jaukjeybanner

របៀប​ធ្វើ​អាម៉ុក​ខ្យង​ បើ​ចេះ​​ ​មិន​ធម្មតា!

កន្លង​មក​ ធ្លាប់​ឮ​តែ​អាម៉ុក​ត្រី​ អាម៉ុក​សាច់​មាន់​ ឲ​ឥឡូវ​មាន​អាម៉ុក​ខ្យង​ទៀត។ មិត្ត​យុវវ័យ​ណា​ចង់​ធ្វើ​អាម៉ុក​ខ្យង​សាក​មើល​ គឺ​ងាយ​ស្រួល​ណាស់។ សាក​ធ្វើ​តាម​ការ​រៀប​រាប់​ខាង​ក្រោម​នេះ​បន្តិច​មើល៍​ សង្ឃឹម​ថា​ មិត្ត​យុវវ័យ​នឹង​ពេញ​ចិត្ត​មិន​ខាន៖

គ្រឿង​ផ្សំ៖
ខ្យង​១​គីឡូ​ក្រាម​
សាច់​ជ្រូក​បី​ជាន់​១​ខាំ
សណ្ដែក​ដី
ម្ទេស​ឆ្អើរ​
ខ្វះ​ដូង
គ្រឿង​បុក​ (រំដេង​ រមៀត​ ស្លឹក​គ្រៃ​ហាន់)​
កាពិ​
ប្រេង​ខ្យង
គ្រាប់​ជម្ពូ​ឆា​យក​​ខ្ទះ​
ស្លឹក​កន្ទួត
ស្លឹក​ក្រូច​សើច​
ពង់​មាន់​

វិធី​ធ្វើ៖

យក​សាច់​ខ្យង​ចេញ​ពី ​សំបក​របស់​វា​ ប៉ុន្តែ​ត្រូវ​រក្សា​សំបក​ទាំង​នោះ​ទុក​ កុំ​ចោល។ ចិញ្ច្រាំ​សាច់​ជ្រូក​ និង​ហាន់​សាច់​ខ្យង​ជា​ចំណិត​តូច​ៗ។​ បន្ទាប់​មក​យក​សាច់​ជ្រូក​ចិញ្ច្រាំ​ និង​សាច់​ខ្យង​ហាន់​រួច​នោះ​ទៅ​ឆា​ចូល​គ្នា​ជាមួយ​នឹង​គ្រឿង​​​បុក​, ម្ទេស​ឆ្អើរ, និង​កាពិ​ រហូត​ដល់​ឆ្អិន​ល្អ។

ជំហាន ​បន្ទាប់ ​ត្រូវ​យក​ស្លឹក​កន្ទួត​ទៅ​ទ្រាប់​សាច់​​ដែល​ឆា​ជាមួយ​គ្រឿង​អម្បាញ់មិញ​ រួច​​ហើយ​យក​ទៅ​ញាត់​ចូល​ក្នុង​សំបក​ខ្យង​ដែល​រក្សា​ទុក​នោះ។

ប៉ុណ្ណឹង ​នៅ​មិន​ទាន់​រួច​រាល់​ទេ។ ប្រិយមិត្ត​ត្រូវ​ចាក់​ទឹក​ខ្ទិះ​ដែល​ឆា​បញ្ចូល​គ្នា​ជាមួយ​ពងមាន់, ម្ទេស​ និង​ស្លឹក​ក្រូច​សើច​ ទៅ​ស្រោច​ពី​លើ​ខ្យល់​ ដែល​មាន​ញាត់​សាច់​ទ្រាប់​ស្លឹក​កន្ទួត​នោះ​ រួច​ហើយ​យក​វា​ទៅ​ចំហុយ​ប្រហែល​ជា​១៥​នាទី​ទៀត ​ទើប​រួច​រាល់៕

សាក​ធ្វើ​ទាំង​អស់​គ្នា​ណា៎!

តើ​ស៊ូ​គី​ស៊ុប​ចិន​មាន​ប្រវត្តិ​កកើត​តាំងពី​ពេលណា?

ក្រុង​ប៉េកាំង : ស៊ូ​គី​ស៊ុប ឬ​ហត់​ផ​ត់​ជាទី​ប្រភេទ​អាហារ​ញ៉ាំក្តៅៗ ដោយ​គេ​បង់​គ្រឿងផ្សំ​រួមមាន សាច់ បន្លែ​បៃតង ផ្សិត គាវ គ្រឿង​សមុទ្រ ជាដើម​ចូលក្នុង​ឆ្នាំង​ទឹក​ស៊ុប​រសជាតិផ្សេងៗទៅតាម​តំបន់នីមួយ។ ស៊ូ​គី​ស៊ុប​ភាគច្រើន​គេ​និយម​ទទួលទាន​នៅ​រដូវរងា ដោយ​បន្លែ​សាច់​ទាំងនេះ​តម្រូវ​ឲ្យ​មាន​ទឹកជ្រលក់​ផងដែរ។

ស៊ូ​គី​ស៊ុប​បែប ចិន​មាន​ប្រវត្តិ​រាប់ពាន់​ឆ្នាំ​មកហើយ ហើយ​វា​ទំនងជា​មានកំណើត​ដំបូង​ពី​ប្រទេស​ម៉ុង​ហ្គោ​លី​ដែល​កាលនោះ គ្រឿងផ្សំ​ចម្បង​មាន​សាច់គោ សាច់​ចៀម ឬ​សាច់​សេះ​ជាដើម។ អាហារ​នេះ​បាន​ហូរ​ចូល​មកដល់​ប្រទេស​ចិន​ភាគខាងត្បូង​នា​អំឡុង​សម័យ រជ្ជកាល​ថាំង។ នា​រជ្ជកាល​ឆេង អំឡុង​ឆ្នាំ១៦៤៤ដល់​ឆ្នាំ១៩១២) អាហារ​បែប​ស៊ូ​គី​ស៊ុប​នេះ​កាន់តែ​សាយភាយ​ទៅក្នុង​ផ្ទះបាយ​នានា​នៃ​បណ្ដា គ្រួសារ​ចិន។

បច្ចុប្បន​ស៊ូ​គី​ស៊ុប​មិន​ត្រឹមតែ​ជា​អាហារ​សម្រាប់​រដូវរងា​ប៉ុណ្ណោះ​ទេ វា បាន​ប្រែក្លាយជា​ជម្រើស​អាហារ​សម្រាប់​ការជួបជុំ​គ្រួសារ​តែម្ដង។ ចង្ក្រានហ្គាស ឬ​អគ្គិសនី​ត្រូវបាន​គេ​បង្កប់​ក្រោម ឬ​នៅលើ​តុ​បាយ​ដើម្បី​កម្ដៅ​ស៊ុប​ឲ្យ​ក្តៅ​ជាប់​ជានិច្ច៕

ញាំ​ត្រីខ​ពី​ភោជនីយដ្ឋាន​ក្ដាមប្រៃ

ភ្នំពេញ : ស្ថិតនៅ​ខាងក្រោយ​វិទ្យាល័យ​បឹង​កេងកង ភោជនីយដ្ឋាន​មួយ​ជ្រក​ក្រោម​ស្លាក​យីហោ​រូប​ក្ដាម​ដ៏​ធំ​មួយ ដោយ​សរសេរថា «ក្ដាមប្រៃ»។ ហាង​នេះ​មានមុខ​ម្ហូប​ច្នៃប្រឌិត​ជាច្រើន​ដូចជា «ញាំ​ត្រីខ» ដែល​គ្រាន់តែ​ឮឈ្មោះ​ភ្លាម លោកអ្នក​ច្បាស់​ជា​ចង់ដឹងថា តើ​នោះ​ជា​អាហារ​បែបណា​ដែរ?

គ្រឿងផ្សំ : ត្រីខ២កំប៉ុង ព​ពាយ ខ្ទឹមក្រហម ម្ទេស គល់​ស្លឹកគ្រៃ ជីរ​ណារ ក្រូចឆ្មារ អំបិល ស្ករស និង​ម្សៅ​ស៊ុប។

វិធី​ចម្អិន : ដំបូង​ត្រូវ​ហាន់​ព​ពាយ ខ្ទឹមក្រហម គល់​ស្លឹកគ្រៃ ម្ទេស និង​ជីរ​ណារ​ជា​បន្ទះស្ដើងៗល្មម។ ត្រីខ១កំប៉ុង​ត្រូវ​យកមក​គាស់ ហើយ​ចាក់​ដាក់​ចាន ហើយ​ដាក់​បន្លែ​ខាងលើ​ចូល​ញាំ​ឲ្យ​ចូលជាតិ​គ្នា​មុននឹង​បន្ថែម​ក្រូចឆ្មារ អំបិល ស្ករស និង​ម្សៅ​ស៊ុប​ចូល រួច​ភ្លក្ស​រសជាតិ​ថា​តើ​កម្រិត​នៃ​ភាព​ហឹរ ជូរ ផ្អែម​នោះ​ត្រូវ​តាមចិត្ត​របស់​អ្នក​ហើយ​ឬ​នៅ។

ចុងក្រោយ​ត្រូវ​ដួស​ញាំ​នោះ​ដាក់​ចាន ហើយ​គាស់​ត្រីខ១កំប៉ុង​ទៀត​តម្រៀប​សាច់​ត្រី​ដាក់​ពីលើ​ជាការ​ស្រេច។

ចង់ ដឹងថា «ញាំ​ត្រីខ» មាន​រសជាតិ​បែបណា លោកអ្នក​អាច​ទៅ​ភ្លក្ស​ផ្ទាល់​នៅ​ហាង​ក្ដាមប្រៃ ដែល​ស្ថិតនៅ​ផ្លូវ៧។

ក្រៅពី​មុខម្ហូប​នេះ ហាង​ក្ដាមប្រៃ​ក៏មាន​អាហារប្លែកៗប្រចាំ​ហាង​ផ្សេងទៀត​ដូចជា សាច់ជ្រូក​ខ្វៃ​ម្រះព្រៅ បុក​ទឹកគ្រឿង សាច់ជ្រូក​ជូរអែម បុកល្ហុង​បំពង និង​ម្ហូប​បែប​ថៃ​ជាច្រើន​មុខ​ទៀត ដែល​អាហារ​មួយមុខៗមានតម្លៃ​ចាប់ពី២ដុល្លារ​ឡើងទៅ។ ទំនាក់ទំនង​ទូរស័ព្ទ​លេខ ០១៧៣០៧០៦០ និង០៦៧៨៨៨៨២។

ការទទួល​ទាន​អាហារ​ចាប់ពី១០ដុល្លារ​ឡើងទៅ ភ្ញៀវ​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ១៥ភាគរយ៕

 

 

បន្លែអន្លក់ស្រស់ៗជ្រលក់​ម៉ាំ​កំពឹស​ហឹរ​ឆ្ងាញ់​អស់ទាស់

ភ្នំពេញ : ម៉ាំ​កំពឹស​មួយ​កូន​ថង់​ដែល​លោក​អ្នកទិញ​មកពីផ្សារ នោះ អាច​កែច្នៃ​ដោយ​វិធី​ងាយ​ដើម្បី​ប្រែក្លាយ​វា​ទៅជា​មុខម្ហូប​ដ៏​ឆ្ងាញ់​ដូច ក្នុង​រូបភាព​នេះ​អ៊ីចឹង។

អ្វីដែល​លោកអ្នក​ត្រូវការ​បន្ថែម​នោះ​គឺ បន្លែ​អន្លក់​រួមមាន ត្រសក់ សណ្ដែកកួរ ស្នៀតពោត ត្រប់ស្រួយ ការ៉ុត និង​ព​ពាយ។ បន្លែ​ទាំងនេះ​ត្រូវ​លាង​ទឹក រួច​ហាន់​ជា​បន្ទះស្ដើងៗល្មម។ រីឯ​សណ្ដែកកួរ​ត្រូវ​កាត់​ជាកង់ៗប្រវែង​ប្រមាណ៤សង់ទីម៉ែត្រ។

សម្រាប់​ការ ធ្វើ​ម៉ាំ​នេះ​វិញ គឺ​យើង​គ្រាន់តែ​លីង​អង្ករលីង​បុក​ឲ្យ​ម៉ដ្ឋ រួច​យកទៅ​លាយ​ជាមួយ​ម៉ាំ។ បន្ទាប់មក​ត្រូវ​ច្របាច់​ក្រូចឆ្មារ​ចូល​បន្តិច ហើយ​បន្ថែម​ម្សៅ​ស៊ុប និង​ជីរនាងវង ដើម្បី​ឲ្យ​រសជាតិ​កាន់តែ​មុត និង​ក្លិន​កាន់តែ​ឈ្ងុយ នោះ​ជាការ​ស្រេច។

ម៉ាំ​កំពឹស​នេះ​មានតម្លៃ​ប្រមាណ​ជា ៥ដុល្លារ នៅ​ភោជនីយដ្ឋាន ឃេ កាហ្វេ ដែល​ស្ថិត​នៅផ្ទះ​លេខ ៣៩-៤១ ផ្លូវ​ត្រសក់ផ្អែម កែង​នឹង​ផ្លូវ​សម្ដេច​ប៉ាន រាជធានី​ភ្នំពេញ ឬ​ទាក់ទង​ទូរស័ព្ទ​លេខ០១៥៨២១៩៨៤ និង​លេខ ០២៣៦៣៣២១៨៩៕

 

សាច់ក្រក​គោ​អាំង​ម្ដុំ​ក្រសួងបរិស្ថាន​ល្បីតៗគ្នា​ថា​មាន​រសជាតិ​ឆ្ងាញ់!

ភ្នំពេញ : ជា​រៀងរាល់​ល្ងាច​នៅ​កាច់ជ្រុង​ក្រសួងបរិស្ថាន គេ​សង្កេតឃើញ​តុ​កៅអី​ជ័រទាបៗតម្រៀប​ត្រៀបត្រា​ជាច្រើន​នៅក្រោម ដើម​ក្ងោក​ដែលមាន​សភាព​អ៊ូអរ​ដោយ​មនុស្សម្នា​រង់ចាំ​អាហារ​ចំណូលចិត្ត របស់ខ្លួន។

រទេះ​លក់​មីឆា បុកល្ហុង បបរស និង​ចង្ក្រាន​ចង្អើរ​ដែលមាន​សាច់ក្រក​រាប់សិប​ចង្កាក់​ត្រៀបត្រា​បាន បង្ហើរ​ក្លិន​ឈ្ងុយ​គួរ​ឲ្យ​ចង់​ស្រក់ទឹកមាត់។

ភ្ញៀវ​ដែល​ទៅ​ទទួលទាន​នៅ ទីនោះ​ភាគច្រើន​ជា​យុវវ័យ​ដែល​និយម​អាហារ​សាមញ្ញ​តាម​ចិញ្ចើមថ្នល់ និង​បាន​ស្គាល់​ទីនេះ​តាមរយៈ​ការនិយាយតៗគ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ។

ឥឡូវ​យើង មិនបាច់​ចំណាយពេល​ច្រើន​ជិះ​ទៅដល់​វត្ត​ស្លែង ឬក៏​កំបូល​នោះទេ ពីព្រោះ​សាច់ក្រក​គោ​អាំង​ដ៏​ឈ្ងុយឆ្ងាញ់​នៅ​ម្ដុំ​ក្រសួងបរិស្ថាន កំពុងតែ​ទាក់ទាញ​មនុស្ស​ជាច្រើន​ឲ្យ​ទៅ​អង្គុយចាំ​ទទួលទាន។

ពេលដែល អ្នកលក់​ចាប់ផ្តើម​អាំងម្តងៗផ្សែងហុយ​ទ្រលោម​សាយភាយ​ក្លិន​ឈ្ងុយ សាច់ក្រក​គោ​ធ្វើ​ឲ្យ​អ្នកដំណើរ​ជិះ​ម៉ូតូ​កាត់​ទីនោះ​ភាគច្រើន​គឺ ត្រូវតែ​ឈប់​ម៉ូតូ​ចូល​ញ៉ាំ ឬក៏​ច្រក​ទៅផ្ទះ។ ជារឿយៗអ្នកជិះរថយន្តទំនើបៗក៏​សុខចិត្ត​ប្រថុយ​រក​កន្លែង​ចត​ដ៏​សែន លំបាក​ដើម្បី​បាន​ភ្លក្ស​រសជាតិ​សាច់ក្រក​គោ​ដ៏​ឆ្ងាញ់​ជាមួយ​ជ្រក់ល្ហុង និង​ម្ទេស​ឆា​យ៉ាង​ក្រហម។

សាច់ក្រក​នេះ​មួយ​ចង្កាក់​មានតម្លៃ២ពាន់​រៀល និង​មាន​លក់​ជា​រៀងរាល់​ល្ងាច​នៅ​កាច់ជ្រុង​ក្រសួងបរិស្ថាន។ អ្វីដែល​ពិសេស​នោះ​គឺ​អ្នកលក់​មាន​ភាព​រួសរាយ​បើទោះជា​មមាញឹក​នឹង​ការ កុម្ម៉ង់​ដ៏​ច្រើន​ពី​ភ្ញៀវ​ក៏ដោយ៕

សាច់ក្រក​គោ​អាំង​ម្ដុំ​ក្រសួង​បរិស្ថាន​១​ចង្កាក់តម្លៃ​២​ពាន់​រៀល​។

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
694
923
4540432