jaukjeybanner

ឆាឆ្អឹងជំនីរជ្រូកជូរអែមក្នុងម្នាស់

ភ្នំពេញ : ស្ថិតនៅតាម​បណ្ដោយ​វិថី​លេខ១៧៨ ខាងជើង​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ភោជនីយដ្ឋាន Odyssey សម្បូរ​ទៅដោយ​មុខម្ហូបប្លែកៗជាច្រើន។

ថ្ងៃនេះ ភ្នំពេញ​ប៉ុស្ដិ៍ នឹង​នាំ​លោកអ្នក​ទៅ​ភ្លក្ស «ឆា​ឆ្អឹងជំនីរ​ជ្រូក​ជូរអែម​ក្នុង​ម្នាស់» នៅ​ទីនោះ​ដែលមាន​រូបមន្ត​ចម្អិន​ដូចខាងក្រោម​នេះ ៖

គ្រឿងផ្សំ : ឆ្អឹងជំនីរ​ជ្រូក ខ្ទឹមបារាំង ម្ទេស​ប្លោក​ហា​វ៉ៃ​បៃតង និង​ក្រហម ប៉េងប៉ោះ ខ្ទឹមស ម្នាស់ ទឹក​ប្រេងខ្យង ស្ករស ម្សៅ​ស៊ុប អំបិល ទឹកត្រី ប្រេងឆា និង​ម្សៅ​ឆា។

វិធី​ចម្អិន : ដំបូង​ត្រូវយក​ឆ្អឹងជំនីរ​ជ្រូក​លាង​ទឹក​ឲ្យ ស្អាត រួច​កាត់​ជាកង់ៗប្រមាណ២ថ្នាំងដៃ​ហើយ​ទុក​មួយអន្លើ​សិន។ បន្ទាប់មក​ត្រូវយក​ឆ្អឹងជំនីរ​ជ្រូក​នោះ​ទៅ​ប្រឡាក់​គ្រឿង​រួមមាន ម្សៅ​ស៊ុប ស្ករស ប្រេងខ្យង និង​អំបិល រួច​យកទៅ​បំពង​ជាមួយ​ប្រេងឆា​ឲ្យ​ឡើង​ក្រហម។ ឆ្អឹងជំនីរ​ជ្រូក​ដែល​បំពង​រួច​ត្រូវដាក់​ឲ្យ​ស្រក់​ខ្លាញ់​អស់។ បន្លែ ខ្ទឹមបារាំង ម្ទេស​ប្លោក​ហា​វ៉ៃ​បៃតង និង​ក្រហម ប៉េងប៉ោះ ត្រូវ​ហាន់​ជា​ចំណិត ហើយ​ឆា​ជាមួយ​គ្រឿង លាយ​ម្សៅ​ឆា​ឲ្យ​ឡើង​ខាប់​មុននឹង​ចាក់​ឆ្អឹងជំនីរ​បំពង​ចូល រួច​ដួស​ដាក់​ក្នុង​ម្នាស់​ជាការ​ស្រេច។

ចង់ដឹងថា​មុខម្ហូប​ខាងលើនេះ មាន​រសជាតិ​យ៉ាងណា ភោជនីយដ្ឋាន Odyssey ស្ថិតនៅ​ផ្ទះ​លេខ ៦៧បេ ផ្លូវ​លេខ១៧៨ (ខាងជើង​សារមន្ទីរ​ជាតិ) សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។ ទាក់ទង​លេខ​ទូរស័ព្ទ ០១៥ ៧៧៦ ៥៥៧៕

បុគ្គលិកហាង​បង្ហាញ​ជូន​មុខម្ហូប។ ទិដ្ឋភាព​ក្នុងហាង​​។ មុខ​ម្ហូប​​ឆា​ឆ្អឹង​ជំនីរ​ជ្រូកជូរអែម​ក្នុង​ផ្លែម្នាស់​​​។

 

ឈុតអាហារនាំសំណាងឱកាសចូលឆ្នាំចិននៅហាង Fish Co

ភ្នំពេញ : ថ្វីដ្បិតតែ​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​មិនមែនជា​ថ្ងៃ​ឈប់សម្រាក ផ្លូវការ​នៅ​ប្រទេស​កម្ពុជា​ក្ដី ប៉ុន្តែ​ប្រជាជន​ជាប់សែស្រឡាយ​ចិន​ទាំងឡាយ​តែងតែ​ប្រារព្ធ​ពិធី​នេះ​ឡើង រៀងៗខ្លួន។

នៅ​ប្រទេស​សិង្ហ​បុរី​ដែលជា​ទឹកដី​កំណើត​នៃ​ភោជនីយដ្ឋាន Fish & Co វា​ជា​ប្រពៃណី​ដ៏​ចាំបាច់​ដែល​ក្រុមគ្រួសារ​មិត្តភក្តិ​តែង​ជុំគ្នា ទទួលទាន​អាហារ​នាំ​សំណាង​ឈ្មោះថា Yu-Shang នៅតាម​អាហារ​ដ្ឋា​ន​នានា។

Yu-Shang ជា​ភាសា​ចិន​មានន័យថា ត្រី​ឆៅ ហើយ​វា​បាន​បង្កប់​នូវ​អត្ថន័យ និង​ជំនឿ​ថា​ជា​អាហារ​ដែល​នាំ​លាភ​សំណាង​សម្រាប់​ឆ្នាំ​ថ្មី​ចំពោះ​អ្នក​ដែល ញ៉ាំ​វា​ជាមួយ​បន្លែ និង​គ្រឿងផ្សំ​ចម្រុះ​ពណ៌។

ការ​ញ៉ាំ​អាហារ​នេះ គួបផ្សំ​នឹង​ការ​បន្លឺសំឡេង​ថា Lo Hei ក្នុងអំឡុងពេល១៤ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នឹង​បង្កើន​សំណាង កាន់តែច្រើន​សម្រាប់​ឆ្នាំ​ថ្មី។

នេះ​ជា​ឆ្នាំ​ទីមួយ​ហើយ​ដែល​ភោជនីយដ្ឋាន Fish & Co ស្ថិតនៅ​ដង​វិថី​ព្រះស៊ីសុវត្ថិ​មាត់ទន្លេ បាន​បម្រើ​នូវ​អាហារ​សំណាង​នេះ​ចាប់ពី​ថ្ងៃទី៣១ខែមករា ដល់​ថ្ងៃទី១៤ខែកុម្ភៈ​ជាមួយនឹង​តម្លៃ១៨,៨ដុល្លារ​សម្រាប់៤ នាក់ និង២៨,៨ដុល្លារ​សម្រាប់៨នាក់។

អ្វីដែល​កាន់តែ​ពិសេស​នោះ រាល់​ការចំណាយ១០ដុល្លារ​ក្នុងការ​ញ៉ាំ​អាហារ​ម្ដង នឹងមាន​ឱកាស​ទទួល​អាំង​ប៉ាវ​អាថ៌កំបាំង​ដែល​ផ្ទុក​នូវ​អំណោយ​ដូចជា កាត​បញ្ចុះតម្លៃ ឬ​អាច​ឈ្នះ​នូវ​កាត FTB Cash Card មាន​ទឹកប្រាក់​ពី៥០ដល់១០០ដុល្លារ​ផងដែរ៕

អាហារនាំសំណាង​តាម​​ជំនឿ​ប្រពៃណីចិន​នៅ​ភោជនីយដ្ឋាន Fish & Co។

បង្អែមផ្លែត្របែកទុំទឹកស្កររសជាតិប្លែកមាត់មកពីតំបន់អាមេរិកឡាទីន

ក្រុង​ម៉ៃ​អា​មី : ជាទូទៅ​នៅ​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអាស៊ី ផ្លែ​ត្របែកជារឿយៗតែង​ត្រូវបាន​គេ​ទទួលទានស្រស់ៗដោយ​ជ្រលក់​ជាមួយ អំបិលម្ទេស ឬក៏​ធ្វើជា​ភេសជ្ជៈ​ទឹក​ត្របែក។

ដោយឡែក​នៅ​បណ្ដា​ប្រទេស​ក្នុង​ទឹកដី​អាមេរិក​ឡាទីន ផ្លែ​ត្របែក​ត្រូវបាន​គេ​ចម្អិន​ជា​បង្អែម​ដ៏​មាន​រសជាតិ​ឆ្ងាញ់​ប្លែក ដែល​ភាសា​អង់គ្លេស​ហៅថា Guava shells ឬ Casco de Guayaba ក្នុង​ភាសា អេ​ស្ប៉ា​ញ។

បង្អែម​នេះ​ងាយស្រួល​ចម្អិន​បំផុត​ដោយ​អ្នកត្រូវការ​គ្រឿងផ្សំ​រួមមាន ផ្លែ​ត្របែក​ទុំ​សាច់​ក្រហម១គីឡូក្រាម ស្ករស៣កូន​ពែង ទឹក៣កូន​ពែង និង​ក្រូចឆ្មារ​ពណ៌​លឿង​រាង​ទ្រវែង១ផ្លែ។

គន្លឹះ​សំខាន់​ក្នុងការ​ចម្អិន​បង្អែម​នេះ​គឺ​ការជ្រើសរើស​ផ្លែ​ត្របែក ដែល​ទុំ​ជោរ​ល្អ មាន​សាច់ និង​គ្រាប់​ពណ៌​ក្រហម ឬ ផ្កាឈូក ទើប​វា​មាន​ក្លិនក្រអូប​ឈ្ងុយ។

អ្នក​ត្រូវ យក​ផ្លែ​ត្របែក​នោះមក​ចិត​សម្បក​ចេញ ហើយ​ពុះ​វា​ជា​ពីរ រួច​ប្រើ​ស្លាបព្រា​កោស​ឆ្កឹះ​យក​គ្រាប់​ចេញ​ឲ្យ​អស់ ដោយ​ទុក​តែ​សាច់​ត្របែក​សុទ្ធ។

បន្ទាប់មក​ត្រូវ​ដាំទឹក​បរិមាណ៣ពែង ដើម្បី​ស្ងោរ​ផ្លែ​ត្របែក​ដែល​ឆ្កឹះ​គ្រាប់​រួច​ក្នុង​រយៈពេល​ចាប់ពី កន្លះ​ម៉ោង​ឡើងទៅ​ដើម្បី​ឲ្យ​វា​ផុយ​ល្អ។ បន្ទាប់មក​ដាំទឹក៣ពែង​មួយ​ឆ្នាំង​ទៀត​ដោយ​ចាក់​ស្ករស៣ពែង​ចូល មុននឹង​ចាក់​ផ្លែ​ត្របែក​ដែល​ស្ងោរ​រួច​ចូលក្នុង​ទឹក​ស្ករ​កំពុងពុះ​នោះ រួច​បន្ថែម​ទឹកក្រូច​ឆ្មារ​ចូល។

បង្អែម​នេះ​ត្រូវ​ទុក​ឲ្យ​ពុះ​ដោយ ប្រើ​កម្ដៅតិចៗរយៈពេល​កន្លះ​ម៉ោង​ទៀត​រហូត​ទាល់តែ​ទឹក​ស្ករ​ឡើង​ខាប់ អន្ធិលៗ ហើយ​សាច់​ត្របែក​កាន់តែ​ផុយរលួយ។

ជាទូទៅ​ប្រជាជន​អាមេរិក​ឡាទីន​ច្រើន​ទទួលទាន​បង្អែម​នេះ ជាមួយ​ក្រែ​ម​ឈី​ស៕

 

 

 

ការីមាន់ក្នុងស្មុគពីហាងបុប្ផាភ្នំពេញ

ភ្នំពេញ : ស្ថិតនៅ​មាត់ទន្លេ​ក្បែរ​ម្ដុំ​ផ្សារ​រាត្រី ភោជនីយដ្ឋាន​បុប្ផា​ភ្នំពេញ​ដែលមាន​រចនា​ជា​ក្បាល​កប៉ាល់​ស្ថិតនៅតាម ដង​ទន្លេ បានផ្ដល់​នូវ​បរិយាកាស​ខ្យល់ជំនោរ​ត្រជាក់​ល្ហឹម គួបផ្សំ​នឹង​ទេសភាព​មាត់ទឹក​ដ៏​ស្រស់​ស្រ​កាល។ ភោជនីយដ្ឋាន​នេះ​មានមុខ​ម្ហូប​ជាច្រើន ហើយ​ថ្ងៃនេះ​យើង​សូម​លើកយក​ម្ហូប «ការី​មាន់​ក្នុង​ស្មុគ» មក​ជូន​លោកអ្នក​ស្វែងយល់​ពី​វិធី​ចម្អិន​វា​ម្ដង។

គ្រឿងផ្សំ : សាច់មាន់ គល់​គ្រឿង​បុក (រួមមាន​គល់​ស្លឹកគ្រៃ រមៀត រំដេង ក្រូចសើច និង​ខ្ទឹមស​បុក​ឲ្យ​ម៉ដ្ឋ) ម្សៅ​ការី ប្រេង​ការី ទឹកដោះគោ​ខាប់ ខ្ទិះដូង សណ្ដែកកួរ ឈើឯម ផ្កាចន្ទន៍ ដំឡូងជ្វា ការ៉ុត ខ្ទឹមបារាំង ស្ករស ម្សៅ​ស៊ុប និង​អំបិល។

វិធី​ចម្អិន : ដំបូង​ត្រូវយក​សាច់មាន់​រំលីង​ជាមួយ​គ្រឿង​បុក បន្ទាប់​មកចាក់​ខ្ទិះដូង(ដើម​ខ្ទិះ) ប្រេង​ការី និង​ម្សៅ​ការី​រួច​រម្ងាស់​ឲ្យ​ឈ្ងុយ មុននឹង​ចាក់​ទឹកដោះគោ​ខាប់​ចូល។ បន្ទាប់មកទៀត​បន្ថែម​គ្រឿងផ្សំ​រសជាតិ​រួមមាន ស្ករស ម្សៅ​ស៊ុប និង​អំបិល មុននឹង​ចាក់​ខ្ទិះដូង​រាវ (ចុង​ខ្ទិះ) សឹម​ដាក់​បន្លែ​ចូល។ ចុងក្រោយ​ត្រូវ​ទុក​ឲ្យ​ពុះ ហើយ​ដួស​ដាក់​ស្មុគ​ទ្រាប់​ស្លឹកចេក​នោះ​ជាការ​ស្រេច។

ចង់ដឹងថា «ការី​មាន់​ក្នុង​ស្មុគ» មាន​រសជាតិ​យ៉ាងណា លោកអ្នក​ក៏​អាច​អញ្ជើញ​ទៅ​ភោជនីយដ្ឋាន​បុប្ផា​ភ្នំពេញ (ទី​តា​និក) ទល់មុខ​ផ្សារ​រាត្រី​មាត់ទន្លេ ដែល​អាចទាក់ទង​បាន​តាម​ទូរស័ព្ទ​លេខ ០២៣៤២៧២០៩ និង០១២ ៨១១៥៦៥៕

មុខម្ហូប​ការីមាន់ក្នុង​ស្មុគ​​។ ទិដ្ឋភាព​មើល​ពីខាង​ក្រៅ​ភោជនីយដ្ឋាន​បុប្ផា​ភ្នំពេញ​ នៅម្ដុំផ្សារ​រាត្រី​មាត់ទន្លេ។

Couscous Salad រសជាតិសាបជូរតិចៗពីហាង Rambutan

ភ្នំពេញ : ភោជនីយដ្ឋាន Rambutan ដែលមាន​បរិយាកាស​ត្រជាក់​ល្ហឹម​អមដោយ​អាងទឹក​ពណ៌​ខៀវ​ថ្លា​ឆ្វង់​នោះ ពោរពេញ​ដោយ​ភាព​ច្នៃប្រឌិត​ខាង​បង្កើត​អាហារ​ដែល​ប្រើ​គ្រឿងផ្សំ​បែប​ខ្មែរ ឲ្យ​ទៅជា​មុខម្ហូប​ថ្មី​យ៉ាង​ឆ្ងាញ់​ប្លែក។

ថ្ងៃនេះ​ភ្នំពេញ​ប៉ុស្ដិ៍​នឹង​លើកយក​អាហារ​ខ្មែរ​កាត់​អឺរ៉ុប​ម្យ៉ាង ដែលមាន​ឈ្មោះថា Couscous Salad។ អាហារ​នេះ​មាន​រសជាតិ​បែប​សាប និង​ជូរ​បន្តិច។

គ្រឿងផ្សំ​មុខម្ហូប​នេះ រួមមាន Couscous ក្រសាំងទាប ជីរវ៉ាន់ស៊ុយ បង្គា ផ្សិត​ម្ជុល ទឹកដោះគោ​ជូរ​ខាប់ ម្រេច និង​ម្សៅ​ម្ទេស។

បាយ Couscous ត្រូវ​យកទៅ​កូរ​ឲ្យ​ឆ្អិន​ដោយ​ប្រើ​ប្រេង​អូ​លីវ និង​ទឹក​ក្ដៅ រួច​ទុក​មួយអន្លើ​សិន។ បន្ទាប់មក​ត្រូវយក​ផ្សិត​ម្ជុល និង​ក្រសាំងទាប លាយ​ជាមួយ​ម្រេច និង​ម្សៅ​ម្ទេស​ក្នុង​បរិមាណ​បន្តិចបន្តួច​រួច​យក​បាយ Couscous មក​ច្របល់​ជាមួយ​ម្សិ​ត​ម្ជុល និង​ក្រសាំងទាប​នោះ។

បង្គា​ត្រូវ យកទៅ​បំពង​ជាមួយ​ម្សៅ​រួច​ស្រូប​ទឹកដោះគោ​ជូរ​ខាប់​ពីលើ ដើម្បី​ឲ្យ​មាន​រសជាតិ​ជូរ​បន្តិច មុននឹង​រោយ​ជីរវ៉ាន់ស៊ុយ​ពីលើ​ជាការ​ស្រេច។

លោកអ្នក​អាច​អញ្ជើញ​ទៅ ភ្លក្ស​អាហារ​នេះ​ផ្ទាល់​នៅ​ភោជនីយដ្ឋាន Rambutan ស្ថិតនៅ​ផ្ទះ​លេខ២៩ ផ្លូវ​លេខ៧១ សង្កាត់​បឹង​កេងកង១ ទូរស័ព្ទ​លេខ ០១៧៩៩២២៤០ និង ០១២ ៩២៩៣២៨៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1798
2202
4537742