jaukjeybanner

តំបន់ ទេសចរណ៍ដ៏មាន សក្ដានុពលទាំង ១០ របស់កម្ពុជា

បើទោះបីកម្ពុជាគឺជាប្រទេស កំពុងអភិវឌ្ឍមួយក៏ពិតមែន ប៉ុន្តែសម្រាប់ វិស័យទេសចរ របស់ប្រទេសវិញ គឺមានភាពអំណោយផលជាខ្លាំង បើប្រៀបធៀបទៅនឹងប្រទេស ជាច្រើនទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ស្ថិតក្នុងចំណោមទីកន្លែងដ៏គួរឲ្យទាក់ទាញទាំងនោះ សម្រាប់ភ្ញៀវទេសចរ ភាគច្រើនជាទីក្រុងតូច  និងភូមិមួយចំនួនដែលមានប្រាសាទបុរាណ  និងតំបន់ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។ ចង់ដឹងថាទីកន្លែងនោះ ស្ថិតនៅឯណាខ្លះ នៅក្នុងប្រទេសកម្ពុជា សូមមើលខាងក្រោមនេះ ទាំងអស់គ្នា៖

១០. ខេត្តកែប
ជារមណីយដ្ឋានសមុទ្រតូចមួយ ដែលមានទេសភាពដ៏ស្រស់ស្អាត និងឆ្នេរខ្សាច់ដ៏គួរ ទាក់ទាញបំផុតនៅក្នុង ប្រទេសកម្ពុជា ។ ទន្ទឹមនឹងនេះ ភ្ញៀវដែលបានមក លេងនៅទីនោះ អាចរីករាយមើលជាមួយនឹង ទិដ្ឋភាពផ្កាថ្មនៅក្នុងសមុទ្ររាក់ ឬអាចទៅលេងនៅ កោះទន្សាយដែលជាទីកន្លែង ដ៏ពេញនិយមបំផុតនៅ ជិតឆ្នេរខេត្តកែបផងដែរ។

៩. បានលុង
ជាទីក្រុងមួយនៃខេត្តរតនគីរី ស្ថិតនៅភាគឦសានប្រទេសកម្ពុជា មានចម្ងាយ ៦៣៦ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ វាជាគោលដៅទេសចរដ៏អស្ចារ្យ និងស្រស់ស្អាតបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិ ព្រោះនៅទីនោះ ភ្ញៀវអាចរីករាយជាមួយនិង ទេសភាពធម្មជាតិដ៏សែនមនោរម្យ។

៨. ខេត្តបាត់ដំបង
ជាទីក្រុងមួយ ដែលមានចំនួនប្រជាជនរស់នៅច្រើនបំផុតលំដាប់ទី ២ នៅក្នុងប្រទេសកម្ពុជា និងក៏ជាតំបន់ប្រវត្តិសាស្រ្ត ដ៏ពេញនិយមផងដែរ  សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិ។

៧. ខេត្តកំពត
ខេត្តមួយនេះ មានទីតាំងស្ថិតនៅមិនឆ្ងាយប៉ុន្មានទេ ពីឈូងសមុទ្រប្រទេសថៃ ហើយត្រូវបានគេស្គាល់ថា ជាទីកន្លែងមាន ដាំដំណាំម្រេច យ៉ាងច្រើន  ដែលម្រេចគឺជាម្ហូប ដ៏ឆ្ញាញ់ពិសាបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិ។

៦. ខេត្តក្រចេះ
ជាទីក្រុងតូចមួយ មានទីតាំងស្ថិតនៅលើច្រាំងទន្លេមេគង្គ ដែលហ៊ុំព័ទ្ធដោយ សំណង់អគារចាស់ៗ នៅសម័យអាណានិគមរបស់បារាំង។ បើទោះបីក្រចេះ មិនមានវិស័យទេសចរណ៍ទ្រង់ទ្រាយធំក៏ពិតមែន ប៉ុន្តែវាក៏ជាទីកន្លែង ពេញនិយមមួយផងដែរ សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិ មកមើលសត្វផ្សោត ដ៏កម្រ ដែលរស់នៅក្នុង ទន្លេមេគង្គ។

៥. ខេត្តព្រះសីហនុ
ជាទីក្រុងកំពង់ផែដ៏ធំ និងជារមណីយដ្ឋាន ឆ្នេរខ្សាច់ពណ៌ស ដ៏ស្រសស្អាតរបស់កម្ពុជា ស្ថិតនៅលើឈូងសមុទ្រថៃ។ វាជាទីកន្លែងដ៏គួរឲ្យ ទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរជាតិ និងអរន្តជាតិមកលំហែ កម្សាន្តនាថ្ងែចុងសប្ដាហ៏។

៤. ខេត្តសៀមរាប
ជាទីក្រុងដ៏រីកចម្រើនលឿនបំផុតរបស់កម្ពុជា និងក៏ជាមជ្ឈមណ្ឌលទេសចរណ៍ ដ៏សំខាន់មួយផងដែរ ដោយសារទីក្រុង ដ៏ស្រស់ស្អាតមួយនេះ គឺជាច្រកចូលទៅកាន់ ទិសដៅនៃប្រាសាទអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌ ដ៏ល្បីល្បាញនៅលើពិភពលោក។ ទន្ទឹមនឹងនេះ វាក៏ជាទីកន្លែងស្នាក់ នៅដ៏រីករាយផងដែរ បន្ទាប់ពីការវិលត្រឡប់ មកពីដំណើរកម្សាន្តនៅ តំបន់ប្រាសាទបុរាណ ក្នុងខេត្តមួយនេះ។

៣. ប្រាសាទកោះកេរ្ដិ៍
ជារាជធានីនៃអាណាចក្រខ្មែរបុរាណមួយ សម្រាប់រយៈពេលដ៏ខ្លីនៅក្នុង គ.ស ៩២៨ ដល់ ៩៤៤។ នៅទីនោះ មានរូបចម្លាស់ដ៏ធំអស្ចារ្យមួយ ស្ថិតក្នុងប្រាសាទរាងសាជី ដែលមានកម្ពស់ ៣០ ម៉ែត្រព័ទ្ធជុំវិញទៅដោយព្រៃភ្នំ។ មានទីតាំងនៅភាគខាងជើង ប្រទេសកម្ពុជា ប្រហែល ១២០ គីឡូម៉ែត្រពីទីក្រុងសៀមរាប ក្នុងតំបន់បុរាណអង្គរ។

២. រាជធានីភ្នំពេញ
ជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលមានទីតាំង ស្ថិតនៅលើដងទន្លេមេគង្គ ហើយទីកន្លែងដ៏មាន សក្ដានុពលបំផុត សម្រាប់ភ្ញៀវ ទេសចរជាតិ និងអរន្តជាតិរួមមាន ព្រះបរមរាជវាំង និងសារមន្ទីរជាតិ ដែលជាទីកន្លែងប្រមូលផ្តុំ នៃវត្ថុបុរាណខ្មែរដ៏ធំមួយ ព្រមទាំងផ្សាររាត្រី ដែលជាកន្លែងលក់ វត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ។

១. ប្រសាទអង្គរវត្ត
ជាប្រាសាទដ៏ល្អអស្ចារ្យ និងក៏ជាទីកន្លែង ដ៏ពេញនិយមបំផុតលំដាប់ទី ១ នៅកម្ពុជាសម្រាប់ភ្ញៀវទេសចរទូទាំងពិភពលោក ដែលមានទីតាំង ស្ថិតនៅក្នុងខេត្តសៀមរាប។  ប្រាសាទនេះ ត្រូវបានកសាងទ្បើងនៅពាក់កណ្តាលសតវត្សទី ១២ ដោយព្រះបាទសូរ្យវរ្ម័នទី II និងត្រូវបានដាក់បញ្ចូលជា “តំបន់បេតកភណ្ឌពិភពលោក” ដោយអង្គការយូឌីស្កូរនៅក្នុងឆ្នាំ១៩៩២៕

 

 

 

 

 

 

 

 

 

ទន្លេ​មេគង្គ​នៅ​​​កម្ពុជា​ស្ថិត​នៅ​ក្នុង​ចំណោម​​ទីកន្លែង​​ ៥០​​​​ល្អ​បំផុត​ក្នុង​លោក​​​សម្រាប់​អ្នក​ទេសចរ​​ឆ្នាំ​២០១៥​

ទស្សនាវដ្ដី​ទេសចរណ៍​ដ៏​ល្បី​របស់​​​សហរដ្ឋអាមេរិក​ Travel + Leisure ​​បាន​​​ផ្ដល់​​​យោបល់​ដល់​អ្នក​ទេសចរ​បរទេស​ទាំង​ឡាយ​ឱ្យ​ធ្វើ​ដំណើរ​​ កម្សាន្ត​មក​ប្រទេស​កម្ពុជា​​ ដោយ​ចំណាយ​ពេល​ជិះ​ទូក​នៅ​តាម​ដង​ទន្លេ​មេគង្គ​​​​ព្រោះ​ថា​ទេសភាព​តាម​ដង​ ទន្លេ​មេគង្គ​​​​​​​​ត្រូវ​ទស្សនាវដ្ដី​ដដែល​នេះ ​​ដាក់​​​ពិន្ទុ​ឱ្យ​ស្ថិត​នៅ​ក្នុង​ចំណោម​តំបន់​ ៥០​​​ មាន​សម្រាស់​ស្អាត​​ដាច់​គេ​ក្នុង​លោក។

​បើ​និយាយ​ជា​រួម ​តំបន់​ទន្លេ​មេគង្គ​គឺ​ជាប់​ចំណាត់​ថ្នាក់​ទី​១១​ ក្នុង​ចំណោម​​តំបន់​ទាំង​ ៥០​ ​​ស្អាត​​ដាច់​គេ​ក្នុង​លោក​​ ហើយ​មាន​តែ​​ប្រទេស​ពីរ​ប៉ុណ្ណោះ​ គឺ​​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ​ដែល​ស្ថិត​នៅ​ក្នុង​ទីតាំង​​​មាន​​សម្រស់​ដ៏​ទាក់ទាញ​​សម្រាប់​ភ្ញៀវ​ទេសចរ ​។ ​​

​​​​​​​​​ទស្សនាវដ្ដី​​ខាង​លើ​​ក៏​បាន​បង្ហាញ​ក្រុមហ៊ុន​ទេសចរណ៍​ជា​ច្រើន​ ដែល​មាន​ផ្ដល់​​សេវាកម្ម​សម្រាប់​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ​ដែល​ចង់​ធ្វើ​ដំណើរ​ កម្សាន្ត​នៅ​តាម​ដង​ទន្លេ​ ចង់​ស្គាល់​តំបន់​ព្រៃ​ភ្នំ​ ​និង​ទេសភាព​ដ៏​ស្ងប់ស្ងាត់​នៃ​ដង​ទន្លេ​មេគង្គ​របស់​ប្រទេស​កម្ពុជា​​ និង​វៀតណាម។

​​​កប៉ាល់​​AmaDara ​អាច​ផ្ទុក​មនុស្ស​បាន​ ១២៤​នាក់​ និង​កប៉ាល់​​មួយ​ទៀត​ឈ្មោះ​ Avalon Siem Reap ​កំពុង​ផ្ដល់​សេវាកម្ម​​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ទន្លេ​មេគង្គ​ពី​ប្រទេស​ កម្ពុជា​ទៅ​ប្រទេស​វៀតណាម​សម្រាប់​រយៈពេល​​ ១៥​យប់។ ​​សម្រាប់​អ្នក​ទេសចរ​ដែល​ចង់​ចំណាយ​ពេល​ខ្លី​ ​​ ក៏​មាន​សេវាកម្ម​របស់​​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែរ។ ​

​​សូម​បញ្ជាក់​ថា​ ​ក្រៅ​ពី​​តំបន់​ទន្លេ​មេគង្គ​​ដែល​ជាប់​ក្នុង​បញ្ជី​របស់​ទស្សនាវដ្ដី​ អាមេរិក​ខាង​លើ​​​​ នៅ​អាស៊ី​មាន​ដូច​ជា​ កោះបាលី​ ​​​​កោះ​ហុកកៃដូ ​ទីក្រុង​ Chengdu ​និង​ប្រទេស​សិង្ហបុរី​ក៏​ជាប់​ក្នុង​បញ្ជី​នេះ​ដែរ៕

ទំនប់​ម្លិច និង​ប្រវត្តិ​កសាង ជូរ​ចត់ ប្រែ​ក្លាយ​ជា​តំបន់​ទេស​ចរណ៍​ថ្មី

បច្ចុប្បន្ន​នេះ ទំនប់​ម្លិច បាន​ប្រែ​ក្លាយ​ពី​ទី​លាន​ទុក្ខ​​សោក មក​ជា​តំបន់​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ដ៏​ពេញ​និយម​មួយ សម្រាប់​ប្រជា​ពលរដ្ឋ​ជាភ្ញៀវ​ជាតិ និង​អន្តរជាតិ ចូល​ទៅ​ទស្សនា​បន្ត​បន្ទាប់ ជា​ពិសេស ​នៅ​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍ និង​ថ្ងៃ​បុណ្យ​ជាតិ​ធំៗ ព្រោះ​អំណោយ​ផល​ទីតាំង​នៅ​ជាប់​ជួរ​ភ្នំ​ប្រកប​ដោយ​ទេស​ភាព​ស្រស់​បំព្រង និង​មាន​ទឹក​ថ្លា​ឈ្វេង​គួរឱ្យ​ចង់​ងូត​លេង​កម្សាន្ត​យ៉ាង​ត្រ​ជាក់​ចិត្ត។

ម្លិច ឬ​រំលេច ជា​ឈ្មោះ​ទំនប់​ទឹក​មួយ ​ដែល​មាន​ទីតាំង​នៅ​ចន្លោះ​រវាង​ខេត្ត​តាកែវ និង​ខេត្ត​កំពត នៅម្ដុំ​ចំណុច​ភ្នំ​នារាយណ៍ ឬ​ភ្នំ​មេអំបៅ ដែល ជា​អតីត​សកល​វិទ្យាល័យ​មួយ មាន​ចម្ងាយ​ប្រមាណ​ជា ៩០​គីឡូ​ម៉ែត្រ​ ពី​រាជធានី​ភ្នំពេញ ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ និង​ចុះ ទៅ​ពី​ថ្នល់​ជាតិ​ប្រមាណ​ជា ២​ពាន់​ម៉ែត្រ ឆ្ពោះ​ទៅ​តំបន់​ជួរ​ភ្នំ។

មាន​ប្រជា​ពលរដ្ឋ​ខ្មែរ និង​មន្ត្រី​រាជការ​ ជា​ច្រើន​នាក់ ដែល​បាន​ដឹង​អំពី​ប្រវត្តិ​ទំនប់​ម្លិច​បាន​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ការ​កសាង​ទំនប់​ម្លិច ស្ថិត​នៅ​ឃុំ​ជ្រេស ស្រុក​ជុំគីរី ខេត្ត​កំពត បាន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់​រាប់​ពាន់​ម៉ឺន​នាក់ ដោយ​សារ​ការ​បង្ខំ​ឱ្យធ្វើ​ការ​ហួស​កម្លាំង​ពី​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ ជំនាន់​នោះ។ ទំនប់​ម្លិច​​កសាង​ឡើង​នៅ​អំឡុង​ចុង​ឆ្នាំ​១៩៧៧ ឬ​ដើម​ឆ្នាំ១៩៧៨ ក្នុង​សម័យ​ខ្មែរ​ក្រហម។ ការ​សាង​សង់​ទំនប់​ម្លិច គឺ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទទួល​ខុស​ត្រូវ​នា​តំបន់​នោះ បាន​កេណ្ឌ​ប្រជា​ជន​ពីគ្រប់​មជ្ឈដ្ឋាន​ទូទាំង​ខេត្ត​កំពត ជា​ពិសេស​ប្រជា​ជន​ជម្លៀស​ចូល​ថ្មី​ឱ្យ​ចុះ​មក​លើក​ទំនប់​នេះ​ទាំង​យប់​ទាំង ​ថ្ងៃ ក្នុង​គោល​បំណង​ស្តុក​ទឹក​ទុក​ សម្រាប់​ប្រើ​ប្រាស់ និង​ទុក​ធ្វើ​ស្រែ​​ចម្ការ​ច្បារ​ដំណាំ​ជា​ដើម។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា អតីត​កាល​ដ៏ខ្មៅ​ងងឹត​ក៏បាន​កន្លង​ផុត ដោយ​បន្សល់​ទុក​នូវ​ទំនប់​ម្លិច​មក​ទល់​នឹង​បច្ចុប្បន្ន​ ជា​មួយ​ការ​កែ​ប្រែ​មុខ​មាត់​ថ្មី ក្លាយ​ទៅ​ជា​តំបន់​ទេស​ចរណ៍​កំពុង​ពេញនិយម​ ក្នុង​ចំណោម​រមណីយ​ដ្ឋាន​ទេស​ចរណ៍​នានា​នៅ​ខេត្ត​កំពត សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ ជា​ពិសេស​​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​កំពត តែង​ទៅ​កម្សាន្ត​នៅ​ទំនប់​ទឹក​នេះ​មិន​ដែល​ដាច់ រៀង​រាល់​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​បុណ្យ​ជាតិ​ខ្មែរ​គ្រប់​រដូវកាល។

ទំនប់​ម្លិច​ ត្រូវ​បាន​អ្នក​ស្រុក​រស់​នៅ​ជិត​ខាង​អះអាង​ថា មាន​ទំហំ​ខ្នង​ទំនប់​ប្រមាណ​ជា១០០​ម៉ែត្រ និង​មាន​បណ្ដោយ​ជិត ១​ពាន់​ម៉ែត្រ សាង​សង់​ពី​ចង្កេះ​ភ្នំ​ម្ខាង​ទៅ​ចង្កេះភ្នំ​ម្ខាង​ទៀត។ ទំនប់​ម្លិច​នេះ ក្រៅពី​មាន​នូវ​អំណោយ​ផល​ទៅ​លើ​វិស័យ​ទេស​ចរណ៍ ទំនប់​នេះ​ក៏​បាន​បម្រើ​ដល់​​​ផល​ប្រយោជន៍​រួម​របស់​ប្រជា​កសិករ​ប្រកប​របរ​ កសិកម្ម​នៅ​តំបន់​ជិត​ខាង គឺ​អាច​ឱ្យ​កសិករ​ដាំ​ដំណាំ​រួម​ផ្សំ ឬ​ធ្វើ​​​​ស្រែ​ប្រាំង​បាន​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ។

មនោ​ថ្ម​ល្អាង​គុហា​ទាក់ទាញ​ភ្ញៀវ​មក​បែរបន់ និង​ចង់​ឃើញ​តាឥសី

នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រមណីយដ្ឋាន​ស្រះ​ដំរី​ដែល​មាន​រូបចម្លាក់​ សត្វដំរី កង្កែប ខ្លា តោថ្ម​ធំៗ​នោះ ល្អាង​ប្រចៀវ​គឺជា​ទីសក្ការៈ​ដ៏ស័ក្ដិសិទ្ធិ​មួយ​ដែល​ប្រជាជន​ខ្មែរ​តែងតែ​ មាន​ជំនឿ​បន់ស្រន់​។

ស្ថិត​នៅលើ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ចម្ងាយ​ប្រហែល​៦​គីឡូម៉ែត្រ​ពី​ព្រះអង្គ​ធំ ភ្ញៀវ​ដែល​ធ្វើ​ដំណើរ​តាម​ម៉ូតូ​រមែង​ឆៀង​ចូល​ទស្សនា និង​អុជធូប​គោរព​បូជា​រូប​ព្រះបដិមា​នៅក្នុង​ល្អាង​នេះ។

នៅ​ពី​មុខ​ល្អាង​ភ្នំ​ដ៏ត្រជាក់ល្ហឹម​ដែល​មាន​ច្រក​ចូល​២​ទៅ​កាន់​ខាង​ ក្នុង​ដ៏ងងឹត​ស្លុប មាន​អក្សរ​ឆ្លាក់​លើ​ថ្មី​ភ្នំ​ឈ្មោះ​ថា «មនោ​ថ្ម​ល្អាង​គុហា» ស្រប​ពេល​នៅ​តាម​ថ្ម​មាន​ជម្រាប​ទឹក​ស្រក់​តក់ៗ​ស្ទើរ​គ្រប់​ទីកន្លែង​នៃ​ បរិវេណ​ខាង​ក្នុង​ល្អាង​។ ប៉ុន្ដែ​តំណក់​ទឹក​ដែល​ស្រក់​ចុះ​ឥត​ឈប់ឈរ​នោះ​មិន​បង្ក​ឲ្យ​មាន​ទឹកថ្លុក​ នៅ​ដក់​ជាប់​លើ​ដី​នោះ​ទេ​។

បុរស​ម្នាក់​កំពុង​តែ​ឈរ​រេរង់​នៅ​ពី​មុខ​ល្អាង បាន​ព្រមាន​អ្នក​ធ្វើ​ដំណើរ​មក​តាម​ក្រោយ​ថា៖ «សូម​កុំ​ចូល​ក្នុង​ល្អាង​ដោយ​គ្មាន​ការ​អនុញ្ញាត បើ​ពុំ​នោះ​ទេ ប្រាកដ​ជា​ជួប​រឿង​អាក្រក់​នៅ​ទី​នោះ​មិន​ខាន»​។

លោក​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ត្រឹមត្រូវ​នោះ​ទេ លោកតា​ឥសី​នឹង​រំលេច​ខ្លួន​ឲ្យ​ឃើញ​របស់​មិន​ល្អ​អ្វី​មួយ​ដើម្បី​បន្លាច​ មិន​ខាន​ឡើយ​។

ដោយ​មាន​ការ​ងឿងឆ្ងល់​ផង និង​ភ័យខ្លាច​តិចៗ​ផង អ្នក​មក​លេង​មួយ​ក្រុម​ក៏​បាន​ដើរ​សំដៅ​ទៅកាន់​ខ្ទម​មួយ​ដែល​សង់​ទល់​មុខ​ គុហា រួច​ស្រែក​ហៅ​សុំ​ជំនួយ​។ ក្រោយ​ឮ​សំឡេង​ហៅ បុរស​ម្នាក់​ស្ថិត​ក្នុង​សម្លៀកបំពាក់​ស​ដូចជា​តាឥសី វ័យ​ប្រមាណ​៣០​ប្លាយ បាន​ចេញ​មក រួច​ប្រាប់​ឲ្យ​អុជ​ចន្លុះ ឬ​បើក​ភ្លើង​ពិល​ដើម្បី​បំភ្លឺ​ចូល​ល្អាង​នោះ​។

ទិដ្ឋភាព​ដ៏ងងឹត​ស្លុប​នៅក្នុង​ល្អាង​គុហា​បាន​ធ្វើឲ្យ​ម្នាក់ៗ​ព្រឺ​ ឆ្អឹងខ្នង​ខ្ញាកៗ​ដោយ​ឮ​សម្រែក​សត្វ​ប្រចៀវ​រាប់រយ​ពាន់​ក្បាល​ស្រែក​ទ្រហឹង ​ពេញ​រូង​តែ​ម្ដង​។ ដើរ​ចូល​ចម្ងាយ​ប្រមាណ​ជិត​១០​ម៉ែត្រ​នៅ​ខាង​ឆ្វេងដៃ មាន​កន្លែង​មួយ​ហាក់​ដូចជា​សម្រាប់​មនុស្ស​សម្រាក​ដែល​ហ៊ុមព័ទ្ធ​ដោយ​ថង់​ ប្លាស្ទិក​សក្បុស​ជុំវិញ​ដើម្បី​ការពារ​ពី​ភាព​ទទឹក​នៃ​តំណក់​គង្គា​ដែល​ ស្រក់​តក់ៗ​ឥត​ឈប់ឈរ​។

អាសនៈ​ដ៏ធំ​មួយ​ស្ថិត​នៅ​ចុង​បំផុត​នៃ​ល្អាង​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ មាន​តាំង​ព្រះបដិមា​ធំ​តូច​ដែល​តម្រៀប​ជា​រង្វង់ គឺជា​វត្ថុ​ស័ក្ដិសិទ្ធិ​ដែល​ពុទ្ធបរិស័ទ​មាន​ជំនឿ​លើ​ព្រះពុទ្ធសាសនា​ចូល​ មក​អុជ​ធូប​ថ្វាយ​ដើម្បី​សុំ​សេចក្ដីសុខ និង​ផ្សង​ក្នុង​ចិត្ដ​។ ជាទូទៅ អ្នក​ចូល​ល្អាង​ប្រចៀវ​នោះ​ភាគច្រើន​តែងតែ​អុជ​ធូប​ច្រឡំ​ពី​ខាង​ក្រោយ​ ព្រះពុទ្ធបដិមា​ទៅវិញ ខណៈ​រូបចម្លាក់​ទាំងអស់​សុទ្ធតែ​បែរ​ខ្នង​មក​កាន់​ផ្លូវ​ចូល​ទាំងអស់​។ នៅ​អែប​នឹង​រង្វង់​នៃ​ទីសក្ការៈ​ទាំងនោះ មាន​ខ្ទម​ប្រក់​ថង់​ប្លាស្ទិក​ដែល​មាន​គ្រែ​ពី​ក្នុង​មួយ​ហាក់​ដូចជា​ ទីកន្លែង​សម្រាក​សម្រាន្ត​របស់​នរណា​ម្នាក់​ទៅ​នោះ​អ៊ីចឹង​។

លោក មាស សុផា ជា​មគ្គុទេ្ទសក៍ បាន​ឲ្យ​ដឹងថា ធម្មតា មិន​មាន​ភ្ញៀវ​ចាប់​អារម្មណ៍​ទៅ​ដល់​ល្អាង​ប្រចៀវ ឬ​ស្រះ​ដំរី ទេ​ដោយសារ​តែ​ផ្លូវលំបាក​ពេក​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​ភ្ញៀវ​ភាគច្រើន​បំផុត​ចង់​ទៅ​ត្រឹម​តែ​រមណីយដ្ឋាន​ភ្នំ​គូលែន​ដែល​មាន​ ទឹកធ្លាក់ និង​ព្រះអង្គ​ធំ​ប៉ុណ្ណោះ​។ ពួកគេ​មិន​សូវ​នឹក​នា​រមណីយដ្ឋាន​ផ្សេងៗ​នៅលើ​ខ្នង​ភ្នំ​ឡើយ ពីព្រោះ​ស្ថានភាព​ផ្លូវ​យ៉ាប់យ៉ឺន​ពេក​»។

ទោះ​ជា​យ៉ាងណា​ក្ដី លោក​ក៏​បាន​ឃើញ​មាន​ភ្ញៀវ​ខ្មែរ​ទៅ​ដល់​ល្អាង​គុហា​នោះ​ដែរ ដោយ​ពួកគេ​ឡើង​ទៅ​អុជ​ធូប​បន់ស្រន់​សុំ​សេចក្ដី​សុខ និង​រកស៊ី​មាន​បាន​តាម​ជំនឿ​របស់​ពួកគេ​។

មគ្គុទេ្ទសក៍​ដែល​តែងតែ​ជូន​ភ្ញៀវ​បរទេស​ឡើង​ភ្នំ​គូលែន​រូប​នេះ បាន​បន្ត​ថា​៖ «​ជំនឿ​ចំពោះ​ល្អាង​ភ្នំ​ដែល​អាច​មាន​វត្ថុស័ក្ដិសិទ្ធិ​ស្ថិត​នៅ ប្រជាជន​ខ្មែរ​ខ្លះ​ឆ្លៀត​ឆៀង​ចូល​អុជ​ធូប​នៅ​ចំពោះ​មុខ​គ្រឿងអាសនៈ​ក្នុង​ គុហា​ដើម្បី​បែរបន់​ផ្សេងៗ ហើយ​ខ្លះ​ទៀត ចង់​ឃើញ​លោកតា​ឥសី​ដែល​មាន​អាយុ​វ័យក្មេង ពុកមាត់​វែងៗ និមន្ដ​គ្មាន​ស្រមោល​»។

ចំពោះ​ការ​អភិវឌ្ឍ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ល្អាង​ប្រចៀវ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ លោក អ៊ឹង សុវិទ្ធី អនុប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​នៃ​អគ្គនាយកដ្ឋាន​អាជ្ញាធរ​អប្សារា ធ្លាប់​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ឆ្នាំ អាជ្ញាធរ​មាន​គម្រោង​ដាក់​បញ្ចូល​ឧទ្យាន​ភ្នំគូលែន​មក​ភ្ជាប់​ជាមួយ​អង្គរ ដោយ​មិន​ស្នើសុំ​ចុះបញ្ជី​ភ្នំ​គូលែន​ទៅ​ជា​បេតិកភណ្ឌ​ពិភពលោក​ថ្មី​ទេ ពីព្រោះ​វា​មាន​នីតិវិធី​វែង​ឆ្ងាយ។

ជាមួយ​នឹង​គម្រោង​នេះ លោក​បាន​បញ្ជាក់​ទៀត​ថា៖ «​ដូច្នេះ​យើង​ធ្វើការ​អភិវឌ្ឍ​នៅ​ទី​នោះ​បាន​ល្អ»៕

អាងកំពីងពួយ

អាង​កំពីង​ពួយ​ គឺជា​ប្រភព​ទឹក​ដ៏មាន​សារៈ​សំខាន់​មួយ​សម្រាប់​ស្រោច​ស្រព​តាម​សេច​ក្តី​ ត្រូវ​ការ​ក្នុង​វិស័យ​កសិកម្ម។ អាង​កំពីងពួយ​នេះ ​​ស្ថិត​នៅ​ត្រង់​ចន្លោះ​ភ្នំពីរ ​គឺ​ភ្នំគល់ និង​ភ្នំ​តាង៉ែន ក្នុង​ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង ហើយ​មាន​ចំងាយ ៣៥ គីឡូម៉ែត្រ ពីទី​រួម​ខេត្ត និង​ចំងាយ​១៩​គីឡូ​ម៉ែត្រ​ពីផ្លូវ​ជាតិ​លេខ ៥៧ អតីត​ផ្លូវ​ជាតិ​លេខ​១០​ត្រង់​ចន្លោះ​ភ្នំ​ក្រពើ និងភ្នំ​ទ្រុងមាន់។

អាង​កំពីង​ពួយ ត្រូវ​បានកសាង​ឡើង​ក្នុង​ក្នុង​របប​កម្ពុជា​ប្រជា​ធិបតេយ្យ (ប៉ុល ពត) អំឡុង​ទស្សវត្ស​ទី​៧០ ប្រជា​ជន​ជា​ច្រើនរយ​ពាន់​នាក់ ត្រូវ​បាន​ពលី​ក្នុង​ការ​កសាង​អាង​ទឹក​នេះ។ ទំនប់​អាងទឹក​នេះ មាន​បណ្តោយ​ប្រមាណ​ជា ៧ ០០០ ម៉ែត្រ និង​ទទឹង​មាន ១៩០០ ម៉ែត្រ អាច​ផ្ទុក​ទឹក​បាន​ចំនួន ១១០.០០០.០០០ ម៉ែត្រគូប នៅ​ក្នុង​រដូវ​វស្សា គឺ​ជា​ប្រភព​ទឹក​យ៉ាង​សំខាន់​សម្រាប់​វិស័យ​កសិកម្ម។ រីឯ​ប្រជា​ជន​នៅ​ក្បែរ​អាង​កំពីង​ពួយ​មាន​អាជីវកម្ម​ធ្វើ​ស្រែ​ចំការ និង​នេសាទ​ត្រី។

ម្យ៉ាង​វិញទៀត អាង​​កំពីង​ពួយ​ មិន​ត្រឹម​តែ​សម្រាប់​វិស័យ​កសិកម្ម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កន្លែង​សម្រាប់​បម្រើវិស័យ​ទេសចរណ៍ ដែល​ជា​រមណីយ​ដ្ឋាន​មួយ អាច​ទាក់​ទាញ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មក​កម្សាន្ត លំហែ​កាយ យក​ខ្យល់​អាកាស​បរិសុទ្ធ ទស្សនា​ភ្នំ និង​ងូត​ទឹក​លេងផង​ដែរ។ តើមិត្តភក្តិ​ចង់ទៅ​ទស្សនា​ទីនេះដែរឬទេ?

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1749
1621
4530629