jaukjeybanner

ខួរក្ដាមសមុទ្រអាំងមានវិធីចម្អិនមិនសូវខុសពីខួរក្ដាមស្រែរបស់ខ្មែរ

ភ្នំពេញ: នៅ​ប្រទេស​កម្ពុជា មិន​ថា​នៅតាម​ទីជនបទ ឬ​ទីក្រុង​ឡើយ ប្រជាជន​មួយចំនួន​នៅតែ​និយម​ទទួលទាន​ក្ដាមស្រែ ដោយ​យកមក​បុក​ធ្វើជា​ទឹក​សម្ល​ខួរ​ននោង ឬ​សម្លម្ជូរ​ល្ហុង​ជាដើម។ ជួនកាល​គេ​ក៏​យក​ក្ដាមស្រែ​ធ្វើជា​ក្ដាមប្រៃ ក្ដាម​បំពង ក្ដាម​អាំង​ទាំងមូល ឬ​អាំង​តែ​ស្នូក និង​ខួរ​របស់​វា​ដើម្បី​ប្រឡាក់​បាយ​ញ៉ាំ។

មិន​ត្រឹមតែ​សម្បក​ខួរ ក្ដាមស្រែ​ទេ​ដែល​យើង​អាចយ​កវា​មក​អាំង​ប្រឡាក់​អំបិល និង​ម្សៅ​ស៊ុប​បន្តិច​ដើម្បី​ប្រឡាក់​បាយ​ទទួលទាន​នោះទេ សូម្បីតែ​ក្ដាម​សមុទ្រ​ក៏​យើង​អាច​យកមក​ចម្អិន​ដោយ​ប្រើ​វិធីងាយៗបែប នេះ​ផងដែរ។

នៅ​បណ្ដា​ប្រទេស​អាស៊ី​មួយចំនួន គេ​អាច​ប្រើ​ក្ដាមសេះ ឬ​ក្ដាមថ្ម​ក៏បាន​ដើម្បី​អាំង​ខួរ និង​សម្បក​របស់​វា​ទទួលទាន។

វិធី ចម្អិន​ខួរ​ក្ដាម​សមុទ្រ​អាំង​នេះ​គឺ​ងាយ​បំផុត​ដោយ​ដំបូង​យើង​គ្រាន់តែ​យក ក្ដាម​មក​បេះយក​ខ្លួន និង​ដៃជើង​វា​ចេញ ធ្វើយ៉ាងណា​ទុក​តែ​សម្បក ខួរ និង​ខ្លាញ់​របស់​វា។ អ្នក​គួរតែ​ជ្រើសរើស​វេលា​ណា​ដែល​ពពួកសត្វ​ក្ដាម​មាន​សាច់​ពេញ​ល្អ ទើប​វា​សម្បូរ​ទៅដោយ​ខ្លាញ់​លឿង​រលើបរលោង គួរ​ឲ្យ​ចង់​ទទួលទាន។

នៅពេល ដែល​អ្នកយក​សម្បក ខួរ និង​ខ្លាញ់​វា​រួចហើយ អ្នក​ត្រូវ​ប្រើ​ម្សៅ​ស៊ុប​បន្តិច និង​ម្រេច​បន្តិច​រោយ​ពីលើ​ខ្លាញ់​ខួរ​នោះ រួច​យក​ចង្កឹះ​កូរ​វា​ឲ្យ​ចូលជាតិ។ អ្នក​ក៏​អាចយ​កសាច់​ក្ដាម​បេះ​ជាសរសៃៗហើយ​រោយ​ពីលើ​ខ្លាញ់​ខួរ​ក្ដាម​នោះ ផងដែរ។ ក្រោយពី​លាយ​គ្រឿង​រួចរាល់ អ្នក​ត្រូវយក​ស្នូក​ក្ដាម​នោះ​ទៅ​អាំង​ប្រមាណ​ជា១០នាទី ដោយ​ប្រើ​កម្ដៅភ្លើងតិច។

មនុស្ស​មួយចំនួន​និយម​រោយ​សរសៃ​ជីរវ៉ាន់ស៊ុយ ខ្លះទៀត​រោយ​ស្លឹក​ខ្ទឹម និង​ខ្លះទៀត​ខ្ទឹមក្រហម​បំពង​ពីលើ​ខ្លាញ់​ខួរ​ក្ដាម​ដែល​ឆ្អិន។ រីឯ​អ្នក​ខ្លះទៀត​ក៏​និយម​ច្របាច់​ក្រូចឆ្មារ​បន្តិច​ពេល​ញ៉ាំ​វា​ផងដែរ ៕

គាវម៉ុងហ្គោលីញាត់សាច់ចៀម និងសាច់គោចិញ្ច្រាំខុសពីគាវចិន

ក្រុង​អ៊ូ​ឡាន បា​ទ័​រៈ ប៊ូ​ហ្ស៍​គឺជា​ប្រភេទ​អាហារ​ម្យ៉ាង​របស់​ជាតិ​ម៉ុង​ហ្គោ​លី​ មាន​សណ្ឋាន​ដូច​គាវចិន ​ដោយ​គេ​ប្រើ​ម្សៅ​រុំ​សាច់​ដាក់​ចំហុយ។ វា​ជា​អាហារ​បែប​ប្រពៃណី​របស់​ជនជាតិ​ម៉ុង​ហ្គោ​លី ​ហើយ​គេ​ចូលចិត្ត​ទទួលទាន នាឱកាស​ថ្ងៃបុណ្យ​សា​ហ្គា​ន​សារ៍ ​គឺជា​ថ្ងៃ​ចូលឆ្នាំថ្មី។ បច្ចុប្បន្ន​អាហារ​នេះ​ក៏​ត្រូវបាន​គេ​ឃើញ​មាន​បម្រើ​នៅតាម​បណ្តា ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​នតូចៗនានា​ពេញទី​ក្រុង​អ៊ូ​ឡាន​បា​ទ័​រ​ប្រទេស​ម៉ុង​ហ្គោ​លី តែម្តង។

នំ​ប៊ូ​ហ្ស៍​នេះ​មាន​ដើមកំណើត​ចេញពី​តំបន់​មួយ​របស់​ប្រទេស ម៉ុង​ហ្គោ​លី ដែលមាន​ប្រវត្តិ​ទាក់ទិន​នឹង​សម័យកាល​ប្រើ​កលល្បិច​តទល់​នឹង​ប្រទេស​ចិន។

ប្រជាជន​ម៉ុង​ហ្គោ​លី​ចូលចិត្ត​ទទួលទាន​អាហារ​ប៊ូ​ហ្ស៍​នេះ​នៅ​ថ្ងៃបុណ្យ ចូលឆ្នាំ​ដែល​ប្រារព្ធ​ក្នុង​ខែកុម្ភៈ​រាល់​ឆ្នាំ។ គេ​បានរៀបចំ​ធ្វើ​វា​មួយ​សប្តាហ៍​មុន​ថ្ងៃ​ចូលឆ្នាំ​ចូលមក​ដល់ រួច​ដាក់​វា​នៅ​ខាងក្រៅ​ផ្ទះ​ក្លាស្សេ​ជាមួយនឹង​ទឹកកក​នា​រដូវរងា។ គេ​អាច​ញ៉ាំ​វា​ផ្ទាប់​ជាមួយនឹង​ជ្រក់​បន្លែ ឬ​នំប៉័ង​ក្រៀម​សម្រាប់​ក្លែម​ជាមួយ​តែ​ទឹកដោះគោ​ឬ​ស្រា​វ៉ុល​កា​ក៏បាន។

អាហារ ប៊ូ​ហ្ស៍​នេះ​គេ​ច្រើនតែ​យក​សាច់​ចៀម ឬ​សាច់គោ​មក​ចិញ្ច្រាំ​ដាក់​ញាត់​ខាងក្នុង​ទៅតាម​រសជាតិ​ដែលជា​ចំណូល ចិត្ត​ខណៈ​វា​មាន​គ្រឿងផ្សំ​ផ្សេងទៀត​លាយ​ជាមួយ​ខ្ទឹមបារាំង ឬ​ខ្ទឹមស និង​អំបិល។ ពេលខ្លះ​គេ​ក៏​អាច​លាយ​គ្រាប់​ធញ្ញជាតិ ជីរ និង​បន្លែ​មួយចំនួន​ដូចជា ប៉េងប៉ោះ​ស្ពៃក្តោប ឬ​បាយ។ ចំពោះ​សាច់​ដែល​គេ​ចិញ្ច្រាំ​នោះ​ត្រូវបាន​គេ​លញ់​វា​ជា​ដុំ​សាច់​ប្រហិត តូចៗហើយ​រុំ​ឬ​ខ្ចប់​ជាមួយនឹង​ម្សៅ​ទៅតាម​ក្បូរក្បាច់​របស់​ចុងភៅ ឬ​អ្នកធ្វើនីមួយៗដែលមាន​លក្ខណៈ​ចំហ​ខាងលើ​បន្តិច។

អាហារ​ប៊ូ​ហ្ស៍​នេះ​បន្ទាប់ពី​ចំហុយ​ឆ្អិន​មក​គេ​ច្រើន​ប្រើ​ដៃ​កាន់​ញ៉ាំ​តែម្ដង ដោយ​មិន​ប្រើ​ចង្កឹះ ឬ​ស្លាបព្រា​សម​នោះទេ៕

រដូវរំហើយញ៉ាំបាយក្ដៅជាមួយឆាគ្រឿងត្រីរ៉ស់ឆ្ងាញ់ប្លែកមាត់

ភ្នំពេញ : ពេល​ជិះ​រថយន្ត​ទៅតាម​បណ្ដា​ខេត្តឆ្ងាយៗនានា អ្នកដំណើរ​គួរតែ​ជ្រើសរើស​អាហារ​ដ៏​សមស្រប ដូចជា សាច់​ត្រី​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អាហារ​ដែល​ងាយស្រួល ក្នុងការ​រំលាយ​និង​មិន​ធ្វើ​ឲ្យ​អ្នក​បរិភោគ​ធ្ងន់​ពោះ​ពេក។

លោកអ្នក​អាច សាកល្បង​កុម្ម៉ង់​ត្រី​ឆា​គ្រឿង ដែលមាន​រសជាតិ​ហឹរតិចៗ ស័ក្ដិសម​នឹង​កម្ដៅពោះ​នា​រដូវរំហើយ​ធ្លាក់​ខ្យល់។ គ្រឿងផ្សំ​របស់​មុខម្ហូប​នេះ​រួមមាន សាច់​ត្រី​រ៉ស់ ឬ​ត្រី​ឆ្ដោ​ពន្លះ​យក​ឆ្អឹង​ចេញ និង​ហាន់​ជា​បន្ទះ​ពីរ​ធ្នាប់​ដៃ៣០០ក្រាម ដូង(ក្បាលខ្ទិះ) ១កូនចាន ម្ទេស​ឆ្អើរ គល់​ស្លឹកគ្រៃ៣ដើម រំដេង១ចំណិត ខ្ជាយ១ចំណិត ស្លឹក​ក្រូចសើច៥សន្លឹក ខ្ទឹមស៥កំពឹស​ក្រាម ខ្ទឹមក្រហម៥កំពឹស ម្ទេសដៃនាង​ហាន់​ជា​ចំណិត៤-៥គ្រាប់សណ្តែក​ដី​បុក១ស្លាបព្រា​បាយ ម្ទេស​ប្លោក១ផ្លែ​ហាន់​ជាដុំៗ ខ្ទឹមបារាំង១មើម​ហាន់ដុំៗ គល់​ខ្ទឹម៤-៥ដើម ប្រេងឆា២ស្លាបព្រា អំបិល ស្ករស និង​ម្សៅ​ស៊ុប។

វិធី ចម្អិន​ដំបូង​ត្រូវយក​គល់​ស្លឹកគ្រៃ ម្ទេស​ឆ្អើរ រំដេង ខ្ជាយ រមៀត សម្បក​ក្រូចសើច ខ្ទឹមស និង​ក្រហម​បុក​ចូលគ្នា​ឲ្យ​ម៉ដ្ឋ ហើយ​យក​សាច់​ត្រី និង​គ្រឿង​ដែល​បុក​រួចមក​ប្រឡាក់​ចូលគ្នា​ឲ្យ​សព្វ។ បន្ទាប់មកទៀត​យក​ខ្ទះ​ចាក់​ប្រេងឆា​ឲ្យ​ក្តៅ​ដាក់​បំពង​ខ្ទឹមស​ឲ្យ​ឈ្ងុយ រួច​ដាក់​សាច់​ត្រី​រ៉ស់ ម្ទេស​ប្លោក និង​ខ្ទឹមបារាំង​ឆា​ចូលគ្នា​ត្រឡប់​ចុះឡើង។ ដំណាក់កាល​បន្ទាប់​ត្រូវដាក់​គ្រឿងផ្សំ​រសជាតិ​មាន​អំបិល ស្ករស និង​ម្សៅ​ស៊ុប រួច​ទុក​ឲ្យ​ឆ្អិន ហើយ​ភ្លក្សមើល​ឲ្យ​ល្មម​តាម​ចំណូលចិត្ត​ទើប​ដាក់​សណ្តែកដី ម្ទេសដៃនាង និង​ដើម​ខ្ទឹម ឆា​មួយ​ត្រឡប់​រួច​ដួស​ដាក់​ចាន​ជាការស្រេច៕


សាច់ត្រីរ៉ស់ឆាគ្រឿង មានរសជាតិឆ្ងាញ់ និងសម្រួលដល់ការរំ​លាយ​អាហារ​ពេលធ្វើ​ដំណើរ។

នីហារី ស៊ុបខួរក្បាល និងខួរឆ្អឹងដ៏ពេញនិយមនៅទឹកដីប៉ាគីស្ថាន

ក្រុង​អ៊ី​ស្លា​ម៉ា​បាដ : នី​ហារី គឺជា​ឈ្មោះ​ស៊ុប​ដ៏​ពេញនិយម​របស់​ប្រទេស​ប៉ា​គី​ស្ថាន ឥណ្ឌា និង​បង់​ក្លា​ដែ​ស​ប្រើ​ខួរ​សត្វ ឬ​ខួរឆ្អឹង​ផ្សំ​ជាមួយ​សាច់គោ ឬ​សាច់​ចៀម។

ក្រឡេក មើល​មួយ​ភ្លែត​ស្រដៀង​នឹង​មុខម្ហូប​ខ​គោ​របស់​ប្រជាជន​ខ្មែរ​នោះ ស៊ុប​នី​ហារី​ដែល​ត្រូវបាន​គេ​ចាត់ទុកជា​អាហារ​ជាតិ​របស់​ប្រទេស ប៉ា​គី​ស្ថាន​គឺជា​ប្រភេទ​ស៊ុប​ការី​ម្យ៉ាង​ដែល​ប្រើ​សាច់គោ ឬ​សាច់​ចៀមស្តើងៗហាន់​យកមក​ចម្អិន​រម្ងាស់​លា​យ​ជាមួយនឹង​ខួរក្បាល និង​ខួរឆ្អឹង​សត្វ។

តាមពិតទៅ​ម្ហូប​នី​ហារី​នេះ​មាន​ប្រភព​មកពី ប្រជាជន​ប្រទេស​អាស៊ី​ភាគខាងត្បូង​ដែល​កាន់សាសនា​អ៊ិ​ស្លាម។ ជាទូទៅ ស៊ុប​នេះ​ត្រូវបាន​គេ​រៀបចំ​ចម្អិន​តាំងពី​ពេលយប់ ហើយ​ប្រើ​ភ្លើងតិចៗរម្ងាស់​ទុក​រហូតដល់​ព្រឹក​ព្រលឹម​មាន​ថ្ងៃ​រះ​ទើប ឆ្អិន​ល្មម​អាច​ទទួលទាន​បាន។

បើតាម​ក្បួនខ្នាត​ចម្អិនម្ហូប​នី​ហារី នេះ​គេ​ត្រូវ​ចំណាយពេល​ពី៦ម៉ោង​ទៅ៨ម៉ោង​ឯណោះ​សម្រាប់​ចម្អិន​វា​ឲ្យ បាន​ឆ្អិន​ល្អ​តាម​ក្បួនខ្នាត។ ជួនកាល​ម្ហូប​នី​ហារី​នេះ​ត្រូវបាន​គេ​ប្រើ​សាច់​សរសៃ​ខ្ចីផុយៗសម្រាប់ ចម្អិន​លាយ​ជាមួយនឹង​ខួរឆ្អឹង​ផងដែរ ដោយ​វា​អាស្រ័យ​ទៅតាម​ទំហំ​ចាន​តូច ឬ​ធំ។

ស៊ុប​ការី​ខួរក្បាល លាយ​ជាមួយ​ខួរឆ្អឹង​នេះ​មាន​ប្រជាប្រិយភាព​ណាស់​ពី​សំណាក់​ប្រជាជន​នៅ បណ្តា​ប្រទេស​ខាងលើ ហើយ​មាន​រសជាតិខុសប្លែកៗពីគ្នា​ទៅតាម​តំបន់ អាស្រ័យ​ទៅតាម​គ្រឿងផ្សំ​ស្របតាម​ចំណូលចិត្ត​ប្រជាជន​ទាំងនោះ។

ប៉ុន្តែ គ្រឿងផ្សំ​ចម្បង​របស់​វា​មាន ជីរវ៉ាន់ស៊ុយ ម្ទេស​ឆា ខ្ទឹមបារាំង ឆា ម្ទេស​ស្រស់ ចំណិត​ខ្ញី ក្រូចឆ្មារ ម្សៅ​ការី និង​មើម​ឆៃថាវស្តើង។ ប្រសិនបើ​ស្ទើរ​ជាតិ​ប្រៃ​គេ​ក៏​អាច​បង់អំបិល​បន្តិច​ចូល​ដើម្បី​ធ្វើ ម្ហូប​មាន​រសជាតិ​ឆ្ងាញ់​តាម​តម្រូវការ។ ស៊ុប​នេះ​ត្រូវបាន​គេ​ជឿថា​អាច​បន្ធូរ​អាការ​គ្រុនផ្តាសាយ ហៀរ​សម្បោរ និង​គ្រុនក្ដៅ​ផងដែរ៕


ស៊ុប នី​ហារី ដែល​ប្រើ​សាច់គោ ឬ​ចៀម​លាយ​ជាមួយ​ខួរក្បាល និង​ខួរឆ្អឹង​យកមក​ចម្អិន​រម្ងាស់​ពេញ​មួយ​យប់។

បង្អែម Cream Caramel ពី The Rose Apple សៀមរាប

សៀមរាប : បច្ចុប្បន្ន​បង្អែម​បរទេស​ជាច្រើន​ត្រូវ​បាន​មេចុងភៅ​ខ្មែរ​កែច្នៃ​ដោយ​ ប្រើប្រាស់​គ្រឿងផ្សំ​ក្នុង​ស្រុក។ តួយ៉ាង​ដូចជា​ បង្អែម Cream Caramel ដែល​ត្រូវ​បាន​មេចុងភៅ​នៅ​សណ្ឋាគារ The Rose Apple ឯ​ខេត្ត​សៀមរាប​ប្រើប្រាស់​គ្រឿងផ្សំ​ងាយៗ​ជាមួយ​នឹង​វិធី​ចម្អិន​សាមញ្ញ ប៉ុន្តែ​លទ្ធផល​ចេញ​មក​គឺជា​បង្អែម​ដែល​មាន​រសជាតិ​ឆ្ងាញ់ ហើយ​ទទួលទាន​មិន​ចេះ​រងាន់។

គ្រឿងផ្សំ​បង្អែម​នេះ​មិន​មាន​ច្រើន​មុខ​ឡើយ ពោល​គឺ​យើង​ត្រូវការ​ទឹកដោះគោ​ស្រស់​១​ប្រអប់​តូច ពងមាន់​៥​គ្រាប់ ស្ករស​១​ខាំ ស្ករត្នោត គ្រីម​សម្រាប់​ធ្វើ​បង្អែម ម្សៅ​វ៉ានីឡា ប៊័រ និង​ផ្លែ​ប៉ោម។

ដំបូង ​ត្រូវ​យក​ពងមាន់​វាយ​ចូល​គ្នា​ជាមួយ​ស្ករស​១​ខាំ​ រួច​ចាក់​ម្សៅ​វ៉ានីឡា​ច្របល់​ចូល​គ្នា រួច​ទុក​មួយ អន្លើ​សិន។ បន្ទាប់មក​ត្រូវ​យក​កូនឆ្នាំង​មក​កូរ​ស្ករត្នោត​ឲ្យ​ឡើង​ពងអង្ក្រង បន្ទាប់មក​ចាក់​វា​ចូល​កូនចាន រួច​សឹម​ចាក់​លាយ​ពងមាន់​ដែល​លាយ​គ្រឿងផ្សំ​រួច ​បន្ថែម​ពី​លើ​ស្ករត្នោត​នោះ មុន​នឹង​ដាក់​វា​ចំហុយ ឬ​ដុត​រយៈពេល​១០​នាទី។ សម្រាប់​ផ្លែប៉ោម​វិញ​យើង​ត្រូវ​ចិត​សម្បក រួច​ហាន់​ជា​ចំណិតៗ​ដាក់​ឆឹង​ជាមួយ​ស្ករត្នោត និង​ប៊័រ រួច​ក្លាសេស្ស​ក្នុង​ទូទឹកកក។ នៅ​ពេល​ទទួលទាន ត្រូវ​ដាក់​ពងមាន់​ដែល​ចំហុយ ឬ​ដុត​ជាមួយ​ស្ករត្នោត​នោះ​ញ៉ាំ​ជាមួយ​ចំណិត​ផ្លែប៉ោម​ឆឹង​ជា​ការ​ស្រេច។

អាហារ ​មាន់បេខិន Cream Caramel មាន​បម្រើ​នៅ​សណ្ឋាគារ The Rose Apple។ លោក​អ្នក​អាច​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ ០១៧ ៥៨​២២៣១ និង​០៩២ ៧៥២ ៨០១។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1799
2202
4537743