jaukjeybanner

មហា​ព្រះ​រាជា​ទាំង ១០អង្គ​ ក្នុង​ប្រវត្តិ​សាស្រ្តចិន (វគ្គទី២)

វាចាអ្នកប្រែសម្រួល
​​
​​ជាការពិតណាស់ចិនជាប្រទេសដ៏ធំ និង ចំណាស់មួយក្នុងលោក។ ខឿនអារ្យធម៌ និង ប្រវត្តិសាស្ត្រចិនបានកើតឡើង​មុន​ប្រទេស​ជាច្រើន។
 
ដោយសង្កេតឃើញថា " បណ្តាព្រះរាជាទាំង ១០​អង្គ នៃប្រវត្តិសាស្ត្រចិន"  ដែលនឹងត្រូវខ្ញុំបាទ លើកមក​បង្ហាញ​ជូន​ម្តង​មួយ​ៗ​ ជា​​បន្ត​​បន្ទាប់​នេះមានលក្ខណៈល្អ ដែលគួររៀនតាម និងមានលក្ខណៈអាក្រក់ ដែលពុំគួរ​រៀន​តាមតែត្រូវដឹង ដើម្បី​ជៀស​វាង​។​ ដោយ​​​ឃើញ​ថា​​​ លើទីផ្សារសៀវភៅអានសព្វថ្ងៃនេះពុំសូវសំបូរសៀវភៅ​ប្រភេទនេះ។​ ដោយចង់ធ្វើ​សកម្មភាពមួយ ដើម្បី​ថ្លែង​អំណរ​ដល់​ប្រិយ​មិត្ត​របស់​ ទស្សនាវដ្តី​ខ្មែរសម័យថ្មី។ ខ្ញុំបាទ​ក៏បានឆ្លៀតយកបណ្តាពេលវេលា ដែលទំនេរដើម្បីប្រែសម្រួល និង​ចង​​ក្រង​កម្រង​រឿង​នេះ​ឡើង​។ កម្រង រឿងនេះនឹងត្រូវចែកជាច្រើនភាគ ទស្សនាវដ្តីខ្មែរ​សម័យថ្មី ចាប់ផ្សាយជូនពីលេខ ៥៣១ តទៅ​។  ស្របពេល នឹងគា្ននេះ ខ្ញុំបាទ​សូមឧទ្ទិសសេចក្តីប្រែសម្រួល​រៀបរៀង កម្រង​រឿងនេះជូនដល់​ ឧបាសក ប៉ែន សាន និង ឧបាសិកា កៅ គីមលី ជាឪពុក​ និង​ម្តាយ​បង្កើត និងវិញ្ញាណក្ខន្ធ ឧបាសក​ ឡៅ ចេងងន់ ឧបាសិកា ជឺ បាក់ឡាង ជា​ឪពុក​ក្មេក ម្តាយ​ក្មេក និងបងប្អូនគ្រប់រូបទាំងសងខាង ព្រមទាំងលោកគ្រូ អ្នកគ្រូ​ទាំងអស់ និងបងប្អូន ជាបុគ្គលិក កម្មករ​ល្អៗ​គ្រប់​រូប មិត្ត​ភក្តិ​ផង​ទាំងឡាយ ព្រមជាមួយអស់លោ​ក លោកស្រី ជាអតិថិជន ជាមិត្ត​អ្នកអាន​​ផងដែរ ត្បិត​មាន​ការបង្កើត ចិញ្ចឹម​បី​បាច់​​ថែ​រក្សា​ ប្រៀន​ប្រដៅ បង្ហាត់បង្រៀន ឧបត្ថម្ភគាំទ្រ​របស់​លោកអ្នក​​ទាំងអស់ ទើបខ្ញុំបាទ និង​ភរិយា​មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃ​នេះ។​ ជាមួយគ្នា​នេះ​ក៏សូម​ឧទ្ទិស ជូនដល់ដួង វិញ្ញាណក្ខន្ធ ​បណ្តា​បុព្វ​បុរស​ខ្មែរ​​ដែលបានពលីជីវិត ដើម្បី​ថែរក្សា​​ការពារ​ផ្ទៃ​ដី​ទំហំ  ១៨១ ០៣៥ គីឡូ​ម៉ែត្រការ៉េ របស់ខ្មែរ ពិសេស​បងៗ​ដែល​ទើបនឹងពលី ថ្មីៗក្នុងការ​បង្ក្រាប​ការឈ្លានពាន​របស់ពួកសៀម​អន្យតិរ្ថិយ​​​ ជា​អ្នក​ដែល​​​បញ្ជា ពួកផ្សំគំនិត និងពួក​ដែល​បាន​ឈ្លានពាន​ផ្ទាល់​មក​ខ្មែរ​នា​តំបន់​ព្រំដែន​ខ្មែរ-សៀម។
 
ចុងក្រោយ គឺខ្ញុំបាទសូមអស់លោកអ្នក ដែលមានចំណេះវិជ្ជាជ្រៅជ្រះនិងប្រិយមិត្តរបស់ទស្សនាដ្តីខ្មែរសម័យថ្មី​ ទាំងអស់ មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំបាទ ចំពោះរាល់​កំហុសឆ្គងដោយអចេតនា។​ សូមផ្តល់ការរិះគន់ស្ថាបនា​មក​ខ្ញុំបាទ​ តាមរយៈអាសយដ្ឋាន លេខ​ទូរស័ព្ទ Email​ ឬ Fax ដូចមានស្រាប់ក្នុងទស្សនាវដ្តី​ខែ្មរស​ម័យថ្មី។ ខ្ញុំបាទ​រីករាយនឹង​ទទួល​យករាល់ ការកែលំអនោះ នឹង​កែ​ប្រែ ដើម្បី​ស្នាដៃ​ក្រោយ​ៗ​បន្ត​ទៀត​របស់​ខ្ញុំ​បាទកាន់តែល្អនិង​​បម្រើអ្នកអាន​ បាន​គ្រប់​ជ្រុងជ្រោយផង។
 
ភ្នំពេញ, រាត្រីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១១
ប៉ែន ផល្លា
ចាងហ្វាងទស្សនាវដ្តីខ្មែរសម័យថ្មី
 
================================

១. ឈិន ស៊ុយហុ័ង ស្តេចអង្គដំបូង ដែលទន្ទ្រានយកនគរទាំង៦ ធ្វើ​ឱ្យ​ឯក​ភាព​ភូមិ​ភាគ​កណ្តាល​ (ចុង យាន)

មហិទ្ធិឬទ្ធិក្នុងមហាដំណាក់

បើទោះ​បី​ជា​ ឆឹង​ ឈាវ ​បានស្លាប់​មែន​ តែ​ក្នុង​អារម្មណ៍​ លុយ ​ពូវ៉ី​ នៅ​តែមិនស្ងប់។ ឈិន ​ វង់​ជីន សម្លាប់​ ​ឆឹង ឈាវ ​ដោយ​ឥត​ស្ដាយ​ស្រណោះ​អាលោះ​អាល័យ​ធ្វើ​ឱ្យ​ លុយ​ ពូវ៉ី កាន់​តែ​នឹក​​​​ឃើញ​កាន់​តែ​ភ័យ​ខ្លួន។​ បុរស​នេះ​ពិត​ជា​ស្ដាយ​​ស្រណោះ​ ជីវភាព​សម្បូរ​សប្បាយ​នា​ប៉ុន្មាន​ឆ្នាំ​ កន្លង​មក​ណាស់។ អ្វី​ដែល​នាំ​ឱ្យ​ព្រួយ​ គឺ​សព្វ​ថ្ងៃ​ ឈិន​ វង់​ជីន​ ជា​អ្នក​ដឹក​ចម្រុះ​គាត់​មិន​មែន​គាត់​ជា​អ្នក​បង្វិល​ស្ដេច​ ឈិន ​ដូច​​មុន​នោះទេ។ ប្រការ​ដែល​នាំ​ឱ្យ​បុរស​នេះ​មិន​អាច​បន្ដ​ទ្រាំ​ទ្រ​ទៀត​បាន​គឺ​រូប​គេ​ ស្ថិតក្នុង​បរិយាកាស​មួយេះ ​ដែល​ពោរ​ពេញ​ដោយ​គំនាប​ដល់ ​ឋានៈ​សក្ដិ​បុណ្យ​និង ​អាយុ​ជី​វិត​របស់​គេ​គ្រប់​ពេល​ ហើយ​ទង្វើ​សហាយ​ស្មន់​របស់​គេ​ និង ​ចាវ​ កឺ មុជ​កាន់​តែ​ជ្រៅ​ទៅ​ៗ ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លុយ​ ពូវ៉ី បាន​ចំណាយ​ខួរ​ក្បាល​ស្ទើរទាំង​អស់​គិត​ពី​បញ្ហា​នេះ។ ចាវ​ កឺ ត្រូវ​បាន​ដៅចំៗ​ឈ្មោះ ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍ថ្កោលទោស​របស់ ​ឆឹង​ឈាវ ​និង ​ផាន ​អ៊ូឈី តែ​ស្ត្រីរូបនេះ​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​អ្វី​សោះ​ និង​តោង​រូប​គេ​យ៉ាង​ស្អិត​បេះ​មិន​ចង់​របូត។ ពិត​មែន​ ហើយរៀង​រាល់​​លើក​ដែល ​លុយ​ ពូវ៉ី​ ចូល​គាល់​ ចាវ កឺ​ គឺ​ពួក​គេ​តែង​សប្បាយ​យ៉ាង​ស្កប់​ស្កល់​ជាមួយ​គ្នា​នូវ​ល្បែង​កាម​គុណ​ តែ​បុរស​ម្នាក់​នេះ​មិន​អាច​​បំពេញ​គ្រប់​នូវ​តម្រេកតណ្ហារបស់​ ចាវ កឺ ​ឡើយ។ ស្រ្ដី​នេះ​រមែង​តឿន ​និង​បង្ខំឱ្យ ​លុយ​ ពូវ៉ី ចូល​វាំង​នឹង​អាល​អីៗ ​និង​នាង​ឱ្យ​កាន់​តែ​ញាប់​ឡើង​ៗ។ ដូច្នេះ ​តើ​ទំនាក់​ទំនង​មួយ​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា? អូ! ពិបាក​ពិត​ជា​ពិបាក​មែន​! នេះ​ជាអ្វី​ដែល​ លុយ​ ពូវ៉ី ​គិត​ឃើញ។

ចុង​ក្រោយ​ លុយ​ ពូវ៉ី គិត​ឃើញ​ថា​ ត្រូវ​តែបញ្ឈប់​សេះ​នៅ​មុខ​ច្រាំងចំណោត​ឱ្យ​ទាល់​តែ​បាន​។ មិន​អាច​បន្ដ​ទង្វើ​ដ៏​ប្រថុយ​ប្រថាន​នេះ​ទៀត​បាន​ទេ។ តែ​អ្នក​ផ្ដើម​ក្នុង​ការ​បញ្ឈប់​នេះ​គួរជាមហាក្សត្រិយានី ចាវ កឺ ​ទេ​ទើបត្រូវ​។

រំពេចនោះ​ស្រាប់តែ​ លុយ​ ពូវ៉ី នឹកដល់​ លាវ អៃ ដែលជា​បរិវារម្នាក់​របស់​នាយ។ លាវ​ អៃ​ ជាជន​យូកូង និង​តណ្ហា​ក្រាស់​ម្នាក់​ ហើយ​ លាវ​ អៃ​ ជាអ្នក​ស្ម័គ្រ​បំពេញការ​ខាង​លើ​ជំនួស​ឱ្យ ​លុយ​ ពូវ៉ី។ លុយ​ ពូវ៉ី សប្បាយ​ចិត្ដណាស់​ ហើយ​តាំង​ចិត្ដ​បញ្ជូន ​លាវ​ អៃ ចូល​វាំង​បម្រើ​តណ្ហា​របស់​មហាក្សត្រិយានី ចាវ កឺ។ លុះស្អែក​ឡើង​ស្រាប់តែ ​លាវ អៃ​ ត្រូវ​ទាហាន​ចាប់​យ៉ាងទាន់​ហន់​ ហើយ​ត្រូវ​កាត់​ទោស​ដោយ​គ្រាវ ​ពី​បទ​ចាប់​ស្រ្ដីភេទ​រំលោភ​សេព​សុន្ថវៈ។ ឆាក​ល្ខោន​នេះ​ត្រូវ​បាន​គេ​សម្ដែង​យ៉ាង​ល្អ ធ្វើ​ឱ្យ​ លុយ​ ពូវ៉ី  រីកមុខ​ដូច​គ្រាប់ជី​ត្រូវ​ទឹក។ មិនយូរប៉ុន្មាន​ ក្រោយ​មក លាវ អៃ ក្លាយ​​​ជា​អ្នក​បំរើ​ជំនិត នៅ​ដំណាក់ក្រោយ​របស់​មហាក្សត្រិយានី។ តែ​គ្រប់គ្នា​មិន​អាច​ដឹង​បាន​ទេ​ថា​​ លាវ អៃ​ នៅ​តែជា​ លាវ​ អៃ​ ដដែល​ដូច​គ្រាមុន។ ជន​តណ្ហាក្រាស់​នេះ​គ្មានត្រូវនរណា​គ្រាវ​នោះទេ​ វាជាល្បិច​យ៉ាង​ប៉ិនប្រសប់​របស់ ​លុយ​ ពូវ៉ី តែ​ប៉ុណ្ណោះ។

ចំពោះ លាវ អៃ ក្នុងនាម​ជាអ្នក​បម្រើ​ផ្ទាល់​របស់​មហា​ក្សត្រិយានី​ គេ​អាច​ចេញ​ចូល​ដំណាក់​ខាង​ក្រោយ​គ្រប់​ពេល​ ហើយ​ក្នុង​នាម​ជា​សហាយ​ និង​មហាក្សត្រិ​យានី​ ចាវ​ កឺ​ នាយអាច​រួម​សង្វាស​ និង​នាង​គ្រប់​វេលា​ដែល​នាយ​ ឬនាង​ត្រូវ​ការ។

មិន​យូរប៉ុន្មាន​ ក្រោយពេល លាវ​ អៃ​ ចូលដំណាក់​ខាង​ក្រោយ​ ព្រះកាយ​របស់​មហាក្សត្រិយានី​ ចាវ​ កឺ​ កាន់​តែ​ធ្ងន់​ឡើង នាង​មាន​គភ៌​។ ដើម្បី​បំភ័ន្ដភ្នែក​ញាតិ​ លាវ​ អៃ​ បំផុស​ពាក្យចចាម​អារាមថា​ មហាក្សត្រិ​យានី ​ទ្រង់​ប្រឈួន​ ត្បិត​ក្នុងដំណាក់​ដែល​ទ្រង់​កំពុង​គង់​នៅ​ មាន​ចំហាយ​បិសាច​ ហើយ​មិន​យូរ​ទេ ស្ដេច​នគរ​ឈិន ទ្រង់​ជ្រាប​ដែរ។ លុះព្រឹក​ឡើង​ក្រោយ​ពេល​បិទព្រះ​រាជ​សវ​នាការ​ និង​នា​ហ្មឺន​សព្វ​មុខ​មន្ដ្រី​ ព្រះរាជា​ប្រញ៉ាប់​ប្រញ៉ាល់យាង​ទៅ​សួរ​សុខ​ទុក្ខ​ព្រះ​មាតា។

ស្ដេច​ ឈិន​ វង់ជីន​ ទ្រង់ឃើញ​ព្រះរោគ​នៃ​ព្រះមាតា​ មិន​បាន​ស្រាក​ស្រាន​សោះ​ទ្រង់​ព្រួយ​ ព្រះទ័យ​យ៉ាង​ខ្លាំង។ សេ្ដច​អង្គ​គង់​ក្បែរ​គ្រែ​ព្រះ​មាតា​ ហើយ​ទូល​សួរ​​៖

- ព្រះរោគ​របស់​មាតា​ មិន​ដឹង​បណ្ដាល​មក​ពី​អ្វី​? តើបុត្រ​គួរ​ធ្វើយ៉ាង​ណា​ ដើម្បី​ព្យាបាល​ថ្វាយ​ទ្រង់?

មហាក្សត្រិ​យានី​ថ្ងូរហ៊ឹមៗតប៖

- កាល​ពីបួន​ប្រាំ​ថ្ងៃ​មុន​នេះ​ នាពាក់កណ្ដាល​អ្រធាត្រ មាតា​យល់សប្ដិឃើញ​អតីត​ព្រះ​រាជា​ មក​បង្គាប់​ឱ្យ​ចាក​ចោល​ដំណាក់​នេះ​ ហើយ​ត្រូវ​យាង​ទៅ​ភាគ​ខាង​លិច​ ក្នុង​ចម្ងាយ​២០០យោជ ពី​រាជ​វាំង​ ទើប​អាច​ចៀស​ផុត​ពី​គ្រោះ​កាច​ផង​ទាំង​ពួង​ ហើយ​ប្រឈួន​ក៏​នឹង​បាត់​ដោយ​ឯក​ឯង ណា​បុត្រ។

យាង​ទៅ​ខាង​លិច​ ២០០យោជ​ឬ? ស្ដេច​ឈិន​ វង់ជីន ​ទ្រង់​ព្រះ​តម្រិះ​រំពេច​នោះ​ទ្រង់​នឹក​ឃើញ​ថា​ នៅទីនោះ​មាន​ដំណាក់​ អ៊ុន​ដែល​ជា​អតី​តរាជ​ធានី​នៃ​នគរ​ឈិន​។ ស្ដេច​អង្គ​ ទូលតប​ទៅ​មាតា​វិញ៖

- បើ​ព្រះ​មាតា​ចង់​ភៀស​ព្រះ​កាយ​ចេញ​ពី​វាំង​ ដើម្បី​ព្យាបាល​ថែរ​ក្សា​សុខ​ភាព​ គឺ​អាច​យាង​ទៅ​ដំណាក់​អ៊ុន។ ប៉ុន្ដែ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​វែង​ឆ្ងាយ​ណាស់​ តើ​ព្រះ​មាតា​សព្វ​ព្រះ​ទ័យ​ ឬទេ?

មហាក្សត្រិយានី​ ងក់ព្រះកេសតិចៗតប៖

- បើទោះ​ត្រូវ​ទៅឆ្ងាយ​មែន​ពិត​ តែ​ប្រសើរ​ជាង​គង់​នៅ​ទី​នេះ ​ដែល​ត្រូវ​ភិតភ័យ​ព្រះ​ទ័យ​ជា​ប្រ​ចាំ។ បើបាន​ទៅ​ទី​នោះ​រក្សា​អារម្មណ៍​​កែ​ខៃ​រោគា ទោះ​បើ​ឆ្ងាយ​យ៉ាង​ណា​ក៏​មាតា​សព្វ​ព្រះ​ទ័យ​ដែរ។

- បើដូច្នេះ​គឺ​ប្រសើរ​ណាស់!​ ស្ដេច​ឈិន​ មាន​បន្ទូល​ត៖ បុត្រ​នឹង​ធ្វើ​តាម​ព្រះ​តម្រិះ​របស់​មាតា។

មហាក្សតិ្រយានីមាន​សុវណ្ណីតបវិញ៖

- បុត្រ​ពិត​ជា​កតញ្ញូ​ណាស់​ គួរ​ឱ្យ​អ្នក​ផង​យក​តម្រាប់​តាម។ ក្រោយ​ពេល​យាង​ទៅ​ទី​នោះ​ មាតា​​និង​ស្ងប់​ព្រះ​ទ័យ​កំចាត់​បង់​រោគ។ បើសព្វ​ព្រះ​ទ័យ​ទៀត​យើង​នឹង​គង់​នៅ​ទីនោះ​​មួយ​រយៈ​ផង​ដែរ។ តែមាន​កិច្ច​ការ​មួយ​ទៀត​ នោះ គឺ​បុត្រ​ឡើង​គ្រង​រាជ្យ​ ហើយ​នៅ​ឡើយ​តែ​ព្រះ​រាជ​ពិធី​រាជា​ភិសេក​ជា​ផ្លូវ​ការ ​អញ្ចឹង​មាតា​ចង់​រក​ ថ្ងៃ​ជា​វេលាល្អ​ណាមួយ​ប្រារព្ធ​ធ្វើ​ពិ​ធី​នេះ ​ថ្វាយ​បុត្រ​សិន​ ទើប​យាង​ចេញ​ជា​ក្រោយ។ នេះ​ជា​ប្រាថ្នា​របស់​មាតា​ណា​បុត្រ។

- សូមអរ​ព្រះ​គុណ​ព្រះ​មាតា​! ស្ដេចឈិន​មាន​បន្ទូល​ ប្រកបដោយ​កត្ដវេទី ចេញ​ពី​ជម្រៅ​បេះដូង​ពិតៗ​របស់​ព្រះ​អង្គ។

ក្រោយ​ពី​បាន​ទទួល ​ព្រះរាជ​ពិធី​រាជា​ភិសេក​ថ្វាយ​ពី​ព្រះ​មាតា​រួច​មក​ លុះស្អែក​ឡើង​ សេ្ដច​ឈិន​រួម​និង​នាហ្មឺន​សព្វ​​មុខ​មន្ដ្រី ​រួម​គ្នាជូន​ព្រះ​រាជ​ដំណើរ​ មហាក្សត្រិយានី​ចាក​ចេញ​ពី​រាជ​ធានី ស៊ាន​យ៉ាង។ ក្បួន​រទេះ​សាឡី​ របស់​មហាក្សត្រិយានី ​បោះពួយ​សំដៅ​ក្រុង​អ៊ុន។

បើ​មើល​ទៅ​ឯនាយ​ឆ្ងាយ​សន្លឹម​នៃ​ជើង​មេឃ​ គេឃើញ​បីដូច​ជា​មាន​បណ្ដុំពពក​កំពុង​អណ្ដែត​ត្រសែត​ រួម​ចំណែក​លើក​សម្រស់​ ឱ្យ​ទិដ្ឋិភាព​នាអរុណោទ័យ​ នៃ​តំបន់ ​គួន ចុង ​ដែល​កំពុង​តែ​គ្រប​ដណ្ដប់​ដោយ​ធម្ម​ជាតិ ​ដ៏ស្រស់​ញញឹម​ពាស​ ពេញ​ដោយ​ពណ៌​​បៃតងទៅ​ហើយ​នោះ។ ក្រោយពេល​មក​កៀកដល់​ ទើប​គេ​យល់​ថា ​នោះ​មិនមែន​ពពក​ដណ្ដែត​ក្រសែត​នោះ​ឡើយ វាជា​ព្រៃ​ព្រឹក្សា​លតាវល្លិ៍ និង​ដើម​ឈើ​ដ៏​បៃ​តង​ស្រស់​កំពុង​ ដុះប្រច្រៀត​គ្នា​ការពារ​ឱ្យ​កំផែង​ពណ៌ក្រម៉ៅ​ ហើយ​ជ្រក​ក្រោម​ការ​បាំង​កំដៅ​ពី​សន្លឹក​ក្បឿងពណ៌​ស្លែ​នៃ​ប៉ម​យាម។ ទីនេះ​ហើយ​គឺ​ក្រុង​ អ៊ុន​ ជារាជ​ធានី​នៃ​នគរ​ឈិន នាគ្រាមុន។

មជ្ឈមណ្ឌល​នៃ​ក្រុង​ អ៊ុន​ គឺ​មហា​ដំណាក់ឈីញ ដែល​តាំង​នៅ​ភាគ​ខាង​កើត​ឈាង​ខាង​ត្បូង​នៃ​ក្រុងនេះ។ នៅ​ទី​នេះ​សំណង់​ស្ថាបត្យកម្ម​រឹង​មាំ​ រុក្ខ​ជាតិ​ស្រស់​បំព្រង។ បណ្ដា​សរសរ​និង​ធ្នឹម​ ផ្ទោង​សុទ្ធតែ​លំ​អ​ដោយ​ក្បាច់​ ចម្លាក់​រស់​រវើក ដំបូល​គ្របដោយ​ក្បឿង​ពណ៌​ខៀវ​ស្រងាត់​ និង​ភ្លឺ​រលោងដូច​ ទើប​សង់​ឡើង​ ព្រម​ទាំង​ចែង​ចាំង​ដោយ​រស្មី​ពណ៌​មាស​នៃ​ ក្បាច់​ចម្លាក់​នាគរាជ ថ្វែនថ្វាយ តាម​សរសរ​ទៀត​ផង។ នៅ​លើ​ដី​មាន​ដង​ផ្លូវ​ពត់ពែន វែង​អន្លាយ​ ក្រោម​ម្លប់​ត្រឈឹង​ត្រឈៃ​នៃ​ដើម​ឈើ​នានា​ ហើយ​ក្នុង​សួន​ច្បារ​បីដូច​ជា​ ទេវតា​និមិត្ដ​ឱ្យ​មាន​កូន​ជ្រោះតូច​ៗ ​តែ​ទឹក​ថ្លា​ឆ្វ​ង់​យល់​ដល់​បាត​និង​ ហូរ​ រហូត​មិន​ដាច់​ទោះ​ប្រាំង ​ឬវស្សា​ ហាក់ជួយ​បង្កើន​សម្ផស្ស​ឱ្យ​បុប្ផា​​ចម្រុះ​មុខ​ដែល​រីក​ស្គុសស្គាយ​ ភាយ​ឈ្ងុយ​ឈ្ងប់​នូវ​ គន្ធា​ដែល​គ្រប់​គ្នា​ស្រូប​យក​ដោយ​ឥត​ជិន​ណាយ។ អញ្ចឹង​តើ​បាន​ជា​មហា​ក្សត្រិយានី​ ចាវ កឺ​ សព្វ​ព្រះ​ភ័យ​យក​ដំណាក់​នេះ​ធ្វើ​ជា​កន្លែង​សម្រាក ​លម្ហែកាយ​ និងព្យាបាល​រោគាព្យាធិ របស់​ទ្រង់។ តាមពិត​ទៅ​ ចាវ​ កឺ​ រើសយក​កន្លែងនេះសម្រាប់​ក្រេប​យក​រស​ជាតិ​កាម​លោ​កិយ​និង​ លាវ អៃ ​ទេ។ នាង​រស់​នៅ​ដោយ​ចំហ​ និង​ពេញ​មុខ​មាត់​និង​ លាវ​ អៃ។ មេឃ គឺ​នៅ​ខ្ពស់​ហើយ​គ្មាន​គ្រោះ​ភ័យ ​ត្បិត​អី​ព្រះ​រាជា​នៅ​​ឯនាយ​ឆ្ងាយ​សន្លឹម ​ អញ្ចឹង​ពួកគេ​សប្បាយ​ដោយ​ឥត​ខ្វល់​នឹង​នរណា​នោះ​ទេ។ ក្នុង​កំឡុង​ពេល ​២វស្សា រស់នៅ​ទី​នេះ​រវាង​ពួក​គេ​បី​ដូច​ជា​ត្រី​ជួប​ទឹក​ អម្រិត​ ហើយស្អិត​រមួតគ្មាន​អ្វី​បំបែក​ពី​គ្នាបាន​ទើប​ពួក​គេ​បង្កើត​រួម​គ្នា​បាន​ នូវ​កូន​ប្រុស​ពីរនាក់។

ដើម្បី​រក្សា​អាថ៌​កំបាំង​ឱ្យ​បាន​យូរ​ អ្នក​ទាំង​ពីរ​យក​បន្ទប់​មួយ​ក្នុង​មហា​ដំណាក់​ឈីង ​ឱ្យ​មេដោះ​ចិញ្ចឹម​ក្មេង ​ទាំង​ពីរ​ដោយ​សម្ងាត់​។ ក្មេង​ប្រុស​ពីរ​នាក់​នេះ​ស្រាប់​តែ​បាត់​ខ្លួន​ ញ៉ាំង​ឱ្យ​គ្រប់​គ្នា​ក្នុង​ដំណាក់​ឈីង ងឿង​ឆ្ងល់។ យប់​ថ្ងៃ​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ស្ងៀម​ស្ងាត់​ មហាដំណាក់ឈីញ ​នៅ​តែ​ស្ងាត់​ស្ងៀមដូច​គ្រាមុន​ បីដូច​ជា​គ្មាន​ព្រឹតិ្ដការណ៍​អី្វ​សោះ​កើត​ឡើង។

សរទរដូវ​ (រដូវ​រំហើយ) នៃ​ឆ្នាំ​ទី​បី​បាន​ចូល​មក​ដល់​ ចាវ​ កឺ​ យល់​ថា​ គ្រប់​យ៉ាងរក្សា​បាន​ល្អ​បង្គួរ​ ហេតុ​នេះ​ក្ដី​កង្វល់​ដូច​ដុំ​ថ្ម​មហាទម្ងន់​ក៏​បាន​ជ្រុះ​ចេញ​ពីដើម​ទ្រូង​ នាង។ នាង​ចេះ​ចាប់​ផ្ដើម​ប្រព្រឹត្ដ​ តាម​ការ​ញាក់​ខ្សែ នៃ លាវ អៃ។​ ដើម្បី​ភាព​ផ្អែម​ត្រជាក់​នៃ​ក្ដី​ស្នេហ៍ ​និង​ដើម្បី​អនាគត​នៃ​ក្មេង​តូច​ៗ​ពីរនាក់​នោះ​ ចាវ កឺ ​ចង់​តម្លើង​ឋានៈសក្ដិបុណ្យ​ឱ្យ ​លាវ អៃ។ សន្លឹកបៀរបស់​នាង​គឺ​ការ​សន្យា​របស់​ ឈិន​​ វង់​ជីន ​នាពេល​អភិសេក​ឡើង​គ្រងរាជ​សម្បតិ្ដ​ជាផ្លូវ​ការ។ នាង​ចាប់​សរសេរ​ចុតហ្មាយ​មួយ​ផ្ញើថ្វាយ​អង្គ​មហា​ក្សត្រដែល​ជា​បុត្រ​ រៀប​រាប់​ពី​គុណ​បំណាច់របស់​ លាវ​ អៃ ​ចំពោះ​នាង​ក្នុង​ពេល​សម្រាក​ព្រះកាយ​នៅ​ក្រុង​ អ៊ុន។ ដើម្បី​លើក​ទឹក​ចិត្ដ​មន្ដ្រី​ស្មោះ​ និង​តបស្នង​ដល់​អ្នក​មាន​គុណ​បំណាច់​ នាង​ស្នើ​ព្រះរាជបុត្រ​ឱ្យ​ផ្ដល់​ឋានៈ​សក្តិ​បុណ្យ​ផ្លូវ​ការ​ឱ្យ ​លាវ អៃ​ បន្ថែម​ទៀត។

ស្ដេច​ ឈិន​ វង់​ជីន ទទួល​បាន​ចុត​ហា្មយ​ព្រះ​មា​តា​ អរ​ក្នុង​ព្រះ​ទ័យ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​ បាន។ អង្គមហាក្សត្រ​​មិនបាច់​ឈ្វេង​យល់​យូរ​ រាជ​នុញ្ញាត​តែង​តាំង លាវ​ អៃ ​ជា ​ឆាង​ ស៊ីនស៊ូ​ និង​ផ្ដល់​ដី​សម្បទាន​ឱ្យ​យ៉ាងធំ​ អនេក​នា​តំបន់ ​ស៊ាន​យ៉ាង។

ពេលវេលា​ហាក់​លឿន​ណាស់ ​សម្រាប់​អ្នក​កំពុង​មាន​សេច​ក្ដី​សុខ...ភ្លេចៗមួយ​ ឆ្នាំទៀត​បាន​កន្លងហើយ​ ស្ដេច​ឈិន សម្រេច​ព្រះ​ទ័យ​យាង​ទៅ​ក្រុង​ អ៊ុន។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ​ស្ដេច​ឈិន​បាន​រៀប​ចំ​ពិធី​ត្រួត​ពលដ៏​ធំ​អស្ចារ្យ។ ក្នុង​ពិធី​នេះស្ដេច​អង្គ​កាន់​ដាវ​ដ៏​សែនមុត​ ឈរត្រង់​ភ្លឹង​ ដូច​ទាហាន​ក្នុង​សមរ​ភូមិ​ពិតប្រាកដ​ មើល​ទៅ​ពោរ​ពេញ​ដោយឫទ្ធានុភាព​ និង​ស្ដេច​បារមី។ ព្រះ​រាជាដើរ​ពីជួរ​មួយ​ទៅ​ត្រួត​ពល​ ក្រោម​សម្រែកជយឃោស ​ដូច​ហែក​មេឃ​ និង​ចុង​ដាវ​ច្រូង​ច្រាង​ដូច​ព្រៃ​ឈើ។ ឯលោក​មហា​សេនា​យ៉ាង​ចៀន​ កាន់​លំពែង​ឈរ​បញ្ជាទ័ព​យ៉ាង​មាន​សណ្ដាប់ធ្នាប់​និង​ស្វាហាប់​ពេក​ក្រៃ​។ ក្រោយ​ពី​បញ្ចប់​ពិធី​លោក​មេ​ទ័ព​ ហួង​ អ៊ីង បាន​ដឹក​នាំ​ទ័ព​ស្រួច​ចំនួន​បី​ម៉ឺន​នាក់​អម​ព្រះ​រាជ​ដំណើរ​ស្ដេច​អង្គ​ យាង​ទៅ​ក្រុង​ អ៊ុន។

ខណៈដល់​ក្រុងអ៊ុន ដំបូង​បង្អស់​ស្ដេច ​ឈិន​ វង់ជីន​ យាង​ទៅ​មហា​ដំណាក់​ឈីង ដើម្បីចូលគាល់ព្រះរាជ​មាតា ហើយយាង​ទៅ​សម្រាក​ព្រះកាយនិងអស់សេនាមន្រី្ត នៅដំណាក់ ឈី​ នៀន។

នៅ​ពេល​​ស្ដេច ​ឈិន ​ចូល​គាល់​ ចាវ កឺ ​បាន​មាន​សុវណ្ណី​ទៅ​កាន់​ទ្រង់ថា៖

- បុត្រមាតា​ឆ្នាំ​នេះ​មាន​ព្រះ​ជន្ម ២៦វស្សាហើយ។ មាតាសង្ឃឹមថា ពីនេះ​ទៅ​មុខ​បុត្រ​កាន់​តែ​ពង្រឹង​​ពង្រីក​ឫទ្ធានុភាព​របស់​នគរ​ឈិន​ លើក​កំពស់​ស្នេហា​ជាតិ​ និង​ប្រាប​ប្រាម​ទ្វីប​លោក​ទាំងមូល។

ស្ដេច​ឈិន​ បាន​ស្បថក្នុង​ព្រះទ័យ​តប​ទៅ​មាតា​វិញ​ថា ​ទ្រង់​ហ៊ាន​ពលី​ជីវិត ​ដើម្បី​ដណ្ដើម​យក​នគរ​ទាំង៦​ និង​ស៊ូ​បង្ហូរ​ឈាម​ដើម្បី​ឯក​ភាព​ភូមិភាគ​កណ្ដាល។ ស្ដេច​អង្គ​ ក៏​អរ​ព្រះ​គុណ​ដល់​ព្រះ​មាតា​ និង​បួងសួង​ឱ្យ​ព្រះ​មាតា​ឆាប់​ជា​សះ​ពី​រោគា​ ហើយ​គង់​ព្រះ​ជន្ម​តែ​ក្នុង​សុភមង្គ​លជា​និរន្ដន៍។

ចាវ កឺ​ សប្បាយ​ព្រះ​ទ័យ​ជា​អ​នេក​ ហើយ​សម្រេច​ព្រះ​ទ័យ​រៀប​ចំ​រៀង​សាយ​ភាជន៍ ​ដល់​ពួក​សេនា​អាមាត្យ​ទាំង​អស់​ ដល់​ទៅ​៥ថ្ងៃ​ជាប់​ៗគ្នា​​ក្នុងក្រុង​ អ៊ុន​​ ហ្នឹងតែម្ដង។ ព្រះមហាក្សត្រិយានី​ក៏​រៀប​ចំថ្វាយ​ដល់​ព្រះ​រាជា​ និង​សេនា​ជំនិតៗ​រួម​គ្នា​ឯ​ដំណាក់​ឈីញ​ផង​ដែរ។ ប៉ុន្ដែ​គ្រប់​គ្នា​មិន​ដឹង​សោះ​ថា​ក្នុង​បរិយាកាស​ដ៏​សែន​សប្បាយ​នេះ​ លាវ អៃ ដែល​ភ្លើត​ភើ្លននិង​ឋានៈ ឆាង​ ស៊ីនស៊ូ​ បាន​ឈ្លោះគ្នា និងមន្ដ្រី​​ ចុង​ តាយហ្វ៊ូ យាន​ជៀក ហើយ​ លាវ អៃ​ ចង់​សម្លាប់​ យាន​ ជៀក ​ថែមទៀត​ផង។ យាន​ ជៀក​ភ័យ​ភិត​ឥត​ឧបមា​ រត់​ចេញ​ពី​ពិធី ​ដើម្បី​រក​វិធី​ត​តាំង​វិញ។ រំពេច​នោះ​ស្រាប់​តែ​ស្ដេច ​ឈិន​ វង់ជីន ទើប​ចេញ​ពីសោយ​ស្រា ​និង​ព្រះមាតា​ ទាំង​ស្ដេច​និង​មន្ដ្រី​ក៏វាក់​អើ​គ្នា​មិន​គិត​គូរយូរ​ យាន​ ជៀក ​លត់ជង្គង់​ទូល​ថ្វាយ​អង្គ​ក្សត្រ​ភ្លាម​ពី​ដំណើរ​ដើម​ទង​ដែល​ លាវ​ អៃ ចង់ប្រហារនាយ​ពិសេស​ យាន​ ជៀក​ ក៏ទូល​ពី​អំពើ​សហាយ​ស្មន់​របស់​ លាវ​ អៃ​ និង​មហាក្សត្រិយានី ចាវ កឺ​ ផង​ដែរ។

ស្ដេចឈិន​ វង់ជីន ក្រេវ​ក្រោធ​ដូចភ្លើង​ឆេះ​មេឃ ស្រែក​សន្ធប់​ចង់ប្រេះ​ប្រថពីហើយ​ហៅ​ មេទ័ព​ប្រចាំ​កង​រក្សា​ព្រះអង្គ​ ឈ្មោះ​ស្យុង​ ហ្វី មក​សួរ​ការ។ ស្ដេច​អង្គ​បាន​បង្កាប់​ឱ្យ​ ស្យុង​ ហ្វី ​នាំ​បញ្ជា​ផ្ទាល់​មាត់​ឱ្យ​ ហួង​ អ៊ី ​នាំទ័ព​ចូល​ក្រុង​ អ៊ុន ​ជាបន្ទាន់។ ស្យុង​ ហ្វី ហោះឡើង​ខ្នងសេះ​បំផាយ​ចេញ​នឹង​ដូច​ផ្លែ​ព្រួញ​រត់​សំដៅ​បន្ទាយ​ ហួង អ៊ី បន្ទាប់​ពី ស្យុង​ ហ្វី ​ចាក​ចេញ​ទៅ​ ឈិន វង់​ជីន បាន​ព្រមាន​ដល់​បរិវារជុំវិញទ្រង់់៖

- រឿង​នេះ​សំខាន់​ណាស់​ នរណា​ហ៊ាន​ធ្វើ​ឱ្យ​បែក​ការណ៍​នឹង​ត្រូវ​កាត់ក្បាល​ជាក់​ជា​ពុំខាន! ស្ដេច​អង្គ ​ងាក​មក​និយាយ​កាន់ ​យាន​ ជៀក៖ ចុង​ តាយ​ហ្វ៊ូ ​ស្នាក់​នៅ​ក្នុង​ដំណាក់​ ឈី នៀន​ បណ្ដោះ​អាសន្នសិន​ចុះ។ ក្រោយ​ពេល​សម្រេច​ការ​ហើយ​ យើង​នឹង​ប្រទាន​រង្វាន់ឱ្យ។

ពាក្យបុរាណ​លោក​ពោល​ថា​ ជញ្ជាំងមាន​ត្រចៀក​ ពិត​ជាមិនខុស​ ក្នុង​ចំណោម​បរិវារបស់​ព្រះរាជា​មាន​ពីរ​នាក់​ជាមនុស្ស​បង្កប់​របស់​ លាវ អៃ​ និងមហាក្សត្រិយានី​ក្រោយ​ពេល​ស្ដេច​ភ្លេច​ព្រះកាយ ​គេឯងទាំង​ឡាយ​មិន​ ចាប់អារម្មណ៍​ពួក​វា​ពីរនាក់​បន្លំ​គេច​ចេញ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់ លាវ​ អៃ ​ភ្លាម។

លាវ អៃ ​ស្ដាប់​ចប់​ក្រោកនឹងមិន​បង្អង់​ពី​គ្រែ​ដេក​ នាយ​និយាយ​ទៅកាន់​អាពីរនាក់នេះថា៖

- ពួកឯង​ចាំត្រង់​នេះ​សិនចុះ​ យើង​នាំ​ដំណឹង​ទៅ​ទូល​ថ្វាយ​មហាក្សត្រិយានី​សិន។

គ្រាន់តែទ្វារ​ដំណាក់​បើក​ភ្លាម លាវ អៃ​ រត់​វូចូល​ត្រង់​ទៅ​បន្ទប់​ដេក​របស់​​​ ចាវ​ កឺ​ ហើយ​ទូល​ពីព័ត៌មាន​ដ៏រន្ធត់​នេះ។ ចាវ កឺ​​​ ស្ដាប់​រួច​ស្លុត​ស្មារតី​ស្ទើរ​សន្លប់​រកកល​ដួល​ស្រុប​លើ​កម្រាល លាវ អៃ​ ស្ទុះ​​ទៅបីត្រកង ហើយ​ជួយ​ពាក់​អាវ​ផាយ ​ពី​ខាង​ក្រៅ​ឱ្យនាង​។ នាយ​និយាយ​៖

- សូមមហាក្សត្រិយានី​កុំ​ភ័យពេក។ យើង​សល់​ពេល​គ្រប់​គ្រាន់​ដែរ​តើ​ ឆាប់​រក​ឧបាយកល​​ទប់​ទល់​ទើប​ប្រសើរ។

ចាវ កឺ​​​​​​​ ទ្រង់​ព្រះ​កន្សែង​ហើយ​តបថា៖

- ហេតុ​អ្វី​ធ្វើ​ឱ្យ​រឿង​ដល់​ថ្នាក់​នេះ​?​ ឥឡូវ​ភ្លើង​ឆេះ​ចិញ្ចើម​ទៅ​ហើយ​ តើនៅគិតឃើញ​ឧបាយកល​អីទៀត​នេះ! លាវ​ អៃ​ និយាយ៖

- អ្នក​មិន​ជា​មហាក្សត្រិយានី​ទេឬ? ឆាប់​ប្រគល់​ត្រាគុជ​មក​យើង។ មុន​ពេល​ទ័ព​ធំ​របស់ ​ហួង​ អ៊ី ​មក​ដល់​ ហើយ​ឆាប់​ប្រ​មូល​ពល​រេហទាំង​អស់​នៅ​ទី​នេះ​ សម្រុក​វាយ​ប្រហារលើ​ដំណាក់​ ឈី នៀន ភ្លាម។ ក្រោយ​ពេល​ចាប់​រស់ ​ឬ​ធ្វើគត់​ស្ដេច​ឈិន បាន​អ្វីៗ​ល្អ​ដូច​ដើម។

ក្នុងពេល​នេះ​ ចាវ កឺ​ មិន​គិត​អ្វី​ឃើញ​ក្រៅ​ពី​ជីវិត​ និង​ក្ដីសុខ​របស់​នាង​នោះ​ទេ។ នាងប្រគល់​ត្រា​គុជ​ព្រះ​រាជាទៅ​ លាវ អៃ ដោយ​ឥតបង្អែរបង្អង់​ឡើយ ហើយបញ្ជាថា​ លោកឯង​ប្រញាប់​ចាត់​ការភ្លាមឡើង!

លាវ អៃ ត្រឡប់ទៅ​កន្លែង​នាយ​វិញ​ បង្គាប់​ឱ្យ​អាខ្ញុំ​បម្រើពីរនាក់​នោះ​ទៅ​ ប្រកូកប្រកាស​ជា​សម្ងាត់ដល់​មនុស្ស​ជំនិតៗ​របស់​នាយ។ ម្យ៉ាង​ទៀត​នាយ​ក្លែង​​រាជ​បញ្ជា​ស្ដេច​ឈិន​ ​ថា​មាន​ឃាតក​បម្រុងសម្លាប់ព្រះ​រាជា​ ហេតុនេះ​បញ្ជាឱ្យ​កង​កម្លាំងសរុប​សំរុក​ទៅ​ដំណាក់​ ឈី នៀន ការពារ​និងសង្គ្រោះ​អង្គព្រះរាជា។

មេឃភ្លឺ ​ស្រាងៗ​ លាវ អៃ​ និង​បរិវារ ប្រមូល​គ្នាជុំ​នៅ​មុខ​ដំណាក់​ ឈី នៀន​ ហើយ​សម្រុក​ចូល​ទៅ​។ ទាហាន​ការ​ពារ​ដំណាក់​ចេញមកហាម​ឃាត់​ លាវ អៃ​ កាប់​ដាច់​ក្បាល ដូច​កាប់​ចេក ​ឆាក​ប្រយុទ្ធ​យ៉ាង​សាហាវ​បានកើត​ឡើង​។ ដោយ​ហេតុ​ លាវ អៃ​ មានគ្នា​ច្រើន ​និង​ត្រៀម​ទុក​មុន ​មិនយូរ​ប៉ុន្មាន​កង​ទី​១ ​នៃ​ទាហាន​ការ​ពារ ​ដំណាក់​ត្រូវ​ក្រុម​ លាវ អៃ​ ប្រហារ​អស់។ ក្រុម លាវ អៃ ចាប់​ចែកជាបី​បួន​ក្រុម​វាយ​សម្រុក ​ដូច​ទឹកហូរចូលខាងក្នុង​ដំណាក់​ ឈី នៀន។

ក្រោយ​ពីកូន​ទាហាន​ម្នាក់​រត់​រួច​ពីខាង​ក្រៅ ​នាំ​ដំណឹង​ទៅ​ថ្វាយ​ ស្ដេច​ឈិន​ប្រុង​រត់​តាម​ទ្វារចំហៀង​តែ​ទាហាន​​ លាវ អៃ ​សម្រុក​មក​ដល់​ល្មម​ ស្ដេច​រត់​ចូល​ក្នុង​វិញឃើញ​​នៅជ្រុងម្ខាង​ មាន​កូនភ្នំតូចមួយ​ក៏​ ផ្លោះតាមបង្អួចរត់​ឡើង​លើ​កំពូល​ភ្នំ​នោះ​ ឯ កង​រក្សា​​ព្រះ​អង្គ​ព័ទ្ធ​ជុំវិញ ​ពីខាង​ក្រោម​ការពារ​ទ្រង់។

ពួក​ទាហាន​ និង​បរិវារ​របស់​​ លាវ អៃ​ ​សុទ្ធ​តែ​ជា​អ្នក​ប្រយុទ្ធ​មិន​ពូកែ​លុះ​ក្រឡេក​ឃើញ​ស្ដេច​ឈិន​រូប​រាង​សង្ហា​ ភ្នែក​មូល​ក្រឡោតធំៗ​ខុស​ពីធម្មតា ​និងត្រូវ​បាន​ការ​ពារ​ដោយ​កង​រក្សា​ព្រះ​អង្គដ៏​ ប៉ិនប្រសប់ក្បួនយុទ្ធគុណសួរថា ​នរណា​ហ៊ាន​សម្រុក​ចូល​​មុន​នោះ​ ដូចនេះ​ម្នាក់​ៗ​អល់​អែក​រុញច្រាន​គ្នា។ ស្ដេច​ឈិន​ យល់ការណ៍​​ក៏​សម្លឹង​ចំលើ​ក្រុម​ទាហាន​បះបោរ​ស្រែក​សន្ធាប់៖

- យើងជា​ស្ដេចផែន​ដី! ​ហើយ​មិនអប្រិយ​ ចំពោះ​ពួក​ឯង​រាល់គ្នា​តាំង​ពី​ដើម​រៀងមក! ហេតុ​អី្វគ្រប់គ្នា ​ធ្វើ​យ៉ាង​នេះ​ចំពោះ​យើង?

ពួកទាហាន ​បះបោរ​ឃើញ​ដូច្នោះ ក៏​បែក​ខ្ញែកលែង​ដឹង​តាម​អ្នក​ណា​ សម្លាប់​អ្នក​ណា​ទៀត​ហើយ​។ លុះ​ឮស្ដេច​ឈិន​ សួរ​អញ្ចឹង​ពល​ទាហាន​ម្នាក់​ឆ្លើយ​តប៖

- ពួកខ្ញុំ​មក​តាម​បញ្ជា ឆាង អ៊ីនស៊ូ លាវ អៃ ថាឱ្យ​មក​ការពារ​ព្រះ​អង្គ​ត្បិត​ដំណាក់​ ឈី នៀន មាន​ឃាតក​លបចូល​ក្រាបទូល!

- ស្ដេចឈិន​តប ទេ! យើង​គ្មាន​ត្រូវ​នរណា ​លប​ធ្វើ​ឃាតទេ​ ហើយ​ក៏​មិនទាន់​ចេញ​រាជបញ្ជាអ្វីដែរ។ ពួកឯងជាទាហានល្អ​គោរពមេកើយ​ ប្រាប់មកមើល​អ្នក​ដែល​ក្លែង​រាជ​បញ្ជា​ត្រូវ​មានទោស​អ្វី?

- សម្លាប់! គ្រប់រេហពល ​និង​ទាហាន​បះ​បោរ​ដោយភ័ន្ដច្រឡំ​ស្រែកព្រមៗគ្នា។

- ល្អ! ស្ដេច​ឈិន​ស្រែកសន្ធាប់ ហើយនិយាយ​ត៖ អាខ្មាំង​ស៊ី រូងផ្ទៃក្នុង​ដ៏​ថោក​ទាប​មួយ​ ដែល​រៀប​ចំ​ធ្វើ​គត់​ព្រះ​រាជា​ បំណង​ធ្វើ​រាជ​ប្រហារ​! ពួក​ឯក​ត្រូវ​ចាប់​វា​ សម្លាប់​វា​ទៅ​ចាំអង្កាល់​ទៀត? គ្រប់គ្នាត្រូវ​ស្ដាប់​ លាវ អៃ បាន​ក្បត់​ នរណា​ចាប់​វា​ទាំង​រស់​ បាន​រង្វាន់ ​១ ០០០ ០០០ដំឡឹង​ កាត់ក្បាល​វាមក​ថ្វាយ ​បាន​រង្វាន់ ៥០០ ០០០ ដំឡឹង។ នរណាចាប់បាន​បក្សពួកវា​ម្នាក់​បាន​ឡើង​សក្ដិមួយ​ថ្នាក់!

បញ្ជាស្ដេច​ឈិន​ មាន​ភាព​ស្រូប​ទាញ​យ៉ាង​អស្ចារ្យ។ ពួក​ទាហាន​បាន​ត្រឡប់​អាវុធ​មក​តទល់ ​និង​ក្រុម​ជំនិត​ប៉ុន្មាន​រយ​នាក់​របស់ ​លាវ អៃ ​ទាំង​អស់។ ពួក​មន្ដ្រី​ស៊ី​វិល​ ក៏​កាន់​កាំបិត​ពូថៅ​ និង​របស់​គ្រប់​យ៉ាង​ជួយ​ច្បាំង​ ការ​ពារ​ព្រះ​រាជា។ ឯមហាជន​នៅ​ក្រុង​ អ៊ុន​ ក៏​លើកគ្នា​មក​ការពារ​ព្រះមហាក្សត្រកំចាត់​ក្រុម​ក្បត់ លាវ អៃ។ ឯក្រុមជំនិត​របស់​ លាវ អៃ​ ដែល​ពីមុន​មក​រាល់​ៗថ្ងៃ​សច្ចាថា​ស្មោះ​ត្រង់​ និង​នាយ​​តែពេល​នេះ​ចាប់​ផ្ដើម​រត់​សំដៅ​ទា្វរ​ខាង​កើត​ ហើយ​ខណៈនោះ​ដែរ​ទាហាន​ ហួង អ៊ី បាន​មក​ដល់​ និង​​បោសសំអាត​ក្រុម​ក្បត់​នេះ​បាន​ស្អាត​ដូច​បោសផ្ទះ​ ហើយ​ លាវ អៃ​ និង​អា​ខ្មាំង​បង្កប់​ពីរ​នាក់ ​ព្រម​ទាំង​បក្សពួក​ម្ភៃផ្លាយអ្នកត្រូវ​ចាប់​ រស់​បញ្ជូនទៅសួរចម្លើយ។

ស្ដេច​ឈិន​ អង្គ​ឯង​បាន​នាំ​បរិវារ​ទៅ​មហា​ដំណាក់ឈីង ​ឆែកឆេរ​គ្រប់ច្រក​ល្ហក។ ស្ដេច​ពិត​ជា​រក​ឃើញ​កូន​ក្រៅ​ខោ​ពីរ​នាក់​របស់​ ចាវ​ កឺ។ ដោយ​មាន​ភស្ដុតាង​ក្នុង​ដៃ ​ស្ដេច​ឈិន​ ស្រែក​សន្ធាប់៖

- អាកូន​អត់ពូជ​នេះ! ទុក​វា​ធ្វើអី​ ទាហាន​សម្លាប់​វាឱ្យ​យើង។ ទាហាន​ម្នាក់​ស្ទុះ​លោមក​ក្របួចយក​ក្មេង​អភ័ព្វ​ទាំង​ពីរ​ ញាត់​ចូល​បាវ​ក្រណាត់មួយ​ចង​មាត់​ជាប់ ហើយ​បោក​ផ្ដប់​ទៅ​នឹងដី។ បន្ទាប់​ពី​ឮ​សម្រែក​ដ៏​ខ្មោចផ្សា​ពីរ​បី​ម៉ាត់មក​ ក្មេងទាំង​ពីរ​ក្លាយ​ជា​ដុំ​សាច់​គ្មាន​វិញ្ញាណ​ភ្លាម។ ចាវ កឺ​ ឮថា​ លាវ អៃ​ ត្រូវ​ចាប់​បាន​រឹង​ខ្លួន​ដូច​ថ្ម​ទៅ​ហើយ ​លុះ​ឮ​សម្រែក​លាចាក​លោក ​របស់​កូន​តូច​ពីរ​នាក់​ទៀត ​នាង​បី​ដូច​ជា​ស្លាប់​ ទាំង​ឈរ​តែ​មិន​ហ៊ានថ្ងួច​ថ្ងរ​ជា​សម្លេង​ឡើយ ហើយ​ក៏​សន្លាប់​លែង​ដឹង​ខ្លួន​ទៅ។ ពេល​គាត់​ដឹង​ខ្លួន​វិញ​ឃើញ​ជុំវិញ​ស្ងាត់​ត្រង់​គួរ​ឱ្យ​ព្រឺ​ខ្លាច។ ស្ដ្រីម្នាក់នេះពើត​ផ្សាក្នុងឱរ៉ា​ ក្បាល​ឈឺ​ឡើង​ណែន​ ឆ្អឹងខ្នង​ត្រជាក់​ស្រេក​រំពេច​នោះ​ខ្លួន​គាត់​ញ័រ​ចំប្រប់​ដូច​កូន​ទន្សាយ​ ត្រូវ​ព្រួញ​ព្រាន​ព្រៃ។ គាត់​ចង់​ស្រែកយំ​តែ​មិន​មាន​ទឹក​ភ្នែក​សម្រាប់​ហូរ​ចេញ​មក​ទៀត​ មាន​តែធ្វើ​ភ្នែក​ឡឹង​ឡង់​មិន​យល់​ថា​ខ្លួន​នៅ​ទី​ណា។ តែ​នៅ​ជ្រុង​បន្ទប់​ ចំពោះ​មុខ ​និង​ផ្ទាល់​ភ្នែក​គាត់​ គឺ​ក្បាល​មនុស្ស​ប៉ុន្មាន​សិប​នាក់​ ហើយ​នៅ​ហូរ​ឈាម​ក្រហម​ស្រស់ៗ​នៅ​ឡើយ​ទេ។ នៅ​ក្នុង​ត្រចៀក​គាត់​ហាក់​នៅ​ឮ​ល្វើយ​ៗ ​សម្រែក​ដ៏​ខ្លោច​ផ្សារ​ នៃកុមារអភ័ព្វ​ទាំង​ពីរ។ នៅ​ខាង​ក្រៅ​បន្ទប់​ខ្យល់​បក់​ត្រសៀក​តែ​ត្រជាក់​ពេក​ក្រៃ ធ្វើ​ឱ្យ​ស្រ្ដី​នេះ​ទទួល​អារម្មណ៍​ថា​គាត់​រស់​ក្នុង​ឋាននរក​អវិចី។

ស្ដេច​ឈិន ​ទ្រង់​ពិរោធ​សន្ធោសន្ធៅ​យាង​ចេញ​បាត់​ពី​ដំណាក់​។ ទង្វើ​របស់​មាតា ធ្វើ​ឱ្យ​ស្ដេច​អង្គ​សែន​អា​ម៉ាស់​ និង​ក្រោធ​ខឹង​ព្រម​ទាំង​ស្អប់​ និង​ចង​កំហឹង​រក​ទី​បំផុត​គ្មាន។ ព្រះ​រាជា​មិន​អាច​ព្រះ​រាជ​ទាន​ទោស​ដល់​ ទង្វើ​ដ៏​អសោច​នេះ​បាន​ឡើយ។ មុន​នេះ​មិន​ប៉ុន្មាន​ថ្ងៃ​ សេ្ដច​អង្គ​នៅ​គោរព​ស្រលាញ់​មាតា​ស្មើ​មេឃ​ នៅ​ថ្វាយ​ព្រះ​ពរ​ដល់​មាតា​ នៅ​ឱន​ព្រះ​សិរសា​ទទួល​យក​ព្រះ​សុវណ្ណី​របស់​មាតា។ ប៉ុន្ដែ​ឥឡូវ​នេះ​ក្នុង​ហឫ​ទ័យ​របស់​ទ្រង់​មហាក្សត្រិយានី ​ចាវ កឺ​ ជាសត្រូវ​មិន​មែន​ជា​មាតា​ទៀត​ឡើយ។

ក្រោយ​ពេល​រលាស់​ដៃ​អាវ​ដើរចេញ​ សេ្ដច​យាង​មក​កាន់​ដំណាក់​ ឈី នៀន​ ក្ដី​ក្រោធ​ខឹង​ក្នុង​ហឫទ័យ​មិន​ទាន់​រសាយ។ នាយ​មេ​គុក​យក​ចម្លើយ​របស់​ លាវ អៃ​ មកថ្វាយ។ ក្នុង​ចម្លើយ ​លាវ អៃ​ សារភាព​ប្រាប់​ពី​ទង្វើ​របស់​ លុយ​ ពូវ៉ី។ លាវ អៃ​ សារភាព​ថាមាន​សហាយ​ស្មន់​ និង​មហាក្សត្រិយានី​ រហូត​បាន​កូន​ប្រុស​ពីរ​នាក់​ សារភាព​ថា​បាន​យក​ត្រាគុជ​ពី​មហាក្សត្រិយានី​ក្លែង​ព្រះ​រាជ​បញ្ជា​ ប៉ុនប៉ង​ក្បត់​រាជបល្ល័ង្ក។ ទត​ចប់​ស្ដេច​អង្គ​ដាក់​បញ្ជា​ឱ្យ​នាំ ​លាវ​ អៃ ​ទៅ​ទ្វារ​ខាង​កើត​ប្រើ​សេះ​ប្រាំបំផ្លាញខ្លួន​ ហើយ​​ប្រហារ​ជីវិតខ្សែ​ញាតិ​សណ្ដាន​ ៩​ត្រកូល​របស់​នាយ​ ឯ​ខ្មាំង​បង្កប់​ពី​រនាក់ ​និង​បរិវារ​របស់​ លាវ អៃ ត្រូវ​ប្រហារជីវិត​ចំពោះ​មុខ​មហា​ជន​ជា​ការ​ព្រមាន។ ឯក្រុម​អ្នក​ដែល​ជា​បរិវារ ​លាវ​ អៃ​ តែមិន​បាន​ចូលរួម​ក្នុង​ពេល​ចលា​ចល​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ទ័ព ​ឯ​តំបន់​ ស៊ី​ ឈួន។​ ស្ដេច​អង្គ​នៅ​មាន​រាជ​ឱ​ង្ការថា៖

- មហាក្សត្រិយានី​ ចាវ​ កឺ​ ជា​មាតា​ជាតិ​ តែ​មិន​គោរព​ឋានៈ សន្ដិបុណ្យ​របស់​ខ្លួន​លួច​សាហាយ​ស្មន់​និង ​លាវ អៃ​ ហើយ​ប្រគល់​ត្រាគុជ​ឱ្យ ​លាវ អៃ ​ធ្វើ​ការ​រំលំ​រាជ​បល្ល័ង​ ផ្ដល់​ការ​ទំនុកបម្រុង​ដល់​ខ្មាំង​របស់​ជាតិ​ ហេតុ​នេះ​ត្រូវ​ដក​ឋានៈ ​ជាមាតា​ជាតិ ​និង​មិន​បើក​ឱ្យ​នូវ​សួយ​សារ​អាការ​ សម្រាប់​មាតា​ជាតិ​។ ត្រូវ​និរទេស​ទៅ​ដំ​ណាក់​ អ៊ីយ៉ាង​ និង​មាន​ទាហាន​ ៣០០​យាម​កាម​ទាំង​យប់​ទាំង​ថ្ងៃ។

បន្ទាប់​ពី​កំចាត់​បង់​ ក្រុម​ លាវ អៃ ក្ដី​តប់​ប្រមល់​ថប់​ៗ​ក្នុង​ព្រះ​ទ័យ​ ឈិន​ វង់​ជីន ស្រាប់​តែ​រលាយ​បាត់​អស់។ ក្ដី​កង្វល់​នោះ​ហាក់​កើត​ឡើង​យ៉ាង​រហ័ស​ពេល​ ឈិន​ វង់ជីន​ មក​ដល់​ក្រុង​អ៊ុន ហើយ​ក៏រលាយ​ទៅ​វិញ​យ៉ាង​លឿន។ កិត្ដិ​ស័ព្ទ​របស់​សម្ដេច​ឈិន​បាន​អណ្ដែត​ក្រសែត​យ៉ាង​ខ្ពស់​ក្រោយ​ ព្រឹតិ្ដការណ៍​នេះ​កន្លង​ផុត​ទៅ​តែ​ស្ដេច​អង្គ​មិន​បន្ដ​គង់​នៅ​ដំណាក់​ដែល ប្រឡាក់​ប្រឡូក​ដោយ​រឿង​អា​ស្រូវ​មួយ​នេះ​ទេ។ ស្ដេច​យាង​និវិត្ដន៍​ទៅ​ ស៊ាន​យ៉ាង ​វិញ​យ៉ាង​ប្រញាប់​ប្រ​ញាល់​ក្រោម​ការ​ការពារ ​យ៉ាង​មធ្យ័ត​ពី​ទ័ព​ស្រួច ​៣០ ០០០នាក់​របស់ ​ហួង​ អ៊ី។

នៅឯ​ទីលាន​ ឆាង ​ ទីង​ ដែល​ឃា្លតពី​រាជធានី​ ១០​យោជ​ លោក​មហា​សេនា ​យ៉ាង ​ចៀន ​ជា​ប្រ​មុខ​នៃ​អស់​មន្ដ្រីរាជការ​ព្រម​ទាំង​បរិវារ​ជាច្រើន​រូប​ទៀត​របស់​ព្រះ​មហាក្សត្របាន​ ណាត់​គ្នា​មក​ទទួល​ព្រះ​រាជ​ដំណើរ​ យាង​និវត្ដន៍​ត្រង់​កន្លែង​នេះ​ដោយ​ក្ដី សប្បាយ​រីក​រាយ​គ្រប់​ៗ​អង្គា។ ស្ដេច​ឈិន​ គ្រង​ម្កុដ​ធ្វើ​ពី​មាស​លឿង​ឆ្អិន​ឆ្អៅ​ចាំង​ភ្លឺ​ផ្លេកៗ ហើយ​ពាក់​អាវ​​ផាយ​ពណ៌​លឿង​ពី​ក្រៅ​ និង​ស្ពាយ​ដាវ​ទិព្វ​ នៅ​ជាប់​និង​ចង្កេះ​ គង់​លើខ្នង​សេះ​បំផាយ​តិចៗ​ កាត់ហ្វូងមហាជន​គន់​មើល​យូរ​ទៅ ​ដូច​អង្គ​ទេវតា​ដែល​ទើប​យាង​មក​ពី​ឋាន​សួ​គ៌ា នភាល័យ។ ក្រោយ​ខ្នង​ព្រះ​រាជ​ គឺ​ យ៉ាង ​ចៀន និង​ហួង អ៊ី បន្ដ​គ្នា​តាម​យ៉ាង​ប្រកិត​ និង​ស្ដេច​អង្គ។ ស្ដេច​ទត​គ្រប់​ប៉ែកនៃ​មហាជន​តែ​មិន​ឃើញ​ស្រមោល​ លុយ ពូវ៉ី​ សោះ។

លុះស្អែក​ឡើង​ ក្នុង​សវនាការ​នា​ពេល​អរុណ ស្ដេច​ឱ្យ​មន្ដ្រី​ព្រហ្មទណ្ឌ​អាន​ចម្លើយ​សារ​ភាព​របស់ ​លាវ​ អៃ​ ហើយ​សួរ​ទៅ​កាន់​នាហ្មឺន សព្វមុខ​មន្ដ្រីថា៖

- អស់​លោក​ជ្រាបហើយ​ លាវ អៃ អាចក្បត់​បាន​ ត្បិត​មាន​មហាក្សត្រិយានី​ជ្រោម​ជ្រែង​ ហើយ​លុយ ពូវ៉ី ​ជាអ្នក​រៀប​នូវ​ល្បិច​កិច្ច​កល​ដ៏​ពិស​ពុល។ កាល​នៅ​ក្រុង​អ៊ុន​ លាវ អៃ​ ត្រូវ​សេះ​ប្រាំ​បំបែក​កាយ​រួច​ហើយ​ ឯ​មហាក្សត្រិយានី​ត្រូវ​ដក​ហូត​ឋានៈ មាតា​ជាតិ​រួច​ហើយ​ដែរ។ តែ​សូម​អ្នក​ជំនិត​ទាំង​អស់​ថ្វាយ​យោបល់​មក​យើង​មើល​ តើធ្វើ​យ៉ាង​ណា​ទើប​ល្អ?

លុយ ពូវ៉ី ជាមហាមន្ដ្រី​ដុះ​ស្លែ​របស់​ប្រទេស​ឈិន​ ហេតុ​នេះ​មាន​ នាហ្មឺន​មន្ដ្រី ​មិន​តិចគ្នាទេ ​ជា​បក្ស​ពួក​របស់​នាយ។ ខណៈ​នេះ​ ក្រុម​មន្ដ្រី​អស់​នេះ​ស្រុះស្រួល​គ្នា​ការពារ ​លុយ ពូវ៉ី។ ពួកគេ​អះ​អាង​ថា​ លុយ ពូវ៉ី​ មាន​គុណ​បំណាច់ជ្រោម​ជ្រែង​ឱ្យ​អតីត​​ព្រះ​រាជា​បាន​គ្រង​រាជ​ ឯចម្លើយ​សារភាព​របស់​ លាវ​ អៃ ​អាច​ជា​ការ​បង្កាច់​បង្ខូច​មួយ​ប៉ុណ្ណោះ។ បើទោះ​ជា​ពិត​ក៏​ដោយ​ចុះ​ក៏​ លុយ ពូវ៉ី​ គ្មាន​កំហុស​ផ្ទាល់ក្នុង​ករណី​នេះ​ដែរ។ ដូច្នេះ​សូម​ព្រះ​រាជា ​មេត្ដា​សណ្ដាស ឬ​ដាក់​ទោស​រស់​បានហើយ។

ស្ដេច​ឈិន​ទ្រង់​សណ្ដាប់​រួច ​ព្រះ​តម្រិះ​អស់​ពេល​យ៉ាង​យូរ​ ទើប​មាន​បន្ទូល​ទៅ​កាន់​អង្គ​សវ​នាការថា៖

- យើង​លើក​លែង​ទោសស្លាប់​ តែ​ទោស​រស់​មិន​អាច​លើក​លែង​ទេ។ គ្រានេះ​យើង​ដក​ឋានៈ​​មហា​ឧបរាជ​ របស់​គាត់ ​ហើយ​ឱ្យ​ត្រឡប់​ទៅ​រស់​នៅ​ត្រង់​ ដី​ព្រះ​រាជ​ទាន​នា​ក្រុង​ ឡក​យ៉ាង​ រហូត​អស់​ជីវិត។

មិន​យូរ​ក្រោយ​មក​ទៀត​ ស្ដេច​ ឈិន​ វង់​ជីន​ បាន​ស្ដាប់តាម​សម្ដី​របស់​មនុស្ស​មក​ពី​នគរ​ឈី​ ឈ្មោះ ម៉ៅ​ ស៊ាវ​ ហើយ​ទទួល​មាតា​​មក​រស់​នៅ​ក្នុង​វាំង​វិញ។ លុយ​ ពូវ៉ី កា្ដប់​បាន​ដំណឹង​នេះ​ក៏​ចាត់​ឱ្យ​បរិវារ​ឈ្មោះ​ អូវ​ យ៉ាង​ធៀន​ បញ្ចុះ​បញ្ចូល​ឱ្យ​ ម៉ៅ​ ស៊ាវ​ ជួយ​​យក​អាសារ​ លៃ​យ៉ាង​ណា​ ម៉ៅ ​ស៊ាវ​ អូសទាញ​ឱ្យ​ស្ដេច​ ឈិន ​រាជានុញ្ញាត​ឱ្យ​គាត់​មក​ ស៊ានយ៉ាង ​វិញ​ដែរ។ សេ្ដច​ឈិន​មិន​មាត់​ មិន​ក​ តែ​សរសេរចុតហ្មាយមួយ ​ដោយ​អង្គ​ឯង​ចាត់ឱ្យ​បរិវារ​យក​ទៅ​ឱ្យ​ លុយ​ ពូវ៉ី។ លុយ​ ពូវ៉ី ឱនក្បាល​ទទួល​រាជ​សារ​ លុះ​បើក​ចេញ​អាន​ឃើញ​សេចក្ដី​ដូច​ត​ទៅ​៖

"ឯង ​មាន​គុណ​បំណាច់​អ្វី​ចំពោះ​ប្រទេស​ឈិន​ ទើប​ត្រូវ​​បានតែង​តាំង​ជា​មន្ដ្រី​ វិន​ ជីនស៊ូ និង​បាន​សួយ​សាអា​ករ​ពី ​១០០​ ០០០​គ្រួសារ​? ចំពោះ​ស្ដេច​ឈិន​ តើ​ឯង​មាន​មនោ​សញ្ចេតនា​អ្វី​ ទើប​បង្គាប់​ឱ្យ​ស្ដេច​ឈិន ហៅ​ឯង​ថា​ឪពុក​ធម៌?​ ករណី ឆាង​ អានជីង ​ក្បត់​គឺ​មក​ពីឯង​ប្រើ​មនុស្ស​មិន​ល្អ​ ទើប​កើត​មាន​​កល​យុគគ្រា​នោះ។ ឯមហាក្សត្រិយានី​ត្រូវ​រង​ពាក្យ​និន្ទា ដៀលត្មេះ​ ពី​គ្រប់​ទិស​ទី​ ក៏​មក​ពី​​ឯង​បង្ក​ឡើង។ ឯ លាវ​ អៃ​ ក្បត់​ក៏​បណ្ដាល​មក​ពី​ឯង។ យោង​លើ​ទោស​កំហុស​អស់​នេះ​ ឯង​សម​តែ​ស្លាប់​ តែ​យើង​មិន​ដាច់​ចិត្ដ​សម្លាប់​ឯង​ ទុក​ឱ្យ​ឯង​រស់​នៅ​ដោយ​សុខ​សាន្ដ​ ក្នុង​វ័យ​ជរា​ចាស់​ឯ ឡក​យ៉ាង​ ដោយ​សុខ​សាន្ដ​ហើយ។ តើឯង​ចង់​បាន​អី​ទៀត? ហេតុ​អី​មិន​ស្វ័យ​ទិះតៀន​ខ្លួនឯង​ផង​ ព្រម​ទាំង​ពួក​ទាក់​ទង​ជា​សម្ងាត់​និង​រាជ​ទូត​បរ​ទេស​ជា​ច្រើន​ទៀត។ ដូច្នេះ​ពីពេល​នេះ​ទៅឯង​ត្រូវ​ប្រគល់​អស់​នូវ​​សួយ​សាអាករ​ទាំង​អំបាល​មាណ​ ជាសម្បតិ្ដ​ជាតិ​វិញ​ ហើយ​ដឹកកូន​ជញ្ជូន​ចៅ​អស់ទាំង​គ្រួសារ​ និង​បរិវារ​តូច​ធំ​ក្រមុំ ​កំលោះ​ទាំងអស់​ទៅរស់​នៅ​ ឯតំបន់​ ស៊ីឈួន ​ក្រុង​ពី​ឆឹង ​រហូត​ដល់​ឯង​ចាស់​ស្លាប់​នៅ​ទីនោះ...។ ម្យ៉ាង​ទៀត​ យើង​នៅ​មន្ទិល​សង្ស័យ​ពី​ការ​ចូល​ទី​វង្គ​តរបស់​អតីត ព្រះ​រាជា​ពីរ​អង្គ​ តើ​អាច​ពាក់​ព័ន្ធ​និង​បាត​ដៃ​របស់​ឯង​ឬ​ទេ? បើ​នេះ​ជា​រឿង​ពិត​ នោះ​ទោស​កំហុស​របស់​ឯង​បើ​ធៀប​និង​របស់​ដែល​ឯង​ហៅ​ថា​គុណ​បំណាច់​ នោះ​ឃើញ​ថា​ទោស​ឯង​ធំជាង​គុណ​អនេក​ណាស់​។ យើង​មាន​បន្ទូល​ដូច្នេះ​ តើ​ពិ​បាក​ស្ដាប់​ណាស់​មែន​ទេ? ឯង​ខ្លាច​យើង​ប្រកាស​ឱ្យ​មហាជន​ដឹងឬ? បើ​អញ្ចឹង​មែន​យក​ល្អ​ឯង​ត្រូវ​ជ្រើស​យក​ការ​ចាក​ចេញ​ឱ្យ​ឆ្ងាយ។ ពី​ឆឹង ​នៅ​តំបន់​ប៉ាស៊ូ ​ពិត​មែន​ថា​ឆ្ងាយ ​តែ​ឯង​បាន​រស់​ដោយ​សេរី​ បើ​ទោះ​ជា​ទ្រង់​កណ្ដោច​កណ្ដែង​ តែ​ឯង​បានរស់​ដោយ​ស្ងប់​ស្ងាត់​តាម​វ័យ​ជរា​ព្យាធិរបស់​ខ្លួន។ ឮគេ​តំណាល​ថា​នៅ​ទី​នោះ​មាន​បក្សី​ប្រចាំ​ស្រុកម៉្យាង​ឈ្មោះ​ "​ឈីម"​ ដែល​មាន​រូប​រាង​ស្រស់​ស្អាត​ក៏​អាច​ជា​ទី​កយ​គន់​បំបាត់​ទុក្ខ​កង្វល់​ របស់​ឯង​បានដែរ​!"។

អានចប់​រាជ​សារ ​លុយ ពូវ៉ី​ អង្គុយធ្មឹង​ដូច​សព​គ្មាន​វិញាណ​អស់​មួយ​សំទុះ​ធំ​ ទើប​ងើប​ឡើង​បោះ​ជំហាន​មួយ​ៗ ដើរ​ចូល​ផ្ទះ​ធំ​ដៃ​កាន់​សំបុត្រ​នោះ​ទៅ​ជាមួយ​ផង។ គាត់​ដាក់​រនុក​ទា្វរ​ពី​ខាង​ក្នុង​ ហើយ​កេះ​ក្រម៉ប​ញ្ឆេះ​ចង្កៀង​ឱ្យ​វា​ភ្លឺ​ឡើង​ ដៃ​កាន់​សំបុត្រ​ដោយ​ញី​ញ័រ​ដុត​ចុង​វា​រហូត​វា​ឆេះ​អស់។ ពាស​ពេញ​បន្ទប់​ធុំឆួល​ក្លិន​ក្រណាត់​ឆេះ ​និង​គ្រប​ដណ្ដប់​ដោយ​ផ្សែង​។ ស្រទាប់ផ្សែង​អួរ​អ័ព្ទ​ទាំង​នោះ​ធ្វើ​ឱ្យ​អារម្មណ៍​ លុយ​ ពូវ៉ី ​វិល​វល់​ដូច​ក្នុង​សុបិន ​ធ្វើ​ឱ្យ​គាត់​នឹក​ឡើង​វិញ​ពី​អតីត​កាល​ដ៏​ ស្រស់​ផូរ​ផង់​ដែល​បាន​កន្លង​ផុត​ហើយ។

លុយ ពូវ៉ី ដែល​កាល​ដើម​ឡើយ​ជា​អ្នក​ជំនួញ​ស្ដុក​ស្ដម្ភ​ម្នាក់​ដែល​អាច​រស់​នៅ​ ក្នុង​ជីវភាព​ថ្កុំ​ថើង​តកូន​តចៅ។ លុយ ពូវ៉ី មាន​ ចាវ កឺ​ មួយ​ដែល​ស្រស់​ស្អាតបវរ​ និង​កូន​ប្រុស​ម្នាក់​ដ៏​អស្ចារ្យគឺ​ស្ដេច​ឈិន ​សព្វ​ថ្ងៃ។ អស់​ទាំង​នេះ​ជា​សម្បតិ្ដ​មនុស្ស ​ដ៏​មហាសាល​ ពិបាក​រក​គ្រួសារ​ណាមាន​ដូច​របស់​គាត់។ ប៉ុន្ដែ​ហេតុ​តែ​ មោ​ហៈ បាំង​ ឬ​មក​ពី​ក្ដី​លោភៈ ទោសៈ របស់​គាត់​ ក្រោយ​ពី​បាន​ជួប​ យី​យិន ​គាត់​ចាប់​ផ្ដើម​មាន​មហិច្ឆតា​ងងឹត​ងងល់។ មហិច្ឆតា​នេះ​បាន​ជម្រុញ​ឱ្យ​គាត់​លះ​បង់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​ លះបង់​ទាំង​ស្រី​កំណាន់​ដ៏​ស្រស់ស្អាត​ដោយឥត​ស្ដាយ​ស្រណោះ។ មហិច្ឆតា​​នេះ​ ធ្វើ​ឱ្យ​គេ​ហ៊ាន​ដល់​ថ្នាក់​ប្ដូរ​អង្គក្សត្រ​ដោយ​ប្រើ​ មធ្យោបាយ​ដ៏​ពិសេស​ពុល​ និង​បាន​សម្អាត​ផ្លូវ​មួយ​យ៉ាង​ស្អាត​ទុក​ឱ្យ​កូន​ ប្រុស​របស់​គាត់។ ចុង​ក្រោយ​គាត់​ទទួល​បាន​ភាព​ថ្កុំ​ថ្កើង​ហួស​ពី​ការ​ស្មាន​ ហើយ​គ្មាន​នរណា​ បាន​ធ្វើ​ដូច។ ប៉ុន្ដែ​មហិច្ឆតា ​វាគ្មាន​ទី​បំផុត​ ហើយ​រំពេច​នោះ​គាត់​ត្រូវ​​បាត់​បង់​កូន​ប្រុស​ជា​ទី​ស្រឡាញ់ស្មើជីវិត​និង ​ស្រី​កំណាន់​ដែល​មាន​តែ​ម្នាក់​គត់​យ៉ាង​ទន់​ហន់។ មហិច្ឆតា​បាន​ធ្វើឱ្យ​សុបិន​របស់​គាត់​ត្រូវ​បញ្ចប់​ទី​បំផុត​គ្រប់​យ៉ាង​ សុទ្ធ​តែ​បាត់​បង់។

អ្នក​ដែល​ធ្វើ​ ឱ្យ​គាត់​បាត់​អស់​គ្រប់​យ៉ាង​​គឺជា​ កូន​បង្កើត​និង​តែ​ម្នាក់​គត់​របស់​គាត់​ថែម​ទៀត។ កូនប្រុស​គាត់​បាន​ក្លាយ​ជា​អ្នក​ជីក​ផ្នូរ​បញ្ចុះ​គាត់។ កូន​ប្រុស​គាត់​បាន​ សំដៅ​មក​រក​គាត់​ ដើម្បី​ទារយុត្ដិធម៌​ឱ្យ​បណ្ដា​ជីវិត​ដែល​គាត់​បាន​សម្លាប់។ តើថា​ជា​កម្ម​ផល​មែន​ទេ? ឬ​មក​ពីការ​បរិភាគ​រុក្ខជាតិ​ពុល ​ដែល​ខ្លួន​យើង​បាន​ដាំ។ ឥឡូវ​អ្វីៗ​គឺ​ហួស​ពេល​ទៅ​ហើយ!

លុយ​ ពូវ៉ី ​បាន​ងើប​ចេញ​ពី​គ្រែ​ដេក ​ដើរ​ទៅ​បើក​ទូរ​ឈើ​ប្រណិត​មួយ​ដែល​ បញ្ឈរត្រង់​ជ្រុង​ជញ្ជាំង។ គាត់​បើក​ទូរ​យក​ស្រា​មួយ​ថូ​ចេញ​មក​ចាក់​ចូល​ពែង​មាស​មួយ ​តមក​គាត់​ ពួក​យក​ស្លាបបក្សី​ម្យ៉ាង ​ចេញ​ពី​ថូ​មួយ​មក​ទៀត។ ស្លាបនោះ​គឺ​ជា​ស្លាបរបស់​បក្សី​ឈ្មោះ​ ឈីម។ ស្លាបនេះ​ពិត​ជា​ស្អាត​ស្រស់​តែ​មាន​ជាតិ​ពុល​អាច​សម្លាប់​មនុស្ស​បាន។ លុយ ពូវ៉ី យក​ស្លាប​កូរ​ឱ្យ​សព្វ​ក្នុង​ពែង​ស្រា រួច​ផ្អៀង​ផ្អង​សង្កេត​មើល​ឃើញ​ស្រា​នៅ​តែ​ដដែល​ដូច​ដើម។ គាត់​លើក​កែវ​ឡើង​ ហើយ​ដាក់​ចុះ​ធ្វើ​ដូច្នោះ​ជា​ច្រើន​សា...​ គាត់​គ្មាន​សេច​ក្ដី​ក្លាហាន​ គ្រប់​គ្រាន់​ដើម្បី​ផឹក​ស្រា​តែ​បីដូច​ជា​ម្ចាស់​ក្សត្រយានី ​ចាវ កឺ ស្ដេចឈិន​ វ​ង់​ជីន​ ស្ដេច​ស៊ាន ​វិនវង់ ស្ដេច​ចាង​ ស៊ាងវង់​ លេច​ធ្លោចំពោះ​មុខគាត់​ហើយ​តម្រូវ​ឱ្យ​គាត់​ដាច់​ខាត​ត្រូវ​តែ​ផឹក​វា។ ទីបំផុត​គាត់បាន​ងើប​ក​ឡើង​​ចាក់​ពែង​ស្រា​ចូល​មាត់​លេប​មួយ​ក្អឹក ​ជាតិ​ពុល​ជ្រាប​សព្វ​សារ​ពាង្គ​កាយ ​ហើយ​ទ្វារ​បន្ទប់​របើក​ចេញ​គ្រប់​គ្នា​មាន​តាំង​ពី ​កូន​ក្មួយ​ បរិវារ​ក្នុងដំណាក់​និង​សិស្សគុណ ​ក៏​ដូច​ជា​ពួក​មន្ដ្រី​រាជការ​ដែល​ដំណាក់​ គុណ​គាត់​សម្រុក​ចូល​ឃើញ​ទិដ្ឋភាព​ដូច្នេះ ​ក៏​ស្រែក​យំ​ទ្រ​ហឺង​អឺងកង​ ខ្ទរខ្ទារពេញ​តំបន់ ​តែ លុយ ពូវ៉ី លែង​ស្ដាប់​ឮ​ទៅ​ហើយ ​ខ្លួន​ប្រាណ​ធំចង្ក្រឹងរបស់​គាត់ ​បាន​រលំគ្រាំង​ លើក​ម្រាល​ចំពោះ​មុខ​ការ​សោក​ស្ដាយ ​ឬ​ស្អប់ខ្ពើម​លាយ​ចម្រុះ​គ្នា​នៃ​ មនុស្សសម័យនោះ៕

(សូមរង់ចាំអាន វគ្គទី៣ បន្ត... សូមអរគុណ!)

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2142
1621
4531022