jaukjeybanner

កម្ពុជា​បាន​នាំ​អង្ករ​ចេញ​កន្លះ​លាន​តោន ​តិច​ជាង​គម្រោង​ការ

កម្មករ​កំពុង​ផ្ទេរ​អង្ករ​ចេញ​ពី​ឡាន​មក​ដាក់​ក្នុង​ឃ្លាំង​នៅ​ក្រុម​ហ៊ុន​ AMRU Rice កន្លង​មក​។

ភ្នំពេញៈ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ​២០១៥ សម្រេច​បាន​តែ​ពាក់​កណ្តាល​នៃ​ផែនការ​ ១ ​លាន​តោន​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ ជាមួយ​នឹង​ការ​កើន​ឡើង​ជិត​៤០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៤។ នេះ​បើ​តាម​ទិន្នន័យ​ផ្លូវ​ការ​ពី​លេខាធិការដ្ឋាន ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ចេញ​កាល​ពី​ថ្ងៃ​សុក្រ ​ឲ្យ​ដឹង​ថា កម្ពុជា​នាំ​ចេញ​អង្ករ​បាន ៥៣៨ ៣៩៦ តោន​បើ​ធៀប​នឹង​ ៣៨៧ ០៦១ តោន​កាល​ពី​ឆ្នាំ​ ២០១៤ ដែល​កើន​ឡើង ​៣៩,១​ ភាគរយ។

កំណើន​នេះ​នាំ​មុខ​ដោយ​ប្រទេស​ចិន ដែល​មាន​ចំនួន ២១,៧ ​ភាគរយ និង​ ម៉ាឡេស៊ី ១០,២​ ភាគរយ ក្នុង​ចំណោម​ទិសដៅ​ឈាន​មុខ​គេ​ ១០។ ប្រភេទ​អង្ករ​នាំ​ចេញ​សំខាន់ៗ​គឺ​អង្ករ​ ផ្កា​ម្លិះ និង​អង្ករ​ក្រអូប ដែល​មាន​៥១​ភាគរយ ហើយ​បន្ទាប់​មក​អង្ករ​ស​មាន​ចំនួន​ ៤១,២​ភាគរយ។

តាម​របាយការណ៍ ក្រុមហ៊ុន​អេមរុ រ៉ាយស៍ (ខេមបូឌា) នាំ​មុខ​គេ​ក្នុង​ការ​នាំ​ចេញ​អង្ករ ដែល​បាន​រួម​ចំណែក​រហូត​ដល់ ១១,៣​ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប បន្ទាប់​មក​ក្រុមហ៊ុន​ខ្មែរ​ហ្វូត​ដែល​មាន​១០,៨​ភាគរយ។

ស្ថិរភាព​នយោបាយ និង​ការ​ខិតខំ​ធ្វើ​ការ​ងារ​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​សម្រាប់​ការ​ ស្វែងរក​ទីផ្សារ​ថ្មី​សម្រាប់​ការ​នាំ​ចេញ​អង្ករ បាន​ធ្វើ​ឲ្យ​កម្ពុជា​រក្សា​បាន​កំណើន​នាំ​ចេញ​អង្ករ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​លោក ហ៊ាន វណ្ណហន អគ្គនាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម។

លោក​លើក​ឡើង​ថា៖ «រដ្ឋាភិបាល​តែង​តែ​ស្វែងរក​ការ​ចរចា​ថ្មីៗ​សម្រាប់​កូតា​ថ្មី​ពី​ប្រទេស​ចិន ដែល​ជា​មូលហេតុ​សំខាន់​នៃ​ការ​កើន​ឡើង»។

ដើម្បី​បង្កើន​ការ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ចាំបាច់​ត្រូវ​ទទួល​ការ​វាយ​តម្លៃ​ដោយ​ក្រសួង​ កសិកម្ម​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​សមត្ថភាព​ម៉ាស៊ីន​កិន​ស្រូវ អនាម័យ និង​ភូត​គាម​អនាម័យ​ក្នុង​ការ​ធានា​ឲ្យ​ប្រាកដ​ពី​គុណភាព និង​សុវត្ថិភាព​ស្បៀង។

លោក​បន្ត​ថា៖ «វា​មាន​ការ​រឹត​បន្តឹង​ខ្លាំង​ក្នុង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន ដែល​តម្រូវ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​របស់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​សម្រាប់​ ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ដើម្បី​ធានា​ថា វា​បាន​ឆ្លើយ​តប​ទៅ​នឹង​លក្ខណ​វិនិច្ឆ័យ​របស់​ពួក​គេ និង​សមត្ថភាព​ក្នុង​ការ​នាំ​ចេញ គុណភាព និង​សុវត្ថិភាព​ស្បៀង»។

ប៉ុន្តែ​លោក​មិន​អាច​រំពឹង​បាន​ទេ​ថា​តើ​រដ្ឋាភិបាល​អាច​បង្កើន​កូតា​ បន្ថែម​ទៅ​ប្រទេស​ចិន​ឬ​អត់​ក្នុង​ឆ្នាំ​ ២០១៦ ព្រោះ​វា​ត្រូវ​ពឹង​លើ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ថា​តើ​អាច​ឆ្លើយ​តប​នឹង​ តម្រូវ​ការ​របស់​ពួក​គេ​ឬ​អត់?

លោក​ថ្លែង​ថា៖ «ប្រទេស​ចិន​មាន​សក្ដានុពល​ដ៏​សំខាន់​សម្រាប់​ទិសដៅ​នាំ​ចេញ​អង្ករ​សម្រាប់​កម្ពុជា»។

ទាក់​ទង​នឹង​ផល​ប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា វា​មាន​ផល​ប៉ះពាល់​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែ​វា​នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​សុវត្ថិភាព​ស្បៀង និង​ការ​នាំ​ចេញ​អង្ករ​នោះ​ទេ។

លោក ហ៊ាន វណ្ណហន បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​ ២០១៤ ដល់ ឆ្នាំ​ ២០១៥ កម្ពុជា​នៅ​មាន​ស្រូវ​៤​លាន​តោន​ក្នុង​ឃ្លាំង។

អ្នក​ជំនាញ​ខាង​កសិកម្ម​ថ្លែង​ថា តាម​រយៈ​របាយការណ៍​នេះ វា​អាច​បង្ហាញ​ថា ឧស្សាហកម្ម​អង្ករ​កំពុង​រក្សា​កំណើន​ជា​រៀង​រាល់​ឆ្នាំ ទោះ​បី​ជា ​វា​មិន​អាច​ឆ្លើយ​តប​នឹង​ផែន​ការ​របស់ រដ្ឋាភិបាល​ក៏​ដោយ។

លោក យ៉ង សាំងកុមារ អតីត​ប្រធាន​អង្គការ​កសិកម្ម សេដាក បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​ឆ្នាំ​ ២០១៦ នៅ​តែ​វិជ្ជមាន ប៉ុន្តែ​វា​នឹង​មិន​កើន​ឡើង​ច្រើន​ទេ។

លោក​លើក​ឡើង​ថា៖ «ទោះ​បី​ជា​យើង​មើល​ឃើញ​លទ្ធផល​វិជ្ជមាន​ក៏​ដោយ ក៏​សក្ដានុពល​ការ​នាំ​ចេញ​អង្ករ​នៅ​តែ​មាន​កម្រិត ដោយ​សារ​តែ​មិន​មាន​វិធានការ​ចំពោះ​ការ​ចំណាយ​លើ​ការ​ផលិត»។

លោក​បន្ត​ថា កសិករ​មិន​មាន​ដើម​ទុន ពួក​គេ​នៅ​តែ​ត្រូវ​បង់​ការ​ប្រាក់ ខណៈ​ការ​ដឹក​ជញ្ជូន និង​អគ្គិសនី​គឺ​នៅ​តែ​ជា​ឧបសគ្គ។

លោក​បញ្ជាក់​ថា៖ «ប្រព័ន្ធ​ធារា​សាស្ដ្រ និង​អ្នក​ជំនាញ​សម្រាប់​ជួយ​ដល់​កសិករ​ក្នុង​ការ​បង្ក​បង្កើន​ផល​ស្រូវ​នៅ​ តែ​មាន​កម្រិត កសិករ​ចំណាយ​ច្រើន ប៉ុន្តែ​ចំណេញ​តិច»។

បើ​តាម​លោក យ៉ង សាំងកុមារ សមាគម​កសិករ​នៅ​តែ​ចាំបាច់​ត្រូវ​បង្កើត​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​កសិករ និង​ការ​ស្វែងរក​របៀប​ថ្មី​នៃ​ការ​ស្ដុក​ស្រូវ​ទុក។

លោកស្រី ថេរ សុខា ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​ផ្សព្វផ្សាយ​ទីផ្សារ​នៅ​សហព័ន្ធ​ ស្រូវ​អង្ករ (CRF) បាន​ថ្លែង​ថា ទោះ​បី​ជា​លទ្ធផល​មិន​បាន​ឆ្លើយ​តប​នឹង​ទិសដៅ​ ១ ​លាន​តោន​ក៏​ដោយ ប៉ុន្តែ​វា​នៅ​តែ​មាន​ភាព​វិជ្ជមាន និង​ជា​សញ្ញា​មួយ​ដែល​នឹង​នាំ​ទៅ​រក​ការ​សម្រេច​បាន​ទៅ​តាម​ទិសដៅ កំណត់​នៅ​ពេល​អនាគត។

លោក​ស្រី​បន្ត​ថា៖ «ហើយ​ខ្ញុំ​សង្ឃឹម​ថា នៅ​ឆ្នាំ​នេះ​វា​នឹង​កើន​ឡើង​ជិត​ដល់​ទិសដៅ​កំណត់ ហើយ​តម្លៃ​អង្ករ​នឹង​កើន​ឡើង​ផង​ដែរ»៕

កម្លាំង​សាសនា​ធ្វើ​ឲ្យ​សង្គម​ជាតិ​រុងរឿង​នៅសម័យ​អង្គរ

សាសនា​ប្រៀប​ដូច​ជា​កង់​ម្ខាង​និង​ការ​ដឹកនាំ​រដ្ឋ​ក៏ដូច​ជា​កង់​ម្ខាង​ទៀត​នៃ​រថ​ដែល​បើក​បរ​ទៅ​មុខ​ឬ វិល​ស្រប​គ្នា​នៃ​ចក្រ​ទាំងពីរ មានដំណើរ​ការ​ល្អ​ ដោយ​មិន​អាច​វិល​ទៅមុខ​តាមរយៈ​កង់​តែ​ម្ខាង​នោះទេ។ យ៉ាង​ណា​មិញ​នៅ​សម័យ​អង្គរ​ដែល​ប្រវត្តិសាស្ត្រ​បាន​កត់ត្រា​ព្រមទាំងមាន​ភស្តុតាង​ជាក់ស្តែង​នៃការ​​រីកចម្រើន​ បន្សល់​ទុក​មក​ទល់​នឹង​បច្ចុប្បន្ន​គឺ មរតក​វប្បធម៌​នៃសាសនា​តែម្តង។ មិនថា​តែ​ត្រឹម​សម័យ​អង្គរ​នោះទេ​គឺ​ទាំង​សម័យ​ចេនឡា និង​បន្ត​តាំងពីសម័យ​អាណាចក្រ​នគរភ្នំ​មក​ក្នុង​សង្គម​ខ្មែរ​បានបន្សល់​ទុកនូវ​កេរ​មរតក​ខាងសាសនា​ជាច្រើន​ចាក់​ឫស​ក្នុង​សង្គមខ្មែរ​ដែលបានបង្ហាញ​រូប​ភាពពិតមកទល់​ពេលនេះ។ មរតកវប្បធម៌ទាំងនោះមាន​ដូចជា​ប្រាង្គប្រាសាទ​ ក្បាច់​ចម្លាក់​បដិមា ទេវរូប​ និង ទេវ​កថា​ នានា​យ៉ាង​ច្រើន​ដែលដូនតា​ខ្មែរ​បាន​តម្កល់​ទុក​ជាចំណង​ដៃ​ដល់​កូនចៅ​ខ្មែរ​គ្រប់​ជំនាន់​សិក្សា​ស្វែង​យល់​ អំពី​ចំណេះដឹង​និងការ​ច្នៃប្រឌិត​ របស់​បុព្វ​បុរស​។

ជា​ពិសេស​ឲ្យកូនចៅ​គ្រប់ជំនាន់​បាន​ដឹងនូវ វត្ថុ​បំណង​របស់​ដូនតា​អំពី​ជំនឿ​ទៅលើ​សាសនា​តែម្តង។ ទន្ទឹម​នេះផងដែរ ក៏គេ​បានដឹងថា ជំនឿ​ខាង​សាសនាជា​ជំនឿ​នៅក្នុង​ការ​គ្រប់​គ្រង​រដ្ឋដែល​ដឹកនាំ​ដោយ​ព្រះ​មហាក្សត្រ​ ហើយ​ដែលព្រះ​អង្គមាន​ការ​គាំទ្រ​និង​ទ្រទ្រង់​សាសនា​ យ៉ាង​មោះមុត ស្រប​ទៅតាម​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ​ពិតប្រាកដ។ ជា​ពិសេស​សំណង់​នៃ​ប្រាង្គប្រាសាទទាំង​អស់​នោះ​សុទ្ធ​សឹង​បង្ហាញ​ឲ្យ​ដឹងថា​ជាការ​ឧទ្ទិស​ថ្វាយ​ខាង​ព្រហ្ម​ញ្ញសាសនា​ និង​ខាងពុទ្ធ​សាសនា​ដែល​ប្រាង្គប្រាសាទ​ទាំងនោះ​គេចាត់​ទុក​ជាលំនៅ​ដ្ឋាន​ព្រះ​អាទិទេពឬជា​ព្រះវិហារតម្កល់​ព្រះពុទ្ធ​ប្ប​ដិមា​ និង​ព្រះ​ពោធិសត្វ​ជាដើម។ បន្ទាប់​ទៅនេះ​យើង​នឹង​បង្ហាញ​តែប្រាសាទ​២កន្លែង​ទេ​ដែល​បានបញ្ជាក់អំពី​កម្លាំង​មហា សាមគ្គីផ្ទៃ​ក្នុងរបស់​ជាតិ​ដ៏​រឹងមាំលើស​សម័យ​ណាៗ​ទាំង​អស់​គឺប្រាសាទបាយ័ននិងប្រាសាទ​នាគព័ន្ធក្នុងរជ្ជកាល​ព្រះបាទជ័យវរ្ម័នទី៧។

ចំពោះ​ការ​ទាក់​ទាញ ភ្ញៀវ​ ទស្សនា​ប្រាសាទ​បាយ័ន​ និងប្រសាទ​នាគព័ន្ធ​គេតែងយល់​ថាពិតជា​មានរូប​ភាពជាក់ស្តែងដែលជាឧត្តមគតិបុព្វបុរស​ទាញចេញពី​ទេវកថាមហា​បេសកម្មកូរសមុទ្ទទឹកដោះ​តែម្តង។ ដ្បិត​ទេវ កថានោះ​គេធ្លាប់​ឃើញ​តែ​តាម​ក្បាច់​ចម្លាក់​ថ្ម ជា​ផ្ទាំង​តូច​និង​ឃើញ​ចម្លាក់​ដ៏​ធំ​វែង​នៅ​ជញ្ជាំង​ប្រាសាទ​អង្គរ​វត្ត​ប៉ែកខាង​កើត​ចំហៀង​ខាង​ត្បូង។ ប៉ុន្តែ​ចំពោះ​រូបភាពពិត​និង​មានការ​បង្កប់នូវ​ប្រស្នា​អំពី​ការ​កូរសមុទ្ទ​នោះ​ដែរ​ ដូចជា​ចម្លាក់​យក្ស​និងទេវតា​ទាញ​ព្រ័ត្រ​នៅខាង​មុខ​ខ្លោង​ទ្វារ​ ប្រាសាទ​អង្គរធំ។ បាន​សេចក្តី​ថា បុព្វបុរស​បាន​ចាត់ទុកប្រាង្គ​កណ្តាលនៃ​ប្រាសាទបាយ័នជាភ្នំ​មន្ទរៈ តម្កល់​លើ​អណ្តើកកុម៌ៈ​ ហើយ​ដែលប្រាង្គ​ប្រាសាទ​នោះ​តម្កល់​ព្រះពុទ្ធ​រូប​ប្រៀបបាននឹង​ទឹក​អម្រឹត​នៃ​មនុស្ស​ជាតិ​ដើម្បី​ឆ្ពោះ​ទៅកាន់​ឋានបរមសុខ។ ចំណែក​ឯប្រាសាទ​នាគព័ន្ធ​វិញ​នោះ​តាមរយៈ​នាគមួយ​គូ​ឆ្វាយ​កង​ជារង្វេល​ធ្វើ​ជា​កំណល់​នៃ​ប្រាង្គប្រាសាទ​នោះ​បានឧទ្ទិស​ថ្វាយ​ព្រះពុទ្ធ​សាសនា ដែល​គេឃើញ​បដិមា​ព្រះពោធិសត្វ​​លោកេស្វរៈ​ ជាអ្នក​ទ្រទ្រង់​និង​ថែរក្សា​ប្រាសាទ។ ចំណែក​ឯទឹក​មន្ត​ដែល​ហូរ​ចេញ​តាម​ទិស​ទាំង​៤​នោះ​ហើយ​ដែល​គេ​ប្រៀប​ប្រដូច​ជាទឹក​អម្រឹត។ សរុប​សេចក្តី​មក​ទស្សនៈ​សំយោគ​នៃ​សាសនា​ធំ​ទាំងពីរ​បាន​រួបរួម​បញ្ចូលក្នុង​សំណាក់​វប្បធម៌​នៃ​ប្រាសាទ​បាយ័ន​ និងប្រាសាទ​ នាគព័ន្ធ​នោះ​ជាសក្ខីភាព​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងឥត​ប្រកែក​បានថា​ជាកម្លាំង​មហា​សាមគ្គី​ភាព​ក្នុងសង្គម​ខ្មែរ​ដ៏រឹងមាំ។ បាន​សេចក្តីថា សាសនា​ផ្តល់​កម្លាំង​ដល់​រដ្ឋ​ និង រដ្ឋ​ផ្តល់​កម្លាំង​ដល់សាសនា​ក្នុងការ​ធានាបាន​អំពី​វឌ្ឍនភាព​និងវិបុលភាព​សង្គមដ៏ប្រើសើរ៕ 

ពលរដ្ឋ​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ផុស​ពី​ស្រះ​ទឹក​

កំពង់ធំៈ រូបបដិមា​មួយ​អង្គ​ទម្ងន់​ប្រមាណ​ជា​ ១០០ ​គីឡូក្រាម​​ដែល​ធ្វើ​ពី​ស្ពាន់​ត្រូវ​បាន​ប្រជា​ពលរដ្ឋ និង​ព្រះសង្ឃ​បាន​រក​ឃើញ​ក្នុង​ទឹក​ស្រះ​ក្នុង​វត្ត​ក្តី​ដើម ស្ថិត​ក្នុង​ឃុំកំពង់​ចិន​ត្បូង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​សប្តាហ៍មុន​ ហើយ​ប្រជាពលរដ្ឋ​នឹង​រៀប​ចំ​ធ្វើ​ពិ​ធី​បុណ្យ​សុំ​សេចក្តី​សុខ​ពី​រូប​បដិ​ មា​មួយ​អង្គនេះ​រយៈ​ពេល​ ២ យប់ ​៣ ​ថ្ងៃ។

លោក​តាំង ឆេង​នឿន ប្រធាន​ផ្នែក​សន្តិសុខ​ស្រុក​ស្ទោង​ បាន​និយាយថា រូប​បដិមា​មួយ​អង្គ​នេះ​កំពុង​តែ​តម្កល់​នៅ​ក្នុង​វត្ត​ក្តី​ដើម​ដែល​ជា​ កន្លែង​ត្រូវ​បាន​រក​ឃើញ ប៉ុន្តែ​លោក​ក៏​មិន​ដឹង​ដែរ​ថា តើ​ខាង​ស្ថាប័ន​ពាក់​ព័ន្ធ​នឹង​យក​វា​ទៅ​​ដាក់​នៅ​កន្លែង​ផ្សេង​ឬយ៉ាង​ណា​ទេ ​?

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «រូប​នេះ​មាន​កម្ពស់​ ១ ម៉ែត្រ​កន្លះ និង​ទម្ងន់​ប្រហែលជា​ ១០០ គីឡូ​ក្រាម​ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​វា​មាន​អាយុ​ប៉ុន្មាន​នោះទេ។ ខ្ញុំ​មិន​ទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​នៅ​ឡើយ​ទេ​ថា វាជា​រូប​ដែល​សល់​ពី​យូរយារ​មក​ហើយ ឬ​មាន​អ្នក​ណា​ម្នាក់​យក​មក​ពី​ណា​រួច​មក​ទម្លាក់​ក្នុង​ស្រះ​នេះ​ទេ ដោយ​សារ​តែ​កន្លង​មក​យើង​បាន​ធ្វើ​ការ​ជីក​ស្តារ​ស្រះ​នេះ​ពីរ​ដង​មក​ហើយ ប៉ុន្តែ​មិន​ដែល​បាន​ជួប​ប្រទះ​រូប​នេះ​សោះ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​អ្នក​ស្រុក​ប្រាប់​លោក​គឺ​ មុន​ពេល​រក​ឃើញ​រូប​បដិមា​នេះ មាន​អ្នក​យល់​សប្តិ​ឃើញ​ថា​មាន​រូប​នេះ​ក្នុង​ស្រះ។ ដូច​នេះ​​អ្នក​​ស្រុកនិង​ព្រះ​សង្ឃបាន​ធ្វើ​ពិ​ធី​បន់​ស្រន់​រួច​ក៏​បាន​រក​ ឃើញ​រូប​បដិ​មា​នេះ​តែ​ម្តង។

លោក​តាំង ឆេងនឿន ​បាន​បន្ត​ទៀត​ថា៖ «តាម​គំនិត​ខ្ញុំ​ផ្ទាល់​គឺ​រូប​នេះ​ទើប​តែ​ធ្វើ​ទេ មិន​មែន​ជា​របស់​បុរាណទេ ប៉ុន្តែ​ខ្ញុំមិន​ទាន់​សន្និដ្ឋាន​ច្បាស់​នៅ​ឡើយទេ»។

លោក​គង់ ប៊ុន​ហេង នាយ​ប៉ុស្តិ៍​កំពង់​ចិន​ត្បូង បាន​និយាយ​ខុសពី​លោក​តាំង ឆេងនឿន ពី​ការ​រក​ឃើញ​រូបនេះ​ថា​ ​មានព្រះ​សង្ឃ​ចាស់ៗនៅ​ក្នុង​វត្ត​នេះពី​ដើម​ឡើយ​បាន​យក​អីវ៉ាន់​ដាក់​ក្នុង ​ស្រះ ហើយ​បាន​ផ្តាំ​ផ្ញើ​លោក​​ក្រោយៗ​ថា បើ​មាន​ធ្វើ​ពិធី​បុណ្យ​រំឭក​អ្វី​មួយ​ដល់​វត្ត​នេះ​​ត្រូវ​យក​របស់​ក្នុង​ ស្រះ​មក​ធ្វើ​ផង​។

លោក​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ចន្ទ​នេះ​ ចៅ​អធិការ​វត្ត​ មាន​រៀប​ចំពិ​ធី​បុណ្យ​មួយ​ក្នុង​វត្ត​ រួច​ក៏​នាំ​គ្នា​នឹក​ឃើញ​ពី​បណ្តាំ​របស់​ព្រះ​សង្ឃ​មុន​ៗ​ក៏​នាំ​គ្នា​ធ្វើ​ ពិធី​បន់​ស្រន់​រក​របស់​ដែល​លោក​បាន​លាក់​ទុក​ជា​ច្រើន​ឆ្នាំ​ តាំង​ពី​សម័យ​ឥស្សរៈ​មក​ម្ល៉េះ។

លោក​បាន​និយាយ​ទៀត​ថា៖«​កាល​ពី​ថ្ងៃ​សុក្រ ពុទ្ធបរិស័ទ និង​ព្រះ​សង្ឃ​បាន​នាំគ្នា​ធ្វើ​ពិធី​បែបន់​សុំ​ឲ្យ​រក​ឃើញ​របស់​ដែល​បាន​ លាក់​ទុក ដោយ​បាន​បួង​សួង​ដោយ​ដាក់​ចាន​ដែក​បណ្តែត​លើ​ទឹក​ព្រោះ​ទឹក​ស្រះ​នោះ​ជ្រៅ​ ដោយ​និយាយថា​បើ​របស់​នោះ​នៅ​កន្លែង​ណា​ សុំ​ឲ្យ​ចាន​ដែក​នោះ​វិល​នៅ​កន្លែង​នោះ។ ពេល​នោះ​ចាន​ដែក​នោះ​បាន​វិល​ចុះ​វិល​ឡើង រួច​លោក​សង្ឃ​ពីរ​អង្គ​ក៏​បាន​ចុះ​ទៅ​កន្លែង​វិល​នោះ រួច​ក៏បាន​ប៉ះ​នឹង​រូប​បដិមា​នោះ​តែ​ម្តង​»។

លោក​ស៊ឹម សាវិន ប្រធាន​ការិយា​ល័យ​ធម្មការ និង​សាសនា​ស្រុក​ ស្ទោង ​បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញថា គណៈកម្មការ អាជ្ញាធរ និង​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​ចុះ​មក​ធ្វើ​ការ​ពិនិត្យ​រូប​បដិមា​នេះ ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើ​ការ​សម្រេច​នៅ​ឡើយ​ទេ​ថា​​តើ​ត្រូវ​យក​ទៅ​ដាក់​ នៅ​សារមន្ទីរ ឬ​ដាក់​នៅ​ក្នុង​វត្ត​នេះ​ដដែល។

លោក​បាន​ថ្លែងថា៖ «​ពួក​គេ​នឹង​ធ្វើ​ការ​ពិភាក្សា​គ្នា​ទៀត ប្រសិន​បើ​ពិនិត្យ​ឃើញថា​វា​ជា​រូប​ដែល​អាច​ចាត់ចូល​ជា​បេតិកភណ្ឌ​នោះ គឺ​នឹង​ត្រូវ​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​សារមន្ទីរ ឬកន្លែង​ណាមួយ​ដែល​ល្អ ប៉ុន្តែ​បើ​រក​ឃើញ​ថា​ជា​រូប​ធម្មតា​ទេនោះ គឺ​រក្សា​ទុក​នៅ​ក្នុង​វត្ត​នេះ​ដដែល»។

លោក​បាន​និយាយ​ប្រាប់​បន្ត​ទៀត​ថា ខាង​មន្ទីរវប្ប​ធម៌ និង​បុរាណ​វិទូ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ថា រូប​នេះ​មិន​មែន​ជា​របស់​មាន​អាយុ​រាប់​រយ​ឆ្នាំ​នោះទេ តែ​វា​ប្រហែល​ជា​ក្នុង​ទសវត្សរ៍​ទី​ ៥០ ឬ​ ៦០ ​ ដែល​អ្នក​ខ្លះ​ហៅ​ថា​ជា​ទេវរូប និង​អ្នក​ខ្លះថា មហាទេព ដែល​ប្រជាពល​រដ្ឋ​និយម​ដង្ហែ​រូប​នេះ​សុំ​សេចក្តី​សុខ​ក្នុង​ភូមិ​ស្រុក។

លោក​ បានបន្ថែមថា៖ «រូ​បនេះ​មិន​ទាន់​មាន​ការ​បាក់​បែក​ទេ គឺ​នៅ​មាន​រូប​រាង​ស្អាតនៅ​ឡើយ ​យើង​នឹង​រៀប​ចំពិ​ធី​បុណ្យ​ឆ្លង និង​អភិសេក​រូប​នេះ​សុំ​សេចក្តី​សុខ​សេច​ក្តី​ចម្រើន​ចំនួន​ ២ ​យប់​ ៣ ​ថ្ងៃ​»៕

ដូនចាស់​វ័យ​ ១១០ ​ឆ្នាំ ទំនង​ជា​មនុស្ស​អាយុវែង​ជាងគេ​នៅ​កម្ពុជា

ដំណើរ​ជីវិត​ឆ្លងកាត់​ជាច្រើន​ជំនាន់​តាំងពី​មុន​សម័យ​សង្គ្រាម​លោក​លើក​ ទី​១ បន្ដ​មក​សម័យ​អាណានិគម​និយម​បារាំង និង​របប​វាល​ពិឃាត​ខ្មែរ​ក្រហម ព្រមទាំង​រយៈពេល​ជិត​៤០​ឆ្នាំ​នេះ ស្ដ្រី​ចំណាស់​ស្បែក​ជ្រីវជ្រួញ​អាយុ​លើស​ពី​ការ​កំណត់​វត្ថុ​បុរាណ​ទៅ​ហើយ​ នោះ​បាន​ស្គាល់​បទពិសោធ​ជីវិត​គ្រប់​រសជាតិ​ចាប់ពី​ភាព​ផ្អែមល្ហែម​និង​ ល្វីង​ជូរចត់ រក​អ្វី​មក​ប្រៀប​ប្រដូច​ពុំ​បាន​ឡើយ​។

ដូនចាស់ ញិ ប្លៀន វ័យ​១១០​ឆ្នាំ មាន​កំណើត​ជា​ជនជាតិ​ព្រៅ ជ្រក​ក្រោម​ដំបូល​ខ្ទម ប្រក់​ស្បូវ​ធ្លុះ​ធ្លាយលេច​មុខ​លេច​ក្រោយ​រង​ការ​រងា​ពេល​មាន​ភ្លៀង​ធ្លាក់ ​ស្ទើរ​គ្មាន​កន្លែង​ដេក ជញ្ជាំង​បន្ទះ​ឫស្សី ទំហំ​ទទឹង​២​ម៉ែត្រ និង​បណ្តោយ ៣​ម៉ែត្រ បាន​តស៊ូ​រស់​ដល់​បច្ចុប្បន្ន ជាមួយ​ចៅស្រី​ម្នាក់​មាន​វ័យ​ប្រហែល​៣០​ឆ្នាំ បន្ទាប់ពី​ស្វាមី​បាន​ស្លាប់​នៅ​សម័យ​រដ្ឋប្រហារ លន់ នល់ មក​។

លោក​យាយ ញិ ប្លៀន រស់​នៅក្នុង​ភូមិ​តាវែង ឃុំ​តាវែង​លើ ស្រុក​តាវែង ខេត្ត​រតនគិរី ជា​ដែនដី​តំបន់​ដាច់​ស្រយាល ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ចម្ងាយ​ប្រមាណ​ ៦៣៦ គីឡូម៉ែត្រ បើ​ផ្ដើម​ដំណើរ​ចេញ​ពី​ភ្នំពេញ​ទៅ​។

បើ​គិត​អំពី​អាយុកាល​ខ្ទង់​រយ​របស់​លោកយាយ ប្លៀន នោះ យើង​អាច​ធ្វើការ​ប៉ាន់ស្មាន​ថា ប្រហែល​ជា​មាន​តែ​លោកយាយ​ទេ​ដែល​មាន​អាយុ​វែង​ជាង​គេ​នៅ​ប្រទេស​ខ្មែរ​នា​ ពេល​បច្ចុប្បន្ន ខណៈ​យើង​ក៏​មិនទាន់​មាន​ស្ថិតិ​ពី​ទិន្នន័យ​ណា​មួយ​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​វ័យ​លើស​ពី ១០០​ឆ្នាំ​ប៉ុន្មាន​នាក់​នៅ​ឡើយ។

ដំណឹង​ស្រ្តី​ចំណាស់​ជនជាតិ​ព្រៅ ដែល​រស់នៅ​ដែនដី​នៃ​ខេត្ត​ដាច់ស្រយាល​របស់​កម្ពុជា​នេះ ក៏​បាន​បង្កើត​ឲ្យ​មាន​ការ​ចោទសួរ​គ្នា​ពី​ប្រិយមិត្ត​នៃ​បណ្តាញ​ទំនាក់ទំនង ​សង្គម​ហ្វេសប៊ុក​ថា តើ​អាយុកាល​១១០​ឆ្នាំ​របស់​គាត់​នេះ​ពិត​ដែរ​ឬទេ? ម៉េច​ក៏​អាយុ​វែង​ម្ល៉េះ​? រីឯ​អ្នក​ខ្លះ​ថា ពិត ពីព្រោះ​ប្រសិន​បើ​យើង​ផ្អែក​តាមរូប​រាង​ខាង​ក្រៅ និង​សភាព​ជរា​ទ្រុឌទ្រោម ដើរ​លែង​រួច ដោយ​គ្រាន់តែ​អង្គុយ​នៅ​មួយ​កន្លែង និង​ស្បែក​ជ្រីវជ្រួញ​របស់​គាត់​នោះ។

បើ​តាម​ការ​រៀបរាប់​ពី​សំណាក់​លោកមេភូមិ លោក​អធិការ​ស្រុក និង​លោក វេង ឡេងណា ជា​តំណាង​ភ្នាក់ងារ​ស្ម័គ្រចិត្ត​នៃ​អង្គការ​សប្បុរសធម៌​មួយ​ដែល​ទើប​នឹង​ បាន​នាំ​យក​នូវ​អំណោយ​ជា​គ្រឿង​បរិភោគ និង​ថវិកា​មួយ​ចំនួន​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ បាន​បញ្ជាក់ និង​បាន​ឃើញ​ពី​សភាព​រស់នៅ​ដ៏លំបាក​របស់​លោកយាយ​ពិត​មែន។

លោក អាំង ភឿក អធិការ​នគរបាល​ស្រុក​តាវែង បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ស្រ្តីជរា​នេះ​មាន​ឈ្មោះ ញិ ប្លៀន ជា​ជនជាតិ​ព្រៅ អាយុ​១១០​ឆ្នាំ ស្វាមី​ស្លាប់​តាំងពី​ជំនាន់ លន់ នល់ មក​ម្ល៉េះ​។ ពេល​នេះ​លោកយាយ​កំពុង​រស់នៅ​ជាមួយ​ចៅស្រី​ក្នុង​ភូមិ​តាវែង​លើ​នេះ​ឯង។ រាល់​ថ្ងៃ​គាត់​មាន​សភាព​ចាស់ជរា​ខ្លាំង​ណាស់​ទៅ​ហើយ ដោយ​មាន​ចៅស្រី​ជា​អ្នក​មើលថែទាំ ទោះបី​ជា​ជីវភាព​ចៅស្រី​គាត់​ខ្វះខាត​យ៉ាប់យ៉ឺន​យ៉ាង​ណា​ក្តី»។

តំណាង​ភ្នាក់ងារ​ស្ម័គ្រចិត្ដ លោក វេង ឡេងណា បាន​បញ្ជាក់​ពី​ស្ថានភាព​រស់នៅ​ដ៏ដុនដាប​របស់​ដូនចាស់​ប្រសូត​ក្នុង​ឆ្នាំ​ ប្រមាណ​ ១៩០៤ ថា៖ «​ស្ថានភាព​របស់​លោកយាយ​ពិតជា​លំបាក​មែន បន្ទាប់ពី​ខ្ញុំ​បាន​ឮដំណឹង និង​ដឹង​ទីកន្លែង​កំណើត​ភូមិឋាន​គាត់​ច្បាស់​មក​ក៏​នាំ​យក​នូវ​អំណោយ​ សប្បុរសធម៌​ដែល​ជា​គ្រឿង​ឧបភោគ និង​បរិភោគ​មួយ​ចំនួន រួមមាន អង្ករ ត្រីងៀត ត្រីខ ស្ករ ប៊ីចេង ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិកា​២០​ម៉ឺន​រៀល កាលពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៥​»។

ដោយឡែក​តាមរយៈ​លោក វេង ឡេងណា លោក​អធិការនគរបាល​ស្រុក​តាវែង ក៏​ដូចជា​ប្រជាជន​រស់​នៅ​ភូមិ​តាវែង​លើ បាន​ស្នើសុំ និង​អំពាវនាវ​ដល់​បណ្តា​អង្គការ​សប្បុរសធម៌ និង​អាជ្ញាធរ​ថ្នាក់​លើ​ឲ្យ​ជួយ​ដល់​លោកយាយ ប្លៀន ដែល​មាន​វ័យ​១១០​ឆ្នាំ ដែល​នៅ​បង្ហាញ​ស្នាមញញឹម​យ៉ាង​កក់ក្ដៅ​កំពុង​រស់នៅ​យ៉ាង​លំបាកលំបិន​នេះ​ផង ជាពិសេស​ខាង​កាកបាទក្រហម​កម្ពុជា សូម​មេត្តា​ជួយ​ដល់​គាត់​ផង៕

ជំនាន់​មុន ស្ថាបត្យករ ពិបាក​រកប្រពន្ធ​ជាង​វិស្វករ​សំណង់

ភ្នំពេញ៖ លោក​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ១៩២៦ នៅក្នុង​ខេត្តកំពត ហើយ​នៅ​ឆ្នាំ២០១៥នេះ លោក​មាន​អាយុ៨៩ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សិស្ស​ទី១ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ ឆ្នាំ១៩៤៤ ។ នៅ​ឆ្នាំ១៩៤៧-១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង។ នៅ​ជំនាន់​នោះ កម្ពុជា​គ្មាន​ស្ថាបត្យករ​ច្រើន​ទេ ហើយ​ប្រជាជន​ទូទៅ​ក៏​មិនសូវ​ស្គាល់​អាជីព​នេះដែរ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​ជំនាន់​នោះ ស្ថាបត្យករ ពិបាក​រកប្រពន្ធ​ជាង​វិស្វករ​សំណង់។

នៅក្នុង​បទសម្ភាសន៍​ចុះផ្សាយ​កាលពីដើមឆ្នាំ២០០០ នៅក្នុង​សៀវភៅ​ដែលមាន​ចំណងជើង​ថា៖«ខ្មែរ​ប្រឈម​នឹង​វប្បធម៌» លោក វណ្ណ ម៉ូលីវណ្ណ បាន​រម្លឹក​អតីតកាល​ថា កាលពី​ជំនាន់​លោក​សិក្សា​ជំនាញ​ស្ថាបត្យកម្ម ពលរដ្ឋ​ខ្មែរ មិនសូវ​ស្គាល់​ជំនាញ​នេះ​ទេ។ កាលនោះ គេ​ពេញនិយម​តែ​ជំនាញ​វិស្វករ។

លោក វណ្ណ ម៉ូលីវណ្ណ បាន​បន្តទៀតថា ពលរដ្ឋ​ខ្មែរ​គិត​ស្មានថា ស្ថាបត្យករ គឺជា​ជាងគំនូរ។ លោក​បានបញ្ជាក់​នៅក្នុង​បទសម្ភាសន៍​ដដែល​នោះ​ថា៖«គេ​ស្រឡាញ់ គេ​និយម គេ​គោរព​តែ​ជាងសំណង់(វិស្វករ​សំណង់)ទេ។ ពេល​រកប្រពន្ធ​ស្ថាបត្យករ ត្រូវ​រកប្រពន្ធ​ដោយ​ខ្លួនឯង ព្រោះ គេ​មិនអោយ​កូន​គេ​ទេ គេ​អោយទៅ​ពួក​វិស្វករ​សំណង់»។

លោក វណ្ណ ម៉ូលីវណ្ណ បានអោយដឹង​តាមរយៈ​បទ​សម្ភា​ន៍​នោះ​ទៀតថា ដោយសារតែ​ស្រុក​ខ្មែរ​មិន​ស្គាល់​ជំនាញ​ស្ថាបត្យកម្ម ដូច្នេះ លោក​បាន​ខិតខំ​ប្រឹងប្រែង និង​ចង់បង្ហាញ​អោយគេ​ឃើញថា ស្ថាបត្យករ​មិន​ត្រឹមតែ​ចេះ​គូរ​ទេ តែ​ចេះ​សង់​បន្ថែមទៀត។

«ខ្ញុំ​ចង់អោយ​ពួកយើង​សាងសង់​អគារថ្មីៗរៀន​ពី​អតីតកាល ដូច​ជនជាតិ​អាល្លឺម៉ង់ ដែល​បានធ្វើអោយ​ស្ថាបត្យកម្ម​បុរាណ និង​សម័យ​រួមបញ្ចូល​គ្នា»។ នេះ​គឺជា​ឱវាទ​របស់លោក វណ្ណ ម៉ូលីវណ្ណ អត្ថាធិប្បាយ​នៅក្នុង​សៀវភៅ​ដែលមាន​ចំណងជើង​ថា«ស្នាដៃ​ស្ថាបនិក​សតវត្សរ៍​ ទី២០»។

ស្ថាបត្យករ​ឯកនៃ​ប្រទេស​កម្ពុជា​រូបនេះ​បាន​រម្លឹកថា តាំងពី​សង្គ្រាមលោកលើកទី២ ប្រទេស​បារាំង​បាន​បង្កើត​ស្ថាបត្យកម្ម​បុរាណ​ទំនើប​លើ​ស្ថាបត្យកម្ម​ដែល​ បន្សល់ទុក​ពី​សង្គ្រាម។ ជនជាតិ​អាល្លឺម៉ង់ បាន​ជួសជុល​ព្រះវិហារ​ដែល​ត្រូវបាន​បំផ្លាញ​ក្នុងពេល​សង្គ្រាម ដោយ​សាងសង់​ឡើងវិញ​ដូចដើម។

លោក វណ្ណ ម៉ូលីវណ្ណ ដែលមាន​អាយុ៨៩ឆ្នាំ​នៅ​ឆ្នាំ២០១៥នេះ បាន​និយាយថា៖«ខ្ញុំ​សង្ឃឹមថា កូនចៅ​ជំនាន់​ក្រោយ​នឹង​ខិតខំ​រក​គំនិត​ថ្មី ការឆ្នៃប្រឌិត​ថ្មី និង​បន្ថែម​លើ​សម័យបុរាណ»។ លោក​បាន​បន្តទៀតថា៖«ស្ថាបត្យកម្ម​នៅ​កម្ពុជា​ដែល​សាងសង់​ដោយ​ជនបរទេស​មិន​ ប្រាកដថា​ត្រឹមត្រូវ​ទេ។ ខ្មែរ​គួរ​ខិតខំ​បង្កើត​ដោយ​ខ្លួនឯង​នូវ​អ្វីដែល​សម័យអង្គរ​បាន​បន្សល់ទុក»។

ស្ថិតក្នុង​វ័យ៨៩ឆ្នាំ បច្ចុប្បន្ន លោក វណ្ណ ម៉ូលីវណ្ណ កំពុង​រស់នៅ​ខេត្ត​សៀម​រាម ទីក្រុង​ប្រាសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ពី​ទីក្រុង​ភ្នំពេញ(ទីក្រុង​ទន្លេ) ទៅ​រស់នៅ​ទីក្រុង​ប្រាសាទ​កាលពី​ខែកក្កដា​ឆ្នាំ២០១៤កន្លងមក។ លោក​បាន​ថ្លែងថា លោក​ចង់​រស់នៅ​ទីក្រុង​សៀម​រាម​ជាង​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​លោក​មិនបាន​ប្រាប់​ពី​មូលហេតុ​លម្អិត​នោះទេ។

នៅក្នុង​ទស្សនៈវិស័យ​របស់លោក​នៅក្នុង​សៀវភៅ«ស្នាដៃ​ស្ថាបនិក​សតវត្សរ៍​ ទី២០»ដដែល លោក វណ្ណ ម៉ូលីវណ្ណ បានលើកឡើង​របៀប​ជា​សំណួរ​ថា៖«ខ្ញុំ​មិនដឹងថា អ្នកជំនាន់ក្រោយ​របស់​ខ្ញុំ នឹង​អាចធ្វើអោយ​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ឬ​យ៉ាងណា​នោះទេ។ យើង​ត្រូវការ​គំនិត​ថ្មី និង​អោយមាន​ការផ្លាស់ប្តូរ​គ្រប់យ៉ាង ដោយ​មិន​ត្រាប់​តាម​អ្វីដែល​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​បាន​បំ​ផ្លិ​ញ​ បំផ្លាញ»។ លោក​បាន​បន្ថែមទៀតថា៖«ត្រូវ​ថែរក្សា​សំណង់​បុរាណ​អោយបាន​គង់វង្ស និង​សង់​ថ្មី​បន្ថែម​អោយបាន​ច្រើន​ទៀត»។

ក្នុង​បទ​សម្ភា​ន៍​ជាមួយ​សារព័ត៌មានថ្មីៗកាលពី​ថ្ងៃ​ចន្ទ​ទី៥ខែមករា​ ឆ្នាំ២០១៥កន្លងមក នៅក្នុង​ទីក្រុង​សៀមរាប​អង្គរ លោក វណ្ណ ម៉ូលីវណ្ណ បានបញ្ជាក់​ជំហរ​របស់លោក​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​ខ្មែរ ខ្ញុំ​ធ្លាប់​រស់នៅ​ក្នុងផ្ទះ​ឈើ ប្រក់​ក្បឿង ដូច្នេះ ខ្ញុំ​ត្រូវតែ​ស្រឡាញ់​របស់​ហ្នឹង។ ខ្ញុំ​កើត​ក្នុង​អត្តសញ្ញាណ​ខ្មែរ ដូច្នេះ ខ្ញុំ​ត្រូវតែ​រក្សា​អត្តសញ្ញាណ​របស់​ខ្មែរ​ក្នុង​ស្ថាបត្យកម្ម​រហូតដល់​ ជីវិតចុងក្រោយ​របស់ខ្ញុំ»។

អង្គុយ​នៅលើ​កៅអី​សាមញ្ញ​ក្នុងផ្ទះ​រចនាបទ​ខ្មែរ​នៅក្នុង​ខេត្តសៀមរាប លោក វណ្ណ ម៉ូលីវណ្ណ បានស្នើ​ដល់​ស្ថាបត្យករ​ជំនាន់​ក្រោយ​យ៉ាង​ដូច្នេះ​ថា៖«ត្រូវ​រក្សា​ អត្តសញ្ញាណ​ខ្មែរ​នៅក្នុង​សំណង់​ទាំងអស់»។

លោក​បាន​រម្លឹកថា កាលពី​ជំនាន់​មុន គេ​ថា​លោក​បាន​ជួយ​បង្កើត​ចលនា​មួយ​ដែល​គេ​ហៅថា ស្ថាបត្យកម្ម​ខ្មែរ​បែប​ទំនើប។ ប៉ុន្តែ​សម្រាប់​សាស្ត្រ​ចា​រ្យ​ជនជាតិ​ជប៉ុន​ខ្លះ​វិញ គេ​បាន​ហៅ​លោ​កថា៖«លោក​មិន​ត្រឹមតែ​ជា​អ្នកបង្កើត​ចលនា​ស្ថាបត្យកម្ម​ខ្មែរ​ ទំនើប​ប៉ុណ្ណោះ​ទេ។ តែ​លោក គឺជា​អ្នកបង្កើត​ចលនា​អោយ​វប្បធម៌​ខ្មែរ​រស់​ឡើងវិញ»។ ស្ថាបត្យកម្ម គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2072
2250
4533202