jaukjeybanner

បំបែក​ករណីគ្រឿងញៀន​ធំៗ៣ នៅ​​ដើម​ឆ្នាំនេះ

ខេត្តស្ទឹងត្រែង ៖ នៅ​ឆមាស​ទី​១ ដើមឆ្នាំ​២០១៦ នគរបាល​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ស្ទឹងត្រែង បានបំបែក​ករណី​គ្រឿងញៀន​ធំ​ៗ​​ចំនួន​៣​ករណី ដោយ​បង្ក្រាប​​គ្រឿងញៀន​​បាន​ចំនួន​៦​គីឡូក្រាម និងចាប់​ជន​សង្ស័យ​​​ជា​ជនជាតិ​ឡាវ​ចំនួន​​៤​នាក់​ ។

​លោក​សាន់ និមល ស្នងការ​រងទទួល​បន្ទុក​បទល្មើស​សេដ្ឋកិច្ច និង​បទល្មើស​គ្រឿងញៀនបានឱ្យ​ដឹង​ថា នៅ​ដើមឆ្នាំ​២០១៦​នេះ បាន​ធ្វើការ​បង្ក្រាប​លើ​បទល្មើស​គ្រឿងញៀន​ចំនួន​៣​ករណី​ធំ​ៗ ដែល​នគរបាល​ជំនាញ​បាន​កំណត់​មុខសញ្ញា និង​ប្រើ​ជំនាញ​របស់​ខ្លួន​ក្នុង​ការ​បង្ក្រាប ដែល​ក្នុង​នោះ​២​ករណី គឺ​មានការ​សហការ​ជាមួយ​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃនគរ ​បាល BLO​។

ដោយឡែក​ ករណី​ចុង​ក្រោយ​នេះ កម្លាំង​នគរបាល​បង្ក្រាប​បាន​១​ករណី​ទៀត ចាប់​ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ និង​ថ្នាំ​ញៀន​ប្រភេទមេ​តំ​ហ្វេ​តា​មីន ក្រាម​ពណ៌.​ស ហៅ​ម៉ា​ទឹកកក​ចំនួន​ជិត​១​គីឡូក្រាម ​។ ជនសង្ស័យ​​ឈ្មោះខាំ ផា​ផូ​ស៊ី អាយុ​៤០​ឆ្នាំ ជនជាតិ​ឡាវ ជា​កសិករ រស់នៅភូមិ​គីឡូ​លេខ​៨ ស្រុកបាក់សាន់ ខេត្ត​ប​លិ​ខាំ​សៃ ប្រទេស​ឡាវ​ ។

ជនសង្ស័យ​ដាក់​ថ្នាំ​ញៀន​ក្នុង​កន្ត្រក​ធ្វើ​សកម្មភាព​ឆ្លង​ដែន​ចូល​ ទឹកដី​កម្ពុជា មក​ដល់​ចំណុច​អូរ​ប្រាំក្នុងភូមិ​អូរ​សាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខណៈ​សមត្ថកិច្ច​​​ប្រើ​ជំនាញ និង​កំណត់​មុខ​សញ្ញា​រួចរាល់ ក៏​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ឡាវ​នោះ​ កាលពី​វេលា​ម៉ោង​៨​ព្រឹកថ្ងៃ​ទី​១៦ ​ឧសភា​ ​២០១៦ និង​រឹបអូស​ថ្នាំ​ញៀនប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ក្រាម ពណ៌​ស ហៅ​ម៉ា​ទឹកកក​ចំនួន​១​កញ្ចប់​ធំ និង​បញ្ជូន​មកស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ត្រួតពិនិត្យ ដែល​មានការ​ចូលរួម​ពីលោកស្រីស៊ុន យឺត ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត ពិនិត្យ​ឃើញ​ថ្នាំញៀន​ចំនួន​៩១១​​ក្រាម​។

លោកសាន់ និមល ស្នងការ​រង​បាន​បញ្ជាក់​ថា​ នគរបាល​ដែល​មានកំ​លាំង​សហការ​ទាំង​មន្ទីរប្រឆាំង​គ្រឿងញៀន នគរបាល​BLO នៅ​ដើមឆ្នាំ​២០១៦​នេះ បង្ក្រាប​លើ​ករណី​ធំ​៣ ៖

ទី​១កាលពី​ថ្ងៃទី​២៥ មីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល ព្រំដែន​កម្ពុជា-ឡាវ ក្នុងភូមិ​ខាំ​ផា​ន់ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ចាប់​ជនជាតិ​ឡាវ​ម្នាក់​មាន​ឈ្មោះខាំ សៃ​ញ៉ា​វង្សា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ឡាវ រស់នៅ​ភូមិចម​ភិត ស្រុក​ខាំ​ខេត ខេត្ត​ខាំ​មួន ប្រទេស​ឡាវ និង​រថយន្ត​Vigo ពណ៌.ស មួយ​គ្រឿង​​ជា​មធ្យោ​បាយ​ ​និង​ថ្នាំ​ញៀន​ចំនួន៤​គីឡូក្រាម ក្នុង​នោះ​ប្រភេទហេ​រ៉ូ​អី​នចំនួន​២​គីឡូក្រាម ។

ទី​២-នៅ​ថ្ងៃ​ទី​២៨ ​មេសា ឆ្នាំ​២០១៦ ចាប់​ជនជាតិ​ឡាវ​បាន​ចំនួន​២​នាក់ រួម​ទាំង​ថ្នាំ​ញៀន ប្រភេទមេ​តំ​ហ្វេ​តា​មីន​ក្រាម ​ពណ៌.​ស​ ហៅ​ម៉ា​ទឹកកក​ចំនួន​១​គីឡូក្រាម នៅ​ចំណុចវ៉ើន ខាវ ក្បែរ​ច្រកព្រំដែន​កម្ពុជា-ឡាវ អន្តរជាតិ​ត្រពាំង​ក្រៀល ក្នុង​ព្រៃ ភូមិ​ខាំផា​ន់ សង្កាត់ សាមគ្គី ក្រុង​ស្ទឹង​ត្រែង និង​ករណី ​ទី​៣-​កំលាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បាន​ថ្នាំ​ញៀន មេ​តំ​ហ្វេ​តា​មីន​ក្រាម ពណ៌​ស​ ហៅ​ម៉ា​ទឹកកក​ចំនួន​១​គីឡូក្រាម​ទៀត កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៦ ​ឧសភា ឆ្នាំ​២០១៦ ចំនុចអូរ​ប្រាំ ភូមិ​អូរ​សាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ហើយសមត្ថកិច្ច​បាន​ធ្វើ​របាយ​ការណ៍​​បញ្ជូន​វត្ថុ​តាង និង​ជនជាតិ​ឡាវ​នោះ​ទៅ​តុលាការ​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
688
923
4540426