jaukjeybanner

មហា​ព្រះ​រាជា​ទាំង ១០អង្គ​ ក្នុង​ប្រវត្តិ​សាស្រ្តចិន (វគ្គទី៤)

វាចាអ្នកប្រែសម្រួល
​​
​​ជាការពិតណាស់ចិនជាប្រទេសដ៏ធំ និង ចំណាស់មួយក្នុងលោក។ ខឿនអារ្យធម៌ និង ប្រវត្តិសាស្ត្រចិនបានកើតឡើង​មុន​ប្រទេស​ជាច្រើន។
 
ដោយសង្កេតឃើញថា " បណ្តាព្រះរាជាទាំង ១០​អង្គ នៃប្រវត្តិសាស្ត្រចិន"  ដែលនឹងត្រូវខ្ញុំបាទ លើកមក​បង្ហាញ​ជូន​ម្តង​មួយ​ៗ​ ជា​​បន្ត​​បន្ទាប់​នេះមានលក្ខណៈល្អ ដែលគួររៀនតាម និងមានលក្ខណៈអាក្រក់ ដែលពុំគួរ​រៀន​តាមតែត្រូវដឹង ដើម្បី​ជៀស​វាង​។​ ដោយ​​​ឃើញ​ថា​​​ លើទីផ្សារសៀវភៅអានសព្វថ្ងៃនេះពុំសូវសំបូរសៀវភៅ​ប្រភេទនេះ។​ ដោយចង់ធ្វើ​សកម្មភាពមួយ ដើម្បី​ថ្លែង​អំណរ​ដល់​ប្រិយ​មិត្ត​របស់​ ទស្សនាវដ្តី​ខ្មែរសម័យថ្មី។ ខ្ញុំបាទ​ក៏បានឆ្លៀតយកបណ្តាពេលវេលា ដែលទំនេរដើម្បីប្រែសម្រួល និង​ចង​​ក្រង​កម្រង​រឿង​នេះ​ឡើង​។ កម្រង រឿងនេះនឹងត្រូវចែកជាច្រើនភាគ ទស្សនាវដ្តីខ្មែរ​សម័យថ្មី ចាប់ផ្សាយជូនពីលេខ ៥៣១ តទៅ​។  ស្របពេល នឹងគា្ននេះ ខ្ញុំបាទ​សូមឧទ្ទិសសេចក្តីប្រែសម្រួល​រៀបរៀង កម្រង​រឿងនេះជូនដល់​ ឧបាសក ប៉ែន សាន និង ឧបាសិកា កៅ គីមលី ជាឪពុក​ និង​ម្តាយ​បង្កើត និងវិញ្ញាណក្ខន្ធ ឧបាសក​ ឡៅ ចេងងន់ ឧបាសិកា ជឺ បាក់ឡាង ជា​ឪពុក​ក្មេក ម្តាយ​ក្មេក និងបងប្អូនគ្រប់រូបទាំងសងខាង ព្រមទាំងលោកគ្រូ អ្នកគ្រូ​ទាំងអស់ និងបងប្អូន ជាបុគ្គលិក កម្មករ​ល្អៗ​គ្រប់​រូប មិត្ត​ភក្តិ​ផង​ទាំងឡាយ ព្រមជាមួយអស់លោ​ក លោកស្រី ជាអតិថិជន ជាមិត្ត​អ្នកអាន​​ផងដែរ ត្បិត​មាន​ការបង្កើត ចិញ្ចឹម​បី​បាច់​​ថែ​រក្សា​ ប្រៀន​ប្រដៅ បង្ហាត់បង្រៀន ឧបត្ថម្ភគាំទ្រ​របស់​លោកអ្នក​​ទាំងអស់ ទើបខ្ញុំបាទ និង​ភរិយា​មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃ​នេះ។​ ជាមួយគ្នា​នេះ​ក៏សូម​ឧទ្ទិស ជូនដល់ដួង វិញ្ញាណក្ខន្ធ ​បណ្តា​បុព្វ​បុរស​ខ្មែរ​​ដែលបានពលីជីវិត ដើម្បី​ថែរក្សា​​ការពារ​ផ្ទៃ​ដី​ទំហំ  ១៨១ ០៣៥ គីឡូ​ម៉ែត្រការ៉េ របស់ខ្មែរ ពិសេស​បងៗ​ដែល​ទើបនឹងពលី ថ្មីៗក្នុងការ​បង្ក្រាប​ការឈ្លានពាន​របស់ពួកសៀម​អន្យតិរ្ថិយ​​​ ជា​អ្នក​ដែល​​​បញ្ជា ពួកផ្សំគំនិត និងពួក​ដែល​បាន​ឈ្លានពាន​ផ្ទាល់​មក​ខ្មែរ​នា​តំបន់​ព្រំដែន​ខ្មែរ-សៀម។
 
ចុងក្រោយ គឺខ្ញុំបាទសូមអស់លោកអ្នក ដែលមានចំណេះវិជ្ជាជ្រៅជ្រះនិងប្រិយមិត្តរបស់ទស្សនាដ្តីខ្មែរសម័យថ្មី​ ទាំងអស់ មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំបាទ ចំពោះរាល់​កំហុសឆ្គងដោយអចេតនា។​ សូមផ្តល់ការរិះគន់ស្ថាបនា​មក​ខ្ញុំបាទ​ តាមរយៈអាសយដ្ឋាន លេខ​ទូរស័ព្ទ Email​ ឬ Fax ដូចមានស្រាប់ក្នុងទស្សនាវដ្តី​ខែ្មរស​ម័យថ្មី។ ខ្ញុំបាទ​រីករាយនឹង​ទទួល​យករាល់ ការកែលំអនោះ នឹង​កែ​ប្រែ ដើម្បី​ស្នាដៃ​ក្រោយ​ៗ​បន្ត​ទៀត​របស់​ខ្ញុំ​បាទកាន់តែល្អនិង​​បម្រើអ្នកអាន​ បាន​គ្រប់​ជ្រុងជ្រោយផង។
 
ភ្នំពេញ, រាត្រីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១១
ប៉ែន ផល្លា
ចាងហ្វាងទស្សនាវដ្តីខ្មែរសម័យថ្មី
 
================================

១. ឈិន ស៊ុយហុ័ង ស្តេចអង្គដំបូង ដែលទន្ទ្រានយកនគរទាំង៦ ធ្វើ​ឱ្យ​ឯក​ភាព​ភូមិ​ភាគ​កណ្តាល​ (ចុងយាន)

បំបែកខ្ទេចសម្ព័ន្ធភាពរបស់នគរទាំង ៦

ស្តេចឈិន (ស្តាំ) និងកងទ័ព (រូបចម្លាក់នៅសារៈមន្ទីរដែលគេរកឃើញ)

ក្រោយពេល ​ចេញ​រាជ​បញ្ជា​ឱ្យ​ឃុំ​ខ្លួន​​ ហាន ហ្វី រួចហើយ​មិន​ដឹង​ហេតុ​អី​ព្រះទ័យ​ស្ដេច ​ឈិន វង់ជីន ចេះ​តែ​មិន​ស្ងប់​សោះ​ ទ្រង់​ក៏ចេញ​បញ្ជា​ឱ្យ​ លី ស៊ឺ​ ដោះ​លែង​និង​បញ្ជូន​ ហាន​ ហ្វី មក​ក្រុង​ ស៊ាន​យ៉ាង។ លី ស៊ឺ​ លុតជង្គង់​ចូល​ថ្វាយ​ពី​ការ​ស្លាប់​របស់​ ហាន ហ្វី។ លី ស៊ឺ​ ម្នាក់​នេះ​ហេតុតែ​ រអៀស​ខ្លួន​ខ្លាច​ស្ដេច​ឈិន​ដឹង​ដាន​ ពី​ការ​ច្រណែន​ឈ្នានីស​របស់​គាត់​ចំពោះ​ ហាន ហ្វី ក៏​ប្រញាប់​ណែនាំ​ គួយ លាវ ឱ្យ​ស្ដេច​ឈិន​ វង់ជីន ហើយ​ គួយ​ លាវ នេះ​ជា​អ្នក​ស្រុក​ ឆាយ ​លាង នៃ​នគរ​វៃ​ ហើយ​កុំស្នាក់ នៅ​ក្រុងស៊ាន​យ៉ាន​ដែរ។

ស្ដេចឈិន ​ ទ្រង់​សណ្ដាប់​រួច​ក៏​យាង​ទៅ​រក​ គួយ លាវ ជាមួយ​ លី ស៊ឺ ក្រោយ​មក​ស្ដេចឈិន​ត្រងត្រាប់ស្ដាប់​នូវ​ល្បិច​កល​នានា​ របស់​ គួយ លាវ​ ដើម្បី​ទន្ទ្រាន​យក​ឱ្យ​បាន​នគរ​ទាំង៦។

គួយ លាវ និយាយៈ

- បណ្ដាប្រទេស​ ទាំង​នោះ​ បើ​យក​មួយៗ​ធៀប​និង​ឈិន​ បីដូច​ជា​ខេត្ដ​ខណ្ឌមួយ​របស់​ឈិន​តែ​ប៉ុណ្ណោះ។ បើ​ពួក​គេ​ច្បាំង​តតាំង​ដោយ​ឯកឯង​ទល់​និង​ឈិន នោះ​មិន​មាន​បញ្ហា​អី​ទេ តែ​បើពួក​គេ​ចង​សម្ព័ន្ធ​គ្នា​ប្រយុទ្ធ​និងឈិន។ បើ​ចង់​វាយ​ឱ្យ​ពួក​គេ​បរាជ័យ​មិន​មែន​ជា​រឿង​ស្រួល​ធ្វើ​នោះទេ។

ស្ដេចឈិន​ វង់ជីន មានបន្ទូលៈ

- វាហ្នឹង​ឯង​ជា​ប្រការ​ដែល​យើង​កំ​ពុង​ខ្វល់​ព្រះទ័យ​។ តែ​ធ្វើ​យ៉ាង​ណា​ទៅ​ទើប​ទប់​ស្កាត់់ ​មិន​ឱ្យ​ពួក​គេចង​សម្ព័ន្ធ​គ្នាបាន?

- ​រឿង​នេះ​គ្មាន​ពិបាក​នោះ​ ទេ​ក្រាបទូល។ គួយ​ លាវ​ និយាយ​បន្ដៈ សិទ្ធិ​សម្រេច​រាជ​កិច្ច​ពិសេស​គឺ​នយោបាយ​ការ​ទូត​របស់​ប្រទេស​អស់​នោះ សុទ្ធ​តែ​ស្ថិត​ក្នុង​ដៃ​ពួក​មន្ដ្រី​ធំៗ​នៃ​ប្រទេស​ទាំង​នោះ។ មន្ដ្រីអស់​ទាំង​នោះ​សុទ្ធ​តែ​ជា​អ្នក​មាន​សមត្ថភាព។ ប៉ុន្ដែ​ក្នុង​ចំណោម​នោះ​មាន​មិន​តិច​អ្នក​ទេ​គិត​តែ​ប្រយោជន៍​សួន​តួ​ដែរ​ ឱ្យ​តែ​ឃើញ​លុយ ​គឺ​ស្រវាំង​ភ្នែក។ ព្រះអង្គអាច​ប្រើ​មាស​ប្រាក់​ទិញ​ទឹក​ចិត្ដ​ពួក​គេ​កុំ​ឱ្យ​ចង​សម្ព័ន្ធ​ និង​គ្នា។ ក្រោយ​ពេល​ត្រូវ​រ៉ូវនិង​ពួក​គេ​ហើយ​ បើ​ទោះ​ជា​ស្ដេច​របស់​ពួក​គេ​ឱ្យ​សាមគ្គីគ្នា​ក៏​ពួក​គេ​ ចេះ​រក​វិធី​មិន​ រួម​សាមគ្គីគ្នាដែរ។ ប្រទេស​ឈិន ​ចំណាយ​យ៉ាង​ច្រើន​ត្រឹម​មាសប៉ុន្មាន​ម៉ឺន​តម្លឹង ​គឺ​ទប់​ស្កាត់​ ការ​រួម​សាមគ្គីរបស់​នគរទាំង៦ បានហើយ។

ស្ដេចឈិន​ វង់ជីន ​ស្ងប់ស្ងែង​ គួយ លាវ អស់​ពី​ហឫទ័យ។ ទ្រង់​ទទួល​ គួយ លាវ​ ក្នុង​កម្រិត​ដ៏​ខ្ពង់​ខ្ពស់​ រហូត​ដល់​របប​ហូប​ចុក ស្លៀក​ពាក់​ និង​របស់​ប្រើ​ប្រាស់​ប្រចាំថ្ងៃ ​មិន​ខុស​ពី​របស់​ស្ដេច​ ប៉ុន្មាន​ទេ។ មិន​ត្រឹម​ប៉ុណ្ណឹង​នោះទេ ព្រះ​រាជាអង្គ​ឯង​បាន​យាងទៅ​ជួប​ គួយ​ លាវ​ នៅ​វិវេសនដ្ឋាន​របស់​គាត់ ​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ជំនុំរាជ​កិច្ច​ថែម​ទៀត។

ដោយ​ឃើញ​ទឹក​ព្រះទ័យ​ស្ដេច​អង្គ​ចំពោះ​ខ្លួនល្អ​ពេក ​ដូច្នោះ​ គួយ​ លាវ​ មាន​កា​រ​កោត​ក្រែង​ ព្រះចេស្ដារ​ទ្រង់​ណាស់​ដែរ​ ហើយ​នៅ​មិន​សុខ ​បក់​មិន​ល្ហើយ​នោះ​ទេ។ គាត់​គិត​ថា​ស្ដេចឈិន​ វង់ជីន​ មាន​ច្រមុះ​ត្រង់​ អត់ធំ​ សម្លេង​សន្ធាប់​ដូច​តោ ក្នុង​ប្រអប់​ទ្រូង​មាន​បេះ​ដូង​ត្រជាក់​ជា​មនុស្សា​ និយម​អំពើ​ឃោរ​ឃៅ​នឹង​ ជា​អ្នក​រមិល​គុណ​ មិន​ចេះ​តបស្នង​ឱ្យអ្នក​ដទៃ​នោះទេ។ ពេល​ត្រូវ​ការ​អ្នក​ណា​ម្នាក់​មក​ប្រើ​ប្រាស់​គឺ​ ប្រែ​ក្រឡាស់​ផ្លាស់​ប្ដូរ​ចិត្ដភ្លាមៗ។ គួយ​ លាវ​ យល់​ថា​ឥឡូវ​នេះ​ ខណៈ​ដែល​ផែន​ដី​មិន​ទាន់​ឯក​ភាព​ ស្ដេច​ឈិន​នៅ​ឱ្យ​តម្លៃ​ខ្លួន​ តែ​ក្រោយ​ពេល​ផែន​ដី​ឯក​ភាព​រួច​រាល់​ហើយ​នោះ​ អាច​មិន​ត្រឹម​តែ​អាត្មាអញ​ តែឯងទេ តែមន្ត្រី​ទាំងអស់​នឹង​ក្លាយ​ជា​បាវ​បំរើ​ដាច់​ថ្លៃ​របស់​ទ្រង់​មិន​ខាន។ មនុស្ស​ប្រភេទ​នេះ ​គឺ​អាច​រួម​ទុក្ខ​តែ​មិន​អាច​រំលែក​សុខ​ជា​មួយ​គ្នា​បានទេ។ គិត​ដូច្នេះ​​ហើយ​ គួយ លាវ​ លួច​រៀបចំបង្វេច​ ហើយ​ឆ្លៀត​យប់​ងងឹត​ស្លុង​មួយ​ចាក​ចេញ​ទៅ​ដោយ​មិន​លា​មួយ​ម៉ាត់​សោះ។

ប៉ុន្មាន ​ថ្ងៃ​ក្រោយ​មក​ទើប​មន្ដ្រី​យាម​វិវេសនដ្ឋាន​ បាន​ដឹង​ហើយ​ប្រញាប់​ទូល​ថ្វាយ ​ដំណឹង​នេះ​ដល់​ស្ដេច​ឈិន។ ស្ដេចទ្រង់​ព្រះ​ពិរោធ​និង​ស្លន់​ស្លោ​ក្នុង​ហឫទ័យ​ ក្រោយ​សណ្ដាប់​ដំណឹង​នេះ។ ទ្រង់​បាន​ឱ្យ​អាមាត្យ​ត្រាច់ចរ​ចេញ​ទាំង៤ទិស ត្រូវ​រក​ឱ្យ​ឃើញ​ គួយ លាវ ត្រឡប់មកវិញ។

ទេវតាមិន​អយុត្ដិធម៌​ចំពោះ​អ្នក​មាន​ចិត្ដ​ស្មោះ​នោះ​ ទេ​ មិន​យូរ​ប៉ុន្មាន​ស្ដេច​ឈិន​រក​ឃើញ​ គួយ លាវ ហើយរក្សា​គាត់​យ៉ាង​មធ្យ័ត​ឱ្យ​បម្រើរាជ​ការ។ ស្ដេច​ឈិន​​តែង​តាំង​ គួយ លាវ​ ជា​អគ្គមហាមន្ដ្រី​គ្រប់​គ្រង​រាល់​រាជ​កិច្ច​ ក្រោម​អំណាច​តែ​ស្ដេច​មួយ​អង្គ​គត់។ ពួក​​សិស្ស​គុណ​ក្រោម​ឱវាទ​ គួយ លាវ សុទ្ធ​តែ​ទទួល​បាន​ការ​តែង​តាំង​ជា​ឧត្ដមមន្ដ្រី។ មិន​ត្រឹម​ប៉ុណ្ណឹង​ទេ ស្ដេច​អង្គ​បាន​ស្បថចំពោះមេឃ​ថា​ មិន​ឆ្លង​ស្ពាន​ រុះក្ដារ​ចំពោះ​ គួយ លាវ ឡើយ​ ហើយ​ចាត់​ទុក​ គួយ លាវ​ ដូច​បងប្អូន​ ចែក​រំលែក​សុភមង្គល​ និង​ផល​ប្រយោជន៍​ក្រោមមេឃ។ ដើម្បី​សបញ្ជាក់​ពី​ការ​តាំង​ចិត្ដ​របស់​ទ្រង់​ ស្ដេចអង្គបាន​បើក​ឃ្លាំង​បញ្ចេញរាជ​ទ្រព្យ​រាប់​ម៉ឺន​តម្លឹង​មាស​ អនុវត្ដ​ល្បិច​កល​របស់​ គួ​យ​ លាវ។

ប្រឈមមុខ​និង​សណ្ដាន​ចិត្ដ​យ៉ាង​នេះ​ គួយ លាវ បង្ខំ​ចិត្ដ​លះបង់​បំណង​រត់​គេច ​ហើយ​ស្ម័គ្របម្រើ​កិច្ចការ​ថ្វាយ​ព្រះរាជា។

បន្ទាប់ ​ពីស្ដេច​ឈិន វង់ជីន​ ​រក​បាន​មនុស្ស​ដែល​ព្រះ​រាជា​អង្គឯង​ចាត់​ទុក​ដូច​អាទិទេព​រួច​ហើយ​នោះ។ ព្រះអង្គ គោរព​ឱ្យ​តម្លៃ​យ៉ាង​ខ្ជាប់​ខ្ជួន​ រាជកិច្ច​ទាំង​តូច​ទាំង​ធំ​ ទ្រង់​សុទ្ធ​តែ​ពិគ្រោះ​ជំរុំុ​និង​មនុស្ស​នេះ​ដោយ​ឥត​រំលង។ ផែន​ការ​របស់​ គួយ លាវ​ ត្រូវ​បាន​គេ​ចាប់​ផ្ដើម​អនុវត្ដ​ តែ​ត្រូវ​អនុវត្ដ​ចំពោះ​នគរ​ណាមុន​នោះ​ជា​ក្ដី​កង្វល់​របស់​ស្ដេចឈិន។ ព្រះរាជាបាន​ត្រាស់ហៅ​ គួយ លាវ ឱ្យ​ថ្វាយ​គំនិត។

គួយ លាវ ទូលៈ

- ហាន គ័រ គឺជា​កូន​អុក​ដែល​ត្រូវ​ដើរ​មុន​ ហើយ​ព្រះ​អង្គបាន​ដើរ​រួច​ហើយ។ ជំហាន​បន្ទាប់​ព្រះអង្គ​ត្រូវ​លុក​លុយ​ ប្រទេស​ចាវ តមក​គឺ​ប្រទេស​វៃ ពីព្រោះ​នគរ​ទាំង​ពីរ​នេះ​ជា​របាំង​ខណ្ឌ​ឈិន និង​នគរ​ឯទៀត។ ក្រោយ​ពេល​កម្ទេច​ពួក​គេ​រួច​ បាន​ន័យ​ថា​ទឹក​ដី​ពាក់​កណ្ដាល​បាន​មក​ក្នុង​ដៃ​ព្រះអង្គ។ ជំហាន​ទី៣​គឺ​វាយ​យក​ប្រទេស​ ឈូ។ ក្រោយពេល​ ឈូ បាត់បង់ហើយ នោះនគរ​យាន​និង​នគរឈីក៏មិន​រស់​បាន​ដែរ។

ស្ដេចឈិន​ វង់ជីន យល់ស្របតាម​ផែន​ការ​របស់​ គួយ លាវ។ ដំបូង​ទ្រង់​ចាត់​ឱ្យ​ វង់ អ៊ាវ ដែល​ជាសិស្ស​ម្នាក់​របស់​ គួយ លាវ ចេញ​ទៅ​បញ្ចុះ​បញ្ចូល​លួង​លោម​អ្នក​មុខ​អ្នក​ការ​នៃ​នគរ​ទាំង​នោះ​ ហើយ​ចាត់​ឱ្យ​មេទ័ព​ធំមួយ​រូបឈ្មោះ ហួង អ៊ិ នាំ​ទ័ពស្រួច​១០០,០០០នាក់ ​ឆ្ពោះ​ទៅ​ចាំ​នៅ​ច្រក​ ស៊ាន​ ឃុគួង ត្រៀមខ្លួន​ទន្ទ្រាន​យក​នគរវៃ។ តំណាលៗ​គ្នា​នេះ​ វង់ ស៊ាន បាន​មក​ដល់​នគរ​វៃ​ ហើយ​សុំ​ចូល​គាល់​ ស្ដេចវៃ​ ហើយ​ពន្យល់​អូសទាញ​ឱ្យ​ស្ដេចវៃ​សុំ​ជំនួយ​ពីស្ដេចចាវ។ ស្ដេចវៃ ហេតុ​តែ​មិន​ដឹង​ក៏​សរសេរ​ចុតហ្មាយ​ឱ្យ​ វង់ អ៊ាវ ហើយ​តែ​ងតាំង​ វង់ អ៊ាវ ជា​រាជទូត​ទៅ​សុំ​អន្ដរាគមន៍​ពីស្ដេចចាវ ហើយ​ទ្រង់​បាន​ប្រទាន​មាស​សុទ្ធ ៣.០០០តម្លឹង​ឱ្យ​ វង់ អ៊ាវ​ ធ្វើ​សោហ៊ុយ​ក្នុង​បេសកម្មមួួយ​ហ្នឹង។

ពេល​ មក​ដល់​នគរ​ចាវ វង់ អ៊ាវ សុំជួប​សម្ដែង​ការ​គួរ​សមនិង​ គួក​ ខាយ ​ហើយ​យក​អស់​មាស ៣.០០០ តម្លឹង​នោះ​ប្រគល់​ឱ្យ​ គួក ខាយ​ ហើយ​ពន្យល់​អូសទាញ ​គួក ខាយ ឱ្យ​ព្រម​ជួយ​នគរវៃ ដោយ​បង្ហាញ​ជូន​ គួក ខាយ នូវ​គុណ​សម្បត្ដិ​និង​គុណ​វិបត្ដិ​នៃ​ការ​ជួយ​នគរ​វៃ។ ក្រោយ​មក​ទើប​ វង់ អ៊ាវ ចូល​គាល់​ស្ដេច​ចាវ ហើយ​ថ្វាយ​ចុតហ្មាយ​ឱ្យ​ទ្រង់។ ដោយ​បាន​ទទួល​មាស​ យ៉ាងសន្ធាប់ពី វង់ អ៊ាវ គួក ខាយ​ បូរបាច់​ទូល​ថ្វាយ​គ្រប់​ប្រការ​ រហូត​ស្ដេចចាវ សព្វ​ព្រះទ័យ​ត្រាស់​បង្គាប់​ឱ្យ​មេទ័ព​ធំឈ្មោះ ហ៊ូ ជៀក នាំទ័ព​ស្រួច ​៥០,០០០នាក់ ឆ្ពោះទៅច្រក អ៊ាក ឃុន​ដើម្បីជួយ​នគរវៃ។

វង់ អ៊ាវ ថ្វាយព័ត៌មាន​នេះ​ដល់​ស្ដេចឈិន វង់ជីន។ ស្ដេចឈិន ចេញបញ្ជា​ឱ្យ​ ហួង អ៊ិ នាំទ័ព​ទៅវាយ​នៅច្រក​ អ៊ក ឃុន។ ពេល​ ហួង អ៊ិ​ នាំទ័ព​មក​ដល់​ ហ៊ូ ជៀក បើទ្វារ​កំផែង​ចេញ​ច្បាំង​ភ្លាម។ រេហ៍ពល​នគរ​​ទាំង​ពីរ​ច្បាំងគ្នាយ៉ាង​ធំសម្បើម​នៅ​ គូ សាន លទ្ធផល​គឺ ហ្វ៊ ចៀក​បាក់​ទ័ព​ ហួង​ អិុ ដណ្ដើម​បាន​ក្រុង​បី​នៅ អ៊ាក ឃុន ហើយ​លើក​ទ័ព​សម្រុកទៅ​មុខ​ដូច​ពុះឫស្សីដណ្ដើម​បាន​ផែន​ដី​ ៩ក្រុង​ទៀត​របស់​ នគរ​ចាវ។ ទ័ពស្រួច​របស់​ ហ៊ូ​ ជៀក​ បាន​រត់​ខ្ចាត់ខ្ចាយ​រហូត​ដល់​ក្រុង​ អ៊ី​ អាន​ ទើប​អាច​ប្រមូល​ផ្ដុំ​គ្នា​បានវិញ ហើយ​តតាំង​និង​ទ័ព​ឈិន​បន្ដទៀត​។ ហ៊ូ ជៀក បាន​ចាត់​វិរសារនាំ​ដំណឹង​នេះ​ទូល​ថ្វាយ​ស្ដេច​ចាវ ៗឈ្វេង​យល់​ថា​ទ្រង់​បាន​ចាញ់​កល​ វង់ អ៊ាវ ហើយ​សុខៗ​យក​ជ័រ​ព្នៅ​ត្បៀកឃ្លៀក​ដោយ​​អង្គ​ឯង​ហើយ​នេះ​។​ តែ​អ្វីៗ​បាន​ហួស​ពេល​​ទៅ​ហើយ​ ប្រទេស​ឈិន​បាន​លើក​ទ័ព​ទន្ទ្រាន​យក​ចាវ ដូចទឹក​បាក់​ទំនប់។ មេទ័ព​ល្អៗ​របស់​ចាវ ត្រូវ​ពលីក្នុងចម្បាំង​ជា​បន្ដគ្នា​ រហូត​លែង​មាន​នរណា​ម្នាក់​អាច​នាំទ័ព​ចេញ​តតាំង​និងទ័ព​ឈិន​បាន។ មាន​អ្នក​ខ្លះ​លើក​ឡើង​ពី​លោក​មេទ័ព​ លាម ផា តែ​គួរ​ឱ្យ​សង្វេគ​ត្បិត​គាត់​ចាស់​ជរា​ពេក​ហើយ។ តែ​ដាច់ខាត់​ត្រូវ​មាន​នរណា​ម្នាក់​នាំ​ទ័ព​ចេញ​ច្បាំង​ ហេតុ​នេះ​ពួក​គេ​បង្ខំ​ចិត្ដ​កោះហៅ​ លាម ផា ដ៏​ចាស់​ម្នាក់​នេះទៅ។

គ្រោះ ​អកុសល​គឺ​ គួក ខាយ ដែល​បាន​សំណូកពី វង់​ អាវ ផង បូកផ្សំ​ លាម ផា មិន​គោរព​គាត់​ផង​ គួក ខាយ រមែងគំកួន​និង​បន្ទុ​ចង្អាក់​ លាម ផា។ ហេតុនេះ​ស្ដេច​ចាវក៏​មិន​ប្រើប្រាស់​ លាម ផា ដូច្នេះ​ក្ដី​សង្ឃឹម​ចុង​ក្រោយ​ត្រូវ​រលាយ​បាត់។ ទ្រង់​ក៏​ប្រឈួន​ ត្បិត​ភ័យ​ផង​ ព្រួយផង​ ហើយ​មិន​យូរ​ក្រោយ​មក​ទ្រង់​សោយ​ទីវង្គត​ទៅ។ រាជ​បុត្រ​ ធា​នឡើងស្នងរាជ្យ ហើយ​តែង​តាំង​ គួយ ខាយ ជាមហាឧបរាជ ត្បិតរាជបុត្រអង្គ​នេះ​ជា​សិស្ស​របស់​ គួក ខាយ។

មេទ័ព​ ហួង អ៊ិ របស់ឈិន ឆ្លៀតពេល​នគរចាវ​កាន់​ទុក្ខ​អតីត​ព្រះ​រាជា ​ក៏​លើក​ទ័ព​វាយ​សម្រុក​យក​បាន​ ក្រុង ​អ៊ី​ អាន​ ហើយ​រុលមក​ក្បែរក្រុង​ ស៊ាន តាន រាជធានី​នគរ​ចាវ។ ស្ដេចថ្មីរបស់ចាវ តែងតាំង​ លិ មុះនាំទ័ព ១៥០,០០០ចេញទៅតតាំង។

លិមុះ ដឹកនាំកងទ័ពស្រួចឆ្ពោះទៅសមរភូមិមុខ ហើយផើ្តមជីកលេដ្ឋានលើក​កម្ពស់កំពែង ដើម្បីទប់ស្កាត់​ការលុក​លុយ​របស់​សត្រូវ និងរក្សាទ័ពក្នុងបន្ទាយធំមិន​ព្រមចេញច្បាំង។ ឆ្លៀតពេល ហួង អ៊ិ បញ្ជាទ័ពឱ្យសម្រុកចូល លិមុះ បែង​ចែក​កង​ទ័ព​របស់ខ្លួនជាបីពួក ឆ្មក់ឱកាស​យប់ងងឹតវាយចូលជំរុំធំរបស់ទ័ពឈិន។ ហួង អ៊ិ ដែលស្មានមិនដល់ថា លិមុះ ហ៊ាន​ឆ្មក់វាយដូចេ្នះទើបមិនបានត្រៀមទុកមុន អព្ចឹាងក៏ត្រូវទាហានចាវវាយឱ្យខ្ទេចខ្ទាំ​ អស់នូវជំរុំជម្រកទាំងអម្បាលមាណបង្ខំ​ចិត្តដកទ័ពចេញពី កាន ស៊ាន ហើយអ្វីដែល​ស្មានមិនដល់មួយទៀត​គឺលើដំណើរ​ដកទ័ព ហួង អ៊ិ ត្រូវ​ទាហាន​បង្កប់​មុន​របស់់​ ​លិមុះ ស្កាត់វាយមួយសាទៀតជាហេតុធើ្វ​ឱ្យ ហួង អ៊ិ ត្រូវទទួលបរាជ័យយ៉ាងអាម៉ាស​ជាទីបំផុត។

ស្តេច ឈិន វង់ជីន ពេលទតឃើញ ហួង អ៊ិ ដែលបាក់ទ័ពត្រឡប់មកវិញ នោះទ្រង់ព្រះពិរោធយ៉ាងខ្លាំងដកអស់យក​សកិ្តក្នុងជួរកងទ័ពរបស់ ហួង អ៊ិ ហើយ​ទំលាក់ទៅជារាស្រ្តសាមញ្ញវិញរួចទ្រង់​តែងតាំង វង់ស៊ាន និងយ៉ាង ទាន់ហឺន ឱ្យធើ្វ​ជាមេទ័ពធំនាំទ័ពរៀងៗគ្នាពីរកងធំៗ ចេញ​ទៅ​ប្រាបប្រាមនគរចាវបន្តទៀត។ តែលិមុះ​មិនមែនធម្មតាឯណា គេបាន​រៀបចំ​ជើង​ព្រួល​​មុនជាស្រេច ទើបទ័ពឈិន​មិន​អាច​ទទួលបានជ័យជំនះភ្លាមៗទេ។ ដំណឹងពី​សមរភូមិមុខត្រូវបានគេទូល​ថ្វាយ ស្តេច ឈិន វង់ជីន ជាទៀងទាត់។ ស្តេច ឈិន វង់ជីន ទ្រូងមាន​ព្រះបញ្ញាញាណ​លើស​អ្នកផង ដូច្នេះទ្រង់ប្រើល្បិចបញ្ចូន វង់ អាវ ជ្រៀតចូលនគរចាវ ទាក់ទង រនុកក្នុង គឺ ធួកខាយ ឱ្យគេបំផុសព័ត៌មានថា លិមុះ​ត្រូវរូវ​គ្នានិង វង់ស៊ាន របស់​ឈិន ហើយ​​ត្រៀមក្បត់ស្តេចចាវ។ តំណាលគ្នាហ្នឹង វង់ស៊ានក៏ធ្វើជាចរចា និង លិមុះ បញ្ចប់​ចម្បាំង ទើបមាន​អ្នកនាំសារ​និង​មន្រី្ត​ទូត​​ឆ្លង​ទៅឆ្លងមកជាហូរហែ។

ស្តេច ចាវ បានចាញ់ឧបាយកលស្តេច ឈិន ទើបបញ្ចូន ចាវ ថុង ឱ្យចេញទៅជំនួស លិមុះ។ យោងលើ​ស្ថានភាព​សឹក​តាន​តឹង​​ពេក ម្យ៉ាងសម័យកាលនោះមេទ័ពនៅ​សមរ​ភូមិអាចមិនធ្វើតាមបញ្ជាស្តេចបាន បើ​ស្ថានភាពតម្រូវដូច្នោះ ទើបលិមុះ មិន​ព្រម​​ផ្ទេរត្រាបញ្ជាទ័ពឱ្យ ចាវថុង ។ គួក ខាយ ឆ្លៀត​ឱកាសនេះ ពិតទូលស្តេចចាវ លិមុះ ពិតជា​បម្រុង​ក្បត់​មែន​ហើយ​ទើប​មិនព្រមផ្ទេរអំណាចទ័ពឱ្យ ចាវថុង។ លិមុះ ហួស​ចិត្តនិងស្តេចត្រចៀកស ក៏លួច រត់ចោរ​បន្ទាយ​ទ័ព​ក្នុង​ពេល​រាត្រី​ងងឹត​ឆ្លុះ​ភែ្នកមិនយល់ ដោយព្យួរត្រាទ័ពលើជញ្ជាំង​បន្ទាយ។ ​ចាវ ថុង ហេតុតែល្ងង់ និងចង់​សម្តែងឫទិ្ធដាក់ លិមុះ និងអស់ពួក ពល​រេហ៌ ក៏ ចាត់​ទាហានស្វែងរក លិមុះ ទាល់តែឃើញរួចសម្លាប់ចោលដោយគ្មានជំនុំជម្រះទេ។

ទទួលបានដំណឹង លិមុះ ត្រូវគ្នាឯងប្រល័យរួចមក វង់ស៊ាន និង យ៉ាង ទាន់ហឺ សប្បាយស្ទើរហោះនាំ ទ័ពពីរ​កង​ធំៗ​សម្រុក​វាយ​ចូលបន្ទាយចាវ ។ រាជធានី ហាន តាន របស់នគរ ចាវ ប្រឈមមុខ និងគ្រោះកាច មិនខុស​ពីជួងដ៏ធំ ត្រូវ​បាន​គេ​ព្យួរ​និង​សរសៃ​អំបោះឆ្មារៗ។ ខណៈនេះស្តេចឈិន វង់ជីន ត្រាស់បង្គាប់ឱ្យលី ស៊ឺ នាំទ័ពស្រួច ៣០ ០០០នាក់ដង្ហែព្រះរាជាអង្គឯង​នាំគ្នាទៅជាជំនួយដល់ វង់ ស៊ាននិង យ៉ាង ទាន់ហឺ ដើម្បី​កំទេចនគរចាវ ។

ស្តេចក្មេងរបស់ ចាវ ទម្រាំតែយល់ការគឺគ្រប់យ៉ាង​ហួសពេលអស់ទៅហើយ ទើបទ្រង់សោកសង្រេងជាអនេកនិងមិនដឹងថា ត្រូវលៃលកយ៉ាងណា ។ គួក ខាយ ឆក់យកវេលានេះបញ្ចុះបញ្ជូនស្តេច ចាវ ឱ្យ​ចុះចាញ់ ។ ស្តេច ចាវពិតជាចង់ចុះញ៉ម តែខ្លាច ស្តេច ឈិន វង់ជីន ធើ្វគតខ្លួន ទើបទ្រង់នៅអល់អែក គួក ខាយ ឃើញដូច្នេះក៏ទូលថា របស់ដែលស្តេចឈិន វង់ជីន សព្វព្រះទ័យ​ជាងគេគឺ ត្បូងពេជ្រ ហឺស៊ី ។ ហេតុ​នេះ​សូម​ព្រះអង្​គ​យក​ផែន​ទីក្រុង ហាន តាន និង ត្បូង​ពេជ្រ នោះ​ទៅថ្វាយ​ស្តេច ឈិន ទៅប្រាកដជាបាន​សុខសប្បាយមិនខានទេក្រាបទូល ។

ស្តេចក្មេងរបស់ចាវ នៅទីបំផុតក៏សរសេរចុត​ហ្មាយសុំចុះចាញ់ ហើយក្រុងហានតាន ទាំងមូលត្រូវ​ទាហាន​ឈិនត្រួតត្រា ។

ស្តេច ឈិន វង់ជីន សព្វព្រះទ័យជាពន់ពេកដាក់​បញ្ជាឱ្យទាហានសម្រុកចូលក្រុងហានតាន សំដៅ​ទៅរាជរបស់ស្តេចចាវ ។ ស្តេចចាវ លុតជង្គង់ថ្វាយបង្គំ និង ថ្វាយនូវផែនទីក្រុងហានតាន ព្រមទាំងត្បូង​ពេជ្រ​ដ៏​ល្អល្អះ ។

ស្តេច ឈិន វង់ជីន ទទួលយកដោយព្រះភក្រ្ត រីករាយ ហើយស្តេចទ្រូងលូកព្រះហស្ថទៅកាន់ត្បូងហឺស៊ី មក​ទត​យ៉ាង​យក​ចិត្ត​ទុកដាក់ ។ ត្បូងនេះមាន​ពន្លឺចែងចំាងអស្ចារ្យ តែព្រះនេត្ររបស់ស្តេចឈិន ក៏ភឺ្លថ្លាមិនចាញ់ត្បូង ហឺស៊ី ដែរ ។ ក្នុង​ព្រះ​ទ័យ​ទ្រង់គិតថា តើនេះជាត្បូងពេជ្រដែលគ្រាមុនព្រះអយ្យកោរបស់យើងគឺស្តេច ឈិន ជាវវង់ ព្រមដូរជាមួយក្រុង​ចំនួន១៥ មែនឬ? តើនេះជាត្បូងពេជ្រដែលការ​នៅយុវជន យើងប្រាថ្នាយកឱ្យខាងតែបានមែនទេ ? តើនេះ​ជា​ត្បូង​ពេជ្រ​ដែល​គ្រប់​គ្នា​សើ្ងចសរសើរមែនទេ? ពិត​ហើយគឺវា ។ ពោលគឺប្រាថ្នាដំបូងរបស់យើង បាន​ក្លាយ​ជាការពិត ដូច្នេះ​សុបិន​ក្តោប​ក្តាប់​អាណាចក្រ​ទំាងមូល​​ ក៏នឹងក្លាយជាការពិតក្នុងវេលាដ៏ខ្លីខាងមុខមិនខាន ។ ក្នុងរាជវាំងរបស់នគរ ចាវ នាត្រានោះលឺសូរ​តែ​សំណើច​ក្អាកក្អាយសប្បាយព្រះទ័យរបស់ស្តេចឈិន វង់ជីនតែប៉ុណ្ណោះ។

ក្នុងខណៈដែលស្តេចឈិន វង់ជីន រួមជាមួយលី ស៊ឺ និង គួយលាវ មមាញឹកក្នុងការរៀបចំយុទ្ធវិធីធ្វើឱ្យ​ឯកភាពអាណាចក្រ នោះមាន​បុរសម្នាក់​រូបអាក្រក់​អាក្រី​សក់ក្បាល កន្រ្ទីងកន្រើ្ទងលួចរត់ចេញពីក្រុង ស៊ាន យ៉ាង រាជធានីប្រទេសឈិន ។ ប៉ុន្មានថ្ងៃក្រោយ​មកពួកអាមាត្យបានទូលស្តេច ឈិន វង់ជីន ថារាជ​ទាយាទតាន នៃនគរយាន ដែលជាចំណាប់ខ្មាំង​នៃ​នគរ​ឈិន បានលួចរត់ហើយ ។ ព្រះរាជាទ្រង់ពិតជា​ភ្ងាក់ផ្អើល និងខ្ងាល់សម្បើមណាស់ តែទោះបីប្រើ​មធ្យោ​បាយ​ណាក៏​គ្មាន​នរណា​បានដឹងថា រាជ​ទាយាទ​តាន លួច​ភៀសព្រះកាយ​ដោយមធ្យោបាយ​ណា​សោះឡើយ ។ ​ព្រះរាជាទ្រង់ព្រះតម្រិះថា បើ​ទោះ​ជាអាមាត្យឱ្យដេញ​តាមក៏គង់មិនទាន់ ហើយទ្រង់​ប្រាកដ​ព្រះទ័យថា នៅទី​បំផុត រាជទាយាទ​ តាន គង់​តែ​ធ្លាក់​ក្នុង​កណ្តាប់​ដៃទ្រង់ដដែលទើបព្រះអង្គឈប់ដេញដោលពីរឿងហ្នឹងទៅ។

និយាយពីរាជទាយាទ តាន នៃប្រទេសយានវិញ ក្រោយពេលលួចរត់រួចពីនគរឈិន ត្រឡប់មកដល់​មាតុភូមិវិញ ទ្រង់​យល់​ថា ​បើទោះជាខិតខំហឹ្វកហឺ្វន កង​​ទ័ព​​ត្រៀមទប់ទល់និងឈិន ក៏យឺតពេលទៅហើយ។ ហេតុនេះទ្រង់នឹកឃើញ​កល​ល្បិច​មួយ​គឺជ្រើសរើសឃាតក ទៅធើ្វឃាតស្តេច ឈិន វង់ជីន ដូច្នោះទ្រង់ក៏ចំណាយរាជទ្រព្យយ៉ាងច្រើនដើម្បីជ្រើសអ្នកស្ម័គ្រ​ចិត្ត។ ទង្វើនេះរបស់ទ្រង់ហុចផលបានល្អណាស់ មិន​យូរក្រោយមក មានអ្នកក្លាហានជាច្រើន មកពីគ្រប់​ទិស​ ទីតំបន់ ស្ម័គ្រ​ធើ្វការ​នេះថ្វាយទ្រង់ ហើយក្នុង​ចំនោមនេះលេចធ្លោជាងគេគឺ ឈិន អ៊ូយ៉ាង ។ បុរស​នេះហ៊ាន​សម្លាប់​សត្រូវ​របស់​ខ្លួន​ដោយ​មិន​ញញើតដៃនៅ​កណ្តាល​ចំណោម​ មហាជនក្នុងពេលថ្ងៃភ្លឺចែស។ រាជទាយាន តាន នៃនគរយាន ដោយត្រូវការអ្នក​ក្លាហាន​ ក៏លើកលែងទោសមនុស្សឃាតឱ្យគេ ហើយបញ្ជូនបុរសនេះទៅក្នុងក្រុមវិវារជំនិតរបស់ទ្រង់។ ទន្ទឹងនឹងនេះ ផាន អ៊ូឈី ត្រូវបានរាជទាយានតាន ឱ្យតម្លៃយ៉ាងខ្លាំង​ថែម​ទាំង​បាន​សាងដំណាក់មួយ ដ៏ហំហានលើច្រាំង​ទន្លេ​យៀក ដ៏ល្បី​ឈ្មោះ​ឱ្យ ផាន អ៊ូឈី ថែមទៀតផង។

មានវេលាថ្ងៃមួយ រាជទាយាទតាន សួររាជគ្រូ​ឈ្មោះ ឃូ អ៊ូ​ ថា​ ក្នុងនគរយើងសព្វថ្ងៃ មានអ្នកពូកែជាញជ័យដែរ​​ឬទេ ? ឃូ អ៊ូ ណែនាំបញ្ញាវន្ត ទៀន គួង ឱ្យ រាជ​ទាយាទតាន ។ ដោយហេតុតែចង់​បាន​មនុស្ស​ខ្លាំងពូកែមកធ្វើការថ្វាយទ្រង់ រាជ​ទាយាទ តាន ​​មិនបង្អង់យូរឱ្យ ឃូ អ៊ូ ជូនដំណើរ​ដោយ​រទេះ​សេះ​ទៅជួប ទៀន គួង ភ្លាម ។ ទៀន គួង ឃើញ ​រាជទាយាទ​មានសមាណចិត្តក៏ទូលថ្វាយនៅល្បិច​កល​សមប្រកបនានា តែបដិសេធមិនព្រមធើ្វការឱ្យ​ទ្រង់ផ្ទាល់ ត្បិតវ័យចាស់ជរា។ រាជ​ទាយាទ​តាន សួរ ទៀន គួង ថាគាត់មានស្គាល់នរណាមានចិត្តក្លាហាន កំលាំងពលីអស្ចារ្យ ហ៊ានធើ្វឃាតស្តេចឈិន វង់ជីន ឬទេ? ទៀន គួង សញ្ជឹងគិត​មួយសំទុះក៏ទូលថ្វាយពី ជីង ខឹ ហើយ​សន្យាថា​នឹងបញ្ចុះបញ្ចូល ជីង ខឹ ឱ្យ​ទទួល​ធើ្វការនេះ​ថ្វាយ រាជទាយាទតាន ។ រាជ​ទាយាទតាន សព្វព្រះទ័យ​ជាអនេក ហើយ​យក​រាជរថ​ ដែលទ្រង់​កំពុងគង់ឱ្យទៅ ទៀន គួង ហើយ​ផ្តាំ ទៀន គួង ឱ្យរក្សាជា​សម្ងាត់​នូវប្រតិបតិ្តការ​មួយនេះ ។

អស់មួយរយៈយូរក្រោយមក រាជទាយាទតាន មិន​បានឃើញ ទៀន គួង មកគាល់ ធ្វើឱ្យទ្រង់ពិភាល់​ក្នុងហរទ័យជាអនេក ។ ខណៈ​ដែល រាជទាយាទតាន បម្រុងចេញទៅស្វែងរក ទៀន គួង បែរជា ជីង ខឹ ជិះរទេះ​ដែលទ្រង់រាជទានឱ្យ ទៀន គួង មក​គាល់​ទ្រង់​ក្នុង​រាជវាំងទៅវិញ។ រាជទាយាទ ត្រេកអរយ៉ាងអនេក ក៏សួរ ជីង ខឹ ទូលថា ៖

ដើម្បីរក្សាការសម្ងាត់ថ្វាយទ្រង់ បញ្ញាវន្ត ទៀន គួង ធ្វើអត្តឃាតហើយទ្រង់ក្រាបទូល ។

រាជទាយាទតាន រន្ធត់ចិត្តនិងដឹងគុណរហូត យំ ដូច​កូនក្មេងបាត់ម្តាយហើយស្រដីថា:

បញ្ញាវន្ត ទៀន គួង តើគ្មានវិធីណាល្អជាងនេះទេឬ?

និយាយចប់ទ្រង់ដាក់បញ្ជាឱ្យមន្ត្រីក្រោមឱវាទ រៀបចំប្រដាប់ប្រដារប្រារព្ធបុណ្យសពកម្រិតជាតិ ឱ្យ ទៀនគួង ហើយទ្រង់​អង្គឯង​ក៏ចូលរួមគោរព​វិញ្ញាណក្ខន្ធ ទៀន គួង ដែរ។

បណ្តាថ្ងៃខែតមកទៀត រាជទាយាទតាន ទទួល​ផ្គត់ផ្គង់ ជីង ខឹ យ៉ាងគ្រប់គ្រាន់មិនឱ្យខ្វះចន្លោះឡើយ។ ពោល​គឺ​អាកប្ប​កិរិយា​របស់ រាជទាយាទតាន​ល្អ​ចំពោះ ជីង ខឹ មិនខុសអីកូនល្អ​ចំពោះឪពុកម្តាយ​អញ្ជឹង។ តបចំពោះ​ទឹក​ព្រះ​ទ័យ​របស់​រាជ​ទាយាទ​​តាន ជីង ខឹ សច្ចា​ថានឹងពលីខ្លួនដើម្បីបុព្វហេតុ​សម្លាប់ស្តេច ឈិន វង់ជីន ឱ្យរាជទាយាទ តាន ។

និយាយពីស្តេច ឈិន វង់ជីន វិញក្រោយពេលបានផ្តួលរំលំនគរចាវរួចមក ញុំាងឱ្យទឹកព្រះទ័យ​របស់​ ទ្រង់ក្លៀវក្លាជាអនេក ហើយ​ចាត់ឱ្យមេទ័ព វង់ ស៊ាន នាំរេហ៍ពលមួយកងធំសំដៅទៅលុកលុយ កាន់​ប្រទេសយាន ។ ចំណែកឯ រាជទាយាទតាន ដែលបាន​ដឹងថា ហេតុការណ៍នេះប្រាកដជាឡើងហើយនោះ ទ្រង់មិនតក់ស្លុតសោះឡើយ ហើយបាននិយាយទៅ ជីង ខឹ ថា៖ មិនយូរទៀតឡើយ ទ័ពឈិន នឹង​វាយប្រហារ​​ប្រទេសយើងហើយ ។ តើអ្នកជំនិត មាន​ឧបាយកល​អី​ដើម្បី​បំបាត់​គ្រោះភ័យ​មួយនេះឱ្យរា​ស្រ្ត​ប្រជានិង​ នគរយានរបស់យើង?

ជីង ខឹ លើកដៃនិងឱនក្បាល ហើយឆ្លើយ​តប៖ ទូលបង្គំបានគិតគ្រប់ជ្រុងជ្រោយហើយ ។ ប្រសិន​បើមិនបាន​ទទួល​សេចក្តី​ទុក​ចិត្តពីស្តេចឈិន វង់ជីន ជាមុនទេ បែបពិបាក នឹងចូលកៀក នឹង​ស្តេច​ដ៏ឃោរឃៅ​នោះណាស់។ បើ​ដូច្នោះ គឺ​មិន​អាច​ធ្វើ​ឃាត​ ស្តេចអង្គនោះបានទេ ។ តាមទូលបង្គំយល់ ផាន អ៊ូឈី ដែលជាមេទ័ពក្បត់របស់ប្រទេសឈិន ហើយធា្លប់ត្រូវ​បាន​នគរ​ឈិន​ កាត់ថ្លៃក្បាល់គាត់ ដល់រាប់ម៉ឺន​តម្លឹងមាស ហើយស្តេចឈិនក៏ស្រេកឃ្លាន​ដែនដីតំបន់ ទូជាន របស់​យើងដែរ ។ ហេតុនេះ បើបានក្បាល ផាន អ៊ូឈី និង​ផែនទីដែនដី ទូជាន ទៅថ្វាយដល់ស្តេចឈិន វង់ជីន ទូលបង្គំជឿថាស្តេច​អង្គ​នេះ​ប្រាកដ​ជាយល់ព្រមទទួល​និង ជឿជាក់ទូល បង្គំមិនខាន ។ វេលានោះហើយ ដែល​ទូលបង្គំជាខ្ញុំមាន ឱកាស​តប​ស្នង​ព្រះ​គុណ​រាជ​ទាយាទ​វិញ ។

កុំថាដែនដីតំបន់ ទូជាន តែមួយ ទោះ១០ដងទូជាន ក៏ខ្ញុំមិនស្តាយដែរឱ្យតែសម្លាប់ឈិន វង់ជីនបាន។ ប៉ុន្តែករណី ផាន អ៊ូឈី គឺពិបាកបន្តិច! លោកគិតមើល គេខំគេចពីស្លាប់មករកយើង ហើយ​យើងជម្រុញ​គេឱ្យស្លាប់វិញ។ វិចារណញ្ញាណ​ខ្ញុំ​និង សីលធម៍​ជនជាតិយាន មិនឱ្យខ្ញុំធ្វើអញ្ជឹងទេ!

ជីង ខឹ ទូល៖ ណ្ហើយចុះ! រាជទាយាទត្រៀម ផែន​ទី​ឱ្យ​ទូលបង្គំទៅ ឯរឿងក្បាល ផាន អ៊ូឈី ទុក​ពិភាក្សា​​គ្នា​តាម​ក្រោយ​ក៏​មិន​យឺត​ពេលដែរក្រាប​ទូល ។

បន្ទាប់ពីបែកចេញពីការជំនុំ និងរាជទាយាទតាន ជីង ខឹ ធើ្វដំណើរទៅកាន់ដំណាក់របស់ ផាន អ៊ូឈី ។ ក្រោយពេលបានជួប ផាន អ៊ូឈី ហើយ ជីង ខឹ បានប្រើគ្រប់មធ្យោបាយ និយាយបញ្ចុះបញ្ជូលនិងជម្រុញទឹកចិត្ត ផាន អ៊ូឈី រហូត​ដល់​បុរស​អភ័ព្វ​ត្រកូល ផាន សុខចិត្តធើ្វអត្តឃាត ហើយឱ្យជីង ខឹ កាត់យកក្បាល។

មិនបង្អង់យូរ ជីង ខឹ បានរៀបចំចេញដំណើរទៅនគរឈិន ក្នុងថៃ្ងជាមួយគ្នាហ្នឹងតែម្តង ហើយ​រាជ​ទាយាទបានចាត់ឱ្យ ស៊ិន អ៊ូយ៉ាង ទៅជាមួយ​ដើម្បី​ជួយ ជីង ខឹ រីឯរាជទាយាទអង្គឯងបាននាំបរិវារ​ក្រោម​បង្គាប់ និងមិត្តភកិ្តមួយក្រុមធំ ទៅជូនដំណើរ ជីង ខឹ រហូតដល់កំពង់ទូក ។ ដោយការតំាងចិត្តថា ទោះ​ជោគជ័យ ឬ បរាជ័យ ក៏ដោយ ខ្លួនគេ (ជីង ខឹ) នឹង​គ្មាន​ជីវិត​ត្រឡប់​មក​វិញ​ឡើយ ជីង ខឹ បានឈរ​យ៉ាងខែងរ៉ែង​ក្បាលទូក បែរមុខ​មក​ក្រោយ​ច្រៀងរងំនូវបទចម្រៀង ដ៏​លន្លង់​លន្លោច​ថា "ខ្យល់រសៀកៗ​នៃទន្លេយៀកស៊ុយ ធើ្វឱ្យរងាក្នុងដួង​ចិត្ត ​អ្នកក្លាហានស្ម័គ្រស្លាប់ប្រើជាតិ។ ការចាកចេញ​លើកនេះ​ប្រកដ​ជា​លា​ទន្លេ យៀកស៊ុយ​ជារៀង​រហូត​ហើយ...."។

ស្តេចឈិន វង់ជីន បើទោះជាយល់សបិ្ត ក៏មិននឹក​ស្មានថាខណៈដែលទ្រង់កំពុងមានសំទុះចិត្ត កំពុងត្រេក​​ត្រអាល​ក្នុង​ជ័យ​ជំនះ និងសឹកសង្រ្គាមនានាជាមួយ​ក្តី​ស្រមៃថា នគរទំាង៦ ប្រាកដជាក្លាយជារបស់ទ្រង់បែរ​ជា​មាន​ឃាតកពីរនាក់ មក​ពី​ប្រទេស​យាន កំពុងតែចូល កៀករូបទ្រង់​ជាសន្សឹមៗ ។ ជីង ខឹ និង ស៊ិន​អ៊ូយ៉ាង ​ពេលទៅដល់ក្រុង ស៊ានយ៉ាង ហើយ​ក៏ចូល​ទៅស្នាក់​នៅ​​​ក្នុងដំណាក់សម្រាប់ទូតមកពីប្រទេសក្រៅរបស់​នគរឈិន ។ ក្នុងវេលាស្នាក់នៅក្នុងដំណាក់នេះ រង់ចាំគាល់​ស្តេច ឈិន វង់ជីន ពួកគេស៊ើបដឹងថា ម៉ឹង ជា ដែលជាកូនប្រុសរបស់មេទ័ពឈ្មោះ  ម៉ឹង អាវ ត្រូវ​បានស្តេច ឈិន សព្វព្រះទ័យខ្លាំង ។ អ្នកទាំងយកមាសរាប់ពាន់តម្លឹងសូកឱ្យ ម៉ឹង ជា ហើយសូមឱ្យ ម៉ឹង ជា ចូលស្តេចឈិន វង់ជីន ថា "នគរយាន​ធ្លាប់ខ្លាចចបារមី​របស់ព្រះអង្គណាស់ ថ្ងៃនេះសូមយកដង្វាយមកថ្វាយ និងដាក់ខ្លួនជានគរចំណុះនគរឈិន និងសុំព្រះអង្គ ឈិនកុំវាយនគរយាន" ។ ស្តេចឈិន វង់ជីន គ្រាដែល បានជ្រាបថា ទូតមកពីនគរយាន នាំមកជាមួយនូវសារ សុំចុះចាញ់ ផែនទីតំបន់ ទូ ជាន និងក្បាល ផាន អ៊ូឈី នោះក្នុងព្រះទ័យទ្រង់រំភើបដូចថ្ងៃបុណ្យ រកអ្វីមកធៀប សឹងមិនបាន ហើយ​ប្រញាប់ប្រញាល់ស្លៀកពាក់ព្រះភូសា និងឱ្យទូតចូលគល់ឱ្យនៅដំណាក់សវនាការ ក្នុងក្រុង ស៊ាន យ៉ាង ។

ជីង ខឹ កាន់ប្រអប់ដាក់ក្បាល ផាន អ៊ូឈី ចំណែក ស៊ិន អ៊ូយ៉ាង កាន់ដាក់ផែនទីតំបន់ទូជាន ដើរតាម ក្រោយ​ខណៈពេល​ចូល​គាល់ស្តេច ឈិន វង់ជីន ។ ដំណាក់នគរឈិន បីដូចជា​មាន​អំណាច​អ្វីមួយ​យ៉ាងចម្លែក​ អ្នក​ការទូត​ទំាងពីរ​ត្រូវ​ដើរ​ចន្លោះ​កងទាហានមាឌមាំៗដៃកាន់សាស្រ្តាវុធយ៉ាងណែន ឈរតម្រៀបជាជួររាប់រយនាក់ មុននឹង​បាន​ទៅដល់​ខឿនបី​ថ្នាក់​ដែល​តំកល់ រាជបល្ល័ង្ក របស់ស្តេចឈិន ហើយទ្រង់គង់យ៉ាងស្ងៀមស្ងាត់ប្រកបដោយតេជៈបារមី ខុសធម្មតា លើបល្ល័ង្កនោះ។

ស៊ិន អ៊ូយ៉ាង ទទួលអារម្មណ៍ស្រៀវស្ញាញក្នុងខ្លួនរកកលនឹងដើរមិនរួច ត្បិតក្នុងប្រអប់ដាក់ ផែនទី មានដាវដ៏មុត​និង​វែង​មួយ​បង្កប់ក្នុងនោះ បើបែកការណ៍គឺស្លាប់មួយរំពេច ជាហេតុធ្វើឱ្យមុខរបស់នាយស្លេកស្លំាងជាបណ្តើរ។ មន្រ្តីនគរឈិន ឃើញ​ដូច្នេះ​ក៏សួរ:

ហេតុអ្វីមុខលោកទូតចេះតែស្លេកទៅៗអញ្ជឹង?

ជីង ខឹក្រឡេកក្រោយ ហើយក្នុងចិត្តលួច ប្រទេស​ផ្តាសា ស៊ិន អ៊ូយ៉ាងថា"ពួកបំបង់បាយ ! យើងស្លាប់​ដោយ​សារ​ឯង​ប្រាកដ​ណាស់" ហើយ ជីង ខឹ រក្សា​មុខ​ដូចធម្មតាតបទៅវិញៈ

- ស៊ិន អ៊ូយ៉ាង នេះជាមនុស្សសំរ៉ែមកពីគ្រួសារក្រខ្សត់ ដែលមិនបានឃើញទិន្នភាពពោរពេញដោយ​អំណាច​បែប​នេះ​ទើប​នាយ​ភ័យស្លន់ស្លោរ សូមអស់​លោក សេនាមន្រ្តីនិងព្រះរាជដ៏ឧត្តុង្គឧត្តម ខន្តី​អភ័យ​ទោស​ដល់នាយផង ។

ខណៈពេលអ្នកទំាងពីររៀបឈានជើងឡើងខឿន ​បីថ្នាក់ទៅហើយ ស្តេច ឈិន វង់ជីន មានបន្ទូល​ឭៗប្រៀបបាន និង​ផ្គរ​លាន់​ថា "រាជានុញ្ញាត ឱ្យម្នាក់ក្នុងចំណោមពួកឯង មកថ្វាយដង្វាយដល់យើងផ្ទាល់តែប៉ុណ្ណោះ" ។ ពួកទាហានលឺដូច្នេះ ក៏ឃាត់ ស៊ិន អ៊ូយ៉ាង វិញ ។ នាយត្រកូលស៊ិន ក៏លុតជង្គង់រង់ចាំ​បញ្ជាស្តេចឈិន ។ ជីង ខឹ តែឯងឈាន​ឡើងថ្វាយ​ក្បាល ផាន អ៊ូឈី ក្រោយពេលទតឃើញពិតជា ផាន អ៊ូឈី ហើយ ស្តេចឈិន វង់ជីនចាប់សួរៈ

- ហេតុអីពួកឯងមិនថ្វាយដង្វាយនេះឱ្យឆាប់ជាងនេះបនិ្តច?

ជីង ខឹតបៈ

"ផាន អ៊ូឈី ល្មើសចំពោះព្រះអង្គ ហើយលួចពួនសម្ងំក្នុងតំបន់ វាលខ្សាច់ចុងកាត់មាត់ញក របស់នគរទូលបង្គំ​ធ្វើម្តេចពួកទូលបង្គំងាយរកឃើញគេ ។ ‌អីឡូវនេះ​អាចយកក្បាលគេមកថ្វាយទ្រង់បាន មកពីស្តេចយាន ប្រកាស​ឱ្យ​រង្វាន់​ដល់​អ្នក​ចាប់គេបាន ទើបរក ផាន អ៊ូឈី ឃើញក្រាបទូល ។ តាមពិតទៅម្ចាស់​ទូលបង្គំ​ចង់​នាំ​គេ​ទំាង​រស់​មក​ថ្វាយ​ទ្រង់​តែ​ខ្លាច​តាម​ផ្លូវ​ដ៏វែង​ ឆ្ងាយមានបញ្ហា ទើបសម្លាប់ផាន អ៊ូឈី កាត់ក្បាល​ថ្វាយទ្រង់ក្រាបទូល!

ស្តេចឈិន វង់ជីន ឃើញជីង ខឹ រៀបឫកធម្មតាៗ និយាយស្តីមួយៗ ប្រាកដប្រជា នាក់​ស្មោះ​ត្រង់ណាស់​ក៏គ្មាន​ចិត្ត​សង្ស័យ​អ្វី​ឡើយ ។ ស្តេចអង្គក៏បញ្ជាឱ្យថ្វាយ​ផែនទី ជីង ខឹ ត្រឡប់មកក្រោយយកផែនទីពី ស៊ិន អ៊ូយ៉ាង កាន់ទៅពន្លាមុខស្តេចអង្គ លុះលេច​ដាវ​ដ៏ស​ស្ងាច​​​ខាងក្នុងទើប ជីង ខឹ ដៃម្ខាងចាប់ក្របូចដៃស្តេច ឈិន ដៃម្ខាងកាន់ដាវ​រត់​សំដៅ​ទៅចាក់ស្តេច ឈិន តែ​ទ្រង់​ហាក់ដឹងមុន ក៏កន្រ្តាក់ព្រះហត្ថខ្លាំងមកវិញ រហូតដាច់ដៃអាវទើប ជីង ខឹ ចាក់មិនត្រូវ ។ ជីង ខឹ បន្ត​ដេញ​តាម​ស្តេច ឈិន យ៉ាងប្រកិតហើយស្តេចអង្គនេះចេះតែ​រត់ក្រឡឹងជុំវិញសរសរធំៗនៃរាជវាំង ឯពួកអាមាត្យហាក់​ស្រឡំាងកំាង បានត្រឹម​ឈរមើល​មិនចូលជួយស្តេចឈិនទេ ។ ជីង ខឹ ដេញចាក់រហូតមានម្តងនោះប៊ិះ​ត្រូវស្តេចឈិន ចំណែក ស្តេចឈិន វង់ជីន វិញរត់បណើ្តរ​ដក​ដាវបណ្តើរតែ ដាវទ្រង់វែងពេកទើបទើសសរសរដកចេញមិនបាន។ ឃើញដូច្នោះ មហាតលិកច្រអក់មួយ​រូបឈ្មោះ ចាវ កាវ ស្រែកសន្ធាប់ថា៖

- ព្រះរាជា! ទ្រង់ ហុចដាវឡើងលើហើយសឹមដក​ដាវចេញពីស្រោម ។

ស្តេច ឈិន ធ្វើតាមដកដាវបានសម្រេចហើយសម្លាប់ ជីង ខឹ បានដូចប្រាថ្នាតែ ជីង ខឹ ដែល​តំាងចិត្ត​ខ្ពស់​មុន​ស្លាប់​បាន​ប្រើ​អស់​កម្លាំងនៅសល់គប់ដាវដ៏មុតសំដៅស្តេចឈិន ។ ស្តេច ឈិន ដែលមានវិជ្ជាគុន​ពេញខ្លួន​និងមាឌធំមាំ​ចម្លែក​ បែរ​ជា​គេច​បន្តិច ផុតពីមុខដាវភ្លាម ហើយដាវនោះបុកត្រូវសរសរធ្វើពីស្ពាន់បែកភ្លើងចិញ្ជាច ។ អភ័ព្វតែ ស៊ិន អ៊ូយ៉ាង ដែលភ័យ​ញ័រ​ចំប្រប់​ដូចកូនទន្សាយ ក៏ត្រូវពួកទាហានប្រល័យ​យ៉ាងទាន់ហន់ដែរ ។

ស្តេច ឈិន វង់ជីន ហៀរញើសគឃា អង្គុយភីង លើ​បល្ល័ង្កនាគ ដកដង្ហើមសន្ធាប់មួយសំទុះធំទើប​​បាត់ ។ ស្តេចអង្គ​ឱ្យ​យក​ក្បាល ជីង ខឹ និងស៊ិន អ៊ូយ៉ាង ទៅ​ចងព្យួរ​នៅទ្វារខាងជើងមួយ ទ្វារខាងត្បូងមួយ ហើយ​ប្រហារជីវិត ម៉ឹង ជា និងផ្តល់​រង្វាន់​ដល់​នាហ្មឺនមន្រ្តី និងអាមាត្យនានាដែលបានជួយទ្រង់។ ស្តេចអង្គនេះ​មិនភ្លេចសរសើរ ចាវ កាវ យ៉ាងខ្លាំងថា​បានគេ​ប្រាប់​កុំអីទ្រង់​សុគតបាត់ទៅហើយ ។ ចប់បន្ទូលទ្រង់ឱ្យគេយកមាសសុទ្ធឱ្យចាវ កាវ ១០០០តម្លឹង ។

​ជីង ខឹ ប៊ិះនឹងសម្លាប់ស្តេចឈិន វង់ជីនបាន ហេតុនេះព្រះរាជាខឹងស្ទើរស្តាយមុខ សង្រឺ្គត​ធេ្មញដូចសំលៀង​កាំបិត​ចង​គំនុំនិង​នគរយាន ។ លុះពេលឡើង​ជំនុំថ្ងៃបន្ទាប់ស្តេចអង្គដាក់បញ្ជាឱ្យ វង់ ប៉ន នាំទ័ពជំនួស​មួយកងធំទៅជួយវង់ ស៊ាន លៃយ៉ាង​ណា​សម្លាប់ឱ្យខាងតែបានរាជទាយាទតាន ។

នៅសងខាងច្រាំងទន្លេ យៀកស៊ុយ ទ័ពយានរង​បរាជ័យយ៉ាងដំណំ ទ័ពឈិនដេញ​សម្រុក​មកដូច​ពុះឫស្សី។ ស្តេចយាន ភ័យ​ព្រួយ​ឥតឧបការធ្វើការ​ស្តី​បន្ទោសរាជទាយាទតានមិនប្រណីមាត់៖

- វេលានេះទឹកដីវិនាស រាស្ត្រប្រជារងទុក្ខភ័យគឺ​មកពីបុត្រក្មេងសេចក្តី មិនដឹងមេឃដីហ្នឹងឯង!

រាជទាយាទតានតប៖

- បិតា ទតឃើញហើយ នគរចាវ នគរយានសុទ្ធតែ​រលាយ តើពាក់ព័ន្ធនិងបុត្រឬទេ? បើទោះជាបុត្រមិន​ចាត់​មនុស្ស​ទៅ​ធ្វើ​ឃាតវា ក៏គង់ស្តេចឃោរឃៅ​នោះលើកទ័ពមកទេ ។ ‌អីឡូវក្នុងក្រុងនៅទ័ពស្រួច 20000នាក់ ពួកយើងដកទៅលាវ តុង ដើម្បីរៀប​ចំកលល្បិចថ្មីតតាំងនិងឈិន ។ សូមយាងព្រះបិតាចេញដំណើរមុនក្រាបទូល!

ស្តេចយានយល់ព្រមក៏ភៀសព្រះកាយទៅមុន ទុក​ឱ្យរាជទាយាទនៅការពារពីខាងក្រោយ ។

តែទ័ពឈិន​នៅតែដេញតាមប្រកិតពីក្រោយ ស្តេចយានភ័យព្រួយណាស់ក៏រត់រកជំនួយពីស្តេច នគរឈី ។ ស្តេចឈី ឱ្យ​សម្លាប់​រាជទាយាតានថ្វាយក្បាលដល់ស្តេចឈិន វង់ជីន នោះអាចដោះស្រាយបាន។ រីឯរាជទាយាទតាន ក៏ភ័យស្លន់ស្លោរ​នាំ​រេហ៍ពល​ជំនិត​រត់ទៅតំបន់លាវ តុង។

ទ័ពឈិនបោះជំរុំនៅធូសាន បន្តការឈ្លានពាន និងថ្កោលទោសរាជទាយាទ តាន ។

ស្តេចនគរយានភ័យញ័រចំប្រប់ប្រៀបដូចកូនសត្វ ហើយសរសេរចុតហ្មាយកោះហៅ រាជទាយាទតាន ចូលគាល់​នឹង​អាល​ពិគ្រោះ​រាជកិច្ច ។ អកុសលសម្រាប់រាជទាយាទតាន គឺទ្រង់ត្រូវ​បិតាបង្កើត​បង្អក​ស្រា​រហូតស្រវឹងជោក និង​ត្រូវ​សម្លាប់​កាត់ ព្រះ​សិរសា ថ្វាយឱ្យស្តេចឈិន វង់ជីន ដើម្បីសុំរាជានុញ្ញាតលើកលែងទោសដល់ស្តេចយាន ។

ក្នុងវេលានោះពិតមែនជារដូវប្រាំង តែមិនដឹងហេតុភេទ​អីក្រោយពេលរាជទាយាទតានសុគត់ ស្រាប់តែ មាន​ខ្យល់​រងា​ធ្លាក់​ចុះ​ហូរ​ហែនិងធ្លាក់ព្រិលផងជាហេតុធ្វើឱ្យទ័ពឈិន ធ្លាក់ខ្លួនឈឺស្ទើរគ្រប់គ្នា ។ មេទ័ពវង់ស៊ាន ព្រួយបារម្ភណ៍​ជា​ខ្លាំង​ ខ្លាច​ត្រូវ​ចាញ់​សឹកត្បត់ជម្ងឺ ។ យល់ឃើញដូច្នោះ ទើបវង់ ស៊ាន សរសេរលិខិតមួយទូលស្តេចឈិន វង់ជីន សព្វគ្រប់ពីស្ថានភាពសឹក ព្រមទំាងភ្ជាប់ជាមួយក្បាលរាជទាយាទតាន ចាត់ឱ្យទាហានបញ្ជូនជាប្រញាប់ទៅក្រុងស៊ាន យ៉ាង រាជធានីនគរឈិន ។

ស្តេច ឈិន វង់ជីន កោះហៅ គួយ លាវ មកជំនុំពីបញ្ហាមួយនេះ ។ គួយ លាវទូលថាៈ

- ក្រាបទូលព្រះរាជាដ៏ចម្រើន! នគរយានអីឡូវនេះ សល់តែដីមួយចំរៀកតូចនៅតំបន់លាវ តុងប៉ុណ្ណោះ ។ ឯស្តេចយាន បីដូច​ជា​ព្រលឹងខ្មោចស្លាប់ហើយ តែមិនទាន់ដាច់អាល័យពីរូបកាយប៉ុណ្ណោះ ។  តាមទូលបង្គំយល់ កិច្ចចំពោះមុខនៅពេលនេះគឺ យើងត្រូវបង្រ្កាបប្រទេស វៃ តមកទន្រ្ទានយកប្រទេស ឈូ ហើយចុងក្រោយបំផុតចាំទូទាត់តំបន់ លាវ តុង បន្តក្រាបទូល។

ស្តេច ឈិន វង់ជីន ស្តាប់រួច ទឹកមុខរីករាយមួយរំពេច ហើយមានបន្ទូលថាៈ

- គំនិតនេះស្របតាមព្រះតម្រិះយើងទាំងស្រុង ។

ក្រោយពីជំនុំចប់ស្តេចឈិន វង់ជីន ចាប់ឱ្យ វង់ ប៉ន នំាទ័ពស្រួច 100 000នាក់ទៅបោះជំរុំនៅ ស៊ាន ឃូគួង ត្រៀមវាយប្រទេសវៃ ។

និយាយពីស្តេចនគរ វៃ ឯណោះវិញ ដោយទតឃើញ ហាន ចាវ និងយាន បន្តគ្នាត្រូវ ឈិន លេបយក។ ស្តេចវៃ បាន​ឱ្យ​ទាហាន​ជីកបារាយណ៍ទឹកយ៉ាងធំនិងជ្រៅព័ទ្ធជុំវិញកំផែង ក្រុងតាយ លាង សម្រាប់ការពារការលុកលុយពីនគរឈិន ទន្ទឹង​នឹង​នោះស្តេចអង្គក៏ចងសម្ព័នភាព និងសុំជំនួយពីស្តេចប្រទេស ឈី ។ ប៉ុន្តែអកុសលចំពោះស្តេចវៃ ត្បិតអីស្តេច ឈិន វង់ជីន បានដើរតាមស្នៀតរបស់ គួយ លាវ គឺចាប់មនុស្សឱ្យទាក់ទាញទឹកចិត្តព្រះបិតុលា របស់ស្តេចឈី បាន​មុន​និង​យូរ​ឆ្នាំ​កន្លង​មក​ហើយ ។ ដូច្នេះព្រះបិតុលារូបនេះរបស់ស្តេចឈី រារាំងមិនឱ្យស្តេចឈី ជួយស្តេចវៃ ដោយទូលថា "បើធ្វើ​ដូច្នោះ​មិន​ខុស​ពី​ក្អែក​ពាំ​ភ្លើងមកដុតសំបុកឯងសោះឡើយ" ។ ដូច្នេះក្តីសង្ឃឹមលើជំនួយពីទ័ពឈី ត្រូវរលាយ​ដូចអំបិល​ត្រូវទឹក ចុះ​កំលាំង​ផ្ទាល់​នៃទ័ពវៃ យ៉ាងណា? ក្នុងពេលដែលទាហានឈិន ចាប់ចូលឈ្លានពានប្រទេសវៃ គឺរដូវវស្សា មេឃ​បង្អុរ​ភ្លៀង​មិនលោះ​ថ្ងៃ​ទឹកទនេ្ល លឿង នឹង ទន្លេ ពៀន ជន់ជោរល្ហល្ហាច មេទ័ព វង់ ប៉ន ដឹកនាំទប់ទំនប់ការពារជំនន់នៅ ប៉ែកខាងជើង​ក្រុង​តាយ លាង ហើយជីកប្រឡាយមួយសំដៅទៅកំផែងក្រុង។ ក្រោយពេលស្តុកទឹកបាន ៤-១០ថ្ងៃ វង់ ប៉ន ឃើញថាទឹក​ពេញប្រៀប​អាច​ប្រើ​ការបានក៏ឱ្យទាហានបើកទ្វារទឹក បង្ហូរទឹកខ្មូលខ្មាញ់ត្របាញ់ឆ្ពោះត្រង់តាមប្រឡាយទៅទំលុះកំផែងក្រុងតាយលាង ។ ដូច្នេះរាជធានីវៃ ត្រូវទឹកជំនន់លិចទំាងស្រុង ហើយនគរវៃទំាងមូលត្រូវបាន វង់ ប៉ន ទន្រ្ទានយក ។

ឆ្នាំ ឈិន វង់ជីន ទី22 ស្តេចឈិន បញ្ជាមេទ័ពក្មេងគឺ លី ស៊ីន ទៅវាយយកនគរឈូ ។ លី ស៊ីន ទទួលរាជបញ្ជានាំយក ទ័ព ស្រួច200 000នាក់ចេញទៅ ។

ស្តេចឈូ ចាត់ឱ្យមេទ័ពធំឈ្មោះ ស៊ាន យៀន នាំទ័ពធំមានបទពិសោធន៍ខ្ពស់ មានសម្ថតភាពទើបមិនយូរប៉ុន្មាន លី ស៊ីន ត្រូវ ស៊ាន យៀក វាយបាក់ទ័ពរត់លើដី ឈិន វិញ ។ យន្តការធ្វើសឹករបស់ស៊ាន យៀន គឺងាយៗទេ ម្ខាង​គាត់​តតាំង​ជា​ជំហ​និង​ឈិន ម្ខាងស៊ាន យៀនដាក់ទាហានបង្កប់តាមតំបន់សំខាន់ៗ លុះច្បាំងគ្នា ស៊ាន យៀន ធ្វើពុតជាចាញ់ហើយនាំទ័ពរត់ ។ រីឯលី ស៊ីន ជាមេទ័ពក្មេងក្លាហាន អាងកំលាំងគិតថា ទ័ពឈូ បាក់ទឹកចិត្ត មិនអាចប្រយុទ្ធនិងខ្លួនបាន ក៏​លើក​រេហ៍​ពល​ដេញ​តាម​រហូតចូលអន្ទាក់ស៊ាន យៀន ទើបត្រូវបរាជ័យយ៉ាងជូរចត់ ។

ស្តេចឈិន វង់ជីនក្តៅព្រះទ័យណាស់តែមិនចាប់ទោស អូសដំណើរលី ស៊ីន ទេ ។ ទ្រង់ចាត់ឱ្យវង់ ស៊ាន និង ម៉ឹង អ៊ូ (កូន​ម្នាក់​ទៀត​របស់ ម៉ឹង អាវ ) នាំទ័ពធំ 600 000នាក់ទៅ ជួយលីស៊ីន កម្ទេចនគរឈូ ។

វង់ ស៊ាន និង ម៉ឹង អ៊ូ មិនធ្វើឱ្យស្តេច ឈិន វង់ជីនខកព្រះទ័យឡើយត្បិតអីគេខំអស់ពីកំលាំងកាយចិត្ត ប្រើអស់​កលយុទ្ធ​ដែល​ចេះ​ចាំ​និងចំណាយពេលដល់ទៅ 3ឆ្នាំឯណោះ ហើយទីបំផុតនគរឈូ មែនគឺក្នុងឆ្នាំ ឈិន វង់ជីនទី24 ឬឆ្នាំទី  223 មុន​គ្រឹស្ត​រាជ ។

បន្ទាប់ពីពិធីជប់លៀងសាយភាជន៍អបអរដល់ជោគជ័យរបស់ វង់ ស៊ាន មិនបានប៉ុន្មានថ្ងៃ ។ ស្តេចឈិន វង់ជីន បានចាត់​ឱ្យ​កូន​របស់ វង់ ស៊ាន គឺមេទ័ព វង់ វ៉ន ទៅវាយបង្ហើយ នគរយាន នៅតំបន់ លាវ តុង និងចាប់ទំាងរស់ ស្តេចយាន យក​ទៅន​គរ​ឈិន។

នគរចុងក្រោយគឺ ឈី ស្តេចឈីទុកព្រះទ័យលើបិតុលារបស់ទ្រង់លោក ។ ការពិតបិតុលាឈ្មោះ  ជីងសំាង​អស់​ទ្រង់​ចុះ​ចូល​និង​ឈិន យូរហើយដូច្នោះក្រោយពេល វង់ ប៉ន និង ម៉ឹង ទៀន (កូនរបស់ម៉ឹងអាវដែរ) លើកទ័ពចូលឈ្លានពាន មិនដល់ផង នគរ​ឈីរលំតែម្តង ។

ឆ្នាំទី 26 របស់ឈិន វង់ជីន ឬ ឆ្នាំ221 មុនគ្រឹស្តសករាជ ដែនដីចិនទំាងមូលស្ថិតក្រោមអំណាចរបស់ប្រទេសឈិន ។

នៅទីបំផុត ស្តេច ឈិន វង់ជីន បានសម្រេចបំណងប្រចាំជីវិតរបស់ទ្រង់ហើយ ។ ស្តេចឈិន ធឿវាគុណូបការៈ​របស់​ទ្រង់​ធំ​ធេង គ្មានស្តេចក្នុងអតីតកាលអង្គណាអាចប្រៀបស្មើទ្រង់ឡើយ បើទោះជាស្តេចចក្រពតិ្តទាំងបីស្តេចក្រាញ់ទំាង5ក៏ដោយ ។ ដោយ​យល់ដូច្នេះទើបទ្រង់បញ្ជូលពាក្យស្តេចចក្រពិត្តនិង ស្តេចក្រាញ់ខុសគ្នា សម្រាប់ហៅទ្រង់អង្គឯងគឺ «ហួង ទិ» ហើយ​ចំពោះ​បិតាទ្រង់គឺ ចាង ស៊ាងវង់ ស្តេចឈិន វង់ជីន ដាក់គោរមងារ ថា "ថាយ សំាង ហួង" ហើយដាក់ឱវាទ ថា តំណែង "ហួង ទិ" ត្រូវតែផ្ទេរពីឪពុកទៅកូន ពីមួយជំនាន់ទៅមួយជំនាន់ ។ ស្តេចកំលាត់អង្គឯងថាជាស្តេចចក្រពតិ្តទី 1 ឬ "សួយ ហួងទិ" ឯស្តេចអង្គក្រោយៗគឺតគ្នា "អឺ ទិ" "សាន ទិ" "សឺ ទិ" តដល់ "ប៉ាក់ទិ" ធាន ទិ និងបន្តទៅដោយគ្មានទីបញ្ចប់ ។ ស្តេច​អង្គ​យល់​ថា​ខ្លួនជាកូនរបស់មេឃ ដូច្នេះហៅអង្គឯងថា "ឈិម" ហើយផ្តាច់ក្រោមឱវាទត្រូវហៅទ្រង់ថា "ពិស៊ា"។ ស្តេចបាន​បែង​ចែក​ដែន​ដី​ចិន ជា 36ខណ្ឌ និងផ្តល់ឋានៈ និងយសសកិ្ត ដល់មន្ត្រី​មាន​ស្នា​ដៃ​គ្រប់ៗ រូប​សម្បី​មហាត​លិក​ចាវ​កាវ​ក៏​បាន​ឡើង​សកិ្ត​ដល់​មន្រ្តី​ថ្នាក់កណ្តាលដែរ។

ប៉ុនែ្តពេលស្តេចអង្គនឹកឃើញដល់ គួយ លាវ គឺបាត់គួយ លាវ រកគាត់មិនឃើញ។ ស្តេចធ្លាក់​ទឹក​មុខ​ទៅជា​ស្រពាប់​ស្រពោន​មួយ​រំពេច​តែសឹងតែភ្លាមៗហ្នឹងទ្រង់ សប្បាយរីករាយឡើងវិញភ្លាមដែរ ដោយទ្រង់យល់ថាអីឡូវនេះគ្រប់យ៉ាងជារបស់ទ្រង់ តើមានប្រយោជន៍អ្វីនឹងប្រើមនុស្សពោរពេញល្បិចកល ជ្រៅរកស្មានមិនដល់របៀបគួយ លាវទៀតនោះ ៕

(សូមរង់ចាំអាន វគ្គទី៥ បន្ត... សូមអរគុណ!)

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2153
1621
4531033