jaukjeybanner

ទទួលទាន​ម្ទេស​អាចជួយ​អូសបន្លាយ​អាយុ

ការទទួល​ទាន​អាហារ​មាន​ម្ទេស​ហឹរ​ជាប្រចាំ អាចជួយ​អូសបន្លាយ​អាយុ​, បន្ថយ​ហានិភ័យ​កើត​មហារីក​, ជំងឺ​សរសៃឈាម​បេះដូង និង​ដង្ហើម​, តាម​ការ​ឲ្យ​ដឹង​របស់​ពួក​ជំនាញការ​ចិន ។​

​ពួក​ជំនាញការ​នៅ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​សុខាភិបាល​ជាតិចិន បាន​ដំណើរការ​ស្រាវជ្រាវ និង​តាមដាន​ទម្លាប់​ទទួលទាន និង​ស្ថានភាព​សុខភាព​របស់​មនុស្ស​ជិត ៥០០.០០០ នាក់ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ។ លទ្ធផល​បង្ហាញថា អ្នក​ទទួលទាន​អាហារ​មាន​ម្ទេស​ហឹរ​ច្រើន​រាល់ថ្ងៃ មាន​ហានិភ័យ​បាត់បង់​ជីវិត​ទាប​ជាង ១៤% ប្រៀប​នឹង​អ្នក​ទទួលទាន​ម្ទេស​ហឹរ​តែម្តង​ក្នុង​១​សប្តាហ៍ ។​

​ទន្ទឹម​នោះ​, ពួក​ជំនាញការ​នៅ​សង្កេតឃើញថា ក្រៅពី​ការជួយ​បង្កើន​អាយុ​, ម្ទេស​នៅ​ធ្វើ​ឲ្យ​ថយចុះ​ហានិភ័យ​បាត់បង់​ជីវិត​ដោយសារ​មហារីក​, ជំងឺ​សរសៃឈាម និង​ជំងឺ​ផ្លូវដង្ហើម ។​

​ក្រុម​ជំនាញការ​ចិន​ចាត់ទុកថា “​ក៏​ដូច​ការស្រាវជ្រាវ​មុនៗ​នេះដែរ ការស្រាវជ្រាវ​នេះ​បង្ហាញ​ពី​ប្រសិទ្ធភាព​ការពារ​សុខភាព​មនុស្ស​របស់​អាហារ​ មាន​ម្ទេស​ហឹរ​” ។ ជាក់ស្តែង សារជាតិ Capsaicine – សមាសធាតុ​សំខាន់​របស់​ផ្លែ​ម្ទេស – ត្រូវបាន​ចាត់ទុកថា​មាន​ប្រសិទ្ធភាព​ប្រឆាំង​ធាត់​, រលាក​, ចំណាស់ និង​មហារីក​, អាស្រ័យ​ហេតុ​នោះ អ្នក​ទទួលទាន​ម្ទេស​ជា​ប្រ​ចាម​ច្រើន​មាន​អាយុ​ខ្ពស់ជាង ៕ ដោយ​៖ កណិការ​

គន្លឹះ 9 យ៉ាង​ជួយ​អោយ​អ្នក ជា​សះ​ស្បើយ​ពី​ជម្ងឺ​ផ្តា​សាយ បាន​យ៉ាង​ឆាប់​រហ័ស

ជម្ងឺផ្តាសាយជាជម្ងឺមួយប្រភេទ ដែល​ងាយ នឹង​កើត​ឡើង ទៅ​លើ​មនុស្ស​យើង ដែល​បង្ករ​ឡើង ដោយ​មេរោគ ជា​ច្រើន​ប្រភេទ ម្យ៉ាង​វិញ​ទៀត វា​ក៏​បណ្តាល​មក​ពី​បរិស្ថាន ការបរិភោគអាហារ ដែល​មិន​មាន អនាម័យផងដែរ។ ជាទូទៅរោគសញ្ញា នៃជម្ងឺផ្តាសាយអាចនឹងបាត់ទៅវិញ ក្នុង​រយៈពេល១សប្តាហ៍ ប៉ុន្តែមូលហេតុ ដែលនាំអោយ ជម្ងឺផ្តាសាយ បាត់ក្នុងរយៈពេលយូរ នោះគឺ​ដោយ​សារ​តែ ជម្ងឺផ្សេងៗ និងរោគសញ្ញាផ្សេងៗទៀត ទៅវិញទេ ដែលមានដូចជា កណ្តាស ឈឺបំពង់ក​ រឺក្អកជាដើម។ ដូច្នេះដើម្បី អោយជម្ងឺផ្តាសាយ របស់អ្នក អាចជាសះស្បើយ ក្នុង​រយៈ​ពេលដ៏ខ្លីនោះ អ្នកអាចអាន ពីគន្លឹះទាំង 9 ខាងក្រោមនេះ ដើម្បីបំបាត់អាការៈផ្តាសាយ បាន​យ៉ាង​ឆាប់រហ័ស !!

ព្យាបាលដោយការស្ទីម ជាមួយនឹងចំហាយក្តៅ
យោងតាមវេជ្ជបណ្ឌិត Joanna Zed បានប្រាប់អោយដឹងថា ការស្ទីម ជាមួយនឹងចំហាយក្តៅ រួម​ជា​មួយនឹង ធាតុផ្សំនៅក្នុងបន្ទប់ស្ទីមនោះ អាចជួយ ព្យាបាល ជម្ងឺផ្តាសាយ បានយ៉ាងឆាប់រហ័ស ផងដែរ ព្រោះថា មូលហេតុដែលបណ្តាល អោយកើតមានជម្ងឺផ្តាសាយនេះឡើង គឹដោយ​សារតែ​ការ​រលាកផ្លូវដង្ហើម នៅក្នុងច្រមុះ របស់យើង ដូច្នេះវាអាច នឹងធូរស្បើយ ប្រសិនបើយើង ឧស្សាហ៍​ធ្វើ​ការស្ទីម។

ផឹកទឹកអោយបានច្រើន
ការផឹកទឹក អោយបានច្រើន ក៏ជាផ្នែកមួយ ជួយអោយអ្នក ឆាប់ជាសះស្បើយ ពីជម្ងឺផ្តាសាយ​ផង​ដែរ ព្រោះថា សារធាតុរាវនៃទឹកនោះ នឹងជួយអោយបំពង់ករ របស់អ្នក ស្រស់ថ្លា ហើយនឹងជួយ​អោយ ចៀសឆ្ងាយពី អាការៈឈឺបំពង់ក​ ផងដែរ ហើយបើសិនជាអាចនោះ អ្នកគួរតែព្យាយាម ផឹក​ទឹក​ដែល​ក្តៅ​ឧណ្ណ។ ម្យ៉ាងវិញទៀត គួរតែចៀសវាង ឬផ្អាកការផឹកគ្រឿងស្រវឹង មួយរយៈសិន បើ​សិនជាអាច។

ខ្ពុលមាត់ជាមួយនឹងទឹកអំបិល
បន្ថែមពីការផឹកទឹក អោយបានច្រើន អ្នកក៏គួរតែ ឧស្សាហ៍ខ្ពុលមាត់ជាមួយនឹង ទឹកអំបិលផងដែរ ដើម្បីអោយបំពង់ករ របស់អ្នកកាន់តែ ប្រសើរឡើង។ ព្យាយាមធ្វើវា ក្នុង២ម៉ោងម្តង ដោយ​ក្នុង​ទឹក១កែវ ត្រូវដាក់អំបិល កន្លះ១ស្លាបព្រាកាហ្វេ។

សម្រាក ឬគេងអោយបានច្រើន
ចំណុចនេះ អាចនឹងមាន ភាពលំបាកបន្តិច សម្រាប់អ្នករាល់គ្នា ព្រោះថាមនុស្សយើង ម្នាក់ៗ​សុទ្ធ​តែ មានការងាររវល់ រៀងៗខ្លួន ដែលមិនអាចទុកចោលបាន។ ប៉ុន្តែដើម្បីអោយជម្ងឺ ផ្តាសាយ​របស់​អ្នក ឆាប់ជាសះស្បើយ នោះ អ្នកគួរតែ យកពេលដែល ទំនេរបន្ទាប់ពីការងារ​របស់អ្នក មក​សម្រាក អោយបានច្រើន តាមដែលអាច ទើបល្អសម្រាប់ សុខភាពរបស់អ្នក ព្រោះថា ការសម្រាក បាន​ច្រើន នឹងធ្វើអោយ ប្រព័ន្ធស៊ាំ នៃរាងកាយរបស់យើង ដំណើរការឡើងវិញ ដើម្បី​ព្យាបាល​ជម្ងឺ។

បរិភោគអាហារដែលមានជាតិសម្លរ
អ្នកគួរតែបរិភោគ អាហារដែលមានជាតិសម្លរ អោយបានច្រើន ដែលមានដូចជា ស៊ុប និង​អាហារ​​ដែលមាន ផាសុកភាព ផ្សេងៗទៀត ដើម្បីអោយរាងកាយ របស់អ្នកមានកម្លាំងឡើងវិញ។

បញ្ឈប់ ឬកាត់បន្ថយការជក់បារី
ត្រង់ចំនុចនេះ បើសិនជាអាច អ្នកគួរតែបញ្ឈប់ ការជក់បារីតែម្តងទៅ ព្រោះថាផ្សែងរបស់វា អាច​ធ្វើ​អោយ រលាកប្រព័ន្ធផ្លូវដង្ហើម បានយ៉ាងងាយ ហើយនឹងធ្វើអោយ ជម្ងឺផ្តាសាយ កាន់​តែ​ចំណាយ​​ពេលវេលាយូរ ថែមទៀតផង។ ម្យ៉ាងវិញទៀត វាក៏អាចបណ្តាល អោយកើតមាន ជម្ងឺ​ផ្សេងៗ​ទៀត ថែមទៀតផង។

លេបថ្នាំតាមវេជ្ជបញ្ជា (ចាំបាច់នៅពេលដែលជម្ងឺផ្តាសាយធ្ងន់ធ្ងរតែប៉ុណ្ណោះ)
បើសិនជា ជម្ងឺផ្តាសាយរបស់អ្នក មានលក្ខណៈធម្មតា មិនធ្ងន់ធ្ងរទេនោះ គួរតែកុំព្យាយាម លេបថ្នាំ ឬឳសថអី អ្នកគួរតែ ប្រើប្រាស់វិធីសាស្រ្ត ព្យាបាលតាមធម្មជាតិ ទើបប្រសើរជាជាង។

ធ្វើលំហាត់ប្រាណស្រាលៗ
ការហាត់ប្រាណ ក៏ជាផ្នែកមួយ ល្អសម្រាប់សុខភាពរបស់អ្នក ផងដែរដើម្បី បញ្ចេញ​នូវ​សារធាតុ​ពុល ផ្សេងៗ ដែលមាន នៅក្នុងរាងកាយរបស់យើង តាមរយៈរន្ធញើស។ មួយវិញទៀត បើសិនជា​អ្នក កំពុងតែមានជម្ងឺផ្តាសាយ អ្នកគួរតែធ្វើលំហាត់ប្រាណ ណាដែលស្រាលៗ​បាន​ហើយ ហើយ​គួរ​ចៀសវាង កុំធ្វើលំហាត់ប្រាណ ណាដែលមាន លក្ខណៈធ្ងន់ ព្រោះថា វាអាចបណ្តាល អោយ​ជម្ងឺ​ផ្តាសាយ របស់អ្នក កាន់តែ ធ្ងន់ធ្ងរទៅវិញទេ។

ត្រូវមានអនាម័យជានិច្ច
ប្រការចំបងជាងគេនោះគឺ អ្នកត្រូវតែមាន អនាម័យគ្រប់ពេលវេលា ដោយលាងដៃ របស់អ្នក អោយ​បានទៀតទាត់ មុននឹងចាប់ផ្តើម បរិភោគអាហារ។ រឿងសំខាន់មួយទៀតនោះ អ្នកគួរ​តែ​កាត់បន្ថយ ការប្រាស្រ័យទាក់ទង ទល់មុខគ្នា ជាមួយនឹងបុគ្គលណា ដែលតែងតែ កណ្តាស ឬក្អកជាដើម។
នេះជាអ្វីដែល វេជ្ជបណ្ឌិតជំនាញ បានមានប្រសាសន៍ ដែលអ្នកគួរតែ ប្រព្រឹត្តតាម ហើយយើង​សង្ឃឹមថា គន្លឹះខាងលើនេះ អាចនឹងជួយ អោយលោកអ្នក ឆាប់ជាសះស្បើយ ពីជម្ងឺផ្តាសាយ បានយ៉ាងឆាប់រហ័ស ផងដែរ។

ការអង្គុយធ្វើការលើសពី៨ម៉ោងក្នុងមួយថ្ងៃ អាចប្រឈមនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល

សុខភាព៖ អ្នកធ្លាប់បានលឺមកហើយអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីការអង្គុយយូរប្រើពេលច្រើនម៉ោង។ ពេលនេះ យោងតាមការសិក្សាស្រាវជ្រាវថ្មីៗរបស់អ្នកជំនាញ បានគូសបញ្ជាក់ពីសកម្មភាពអង្គុយយូរ ងាយប្រឈមនឹងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបំផុត។

បើតាមការសិក្សាថ្មីៗបានបញ្ជាក់ថា មនុស្សដែលធ្វើការច្រើនជាង៥៥ម៉ោងក្នុងមួយសប្តាហ៏ (ឬលើស៨ម៉ោងក្នុងមួយថ្ងៃ) ឆាប់នឹងប្រទះជំងឺដាច់សរសៃឈាមក្នុងកំរិត៣៣ភាគរយ ហើយ១៣ភាគរយ ប្រឈមនឹងជំងឺដាច់សរសៃឈាមក្នុងបេះដូង ច្រើនជាងអ្នកដែលធ្វើការពី៣៥ទៅ៤០ម៉ោង ក្នុងមួយសប្តាហ៏។

ទិន្នន័យ ដែលបានចេញផ្សាយនៅក្នុងកាសែត ឡែនសិត មីឌីខល ក៏បានបញ្ជាក់ពីដំណាក់កាលវិវឌ្ឍន៏ ឬការកកើតឡើងនិងអាការៈនៃប្រភេទជំងឺនេះ បានកើនឡើងលើសពីការគិត។ 

ព្រោះតែត្រូវចំណាយពេលធ្វើការយូរ រហូតទៅក៏កើតជាជំងឺធុញថប់ ដែលជាដំណាក់កាលដំបូង ដែលធ្វើអោយសរសៃឈាមរត់មិនស្របគ្នា។

ហើយបើតាមការវិភាគបង្ហាញទៀតថា មានមនុស្សច្រើនជាង៦សែននាក់នៅអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងអូស្រ្តាលី កំពុងប្រឈមយ៉ាងធ្ងន់ធ្ងរ ជារៀងរាល់ថ្ងៃ។ ដូច្នេះហើយ អ្នកធ្វើការទាំងអស់គួរតែមានការប្រុង ប្រយ័ត្នបន្ថែមចំពោះសុខភាពលោកអ្នក ទាន់អ្វីៗគ្រប់យ៉ាងនៅមានសភាពល្អប្រសើរ ហើយគួរតែឧស្សាហ៏ទៅពិនិត្យសំពាធឈាមើលអោយបានញឹកញ៉យ ដើម្បីការពារពេលកំរិតឈាមរបស់អ្នកមានប្រតិកម្មខុសពីប្រក្រតី៕

ថ្នាំរក្សា "ជីវិតអមត"​ ពិសោធលើរាងកាយមនុស្ស

ក្រុមអ្នកវិទ្យា​សាស្ដ្រនៃសាលាវេជ្ជសាស្ដ្រ Albert Einstein នៅ New York អាមេរិក ទើបតែបាន
ប្រកាសថា ពួកគេបានពិសោធ និងបង្កើតដោយជោគជ័យនូវឪសថមួយប្រភេទដែលជួយបង្កើន
អាយុរបស់មនុស្ស ដោយវិធីកាត់បន្ថយនូវបណ្ដាជម្ងឺដែលទាក់ទិននឹងវ័យចាស់នៃរាងកាយ
មនុស្ស។

ក្រុមអ្នកវិទ្យា​សាស្ដ្រខាងលើនេះ បានអះអាងថា Metformin ដែលជាថ្នាំពិសេសសម្រាប់អ្នកជម្ងឺ
ទឹកនោមផ្អែមកម្រិត ២ ត្រូវបានគេប្រើប្រាស់ច្រើននៅអាមេរិក ចាប់ពីឆ្នាំ ១៩៩៤ អាចជាដំណោះ
ស្រាយដ៏អស្ចារ្យ​សម្រាប់ជួយរក្សាមនុស្សឱ្យនៅក្មេងបានយូរ។

ការសិក្សាស្រាវជ្រាវមុននេះ បានបង្ហាញថា ឪសថខាងលើនេះ អាចជួយអួសបន្លាយអាយុនៃ
សត្វប្រភេទមានធ្មេញមុខរឹងមាំ ដូចជាកណ្ដុរ កំប្រុក។ល។ រួមនឹងព្រូនដែលមានខ្លួនមូលវែង
ហើយវិទ្យាសាស្ដ្របច្ចុប្បន្ន ក៏មានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីទទួលស្គាល់ថា ថ្នាំប្រភេទខាងលើ
នោះ ក៏មានប្រសិទ្ធភាពលើរាងកាយមនុស្ស នេះបើតាមបណ្ឌិត Nir Barzilai ប្រធានក្រុមស្រាវ
ជ្រាវ និងជាអគ្គនាយកនៃមន្ទីរស្រាវជ្រាវអំពីភាពចាស់ជរា។

កិច្ចប្រជុំរវាងក្រុមអ្នកស្រាវជ្រាវដែលបានធ្វើឡើងកាលពីថ្ងៃទី ២៤កន្លងទៅ នៅអាមេរិក ស្ដី
អំពីថ្នាំ Metformin បានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។ កិច្ចប្រជុំនេះនឹង
បើកផ្លូវឱ្យមានការពិសោធដ៏ធំ និងយូរអង្វែងមួយដើម្បីស្វែងរកគុណប្រយោជន៍នៃថ្នាំនេះ នឹង
អាយុរបស់មនុស្ស។ ក្នុងកិច្ចប្រជុំ អ្នកវិទ្យាសាស្ដ្របានលើកឡើងថា វិធីដែលមានប្រសិទ្ធភាព​បំផុតដើម្បីអូសបន្លាយអាយុកាលរបស់មនុស្ស នោះគឺ កាត់បន្ថយបណ្ដាជម្ងឺដែលទាក់ទិននឹង
វ័យចាស់ និងធ្វើឱ្យរាងកាយមាំមួនបានយូរអង្វែង។

បណ្ឌិត Barzilai រួមនឹងក្រុមការងារពន្យល់ថា ថ្នាំ Metformin ក្រៅពីមានប្រសិទ្ធភាបក្នុងការព្យា
បាលជម្ងឺទឹកនោមផ្អែម វាក៏ជួយព្យាបាលជម្ងឺផ្សេងៗ ដូចជាជម្ងឺបេះដូង មហារីក។ល។ ហើយ
ដោយសារមានតួនាទីកាត់បន្ថយកាឡូរី ដូច្នេះ ថ្នាំ Metformin នេះ ក៏អាចជួយអូសបន្លាយអាយុ
កាលរបស់ ថនិកសត្វ  (សត្វមានដោះ)។

ការពិសោធផ្នែកវេជ្ជសាស្ដ្រមួយនឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ៥ឆ្នាំ ហើយអ្នកចូលរួម
ពិសោធ ត្រូវបានអាយុ ចាប់ពី ៧០ ទៅ ៨០ឆ្នាំ និងត្រូវមានជម្ងឺមួយចំនួន ដូចជា ខ្វះឈាមបេះ
ដូង ខ្សោយបេះដូង មហារីក។ល។

ក្រុមអ្នកស្រាវជ្រាវខាងលើ មានសង្ឃឹមយ៉ាងខ្លាំង ហើយថា ថ្នាំខាងលើនេះ នឹងមានប្រយោជន៍
ច្រើន​ក្នុងការជួយអូសបន្លាយអាយុកាលរបស់មនុស្ស៕

អត្ថប្រយោជន៍​នៃការទទួលទាន​​​ផ្លែឈើ​ពណ៌​ក្រហម​ចំពោះ​សុខភាព​​ដែល​អ្នក​អាច​មិន​​នឹក​ស្មាន​ដល់​

តាម​ការពិត ​ផ្លែឈើ​ដែលមាន​​សម្បុរ​ពណ៌​ក្រហមផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់​​ចំពោះ​​ សុខភាព។ ប៉ុន្តែ​មនុស្ស​ភាគច្រើន​តែងតែ​​មើល​រំលង​ត្រង់​ចំណុច​នេះ ហើយ​ផ្តល់​តម្លៃ​ចំពោះ​​​​ពពួក​បន្លែ​បៃតង​ ដោយ​ចាត់​ទុក​ថា​បន្លែ​ប្រភេទ​នេះ​​​ល្អ​បំផុត​សម្រាប់​សុខភាព។ គេ​យល់ថា​ការទទួល​ទាន​ពពួក​ប​ន្លែ​និង​ផ្លែឈើ​​ពណ៌​បៃតង​​​ផ្តល់​ អត្ថប្រយោជន៍​ច្រើនណាស់​ចំពោះ​សុខភាព។ ទោះជា​យ៉ាងនេះ​ក្តី មាន​ចំណុច​មួយចំនួន​ដែល​​បង្ហាញថា​ពពួក​ផ្លែឈើ​ពណ៌​ក្រហម​ក៏បានផ្តល់​ គុណសម្បត្តិ​ចំពោះ​សុខភាព​រាងកាយ​មិនតិច​ដែរ ។ ពពួក​ផ្លែឈើ​ដែលមាន​ពណ៌​ក្រហម​គឺ​ពោរពេញ​ដោយ​ជាតិ​ប្រឆាំងនឹង​អុកស៊ីតកម្ម (Anti-Oxidants) ដែល​អាចជួយ​​ទប់​ស្កាត់​ជំងឺ​​រ​លាក​សន្លាក់ ជំងឺ​ខ្សោយ​ ឬ​រលាក​​​​បង្ហួរ​នោម និង​ជួយ​កាត់បន្ថយ​ជំងឺមហារីក​ជាដើម​។

 

១) ផ្លែឈើ​រី​(Cherry)
​ឈើ​រី (Cherry) ជា​​ប្រភេទ​ផ្លែឈើ​​​ពណ៌​ក្រហម ដែល​​គេ​យក​ទៅ​ពិសោធ​ ​ឃើញសម្បូរ​​​​ជាតិ Anthocyanin នៅ​ក្នុង​នោះ​។ សារធាតុ​នេះ​​ជួយ​​ទប់​ស្កាត់​មិន​ឲ្យ​កើ់ត​​អាការៈ​រលាក​ផ្សេងៗ​នៅ​ក្នុង​ សារពាង្គកាយ។ ចំពោះ​​​អ្នក​​​កើត​​ជំងឺ​រលាក​សន្លាក់ឆ្អឹង ប្រសិនបើ​​​ទទួលទាន​​​ផ្លែ ឈើ​រី ចំនួន ៣៥ ផ្លែ​ក្នុង​មួយថ្ងៃ​ នឹង​កាត់​បន្ថយ​អាការៈ​ឈឺ​ចុក​ចាប់​បន្តិច​ម្ដងៗ​ ព្រោះ​​ផ្លែឈើ​នេះ​ប្រៀប​បាន​នឹង​ឱសថ​កាត់​បន្ថយ​ការ​ឈឺ​ចុក​ចាប់​ក្នុង​ សារពាង្គកាយ​ស្មើ​នឹង​ឱសថ​​​អាស្ពីរីន (Aspirin) ។ ជាង​នេះ​ទៅ​ទៀត ផ្លែឈើ​រី​​​​​សម្បូរ​សារធាតុ​ដែក​ដែល​ជា​ធាតុ​ដ៏​ចាំបាច់​សម្រាប់​​ខួរ​ ឆ្អឹង​ខ្នង​ផលិត​គ្រាប់​ឈាម​ក្រហម​ និង​ម្យ៉ាងទៀត ផ្លែឈើ​នេះ​ផ្ទុក​សារធាតុ​ទប់​ស្កាត់​ជំងឺ​មហារីក​ច្រើន​ប្រភេទ​។

២) ផ្លែ​ឪឡឹក​(Watermelon)
ផ្លែ​ឪឡឹក​(Watermelon) ​ក៏​​មាន​អត្ថ​ប្រយោជន៍​ប្រហាក់ប្រហែល​នឹង​ផ្លែ​ឈើរី​ខាង​លើ​នេះ​ដែរ។ ​ផ្លែ​ឪឡឹក​សម្បូរ​​សារធាតុ​សរសៃ​ ឬ​ហ្វៃប័រ (fiber)  វីតាមីន A វីតាមីន C និង ជា​ប្រភព​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម។ ក្រុម​អ្នកស្រាវជ្រាវ​រក​ឃើញ​ថា​​​ផ្លែ​ឪឡឹក​គឺជា​អាហារ​បំប៉ន​សុខភាព។ ចំណុច​សំខាន់​របស់​វា​ស្ថិត​នៅ​ក្នុង​​សាច់​ពណ៌​ក្រហម​​របស់​វា​នេះ​តែម្ដង។ ក្រៅ​ពី​សាច់​​ឪឡឹក គ្រាប់​ និង​សម្បក​របស់​វា​​ក៏មាន​ផល់​ប្រយោជន៍​​​ចំពោះ​សុខភាព ។ ពណ៌​ក្រហម​នៃ​សាច់​របស់​ឪឡឹក​ដែល​ពោរពេញ​ដោយ​ជាតិ​ទឹកបាន​ផ្ទុក​ទៅដោយ​ សារធាតុ​ផ្សំគ្នា​យ៉ាងច្រើន​ជំនួយ​ដល់​សុខភាព នឹងធ្វើ​ឲ្យ​ស្បែក​មាន​ភាពស្រស់ស្អាត ។ ​នៅ​ពេល​បរិភោគ​ឪឡឹក អ្វី​ដែល​គេ​កត់​សម្គាល់​នៅ​ត្រង់​ថា​ វា​មាន​សារធាតុចិញ្ចឹម​បង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​​​ស្បែក​មុខ​​របស់​ មនុស្ស​​​​​ស្រូបយក​ជាតិ​ទឹក​ដើម្បី​បន្ថែម ឬ​រក្សា​ស្បែក​មុខ​ឲ្យ​មាន​សំណើម​​ជានិច្ច​ និង​ការពារ​ស្បែក​មុខ​នៅ​ពេល​​ដើរ​ក្រោម​កម្ដៅ​ថ្ងៃ​ – ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​។

៣) ផ្លែ ក្រេ​ន​ប័​រ​រី (Cranberry)
​ផ្លែ​ក្រេ​ន​ ប័​រ​រី​(Cranberry) ជា​​ផ្លែឈើ​ល្អ​បំផុត​​សម្រាប់​​ជួយ​ព្យាបាល​​អាការៈ​រលាក​តម្រង​នោម​ និង​បង្ហួរ​​​នោម។ អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ឃើញ​ថា​​ផ្លែ​ក្រេ​ន​ប័​រ​រី ផ្ទុក​​សារធាតុ phenyl peroxide ដែល​​​អាច​ជា​​វ៉ាក់សាំង​បង្ការ​ជំងឺ​ផ្សេងៗ និង​​ជួយ​​បង្កើន​សមត្ថភាព​របស់​ប្រព័ន្ធ​ការពារ​ខ្លួន​មនុស្ស​ ទប់​ទល់​នឹង​ជំងឺ​ដម្កាត់​ផ្សេងៗ​និង​ជួយ​កម្ចាត់​ពពួក​បាក់តែរី​ដែល​បង្ក​ គ្រោះ​ថ្នាក់​ចំពោះ​មនុស្ស​។


 

​លើសពីនេះទៅទៀត​ ក្នុង​ផ្លែ ក្រេ​ន​ប័​រ​រី ផ្ទុក​​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម (anti-oxidant) ​ដែល​គេ​ឲ្យ​ឈ្មោះថា proanthocyanidin។ សារធាតុ​នេះ​​ជួយ​​ទប់ស្កាត់​ការ​​ងាប់​កោសិកា ឬ​​ទប់​ស្កាត់​មិន​ឲ្យ​កោសិកា​រីក​លូតលាស់​ខុស​ប្រក្រតី​។ ម្យ៉ាងវិញ​ទៀត​ សារធាតុ​នេះ​ជួយ​ជួសជុល និង​បណ្ដុះ​កោសិកា​ឲ្យ​ល្អ​ស្អាត​ដូច​ដើម​វិញ​។ បន្ថែម​​ពី​លើ​នេះ ផ្លែ ក្រេ​ន​ប័​រ​រី ផ្ទុក​​​អាស៊ីត​មួយ​​ប្រភេទ​ឈ្មោះ ellagic ដែល​​ទប់​ស្កាត់ និង​ទប់​ទល់​​នឹង​ជំងឺមហារីក​។

ក្រៅពី​ពពួក​ផ្លែឈើ​ដូច​ដែល​បាន​រៀបរាប់​ខាងលើ​ នៅ​មាន​ផ្លែឈើ​​​ពណ៌​ក្រហម​ដទៃ​ទៀត​ ដែល​មាន​គុណ​ប្រយោជន៍​ចំពោះ​សុខភាព​ ប៉ុន្តែ​ដោយសារ​ទំព័រ​មាន​កំណត់​ យើ​ង​មិន​អាច​រៀបរាប់​អស់។ ផ្លែឈើ​ទាំង​នោះ​មាន ៖ ម្ទេស ប៉េង​បោះ​ជាដើម​​។​ សរុប​សេចក្ដី​មក លោក​​អ្នក​គួរ​​ព្យាយាម​បរិភោគ​​​ផ្លែ​ឈើ​​​ពណ៌​ក្រហម​ ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​​។ ​​អ្នកឯកទេស​បាន​ប្រាប់ថា​មនុស្ស​គ្រប់រូប​គួរ​ញុាំ​ផ្លែឈើ​​ពណ៌​ក្រហម​យ៉ាង ​ហោច​ណាស់​ឲ្យ​បាន​​ពីរ​ដង​ក្នុង​មួយថ្ងៃ​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​រាងកាយ៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2064
1621
4530944