jaukjeybanner

មហា​ព្រះ​រាជា​ទាំង ១០​អង្គ​ ក្នុង​ប្រវត្តិសាស្រ្ត​ចិន (វគ្គទី៥)

វាចាអ្នកប្រែសម្រួល
​​
​​ជាការពិតណាស់ចិនជាប្រទេសដ៏ធំ និង ចំណាស់មួយក្នុងលោក។ ខឿនអារ្យធម៌ និង ប្រវត្តិសាស្ត្រចិនបានកើតឡើង​មុន​ប្រទេស​ជាច្រើន។
 
ដោយសង្កេតឃើញថា " បណ្តាព្រះរាជាទាំង ១០​អង្គ នៃប្រវត្តិសាស្ត្រចិន"  ដែលនឹងត្រូវខ្ញុំបាទ លើកមក​បង្ហាញ​ជូន​ម្តង​មួយ​ៗ​ ជា​​បន្ត​​បន្ទាប់​នេះមានលក្ខណៈល្អ ដែលគួររៀនតាម និងមានលក្ខណៈអាក្រក់ ដែលពុំគួរ​រៀន​តាមតែត្រូវដឹង ដើម្បី​ជៀស​វាង​។​ ដោយ​​​ឃើញ​ថា​​​ លើទីផ្សារសៀវភៅអានសព្វថ្ងៃនេះពុំសូវសំបូរសៀវភៅ​ប្រភេទនេះ។​ ដោយចង់ធ្វើ​សកម្មភាពមួយ ដើម្បី​ថ្លែង​អំណរ​ដល់​ប្រិយ​មិត្ត​របស់​ ទស្សនាវដ្តី​ខ្មែរសម័យថ្មី។ ខ្ញុំបាទ​ក៏បានឆ្លៀតយកបណ្តាពេលវេលា ដែលទំនេរដើម្បីប្រែសម្រួល និង​ចង​​ក្រង​កម្រង​រឿង​នេះ​ឡើង​។ កម្រង រឿងនេះនឹងត្រូវចែកជាច្រើនភាគ ទស្សនាវដ្តីខ្មែរ​សម័យថ្មី ចាប់ផ្សាយជូនពីលេខ ៥៣១ តទៅ​។  ស្របពេល នឹងគា្ននេះ ខ្ញុំបាទ​សូមឧទ្ទិសសេចក្តីប្រែសម្រួល​រៀបរៀង កម្រង​រឿងនេះជូនដល់​ ឧបាសក ប៉ែន សាន និង ឧបាសិកា កៅ គីមលី ជាឪពុក​ និង​ម្តាយ​បង្កើត និងវិញ្ញាណក្ខន្ធ ឧបាសក​ ឡៅ ចេងងន់ ឧបាសិកា ជឺ បាក់ឡាង ជា​ឪពុក​ក្មេក ម្តាយ​ក្មេក និងបងប្អូនគ្រប់រូបទាំងសងខាង ព្រមទាំងលោកគ្រូ អ្នកគ្រូ​ទាំងអស់ និងបងប្អូន ជាបុគ្គលិក កម្មករ​ល្អៗ​គ្រប់​រូប មិត្ត​ភក្តិ​ផង​ទាំងឡាយ ព្រមជាមួយអស់លោ​ក លោកស្រី ជាអតិថិជន ជាមិត្ត​អ្នកអាន​​ផងដែរ ត្បិត​មាន​ការបង្កើត ចិញ្ចឹម​បី​បាច់​​ថែ​រក្សា​ ប្រៀន​ប្រដៅ បង្ហាត់បង្រៀន ឧបត្ថម្ភគាំទ្រ​របស់​លោកអ្នក​​ទាំងអស់ ទើបខ្ញុំបាទ និង​ភរិយា​មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃ​នេះ។​ ជាមួយគ្នា​នេះ​ក៏សូម​ឧទ្ទិស ជូនដល់ដួង វិញ្ញាណក្ខន្ធ ​បណ្តា​បុព្វ​បុរស​ខ្មែរ​​ដែលបានពលីជីវិត ដើម្បី​ថែរក្សា​​ការពារ​ផ្ទៃ​ដី​ទំហំ  ១៨១ ០៣៥ គីឡូ​ម៉ែត្រការ៉េ របស់ខ្មែរ ពិសេស​បងៗ​ដែល​ទើបនឹងពលី ថ្មីៗក្នុងការ​បង្ក្រាប​ការឈ្លានពាន​របស់ពួកសៀម​អន្យតិរ្ថិយ​​​ ជា​អ្នក​ដែល​​​បញ្ជា ពួកផ្សំគំនិត និងពួក​ដែល​បាន​ឈ្លានពាន​ផ្ទាល់​មក​ខ្មែរ​នា​តំបន់​ព្រំដែន​ខ្មែរ-សៀម។
 
ចុងក្រោយ គឺខ្ញុំបាទសូមអស់លោកអ្នក ដែលមានចំណេះវិជ្ជាជ្រៅជ្រះនិងប្រិយមិត្តរបស់ទស្សនាដ្តីខ្មែរសម័យថ្មី​ ទាំងអស់ មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំបាទ ចំពោះរាល់​កំហុសឆ្គងដោយអចេតនា។​ សូមផ្តល់ការរិះគន់ស្ថាបនា​មក​ខ្ញុំបាទ​ តាមរយៈអាសយដ្ឋាន លេខ​ទូរស័ព្ទ Email​ ឬ Fax ដូចមានស្រាប់ក្នុងទស្សនាវដ្តី​ខែ្មរស​ម័យថ្មី។ ខ្ញុំបាទ​រីករាយនឹង​ទទួល​យករាល់ ការកែលំអនោះ នឹង​កែ​ប្រែ ដើម្បី​ស្នាដៃ​ក្រោយ​ៗ​បន្ត​ទៀត​របស់​ខ្ញុំ​បាទកាន់តែល្អនិង​​បម្រើអ្នកអាន​ បាន​គ្រប់​ជ្រុងជ្រោយផង។
 
ភ្នំពេញ, រាត្រីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១១
ប៉ែន ផល្លា
ចាងហ្វាងទស្សនាវដ្តីខ្មែរសម័យថ្មី
 
================================
 
១. ឈិន ស៊ុយហុ័ង ស្តេចអង្គដំបូង ដែលទន្ទ្រានយកនគរទាំង៦ ធ្វើឱ្យ​ឯក​ភាព​ភូមិ​ភាគ​កណ្តាល (ចុង យាន)

បណ្ដា​ល្បែង​កម្សាន្ដ​របស់​ស្ដេច​ឈិន

នៅ​និ​ទាឃ​រដូវ​ឆ្នាំ 218 មុន​គ្រឹ​ស្ដ​សករាជ ឈិន​ ស៊ុយ​ហុ័​ង ​បានដាក់​រាជបញ្ជា​ដើរ​ត្រួត​ស្ថានភាព​ប្រជានុរាស្ដ្រ​នៅ​ប៉ែក​ខាងកើត​ប្រទេស​ម្ដងទៀត។ ប៉ុន្មាន​ថ្ងៃក្រោយ​ពេល​យាង​ចេញពី​រាជវាំង ឈិន ស៊ុយ​ហុ័​ង ​បាន​ទៅដល់ ប៉ក​លាំង​សា ក្នុងស្រុក ​យ៉ាង​អ៊ូ។ នៅទីនេះ​សណ្ឋាន​ដី​រាបស្មើ ទេសភាព​ស្រស់បំព្រង​គ្រប់​ទីកន្លែង​ផ្កា​រីក ស្គុសស្គាយ​ចម្រុះ​ពណ៌​ស ក្រហម និង​ដងស្ទឹង​ទឹកថ្លា​ឈ្វេង​ហូរ​យ៉ាង​ស្ងាត់ស្ងៀម។ មនុស្សម្នា​ហាក់​រត់គេច​ពី​រាជដំណើរ ហេតុនេះ​ពលទាហាន​បរទេះ​យឺត​ៗ​ងាយ​ស្រួល​ដល់​ស្ដេច​អង្គ​ទតអ្វីៗទាំងពួង​តាង​សព្វព្រះទ័យ ធ្វើឱ្យ​អង្គ​ក្សត្រ​ហាក់​វង្វេង​ព្រះកាយ​ក្នុង​ពិភព​សុបិន​មួយ។

ខណៈដែល​មេឃ​ស្រឡះ​ចែស ​ស្រាប់​តែមាន​សម្លេង​រន្ទះ​លាន់ឮ​ដូច​ហែក​មេឃ។ ពីលើ​ព្ធដ៏​អាកា​សមាន​របស់​អ្វី​ខ្មៅ​ក្រិ​ប​ហោះ​សំដៅ រាជរថ​របស់​ព្រះរាជ… សេះ​ប៉ុន្មាន​ក្បាល​ដែល​អូស​រទេះ​ភ័យ​ស្លន់ស្លោ ​លោត​កញ្ជ្រោល​ឡើង​ទាំង​អស់ ហើយ​នាំគ្នា​បោល​ស​ម្រុក​ទៅ​ទិស​ខាងមុខ ​លឿន​ស្លេវ​ដូច​ព្រួញ​ធ្វើ​ឱ្យរាជរថ​បាក់​ជា​ពីរ​ជា​បី​បំណែក។ ស្ដេច​ឈិន​ឮសូរ​ស្នូរ​ផ្ទុះ​យល់ថា​មាន​សត្រូវ​លប​ធ្វើឃាត​ទ្រង់​ក៏​ស្រេច​សន្ធប់៖

- ត្រូវ​ព័ទ្ធចាប់​ឃាតក​ឱ្យបាន!

ក្រុម​រាជ​អង្គ​រក្ស​រត់​ឈូរ​ឆ ចេញ​ទាំង៤ទិស​ដើម្បី​ស្វែងរក​សត្រូវ។ ប៉ុន្ដែ​ពួកគេ​មិនឃើញ​មាន​អ្វី​ក្រៅពី​ដុំ​ដែក​ធំ​មួយ​នៅលើ​ឃ្លុប​រាជរថ​ដែល​បាក់បែក ពួកគេ​ក៏​ទូលថ្វាយ​ព្រះរាជ​តាម​ដំណើរ។

ស្ដេច​ឈិន​សួរ​ដោយ​សូរ​ត្រជាក់ស្រេង៖

- ឃាតក​នៅឯណា? ចាប់​វា​បាន​ឬ​នៅ?

កង​អង្គរក្ស​ទាំងមូល​ឈរ​ត្រង់​ខ្លួន​ដូច​រូបចម្លាក់ ទូលព្រមៗគ្នា​ថាៈ ទូលបង្គំ​ទាំងអស់គ្នា​ឆែកឆេរ​គ្រប់​កន្លែង​តែ​មិនឃើញ​ឃាតក​ទេ ក្រាបទូល។

ឈិន ស៊ុយ​ហុ័​ង ស្រែក​សន្ធាប់​ជាថ្មី៖

- នាំ​បញ្ជារ​យើង​ឱ្យ​ពួក​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក​ក្នុង​តំបន់​នេះ ឆែក​គ្រប់​ច្រកល្ហក​រក​ឱ្យ​ទាល់តែ​បាន​ក្រុម​ឃាតក ត្រឹម​កំណត់ ១០ថ្ងៃ ដើម្បី​ដាក់ទោស​វា​ឱ្យ​ធ្ងន់​បំផុត។

ធ្មេចបើកៗ ១០ថ្ងៃ​កន្លងផុត ​តែ​ក្រុមមន្ដ្រី​មិនអាច​រកឃើញ​ឃាត​កសោះ។ ស្ដេច​ឈិន ស៊ុយ​ហុ័​ង ប្រញាប់ប្រញាល់​បង្ហើយកា​រ​ត្រួតពិនិត្យ​រួច​យាង​ទៅ​ក្រុង​ស៊ាន​យ៉ាង​វិញ ក្រោម​ការថែរក្សា​ការពារ​យ៉ាង​មធ្យ័ត​ទ្វេដង។

ក៏​ដូច​លើក​មុន​ដែរ រាជ​ទា​យាទ​តាន​ ជួល ជី​ងខឹ ​ឱ្យ​ធ្វើឃាត​ ឈិន ស៊ុយ​ហុ័​ង។ ម្ដងនេះ​គឺ​ ចាង​លាង ​ដែលជា​ត្រកូល​អភិជន​នៃ​នគរ​ហាន។ ចាង​ លាង ​គុំស្អប់​ ឈិន ​ស៊ុយ​ហុ័​ង ដែល​កម្ទេច​នគរ​ហាន​របស់គេ ហើយ​ឃាតក បានគេច​ខ្លួន​យ៉ាង​រហ័ស ទើប​ ឈិន ​ស៊ុយ​ហុ័​ង ​រក​មិនឃើញ​អ្នក​នៅ​ពីក្រោយ។

បន្ទាប់ពី​បាន​យាង​ចូល​ក្រុង​ស៊ាន​យ៉ាង ឈិន​ ស៊ុយ​ហុ័​ង ​ជ្រមុជ​ក្បាល​ក្នុង​រាជកិច្ច។ មាន​ថ្ងៃមួយ​នោះ​យប់​ជ្រៅ​ជាង​ពាក់កណ្ដាល​អា​ធ្រា​ត្រ​ទៅហើយ តែ​ព្រះអង្គ​នៅ​ទត​បណ្ដា​ចុ​ត​ហ្មាយ ​ដែល​គេ​ផ្ញើមកពី​គ្រប់​ខេត្ដ ខណ្ឌ​ដដែល ​ដោយ​មិន​រវីរវល់​និង​ការ​ទៅ​ផ្ទុំ​សោះ ត្បិត​មាន​ចុ​ត​ហ្មាយ​មកពី លីន​ថាវ ធ្វើឱ្យ​ព្រះអង្គ​យក​ចិ​ត្ដ​ទុកដាក់។ ចុ​ត​ហ្មាយ​សរសេរថា ”នៅ​តំបន់​លីន​ថាវ ​ឥឡូវ​មាន​លេចចេញ​នូវ​មនុស្ស​មាឌធំ​ពីរ​នាក់ កំពស់​ខ្ពស់ជាង​មនុស្ស​ធម្មតា​ពីរ​បី​ដង ស្លៀកពាក់​ខុសពី​គេឯង ស្បែក​ជើង​ធំ​ៗ ប្រាកដ​ណាស់​ពួកគេ​គឺ​ទេពច្យុត​ចុះមក​ហើយ។ អូ៎ តើ​ពិតជា​មាន​សេនា​អាទិទេព ចុះមក​មែនឬ? ស្តេចអង្គ​បាន​ចំនាយ​ពេល​ឈ្វេង​យល់ ពី​ហេតុការណ៍​ក្នុង​ចុ​ត​ហ្មាយ​ហ្នឹង។

លុះ​ភ្លឺ​ឡើង​ស្ដេច​ត្រាស់​ឱ្យ លី ស៊ឺ​ ចូលគាល់ ហើយ​បង្គាប់​ឱ្យ​គាត់​បញ្ជា​ទៅ​មន្ដ្រី​នៅ​មូលដ្ឋាន លីវ​ជាវ​ គួរ​រូបគំនូរ​ពួក​មនុស្ស​មាឌធំ​នោះ​យកមក​ថ្វាយ​ទ្រង់។ ស្ដេច​ក៏​បញ្ជា​ឱ្យ​ប្រមូល​នូវ​គ្រឿង​សាស្ដ្រាវុ​ធ ​ដែល​នៅ​រាយប៉ាយ​ក្នុង​ស្រទាប់​ប្រជារាស្ដ្រ យក​មក​​រាជធានី ​ស៊ាន​យ៉ាង រំលាយ​ជា​ដែក​និង​ស្ពាន់​សូន​ជា​រូប​មនុស្ស ១២នាក់​ដាក់តាំង​ក្នុង​វាំង​ក្នុង​រាជធានី ​ស៊ាន​យ៉ាង។

វេលា​ថ្ងៃមួយ​ លី ស៊ឺ និង​ ចាវ កាវ តា​ម​ដង្ហែ ឈិន ស៊ុយ​ហុ័​ង ទៅ​ទត​ដំណើរការ​សូន​រូប​មនុស្ស​ពី​លោហៈធាតុ។ ពេលទៅដល់​រោង​ជាង​ស្ដេច​ទត​ឃើញ​ចង្ក្រាន​ស្លដែក ស្ពាន់​ក្ដៅ​គគ្រុក ហើយ​មនុស្សម្នា​ដេរដាស​ ផ្លាស់​ទី​ទៅមក​ធ្វើការ​យ៉ាង​សស្រាក់​សស្រាំ។ ស្ដេច​សព្វ​ហ​ឫ​ទ័យ​ស្ដែង​ឱ្យឃើញ​ក្នុង​កាយវិកា​រនិង​សូរសៀង​ផ្ទាល់ ស្ដេច​មានបន្ទូលៈ

- គួរឱ្យ​សរសើរ​ណាស់​ ដែល​វិចិត្រករ​និង​ក្រុម​បាវព្រាវ​ទាំងអស់​ខំធ្វើការ​យ៉ាងនេះ។ ពួកគេ​ពិតជា​ប្រជារាស្ដ្រ​ល្អ​របស់​នគរ​ឈិន​មែន។

លី​ស៊ឺ​ ដែលជា​មេ​ការដ្ឋាន​សាងសង់​ចេតិយ​នៅ​ភ្នំ​លី​សាន​ដែរនោះ ហើយ​កំពុង​ព្រួយ​ចិ​ត្ដ​ត្បិត​ខ្វះ​កម្លាំង​ពលករ។ ឆ្លៀតឱកាស​នេះ​ក៏​និយាយៈ

- ពេល​ទ្រង់​ទើបតែ​ឡើង​គ្រោង​រាជ្យ បាន​បង្គាប់​ឱ្យ​ពលករ ២០០ ០០០នាក់ ទៅធ្វើ​នៅ​ការដ្ឋាន​ភ្នំ​លី​សាន។ ប៉ុន្ដែ​ទំហំ​ការងារ​នៅ​ទីនោះ​ធំ​ពេក​ក្រៃ។ តាម​ប្លង់​មេ​របស់​ទ្រង់ ការដ្ឋាន​ក្រោម​ដី​ត្រូវ​ជីក​ឱ្យ​ផុត​ស្រទាប់​ទឹក​ក្រោម​ដី ៣ជាន់ ហើយ​ទំហំ​ត្រូវ​ធំ​ដូច​ភ្នំ​មួយ ហើយ​លំហ​មេឃ​ក្នុង​រាជដំណាក់​ក្រោម​ដី​នោះ​ត្រូវមាន​ព្រះអាទិត្យ ព្រះ​ច័ន្ទ​និង​ដួងតារា​ទាំងពួង។ ឯ​ផ្ទៃដី​នៅ​ទីនោះ​ត្រូវមាន​ញ ទន្លេ បឹងបួរ ស្រះ ត្រពាំង និង​មហាសាគរ​ទៀត ហើយ​ត្រូវ​ប្រើ​បា​រ៉​ត ដើម្បីឱ្យ​ទឹក​ហូរ​មិន​ឈប់។ ក្រៅពីនេះ​ត្រូវ​ប្រើ​មាស ប្រាក់​សូន​ជា​រូប​បក្សាបក្សី ប្រើ​កែវ​ចណៃ​ថ្លៃ​ជាង​រូប​សត្វ​ក្នុង​ទឹក​ទាំងអស់​ និង​ប្រើ​ឈើកម្រៗធ្វើ​រាជរថ រទេះសាឡី ទូក កប៉ាល់ និង​ប្រើ​គុជ​ខ្យងធំៗធ្វើជា​ព្រះអាទិត្យ ព្រះ​ច័ន្ទ​និង​ហ្វូង​ផ្កាយ ជាង​នេះ​ត្រូវ​ប្រើ​ថ្លើមថ្ម​ច្នៃ​ជា​រុក្ខជាតិ​បៃតង​ស្រស់​ក្នុង​បួន​រដូវ។ អាណាចក្រ​ក្រោម​ដី​នេះ​មិន​ខុស​អី​ពី​ទិដ្ឋភាព​លើ​លោកា​នោះទេ។ រាជា​វាំង​ក្រោម​ដី​ត្រូវមាន​អស់លោក​មន្ដ្រី ទាំង​នយោបាយ​និង​យោធា​មាន​ដំណាក់​ធំ​តូច រាជ​បណ្ដា​ល័យ សួនច្បារ​និង​ផ្សារផ្សោ​ដែល​សឹង​ថា​ឆើតឆាយ​ជាង​រាជវាំង ស៊ាន​យ៉ាង​ផង​ក៏​ថា​បាន។ បណ្ដា​ច្រកចូល​ត្រូវ​បំពាក់​ធ្នូ ស្នា ស្វ័យ​ប្រ​វ​ត្ដិ​បង្ការ​ក្រុមចោរ​ចូលលុកលុយ ធានា​ឱ្យ​ចេតិយ​សម្រាប់​ទ្រង់​ក្នុង​វាំង ក្រោម​ដី​នោះ​ស្ថិតស្ថេរ​យូរអង្វែង។ គ្រាន់តែ​និយាយ​ពី​កង​ទាហាន​ដែលមាន​ទាំង​សេះ ហើយ​ត្រូវមាន​មុខមាត់ខុសៗគ្នា​មាន​ចាប់​ម៉ឺន​នាក់។ ចំណែកឯ​រទេះ​ចម្បាំង​ធ្វើ​ពី​ស្ពាន់​ត្រូវ​ប្រមូល​សុទ្ធតែ​ជាង​និង​វិចិត្រ​ចំណាន​ធ្វើ​មិន​ឈប់​រាប់​ខែ​រាប់​ឆ្នាំ។ សូម​ទ្រង់​ជ្រាប់​ជាមួយ​ពលករ ២០០ ០០០នាក់ បើ​ធៀប​និង​ទំហំ​ការងារ​ឃើញថា​កម្លាំង​តិចតួច​ណាស់។ ទូលបង្គំ​យល់ថា​ត្រូវ​បង្កើន​ដល់ ៥០០ ០០០នាក់ ដែល​ចំនួន​នេះ​នៅតែ​អាច​ថា​មិន​ធូរ​ល្មម​ផង​ទាន!

+ ត្រូវ​ហើយ។ ការងារ​នេះ​ត្រូវ​គិតគូរ​ឡើងវិញ (ឈិន ស៊ុយ​ហុ័​ង​បន្ដ) យើង​ចាំ​ថា​ប៉ុន្មាន​ថ្ងៃមុន ពួក​មេទ័ព​តាម​ព្រំដែន បាន​ផ្ញើ​ចុត​​ហ្មាយ​មក​ស្នើសុំ​ជួសជុល​ឡើងវិញ មហា​កំផែង​ទៀត។

- ក្រៅពីនេះ (ចាវ កាវ ​និយាយ) រាជវាំង​ក្រុង​ស៊ាន​យ៉ាង​ពិតមែន​ថា​ឆើតឆាយ​ណាស់ដែរ​ហើយ។ តែ​ក្រោម​មេឃ​សព្វថ្ងៃ​ព្រះអង្គ​ជា​អង្គ​ក្សត្រ​ដំបូង​ដែល​ធ្វើឱ្យ​ឯកភាព​ទឹកដី ទូលបង្គំ​យល់ថា​គួរ​មាន​ដំណាក់​ស្គឹ​ម​ស្កៃ​ជាង​ហ្នឹង​ទៀត ​ទើប​សក្តិ​សមនិង​ឋានៈ​របស់​ព្រះអង្គ។ រាជវាំង​ក្រោយនេះ​ត្រូវ​ធំ​រហូត​អាច​ផ្ទុក​បាន​នាហ្មឺន​មកពី​គ្រប់​នគរ​ចំណុះ​ទាំង៦ ដើម្បី​បញ្ជាក់ថា​ព្រះ​អង្គជា​ស្ដេច​មកពី​ស្ថានសួគ៌​មាន​អានុភាព​គ្រប់គ្រង​ដែនដី​ធំ​សន្ធឹង​វល់​ជើងមេឃ​និង​មហាសមុទ្រ។

ចៅហ្វាយនាយ​និង​បាវបម្រើ ​កាន់តែ​និយាយ​កាន់តែ​ថ្លា​សម្ដី​ម្នាក់​និយាយ​ ម្នាក់​ឯកភាព ជជែក​កាន់តែ​យូរ​កាន់តែ​ចុះសម្រុង​ និង​គ្នា។ ពួកគេ​គិតថា​អាណាចក្រ​ដ៏​ធំធេង​ពិតជា​ស្ថិតក្រោម​កណ្ដាប់ដៃ​របស់​ផង​គេ​ហើយ។

ទីបំផុត​រាជក្រឹត្យ​មួយ​ត្រូវបាន​ដាក់ចេញ៖

“គ្រប់​យុវ​វ័ន​និង​បុរស​ក្នុង​នគរ ដែលមាន​វ័យ​ពី ១៦ ដល់ ៥០ឆ្នាំ​ ត្រូវមាន​កាតព្វកិច្ច​ធ្វើការ​សាធារណៈ។ ត្រូវ​ផ្អែកលើ​សៀវភៅ​គ្រួសារ ដើម្បី​កេណ្ឌ​មនុស្ស។ ត្រូវយក​ម្នាក់​ក្នុងចំណោម ៥គ្រួសារ ហើយបី​ឆ្នាំ​ត្រូវ​ដូរ​វេន​ម្ដង។ ចំពោះ​ទណ្ឌិត គឺត្រូវធ្វើ​ការ​គ្មាន​កំណត់​វេន។ ចំពោះ​ជាង​ចំណាន​វិចិត្រករ​ដៃឯក​ត្រូវ​ ប​ម្រើ​ការ​ពី ៥ឆ្នាំទៅ១០ឆ្នាំ​ ក្នុង​មួយ​វេន​និង​បាន​កម្រៃ​សមប្រកប​តាម​ទេពកោសល្យ។ នរណា​ប្រឆាំង​និង​រាជបញ្ជា​ត្រូវ​ប្រហារជីវិត ហើយ​ញាត្ដិសណ្ដាន​ទាំង ៩ត្រកូល​ត្រូវ​ជាប់ទោស​ជាមួយ។

បន្ទាប់ពី​មាន​រាជក្រឹត្យ ពួក​មន្ដ្រី​មូលដ្ឋាន​កោងកាច​ដូច​ខ្លា ដំណើរ​ការចាប់​កេណ្ឌ​ពលករ​មួយ​រំពេច។ ពួកគេ​ធ្វើ​ហួស​ពី​ច្បាប់ក្រម​ដែល​នៅ​ធរមាន​ចង់​ធ្វើ​អ្វី​ស្រេច​ចិ​ត្ដ​ពួកគេ។ ប្រជារាស្ដ្រ​រង​ទុក្ខ ប្រទេចផ្ដាសា​រាល់ថ្ងៃ​ខែ ពាក្យ​ថ្ងួចថ្ងូរ​លាន់ឮ​គ្រប់​ច្រកល្ហក។ ត្រាន់​តែមួយ​ខែ​សោះ​ពួក​មន្ដ្រី​កេណ្ឌ​បាន​ពលករ ១៦០០ ០០០នាក់។ ស្ដេច​ប្រគល់ ៥០០ ០០០នាក់​ឱ្យ លី​ស៊ឺ​សម្រាប់​ការដ្ឋាន​ឆ្នាំ​លី សាន ៤០០ ០០០នាក់​ទៅ​តំបន់​អ៊ូ លីន សាង​ជម្រក​ជំរុំ​និង​ផ្លូវថ្នល់ ១០០ ០០០នាក់​ទៅ​ជួសជុល​មហា​កំផែង សល់ ៣០០ ០០០ សម្រាប់​កសាង​រាជវាំង​អា​ផុង​សល់​ពីនេះ​សម្រាប់​បញ្ជូនទៅ​ជួសជុល​វាំង​នៃ​នគរ​ទាំង។

ទេវតា​សម្រប​តាម​មនុស្ស មិន​ដល់ក​ន្លះ​ឆ្នាំ​ផង​រូប​មនុស្សធំ ១២ ត្រូវបាន​សូន​រួច ស្ដេច​បានរៀបចំ​ហោមពិធី​ដ៏​អធិកអធម អតិ​សេក​ដាក់តាំង​រូប​ទាំង ១២ ក្នុង​ជ្រុង​ស៊ាន​យ៉ាង។ ស្ដេច​ទទួលបាន​ពាក្យ​សរសើរ​ស្ញប់ស្ញែង​មិន​អស់​ពេល​ពិសេស​ពាក្យ​អែបអប បញ្ជើចបញ្ជើ​ធ្វើឱ្យ​ទ្រង់​សប្បាយ​ព្រះទ័យ លើសលប់។ គេ​បញ្ជោ​ថា” មាន​អង្គ​រក្សា​ទេព១២អង្គ​ការពារ​សុវត្ថិភាព​ព្រះរាជ​ប្រសើរ​ជាង​អាទិទេព​នានា​ទៅទៀត។

ក្រោយពេល​ស្ដេច​ចេញ​ទត​ការងារ​តាម​តំបន់​នានា ជា​លើក​ទី៣ ហើយ​ត្រូវគេ​លប​ធ្វើឃាត ទ្រង់​បាន​ផ្អាក​ការយាង​ចេញ​ចំនួន ២ឆ្នាំ។ តែ​ក្នុង២ឆ្នាំនេះ កណ្ដាប់​ដែក​របស់​ស្ដេច​អង្គ​បាន​ជ្រៀត​ដល់​គ្រប់​ទិស​តំបន់​នៃ​អាណាចក្រ ហេតុនេះ​ស្ដេច​នឹក​ភ្ន​ក​ចង់​ចេញទៅ​ត្រួត​តាម​តំបន់​ជា​លើក​ទី៤។ លើក​ទី៤នេះ​ ស្ដេច​ទៅដល់ ​ជៀក​សាវ​ ប៉ែក​ខាងកើត ដើម្បី​ដាប់ថ្ម​ធ្វើ​ចារឹក​ពីគុណ​បំណាច់​របស់ខ្លួន។ ទ្រង់បន្ត​ដល់ សាំងជីន នៅប៉ែកខាងជើង ដើម្បី​ពិនិត្យ​ការងារព្រំដែន។ តាំងពីចេញដំណើររហូតយាង​និវត្តន៍​ចូលវាំងនៃដំណើរលើកទី៤នេះ​សុខសាន្ដ​រហូត។ ខណៈដែល​ស្ដេចយាង​ចូលដល់​ ស៊ាន​យ៉ាង ​ពួក​មន្ដ្រី​ក៏​ទូលថ្វាយ​ថា និវេសន​ដំណាក់​នៅ​រាជធានី​នៃ​នគរ​ទាំង៦ ត្រូវបាន​សាងសង់​រួចរាល់​ហើយ។

មន្ដ្រី​ថ្នាក់កណ្ដាល​ ចាវ ​កាវ ​ដង្ហែ​រាជដំណើរ​ស្ដេច ទៅ​ទត​ដំណាក់​ទាំង៦ នៅ​រាជធានី​នគរ​ចំណុះ​ទាំង៦នោះ។ ទត​ឃើញ​ដំណាក់​ទាំង៦ នោះ​មិន​ដូចគ្នា​និង​មាន​រចនាបថ​ផ្សេង​ពី​នគរ​ឈិន។ បណ្ដា​សំណង់​ស្ថាបត្យកម្ម​ទាំងនោះ​ រាយ​ប៉ាយ​តាម​ដង​ទន្លេ​វៃ​ស៊ុយ​ នៅ​ភាគ​ខាង​ត្បួ​ង និង​លាតសន្ធឹង​លើ​ដែនដី​ធំ​សម្លឹង​ពី​តំបន់​ អ៊ុន​មីង ក្រុង​ស៊ាន​យ៉ាង នៃ​ប៉ែក​ខាងកើត។ ទីណា​ក៏​ឃើញ​ផ្ទះថ្ម​សរសរស្តុក​ស្កឹមស្កៃ ​ស្អេកស្កះ​ដូច​ព្រៃ អម​លំអ​ដោយ​ដងផ្លូវ​ ត្រង់​ភ្លឹង​ខ្វែងខ្វាត់ ស្ដែង​ពី​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច។ គ្រប់អ្វីៗទាំងអស់នេះ​នៅ​ឃ្លាត​ពី​ក្រុង​ស៊ាន​យ៉ាង​ដោយ​ទន្លេ​វៃ​ស៊ុយ ប៉ុណ្ណោះ​ ធ្វើឱ្យ​ប៉ែក​ខាងត្បូង​ និង​ខាងជើង​ក្លាយជា​មានបាន​រុងរឿង។ លើ​ដង​ទន្លេ​វៃ​ស៊ុយ មាន​ស្ពាន​ធំ​មួយ​ឆ្លង​កាត់ ហើយ​នេះ​រវាង​ប៉ែក​ខាងត្បូង​និង​ប៉ែក​ខាងជើង​ដែលមាន​និវេសន​ដំណាក់​នៃ​នគរ​ចំណុះ​ទាំង៦ មិនបាន​កាត់​ដាច់ពីគ្នា​ទេ។ ទៅ​ទីណា​ក៏​គេ ឃើញ​ផ្ទាំង​ពាក្យស្លោក​សរសេរ​ដោយ​អក្សរ​ពណ៌​មាស​លើ​បន្ទះ​ឈើ​លាប​ពណ៌​ក្រហមឆ្អិនឆ្អៅ​ដែល​ព្យួរ​លើ​ជញ្ជាំង​ថ្លើមថ្ម​ដ៏​ស្អាត​គ្មាន​គូ​ប្រៀប។ ការ​រចនា​សាងសង់​ប​ណ្ដា​ស្នាដៃ​ស្លាប​ត្យ​កម្មនេះ​អស្ចារ្យ​ណាស់ គត់​មត់​ហួស​ពី​ធម្មតា​ពិតជា​ស្ថានសួគ៌​លោកិយ​មែន។ ស្ដេច​ឈិន​ទត​រួច​សព្វព្រះទ័យ​និង​មោ​ទ​ភាព​ពេក​កន្លង ញឹកញាប់​សរសើរ ​ចាវ កាវ ​ថា​មាន​គោលនយោបាយ​ត្រឹមត្រូវ​ណាស់។

ស្ដេច​ឈិន ក៏​បង្គាប់​ឱ្យ​បញ្ជូន​ពួក​ស្រី​ស្អាត​ និង​ស្នំ​ដែល​កេណ្ឌ​បាន​នៅ​នគរ​ទាំង៦ ចូល​វាំង​របស់ខ្លួន។ ស្ដេច​ក៏​បង្គាប់​ឱ្យ​យក​នគរ​វត្ថុ​ប្រចាំ​នគរ​ទាំង៦ ទៅ​តាំង​បង្ហាញ​ក្នុង​សាល​ធំ​នៃ​និវេសន ដំណាក់​តាម​នគរ​នានា។ រតន​សម្បត្ដិ​នគរឈី ​មាន​ត្រា​មហាឧបរាជ ថាស​គុជ ខោអាវ​មានតម្លៃ​ និង​បណ្ដា​ដាវ​ទិព្វ​ម្កុដ​ធ្វើ​ពី​មាស ធ្វើ​ពី​គុជ​និង​ក្រវ៉ាត់​ចង្កេះ​នៃ​ជន​ក្នុង​វណ្ណៈ​ខ្ពស់។ ប្រទេស​ឈូ​ មាន​ទង់ទាំង​ឡាយ​របស់​ព្រះរាជ មហា​គុជ​របស់​ឧបរាជ កញ្ចក់​ឆ្លុះ​មុខ​ធ្វើ​ពី​គុជ រំ​ពាត់​បញ្ជា​របស់​អស់លោក​មេទ័ព និង​ទង់​ដែលមាន​រូប​នាគ។ ប្រទេស​ចាវ​មាន​អាវ​ពី​រោម​កញ្ជ្រោង ក្រវ៉ាត់​ចង្កេះ​ធ្វើ​ពី​សំបកខ្យង​កម្រ​ម្កុដ​មាន​រូប​ឥន្ទ្រី​យ៍ ត្រា​គុជ​សម្រាប់​បញ្ជា និង​ត្រា​របស់​សេនាប្រមុខ។ ប្រទេស​វៃ មាន​ត្រា​គុជ តំណាងឱ្យ​អំណាច​មេទ័ព​ធំ ទង់​បញ្ជា ទង់​ផ្កាយ៧ កន្ថោមាស ត្រា​គុជ​នៃ​មេទ័ព​តាម​តំបន់។ នគរ​ហាន មាន​ត្រា​គុជ​របស់​ស្ដេច ត្រា​មាស​របស់​មហាឧបរាជ ធ្នូ ស្នា ព្រួញ​ធ្វើ​ពី​គុជ ភួយ​ធ្វើ​ពី​រោមសត្វ។ នគរ​យាន​មាន​ថាស​គុជ គម្រប​ថាស​អាហារ​ធ្វើ​ពី​គុជ​ដែល​មានតែ​នៅ​ប្រទេស​យាន អាវ​ពី​រោម​កុក​ទេព ថង់​ពិសេស​សម្រាប់​ដាក់​ត្រា​ របស់​សេនាប្រមុខ។ល។ ពោលគឺ​របស់​មានតម្លៃ​សឹង​ទាំងអស់​លើ​លោក​ ត្រូវ​យកមក​បង្ហាញ​ឱ្យ​ស្ដេច​ឈិន​ទត។

ចាប់ពី​នេះ​មក​ជីវភាព​របស់ ​ឈិន ស៊ុយ​ហុ័​ង ​ទៅជា​ហ៊ឺហារ​ខ្ជះខ្ជាយ។ ស្ដេច​បង្កើត​គ្រប់​ល្បែង​ដើម្បី​សេពសោយ​ក្ដី​សុខ​ក្នុង​ជីវិត​លោកិយ។ រតនៈ​ស​ម្ប​តិ្ដ​ដែល​ថ្លៃ​បំផុត ស្ដេច​ប្រើប្រាស់​ដូច​របស់​សាមញ្ញ។ ស្រីស្នំ​ស្រស់ស្អាត​ប្រាំ ប្រាំមួយ​ពាន់​នាក់ ​ត្រៀម​បំពេញតម្រូវការ​កាម​តម្រេក​របស់ ព្រះរាជា។ ស្ដេច​ចេះ​ដើរ​តត្រុក​តាម​ដំណាក់​មី​នំ​មី​នាង​ ដើម្បី​បំពេញ​តណ្ហា តាមរបៀប​ភ្លើតភ្លើន​ដែល​មិន​ធ្លាប់មាន។ ស្ដេច​បញ្ជា​ឱ្យ​ស្រី​ស្អាត​ស្រស់​ក្មេង​រាប់ពាន់នាក់​លេងភ្លេង​រាំ​របាំ ច្រៀង​បទ​ចម្រៀង​ថ្វាយ​ទ្រង់​ដោយ​ស្លៀកស្ដើងៗ បង្កើតឡើង​នូវ​ទឹក​ចិ​ត្ដ​ក្លៀវក្លា ពោរពេញ​ដោយ​កាមារម្មណ៍។ ពិសេស​ស្ដេច​បង្គាប់​ឱ្យ​កូនស្រី​ ពួក​មន្ដ្រី​បាវព្រាវ ដូរ​នូវ​សម្លៀកបំពាក់​ជា​រៀងរាល់ថ្ងៃ ដើម្បី​មើលឃើញ​ជុំវិញ​មាន​ស្រី​ស្អាតប្លែកៗជាប្រចាំ។ បើ​ក្នុង​រដូវក្ដៅ​ ស្ដេច​ឱ្យ​ពួក​ស្រី​ស្នំ​ស្លៀក​សម្លៀកបំពាក់ស្ដើងៗ លើ​ក្បាល​ពាក់មួក​ដែល​លំអ​ដោយ​ផ្កា​ស្រស់​រាប់រយ​បែប ​កាន់​ផ្លិ​តធំៗតម្រៀបជួរ​គ្នា បោះ​ផ្លិត​ថ្វាយ​ទ្រង់​ផ្ទុំ ហើយស្រីៗខ្លះទៀត​ដូរ​វេន​គ្នា​គក់​ច្របាច់។ ខណៈតើនឡើង ស្ដេច​ឱ្យ​ពួក​ស្រីស្នំ​ស្លៀក ខោអាវ​ទាហាន​ក្នុង​ចម្បាំង ចែកគ្នា​ជា​បី​បួន​ប្រភេទ លេងល្បែង​ច្បាំង​គ្នា​លើ​សមរភូមិ​ថ្វាយ​ទ្រង់​ទត។ ស្រី​ខ្លះ​សុខភាព​ខ្សោយ​មិនអាច​ទ្រាំ​បាន​និង​ខោអាវធ្ងន់ៗព្រមទាំង​អា​កាស​ធាតុ​ក្ដៅ​ហួតហែង​ក្លាយជា​សន្លប់ ស្ដេច​ពិរោធ​យ៉ាងខ្លាំង​បញ្ជា​ឱ្យ​សម្លាប់ចោល។ លុះ​រដូវរងា​ចូលមក​ដល់​ពួក​ស្រីស្នំ​ថ្ងូរ​រងា ស្ដេច​ឱ្យ​ស្លៀក​ខោអាវស្ដើងៗលោត​រាំ​ថ្វាយ​ទ្រង់ ដើម្បី​បំបាត់​រងា។ អាស្រ័យ​ដោយ​ស្ដេច ជឿ​លើ​អាទិទេព​ទើប​បង្គាប់​ឱ្យ​ស្រីស្នំ​ស្លៀកពាក់ តែង​កាយ​របៀប​ទេពធីតា និង​បាញ់​ផ្សែង​ស្រអាប់​ក្នុង​ឆាក​រាំ​បីដូច​ទេពធីតា រេ​រាំ​លើ​អាកាស​វេហា​ដូច្នោះ។

មិនយូរប៉ុន្មាន ឈិន ស៊ុយ​ហុ័​ង ​ធុញទ្រាន់​នឹងពួក​ស្រីស្នំដដែលៗទ្រង់​គិតថា ​ពួកនាង​មិន​ថ្លៃ​ជាង​ចម្បើង​នោះទេ ហើយ​គ្មាន​នាង​ណាមួយ​ធ្វើឱ្យ​ទ្រង់​សព្វព្រះទ័យ​សោះ។ ចាវ​ កាវ ឆ្លៀតឱកាស​ចូលៈ

- សូម​ព្រះអង្គ​ឱ្យ​ទូលបង្គំ​កេណ្ឌ​ស្នំ​ថ្មី។ ពោលគឺ​មួយ​ស្រុក​យក​មួយរយ​នាក់​ហើយ ៣៦ខណ្ឌ ​និង​កេណ្ឌ​បាន​ជិត ៤០០០នាក់​មិន​ខាន។ ក្នុងចំណោម​នោះ​ខ្លាច​អី​ដែល​រក​មិនបាន​ម្នាក់​ធ្វើឱ្យ​ទ្រង់​សព្វព្រះទ័យ​នោះ។

រាជ​ក្រិ​ត្យ​ដាក់ចេញ​ធ្វើឱ្យ​មេឃ​ដី​ញ័រ​រញ្ជួយ ក្រោយបី​ខែ​ការ​កេណ្ឌ​ស្រី​ឆ្នាំ​បានបញ្ចប់។ ស្រី​ស្អាត​ស្រស់ក្មេងៗទាំងហ្វូងៗ ត្រូវ​ដឹក​ចូល​ស៊ាន​យ៉ាង ហើយ​ ចាវ ​កាវ ​ខ្លួនឯង​ជា​អ្នក​រើស​សា​ថ្មី​ម្ដងទៀត។ ស្រី​ស្អាតធម្មតាៗត្រូវ​បញ្ចូល​ដំណាក់​ខាងក្រោយ​ធ្វើ​ភិលៀង ហើយ​អ្នក​ទ្រង់​ល្អល្អះ​គឺ បញ្ចូល​តាម​ដំណាក់​ធ្វើ​ស្នំ។

ថ្ងៃមួយ ​ចាវ កាវ ​នាំ​ស្រី​ស្អាត​របស់​នគរ​យាន​ឈ្មោះ ស៊ូ ឈី​ ទៅ​ថ្វាយ ​ឈិន ស៊ុយ​ហុ័​ង។ ចាវ កាវ ​បូរបាច់​ថា ស៊ូ ឈី ត្រូវបាន​រាស្ដ្រ​នគរ​យាន​ទទួលស្គាល់​ជា​កំពូលស្រី​ស្អាត​និង​មាន​សមត្ថភាព ហើយ​សម្រស់​គឺ​លេខ១ ក្រោម​មេឃ។ តាមពិតទៅ​មិនចាំបាច់​ ចាវ ​កាវ បូរបាច់​នោះទេ​ពីព្រោះ​គ្រាន់តែ​ ស៊ូ​ ឈី​ បង្ហាញមុខ ស្ដេច​អង្គ​ញាប់​ញ័រ​ហឫទ័យ​ស្រេច​ទៅ ហើយ​មិន​ខុស​អី​បិតា​ទ្រង់​គឺ​ យី ​យិន ​កាល​ជួប​ ចាវ កឺ​ នោះដែរ។ ព្រះ​នេត្រ​ទាំង​ទ្វេ​របស់​អស់​ក្សត្រ​ផ្ដោតលើ​ ស៊ូ​ ឈី​ និង​មិន​ឃ្លាត​ពី​នាង​សូម្បី​ពាក់កណ្ដាល​ជំហាន​តាំងពី​គ្រា​នេះ​មក។ អាស្រ័យ​ដោយ​រូបឆោម​លោម​ពណ៌​ល្អល្អះ​ដំណើរ​ល្វត​ល្វន់​ទន់ភ្លន់​ធ្វើឱ្យ ​ស៊ូ​ ឈី​ ស្អាត​លើស​ស្រីស្នំ​រាប់ម៉ឺន​នាក់ នាង​ជា​ស្រី​ស្អាត​បំផុត​ដែល​ស្ដេច​អង្គ​មិន​ធ្លាប់​ជួប ទើប​ទ្រង់​ស្រលាញ់​នាង​លើសលប់។ ភ្លាមៗ​នោះ​ស្ដេច​បញ្ជា​ឱ្យ​នាង​ផ្ទុំ​ និង​ទ្រង់​ក្នុង​យប់នោះ​តែម្ដង ហើយ​ភាពកក់ក្ដៅ​រោលរាល​ដែល​នាង​នាំមក​ធ្វើឱ្យ​ស្ដេច​សព្វព្រះទ័យ​ដល់​ឈ្លក់​វង្វេង ហើយពី​ថ្ងៃ​នោះមក ​សព្វព្រះទ័យ​តែ​នាង​ម្នាក់​គត់ ​និង​ចាត់ទុក​នាង​ជា​គុជ​ដ៏​ថ្លៃ​ក្នុង​ដៃ​របស់​ទ្រង់៕

(សូមរង់ចាំអាន វគ្គទី៦ បន្ត... សូមអរគុណ!) 

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2152
1621
4531032