jaukjeybanner

ថ្នាក់រៀនចល័តនៅតំបន់ក្របំផុតក្នុងពិភពលោក

  គ្មានថ្នាក់រៀនច្បាស់លាស់ គ្រូនិងកូនសិស្សជាតំបន់ជាច្រើនលើលោក រៀនសូត្រនៅតាមរូងភ្នំ នៅកំពូលភ្នំ ឬនៅលើឡានក្រុងកែច្នៃ។

21 កញ្ញាា៖ រូបភាពកូនសិស្សរៀននៅទីវាលមួយក្នុងតំបន់សម្បុកកណ្តុរនៃក្នុង ក្រុងផតអូព្រីនស៍ ប្រទេសហៃទី។

នៅក្រុងការ៉ាឈី ប្រទេសប៉ាគីស្ថាន កូនសិស្សប្រមូលផ្តុំគ្នារៀនលើ ដំបូលផ្ទះ ហាងទំនិញ ស្តាប់គ្រូពន្យល់នៅទីងងឹត ក្រោមពន្លឺអំពូលតូចៗ ទិដ្ឋភាពមួយនេះបង្ហាញឲ្យឃើញពីភាពតស៊ូរបស់កុមារដែលមិនបោះបង់ចោលសុបិន្តរបស់ពួកគេក្នុងការទទួលការអប់រំ។

រីឯសិស្សក្រីក្រនៅជិតក្រុងហាយដេរ៉ាបាដ ប្រទេសឥណ្ធា គ្រាន់មានទីជ្រកប្រសើរជាង។ ពួកគេកំពុងរៀនអំពីព្យញ្ជនៈភាសាតេឡី នៅលើឡានក្រុង។

កុមារីអាហ្វហ្គានីស្ថានប្រមូលគ្នារៀននៅលើទីវាល ជាយក្រុងចាឡាឡាបាដ ប្រទេសអាហ្វហ្គានីស្ថាន ក្រោមជំនួយគណៈកម្មាធិការលើកកម្ពស់ជនបទបង់ក្លាដេស(BRAC) ដែលជាអង្គការមិនមែនរដ្ឋភិបាលធំមួយក្នុងលោក។

ចម្ងាយ 169គីឡូម៉ែត្រនៅទិសខាងជើងពីរដ្ឋធានីកាបុល អាហ្វហ្គានីស្ថាន កូនសិស្សនាំគ្នាស្តាប់គ្រូពន្យល់ នៅទីច្រាំងថ្មចោទ។

នៅក្នុងស្ថានការណ៍ដ៏លំបាក កុមារជាច្រើនប្រាថ្នាចង់ទៅសាលារៀនណាស់!

រូបភាពកុមាររីអាយុ10ឆ្នាំ កំពុងចែករំលែកចំណេះដឹងរបស់ខ្លួនទៅកាន់កុមារដែលកំពុងភៀសខ្លួន ក្នុងព្រៃមួយនៃរដ្ឋធានីបេរូត ប្រទេសលីបង់។

រូបភាពកុមារាកំពុងលេងល្បែងចំណោទនៅក្រៅថ្នាក់រៀនមួយនៃប្រទេសប៉ាហ្គីស្ថាន ក្រោយពេលរញ្ជួយដី កម្រិត7.5 រិចឆ័រ កាលពីឆ្នាំ 2005។

ស្រដែងនឹងករណីខាងលើក្រោយពេលរញ្ជួយដីកាលឆ្នាំ2008 នៅខេត្តស៊ីឈ័ន ប្រទេសចិន គ្រូនិងសិស្សបានរៀបចំតុកៅអីរៀនសូត្រទល់មុខនឹងគំនរបាក់បែកនៃអាគារ។

មិនឆ្ងាយប៉ុន្តែពីស៊ីឈ័ន នៅខេត្តគួយចូវ ភាគនិរតីប្រទេសចិន កូនសិស្សចូលក្នុងរូងភ្នំដើម្បីរៀនសូត្រ។

នៅប្រទេសកេនយ៉ានវិញ ជនភៀសខ្លួនសូម៉ាលី បានប្រើក្តារបន្ទះវែងៗដើម្បីចម្លងគម្ពីរគូរ៉ាន់។

រីឯថ្នាក់រៀនប្រក់ស័ង្កសីនេះវិញធ្វើឡើងសម្រាប់ជនរងគ្រោះនៃទឹកជំនន់ ក្នុងប្រទេសនីហ្សេរីយ៉ា។

នៅទិវាអក្ខរកម្មអន្តរជាតិ ក្មេងៗនៅទីក្រុងញូវដេលីបានបង្ហាញចំណាប់អារម្នណ៍របស់ខ្លួននៅក្នុងថ្នាក់បង្រៀនជាសាធារណៈមួយ។

នៅភូមិភាគនិរតីទីក្រុងកាហ្គា ប្រទេសប៉ាឡេស្ទីន កូនសិស្សកំពុងក្រេបយកចំណេះដឹងក្នុងទូកុងតឺន័រកែច្នៃ។

សម្រួលដោយ៖ ប៉ែន នរិន្ទ

ប្រភព៖ បរទេស

ពិតជាគួរឲ្យគោរព! មិនប្រកាន់ពីតំណែង លោកអូបាម៉ា ធ្វើជាអ្នកកំដរ ក្នុងអាពាហ៍ពិពាហ៍បុគ្គលិករបស់លោក

អាមេរិក៖ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានស្ម័គ្រខ្លួនធ្វើជាអ្នកកំដរ នៅក្នុងពិធីអាពាហ៍ពិពាហ៍មួយ ក្នុងរដ្ឋរដ្ឋផ្លរីដា ដែលជាអាពាហ៍ពិពាហ៍បុគ្គលិករបស់លោកមួយរូប ដែលបានធ្វើការយូរឆ្នាំមកហើយ និងជាដៃគូលេងវាយកូនហ្គោលជាមួយគ្នាញឹកញាប់ទៀតផង។

សារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះថា លោក អូបាម៉ា បានមកដល់ព្រលានយន្តហោះអន្តរជាតិ Jacksonville កាលពីថ្ងៃសៅរ៍ ដើម្បីទៅចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍លោក Marvin Nicholson ដែលជានាយកផ្នែកដំណើរទស្សនកិច្ច នៅសេតវិមាន និងជាជំនួយការផ្ទាល់ខ្លួនរបស់ប្រធានាធិបតី ផងដែរ ។

លោក Marvin Nicholson និងកូនក្រមុំរបស់លោកឈ្មោះ Helen Pajcic បានរៀបចំពិធីអាពាហ៍ពិពាហ៍ ជាលក្ខណៈឯកជនរបស់ពួកគេនៅឯសណ្ឋាគារ One Ocean Resort and Spa ដែលស្ថិតក្នុងទីក្រុង Jacksonville នៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ ដោយស្ថិតក្នុងឱកាសដ៏ពិសេសបែបនេះ លោក អូបាម៉ា បានពាក់ឈុតរាត្រី ពណ៌ខ្មៅដ៏ស្រស់សង្ហារ ហើយជាបុរសតែម្នាក់គត់ដែលពាក់ក្រវាត់.ក វែង ពណ៌ខ្មៅ ខណៈអ្នកកំដរផ្សេងទៀត រួមទាំងលោកចន ឃើរី ពាក់បូ ពណ៌ខ្មៅ។

ប្តីប្រពន្ធមួយគូរនេះ ក៏ធ្លាប់ធ្វើការនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីលោកអូបាម៉ា កាលពីឆ្នាំ២០០៨ ។ ខណៈកូនក្រមុំ នាង Helen Pajcic គឺជាកូនស្រីបុគ្គលិកមួយរបស់លោក អូបាម៉ា ក្នុងផ្នែករៃអង្គាសមូលនិធិផងដែរ។

គួរបញ្ជាក់ថា លោក អូបាម៉ា បានលេងវាយកូនហ្គោល ចំនួន ៣៣៣ដង ចាប់តាំងពីពេលដែលលោកចូលកាន់តំណែងជាប្រធានាធិបតី ហើយកូនចៅរបស់លោក គឺលោក Marvin Nicholson បានចូលលេងជាមួយ លោក អូបាម៉ា ចំនួន ១៩២ដង ដែលធ្វើឲ្យគាត់ក្លាយជាដៃគូវាយកូនហ្គោលជាមួយគ្នាញឹកញាប់បំផុត។

បន្ទាប់ពីដំណើររយៈពេល១ថ្ងៃនេះត្រូវបានបញ្ចប់ លោកអូបាម៉ាត្រូវធ្វើដំណើរត្រឡប់ទៅកាន់វ៉ាស៊ីនតោនវិញ តាមរយៈយន្តហោះ Air Force One របស់ប្រធានាធិបតី។ ហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០១៧នេះ លោកក៏បានធ្វើការថ្លែងសុន្ទរកថា “និយាយពាក្យលា” ជាលើកចុងក្រោយរបស់លោក មុនពេលបញ្ចប់តំណែងជាប្រធានាធិបតី នៅក្នុងទីក្រុងឈីកាហ្គោផងដែរ៕

ប្រភពដើម khmerload

ប្រវត្តិ​តស៊ូ​ និង ភាព​ជោគជ័យ​របស់​លោក​ថូម៉ាស​ Thomas Jefferson​ ដែល​ប្រជាជន​អាមេរិក​មិន​អាច​បំភ្លេច​បាន

លោក ថូម៉ាស​ ជេហ្វហ្វឺសុន (Thomas Jefferson ) ​គឺ​ជា​បិតា​ស្ថាបនិក​ និង ជា​ប្រធានាធិបតី​​ទី​៣​របស់​អាមេរិក​ (ចាប់ពី​ឆ្នាំ​ ១៨០១ ដល់ ឆ្នាំ​១៨០៩)។​​ ​​​​លោក​​ គឺជា​បុគ្គល​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​ តាមរយៈ​ស្នាដៃ​ជាច្រើន​ ទាំង​ផ្នែក​តែង​និពន្ធ​​សៀវភៅ​ ​ក៏ដូចជា​ ភាព​ជា​អ្នកដឹកនាំ​របស់​លោក​។ ​ដោយសារតែ​ ប្រជាជន​អាមេរិក​​ចាត់ទុកថា ថូម៉ាស​ ជេហ្វហ្វឺសុន (Thomas Jefferson ) ​​ គឺជា​បុគ្គល​ដ៏​​សំខាន់​បែបនេះ​ហើយ បាន​ជា​គេ​ដាក់បញ្ចូល​​រូប​របស់​លោក​ នៅ​លើ​ក្រដាស​ប្រាក់២​ដុល្លារ​អាមេរិក​។ ​

 

​ជីវិត​កាល​ពី​នៅ​កុមារភាព​​​
លោក ថូម៉ាស​ ជេហ្វហ្វឺសុន (Thomas Jefferson )​ ​កើត​នៅ​ថ្ងៃទី​ ១៣ ខែ​មេសា ឆ្នាំ ​១៧៤៣​ នៅ​​​​​​ជាយ​​​​​​​​​ក្រុង​ Charlottesville​ នៃ​​រដ្ឋ Virginia​ ​ក្នុង​គ្រួសារ​ដ៏​ខ្ពង់ខ្ពស់​មួួយ​​។ ​ឪពុក​របស់​មាន​ឈ្មោះ​ថា Peter Jefferson​ ដែល​ជា​អ្នក​ជោគជ័យ​វិស័យ​កសិកម្ម​ និង ជា​អ្នក​ជំនាញ​ផ្នែក​គូរផែនទី​ផង​ដែរ​។ ចំណែក​ម្តាយ​វិញ​ មាន​ឈ្មោះ​ថា Jane Randolph Jefferson​​ដែល​ជាប់សែស្រឡាយ​ក្សត្រ​របស់​អង់គ្លេស​ និង ស្កុតឡែន​។

 

លោក គឺជា​កូន​ទី​៣​ ​ក្នុង​ចំណោម​បងប្អូន​​១០​នាក់​។ ​កាល​ពី​នៅ​ក្មេង​ ​ថូម៉ាស​ ជេហ្វហ្វឺសុន (Thomas Jefferson )​ ​ចូលចិត្ត​លេង​ជាមួយ​នឹង​ដើមឈើ​ ​កូតវីយូឡុង និង អាន​សៀវភៅ​ជាដើម​។​ ​​នៅ​អាយុ​ ៩ឆ្នាំ​ ក្មេងប្រុស​រូប​នេះ​បាន​ចាប់ផ្តើម​ចូលរៀន​ជា​ផ្លូវការ​ ដោយ​សិក្សា​ភាសា​ឡាទីន​ និង ក្រិក​។

 

​​នៅ​អាយុ​ ១៦ ឆ្នាំ​ ថូម៉ាស​ ជេហ្វហ្វឺសុន (Thomas Jefferson )​ ​ក៏​ចាប់ផ្តើម​សិក្សា​លើ​ផ្នែក​ជាច្រើន​ទៀត​ ក្នុង​នោះ​ក៏​មាន​គណិតវិទ្យា​ផង​ដែរ​ ជាមួយ​នឹង​លោក Reverend James Maury​ជា​អ្នកជំនាញ​វិស័យ​អប់រំ​ប្រចាំ​រដ្ឋ Virginia​ ​។ ​​​ក្នុង​ឆ្នាំ​​១៧៦០ ​លោក​បាន​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ William និង​ Mary ( College of William and Mary) ក្នុង​​ទីក្រុង​​Virginia។​ ​ថ្វីត្បិត​តែ​ វា​ជា​មហាវិទ្យាល័យ​ចំណាស់​លំដាប់​ទី២ បន្ទាប់​ពី​ Harvard ប៉ុន្តែ​នៅ​តែ​មិនទាន់​មាន​ប្រព័ន្ធ​អប់រំ​ច្បាស់លាស់​នៅ​ឡើយ ដែល​ប្រការ​នេះ​ធ្វើ​ឲ្យ​ ជេហ្វហ្វឺសុន​ មាន​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​។

ចាប់អារម្មណ៍​លើ​ផ្នែក​ច្បាប់
​នៅពេល​សិក្សា​នៅ មហាវិទ្យាល័យ William និង​ Mary​នោះ​លោក​ ថូម៉ាស​ ជេហ្វហ្វឺសុន (Thomas Jefferson )​ ​បាន​ជួប​ជាមួយ​នឹង​ គ្រូ​ច្បាប់​ម្នាក់​ឈ្មោះ លោក​ George Wythe ។ ​ក្រោយមក​ ជេហ្វហ្វឺសុន​ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ផ្នែក​ច្បាប់​ បើ​ទោះបីជា​ពេល​នោះ ពុំ​មាន​សាលា​ច្បាប់​នៅ​ឡើយ​ ដូច្នេះ​ហើយ​ លោក​បាន​ព្យាយាម​អាន​សៀវភៅ​ច្បាប់​ជាច្រើន​ក្បាល​ ដើម្បី​អភិវឌ្ឍ​ខ្លួន​ទៅជា​ មេធាវី​។​

 

​​ក្រោយពី​បាន​អាន​សៀវភៅ​អស់​ជាច្រើន​​រួច​មក​ លោក​ក៏​បាន​សម្រេច​ចិត្ត​ចូល​ប្រឡង​ រហូត​បាន​ជាប់​ជាស្ថាពរ​។ នៅ​​ឆ្នាំ​​​ ១៧៦៧ ​លោក​ក៏បាន​​ឈានជើង​ចូល​ធ្វើការ​ក្នុង​វិស័យ​ច្បាប់​​ក្នុង​រដ្ឋ Virginia ​​ដោយ​ទទួល​បាន​ជោគជ័យ​យ៉ាង​ធំធេង​ ​ព្រោះ​បាន​ដោះស្រាយ​រឿង​ក្តី​ជាច្រើន​។

 

​​មាន​ស្នាដៃ​សរសេរ​​គោល​សំខាន់ៗ​នៃ​សេចក្តី​ប្រកាស​អំពី​ឯករាជ្យ​អាមេរិក​
​​​ដោយសារតែ​ មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ តាម​រយៈ​ការងារ​ផ្នែក​ច្បាប់​នោះ ​​លោក​ ថូម៉ាស​ ជេហ្វហ្វឺសុន​​ ​(Thomas Jefferson )​ ​ត្រូវ​បាន​គេ​ជ្រើសរើស​​ឲ្យ​ក្លាយជា​ ក្រុម​អ្នកជំនាញ​ដែល​ត្រូវ​ទទួល​បន្ទុក​ សរសេរ​គោល​សំខាន់ៗ​នៃ​សេចក្តី​ប្រកាស​អំពី​ឯករាជ្យ​​​របស់​អាមេរិក ​ដើម្បី​ឲ្យ​ប្រទេស​មួយ​នេះ​អាច​ដើរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន​ ​។ ដោយសារតែ​បែបនេះ​ហើយ​ បាន​ជា​គេ​ហៅ​រូបលោក​ថា ជា​បិតា​ស្ថាបនិក​របស់​សហរដ្ឋអាមេរិក​។

 

​ក្លាយជា​អភិបាល​រដ្ឋ Virginia
​​បន្ទាប់​ពី​សាង​ស្នាដៃ​ជាបន្តបន្ទាប់​​ ​លោក​ ថូម៉ាស​ ជេហ្វហ្វឺសុន​​ ​(Thomas Jefferson )​ ​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​អភិបាល​រដ្ឋVirginia នៅ ឆ្នាំ ​១៧៧៩ ស្រប​ពេល​ដែល​​កំពុង​បញ្ហា​សង្គ្រាម​បដិវត្ត។ ​បញ្ហា​កាន់តែ​ស្មុគស្មាញ​​ឡើង​ នៅពេល​ដែល​ចក្រភព​អង់គ្លេស​បាន​ចូល​ឈ្លានពាន​​រដ្ឋ Virginia​ នៅ​ក្នុង​ឆ្នាំ១៧៨១។ ​

 

ជាមួយ​គ្នា​នោះ ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ទៅលើ​រូបលោក​។ ដោយសារតែ​មាន​បញ្ហា​រិះគន់​យ៉ាងច្រើន​បែបនេះ​ហើយ ជេហ្វហ្វឺសុន​បាន​​សម្រេច​ចិត្ត​លាឈប់​ពី​មុខ​ដំណែង។ អ្វី​ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ ​ប្រពន្ធ​របស់​លោក​បាន​ស្លាប់​​នៅ​ឆ្នាំ ១៧៨២ ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ធ្លាក់​ចូល​ក្នុង​ភាព​អស់សង្ឃឹម​ខ្លាំង​។ ​ក្រោយ​មក លោក​ក៏​បាន​វិលត្រឡប់​​ទៅ​រស់​នៅ​ក្នុង​ជីវភាព​ជា មនុស្ស​សាមញ្ញ ​ដោយ​រីករាយ​ជាមួយ​នឹង​ ការ​ធ្វើ​ស្រែចម្ការ​ និង ការ​សរសេរ​សៀវភៅ​​ជាដើម​។

 

​ចូល​បម្រើ​ការងារ​វិញ​ ​ដោយ​​កាន់​តំណែង​មន្ត្រី​​ការទូត​នៅ​បារាំង​
​ក្រោយពី​​ឃ្លាតចាក​ឆ្ងាយ​​ពី​វិស័យ​នយោបាយ​មួយ​រយៈ​មក​ លោក ​ថូម៉ាស​ ជេហ្វហ្វឺសុន​​ ​(Thomas Jefferson )​ ​​ ​​បាន​ចូល​បម្រើ​ការងារ​វិញ​ ​ដោយ​ត្រូវ​បាន​គេ​​តែងតាំង​ជា​ មន្ត្រី​ការទូត​​ដើម្បី​បំពេញ​ការងារ​បន្ទាន់​នៅ​ប្រទេស​បារាំង​។ ​​បន្ទាប់​ពី​បំពេញ​ការងារ​នៅ​ប្រទេស​បារាំង​អស់​រយៈពេល​ជិត​​៥ ឆ្នាំ​ ថូម៉ាស​ ជេហ្វហ្វឺសុន​ក៏​វិលត្រឡប់​មកកាន់​អាមេរិក​វិញ​​នៅ​ឆ្នាំ​ ១៧៨៩​។ ​ ក្រោយ​មក ​លោក​ក៏​ត្រូវ​បាន​គេ​តែង​តាំង​ជា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​អាមេរិក​ដំបូង​​បំផុត​។

​ក្លាយជា​អនុ​ប្រធានាធិបតី និង ប្រធានាធិបតី​អាមេរិក​
​​​នៅ​ឆ្នាំ​ ១៧៩៧​ ​លោក​ត្រូវ​បាន​គេ​ជ្រើសតាំង​ជា​ អនុ​ប្រធានាធិបតី​របស់​អាមេរិក​​​ ដែល​កាលនោះ លោក ​John Adams គឺជា​ប្រធានាធិបតី​។​ ​ប៉ុន្តែ​​ទាំង​ប្រធានាធិបតី​ និង អនុ​ប្រធានាធិបតី​ហាក់ដូចជា មិនសូវ​បាន​ពិភាក្សា​បញ្ហា​ផ្សេងៗ​ច្រើន​នោះ​ឡើយ​។ ជាមួយ​នឹង​ស្ថានភាព​នេះ លោក ​ថូម៉ាស​ ជេហ្វហ្វឺសុន​​ ​(Thomas Jefferson )​ ​ហាក់​មិន​សូវ​មិន​សប្បាយ​ចិត្ត​នឹង​តំណែង​ដែល​​ជា​អនុ​ប្រធានាធិបតី​ឡើយ​។

​នៅ​ឆ្នាំ​ ១៨០០ ថូម៉ាស​ ជេហ្វហ្វឺសុន​បាន​សម្រេច​ចិត្ត​ឈរឈ្មោះ​​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី ហើយ​ក៏​ទទួល​ជ័យ​ជំនះ​ជា​ស្ថាពរ​។ តាំងពី​​ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ឆ្នាំ ១៨០១​មក ​លោក​បាន​ដើរ​លើ​ផ្លូវ​ត្រូវ​ ​ ​ដោយ​បាន​​ជួយ​ឲ្យ​អាមេរិក​​មាន​ការ​រីកចម្រើន​​ឆាប់រហ័ស​​​​។

​ជីវិត​ចុងក្រោយ
​​បន្ទាប់​ពី​បញ្ចប់​​តំណែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ១៨០៩​ ​លោក​ ថូម៉ាស​ ជេហ្វហ្វឺសុន​បាន​ត្រឡប់​ទៅកាន់​ស្រុកកំណើត​នៅ​រដ្ឋ Virginia​ វិញ​ ដោយ​រស់​នៅ​ក្នុង​ជីវភាព​ធម្មតា​។​ ​លោក​ក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន​ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង សង្គម​ជាតិ​ទាំង​មូល​។ ​​​​​​​​​​​​​​នៅ​​ថ្ងៃ​ទី ៤ ខែ កក្កដា ឆ្នាំ ១៨២៦ ​លោក​​ក៏​បាន​ទទួល​មរណភាព​៕

 
 

ហេតុ​អ្វី​បាន​ជា​​គេ​ចាត់​ទុក​ថា លោក​ George Washington គឺជា​មេដឹកនាំ​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក?

លោក George ​Washington​ ប្រធានាធិបតី​ទី១​របស់​អាមេរិក​ ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ថា ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​មួយ​រួប​នៅ​លើ​ពិភពលោក​ ហើយ​កេរ្តិ៍ឈ្មោះ​នេះ​មាន​ភាព​ល្បីល្បាញ​យ៉ាង​ខ្លាំង​​បើ​ទោះ​បី​ជា​ ​​លោក​បាន​ស្លាប់​អស់​រយៈពេល​ជាច្រើន​រយ​ឆ្នាំ​ហើយ​ក្តី។ នៅ​ថ្ងៃ​នេះ TheBNEWS សូម​​បន្ត​ពី​អន្ថបទ​​ថ្ងៃ​មុន​ដែល​​បាន​ចុះ​ផ្សាយ​អំពី​​យុទ្ធសាស្ត្រ​ឈ្នះៗ​របស់​ប្រធានាធិបតី​​រូប​នេះ។​

 

​​ជោគជ័យ​ក្នុង​ជីវិត​របស់​អតីត​ប្រធានាធិបតី​អាមេរិក​រូប​នេះ​ ​គឺ​កើតឡើង​ដោយសារ​ការ​ខិតខំ​ប្រឹង​ប្រែង​ ជាពិសេស​ក្នុង​ចលនា​មួយ​ដើម្បី​ ស្វែងរក​ឯករាជ្យ​ភាព​ដល់​អាមេរិក​​ និង ការដឹកនាំ​ប្រទេស​​​​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ទោះបីជា​​ជួប​ឧបសគ្គ​ច្រើន​ប៉ុណ្ណា​ក៏ដោយ​។​

 

ភាព​អស្ចារ្យ​របស់​លោក George Washington​ ត្រូវ​បាន​បង្ហាញ​តាមរយៈ​ការ​កាន់​តួនាទី​សំខាន់ៗ​ចំនួន​៣ ​ក្នុង​ពេល​រយៈ​កាល​ដំបូង​នៃ​ប្រវត្តិសាស្ត្រ​ប្រទេស​អាមេរិក​។ ទី១ លោក​គឺជា​ មេបញ្ជាការ​កងទ័ព​ទ្វីប​ ( Continental Army)។ ​ទី២ ​លោក គឺជា​ប្រធាន​សន្និបាត​រដ្ឋធម្មនុញ្ញ​ ( Constitutional Convention) និង ទី៣​ គឺជា​ ប្រធានាធិបតី​ដំបូង​របស់​សហរដ្ឋអាមេរិក​។​​

​​ក្នង​ចលនា​ប្រឆាំង​នឹង​អាណានិគមនិយម​​របស់​ចក្រភពអង់គ្លេស​លើ​រដ្ឋ​ចំនួន​១៣​នៃ​សហរដ្ឋអាមេរិក​ គឺ​ត្រូវការ​ការ​តស៊ូ​ និង កម្លាំង​ពលី​ជាច្រើន។​ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក Washington​ មិនដែល​រារែក​ចិត្ត​នោះ​ឡើយ​ ហើយ​បាន​ខិតខំ​គ្រប់បែបយ៉ាង​ទាំង​ធម៌​ក្តៅ និង ធម៌​ត្រជាក់​​​ ដើម្បី​​ឲ្យ​ចលនា​បដិវត្តន៍​ទទួល​បាន​ជោគជ័យ​លើ​ដែនដី​អាមេរិក​។

ក្នុង​ស្ថានភាព​នោះ ​អ្វី​ដែល​សំខាន់​​​ដែល​នាំ​ឲ្យ​លោក អាច​ដឹកនាំ​កងទ័ព​ក្នុង​សមរភូមិ​ដោយ​ទទួល​ជ័យ​ជំនះ​ជាបន្តបន្ទាប់​នោះ គឺ​ដោយសារ​ភាព​ជា​អ្នកដឹកនាំ​ដ៏​ឆ្លាតវៃ​។ ​ទាំង​យោធា និង ប្រជាពលរដ្ឋ​ពិតជា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​លើ​ លោក​ Washington​ ​ដូច្នេះ​ហើយ​បាន​ជា អ្វីៗ​ដំណើរការ​ទៅមុខ​បាន​យ៉ាង​រលូន​បើ​ទោះបីជា​​​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ក្តី​។​​​

 

មូលហេតុ​ដែល​ មាន​មនុស្ស​ជាច្រើន​បាន​គាំទ្រ​ខ្លាំង​គឺ​ដោយសារតែ​​ លោក​គឺជា​មនុស្ស​ម្នាក់​ដែល​ពូកែ​លើក​ហេតុផល​ ក្នុង​ការ​ធ្វើអ្វី​មួយ​​ដែល​ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ពេញចិត្ត​ និង ពិបាក​ក្នុង​ការ​ប្រកែក​​ ។​ ដោយសារតែ​ ភាព​ប៉ិនប្រសប់​​ក្នុង​​ដឹកនាំ​​ទ័ព​ និង មនុស្ស​ជុំវិញ​ខ្លួន​បែបនេះ​ហើយ​ បាន​ជា​​អាច​ទទួល​ជ័យ​ជំនះ​លើ​ ពួក​អាណានិគមនិយម​​អង់គ្លេស​ ហើយ​រដ្ឋ​ទាំង​១៣​នៅ​អាមេរិក​ក៏​ទទួល​បាន​ឯករាជ្យ​។​

 

​​​​បន្ទាប់ពី​ជួយ​ឲ្យ​រដ្ឋទាំង១៣ ទទួល​បាន​ឯករាជ្យ​ហើយ លោក​ក៏​បាន​ក្លាយ​ជា​ប្រធាន​សន្និបាត​រដ្ឋធម្មនុញ្ញ​។ ក្នុង​តំណែង​នេះ ​ក៏​មិន​ខុស​ពី​ពេលមុនៗ​ដែរ ពោល​គឺ​លោក​នៅ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ធ្វើការងារ​ ជាពិសេស​ភាព​ប៉ិនប្រសប់​ក្នុង​ការដឹកនាំ​ ធ្វើ​យ៉ាង​ណា​ក៏​ដើម្បី​ឲ្យ​សហរដ្ឋ​អាមេរិក​ ក្លាយ​ជា​ប្រទេស​ដ៏​មាន​រឹងមាំ និង អស្ចារ្យ​ក្នុង​លោក​។​

 

ក្រោយមក​ទៀត​ លោក​ក៏​ត្រូវ​គេ​បោះឆ្នោត​​​ជ្រើស​​តាំង​ជា​ ​ប្រធានាធិបតី​ដំបូង​របស់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ១៧៨៧ បើ​ទោះ​បី​ជា​រូបលោក​ហាក់ដូចជា​​ចង់​ធ្វើ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ក្តី។​ បន្ទាប់​ពី​បាន​ឡើង​កាន់​ដំណែង​ជា​ប្រធានាធិបតី​ហើយ សហរដ្ឋអាមេរិក​ទទួល​បាន​ការ​រីកចម្រើន និង សន្តិសុខ​គួរឲ្យ​កត់សម្គាល់។​​

 

លោក George Washington ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ក្នុង​ការ​កាត់បន្ថយ​បំណុល​របស់​ប្រទេស​ ហើយ​ព្យាយាម​សម្រួល​ដល់​ប្រជាជន​ក្នុង​ការ​ប្រកបរបរ​ និង ធ្វើជំនួញ​ផ្សេងៗ​។ លើស​ពី​នេះ​ទៀត​ លោក​ក៏​បាន​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​នឹង​ ​​ជនជាតិភាគតិច​ (ដែល​ជា​ជនជាតិ​ដើម​អាមេរិក​)​មួយ​ចំនួន​ផង​ដែរ ដើម្បី​ធានា​អំពី​សន្តិសុខ​ក្នុង​ប្រទេស​ទាំងមូល​។ ដោយសារតែ​ការ​ខិតខំ​ប្រឹងប្រែង​ ប្រកប​​ទៅ​ដោយ​ភាព​ឈ្លាសវៃ​បែបនេះ​ហើយ​បាន​ជា ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​អាច​ឈរជើង​មក​ដល់​សព្វថ្ងៃ​នេះ​មិន​ដែល​រង្គោះរង្គើ​​​ម្តង​ណា​មួយ​ឡើយ​ដល់​ស្ថាប័ន​កំពូល​ៗ​របស់​ខ្លួន​​​៕

 

មហា​​សេដ្ឋី​វ័យ​ក្មេង​​ជាង​គេ​ក្នុង​លោក​​ឆ្នាំ​២០១៥​ ​​​អាយុ​ក្រោម​​៤០​ឆ្នាំ​មាន​ ៤៦​នាក់​

ក្នុង​ចំណោម​មហាសេដ្ឋី​ប្រមាណ​ ​១៨២៦​​នាក់​​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​​ Forbes ​ឆ្នាំ​២០១៥​នេះ​ ​​មាន​ ៤៦​នាក់​មាន​​អាយុ​ក្រោម​ ៤០​ឆ្នាំ​ ​ហើយ​ជិត​ពាក់​កណ្ដាល​​​​នៃ​ចំនួន​មហាសេដ្ឋី​វ័យ​ក្មេង​ទាំង​នេះ​ គឺ​ជោគជ័យ​ក្នុង​វិស័យ​បច្ចេកវិទ្យា។

 

​​ក្លាយ​ជា​សេដ្ឋី​វ័យ​ក្មេង​មាន​ទ្រព្យ​​សម្បត្តិ​​​​​ខ្ទង់​ពាន់​លាន​ដុល្លារ​ ក្នុង​វ័យ​ក្រោម​ ៣០​ឆ្នាំ​​ មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ​ ប៉ុន្តែ​មហាសេដ្ឋី​​ក្មេង​ៗ​ទាំង​​នេះ​​ធ្វើ​បាន​រួច​​ទៅ​ហើយ។ ​​ក្នុង​នោះ​មាន​ដូច​ជា​ ​សហ​ស្ថាបនិក​ Snapchat ​លោក​ Evan Spiegel ​វ័យ​ ២៤​ឆ្នាំ និង​ Bobby Murphy វ័យ​ ២៥​ឆ្នាំ​​ជា​ដើម។

​​​ស្ថាបនិក​​ក្រុមហ៊ុន​ Snapchat ​​ទាំង​ពីរ​រូប​ខាង​លើ​ ​បាន​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​​វ័យ​ក្មេង​​ជាង​គេ​បំផុត​ក្នុង​បញ្ជី​ Forbes ដែល​ទើប​នឹង​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ​តាម​ការ​​វាយ​តម្លៃ​របស់​ក្រុម​​អ្នក​វិនិយោគ​ Snapchat ​មាន​​តម្លៃ​ប្រហែល​ ១០​ពាន់​លាន​ដុល្លារ​ ហើយ​ស្ថាបនិក​វ័យ​ក្មេង​ទាំង​ពីរ​យ៉ាង​ហោច​ណាស់​មាន​ភាគហ៊ុន​ ១៥%​ (១,៥​ពាន់​លាន​ដុល្លារ) ម្នាក់​ៗ​ដែរ។ ​​​

 

តាម​​ប្រភព​ដដែល ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​​​ក្នុង​ចំណោម​មហាសេដ្ឋី​វ័យ​ក្មេង​អាយុ​​ក្រោម​ ៤០​ឆ្នាំ​មាន​ ១៨​នាក់​ទើប​​នឹង​ជាប់​ឈ្មោះ​​នៅ​ក្នុង​បញ្ជី​ Forbes ​ឆ្នាំ​នេះ​​ ​​​ហើយ​ ២៧​នាក់​គឺ​បាន​ក្លាយ​ជា​មហាសេដ្ឋី​ដោយ​​រក​ស៊ី​ដោយ​ខ្លួន​ឯង​ ខណៈ​ ២០​នាក់​​រក​ស៊ី​ក្នុង​វិស័យ​បច្ចេកវិទ្យា។ 

ដោយ​ឡែក​ បើ​និយាយ​ពី​ស្ថាបនិក​ក្រុមហ៊ុន​ Facebook ​លោក​ Mark Zuckerberg ដែល​មាន​ក្លាយ​ជា​មហាសេដ្ឋី​មាន​​ទ្រព្យ​សម្បត្តិ​ខ្ទង់​ពាន់​លាន​​ដុល្លារ​​​ (billionaire) កាល​ពី​វ័យ​ ២៣​ឆ្នាំ​ បច្ចុប្បន្ន​មាន​ទ្រព្យ​សម្បត្តិ​​សរុប​ ៣៣,៤​ពាន់​លាន​ដុល្លារ​​ឈរ​នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​​លេខ​ ១៦​ក្នុង​លោក។

បើ​គេ​បូក​ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋី​វ័យ​ក្មេង​អាយុ​ក្រោម​ ៤០​ឆ្នាំ​ទាំង​ ៤៦​នាក់​ គឺ​មាន​ទំហំ​សរុប​ ១៥២,៨​ពាន់​លាន​ដុល្លារ​ ហើយ​បើ​គិត​ជា​មធ្យម​ម្នាក់​ៗ​មាន​ទ្រព្យ​សម្បត្តិ​​ ៣,៣​ពាន់​លាន​ដុល្លារ។​ ​ជិត​ពាក់​កណ្ដាល​​​នៃ​មហាសេដ្ឋី​វ័យ​ក្មេង​ទាំង​​នេះ​​ គឺ​​នៅ​សហរដ្ឋ​​អាមេរិក៕​​​​​​​

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1695
2202
4537639