេះគោ   ខ្ចូសឫស្សី ប្រក់ស្លឹក​ត្នោត សាងសង់នៅជាប់ៗគ្នា សម្រាប់​ភ្ញៀវ​អង្គុយ​កម្សាន្ត និង​ទទួលទាន​មុខម្ហូប​ខ្មែរ​ជាច្រើន​មុខ ក្នុង​បរិយាកាស​បរិសុទ្ធ នៃ​ខ្យល់ជំនោរ ស្រុកស្រែ។ ពិតជា​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ថ្លា នា​ថ្ងៃ​ចុង​សប្តាហ៍ ជាពិសេស​រសជាតិ​មុខម្ហូប​ខ្មែរ​មាន សម្លម្ជូរ កកូរ ត្រីអាំង មាន់​ដុត ខ្ច​ង​ចំហុយ និង​ក្ដាម​បំពង​ជាដើម។

ទាំងនេះ គឺជា​ទិដ្ឋភាព នៃ​រមណីយដ្ឋាន​ភូមិ​ត្នោត​ស្ថិតនៅក្នុង  ភូមិ​រាយ​ដប ឃុំ​សៀមរាប ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តា​ល ចម្ងាយ​ពី​រាជធានី​ភ្នំពេញ ប្រមាណ ២៥ គីឡូ​ម៉ែត តាមផ្លូវ​ជាតិ​លេខ ២ ជាទី​សម្បូរ ដោយ​ដើមត្នោត ផ្ដល់​ទេសភាព​បៃតង គ្រប់​រដូវ​កាល។ មិន​ត្រឹម​ប៉ុណ្ណឹង​ទេ រមណីយដ្ឋាន​ភូមិ​ត្នោត ក៏មាន​អាង​ហែល​ទឹក និង​កន្លែង​កម្សាន្ត​ជាច្រើន​ប្រភេទ​សម្រាប់​កុមារតូចៗលេង​សប្បាយ​ផង ដែរ។

លោក អ្នកនឹង​ទៅដល់​រមណីយដ្ឋាន ភូមិ​ត្នោត តាមផ្លូវ ចេញពី​ក្រុង​តាខ្មៅ បត ់មក​ផ្លូវជាតិ​លេខ២ ក៏បាន ឬធ្វើដំណើរ​កាត់​ស្ពាន​ស្ទឹងមានជ័យ បត់​តាមផ្លូវ​ទៅ​សារមន្ទីរ​ជើងឯក (ផ្លូវ២១៧) ឆ្ពោះ​មក​ផ្លូវជាតិ​លេខ ២ ប្រមាណ ៣០នាទី នឹង​មកដល់​ទឹកដី​ឃុំ​សៀមរាប រួច​ក្រឡេកមើល​ខាងឆ្វេង​ដៃ នឹង​ឃើញ​ស្លាក​សរសេរថា ភូមិ​ត្នោត ភូមិឋាន​សុខសាន្ត  រួច​បត់​ចូល​ទៅតាម​ខ្លោងទ្វារ វត្ត​វិហារ​កំបោរ​ចម្ងាយ​ជាង​ពីរ​គីឡូម៉ែត្រ​នឹង​បានឃើញ​ស្លាក​មួយទៀត ដែល គេ​សរសេរថា ភូមិ​ត្នោត។

 

ថ្ម ស ឆ្នេរធម្មជាតិដ៏ស្រស់បំព្រងក្នុងខេត្ត កោះកុង

កោះកុងៈ ថ្ម​ស​គឺជា​ភូមិ​មួយ​ក្នុង​ឃុំ​ថ្ម​ស ស្រុក​បទុម​សាគរ ខេត្តកោះកុង ហើយ​ភូមិ ដែល​គ្របដណ្តប់​ទៅដោយ​តំបន់​ព្រៃព្រឹក្សា និង​មាន​ប្រជាជន​រស់នៅ​ប្រមាណ១៧០០គ្រួសារ​នេះ វា​បាន​បង្កប់​នូវ​សម្រស់​បែប​ធម្មជាតិ​ដ៏​ស្រស់បំព្រង ហើយ​ទស្សនីយភាព​ទាំងនោះ កំពុងតែ​បង្អួត​ដល់​អ្នកទេសចរ​ក្នុង​តំបន់។

បើ យើង​ធ្វើដំណើរ​តាម​រថយន្ត ចេញពី​ផ្លូវជាតិ​លេខ៤៨ឆ្ពោះទៅកាន់​ខេត្តកោះកុង យើង​ត្រូវ​បត់​ឆ្វេង​នៅត្រង់ចំណុច​ឃុំ​អណ្តូងទឹក តាមផ្លូវ​ចាក់​គ្រោះ​ក្រហម ប្រមាណ៤៤គីឡូម៉ែត្រ ដើម្បី​ចូលទៅ​ដល់​ភូមិ​ថ្ម​ស។ អ្នក​អាច​ជួប​ការលំបាក​ខ្លះ ដោយ​ផ្លូវ​នោះ​មាន​ជង្ហុក​ដោយផ្នែកៗ ប៉ុន្តែ​ការ​ទស្សនា​ទស្សនីយភាព​តាម​ដងផ្លូវ ដូចជា​ចម្ការ​ទុរេន ចម្ការ​ស្វាយចន្ទី ចម្ការ​ស្វាយ ចម្ការ​សាវម៉ាវ។ល។ និង​ព្រៃព្រឹក្សា​ដែល​ដុះ​អម​តាម​ដងផ្លូវ រួមជាមួយ​ការមើល​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ព្រៃភ្នំ វា​នឹង​ជួយ​ឲ្យ​អ្នកធ្វើដំណើរ​ភ្លេច​អស់​នៅ​អារម្មណ៍​ហេវ​ហត់។

នៅពេល អ្នក​សួរ​ទៅកាន់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងភូមិ​ទាំង៥ក្នុង​ឃុំ​ថ្ម​ស អំពី​តំបន់​ឆ្នេរសមុទ្រ​ដែល​ស្រស់ស្អាត នៅក្នុង​តំបន់​នោះ ពួកគាត់​ប្រាកដជា​ប្រាប់​អ្នក​ឲ្យ​ធ្វើដំណើរ​បន្តទៅ​កាន់​ភូមិ​អាវ យ៉ា​យ(ឈ្មោះ​ថ្មី​ដែល​ត្រូវ​ប្រើ​ជំនួស​ភូមិ​ថ្ម​ស) ជាមិនខាន​ឡើយ ព្រោះ​មានតែ​ឆ្នេរសមុទ្រ​នៅក្នុង​ភូមិ​មួយ​នេះ​ទេ ដែល​អំណោយផល​ដល់​អ្នកទេសច​រ ក្នុងការ​ហែល​ទឹក​លេង និង​ប្រ​ឡែក​លេង​ជាមួយ​ខ្សាច់​ដ៏​ស្រស់ស្អាត ខណៈ​តំបន់ឆ្នេរ​នៅ​ភូមិផ្សេងៗទៀត ពោរពេញ​ទៅដោយ​ដុំថ្ម និង​ភក់ ដែល​មិនអាច​ដើរ​ឬ​ហែល​ទឹក​កម្សាន្ត​បានឡើយ។

អង្គុយ​នៅលើ​គ្រែ​តូច មួយ ភ្នែក​រំពៃមើល​មនុស្ស​ក​ក​កុញ​កំពុង​ហែល​ទឹក​និង​លេង​នៅលើ​ឆ្នេរ​ថ្ម​ស អនាគត​ប្រធានភូមិ​ថ្ម​សវ័យ៥៩ឆ្នាំ លោក គូ​យ រី បាន​បង្ហាញថា៖«ឆ្នេរ​ថ្ម​ស មាន​ខ្សាច់ និង​ទឹកស្អាត​ជាងគេ ហើយ​មនុស្ស​ភាគច្រើន​នៅក្នុង​ឃុំ​នេះ តែងតែ​មកលេង​កម្សាន្ត​នៅទីនេះ នៅពេល​បុណ្យចូលឆ្នាំ​ខ្មែរ ជាពិសេស​បុណ្យចូលឆ្នាំ​ចិន​នេះ​តែម្តង។ ចំណែក​ឆ្នេរ​ចម្លង​គោ អត់​សូវ​មាន​អនាម័យ​ទេ ព្រោះ​ប្រជាជន​រស់នៅ​ក្បែរ​នោះបាន​បង្ហូរ​កាកសំណល់​មក​លើ​ឆ្នេរ​នោះ រីឯ​ឆ្នេរ​ព្រែក​គគី មាន​ឆ្នេរ​ខ្សាច់​វែង និង​ទឹកស្អាត​ណាស់ ប៉ុន្តែ​មិនទាន់មាន​ផ្លូវ​ចូលទៅ​ដល់​នោះឡើយ»។

ដោយសារ​កត្តា​អំណោយផល​ពី​ធម្មជាតិ រួមជាមួយ​ការថែរក្សា ជួយ​សម្អាត​ជាប្រចាំ​ពី​ម្ចាស់​ដី បានធ្វើ​ឲ្យ​ឆ្នេរ​ថ្ម​ស ក្លាយជា​ឆ្នេរ​មាន​សម្រស់​ដាច់​គេ នៅ​ឃុំ​ថ្ម​ស​នេះ។ ថ្វីបើ​ឆ្នេរ​មួយ​នេះ​មាន​ប្រវែង​ប្រមាណ២០០ម៉ែត្រ ប៉ុន្តែ​គ្រាប់​ខ្សាច់​ដ៏​ម៉ដ្ឋខៃ មាន​សភាព​ទន់​ត្រជាក់ និង​មានទឹក​ថ្លាឈ្វេង អមដោយ​ចម្ការ​ដូង​ដ៏​ខៀវស្រងាត់​ប្រប​មាត់​ឆ្នេរ​នេះ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ជាពិសេស​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ប​ទុម​សាគរ និង​តំបន់ផ្សេងៗទៀត​នៅជាប់​មាត់សមុទ្រ​ឲ្យ​ធ្វើដំណើរ​ដោយ​ការ​ជិះទូក មកលេង​កម្សាន្ត​នៅលើ​ឆ្នេរ​ថ្ម​ស​រាប់ពាន់នាក់។

ការប្រមូលផ្តុំ គ្នា​មកលេង​ទឹក និង​ឆ្នេរ​ខ្សាច់​នេះ បាន​ញ៉ាំង​ឲ្យ​ឆ្នេរ​ថ្ម​ស ប្រៀបបាន​ទៅនឹង​កន្លែង​ណាត់ជួប​គ្នា ដើម្បី​បង្កើត​ភាពសប្បាយ​រីករាយ​ជា​លក្ខណៈ​គ្រួសារ ឯកជន​របស់​គូស្នេហ៍​វ័យក្មេង ក្រុមក្មេងៗ និង​ក្រុមយុវជន នៅពេល​មាន​បុណ្យទានម្តង។ ជាក់ស្តែង​ក្នុង​រយៈពេល៣ថ្ងៃ គឺ​ថ្ងៃទី៣១ ខែមករា ដល់​ថ្ងៃទី២ ខែកុម្ភៈ ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន មាន​មនុស្ស​រាប់ពាន់នាក់ បាន​សម្រុក​មកលេង នៅ​ឆ្នេរ​ថ្ម​ស ព្រោះ​ទីនេះ​មាន​ការលក់​របស់រប​រ​ហូបចុក ភេសជ្ជៈ ស្រា​បៀរ ។ល។ ដែល​ផ្តល់​ភាពងាយស្រួល​សម្រាប់​អ្នក​មក​កម្សាន្ត​នៅទីនេះ អាច​ជាវ​តាម​តម្រូវការ និង​អាច​ហែល​ទឹក​លេង​យ៉ាង​សប្បាយរីករាយ។

លោក មៀ​ច សុ​ភុ​ន ហៅ​ទូច ជា​ម្ចាស់​ឆ្នេរ​ថ្ម​ស ហើយ​បានរស់នៅ​លើ​ឆ្នេរ​នេះ​អស់​រយៈពេល​ជាង៣០ឆ្នាំ​មកហើយ​នោះ បាន​និយាយថា៖«ថ្វីបើ​ការរស់នៅ​របស់ខ្ញុំ​មិនមាន​ភាព​ស៊ី​វិ​ល័យ ដូច​អ្នករស់នៅ​ភ្នំពេញ ប៉ុន្តែ​ខ្ញុំ​គិតថា ខ្ញុំ​និង​ក្រុមគ្រួសារ​របស់ខ្ញុំ បានរស់នៅ​លើដី​មាស និង​ទឹកមាស ព្រោះ​នៅទីនេះ​បានផ្តល់​ឲ្យ​ខ្ញុំ​គ្រប់បែបយ៉ាង ជាពិសេស​ការរស់នៅ​ជាមួយ​ខ្យល់អាកាស​បរិសុទ្ធ ដែល​មិន​ងាយ​ធ្វើ​ឲ្យ​យើង​មាន​ជំងឺ​ឈឺ​ស្កាត់​នោះទេ»។

ដោយសារតែ មិនទាន់មាន​ភ្លើងអគ្គិសនី​មកដល់​បានធ្វើ​ឲ្យ​តំបន់​មួយ​នេះ ហាក់​មាន​សភាព​ស្ងាត់​នៅពេល​រាត្រី ប៉ុន្តែ​សំឡេង​ទឹករលក​បោក​មកលើ​ឆ្នេរគ្រាំៗ និង​សំឡេង​ទូក​ម៉ាស៊ីន​អ្នកនេសាទ​នៅលើ​ផ្ទៃ​សាគរ ដោយមាន​ពន្លឺភ្លឹបភ្លែតៗជា​សញ្ញា​សម្គាល់​នោះ បាន​ឆ្លុះបញ្ចាំង​នូវ​ជីវិត​រស់នៅ​តាមបែប​ធម្មជាតិ​ដ៏​គួរ​ចាប់ អារម្មណ៍​របស់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​ដែល​មនុស្ស​ភាគច្រើន ជាពិសេស​អ្នករស់នៅ​ក្នុង​ក្រុង តែងតែ​ស្រមៃ​ចង់ឃើញ និង​ចង់​រស់នៅ​បែបនេះ​នៅពេល​ខ្លួន​សម្រាក​ពី​ការងារ។

បន្ថែម​ទៅលើ ភាពស្រស់ស្អាត​នៃ​តំបន់ឆ្នេរ អ្នកទេសចរ​ក្នុងស្រុក និង​ជនជាតិ​បរទេស ដែលជា​និច្ចកាល បានធ្វើ​ដំណើរ​លម្ហែ​មកដល់​ឆ្នេរ​ថ្ម​ស​នេះ ពួកគេ​មិន​ត្រឹមតែ​បាន​សប្បាយរីករាយ​ជាមួយ​ការ​ទស្សនា​ធម្មជាតិ ឆ្នេរ​ខ្សាច់ ទឹកសមុទ្រ និង​រុក្ខជាតិ​នៅតាម​ឆ្នេរ ក្នុង​តំបន់​មួយ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​នឹង​បាន​ភ្លក្ស​រសជាតិ​ទឹកដូង​ដ៏​ផ្អែម​ឆ្ងាញ់​នៅទីនេះ ជាពិសេស​គ្រឿង​សមុទ្រស្រស់ៗដូចជា​បង្កង បង្គា ក្តាម មឹក និង​ប្រភេទ​ត្រី​សមុទ្រផ្សេងៗទៀត ជាមិនខាន​ឡើយ។

លោក ឈន ណែម ដែល​ទើប​បញ្ចប់​ការសិក្សា​ផ្នែក​បសុពេទ្យ ហើយ​បានធ្វើ​ដំណើរ​ទៅលេង​ឆ្នេរ​ថ្ម​ស​ជាមួយ​ក្រុមគ្រួសារ និយាយថា៖«ឆ្នេរ​ថ្ម​ស វា​មិនមាន​ភាព​អ៊ូអរ​ដូច​ឆ្នេរសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ និង​ឆ្នេរសមុទ្រ​នៅ​កែប នោះទេ ប៉ុន្តែ​ឆ្នេរសមុទ្រ​ដ៏​តូច​មួយ​នេះ វា​ហាក់​បង្កប់​នូវ​សម្រស់​បែប​ធម្មជាតិ​ដ៏​ស្រស់ស្អាត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់ថ្លា។ ជាងនេះទៅទៀត ខ្ញុំ​អាច​ទិញ​គ្រឿង​សមុទ្រស្រស់ៗពី​អ្នកនេសាទ​នៅទីនេះ​យកមក​បរិភោគ ជុំគ្នា​ជាមួយ​ក្រុមគ្រួសារ​យ៉ាង​សប្បាយ»។

បើ តាម​ការ​ឲ្យ​ដឹង​របស់​ប្រជាពលរដ្ឋ​នៅទីនេះ បាន​ប្រាប់​ឲ្យ​ដឹងថា នៅក្នុង​ខែតុលា ឆ្នាំ២០១៤ ខាងមុខនេះ មេឃុំ​អាណត្តិ​ថ្មី​នេះ បាន​សន្យា​ធ្វើ​ផ្លូវ​ចាក់​គ្រោះ​ក្រហម​ចេញពី​ចំណុច​ផ្លូវជាតិ​លេខ៤៨ កាត់​មកដល់​ពីក្រោយ​ឆ្នេរ​ថ្ម​ស​នេះ​តែម្តង ហើយ​ផ្លូវ​ថ្មី​មួយ​ខ្សែ​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​នាំ​ភ្ញៀវទេសចរ មកកាន់​តំបន់ឆ្នេរ​ថ្ម​ស និង​ឆ្នេរសមុទ្រផ្សេងៗទៀត នៅក្នុង​ឃុំ​ថ្ម​ស​នេះ​កាន់តែច្រើន៕

ផែន​ថ្មដ៏​ស្រស់​ស្អាត​នៅ​តាម​បណ្តោយ​មាត់​ទឹក​​អម​ដោយ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ស្អាត​ក្នុង​​ភូ​មិថ្មស។

 

 

តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ពោរពេញដោយ សត្វបក្សី និង ប្រាសាទដ៏ចម្លែក

បាត់ដំបង​មាន​ទីតាំងនៅ​ភាគ​ពាយព្យ​ប្រទេស កម្ពុជា។ ខេត្ត​នេះ​មាន​ប្រជាជន​ច្រើនជាងគេ​ចំណា​ច់​ថ្នាក់​ទី​ពីរ​បន្ទាប់ពី ទីក្រុង​ភ្នំពេញ។ ទីក្រុង​របស់​ខេត្ត​នេះ​ក៏មាន​ឈ្មោះ​បាត់ដំបង​ដែរ ហើយ​តែងតែ​ជា​គោលដៅ​ធ្វើដំណើរ​ដ៏​មាន​ប្រជាប្រិយ​ដោយសារ​ប្រាសាទបុរាណ ស្ថាបត្យកម្ម​សម័យ​អាណានិគម​បារាំង និង​ទី​សក្ការបូជា​ព្រះពុទ្ធសាសនា។

បើ​អង្គុយ​នៅលើ​មាត់​ស្ទឹង​សង្កែ​ភាគ​អាគ្នេយ៍ នៃ​ទន្លេសាប ក្រុង​បាត់ដំបង ជា​បេះដូង​នៃ​ជង្រុក​ស្រូវ​របស់​ប្រទេស​កម្ពុជា ហើយ​រក្សា​អារម្មណ៍​បែប​ជនបទ។ តាម​ដងផ្លូវ​ពោរពេញ​ទៅដោយ​អាគារ​បន្សល់​ពី​សម័យ​អាណានិគមនិយម​បារាំង​ដែល បាន​ថែរក្សា​យ៉ាង​ល្អ រួម​នឹង​ផ្ទះ​បុរាណ​របស់​ប្រជាជន​កម្ពុជា។ នៅ​ជនបទ​ជិត​នោះ​ជា​វត្ត​អារាមចាស់ៗ ប្រាសាទបុរាណ​សម័យអង្គ​រ រូងភ្នំ ទឹកជ្រោះ និង​វាលពិឃាត​សម័យ​ខ្មែរក្រហម។

កន្លែង​គួរអោយ​ចាប់អារម្មណ៍​មាន​រួម ទាំង ភ្នំ​សំពៅ ជា​ភ្នំ​ដែលមាន​ឆ្លាក់​ជា​រូប​ព្រះពុទ្ធ ប្រាសាទ​ស្នឹង​សតវត្សរ៍​ទី១២ វត្ត​បាណន់ ដែលជា​ប្រាសាទ​សម័យអង្គរ ដែល​សព្វ​ថ្ងៃជា​ទីសក្ការៈ​បូជា​ព្រះពុទ្ធសាសនា វត្ត​បាយតម្រាំ​ជា​កន្លែង​ដែលមាន​ជម្រក​ប្រចៀវ​រស់នៅ​រាប់ពាន់ និង​វត្ត​ឯក​ភ្នំ៕

សូម​ទស្សនា រូបភាព ខាងក្រោម

 

 

តំបន់ទេសចរណ៍ធម្មជាតិ ដ៏ចម្លែកពោរពេញដោយរ៉ែមាស និង ត្បូង

ប៉ៃលិន​ជា ខេត្ត​នៅ​ភាគ​ខាងជើង​ជួរ​ភ្នំក្រវាញ នៅ​ភាគ​ខាងលិច​ប្រទេស​កម្ពុជា ហើយ​មាន​ចម្ងាយ២៥គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​ថៃ។ ខេត្ត​នេះ​ព័ទ្ធជុំវិញ​ដោយ​ខេត្តបាត់ដំបង ដែល​បាន​ផ្ដាច់​ចេញពី​ខេត្តបាត់ដំបង​ជា​ផ្លូវការ និង​ក្លាយជា​រដ្ឋបាល​ដាច់ដោយឡែក​បន្ទាប់ពី​ការចុះចាញ់​នៃ ខ្មែរក្រហម​ក្នុង​ឆ្នាំ១៩៩។ ខេត្ត​ប៉ៃលិន​មានការ​ទាក់ទាញ​បែប​ធម្មជាតិ​ជាច្រើន បូក​រួមទាំង​ទស្សនីយភាព​ជួរ​ភ្នំ ទឹកជ្រោះ និង​ព្រៃ​ឫស្សី។

កន្លែង​គួរអោយ​ចាប់អារម្មណ៍​ផ្សេងទៀត សម្រាប់​ទេសចរ​បូករួម​ទាំង​វត្ត​រតន​សោភ័ណ ជា​វត្តមាន​រចនាប័ទ្ម​ជនជាតិ​ភូមា​ដែលមាន​អាយុកាល​ជាង៥៧០ឆ្នាំ​មកហើយ។ ចរិតលក្ខណៈ​របស់​ជ​ន​ជាតិ​ភូមា​ត្រូវបាន​ចារឹក​នៅលើ​ក្លោងទ្វារ​ចូល។ នេះ​ជា​ភស្ដុតាង​នៃ​ការតាំង​ទីលំនៅ​របស់​ជ​ន​ជាតិ​ភូមា​ដំបូង​នៅក្នុង​តំបន់ នេះ។ ជាការ​ពិត ជនជាតិ​ភូមា​ជា​អ្នក​រកឃើញ​ត្បូង​ពេជ្រ​ដ៏​មានតម្លៃ ហើយ​ប៉ៃលិន​ក្លាយជា​មជ្ឈមណ្ឌល​រ៉ែ​ធំជាងគេ​សម្រាប់​ត្បូង​កណ្ដៀង និង​ត្បូង​ទទឹម​នៅក្នុង​តំបន់​ឥណ្ឌូចិន។ ភ្នំ​យ៉ា​ត មាន កន្លែងល្អៗមួយចំនួន​ដែល​ភ្ញៀវទេសចរ​អាច​ឃើញ​សកម្មភាព​ជីក​រ៉ែ​ត្បូង​នៅ សព្វថ្ងៃនេះ។ ជា​ក្រុង​នៅ​ព្រំដែន ទីនេះ​ក៏មាន​កាស៊ីណូ​ផងដែរ៕

សូម​ទស្សនា រូបភាព ខាងក្រោម

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
358
2461
4918358