jaukjeybanner

មហា​ព្រះ​រាជា​ទាំង ១០​អង្គ​ ក្នុង​ប្រវត្តិសាស្រ្ត​ចិន (វគ្គទី១)

វាចាអ្នកប្រែសម្រួល
​​
​​ជាការពិតណាស់ចិនជាប្រទេសដ៏ធំ និង ចំណាស់មួយក្នុងលោក។ ខឿនអារ្យធម៌ និង ប្រវត្តិសាស្ត្រចិនបានកើតឡើង​មុន​ប្រទេស​ជាច្រើន។
 
ដោយសង្កេតឃើញថា " បណ្តាព្រះរាជាទាំង ១០​អង្គ នៃប្រវត្តិសាស្ត្រចិន"  ដែលនឹងត្រូវខ្ញុំបាទ លើកមក​បង្ហាញ​ជូន​ម្តង​មួយ​ៗ​ ជា​​បន្ត​​បន្ទាប់​នេះមានលក្ខណៈល្អ ដែលគួររៀនតាម និងមានលក្ខណៈអាក្រក់ ដែលពុំគួរ​រៀន​តាមតែត្រូវដឹង ដើម្បី​ជៀស​វាង​។​ ដោយ​​​ឃើញ​ថា​​​ លើទីផ្សារសៀវភៅអានសព្វថ្ងៃនេះពុំសូវសំបូរសៀវភៅ​ប្រភេទនេះ។​ ដោយចង់ធ្វើ​សកម្មភាពមួយ ដើម្បី​ថ្លែង​អំណរ​ដល់​ប្រិយ​មិត្ត​របស់​ ទស្សនាវដ្តី​ខ្មែរសម័យថ្មី។ ខ្ញុំបាទ​ក៏បានឆ្លៀតយកបណ្តាពេលវេលា ដែលទំនេរដើម្បីប្រែសម្រួល និង​ចង​​ក្រង​កម្រង​រឿង​នេះ​ឡើង​។ កម្រង រឿងនេះនឹងត្រូវចែកជាច្រើនភាគ ទស្សនាវដ្តីខ្មែរ​សម័យថ្មី ចាប់ផ្សាយជូនពីលេខ ៥៣១ តទៅ​។  ស្របពេល នឹងគា្ននេះ ខ្ញុំបាទ​សូមឧទ្ទិសសេចក្តីប្រែសម្រួល​រៀបរៀង កម្រង​រឿងនេះជូនដល់​ ឧបាសក ប៉ែន សាន និង ឧបាសិកា កៅ គីមលី ជាឪពុក​ និង​ម្តាយ​បង្កើត និងវិញ្ញាណក្ខន្ធ ឧបាសក​ ឡៅ ចេងងន់ ឧបាសិកា ជឺ បាក់ឡាង ជា​ឪពុក​ក្មេក ម្តាយ​ក្មេក និងបងប្អូនគ្រប់រូបទាំងសងខាង ព្រមទាំងលោកគ្រូ អ្នកគ្រូ​ទាំងអស់ និងបងប្អូន ជាបុគ្គលិក កម្មករ​ល្អៗ​គ្រប់​រូប មិត្ត​ភក្តិ​ផង​ទាំងឡាយ ព្រមជាមួយអស់លោ​ក លោកស្រី ជាអតិថិជន ជាមិត្ត​អ្នកអាន​​ផងដែរ ត្បិត​មាន​ការបង្កើត ចិញ្ចឹម​បី​បាច់​​ថែ​រក្សា​ ប្រៀន​ប្រដៅ បង្ហាត់បង្រៀន ឧបត្ថម្ភគាំទ្រ​របស់​លោកអ្នក​​ទាំងអស់ ទើបខ្ញុំបាទ និង​ភរិយា​មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃ​នេះ។​ ជាមួយគ្នា​នេះ​ក៏សូម​ឧទ្ទិស ជូនដល់ដួង វិញ្ញាណក្ខន្ធ ​បណ្តា​បុព្វ​បុរស​ខ្មែរ​​ដែលបានពលីជីវិត ដើម្បី​ថែរក្សា​​ការពារ​ផ្ទៃ​ដី​ទំហំ  ១៨១ ០៣៥ គីឡូ​ម៉ែត្រការ៉េ របស់ខ្មែរ ពិសេស​បងៗ​ដែល​ទើបនឹងពលី ថ្មីៗក្នុងការ​បង្ក្រាប​ការឈ្លានពាន​របស់ពួកសៀម​អន្យតិរ្ថិយ​​​ ជា​អ្នក​ដែល​​​បញ្ជា ពួកផ្សំគំនិត និងពួក​ដែល​បាន​ឈ្លានពាន​ផ្ទាល់​មក​ខ្មែរ​នា​តំបន់​ព្រំដែន​ខ្មែរ-សៀម។
 
ចុងក្រោយ គឺខ្ញុំបាទសូមអស់លោកអ្នក ដែលមានចំណេះវិជ្ជាជ្រៅជ្រះនិងប្រិយមិត្តរបស់ទស្សនាដ្តីខ្មែរសម័យថ្មី​ ទាំងអស់ មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំបាទ ចំពោះរាល់​កំហុសឆ្គងដោយអចេតនា។​ សូមផ្តល់ការរិះគន់ស្ថាបនា​មក​ខ្ញុំបាទ​ តាមរយៈអាសយដ្ឋាន លេខ​ទូរស័ព្ទ Email​ ឬ Fax ដូចមានស្រាប់ក្នុងទស្សនាវដ្តី​ខែ្មរស​ម័យថ្មី។ ខ្ញុំបាទ​រីករាយនឹង​ទទួល​យករាល់ ការកែលំអនោះ នឹង​កែ​ប្រែ ដើម្បី​ស្នាដៃ​ក្រោយ​ៗ​បន្ត​ទៀត​របស់​ខ្ញុំ​បាទកាន់តែល្អនិង​​បម្រើអ្នកអាន​ បាន​គ្រប់​ជ្រុងជ្រោយផង។
 
ភ្នំពេញ, រាត្រីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១១
ប៉ែន ផល្លា
ចាងហ្វាងទស្សនាវដ្តីខ្មែរសម័យថ្មី
 
================================
 
១. ឈិន ស៊ុយហុ័ង ស្តេចអង្គដំបូង ដែលទន្ទ្រានយកនគរទាំង៦ ធ្វើឱ្យ​ឯក​ភាព​ភូមិ​ភាគ​កណ្តាល (ចុង យាន)

ហេមន្តរដូវ ​ (រដូវក្តៅ) ឆ្នាំ២១០ មុន​គ្រឹស្តសករាជ​ មាន​ក្បួន​រទេះ​សាឡី​ដ៏​ណែនណាន់​តាន់តាប់​ ចេញ​ដំណើរ​​ពី ​អ៊ីន ម៉ឹង នៅ​ ហឺ ប៉ី ស្រប​តាម​ច្រាំង​ទន្លេ​ ឆាងជាង ទៅ​ដល់​ភ្នំ​ ស៊ូជាវ ហើយ​តម្រង់ទៅ​ ជួយ ឈី​។​ នេះ​ជា​ក្បួន​រាជរថ​របស់​ ឈិន ស៊ុយហុ័ង ក្នុង​រាជ​សកម្មភាព​ចុះទត​ប្រជារាស្ត្រ​ជា​លើក​ទី៥។

តាម ​រាជតម្រិះ​របស់ ​ឈិន ស៊ុយហុ័ង ក្បួន​រាជរថ​នឹង​គោចរ​ពី ​ជួយ ​ឈី​ តាម​​វិថី​ លីន ឈី​ តមក​បត់​ទៅ​ខាង​លិច​សំដៅ​មក​រាជធានី​ ស៊ីន យ៉ាង។ ប៉ុន្តែ​​ពេលក្បួន​រាជដំណើរ​មក​ដល់ ​ភីង យួនស៊ឹន សេ្តច​ឈិន ស៊ុយហុ័ង ទទួល​អារម្មណ៍​ថា​ ចុកផ្សា​ក្នុង​ពោះ​យ៉ាង​ខ្លាំង​ ហើយ​មិន​យូរ​តមក​ស្តេច​អង្គ​បាន​​សន្លប់​លែង​ដឹង​ព្រះកាយ​ទៅ។ លី ស៊ឺ ដែល​ជា​ឧបរាជ​ ឃើញ​ស្ថាន​ភាព​​​សុខភាព​ ព្រះរាជា​កាន់​តែ​យ៉ាប់​ពីថ្ងៃមួយ​ទៅ​ថ្ងៃមួយ​ ក៏កើត​ក្តី​ភ័យ​ព្រួយ​​ ដោយ​ចៀស​មិន​រួច​ ហើយ​បញ្ជា​ឱ្យ ​អស់​ពួក​រេហ៍ពល​ខិត​ខំ​បរ​រាជ​រថ​ដោយ​ ប្រញាប់ប្រញាល​សំដៅ​ទៅ​រាជធានី។  ក្រោយ​ពី​ធ្វើ​ដំណើរ​អស់​ពេល​​​យ៉ាង​យូរ​ ក្បួន​រាជរថ​បាន​មក​ដល់ ​សាជាវ​ ព្រះរោគ​នៃ​អង្គ​ក្សត្រ​កាន់​តែ​អាក្រក់។ ប៉ុន្តែ​សំណាង​ល្អ​ដែរ​ ដែល​នៅ​ សាជាវ ​នេះ​មាន​រាជ​​ដំណាក់​នៃ​អតីត​ព្រះរាជា​របស់​ នគរ​ចាវ ហេតុ​នេះ​ក្បួនរាជដំណើរ​សម្រាក​ក្នុង​នោះ​។ ​ក្នុង​រាជដំណាក់​ ឈិន ស៊ុយហុ័ង ​ដក​ដង្ហើម​ដង្ហក់ៗ​ត្រាស់​បង្គាប់​ឱ្យ ​លី ស៊ឺ មហាតលិក​ ចៅ កាវ និង​មេទ័ព​ឈ្មោះ​ ម៉ឹង អ៊ី ចូលគាល់។

លី ស៊ឺ គាល់​សេ្តច​ដោយ​ផ្ទៃមុខ​ពោរពេញ​ដោយ​ក្តីកង្វល់​ ឯ ចៅ ​កាវ គាល់​ស្តេច ​ដោយ​អារម្មណ៍​គេ ​កំពុង​គិតគូរ​ ពី​ឧបាយកល​ពិសពុល​នានា។ ចំ​ណែក ​​ម៉ឹង អ៊ី អវត្តមាន​ត្បិត​គាត់បាន​ទទួល​ រាជ​បញ្ជា​ក្លែង​ក្លាយ​របស់​ ចៅ កាវ​។ ពេល​ ឈិន ស៊ុយហុ័ង​ សួរ​ហេតុ​អី​បាន ​ម៉ឹង អ៊ី​ មិន​ចូល​គាល់​ ចៅ កាវ ​ក្រាប​ទូល​ថា :

- លោក​មេទ័ព ​ម៉ឹង អ៊ី ចេញ​ទៅ​ស្វែងរក​ឱសថ​អមតៈ​ សម្រាប់​ថ្វាយ​ដល់​ព្រះ​អង្គ​។ ឈិន ស៊ុយហុ័ង​ ដកដង្ហើម​របៀប​អស់​សង្ឃឹម​ ហើយ​មាន​បន្ទូល​ថាៈ
 
- ឱសថ​អមតៈ!​  ឱសថ​អមតៈ​នៅ​ឯណា? មិន​ស្លាប់!  មិនស្លាប់ ! អាយុ​ទើប​តែ​៥០ឆ្នាំ​ តែ​យើង​រៀប​ស្លាប់​ទៅ​ហើយ ! មិនចាស់!  មិនចាស់! តែយើង​ ត្រូវគាល់​ ចំពោះ​មុខ​យមរាជហើយ! ពិតណាស់​ព្រហ្មលិខិត​មិន​អាច​កែប្រែ​បាន! អាយុ​ជីវិត​មិន​អាច​អូស​បន្លាយ​តាម​ប្រាថ្នា​បាន! ឱព្រះ​អើយ! ពេលវេលា​ដែល​យមរាជទុក​ឱ្យ​យើង​ខ្លីណាស់! ពួក​សេនា​ប្រញាប់​យក​ជក់​ និង​ក្រណាត់​សូត្រមក​ យើង​សរសេរ​រាជបណ្តាំ។ លី ស៊ឺ ប្រញាប់​យក​ជក់​ពី​រោមចចក​មួយ​ដើម​មក​ថ្វាយ ឈិន ស៊ុយហុ័ង ឃើញ​ភ្លាម​ក៏​នឹក​ដល់​​បុត្រា​ឈ្មោះ​ ភូ ស៊ូ​ និង​មេទ័ព​ឈ្មោះ ម៉ឹង ទៀន។ នេះមក​ពី​ជក់​រោម​ចចក​នេះ​គឺ​ ម៉ឹង ទៀន​ ជា​អ្នក​ធ្វើ​ដោយ​ផ្ទាល់​ដៃ​ ហើយ​បុត្រា​ឈ្មោះ​ ភូ ស៊ូ​ ជា​អ្នក​ចាត់​មនុស្ស​នាំ​វា​មក​ថ្វាយ​ទ្រង់។
 
វេលានេះ​ លី ស៊ឺ បាន​ក្រាល​ក្រណាត់​សូត្រ​មួយ​ផ្ទាំង​ និង​ក្រឡ​ទឹក​ ទឹកខ្មៅ​ដែល​ដុះរួច​រាល់​ ដាក់​លើ​តុ​ក្បែរ​ក្បាល​គ្រែ​របស់​ព្រះរាជា។ ឈិន ស៊ុយហុ័ង កាន់​ជក់​ដោយ​ដៃ​ញ័រៗ​ ហើយ​ចាប់​សរសេរ​ថា "យើងរៀប​នឹង​សោយ​​ទីវង្គត​ហើយ! ត្រូវ​ផ្តល់​ឋានៈ​ជា​​រាជ​ទាយាទ​ដល់​បុត្រា​ឈ្មោះ​ ភូ ស៊ូ។ ត្រូវ​សម្លាប់​ ហ៊ូ ហ៊ី ប្រគល់​សិទ្ធិ​កងទ័ព​ទាំងមូល​ឱ្យ​ ម៉ឹង ទៀន​ និង​សរសេរ​ប្រកាស​បញ្ជូន​​ទៅ​ ស៊ាន យ៉ាង ​ឱ្យ​រៀបចំ​រាជពិធី​បុណ្យសព"។ សរសេររួច​ ព្រះរាជា​ត្រាស់​បង្គាប់​ឱ្យ ​ចៅ ​កាវ យក​ត្រាគុជ​មក​ប្រថាប់​ ហើយ​ដៃ​ព្រះរាជា​មិន​អាច​ទ្រកាន់​បាន​​សូម្បី​តែ​ត្រាគុជ... ឈិន ស៊ុយហុ័ង​ ស្តេច​អង្គ​ដែល​ធ្លាប់​អង្រួន​មនុស្ស​ក្រោម​មេឃបាន​រក​ឃើញ​កន្លែង​ស្នាក់​នៅ ​ចុង​ក្រោយរបស់​ទ្រង់​គឺ​ អតីត​រាជវាំង​នៅ​ សាជាវ ​របស់​ នគរ​ចាវ ក្នុង​ខណៈ​ដែល​ទ្រង់​បំពេញ​រាជកិច្ច​ ដើរ​ត្រួតត្រា​ស្ថានភាព​ប្រជារាស្ត្រ​មិន​ទាន់​ចប់​ចុង​ចប់ដើម...។
 
បង្ក្រាប​ទ័ព​បះបោរ​នៅ​ ឆាងអាន
 
​ឆ្នាំ ២៥១ មុន​គ្រឹស្តសករាជ​ ឈិន ជាវវង់ ​សោយទីវង្គត។ រាជទាយាទ​នាម​ អាង គ័រជីង ត្រូវ​បាន​គេ​លើក​ឱ្យ​គ្រងរាជ​ ឯលោក​ស្រី ​ហួរ យ៉ាង ​ត្រូវ​បាន​តែងតាំង​ជា​ស្នំឯក​ ចំណែក​ ជឺ ឈូ​ (យី យិន) គឺជា​រាជ​ទាយាទ។
 
អាង​ គ័រជីង​ សោយរាជ​បាន​មួយ​វស្សា​ក៏សោយទីវង្គ​ត​ទៀត​ ហើយ​មាន​មរណៈនាយថា​ ស៊ាវ វិនវង់។ រាជ​ទាយាទ ​ជឺ ឈូ ឡើងស្នងរាជយកព្រះនាមថា ឆាង ចាងវង់... ឆាង ចាងវង់ តែង​តាំង​ លុយ​ ពូវ៉ី ជាមហាឧបរាជ​ដាក់​នាម​ថា​ វិន ជីនស៊ូ​ បាន​ទទួល​សួយសាអាករ​ពីប្រជារាស្ត្រ​ ១០ម៉ឺន​គ្រួសារ​ក្នុង​ភូមិភាគ ​ឡក​យ៉ាង ​នៃ​ខេត្ត​ហឺណាន​ នាពេល​សព្វថ្ងៃ។ ឆាង ចាងវង់​ ឡើង​គ្រងរាជសម្បត្តិ​បាន​ ៣វស្សា​ក៏​ធ្វើ​មរណៈកាល​ទៅទៀត។ រាជ​ទាយាទ​ព្រះនាម ​ជីន ឡើង​ស្នងរាជ​ តែងតាំង ​លុយ ពូវ៉ី ជា​បិតា​ធម៌។
 
សម័យកាល​នេះ​យុគសម័យ​មាស​របស់ ​លុយ ពូវ៉ី។ ក្រោយ​ពេល​ឡើង​គ្រងរាជ​រហូត​ដល់​ ៨ឆ្នាំ​ក្រោយ​មក​ ស្តេច​ឈិន (ឈិន វង់ជីន) មាន​ព្រះជន្មា​លើស​ពីម្ភៃ​វស្សា។ យុវព្រះរាជា​អង្គ​នេះ​បង្ហាញ​ឱ្យ​គេ​ឯង​ជឿថា​ ទ្រង់​គឺ​អង្គក្សត្រ​ដ៏ពូកែ​មួយ​ កំពស់​ខ្ពស់​ស្រឡះ​ មុខមាត់​ស្រស់សង្ហា​កំលាំង​ពលមាំមួន​ ពោល​គឺ​ជា​រដ្ឋ​បុរស​ពោរពេញ​ដោយ​គុណសម្បត្តិ​ ហើយ​មាន​ចិញ្ចើម​ទាំងគូ​ខ្មៅ​ក្រិប​ កែវភ្នែក​ធំៗ​ និង​ភ្លឺថ្លា​បង្ហាញ​ពីប្រាថ្នា​ និង​អំណាច​ដួង​ចិត្ត។ មិន​ថា​ផ្នែកណា​នៃ​រាជកិច្ច​នោះ​ទេ​ ព្រះរាជា​តែង​មាន​រាជតម្រិះ​ផ្ទាល់​របស់​ទ្រង់។ ជាមួយ​ប្រាជ្ញា​ឆ្លៀវឆ្លាត​ហើយ​ថាមពល​ពេញ​ប្រាណ​ទ្រង់​បាន​យល់​ថា​ វេលា​សម្រាប់​ទន្ទ្រាន​យក​នគរ​ ឯទៀត​របស់​ នគរ​ឈិន ​បាន​ឈាន​មក​ដល់​ហើយ​ ឯជំហាន​ដំបូង​គឺ​ត្រូវ​លើក​ទ័ព​ទៅ​ប្រាបប្រាម​ប្រទេស​ចាវ។ លុយ ពូវ៉ី ថ្វាយ​​យោបល់​ថា​ឱ្យ​ ឆាង​អាន ជីង ឆឹង ឈាវ​ ធ្វើ​ជា​មេទ័ព​ធំ​ ផាន អ៊ូឈី​ ជាមេទ័ព​រង។ ឈិន វង់ (ស្តេច​ឈិន) យល់ព្រម​តែ​ត្រូវ​ឱ្យ ​ម៉ឹង អ៊ាវ​ និង​ ចាង ថាង​ នាំ​ទ័ព​ស្រួច​ ៥០ ០០០នាក់​ បើក​ការ​វាយ​ នគរ​ចាវ ជាមុន​ ហើយ​មេទ័ព​ធំ​ និង​មេទ័ព​រង​នាំ​ទាហាន ​៥០​ ០០០នាក់​ លុកលុយ​តាម​ក្រោយ។
 
ក្បួន​ទ័ព​នគរ​ឈិន បាន​ចាក​ចេញ​ពីនគរ​ទៅ​បំពេញ​រាជកិច្ច​ ហើយ ​ឈិន វង់ជីន (ស្តេចឈិន) តែង​ចាត់​មនុស្ស​ជំនិត​ទៅ​ស៊ើប​មើល​ស្ថាន​ការណ៍​សឹកជា​ប្រចាំ​ ហើយ​​ព្រះ​រាជា​អង្គ​ឯង ​ជា​អ្នក​ដាក់​ចេញ​នូវ​បញ្ជា​ និង​រៀប​កលយុទ្ធ​នានា​ពី​ក្នុង​រាជ​ដំណាក់។
ព័ត៌មាន​ពី​សមរភូមិ​ត្រូវ​បាន​រាយការណ៍​ថ្វាយ​មក​ជា​ហូរហែរ៖
 
- ម៉ឹង អ៊ាវ​ បាន​ឆ្លង​ផុតច្រក ​ស៊ាន កឹគួង ធ្វើ​ដំណើរ​តាម​វិថី​សាំងតាង វាយ​ត្រង់​មក​ ឈីងទូ ហើយ​បោះ​ជុំរំ​នៅ​ធូសាន។
- ឆឹង ឈាវ បាន​បោះ​ទ័ព​នៅ​ទុន លាវ​ សម្រាប់​ជួយ​ដល់​ម៉ឹង អ៊ាវ​។
- នគរ​ ចាវ តែងតាំង​ ផាងវៀន​ ជា​មេទ័ព​ធំ​ នាំទ័ព​ស្រួច ១០០ ០០០ នាក់​ច្បាំង​នឹង​ទ័ព​ឈិននៅភ្នំ អ៊ាវសាន។
- ចាង​ ថាង ត្រូវទ័ពចាវ វាយ​ឱ្យបរាជ័យ។
- ម៉ឹង អ៊ាវ​ ចេញទៅ​សង្គ្រោះ​ ហើយ​នាំគ្នា​ទៅ​រួម​និង​ទ័ពធំ​នៅ​ធូសាន។
 
អ្វីៗ​កើត​ឡើង​ត្រឹមត្រូវ​តាម​ការ​គិត​ ទុក​មុន​ថា​ នគរចាវ មិន​មែន​ងាយ​ វាយបំបែក​នោះ​ទេ។ ពោល​គឺ​ឈិន វង់ជីន​ បាន​គិត​និង​ត្រៀម​បង្ការ​ទុក​មុន​ជាស្រេច​ ហេតុនេះ​ទ្រង់​គង់​យ៉ាង​រំភើយ​ ឯរាជវាំង​រង់​ចាំសកម្មភាព​នានា​របស់​ ឆឹង ឈាវ។
 
អ្នក​យកការណ៍​ទូលថ្វាយ៖ ដោយ​ហេតុ​មិន​ឃើញ​ទ័ពធំ​មក​ជួយ​ទើប​ ម៉ឹង អ៊ាវ ចាត់ឱ្យ ​ចាង ថាង ទៅ​ តុងលីវ ដើម្បី​រំ​អុក​តឿន​។
 
- ពួក​ហ្នឹង​សម​តែ​ស្លាប់ ! ស្តេច​ឈិន​ជ្រួញ​ចិញ្ចើម​និយាយ​ត​៖ ហេតុអី​ពួក​គេ​ទុក​ឱ្យ​យឺតយូរ​ការងារ​កងទ័ព!
 
លុះ​ដល់អ្នក​ស៊ើបការណ៍​ទូលថ្វាយ​ថា​ ឆឹង ឈាវ​ ក្បត់​លើក​ទ័ព​មក​ច្បាំង​គ្នា​ឯង ឈិន វង់ជីន​ ក្រោធ​ខឹង​ស្ទើរ​ផ្ទុះ​ ហើយ​ស្រែក​ចេញ​នូវ​សម្រែក​ដូច​ផ្គរលាន់។ ស្នូល​នៃ​បញ្ហា​គឺ​ថា​ ផាន អ៊ូឈី​ បើ​ទោះ​នាយ​ជា​មេទ័ព​មួយ​រូប​មែន​ តែ​បាន​ចិញ្ចឹម​មហិច្ឆតា​តាំង​ពី​យូរ​មក​ហើយ។ ក្នុង​ឱកាស​នាំ​ទ័ព​ចេញ​ច្បាំង​លើក​នេះ ឈិន វង់ ចាត់​ឱ្យ​នាយ​ រួម​និង​អនុជមួយ​រូប​របស់​គេ​គឺ​ ឆឹង ឈាវ​ ឱ្យ​ដឹក​​នាំទ័ព​ ហើយ​ក្នុង​ដៃ​មាន​រេហ៍ពល​ដល់​ ៥០ ០០០នាក់​ សួរ​ថា​ ផាន អ៊ូ​ឈី ងាយអី​នឹង​លះបង់​ឱកាស​មាស​នេះ​នោះ? ហេតុ​នេះ ​ក្រោយ​ពេល​បោះទ័ព​នៅ​ ទុន​លាវ ​ស្រួល​បួល ​ផាន អ៊ូឈី​ ចលនា​ឱ្យ​ឆឹង ឈាវ​រួម​និង​ខ្លួន​ក្បត់​រាជបល័្លង្ក។
 
ពេល​ឃើញ​ ចាង ថាង​ បាក់ទ័ព​ ផាន អ៊ូឈី​ យល់​ថា​ វេលា​មក​ដល់​ហើយ​លុះពេល ឆឹង ឈាវ​​ មក​ពិភាក្សា​និង​នាយ ​វិធី​ស្រោចស្រង់​ស្ថានភាព ​ផាន អ៊ូ​ឈី មិន​ត្រឹម​តែ​មិន​អើពើ​ ហើយ​បែរ​ជាចលនា​អូសទាញ​ ឆឹង ឈាវ​ ឱ្យ​ក្បត់​ទៅវិញ។ ផាន អ៊ូឈី​ និយាយ​ទៅ​កាន់ ​ឆឹង ឈាវ ថាៈ  មានរឿង​សំខាន់​មួយ​ដែល​ខ្ញុំមែន​អាច​មិន​ទូលថ្វាយ​ព្រះអង្គ​ម្ចាស់​បាន​ រឿង​នេះ​ពាក់​ព័ន្ធ​ដល់​មាតាបិតា​របស់​ទ្រង់។ ចាវកឺ មាតា​របស់​ព្រះអង្គ​ធាតុពិត​គឺ​ បវរស្ត្រី​នៃ​ នគរ​ចាវ។ កាលពី លុយ ពូវ៉ី ទៅធ្វើ​ជំនួញ​នៅ​ទីនោះ​ក៏រៀបការ​និង​គាត់។ ក្នុង​ខណៈ​នេះ​បិតា​របស់​ទ្រង់​គឺ​ ឆាង ចាងវង់ គឺ​ជា​ចំណាប់​ខ្មាំង​របស់​នគរចាវ។  លុយ ពូវ៉ី ចង់បាន ​អនាគត​ត្រដែតត្រដឹម​ក៏ចង​មិត្ត ​និង​មិតារបស់ទ្រង់។ ដំណាល​គ្នា​ហ្នឹង ចាវកឺ មាន​ផ្ទៃ​ពោះ​រួច​ទៅ​ហើយ​ ក្រោយ​មក​ក៏ប្រសូត​បាន​កូនប្រុស​ម្នាក់​ ក្មេង​ម្នាក់​នោះ​ឥឡូវ​នេះ​គឺ ឈិន វង់​ របស់​យើង​ហ្នឹងឯង។ ពិតមែន​តែ​ព្រះអង្គ​ម្ចាស់ ​និង​ព្រះរាជា​គឺ​បងប្អូន​បង្កើត​ តែ​បើ​តាប់តាមខ្សែ​លោហិត​ គឺព្រះអង្គ​ទេ​ដែលជា​ព្រះមហាក្សត្រ​ពិត​ប្រាកដ​ មិនមែន​ស្តេច ​ឈិន វង់ជីន ​នោះ​ឡើយ។
 
- ឆឹង ឈាវ ស្តាប់ពាក្យ​បញ្ចុះបញ្ចូល​អស់​នេះ​ ផ្ទៃមុខ​ពេល​ខ្លះ​ក្រហម​ដូចម្ទេស​ទុំ​ ពេលខ្លះ​ស្លេក​ដូចបណ្តូល​ចេក​ ហើយ​ចុង​ក្រោយ​ឡើង​ស្រគាំ​របៀប​ផេះ​ក្នុង​ចង្ក្រាន។ ព្រះអង្គ​ម្ចាស់​អង្គនេះ​គិតថា​ អូ! ពួកមនុស្ស​អស់​នេះ​ឃើញ​យើង​នៅក្មេងវស្សា​ នាំ​គ្នា​បោកប្រាក់​យើង​តើ​នេះ! តែ​ភ្លាមៗ​ទ្រង់​មិន​យល់​ថាត្រូវ​សម្រេចចិត្ត​បែបណា​ក៏សួរ ​ផាន អ៊ូឈី៖
 
- បើដូច្នេះ​មែន​ តាម​យោបល់​លោកមេទ័ព​ យើង​ត្រូវ​លៃលក​យ៉ាង​ណា​ទៅ? ផាន អូឈី តបយ៉ាង​លឿនៈ
 
- យោងលើ​ឋានៈ​របស់​ទ្រង់​ តើ​យើង​មិន​អាច​កេណ្ឌ​មនុស្ស​បាន​ទេឬ? ឥឡូវ​មាន​កងទ័ព​ ៥០ ០០០ ក្នុងកណ្តាប់ដៃ​ តើ​វាមិនទាន់​គ្រប់គ្រាន់​ទេឬ? បើ​ទ្រង់​ចង់​ប្រឆាំង​និងស្តេច ឈិន​ វង់ជីន។ ខ្ញុំ​នឹងរួមចំណែក​ ដើម្បី​ស្តាររាជ​សម្បត្តិ​ឱ្យត្រកូល​ យិន ឡើង​វិញ​តាម​រយៈ​បការ​បះបោរ​មួយ។
 
- ល្អ ! ល្អណាស់! ខ្ញុំសម្រេច​ព្រះទ័យ​ថាធ្វើ។ ឆឹង ឈាវ ដលដាវសស្ងាច​ចេញ​ពីស្រោម​ ហើយ​គ្រវីគ្រវាត់​អស់​ទំហឹង​តាម​​កំសួល​នៃ​ចិត្តក្រោធ​ ហើយ​ចុងក្រោយ​កាប់កាច​ក្រុងតុ​មួយ។ ឆឹង ឈាវ បន្តៈ បើ​យើង​មិន​អាច​សម្លាប់​ផ្តាច់​ពូជ​ឪពុក​កូន​ត្រកូល​លុយ​ ស្តាររាជ​សម្បត្តិ​ឱ្យ​ត្រកូល​យិន វិញ​ទេនោះ​គឺ​មិនមែន​មនុស្ស​ឡើយ។
 
ដូច្នេះ​ ផាន អ៊ូឈី ខ្លួន​ឯង​បាន​កាន់​ជក់​សរសេរ​សេចក្តី​ថ្លែងការណ៍​មួយ ​ថ្កោល​ទោស​​ឪពុក​ និង​កូនលុយ​ ពូវ៉ី ដូចតទៅៈ

"ឆាង អានជីង ឆឹង ឈាវ សូមប្រកាស​ប្រាប់​ដល់​អស់​ប្រជានុរាស្ត្រ​ ក្នុង​ទូទាំង​ប្រទេស​ឱ្យ​ជ្រាបថា៖ ប្រការសំខាន់​ក្នុងការផ្ទេរ​រាជសម្បត្តិ ​គឺ​ផ្អែក​លើ​ភាពសុទ្ធ​ពិត​ប្រាកដ​ នៃពូជពង្ស។ លោកមន្ត្រី​​ វិន ជីនស៊ូ លុយ ពូវ៉ី ធាតុពិតគ្រាន់តែ​ជា​ឈ្មួញ​ម្នាក់​នៅ​ស្រុក​យ៉ាងទី​ តែ​ហ៊ាន​សម្លឹង​ខ្ពស់​ដល់​រាជសម្បត្តិ​នគរ​ឈិន។ ខណៈ​នេះ​បាន​ដឹងថា​ ស្តេច ឈិន វង់ជីន​ មិនមែនជាបុត្រ​នៃ​អតីត​ព្រះមហាក្សត្រ​ តែជាកូន​របស់ លុយ ពូវ៉ី។ គ្រាមុន​ លុយ  ពូវ៉ី​ បាន​ប្រគល់​ប្រពន្ធ​របស់​គេ​ គឺ ចាវកឺ​ ដែល​ទ្រង់​មាន​គក៌​​រួច​ជា​ស្រេច​មកឱ្យ​ និង​បោកប្រាស​អតីតព្រះរាជា​ ហើយ​ឥឡូវ​នេះ ​លុយ ពូវ៉ី​ និង​អាកូន​ពូជថោក​របស់​គេ ប៉ុនប៉ង​ធ្វើ​ឱ្យ​ក្រឡាប់​ចាក់​ភាព​ឧត្តុង្គឧត្តម​ នៃ​រាជ​វង្ស​។

លុយ ពូវ៉ី បាន​ប្រើ​មាសប្រាក់​កែវកង​ ពិទូរ្យ​សូរកាន​  ដើម្បី​បាន​គ្រងរាជ្យ​សម្បត្តិ។ ស្តេច សាវ វិនវង់ និង ឆាង ចាងវង់ បាន​សោយទីវង្គត​បន្ត​គ្នា​ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ ហើយ​ក្នុង​បណ្តា​រជ្ជកាល​​នេះ​ លុយ ពូវ៉ី​ សុទ្ធតែ​ជា​មហាមន្ត្រី​សួរថា​ នរណា​ហ៊ាន​ប្រឆាំង​និងគាត់? ឈិន វង់ជីន មិនមែនជា​តំណក់​ឈាម​​រាជវង្ស​ធាតុពិត​គ្រាន់​តែ​ជា​កូន​នៃ​ជនបោកប្រាស់​ ដែល​ប្រើ​ឧបាយកល​ ដណ្តើម​រាជ​សម្បត្តិ​ពីត្រកូល​ យិន​ ដើម្បី​កសាង​អាណាចក្រ​​សម្រាប់​ត្រកូល លុយ។ ឥឡូវ​នេះ​លុយ ពូវ៉ី ត្រូវបាន​តែងតំាង​ជាបិតាធម៌​ ដែលថ្ងៃណា​នោះ​គេនឹង​ដណ្តើម​យក​រាជ​សម្បត្តិ​។ នគរកំពុង​ឈរមុខ​ជ្រលងគ្រោះថ្នាក់។ យើងជា​បុត្រ​របស់​អតីត​ព្រះរាជា​ ថ្ងៃនេះ​ក្រោកឡើង​ ដើម្បី​ផ្តួល​រំលំ​ពួក​ក្បត់។ មហាជន​ទ័ពលើក​ទៅដល់​ណា​គឺ​យុត្តិធម៌​ និង​សុភមង្គល​ទៅ​ដល់ទីនោះ​ ហើយ​ខ្មាំង​ក៏ត្រូវ​កំទេច​ដល់​ទីនោះ។ សូមប្រជារាស្ត្រ​នៃ​នគរ​ ឈិន ក្រោយ​ពេល​ទទួល​បាន​ប្រកាស​នេះ​ហើយ​ ចូរ​អ្នក​ងើបឡើង​រួម​គ្នា​ជា​មហាកំលាំង​កំទេច​ខ្មាំង​រួម​របស់​យើង​ ដើម្បី​រំសាយ​កំហឹង​របស់ជាតិ"។

ខិត្តប័ណ្ណ ​ដែល​មាន​ន័យ ​ពោរពេញ​ដោយ​ការ​ដុត​បញ្ឆេះ​កំហឹង ​បាន​រីក​សាយភាយ​ទៅ ​គ្រប់​ទិសទី។ ចំពោះ​ប្រជារាស្ត្រ​នគរ​ឈិន​តិចឬច្រើន​ ពួក​គេ​បាន​ដឹង​ខ្លះ​ហើយ​ ពីអាថ៌កំបាំង​ក្នុង​រាជ​ដំណាក់​ ស្រាប់​តែ​ពេល​នេះ​ឃើញ​ខិត្តប័ណ្ណ​នេះ​ទៀត ធ្វើ​ឱ្យ​ពួក​គេ​អស់​ក្តី​​មន្ទិល​សង្ស័យ​រលីង។ ប៉ុន្តែ​មនុស្ស​ជាច្រើន​នៅ​ញញើត ​ចំពោះ​អានុភាព​របស់​ លុយ ពូវ៉ី​ ទើប​ពួក​គេ​សម្ងំស្ងៀម​ក្តាប់ ​សភាព​ការណ៍​សិន។

ផាន អ៊ូឈី ​ឆ្លៀត​ឱកាស​បោះទ័ព​នៅ ​ទុនលាវ​ ហើយ​កេណ្ឌបុរសៗ ​ឱ្យ​ធ្វើ​ទ័ព​ពង្រីក​ឥទ្ធិពល​ត្រៀម​ខ្លួន​កំចាត់​ក្រុម​ លុយ ពូវ៉ី។ គ្រាន់​​តែ​បើក​ឆាក​ភ្លាម​ ក្រុម​នេះ​ដណ្តើម​បាន​ ឆាងជឺ ភ្លាម​ឆាក​ប្រយុទ្ធ​ទី២​ចប់​ ពួក​គេដណ្តើម​បាន ​ហ៊ូ គួង​ ទៀត​ ហើយ​ប្រុង​ប្រៀប​នាំទ័ព​ធំទៅ​​ ស៊ានយ៉ាង។

ឈិន វង់ជីន (ស្តេច​នគរ​ឈិន) ដែល​កំពុង​តែ​ពិរោធ​ព្រោះ​កោណហល​ផ្ទៃក្នុង​ ស្រាប់​តែ ​ចាង ថាង ​បាន​នាំ​យក​ខិត្តប័ណ្ណ​មួយ​សន្លឹក​ពីតំបន់​មាន​កលយុគ​ទៅ​ថ្វាយ។ បន្ទាប់​ពី​អានច​ប់​ខ្លឹមសារ​ក្នុង​ខិត្តប័ណ្ណ​ ស្តេច​នគរ​ឈិន ខឹង​ឡើង​ញ័រខ្លួន​ចំប្រប់​ មួយ​សំទុះ​ធំ ក្រោយ​មក​ទើប​រក្សា​លំនឹង​ស្មារតី​បាន​វិញ។ ក្រោយ​ពេល​ទ្រង់​ព្រះតម្រិះ​ល្អិតល្អន់​ ស្តេចអង្គ​បាន​តែងតាំង​ វង់ ជាន​ ជាមេទ័ព​ធំ ​ហួង អ៊ី និង​ វង់ ប៉ុន​ ជាមេទ័ព​រង​ឆ្វេងស្តាំ ​នាំទាហាន​ជាញជ័យ ១០០ ០០០នាក់​ ទៅ​បង្ក្រាប​ក្រុមបះបោរ​ របស់​ ឆាង អានជីង​ ឆឹងឈាវ។ ផាន អ៊ូឈី​ រៀបចំ​ទ័ព​ការពារ​នៅ​ឯច្រក​ចូល​កំផែង​ក្រុង​ ហើយ​ វង់ ជាន​ រាយ​ទ័ព​ហ៊ុំព័ទ្ធ​ត្រៀម​ប្រយុទ្ធ។ លើ​សមរភូមិ​ វង់ ជាន​ ស្រែក​ជេរ ​ផាន​​ អ៊ូឈី​ ដោយ​សម្តី​គ្រោតគ្រាត​អស់​សេចក្តី​ថ្លាថ្លែង ​ផាន អ៊ូឈី​ ក្តៅ​ងើង​ត្រចៀក​គ្រវីកាំបិត​ធំ​បំផាយ​សេះ​ចេញ​មក​ច្បាំង។ ទ័ព​រាជវាំង​ឃើញ ​ផាន អ៊ូឈី ​ខ្លាំង​ដូច​ក្របី​ឡើង​ក​ ក៏រត់​ប្រសេចប្រសាច​ចោល​ទីលាន​ប្រយុទ្ធ​ ឯ ផាន អ៊ូឈី​ គ្រវី​កាំបិត​ម្តង​ទៅ​ឆ្វេង​ម្តង​មក​ស្តាំ​លាន់សន្ធឹក​ខ្យល់​វឹបៗ​ បីដូចជា​នៅ​កន្លែង​​គ្មាន​មនុស្ស។ វង់ ជាន ចេញ​បញ្ជា​ឱ្យ​ពល​សេនា​ចាប់ ផាន​ អ៊ូឈី​ ទាំងរស់​តែគ្មាន​ប្រយោជន៍​សោះ​ ក្រោយ​ពី​ប្រយុទ្ធ​គ្នា​ ៤-៥លើក​មក​ ហើយ​ថែម​ទាំង​ខាតបង់​កងទ័ព​យ៉ាង​ដំណំ​ និង​ត្រូវ​បង្ខំចិត្ត​ដកទ័ព​ត្បិត​មេឃ​ងងឹត។

លុះស្អែកឡើង ​វង់ ជាន​ បាន​ពិភាក្សា​ឧបាយ​កល​ថ្មី​ និង​មេទ័ព​ក្រោម​បង្គាប់​គឺ ​យ៉ាង​ ទុនហឺ​ ផង​ ហើយ​បញ្ជា​ឱ្យ​ ហួង អ៊ី​ និង វង់ ប៉ុន​ ម្នាក់ៗ​នាំទ័ព​ស្រួច​មួយ​ចំនួន ​ទៅ​វាយប្រហារ​រៀងគ្នា​លើ​ក្រុង​ឆាងជឺ​ និង​ហ៊ូ គួង​ ឯ វង់ ជាន ​ខ្លួន​ឯង​បន្ត​វាយ ទុយ លាវ​ ពោល​គឺ​គាត់​បំបែក​សង្គ្រាម​ជាបីចំណែក​ក្នុង​បំណង​កុំ​ឱ្យ ​ផាន អ៊ូឈី​ តដៃ​ទាន់។  ប៉ុន្មាន​ថ្ងៃ​ក្រោយ​មកទ័ព​រាជវាំង​កាន់កាប់​បាន​ឆាងជឺ​ និង​ហ៊ូគួង​ តមក​ពួក​គេ​ប្រមូល​គ្នា​ជា​ទ័ពធំ​បន្ត​វាយ​ ទុនលាវ។ ផាន អ៊ូឈី​ នៅ​តែ​រឹងប៉ឹង​ដដែល​ច្បាំង​គ្នា​ប៉ុន្មាន​សា​ ទាហាន​វាំង​បរាជ័យ​ទាំងអស់​ ហើយ ​ផាន អ៊ូឈី​ ដេញ​តាមប្រហារ​ឥតត្រាប្រណី ​លៃយ៉ាង​ណា​ឱ្យ​ទាហាន​វាំង​រាបដូចកន្ទេល​ទើប​ព្រម។ ខណៈ​ដែល​ផាន អ៊ូឈី​ វក់វី​ប្រយុទ្ធ​ខាង​ក្រៅ​ក្រុង​ ឯខាង​ក្នុង​បន្ទាយ ​ទុនលាវ​ ឯណោះ ​យ៉ាង ទុនហឺ ​បាន​ជ្រៀត​ចូល​ស្រេច​ ដើម្បី​សម្រេច​ផែនការ​របស់​គេ​គឹ​បញ្ចុះបញ្ចូល ​ឆាង អានជីង ឆឹងឈាវ​ ត្បិត​ យ៉ាង ​ទុន​ហឺ ជាអតីត​កូន​ចៅ​របស់​ ឆឹងឈាវ​ដែរ។

ឆឹង ឈាវ​ បាន​ហែក​ សំបុត្រ​របស់​ វង់ ​ជាន​ ដែល ​យ៉ាង ​ទុនហឺ​ យក​មក​ថ្វាយ​ទត​ឃើញ​សេចក្តី​ថា​ "ព្រះអង្គ​ជា​អនុជ​របស់​ព្រះ​រាជា ​និង​ទទួល​បាន​ការ​តែងតាំង​ជា​ព្រះ​អង្គ​ ឆាង អានជីង​ ដែល​ខ្ពង់ខ្ពស់​ហួស​អស់​ពួក​មន្ត្រី​ក្រោម​តែ​មនុស្ស​ម្នាក់​ ហេតុ​អី្វ​ព្រះអង្គ​មិន​ទាន់​ស្កប់ស្កល់​ទៀត​ ហើយ​ទៅ​ប្រព្រឹត្ត​រឿង​ដែលនាំ​ឱ្យ​ញាតិ​ផៅខ្លោច​ផ្សា​ ឯសត្រូវ​ណាៗ ​ក៏សប្បាយ​ចិត្ត​ស្វែង​រក​​សេចក្តី​វិនាស​ដោយ​អង្គឯង។ តើ​ព្រះអង្គ​ឥតស្តាយ​ក្រោយ​ទេឬ? បើ​ទ្រង់​សម្លាប់ ​ផាន អ៊ូឈី​ ហើយ​ទទួល​សារភាព​ទោស​កំហុស​ នោះ​ទូលបង្គំ​នឹង​ទូលព្រះរាជាសុំ​ព្រះរាជទាន​លើកលែង​ទោស​ស្លាប់​ថ្វាយទ្រង់។ បើ​ពុំនោះ​សោត​ អាច​បកក្រោយ​លែង​ទាន់​ហើយ​ក្រាប​ទូល!"។

ឆឹង ឈាវ​ ទត​ចុតហ្មាយ​រួច​ហូរ​ទឹក​ភ្នែក​និយាយ​ថា​ "លោក​មេទ័ព​ផាន​ជា​មនុស្ស​ក្លាហាន​ ទៀងត្រង់​ យើង​មិន​អាច​ក្បត់​គាត់​បាន​ទេ"។ ខណៈ​ហ្នឹង​ដែរ​ ផាន អ៊ូឈី​ បាន​បាក់ទ័ព​បំផាយ​សេះ​ចូល​បន្ទាយ​វិញ​ ត្បិត​ពេល​ខំដេញ​តាម​ប្រហារ​ទ័ព​រាជវាំង​គាត់​ត្រូវ​ចាញ់កល​របស់ ​វង់ ជាន។ ឆឹង ឈាវ ​ហៀប​នឹង​ឱ្យ​គេ​បើក​ទ្វារ​កំពែង​ឱ្យ​ចូល ​រំពេច​នោះ​ យ៉ាង ​ទុនហឺ ​ហូត​ដាវ​ គំរាម ​ឆឹង ឈាវ​ ហើយ​ស្រែក​សន្ធាប់​ដាក់​ ផាន អ៊ូឈី​ ដែល​នៅ​ក្រោម​កំផែង​ថាៈ

- ឆាង អានជីង​ សម្រេច​ព្រះទ័យ​ចុះចាញ់​ហើយ។ លោក​មេទ័ព ​ផាន ​ចង់​ទៅ​ណា​ទៅចុះ! ដំណាល​គ្នា​នឹង ​យ៉ាង ទុនហឺ ​ដក​យក​ទង់​ចុះចាញ់​ដែល​នាយត្រៀម​ស្រេច​ពី​ក្នុង​អាវ​ប្រគល់ ​ឆឹងឈាវ​ បង្ខំ​ ឆឹងឈាវ​ ឱ្យ​កងទ័ព​ហូត​ទង់សចុះ​ចាញ់​ឡើង​ភ្លាម។ ដោយ​ឃើញ​គ្រប់​យ៉ាង​រលាយ​ដូច​ផ្សែង​ត្រូវ​ខ្យល់​ ឆឹងឈាវ ​ត្រូវ​តែ​ធ្វើ​តាម​ យ៉ាង ទុនហឺ​ ហើយ​រេហ៍ពល​នាំគ្នា​ទម្លាក់​អាវុធ​ទាំងអស់។
ចំណែក ​ផាន អ៊ូឈី ​ដែល​ស្រឡាំងកាំង​គិត​អ្វី​មិន​ឃើញ​ ព្រោះ​សភាពការណ៍​ដើរ​លឿន​ពេក​ តមក​ក៏តាំង​ស្មារតី​បាន​វិញ ​ហើយ​ស្រែក​សន្ធាប់​ដាក់ ​ឆឹងឈាវៈ

- គួរ​ឱ្យ​សរសើរ​អាក្មេងបំបង់បាយ​ឈ្មោះ​ ឆឹង ឈាវ ! ឯង​គិត​ថា​ចុះញ៉ម​គឺ​រស់​បាន​ឬអី? បើ​ស្តេច​ឈិន​ទុក​ជីវិត​ឱ្យ​ឯង​ យើង​នឹង​ដើរ​​ដោយ​ក្បាល​ឱ្យ​ឯង​មើល! និយាយ​ចប់​ ផាន​ អ៊ូឈី​ បកក្រោយ​ប្រយុទ្ធ​និង​ទ័ព​ស្តេច​ទៀត។ ទ័ពស្តេច​ឡោមព័ទ្ធ​ ផាន អ៊ូឈី​ជា​ច្រើន​ជាន់​ បើ​សម្លាប់​នាយ​គឺស្រួល​ដូច​បក​ចេក តែ​ស្តេច​ឈិន ​ដាក់​បញ្ជា​ត្រូវ​ចាប់​ទាំងរស់​ ត្បិត​ស្តេច​ឈិន ​ចង់សម្លាប់​នាយ​ដោយ​អង្គ​ឯង។ ម្យ៉ាង ផាន អ៊ូឈី​ ខ្លាំងក្លា​ណាស់​ គ្មាន​នរណា​ហ៊ាន​ចូល​កៀក​គេ​ឡើយ​ ហើយ​ទ័ព​របស់ ​វង់ ជាន ​ខ្លាច​ធ្វើ​ឱ្យ ​ផាន អ៊ូឈី​ ស្លាប់​ក៏ទុក​ច្រក​មួយ​ឱ្យ​គេ​រត់​ទៅ​ ប្រទេស​វ៉ី​ ហើយ​ ឆាង អាន​ជីង ​ចុះចាញ់​ទ័ពធំ​របស់​ វង់ ជាន ​លើក​គ្នា​ចូល​ក្រុង។ វង់ ជាន​ បាន​ចាត់​ ស៊ិន សាំង ​ឱ្យ​ទៅ ​ស៊ាន យ៉ាង​ ដើម្បី​ទូលថ្វាយ​ព្រះរាជា​នូវ​ដំណឹង​ជោគជ័យ​នេះ​ ព្រម​ទាំងសុំ​ព្រះរាជ​ឱង្ការ​ចាត់ចែង​យ៉ាង​ណា​ចំពោះ​ ឆាង អានជីង​ ឯ ឆឹង ឈាវ ​ខ្លួន​ឯង​សង្ឃឹម​ថា​គេ​នឹង​រួច​ពី​ទោស​ស្លាប់។

ចំណែក ​ឯក្នុង​ព្រះទ័យ​ស្តេច​ឈិន​ ឯណោះ​វិញ​ កំហឹង​នៅ​ធ្ងន់​ដូច​ភ្នំ​ធំ ដូច​មហាសមុទ្រ​ដដែល។ ស្តេច​ឈិន ​ប្រកាស​ផ្តល់​រង្វាន់​មាសសុទ្ធ​ ១០០០គីឡូក្រាម​ ដល់​ជនណា​ចាប់​បាន ​ផាន អ៊ូឈី​ ហើយ​ផ្តល់​សិទ្ធិ​ឱ្យ​គ្រប់គ្រង​លើ​គ្រួសារ​ចំនួន ១០០ ០០០ទៅ​ទៀត។ ស្រប​គ្នា​នេះ​ស្តេច​អង្គបាន​ត្រាស់​បង្គាប់​ឱ្យ​ប្រហារ​ជីវិត។ តំណ​របស់​ ផាន អ៊ូឈី​ ឯ ឆឹងឈាវ ​វិញ​ វង់ ជាន​បាន​សុំ​ឱ្យ ​ព្រះ​រាជា​លើកលែង​ទោស​ស្លាប់​ដល់នាយ។ ស្តេច​ឈិន​ មិន​ត្រឹម​តែ​មិន​ព្រម​ព្រះរាជទាន​លើកលែង​ទោស​ទេ​ តែ​បង្គាប់​ឱ្យ​ប្រហារ​ជីវិត​ ឆឹង ឈាវ ភ្លាមៗ​តែម្តង​នៅ​ត្រង់​កន្លែង​ឃុំខ្លួន​ដោយ​ទ្រង់​​ស្រែក​សន្ធាប់​ថា​ "បងប្អូនធុន​នេះ ! ទុក​ឱ្យ​រស់បាន​ប្រយោជន៍​អី?"។

ដំណឹង ​នេះ​បាន​ទៅ​ដល់​ មាត្រា​ព្រះរាជាគឺ ​ចាវកឺ​ ទ្រង់​ខ្លាច​តែ​អង្គ​ឯង​មិន​អាច​សុំព្រះ​រាជ​ទានទោស​បាន​ ក៏​ឱ្យ​គេត្រាស់​ហៅ​ លុយ ពូវ៉ី ​ទៅ​ជាមួយ។ ស្តេចឈិន​មិន​អាច​មិន​រន្ធត់​ញាប់ញ័រ​ស្រឡាំងកាំង​បាន​ទេ​ ពេល​ឃើញ​ព្រះ​មាតា ​ដែល​គ្មាន​ទ្រង់​គ្រឿង​​អលង្ការ​មាសពេជ្រ​កែវកង​ ឬតុបតែង​កាយា​អ្វី​សោះ​ ហើយ​ទម្លាក់​ព្រះកេសារ​វែង​​អន្លាយ​គ្រប​លើ​រូបកាយ​ បីដូចជា​អ្នក​ទោស។ ព្រះមាតា​មាន​សុវណ្ណី​សុំ​ឱ្យ ​ឆឹង ឈាវ ​រួច​ពីទោស​ស្លាប់​ តែ​ស្តេច​ឈិន​ដាច់ខាត​មិន​យល់​ព្រម។

បរិយាកាស ​អាប់អួរ​ត្រូវ​បាន​បំបែក​ពេល​ លុយ ពូវ៉ី មក​ដល់​ ហើយ​គេ​ដឹង​ដែរ​ថា​ បើទោះជា​សុំក៏​ស្តេច​ឈិន​មិន​ព្រម​ តែគេ​នៅ​តែ​សាកល្បង​ហើយ​លទ្ធផល​គឺសូន្យ​មែន។ ស្តេច​ឈិន​មាន​បន្ទូល​ទៅ​កាន់ ​លុយ ពូវ៉ី ​ថា៖

- ឋានៈ​ជា​ម្ចាស់​ដែនដី​នេះ​ តើ​យើង​ ឬលោក​ជា​អ្នក​ទទួល? បើ​ខ្ញុំ​ធ្វើ​គឺ​លោក​ឯង​ត្រូវ​ស្តាប់​តាម​ខ្ញុំ! ពពួក​ក្បត់យ៉ាង​ហ្នឹង​បើ​មិន​សម្លាប់​អាច​ធ្វើ​ឱ្យ​សមាជិក​រាជវង្ស​អង្គ​ ផ្សេងៗ​ងើប​ឡើង​ក្បត់​ទៀត! "ល្អណាស់!" លុយ ពូវ៉ី ធ្វើ​មុខ​ស្រឡាំងកាំង​ តែ​ក្នុង​ចិត្ត​កោតស្ញប់ស្ញែង ​ស្តេច​ឈិន​យ៉ាង​ខ្លាំង។

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2151
1621
4531031