jaukjeybanner

មហា​ព្រះ​រាជា​ទាំង ១០អង្គ​ ក្នុង​ប្រវត្តិ​សាស្រ្តចិន (វគ្គទី៣)

វាចាអ្នកប្រែសម្រួល
​​
​​ជាការពិតណាស់ចិនជាប្រទេសដ៏ធំ និង ចំណាស់មួយក្នុងលោក។ ខឿនអារ្យធម៌ និង ប្រវត្តិសាស្ត្រចិនបានកើតឡើង​មុន​ប្រទេស​ជាច្រើន។
 
ដោយសង្កេតឃើញថា " បណ្តាព្រះរាជាទាំង ១០​អង្គ នៃប្រវត្តិសាស្ត្រចិន"  ដែលនឹងត្រូវខ្ញុំបាទ លើកមក​បង្ហាញ​ជូន​ម្តង​មួយ​ៗ​ ជា​​បន្ត​​បន្ទាប់​នេះមានលក្ខណៈល្អ ដែលគួររៀនតាម និងមានលក្ខណៈអាក្រក់ ដែលពុំគួរ​រៀន​តាមតែត្រូវដឹង ដើម្បី​ជៀស​វាង​។​ ដោយ​​​ឃើញ​ថា​​​ លើទីផ្សារសៀវភៅអានសព្វថ្ងៃនេះពុំសូវសំបូរសៀវភៅ​ប្រភេទនេះ។​ ដោយចង់ធ្វើ​សកម្មភាពមួយ ដើម្បី​ថ្លែង​អំណរ​ដល់​ប្រិយ​មិត្ត​របស់​ ទស្សនាវដ្តី​ខ្មែរសម័យថ្មី។ ខ្ញុំបាទ​ក៏បានឆ្លៀតយកបណ្តាពេលវេលា ដែលទំនេរដើម្បីប្រែសម្រួល និង​ចង​​ក្រង​កម្រង​រឿង​នេះ​ឡើង​។ កម្រង រឿងនេះនឹងត្រូវចែកជាច្រើនភាគ ទស្សនាវដ្តីខ្មែរ​សម័យថ្មី ចាប់ផ្សាយជូនពីលេខ ៥៣១ តទៅ​។  ស្របពេល នឹងគា្ននេះ ខ្ញុំបាទ​សូមឧទ្ទិសសេចក្តីប្រែសម្រួល​រៀបរៀង កម្រង​រឿងនេះជូនដល់​ ឧបាសក ប៉ែន សាន និង ឧបាសិកា កៅ គីមលី ជាឪពុក​ និង​ម្តាយ​បង្កើត និងវិញ្ញាណក្ខន្ធ ឧបាសក​ ឡៅ ចេងងន់ ឧបាសិកា ជឺ បាក់ឡាង ជា​ឪពុក​ក្មេក ម្តាយ​ក្មេក និងបងប្អូនគ្រប់រូបទាំងសងខាង ព្រមទាំងលោកគ្រូ អ្នកគ្រូ​ទាំងអស់ និងបងប្អូន ជាបុគ្គលិក កម្មករ​ល្អៗ​គ្រប់​រូប មិត្ត​ភក្តិ​ផង​ទាំងឡាយ ព្រមជាមួយអស់លោ​ក លោកស្រី ជាអតិថិជន ជាមិត្ត​អ្នកអាន​​ផងដែរ ត្បិត​មាន​ការបង្កើត ចិញ្ចឹម​បី​បាច់​​ថែ​រក្សា​ ប្រៀន​ប្រដៅ បង្ហាត់បង្រៀន ឧបត្ថម្ភគាំទ្រ​របស់​លោកអ្នក​​ទាំងអស់ ទើបខ្ញុំបាទ និង​ភរិយា​មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃ​នេះ។​ ជាមួយគ្នា​នេះ​ក៏សូម​ឧទ្ទិស ជូនដល់ដួង វិញ្ញាណក្ខន្ធ ​បណ្តា​បុព្វ​បុរស​ខ្មែរ​​ដែលបានពលីជីវិត ដើម្បី​ថែរក្សា​​ការពារ​ផ្ទៃ​ដី​ទំហំ  ១៨១ ០៣៥ គីឡូ​ម៉ែត្រការ៉េ របស់ខ្មែរ ពិសេស​បងៗ​ដែល​ទើបនឹងពលី ថ្មីៗក្នុងការ​បង្ក្រាប​ការឈ្លានពាន​របស់ពួកសៀម​អន្យតិរ្ថិយ​​​ ជា​អ្នក​ដែល​​​បញ្ជា ពួកផ្សំគំនិត និងពួក​ដែល​បាន​ឈ្លានពាន​ផ្ទាល់​មក​ខ្មែរ​នា​តំបន់​ព្រំដែន​ខ្មែរ-សៀម។
 
ចុងក្រោយ គឺខ្ញុំបាទសូមអស់លោកអ្នក ដែលមានចំណេះវិជ្ជាជ្រៅជ្រះនិងប្រិយមិត្តរបស់ទស្សនាដ្តីខ្មែរសម័យថ្មី​ ទាំងអស់ មេត្តា​អភ័យ​ទោស​ដល់​ខ្ញុំបាទ ចំពោះរាល់​កំហុសឆ្គងដោយអចេតនា។​ សូមផ្តល់ការរិះគន់ស្ថាបនា​មក​ខ្ញុំបាទ​ តាមរយៈអាសយដ្ឋាន លេខ​ទូរស័ព្ទ Email​ ឬ Fax ដូចមានស្រាប់ក្នុងទស្សនាវដ្តី​ខែ្មរស​ម័យថ្មី។ ខ្ញុំបាទ​រីករាយនឹង​ទទួល​យករាល់ ការកែលំអនោះ នឹង​កែ​ប្រែ ដើម្បី​ស្នាដៃ​ក្រោយ​ៗ​បន្ត​ទៀត​របស់​ខ្ញុំ​បាទកាន់តែល្អនិង​​បម្រើអ្នកអាន​ បាន​គ្រប់​ជ្រុងជ្រោយផង។
 
ភ្នំពេញ, រាត្រីថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១១
ប៉ែន ផល្លា
ចាងហ្វាងទស្សនាវដ្តីខ្មែរសម័យថ្មី
 
================================

១. ឈិន ស៊ុយហុ័ង ស្តេចអង្គដំបូង ដែលទន្ទ្រានយកនគរទាំង៦ ធ្វើ​ឱ្យ​ឯក​ភាព​ភូមិ​ភាគ​កណ្តាល​ (ចុងយាន)

បញ្ជាបណ្តេញភ្ញៀវទាំងអស់នៅក្នុងក្រុង ស៊ានយ៉ាង

បើទោះបី ​ជា​ លុយ​ ពូវ៉ី បានស្លាប់​ តែ​សេចក្ដីក្រេវ​ក្រោធ​ក្នុង​ហឫទ័យ​ស្ដេច​ ឈិន​ វង់ជីន មិន​ទាន់​សាប​រលាប​នៅ​ឡើយ​ទេ។ ស្ដេច​អង្គ​នេះនឹកគិត​ដល់ ​ផាន អ៊ូឈី នឹក​ដល់​ លាវ អៃ ហើយ​ក៏​នឹក​ដល់​ លុយ​ ពូវ៉ី​ ទៀត... ពួកមនុស្សអស់​ទាំង​នេះ​ សុទ្ធ​តែ​ជា​អ្នក​ចំណូល​ថ្មី​ពី​ប្រទេស​ផ្សេង​។ ក្នុង​ខួរ​ឆ្អឹង​របស់​ពួក​គេ​ក៏​មាន​បង្កប់​នូវ​ការ​គំកួន​ចំពោះ​នគរ​ឈិន​ ដែរ បើ​យ៉ាង​ហ្នឹង​​ តើ​ពួក​គេ​អាច​ប្រមូល​កម្លាំង​ជួយ​នគរ​ឈិន​ ម៉េច​នឹង​បាន? ពោលគឺមិន​អាច​ទុក​យូរ​ទៀត​បាន​ទេ! ត្រូវ​តែ​បណ្ដេញពួក​អ្នក​ចំណូល​ថ្មី​ ឬពួក​ភ្ញៀវ​ទាំងអស់​ឱ្យ​ចាក​ចេញ​ពីនគរ​ ឈិន​ ពិសេសគឺ​ចាក​ចេញ​ពី ស៊ាន​ យ៉ាង។

ក្រោយពីបាន ​ទ្រង់​ព្រះ​តម្រិះ​ដូច​ខាង​លើ​ ស្ដេច​អង្គនេះ​ក៏​ត្រាស់​បង្គាប់​ នូវ​បញ្ជាដ៏​តឹង​រឹងមួយ​ឱ្យ​ បណ្ដេញភ្ញៀវ​ទាំង​អស់​ចេញពី​ព្រះ​នគរ។ ពួក​ពលរេហ៍បាន​ ឆែក​ឆេរ​គ្រប់​កន្លុក​កន្លៀត សូម្បី​តែ​តំបន់​ព្រៃ​ភ្នំក្រំ​ថ្ម នៃ​នគរ​ ឈិន ក៏ពួកគេ​ត្រួត​ពិនិត្យ​ដែរ។ ពោលគឺ​ជន​ណា​ក៏​ដោយ​ឱ្យ​តែ​អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា​ជា​ភ្ញៀវ​គឺ​ត្រូវ​ និរទេស​ចេញ​ពី​ប្រទេស​ឈិន ​មួយ​រំពេចន៍។

ក្នុង​ចំណោម​ជន​ចំណូល​ស្រុក​អស់​ទាំង​នោះ​ខ្លះ​ក៏​ជា​មន្ដ្រី​ក្នុង​រជ្ជកាល ​ឈិន​ផង​ដែរ។ ពួក​គេ​ត្រូវ​បកសក្ដិមន្ដ្រី​និង​ត្រូវ​ចាក​ចេញ​ពី​នគរ​ ឈិន​ ក្នុង​កំឡុង​ពេល​បីថ្ងៃ​ជា​កំហិត។ បើ​ជន​ណា​ហ៊ាន​លាក់​បំពួន​ ឬ​ទំនុក​បម្រុង​មនុស្ស​អស់​នេះ​ សមាជិក​គ្រួសារ​​ទាំង​មូល​របស់​ផង​គេ​នឹង​ត្រូវ​មាន​ទោស​។

ដើម្បី​ អនុវត្ដនូវ​រាជ​បញ្ជា​មួយ​នេះ​ ពួក​ទាហាន​រាជការ​ បាន​កាន់​អាវុធ​គ្រប់ៗ​ដៃ​ ដើរ​រុក​រក​គ្រប់​ច្រក​ល្ហក​ក្នុង​ក្រុង​​ធ្វើ​ឱ្យ​សតិអារម្មណ៍​ប្រជានុរាស្រ្ដ​ជ្រួលច្រាល​យ៉ាង​ខ្លាំង។ ចំណែក​ឯតាម​ច្រក​ទ្វារ​ព្រំដែន ​​មាន​មនុស្ស​ណែន​ណាន់​តាន់តាប់​ប្រញាប់​ចាក​ ចេញ​ពី​ប្រទេស​ឈិន​ទៅ​កាន់​ប្រទេស​កំណើត​របស់​គេ​វិញ។

ព្រះរាជ​បញ្ជា​ ដែល​គ្មាន​ករណី​លើក​លែង​មួយ​នេះ​ ប៉ះ​ពាល់​ដល់​ លី ​ស៊ឺ។ លី ស៊ឺ មាន​ស្រុក​កំណើត​នៅ ​សាំង​​ ថៃ​ ប្រទេស​ ឆ ក្នុង​ត្រកូល​កសិករ។ កាល​ពី​តាំង​លំនៅ​ក្នុងនគរ​ឆ លី ស៊ឺ​ ធ្លាប់​កាន់​តំណែង​ក្នុង​សាលាស្រុក​ ហើយ​ក្រោយ​មក​គាត់​ក្លាយ​ជា​សិស្ស​របស់​ ឈិន ចឺ​ ធ្វើ​ឱ្យ​ ចំណេះ​ជំនាញ​របស់​ លី ស៊ឺ ពេញខ្លួន​ ហើយ​មាន​មហិច្ឆតា​ធំណាស់។ ពេល​គាត់​ឮដំណឹងថា ​លុយ​ ពូវ៉ី កេណ្ឌប្រមូល​អ្នក​ចេះ​អ្នកដឹង​ពី​គ្រប់​ទិស​ទី​ គាត់​ក៏​មក​សុំ​ស្នាក់​អាស្រ័យ​ក្នុង​សំណាក់ ​លុយ​ ពូវ៉ី។ មួយរយៈ​ក្រោយ​មក​លុយ ពូវ៉ី មើល​ឃើញ​ពី​សមត្ថភាព​របស់​ លី ស៊ឺ ក៏​ទូលថ្វាយ រឿង​នេះដល់​ ឈិន វង់ជីន។ ស្ដេចឈិន តែងតាំង​គាត់​ជា​ភ្ញៀវ​របស់​នគរ។ លី ស៊ឺ អរណាស់​ ហើយ​ពេល​ដែល​គាត់​បម្រុង​បញ្ចេញ​ស្នាដៃ​ថ្វាយ​ស្ដេចឈិន ​ស្រាប់​តែ​មាន​រាជ​ បញ្ជា​ខាង​លើ​ដែល​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍ ​និង​សតិអារម្មណ៍ លី ស៊ឺ យ៉ាងក្រៃលៃង។

ពិតណាស់​ លី ស៊ឺ មិនមែនជា​មនុស្សធម្មតាម្នាក់​នោះទេ។ គាត់​មិន​សុខ​ចិត្ដ​ឱ្យ​គេ​បណ្ដេញចេញ​ដោយ​ងាយៗទេ ពេល​ដែល​គាត់​គ្មាន​កំហុស​អ្វី​សោះ​នោះ។ ស្ដេចឈិន​ វង់ជីន ​មិន​ត្រូវ​ការ​ ហេតុ​ផល​សខ្មៅ​អីទាំង​អស់​ ទ្រង់​ត្រូវ​ការ​តែ​ការ​បណ្ដេញ​ជន​ចំណូល​ស្រុក​ទាំង​អស់​ឱ្យ​ចាក​ចេញ​ ពី​ប្រទេស​ ឈិន តែប៉ុណ្ណោះ។ នេះ​ពិត​ជា​គ្មាន​ហេតុ​ផល​មែន។ តើ​គ្រាន់​តែ​លុយ​ ពូវ៉ី ម្នាក់​ប៉ុណ្ណោះប្រឆាំង​ស្ដេច មាន​ន័យ​ថា​ជន​ចំណូល​ស្រុក​ទាំង​អស់​ សុទ្ធ​តែ​ប្រឆាំង​ស្ដេច​ដែរឬ? តើ​គ្រាន់​តែ​លុយ ពូវ៉ី ម្នាក់​មាន​ទោស​ ធ្វើ​ឱ្យ​អ្នក​ចំណូល​ស្រុក​ទាំង​អស់ ​ក្លាយ​ជា​អ្នក​ទោស​ដែរឬអី? បើអញ្ចឹងមែន​ ថា​អយុត្ដិធម៌ណាស់! សក់​មាន​ក្បាល​ បំណុល​មាន​ម្ចាស់ទេ​តើ​ទើប​ត្រូវ។ ក្រោយ​ពី​គិត​ឃើញយ៉ាង​នេះ​ហើយ ទើប​លើ​ដំណើរ​ចាក​ចេញ​ពី​នគរឈិន ​តាម​​បញ្ជាស្ដេច​ លី ស៊ឺ​ សរសេរ​ចុត​ហ្មាយ​មួយ​ថ្វាយ​ស្ដេច ដោយ​កាខ្នង​សំបុត្រ​ថា ​"ការ​មហា​សម្ងាត់​ត្រូវ​ថ្វាយ​ព្រះ​មហាក្សត្រ​ជា​ បន្ទាន់ ហើយ​ពឹង​ពាក់​មន្ដ្រី​ម្នាក់​ឱ្យ​នាំ​ទៅ​ថ្វាយ​ស្ដេច​ឈិន​ វង់ជីន។ ក្រោយ​ពេល​ទតឃើញ​អក្សរ​យ៉ាង​ដូច្នោះ​លើ​ខ្នង​សំបុត្រ​ ស្ដេចឈិនប្រញាប់​ប្រញាល់ទតភ្លាម ​បន្ទាប់​ពី​បាន​ទទួល​វា​ពី​ទាហាន​នាំសារ។ ស្ដេចក្ដី​សំបុត្រ​ទាំង​មូល ​ត្រូវ​បាន​សរសេរ​យ៉ាងស្អាត​ និង​ប្រកប​នូវ​ សេចក្ដី​គោរព​ និង​បង្កប់​នូវ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ។ ស្ដេច​ក្ដីសំបុត្រមាន​ន័យដូច​តទៅៈ

"ភ្នំ​ថៃ​សាន​ មិន​រើសអើង​ចំពោះ​ដី​និង ​ថ្មផ្សេងៗ​ ទើប​ក្លាយ​ជា​ខ្ពស់​និង​ធំ។ ទន្លេនិងសមុទ្រ ពីព្រោះ​តែ​មិន​ស្អប់​ខ្ពើម​កូន​ព្រែក​និង​បឹង​បួរ ទើប​ក្លាយ​ជា​ជ្រៅ​ធំ​ទូលាយ​និង​វែង​អន្លាយ។ ព្រះរាជ​ត្រូវ​តែ​ធ្វើ​ជា​ម្លប់​ឱ្យ​អ្នក​មាន​សមត្ថភាព​ និង​ទេព​កោសល្យ​ជ្រក​កោន​ ទើប​ក្លាយ​ជា​ព្រះ​ចៅ​អធិរាជ​កើត។

គ្រាមុន​ស្ដេច ឈិន​ មោះកុងក្នុង​ដំណាក់​កាល​ប្រ​មែ​ប្រមូល​អ្នក​ក្លាហាន ​មិន​លះបង់​ល្បិច​បំបែក​ បំបាក់​រវាង​ស្ដេច និងមន្ដ្រី​ នគរ​ ស៊ីយ៉ុង និង យ៉យឺ ហើយ​ទីបំផុត​ យ៉ យឺ ចុះ​ចូល​និង​នគរ​ឈិន។ ព្រះអង្គ​ក៏​ធ្លាប់​យាង​ទៅ​នគរ​ឆ​ ដើម្បី​លោះ​ខ្លួន​ឱ្យ​ប៉​ លីស៊ា ក្នុង​តម្លៃ​ថោក​ដូច​ស្ពៃ​ក្ដោប​ ពោលគឺ​ ចំណាយ​ស្បែក​ពពែ​តែ ៥បន្ទះ ប៉ុណ្ណោះ​ ហើយ​តែង​តាំង​គាត់​ជា​មន្ដ្រី​ថ្នាក់​ទីមួយ។ តាម​រយៈ​ ប៉​ លីស៊ា ស្ដេច ឈិន​មោះកុង​ ក៏​តែង​តាំង​ ជាន​ ជូ​ ជារាស្ដ្រនគរ​សុង ឱ្យ​កាន់​តំណែង​មន្ដ្រី​ទីមួយ​របស់​ទ្រង់​ទៀត។ មន្ដ្រី​ទីមួយ​របស់​នគរ​សុង​ គឺ​ ហ្វី ឈីញ ត្រូវ​ស្ដេច​សុង​ ស៊ីង ហ៊ុយ​កុង ​សម្លាប់ កូន​របស់​គាត់​គឺ​ហ្វីប៉ាវ មាន​គំនុំ​ក៏​រត់​មក​​ចុះ​ចូល​នគរ​ឈិន​ ហើយ​ត្រូវ​បាន​ស្ដេច ឈិន​ មោះកុង ​ទុក​ព្រះទ័យ។ ទ្រង់​ក៏​បាន​ប្រើ​ប្រាស់​ កុង ​​ស៊ុនជី ជា​រាស្ដ្រ នគរ​ស៊ីង ឱ្យ​ធ្វើ​ជា​គ្រូ​​យុទ្ធ​សាស្ដ្រ​ឱ្យ​ទ្រង់​។ ស្ដេច​ ឈិន​ ជាវវង់ ក៏​ប្រើ ហ្វាន ស៊ុយ ជា​រាស្ដ្រ នគរ​វៃ​ឱ្យ​ជា​ឧបរាជ​ឱ្យ​ទ្រង់​ហើយ​ម្នាក់​នេះ​ មាន​ស្នាដៃ​ធំណាស់​ ចំពោះ​រាជវង្សស្ដេចឈិន។

បណ្ដាអង្គស្ដេច​ជំនាន់មុន​ របស់​ឈិន​សុទ្ធតែ​ប្រើ​ប្រាស់ ​រាស្ដ្រ ឬភ្ញៀវ​មក​ពី​នគរ​ផ្សេង ហើយ​ចេញពីនេះ​កសាង​បាន​រាជកិច្ច​រាជកិច្ច​ធំ​តូច​រៀង​ៗខ្លួន។ ដូច្នេះ​សូម​សួរ​ថា​ អ្នក​ចំណូល​ស្រុក​មាន​កំហុស​អី​ ចំពោះ​នគរ​ឈិន? វេលានេះ​ ព្រះ​អង្គត្រាស់​បង្គាប់​ឱ្យ​ដេញ​អ្នក​ចំណូល​ស្រុក។ ពួក​គេ​បាន​ប្រច្រៀត​គ្នា​ចាក​ចេញ​ពី​នគរ​ឈិន​ ហើយ​គូប្រជែង​របស់​ឈិន​ នឹង​មាន​ឱកាស​ប្រើ​ប្រាស់ពួក​គេ។ អញ្ចឹង​សួរ​ថា​ចំពោះនគរ​ឈិន​ តើ​ចំណេញ ឬ​ខាត​បង់?"។

ស្ដេចឈិន​ វង់ជីន​ ទត​ដល់​ត្រឹម​នេះ​ហាក់​ភ្ញាក់​ក្រញ៉ាង​ទ្រង់​ទើប​ឈរ​ដើរ​ចុះ​ដើរឡើង​ទ្រង់​ ព្រះ​តម្រិះ​មួយសំទុះ​ ទើប​ស្ដេច​យាង​គង់​ ហើយ​ទត​បន្ដទៀត។

"...ទូល​ បង្គំ​តែង​ស្ដាប់​ឮ​គេ​គេ​និយាយ​ថា​ដី​ទូលាយ​ នឹង​សម្បូរ​ស្បៀង​អាហារ​ ប្រទេស​ធំ​នឹង​មាន​​ប្រជា​រាស្ដ្រ​ជា​ច្រើន​គ្រួសារ​ កង​ទ័ព​ខ្លាំង​និង​មាន​ទាហ៊ានក្លាហាន​ច្រើន​រូប​។ ឆ្នាំ​ដែល​មិន​ស្អប់​ខ្ពើម​ និង​ថ្ម​ទើប​បាន​ធំ​បាន​ខ្ពស់។ បណ្ដាអង្គ​ក្សត្រ​ដែល​មិន​បោះបង់​ប្រជា​នុរាស្ដ្រ ទើប​បាន​សាយ​ភាយ​ទស​ពិត​រាជ​ធម៌​ និង​អំណាច​ចេស្ដាររបស់ខ្លួនបាន។

បើ​ឥឡូវ ​នេះ​ព្រះអង្គ​បណ្ដាញ​អស់​អ្នក​ចំណូល​ស្រុក​មក​ពី​នគរ​ផ្សេងៗ​ នោះ​អ្នក​ក្លាហាន​ក្រោម​មេឃ​ទាំង​អស់​នឹង​រត់​ទៅ​ចុះ​ចូល​ជា​មួយ​នគរ​ផ្សេង​ ហើយ​នគរ​អស់​នោះ​នឹង​កើន​បុទ្ធា​នុភាព។ បើ​ថ្ងៃ​ក្រោយ​នគរ​ ឈិន​ មាន​ជួប​អាសន្ន​អន់​ក្រ នោះ​ស្ដាយ​ក្រោយ​គឺ​ហួស​ពេល​ហើយ"។

... ស្ដេច​ឈិន​ វង់ជីន​ ទត​ហើយ​ទត​ទៀត​នូវ​ចុតហ្មាយ​មួយ​នេះ​ ហើយ​ទ្រង់​មាន​បន្ទូល​ថាៈ

- នេះ ​ជា​ចុតហ្មាយ​ដ៏​មាន​សារៈប្រយោជន៍​!​វាអស្ចារ្យ​ណាស់! បើ​កុំ​តែ​បាន​វា​ពញ្ញាក់​ស្មារតី​ យើង​ទេ​នោះ ដោយ​សារ​តែ​ផល​វិបាក​នៃ​ហេតុ​ការណ៍​មួយ​ ក្នុង​វេលាមួយ យើង​ពើប​ប្រទះ​នឹង​កំហុស​ដ៏​ធំ​មួយ​មិន​ខាន។ កំហុសនោះ​គ្រោះថា្នក់ណាស់!

ស្ដេចឈិន ​ វង់ជីន​ដាក់​បញ្ជាផ្ទាល់​ឱ្យ​លោក​មហាមន្ដ្រី​នាំ​យក​បន្ទូល​របស់​ទ្រង់​ ប្រកាស​ឱ្យ​អស់​អាណា​ប្រជានុរាស្ដ្រ​បាន​ជ្រាប​ថា​ទ្រង់​ដក​បញ្ជា​ បណ្ដេញភ្ញៀវ​វិញ​ហើយ។ អ្នកដែល​ត្រូវបាន​បណ្ដេញ​ចេញ​ត្រូវ​ត្រឡប់​មក​រស់​នៅ​ប្រកប​របរ​ និង​បន្ដកាន់​កាប់​ឋានៈតួនាទី​ក្នុង​រាជការ​ដូច​មុន​វិញ​ជា​ធម្មតា។ ក្រៅ​ពីនេះ​ស្ដេច ឈិន​បាន​ឱ្យ​អាមាត្យ​ជំនិត​ទៅ​តាម​ លី ស៊ឺ រហូត​ដល់​ជើង​ភ្នំ​លីសាន ហើយ​បំពាក់​សក្ដិ​បំពេញ​តួនាទី​ដូច​ដើម​ឱ្យ​គាត់​វិញ។

មិន​យូរ​ប៉ុន្មាន​ ក្រោយ​មក​ លី ស៊ឺ ត្រូវ​បាន​តម្លើង​ឋានៈជា​មន្ដ្រីលំដាប់ទីមួយ ​ហើយ​ត្រូវ​បាន​ស្ដេចឈិន​ ជឿជាក់​និង​ប្រគល់​កិច្ចការ​ចម្បងៗជាច្រើន។ វេលាថ្ងៃ​មួយ​ស្ដេច​ឈិន​គង់​ទស​សៀវ​ភៅ​តាំង​ពី​យប់​រហូត​ដល់​ភ្លឺ​ ចៃដន្យទ្រង់​អាច​ប៉ះ​សៀវ​ភៅ​របស់​ ហាន​ហ្វី។ សៀវភៅ​នេះ​បាន​ស្រូប​ទាញ​សតិ​អារម្មណ៍​ទ្រង់​យ៉ាង​ខ្លាំង រហូត​ទ្រង់​មិន​ងងុយ​ដេក​សោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទ្រង់​បាន​ទើប​ដើរ​ចេញ​បណ្ណាល័យ​ ហើយ​ពោល​រងំៗថា "ពិត​ជា​អ្នក​មាន​សមត្ថភាព​ ហើយ​ជា​អ្នក​មាន​សមត្ថភាព​ដែល​កម្រ​រក​បាន​ទៅ​ទៀត"។ គោលការណ៍​ក្នុង​សៀវភៅ​របស់​ ហាន ហ្វី ស្រប​និង​រាជ​តម្រិះ​របស់​អង្គក្សត្រ​ទាំង​ស្រុង​ រហូត​ទ្រង់​ធ្លោយ​មាត់​និយាយ​ថា​ "អូ! បើ​បាន​ជួប​ ហាន ហ្វី ហើយ​អញ្ជើញគាត់​មក​ជួយ​យើង​ក្នុង​បុព្វ​ហេតុ​ពង្រីក​ទឹក​ដី​ នោះ​ទោះ​បី​យើង​ស្លាប់​ក៏​មិន​ស្ដាយ​ស្រណោះ​អ្វី​ទៀតដែរ"។

ដើម្បី​បាន​ ហាន ហ្វី មក​ធ្វើ​ការ​ឱ្យ​ទ្រង់​ ស្ដេច​ឈិន​បាន​បញ្ជា​ឱ្យ​មេទ័ព​ ឈ្មោះ​ នួយ លីពីងនាំទ័ព​ស្រួច​ ១០០,០០០នាក់​ទៅ​លុកលុយប្រទេសហានគ័រ។

នគរ​ហាន​គ័រ ដែល​ដើម​ឡើយ​តូច ​និង​ទន់​ខ្សោយ​ ហើយ​ស្ដេចហាន​គឺ ហួង ហ៊ុយវង់ ទើប​តែ​សោយ​ទីវង្គត់ទៀត។ ស្ដេច​ថ្មី​របស់​ហានគ័រ ដែល​ឡើង​គ្រងរាជ​សម្បត្ដិ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ស្រាប់​តែ​ត្រូវ​តតាំង​ និង​ប្រទេស​ឈិន​ដ៏​មហិមា​ធ្វើ​ឱ្យ​ទ្រង់​រួញ​រា​អល់​អែក​គ្មាន​អ្វី​ផ្ទឹម​ ស្មើ។ ខណៈ​នេះ​ហាន​ ហ្វី​ធ្វើ​ហី​ចេញ​មុខ​មក​ទទួល​យក​តួ​នាទី​ជារាជ​ទូតទៅ​គាល់​ស្ដេច​ឈិន​សុំ​ ឱ្យ​ដក​ទ័ព​បញ្ចប់​សង្គ្រាម។ ស្ដេច​ហាន​សព្វ​ព្រះទ័យ​យល់​ព្រម​ភ្លាម​ព្រម​ទាំង​សន្យា​កាត់​ដី​ជាច្រើន​ ម៉ឺន​ហត្ថ និង​រាស្ដ្ររាប់​ពាន់​គ្រួសារ​ថ្វាយ​ស្ដេច​ឈិន​ជា​ជំនូន​ចង​ស្ពាន​មិត្ដ​ភាព ​ផង​ដែរ។

ស្ដេចឈិន​ឃើញ​ ហាន ហ្វី មក​ចរចារក៏​ឯក​ភាព​បញ្ចប់​ចម្បាំង​ភ្លាម​ ហើយ​បង្គាប់​ឱ្យ​ខ្ញុំ​រាជការ​ចាត់​ការ​លៃលក​ទទួល ​ហាន ហ្វី ឱ្យ​សមគួរ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ព្រះ​រាជ​អង្គ​ឯង​យាង​មក​ពិភាក្សា​រាជកិច្ច​និង ហាន ហ្វី។ ស្ដេចសួរ ហាន ហ្វីៈ

- យើង​ចង់​ទន្ទ្រាន​យក​ប្រទេស​ទាំង​៦ ធ្វើ​ឱ្យ​ឯក​ភាព​ភូមិ​ភាគ​កណ្ដាល។ សួរ​លោក​ថា​យើង​ត្រូវ​ប្រើ​វិធីអ្វី?

ហាន ហ្វី​ ទូល​ថា​ដំបូង​បង្អស់​ត្រូវ​បង្ក្រាប​ប្រទេស​ចាវ ​ដែលធំ​និង​ខ្លាំង​ជាង​គេ​ ក្នុង​ចំណោម​ប្រទេស​ទាំង​៦នោះ។ លុះ​ស្អែក​ឡើង​ក្រោយ​ពេល​ចប់​សវនាការ​ពេល​ព្រឹក​ ស្ដេចឈិន​ ហៅតែ​ លី ស៊ឺ ម្នាក់ឯង​មក​សួរពី​គម្រោង​ការណ៍​នោះដែរ។ លី ស៊ឺ ទូល​ថា​ត្រូវ​វាយ​កំទេច​ ហាន​គ័រ ​មុន​ហើយ​ចោទ​ ហាន ហ្វី​ ថា​មាន​ចេតនា​ការ​ពារ​នគរហាន។ ស្ដេចឈិន​ ផ្ទុះ​កំហឹង​ភ្លាម​ហើយ​បញ្ជាឱ្យ​ឃុំ ​ហាន ហ្វី​ ក្នុង​គុកធំ​​ឈ្មោះ​ វិន​យ៉ាង។

ចំណែក​ ហាន​ ហ្វី វិញ​បន្ទាប់​ពីថ្វាយ​​ល្បិច​ល្អ​ឱ្យ​ស្ដេច​ឈិន​ រួច​ក្នុង​ចិត្ដ​នាយ​រីក​រាយ ​ជា​និច្ច​ដោយ​ជឿ​ថា​គ្រា​នេះ​នាយ​រក​ឃើញ​ម្ចាស់​ល្អ​ដើម្បី​តាម​បម្រើ​និង​ មាន​ឱកាស​បញ្ចេញ​ឱ្យ​អស់​គំនិត​និង​ប្រាជ្ញារបស់​នាយ​ហើយ។ ស្រាប់​តែត្រូវ​ចាប់​ឃុំ​ខ្លួន​ក្នុង​គុក​ធំ​ភ្លាម​ៗ​នាយ​ភ័យ​រន្ធត់​ណាស់​ ហើយសួរ​ទៅ​ឆ្មាំគុកថាៈ

- តើខ្ញុំ​មាន​ទោស​អី ​បាន​ជា​គេ​ចាប់​ឃុំ​ក្នុង​គុក ​សម្រាប់​អ្នក​ទោស​ត្រូវ​ប្រហារ​ជីវិត​ដូច្នេះ?

ឆ្មាំគុក ​ក្រវី​ក្បាល​គេច​ចេញ​ដោយ​មិន​ឆ្លើយ​តប។ ប៉ុន្មាន​ថ្ងៃក្រោយ​មក​ ហាន ហ្វី​ ក៏​ស្និទ្ធ​ស្នាល​និង​ឆ្មាំគុក​ ហើយ​អង្វរ​ករ​គេ​សាជាថ្មីៈ

- ខ្ញុំមាន​មិត្ដ​រួម​សាលា​ម្នាក់​ឈ្មោះ លី ស៊ឺ ដែល​កំពុង​ធ្វើ​ជា​មន្ត្រី​ឋានៈ​ទី​មួយ​ក្នុង​នគរ​ឈិន​នេះ។ សូម​​លោក​នាយ ​ជួយ​នាំ​ដំណឹង ​របស់​ខ្ញុំ​ប្រាប់​ដល់​ លី ស៊ឺ​ ផង​ហើយ​ប្រាប់​គាត់​ថា​ខ្ញុំ​ចង់​ជួប​គាត់។ សូម​គាត់​ឆ្លៀត​ពេល​មក​ជួប​ខ្ញុំ​ម្ដង​កុំខាន។ ខ្ញុំសុំ​ឱ្យ​គាត់​នាំ​នូវ​បំណង​ល្អ​របស់​ខ្ញុំ​ទៅ​ថ្វាយ​ស្ដេច ​ឱ្យ​ទ្រង់​ជ្រាប​ បើទោះ​ជា​ទ្រង់​សម្លាប់​ខ្ញុំ​ក៏​ខ្ញុំ​មិន​​ទោមនស្ស​អ្វី​ដែរ។

ឆ្មាំ ​គុក​អាណិត​ ហាន ហ្វី ដែល​រៀប​ស្លាប់​ទៅ​ហើយ​ នៅ​តែ​មិន​ដឹង​ថា​នាយ​មាន​ទោស​ពី​ព្រោះ​មិត្ដ​ទ្រុស្ដមិត្ដ ហើយ​នៅ​តែ​នឹក​នា​ដល់​គេ​ទៀត​ក៏​អាណិត​ហើយ​ប្រាប់​ការ​ពិតៈ

- ភ្នំមួយ​មិន ​អាច​មាន​ខ្លាពីរ​បាន​ទេ។ ឥឡូវ​នេះ​អ្នក​ដែល​មាន​សមត្ថភាព​ បើ​មិន​ត្រូវ​បាន​គេ​ប្រើប្រាស់​គឺ​ដាច់​ ខាត​ត្រូវ​តែ​ស្លាប់។ លោក​ត្រូវ​ជាប់​ឃុំ​ក្នុងគុក​មរណៈ​នេះ​ក៏​ព្រោះ​តែ លី ស៊ឺ ចាក់ចូចដែរ។ បើ​យ៉ាង​នេះ​តើ​លោក​ចង់​ជួប​លី ស៊ឺ ទៀតទេ?

ពេល​នេះ​ទើប ​ហាន​ ហ្វី​ រញ្ជួយ​ចិត្ដ​រហូត​ដល់​យំ​ ត្បិត​អី​អ្នក​ដែល​នាយ​ជឿ​ជាក់ ​ក៏​ជា​អ្នក​ដែល​បៀម​ឈាម​ព្រួស​ដាក់​នាយ​ ដោយ​​សារ​ចិត្ដ​ច្រណែន​ឈ្នានីស។ ហាន ហ្វី​ បាន​សម្លាប់​ខ្លួន​ក្នុង​វេលា​យប់​នោះ​តែ​ម្ដង​ទៅ។

ស្ដេច ហាន គ័រ ​ជ្រាប​ដំណឹង​អាក្រក់​នេះ​ភ័យ​តក់​ស្លុត​ឥត​ឧបមា​ ហើយ​ចាត់​មន្ដ្រី​ទៅ​ប្រទេស​ឈិន ​សុំ​ចុះ​ចូល​ជា​នគរ​ចំណុះ។ ស្ដេច​ឈិន​បញ្ជា​ឱ្យ ​នួយ​ លីពីង ​ដក​ទ័ព​ទាំង​ស្រុង។ ហាន​ គ័រ ​ត្រូវ​បានលេបយកទាំង​ស្រុង​ បើ​ទោះ​បី​មិន​ទាន់​បាន​ច្បាំង​តតាំង​ គ្នាក៏ដោយ៕

(សូមរង់ចាំអាន វគ្គទី៤ បន្ត... សូមអរគុណ!)

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2145
1621
4531025