jaukjeybanner

តើគួរធ្វើយ៉ាងណាខ្លះ ដើម្បីការពារខ្លួន នៅពេលមានសត្វឆ្កែដេញខាំ...?

ជាការពិតណាស់ ឆ្កែគឺជាសត្វដែលគួរឲ្យស្រលាញ់ និងដូចជាមិត្តភក្តិរបស់មនុស្សយ៉ាងអ៉ីចឹង ប៉ុន្តែវាក៏ជាសត្វដែលមានគ្រោះថ្នាក់ណាស់ដែរ ពីព្រោះវាជាសត្វដែលចេះខាំ។ ជាក់ស្តែង សត្វឆ្កែព្រុស និងខាំមនុស្ស ដោយសារតែវាចង់ការពារទឹកដីរបស់វា និងដេញមនុស្ស ដែលចូលមកឲ្យចេញទៅឲ្យឆ្ងាយ។

ខាងក្រោមនេះ ជាគន្លឹះមួយចំនួន ដែលអ្នកត្រូវធ្វើ ប្រសិនបើមានឆ្កែដេញ បំរុងនឹងខាំអ្នក ៖

១. កុំភ័យ

វាជារឿងពិត ដែលមានមនុស្សមួយចំនួននិយាយថា សត្វមានញាណ ដឹងពីអារម្មណ៍ភ័យខ្លាច របស់មនុស្ស។ ហេតុនេះ អ្នកត្រូវតែខំប្រឹងទប់អារម្មណ៍ ដូចធម្មតា នៅពេលឃើញឆ្កែនោះគ្រហឹម ឬព្រុសដាក់អ្នក។ ប្រសិនបើអ្នកស្រែក គ្រវីដៃ ឬរត់ នោះឆ្កែនឹងដេញតាមខាំអ្នកជាមិនខាន។

២. កុំរត់

ប្រសិនបើអ្នកព្យាយាមរត់ចេញ គឺមានន័យថា អ្នកកំពុងតែជំរុញឲ្យឆ្កែដេញ និងខាំអ្នកហើយ ពីព្រោះអ្នកមិនអាចរត់ឈ្នះវាឡើយ ទោះបីជាកំពុងជិះកង់ក៏ដោយ។ ហេតុនេះ អ្នកត្រូវឈប់រត់ ហើយដើរយឺតៗចេញឆ្ងាយពីឆ្កែវិញ ជាពិសេស អ្នកត្រូវដាក់ដៃ ទម្លាក់ចុះ តាមបណ្តោយខ្លួនជាការស្រេច ពីព្រោះសត្វឆ្កែ នឹងលែងចាបអារម្មណ៍លើអ្នក រួចដើរចេញមិនខានឡើយ។

៣. កុំប្រសព្វភ្នែកចំជាមួយសត្វឆ្កែ

ការដែលអ្នកប្រើភ្នែក ក្រឡេកមើលចំភ្នែករបស់ឆ្កែ វានឹងកាន់តែខឹងមិនខានឡើយ។ ហេតុនេះ នៅពេលឆ្កែព្រុស តម្រង់មកអ្នក អ្នកត្រូវឈរស្ងៀម រួចយកដៃបាំងមុខ ដើម្បីចៀសវាងក្រឡេកចំភ្នែក របស់ឆ្កែ។ ជឿទេថា សត្វឆ្កែដែលចង់វាយប្រហារអ្នកនោះ នឹងលែងចាប់អារម្មណ៍ រួចដើរចេញជាក់ជាមិនខាន ពីព្រោះតែអ្នកហាក់ដូចជា មិនខ្វល់ខ្វាយពីវាឡើយ។

៤. បន្លំភ្នែក ដោយប្រើវត្ថុផ្សេងមកជំនួស

ប្រសិនបើសត្វឆ្កែនោះ នៅតែបន្តព្រុស និងបម្រុងតែដេញអ្នកនោះ អ្នកគួរបោះវត្ថុណាមួយ ឧទាហរណ៍ដូចជាដបទឹកជាដើម ដើម្បីបន្លំភ្នែករបស់វា រួចយកឱកាសគេចខ្លួនតែម្តងទៅ។ ជាពិសេស ប្រសិនបើអ្នក ត្រូវធ្វើដំណើរទៅតំបន់ដែលមានឆ្កែកាចច្រើន អ្នកគួរកាន់ប្រដាប់ប្រដារក្មេងលេងមួយចំនួន ទៅតាមជាមួយ ដើម្បីការពារខ្លួនរបស់អ្នក ពីព្រោះវានឹងងាកមកចាប់អារម្មណ៍របស់ ដែលអ្នកបោះទៅកាន់វា ជំនួសខ្លួនអ្នកជាមិនខាន។

៥. ប្រឈមមុខ រួចស្រែកបញ្ជា

ក្នុងករណីដែល សត្វឆ្កែនោះ នៅតែបន្តព្រុស និងតាមបំរុងតែដេញខាំអ្នក មិនឈប់ មិនឈរ ដូចជាកាចទៅៗនោះ (ជាពិសេស ទោះបីជាមិនរវល់ពីវា ឬខំបង្វែងដានយ៉ាងណា ក៏គ្មានប្រសិទ្ធភាព) អ្នកត្រូវតែប្រមូលអារម្មណ៍មកប្រឈមមុខ សម្លឹងភ្នែកទល់ភ្នែក ជាមួយនឹងឆ្កែ រួចតម្លើងសម្លេងបញ្ជាថា “ចេញឲ្យឆ្ងាយភ្លាម!” ឲ្យបានម៉ឺងម៉ាត់បំផុតតាមដែលអាចធ្វើទៅបាន។ សត្វឆ្កែ អាចនឹងលែងហ៊ាន ព្រមទាំងអាចភិតភ័យ ចាកចេញជាមិនខាន។

* ក្នុងករណីដែលវាហក់សំដៅ មករកខាំអ្នកហើយនោះ អ្នកត្រូវអនុវត្តតាមវិធីដូចខាងក្រោម ៖

៦. ត្រូវចេះការពារខ្លួន

ប្រសិនបើសត្វឆ្កែនោះ ហក់តំរង់មកអ្នកហើយនោះ អ្នកត្រូវតែការពារខ្លួនរបស់អ្នក។ អ្នកអាចវាយ ឬទាត់ឆ្កែនោះ នៅត្រង់កន្លែងមួយចំនួនដូចជា បំពង់ក ច្រមុះ និងត្រង់កញ្ចឹងកលើ របស់វា ពីព្រោះកន្លែងទាំងនេះ គឺសុទ្ធតែជាចំណុចខ្សោយ របស់ពួកវា។ អ្នកអាចស្រែករកជំនួយបន្ថែម ដើម្បីឲ្យអ្នកជុំវិញនោះចេញមកជួយ។ មួយវិញទៀត ប្រសិនបើអ្នកក្រឡេកឃើញមានវត្ថុណាមួយ ដូចជាដំបង អ្នកអាចមកយកប្រើបាន ប៉ុន្តែកុំវាយចំលលាដ៏ក្បាលវាឲ្យសោះ ពីព្រោះពួកវា នឹងកាន់តែខឹង។

៧. ប្រើទម្ងន់ខ្លួនទប់ទល់

វិធីមួយទៀតនេះ គឺអ្នកត្រូវប្រើទម្ងន់ខ្លួនទាំងមូលរបស់អ្នក ទៅសង្កត់ពីលើសត្វឆ្កែ ដែលសំដៅមកអ្នកនោះឲ្យបានឆាប់រហ័ស ជាពិសេស ប្រឹងធ្វើយ៉ាងណា សង្កត់ចុះក្រោមឲ្យខ្លាំង ដោយប្រើជង្គង់ ឬកែងដៃ។ សត្វឆ្កែ ជាសត្វពូកែខាំ ប៉ុន្តែ វាមិនពូកែបោកចំបាប់ទេ។ ចំណុចមួយចំនួន ដែលអ្នកត្រូវចងចាំ នៅពេលសង្កត់វា គឺត្រង់កន្លែងបំពង់ក ឬឆ្អឹងជំនីរ និងធ្វើយ៉ាងណា កុំឲ្យវាក្រញ៉ៅ ឬខ្វាចចំផ្ទៃមុខឲ្យសោះ។ មួយវិញទៀត អ្នកអាចប្រើទម្ងន់ខ្លួន ដោយជិះពីលើខ្នងវា ឲ្យក្រាបនឹងដី រហូតមានអ្នកមកជួយ ជាការស្រេច។

៨. ការពារមុខ ដើមទ្រូង និងបំពង់ក

ប្រសិនបើអ្នកដួលទៅនឹងដី ខណៈរងការវាយប្រហារពីឆ្កែនោះ អ្វីដែលអ្នកត្រូវធ្វើគឺកុំតបតឲ្យសោះ ពីព្រោះអ្នកហាក់បីដូចជា ចាញ់ប្រៀបបាត់ទៅហើយ។ ប៉ុន្តែ ត្រូវចងចាំថា អ្នកត្រូវតែការពារក្បាល កញ្ចឹងក និងដើមទ្រូងឲ្យបាន ពីព្រោះកន្លែងទាំងនេះ ជាកន្លែងដែលអាចបង្កជាគ្រោះថ្នាក់ដល់ជីវិត ប្រសិនជាត្រូវឆ្កែខាំ។ អ្នកគ្រាន់តែរមៀលខ្លួន ឲ្យពោះនិងទ្រូងជាប់ដី រួចបត់ជង្គង់ចូល និងយកដៃខ្ទប់ត្រចៀក រួចស្រែករកជំនួយជាកាស្រេច។ សូមកុំរើបំរះខ្លាំងៗពេក ពីព្រោះសត្វឆ្កែ និងកាន់តែវាយប្រហារអ្នក៕

ប្រភព៖ khmerload

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1772
2202
4537716