jaukjeybanner

ណាំតុ ត្រី​សាល់​ម៉ុន ម្ហូបថៃ​ឦសាន​​ រសជាតិដើម

'

ម្ហូប ណាំតុ ត្រី​សាល់ម៉ុន មានរសជាតិ​ជូរហឹរ បែប​ថៃ​ភាគ​ឦសាន​នៅ​ហាង តាំមួ​។

ភ្នំពេញ: ស្ថិត​តាម​បណ្តោយ​ផ្លូវ ៦៣ កែង ៤០០ សង្កាត់​បឹងកេងកង ១ ខណ្ឌចំការមន ភោជនីយដ្ឋាន​ តាំ​មួ ជា​ហាង​បម្រើ​នូវម្ហូបថៃរសជាតិដើម​បែប​ថៃ​ឦសាន ដែល​មានភាពល្បីល្បាញ​នៅ​ស្រុក​ថៃ​អស់រយៈ​ពេល ៣០ ឆ្នាំ។

ក្នុង​ចំណោម​ម្ហូបទាំង​នោះ ណាំតុ​ត្រី​សាល់ម៉ុន ក៏ទទួល​បាន​ការ​ពេញនិយមទទួល​ទាន​ផង​ដែរ។ ម្ហូបនេះ​ចម្អិនពី​ត្រី​សាល់ម៉ុន ស្លឹក​ខ្ទឹម ខ្ទឹមក្រហម ជីរអង្កាម ជីរនាងវង ស្ពៃ​បូកគោ ម្ទេស​ម៉ដ្ឋ ម្សៅអង្ករលីង ទឹក​ក្រូច​ឆ្មារ ទឹកត្រី​ និង​ប្រេងឆា។

បន្ទះ​សាច់​ត្រី​សាល់​ម៉ុន​ត្រូវ​ប្រឡាក់​ជាមួយ​ម្សៅ​អង្ករលីង​ រួចបំពង​ប្រមាណ ៥ នាទី​។ យក​ត្រី​បំពងរួចដាក់លើ​ចាន រួច​រៀប​បន្លែ​ជីរអង្កាម ​ជីរ​នាងវង និង​ស្ពៃបូកគោ​។​

បន្ទាប់មក​ទៀត​លាយទឹកត្រី​ជាមួយ​ទឹកក្រូច​ឆ្មារ ខ្ទឹម​ក្រហមហាន់ ជីររណា ស្លឹកខ្ទឹម ​ម្ទេសម៉ដ្ឋ អំបិល ស្ករស និង​ម្សៅ​ស៊ុប។ យក​ទឹកត្រីលាយរួច​ស្រូប​​ពី​លើ​ត្រី​សាល់ម៉ុន​បំពង​នោះ​ជាការស្រេច។

ម្ហូប​នេះ​មាន​តម្លៃ ១១,២៥ ដុល្លារ​នៅ​ហាង តាំមួ៕

 

តុមយ៉ាំ​ត្រីឆ្អើរ​ពងត្រី​ ​ហាង One More

សម្ល​តុមយ៉ាំ​ត្រី​ឆ្អើរ​ពង​ត្រី ជាមួយ​បាយ​អង្ករ​សំរូប។

ភ្នំពេញ: ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៣១៥ ម្ដុំ​ទួលគោក​ ភោជនីយដ្ឋាន ​One More ត្រូវបាន​រចនា​ឡើង​បែប​ខ្មែរ​បុរាណ​ដោយមាន​ជា​អគារធំស្កឹមស្កៃ ប្រក់​ដំបូល​គ្រឿង​ស្រកានាគ​អម​ទៅដោយ​ដើមត្នោត​ពីរ​បី​ដើម​នៅ​ពីមុខ​ហាង។

ចំណែកផ្នែក​ខាងក្នុង​នៃ​ជណ្តើ​រឡើង​វិញ​មានការតុបតែង​ជា​រូបក្បាល​នាគ​ ធ្វើ​ពីស្ពាន់​ ​និង​ដងខ្លួនធ្វើ​ពី​ឈើប្រណីត ​មានថូបុរាណ​ពីរបីដាក់តាំងនៅ​ជិតនោះ​ដែរ។

គូសប្លង់​ និង​ស្ថាបនា​ដោយ​ស្នាដៃ​ស្ថាបត្យករ​ខ្មែរ អគារមានបន្ទប់​សម្រាប់​ភ្ញៀវ​ចូ​លចិត្ត​ភាព​ស្ងប់ស្ងាត់ស័ក្ដិសម​នឹង​ បរិយាកាស​ទទួលទាន​អាហារបែប​ខ្មែរបែប​ស្រុកស្រែ​អាហារ​​មាន​អាយុកាល​យូរ​ អង្វែង និង​មុខម្ហូប​បម្រើជូន​សែ​រាជវង្ស​ផងដែរ​។

ថ្ងៃ​នេះ ​យើង​សូម​លើក​យក​នូវ​មុខ​ម្ហូប «តុមយ៉ាំ​ត្រី​ឆ្អើរពងត្រី​» ដែល​មាន​គ្រឿង​ផ្សំ​ដូច​ជា ត្រី​កែស​ឆ្អើរ ពងត្រី ទឹក​ក្រូច​ឆ្មារ​ ស្លឹក​ក្រូច​សើច​ គល់​ស្លឹកគ្រៃ​ រំដេង ម្ទេស ខ្ទឹមស ខ្ទឹម​ក្រហម គ្រឿង​សាតេ​បែប​ថៃ ម្ទេស​ឆ្អើរ ក្រៀម ​ជីររណារ ប៉េងប៉ោះ ផ្សិត​ចំបើង ទឹក​ដោះ​គោស្រស់ អំបិល ស្ករស និង​​ម្សៅស៊ុប។

វិធី​ចម្អិន​គឺ​ដំបូង​ត្រូវ​យក​ត្រី​ឆ្អើរ​មក​បេះ​ឆ្អឹង​ចេញ។ ពង​ត្រូវ​ត្រូវ​លាងទឹកឲ្យ​ស្អាត​។ ចាប់​ផ្ដើម​ដាំទឹក​ឲ្យ​ពុះ រួច​ដំគល់ស្លឹកគ្រៃ ស្លឹក​ក្រូចសើច រំដេង ខ្ទឹមក្រហម ខ្ទឹមស ដាក់ចូល​ក្នុង​ឆ្នាំង​ពេល​ទឹក​កំពុង​ពុះ។

បន្ទាប់​មក​ទៀតចាប់​ផ្ដើម​ដាក់ត្រី​ឆ្អើរ និង​ពង​ត្រី​ចូល រួច​សឹមបង់គ្រឿង​សាតេ ​អំបិល ស្ករស ទឹកដោះគោស្រស់ និង​ម្សៅស៊ុប។ បន្ថែម​ផ្សិត​ចំបើង និង​ប៉េង​ប៉ោះ​ ​សឹមបិទភ្លើង​ចង្ក្រាន។

ចុង​ក្រោយ​ត្រូវ​ដាក់​ទឹក​ក្រូចឆ្មារ បង់​ស្លឹក​ជីររណា និង​ម្ទេស​ក្រៀម​ចូល​ នោះ​ជាការស្រេច។

សម្ល​តុមយ៉ាំ​ត្រី​ឆ្អើរ​ពង​ត្រី ដ៏​ឆ្ងាញ់​នេះ​មួយ​ឆ្នាំង​មានតម្លៃត្រឹម ៧,២ ដុល្លារ ​នៅហាង One More៕​

 

បុកកំពឹស ​ម្ហូប​បែប​ស្រុក​ស្រែ​ដ៏ពេញនិយម​ពីភោជនីយដ្ឋាន One More

ម្ហូប​បុក​កំពឹសម្ទេស​ហឹរ​ ជាមួយ​បន្លែ​អន្លក់​នៅ​ភោជនីយដ្ឋាន One More ម្ដុំ​ទួលគោក​។

ភ្នំពេញ: បុកកំពឹស​គឺ​មុខម្ហូបបែប​​ស្រុកស្រែ​ មួយ​ប្រភេទ​ ប៉ុន្តែ​រសជាតិ​ដ៏ឆ្ងាញ់នៃ​ម្ហូប​នេះ​បាន​ជ្រួតជ្រាប​ដល់​អ្នក​នៅ​ទីក្រុង​ ឲ្យ​រឭក​​ចង់​ទទួលទាន​​គឺ​នឹក​ស្រុកកំណើត​នៅ​ជនបទ។

អ៊ីចឹង​​ហើយ​បាន​ជា​ភោជនីយដ្ឋាន One More បានរុករករូបមន្ដ​ដើម​យក​មក​ចម្អិន​បម្រើ​ជូន​ភ្ញៀវទាំងអស់​ដែល​រស់​នៅ​ទី​ ក្រុង​ ភ្នំពេញ ​បាន​ភ្លក្សនូវរស​ជាតិ​ម្ហូប​ខ្មែរ​បែប​ជនបទ។

គ្រឿង​ផ្សំម្ហូប​បុក​កំពឹស​នេះ​មាន​ កំពឹស ម្អមស្រែ​ ជីរណារ អម្ពិល​​ខ្ចី ត្រសក់ ការ៉ុត ម្ទេស អំបិល ស្ករ និង​ម្សៅ​ស៊ុប។

វិធីធ្វើ​គឺដំបូង​ត្រូវ​យក​កំពឹសរស់មក​បុក​ទាំង​រស់។ ប្រសិន​បើកំពឹស​​ងាប់ ត្រូវយក​វា​មកលីង​ឲ្យឆ្អិន​បន្តិច​សិន​សឹមបុកវា។ បន្ទាប់​​មក​ត្រូវ​​បុក​អម្ពិលខ្ចី​ដោយ​ឡែក ហើយ​ចាក់លាយជា​មួយ​អម្ពិល​ខ្ចី។

ចាប់​ផ្ដើម​បន្ថែមជីររណារ និង​ម្អម​ក្នុង​ត្បាល់​រួច​ដាក់​អំបិល ស្ករស និង​​ម្សៅស៊ុប សឹម​បន្ដ​បុក​លំៗ​នោះ​​ជាការ​ស្រេច។

ស្ថិត​នៅតាមផ្លូវ​ ៣១៥​ ក្នុង​ខណ្ឌ​ទួលគោក ​ភោជនីយដ្ឋាន ​One ​More ​មានបម្រើម្ហូប​ខ្មែរដូចជា សម្ល​ម្ជូរកូន​ត្រី​កំពឹស ​ស្ងោរជ្រក់​ក្រៅ​ឆ្នាំង​ ​សម្ល​ខួក្តាម ​ប្រហិត​សាច់​​ស្រួយ​​អង្រ្កង ​និង​ត្រីកប់​ ជាដើម៕

 

ខ្យង​ការីហឹរ​ សំដិល​លើ​អំបិលក្រួស

ខ្យង​ការី​រសជាតិ​ហឹរ​តិចៗ មាន​តម្លៃ ៦ ដុល្លារ​ក្នុងមួយចាន​នៅ​ភោជនីយដ្ឋាន ម្ហូប​។

ភ្នំពេញ: ស្ថិត​នៅ​សំណង់​ផ្ទះបែប​ខ្មែរ ​ភោជនីយដ្ឋាន ​«ម្ហូប» នៅ​ផ្ទះលេខ ១៣៧ ភូមិត្រាំង ក្រុម ៣ ម្ដុំ​ផ្លូវ​តំបន់​អភិរក្ស​អង្គរ ខេត្ត​សៀមរាប មាន​អាហារ​ឆ្ងាញ់​ៗ​ជាច្រើន​។

ថ្ងៃ​នេះ​យើង​សូមបង្ហាញនូវ​ម្ហូប​ «ឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​ឆាខ្ញី» ដ៏​ឈ្ងុយឆ្ងាញ់ដែល​មាន​គ្រឿងផ្សំ​ងាយៗ។

ខ្យង ត្រីរ៉ស់ ស្លឹក​ក្រូច​សើច គល់​ស្លឹកគ្រៃ ​ម្ទេស អំបិល​ក្រួស​ ​អំបិលម៉ដ្ឋ ស្ករស ម្សៅ​ស៊ុប និង​គ្រឿង​ការី​បុក ។​

ត្រីរ៉ស់​ត្រូវ​យក​ទៅ​ស្ងោរ​រួច​បុក​។ គ្រឿង​ការី​ត្រូវ​រម្ងាស់​ឲ្យ​ឆ្អិន​សឹម​ចាក់​សាច់​​ត្រីបុកចូល ហើយ​ថែម​ទឹកបន្តិច។ ចាប់​ផ្ដើម​បន្ថែម​គ្រឿងផ្សំ​រសជាតិ​​មាន អំបិល ស្ករស ម្សៅស៊ុប បន្តិច​ ហើយ​ទុក​មួយអន្លើសិន។

រីឯ ​ខ្យង​ត្រូវស្ងោរ​ជាមួយ​គល់​ស្លឹកគ្រៃ ​និង​ស្លឹក​ក្រូចសើច ដោយបង់អំបិល​បន្តិច។

ខ្យង​ដែល​ស្ងោរ​រួច​ត្រូវ​ដួសត្រីបុក​គ្រឿង​ការី​ញាត់​ចូល​ខ្យង​បន្ថែម​ ទៀត រួចយកទៅ​ចំហុយ​។ អំបិលក្រួស​ត្រូវ​លីង រួច​រៀបទ្រាប់បាត​ចាន សឹម​ដាក់​ខ្យង​ពីលើ ហើយ​រោយសរសៃ​ស្លឹក​ក្រូច​សើច និង​ម្ទេស​ក្រហម​នោះ​ជាការស្រេច៕

ម្ហូប​ឆ្ងាញ់​នាំ​អ្នក​ញ៉ាំ​ទប់​ទឹក​ភ្នែក​មិន​បាន

«ខាត់ណា​ទឹក​ភ្នែក​» ដែល​ជា​អាហារ​ក្លែម​ដ៏​ហឹរ​ជាប់​មាត់​ ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​ទប់​ទឹក​ភ្នែក​មិន​បាន។ ប៉ុន្តែ​វា​ទទួល​បាន​ការ​ពេញ​និយម​ខ្ពស់​ពី​សំណាក់​អ្នក​ទទួល​ទាន​។

មុខ​ម្ហូប​នេះ​មាន​គ្រឿង​ផ្សំ​មិន​ច្រើន​មុខ​ប៉ុន្មាន​ទេ ដោយ​យើង​ត្រូវ​ការ​តែ​សាច់​គោ ដើម​ខាត់​ណា ទឹក​ត្រី​បុក​រសជាតិ​កោះកុង ខ្ទឹមស ខ្ទឹម​ក្រហម ខ្ទឹម​បារាំង​ក្រហម គល់ខ្ទឹម ម្ទេស ស្ករស អំបិល ទឹកត្រី និង​ក្រូច​ឆ្មារ។

វិធី​ចម្អិន​ងាយៗ​តម្រូវ​ឲ្យ​យក​សាច់​គោ​ទៅ​ហាន់​ស្ដើងៗ​ល្មម ហើយ​ត្រឡប់​​លើ​ខ្ទះ​មួយ​ភ្លែត​កុំ​ឲ្យ​ឆ្អិន​​។ ខ្ទឹម​ស ខ្ទឹម​ក្រហម និង​ខ្ទឹម​បារាំង​ក្រហម​ត្រូវ​ហាន់ជា​ចំណិត​ស្ដើងៗ​ហើយ​ច្របល់​ជាមួយ​ចំណិត​ សាច់​គោ​នោះ។ រីឯ​ខាត់ណា​វិញ​គឺ​យក​វា​មក​សក​យក​តែ​គល់ និង​ស្លឹក​ល្អៗ ​មុន​នឹង​យក​វា​ទៅ​ស្រុស​ទឹក​ក្តៅ​ឲ្យ​ឆ្អិន​បន្តិច។ ដើម្បី​រក្សា​ពណ៌​បៃតង​ល្អ​អ្នក​អាច​យក​វា​ទៅ​ត្រាំ​ទឹកកក​ភ្លាមៗ​ក្រោយ​ពី​ ស្រុស​រួច។

ខាត់ណា​ដែល​ស្រុស​រួច​ត្រូវ​រៀប​ដាក់​ចាន ហើយ​បន្តុប​ចំណិត​សាច់​គោ​រាយ​ពី​លើ។ រីឯ​គល់​ខ្ទឹម​ត្រូវ​ហាន​ប្រវែង​៣​ថ្នាំង​ដៃ​រួច​សាប់​ចុងៗ​ទាំង​សង​ខាង​យក​ ទៅ​ត្រាំ​ទឹក​ឲ្យវា​រីក​សាយ​ដូច​ផ្កា​។

ក្រោយ​ពី​រៀប​គល់​ខ្ទឹម​លើ​សាច់​គោ​ហើយ​ត្រូវ​ស្រូប​ទឹក​ត្រី​កោះកុង​ហឹរ​ខ្លាំង​បន្ថែម​ជាការ​ស្រេច៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
695
923
4540433