jaukjeybanner

បង្អែម​ផ្លែអាយ​ល្ពៅ និង​ដំឡូងជ្វា​ពណ៌​ស្វាយ​អប់​ក្លិន​ទឹក​ខ្ញី​ផ្អែម

គ្រាន់តែ​ឃើញ រូបភាព​ខាងក្រោម​នេះ​ភ្លាម លោកអ្នក​ប្រាកដជា​ចង់ដឹងថា​វា​ជា​បង្អែម​អ្វី​ដែរ។ នេះ​គឺជា​បង្អែម​ផ្លែអាយ​ល្ពៅ និង​ដំឡូងជ្វា​ពណ៌​ស្វាយ​ដែល​គេ​ស្រូប​លាយ​ទឹក​ស្ករ​ខ្ញី។

ដោយ គ្រាន់តែ​ចំណាយពេល៣០នាទី និង​ថវិកា​ទិញ​គ្រឿងផ្សំ​ដូចជា ល្ពៅ២ខាំ ដំឡូងជ្វា២,៥ខាំ ម្សៅ​អង្ករ១២០ក្រាម ស្ករត្នោត៥០ក្រាម គ្រាប់ពោត​ក្រៀម៥០ក្រាម ខ្ញី​កន្លះ​មើម ទឹក១កូន​ឆ្នាំង និង​ស្ករក្រាម៩០ក្រាម។

ល្ពៅ និង​ដំឡូងជ្វា​ត្រូវ​យកទៅ​ចំហុយ ឲ្យ​ទន់​ដោយឡែក​ពីគ្នា។ ល្ពៅ​ដែល​ចំហុយ​រួច​ត្រូវ​កិន​ឲ្យ​ម៉ដ្ឋ រួច​លាយ​ជាមួយ​ម្សៅ​អង្ករ ហើយ​ខ្ចប់​ស្ករត្នោត​ធ្វើ​ស្នួល រួច​លញ់​ជា​កូន​បាល់មូលៗទំហំ​ធំ​ជាង​ផ្លែអាយ​បន្តិច។ ដាំទឹក​ស្ករក្រាម​ជាមួយ​គ្រាប់ពោត​ក្រៀម រួច​ដាក់​ចំណិត​ខ្ញី​ចូល។ នៅពេលដែល​គ្រាប់ពោត​ឡើង​ទន់ ត្រូវដាក់​ដុំ​ល្ពៅ និង​ម្សៅ​ដែល​លញ់​រួច​ចូលក្នុង​ឆ្នាំ​ទឹក​ស្ករ ដោយ​ទុក​វា​ឲ្យ​ឆ្អិន​ប្រមាណ៥ទៅ១០នាទី ហើយ​ទុក​ឲ្យ​វា​ត្រជាក់។ នៅពេល​ទទួលទាន បន្ថែម​ចំណិត​ដំឡូងជ្វា​ពណ៌​ស្វាយ​ក្នុង​បង្អែម​ខាងលើ​ជាការ​ស្រេច៕

ផ្លែអាយ​ផ្សំពី​សាច់ល្ពៅ ដំឡូងជ្វា​ពណ៌ស្វាយ និង​គ្រាប់ពោត​ក្រៀម​ស្រូបទឹក​ស្ករ​ខ្ញី។

វិធី​ចម្អិន​កង្កែប​បោប​ឲ្យ​ឆ្ងាញ់​ដូច​នៅ​រមណីយដ្ឋាន​កៀនស្វាយ

ភ្នំពេញ : រមណីយដ្ឋាន​កៀនស្វាយ​គឺជា​ឋានសួគ៌​នៃ​ផល្លានុផលស្រស់ៗបេះ​ពី​ដើម​ដែល ដុះ​លើដី​ដ៏​មាន​ជីវជាតិ និង​ម្ហូបអាហារ​បែប​ស្រែចម្ការ​ជាពិសេស​គឺមាន់​ដុត និង​កង្កែប​បោប។

កង្កែប​ពោះ​ប៉ោង២ក្បាល​ដោត​ចង្កាក់​មានតម្លៃ​ពី៤ទៅ៥ពាន់​រៀល និង​មាន​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត។

ស្ត្រី​អ្នក​លក់បាន​បង្ហើប​រូបមន្ត​ថាបើ​យើង​ចម្អិន​កង្កែប៣ក្បាល យើង​ត្រូវការ​សាច់ជ្រូក៣ខាំ សណ្តែកដី​លីង១កូន​ថង់ ម្ទេស​ក្រៀម៣ផ្លែ ម្សៅ​ស៊ុប១ស្លាបព្រា ទឹកត្រី២ស្លាបព្រា ស្ករស២ស្លាបព្រា អំបិល១ស្លាបព្រា ទឹកស៊ីអ៊ីវ​កន្លះ​ស្លាបព្រា​បាយ ខ្លាញ់២ស្លាបព្រា ស្លឹក​ខ្ទឹម និង​គ្រឿង​បុក (គល់​ស្លឹកគ្រៃ ខ្ជាយ រមៀត សម្បក​ក្រូចសើច ខ្ទឹមស និង​ខ្ទឹមក្រហម)។

គ្រឿង​បុក​ត្រូវ​ចិញ្ច្រាំ​លាយ​ជាមួយ​សាច់ជ្រូក ទឹកត្រី ស្ករស ម្សៅ​ស៊ុប អំបិល និង​សណ្ដែកដី រួច​ទើប​យកទៅ​ញាត់​ក្នុង​ពោះ​កង្កែប​ឲ្យ​ពេញ។ កង្កែប​ត្រូវ​យកទៅ​ប្រឡាក់​ខ្លាញ់ ទឹកស៊ីអ៊ីវ និង​ស្លឹក​ខ្ទឹម រួចហើយ​អាំង​លើ​ចង្អើរ​ដោយ​ប្រើ​កម្ដៅភ្លើងតិចៗរហូត​ទាល់តែ ក្រៀម​បន្តិច​ជាការ​ស្រេច៕

មឹក​ឆា​គល់​ស្លឹកគ្រៃ​គ្រឿងក្លែម​ចុង​ស​ប្តា​ហ៏

មឹកស្រួយខ្ញោកៗផ្សំ​និង​ក្លិន​ឈ្ងុយ​របស់​គល់​ស្លឹកគ្រៃ ជាតិ​ហឺរ​នៃ​ម្ទេស​ក្លាយជា​គ្រឿងក្លែម​អស់ទាស់​របស់​បុរស់​ទាំង​អស់​នៅ​ចុង​ស​ប្តា​ហ៏។

ក គ្រឿងផ្សំ

មឹក​ស្រស់3ខាំ គល់​ស្លឹកគ្រៃ​ចិញ្ច្រាំ​ម៉ត់2ស្លាបព្រា​សម្ល អំបិល ស្ករ ម្ទេស​ម្សៅ ទឹកត្រី ខ្ទឹម​ស្លឹក​ខ្ទឹមស។

ខ របៀប​ធ្វើ

ជំហាន​ទី1

មឹក​ធ្វើឱ្យ​ស្អាត ហាន់តូចៗដាក់​ចូរ​ក​ញ្រែ​ង​ដាក់​អំបិល​មួយ​ស្លាបព្រា​ញី​ឱ្យ​សព្វ​ហើយ​លាង​ឱ្យ​ស្អាត​ទុក​មួយអន្លើ​ឱ្យ​ស្រក់​ទឹក​អស់។

ជំហាន​ទី2

ចិញ្ច្រាំ​ខ្ទឹមស លីង​ឱ្យ​ឈ្ងុយ។

ជំហាន​ទី3

ដាក់​មឹក​ចូល​ឆា ដោយ​ច្រូច​ទឹកត្រី​បន្តិច បើកភ្លើង​ខ្លាំង ដាក់​គល់​ស្លឹកគ្រៃ​ចូល ឆា​ពី4ទៅ6នាទី។

ជំហាន​ទី4

បង់គ្រឿង​ភ្លក្ស​ឱ្យ​ល្មមមាត់​ឆា​បន្តទៀត​ប្រហែល3-4នាទី​ដោយ​បើកភ្លើង​តិច។ ពេល​ហូប​ដួស​ដាក់​ចាន​ជាការ​ស្រេច។

បរិភោគ​ពេលក្តៅៗទើប​ឆ្ងាញ់៕

 

ប្រជុំ​ចុងភៅ​ច្នៃប្រឌិត​អាហារ​ពី​អង្ករ​ខ្មែរ

សមាគម​ចុងភៅ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក លូ ម៉េង បានរៀបចំ​ការប្រជុំ​ចុងភៅ៣៥នាក់​ដែល​មកពី​ភោជនីយដ្ឋាន​នានា​នៅ ទីក្រុង​ភ្នំពេញ និង​សៀមរាប​ដើម្បី​ចែករំលែក​បទពិសោធ​គ្នា​ទៅវិញទៅមក​ជាមួយនឹង​ចុងភៅ​មកពី ប្រទេស​អ៊ីតាលី​នៅ​ភោជនីយដ្ឋាន Secret Recipe វិថី​កម្ពុជា​ក្រោម​កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ​សប្តាហ៍​មុននេះ។

កម្មវិធី​នេះ​គឺ​ក្រុមហ៊ុន​មេគង្គ​អូ​រី​ហ្សា​ត្រេ​ឌី​ង សហការគ្នា​ជាមួយនឹង​សមាគម​ចុងភៅ​កម្ពុជា​រៀបចំ​កម្មវិធី ផ្សព្វផ្សាយ​នូវ​អង្ករ​ខ្មែរ ដែល​ជាប់​លំដាប់ថ្នាក់​ល្អ​នៅលើ​ពិភពលោក។

លោក លូ ម៉េង បាន​ឲ្យ​ដឹងថា៖ «កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​ជួបជុំ​ចុងភៅ​ខ្មែរ​ទាំងអស់​ចែករំលែក បទពិសោធ​និង​ជំនាញ​ចុងភៅ​ពីគ្នា​ទៅវិញទៅមក។ ជាពិសេស​ជាងនេះទៅទៀត​គឺ​ចង់​ផ្តល់ឱកាស និង​ជួយ​ជ្រោមជ្រែង​ចុងភៅក្មេងៗ ក៏ដូចជា​បង្ហាញ​ពី​ការប្រើប្រាស់​គ្រឿងផ្សំ​ធ្វើ​ម្ហូបថ្មី»។

លោក គូសបញ្ជាក់​ទៀតថា៖ «យើង​បានជ្រើសរើស​យក​អង្ករ​ល្អ​មក​ចម្អិន ហើយ​យើង​ចង់​ពន្យល់​បន្ថែម​ដល់​ចុងភៅក្មេងៗយល់ដឹង​ពី​អង្ករ​ខ្មែរ លំដាប់ថ្នាក់​ពិភពលោក»។

ក្នុងឱកាស​នោះ​ចុងភៅ​ល្បី​មកពី​ប្រទេស​អ៊ីតាលី​លោក Gian Paolo Raschi បានបង្ហាញ​ស្នាដៃ​ធ្វើ​មុខម្ហូប​អ៊ីតាលី២មុខ​ដែល​ប្រើ​គ្រឿងផ្សំ ខ្លះ​របស់​ប្រទេស​កម្ពុជា​ដូចជា ផ្កាកំប្លោក ខ្ទឹមបារាំង ការ៉ុត បង្កង​ខ្មែរ និង​ម្ហូប​ចម្អិន​ពី​អង្ករ​ផ្កាម្លិះ​សម្រូប​លាយ​ជាមួយ​ផ្សិត​ដ៏​ថ្លៃ ឈ្មោះថា​ម្ហូប Salad Jasmine Rice Truffle។

លោក​ក៏​បង្ហាញ​ពី​របៀប​នៃ ការដាំ​អង្ករ​នេះ​ដើម្បី​ទទួលបាន​នូវ​បាយ​ដែលមាន​ក្លិន​ឈ្ងុយ​ប្រហើរ ងាយស្រួល​ក្នុងការ​ទំពា​ផងដែរ។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន​មេគង្គ​អូ​រី​ហ្សា​ត្រេ​ឌី​ង បាន​ថ្លែងថា៖ «កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​គឺជា​ចលនា​លើកតម្កើង​វិស័យ កសិកម្ម​ផ្សារភ្ជាប់​នឹង​វិស័យ​ទេសចរណ៍។ វា​ផ្តល់ឱកាស​ដល់​កសិករ​យើង​បង្ហាញ​ពី​អង្ករ​របស់​ខ្មែរ​ឲ្យ​ពិភពលោក​បាន ស្គាល់​តាមរយៈ​ការបង្ហាញ​កែច្នៃ​អង្ករ​នេះ​ជា​ម្ហូប​ពិសេស និង​ទំនើប»។

ទន្ទឹមនឹងនោះ ចុងភៅ​របស់​ភោជនីយដ្ឋាន Secret Recipe ក៏បាន​ច្នៃ​អង្ករ​ខ្មែរ​យកមក​ធ្វើជា​នំ​ខេ​ក​យ៉ាង​ពិសេស​ដែលមាន​ឈ្មោះថា នំ​ខេ​ក​សូកូឡា​អង្ករ​ខ្មែរ​ល្អផ្ដាច់គេ​ក្នុង​លោក (World Best Rice Chocolate Cake) និង​នំ​កា​កាវ​ស្ពុង​ដែលមាន​រសជាតិ​ឆ្ងាញ់​ពិសា​ផងដែរ៕

លោក លូ ម៉េង ចុងភៅ​មកពីប្រទេស​អ៊ីតាលី និង លោក ហ៊ុន ឡាក់​​​ បង្ហាញ​ពី​វិធី​ដាំ​បាយ​អង្ករ​ផ្កា​ម្លិះ​ខ្មែរ។

ស៊ុបក្តាមសមុទ្រ

*គ្រឿងផ្សំ

ម្ស៉ៅ ស៊ុប​ពងមាន់​លាយ​ជាមួយ​សារាយ ២ កញ្ចប់, ហាន់​មើម​ការ៉ុតតូចៗកន្លះ​ចានចង្កឹះ, ផ្សិត​ក្រអូប​ស្រស់ (ហាន់​ជា​ចំណិត​តាម​ទទឹង​ផ្កា) កន្លះ​ចានចង្កឹះ, ហាន់​តៅហ៊ូ​ទន់​ជា​ដុំតូចៗ ១ ចានចង្កឹះ, សាច់​ក្តាម​ស្ងោរ​ឆ្អិន ១ ចានចង្កឹះ, ច្រៀក​ដើម​ខ្ទឹម​ជា​ច ម្រៀកតូចៗ ២ ស្លាបព្រា, ម្ស៉ៅ​ពោត​លាយ​ទឹក ១ ស្លាបព្រា​បាយ, ម្រេច​ម៉ដ្ឋ​បន្តិចបន្តួច, ជី​វ៉ាន់ស៊ុយ​សម្រាប់​រោយ​មុខ​លើ។

*វិធី​ធ្វើ

 ១-ដាំទឹក​ឲ្យ​ពុះ បង់​ម្ស៉ៅ​ស៊ុប​ពងមាន់​លាយ​សារាយ បន្ទាប់មក​ដាក់បញ្ចូល​មើម​ការ៉ុត, ផ្សិត​ក្រអូប​ស្រស់, តៅហ៊ូ និង សាច់​ក្តាម ហើយ​រង់ចាំ​រហូតដល់​ទឹក​ពុះ ទើប​ដាក់​ម្ស៉ៅ​ពោត​លាយ​ទឹក​កូរ​ឲ្យ​រលាយ​ចូលគ្នា​ឲ្យ​សព្វ​ល្អ រោយ​ចម្រៀក​ដើម​ខ្ទឹម បិទ​ភ្លើង​រួច​លើក​ចុះ។

២-ដួស​ស៊ុប​ដាក់ ចាន រោយ​ម្រេច​ម៉ដ្ឋ តុបតែង​មុខ​លើ​ដោយ​ជី​វ៉ាន់ស៊ុយ បន្តិចបន្តួច ទុក​ជាការ​ស្រេច៕

 

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
697
923
4540435