jaukjeybanner

កម្ពុជា ឈ្នះ​បាន​មេដាយ​មាស​ ៧ ហើយ ក្នុង​ការ​ប្រកួត Goodwill Mekong Game

ក្រុម​អត្ត​ពលិក​នៅ​លើ​ប្រភេទ​កីឡា​​វាយ​សី វាយ​កូន​ឃ្លីលើ​តុ និង​ក្រុម​បាល់​ទាត់​អាយុ​ក្រោម​ ១៩ ​ឆ្នាំ​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​ចំនួន​ ៥ ​ទៀត ក្នុង​ការ​ប្រកួត​ពានរង្វាន់ 12th Goodwill Mekong Game នៅ​ប្រទេស​ថៃ ថ្ងៃព្រហស្បតិ៍​​នេះ គឺ​បន្ថែម​ទៅ​លើ​ការ​ឈ្នះ​មេដាយ​មាស​ចំនួន​ ២ កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ។

សម្រាប់​ការ​ប្រកួត កាល​ពី​ថ្ងៃ​ពុធ ម្សិល​មិញ កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​ចំនួន​ ២ ក្នុង​ការ​ប្រកួត​វាយ​កូន​ឃ្លី​លើ​តុ​វិញ្ញាសា​ជា​ក្រុម និង​ការ​ប្រកួត​ប៉េតង់​វាយ​គូ​ចម្រុះ ហើយ​​កម្ពុជា​ក៏​ឈ្នះ​បាន​មេដាយ​ប្រាក់​ ១ និង​សំរឹទ្ធ ១ ក្នុង​ការ​ប្រកួត​ប៉េតង់​លើ​វិញ្ញាសា​វាយ​គូ​ចម្រុះ​ផង​ដែរ។

ចំណែក​ការ​ប្រកួត​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុមបាល់​ទាត់​​ជម្រើស​ជាតិ​អាយុ​ក្រោម​ ១៩ ​ឆ្នាំ​របស់​កម្ពុជា បាន​បន្ត​​ទៅ​លត់​ក្រុម U19​ឡាវ ក្នុង​លទ្ធផល ៥-១ បន្ថែម​ទៅ​លើ​ការ​ឈ្នះ​ក្រុម U19 មីយ៉ាន់ម៉ា ៧-០ កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ និង​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ​U19ថៃ ៣-៣ កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​ឈ្នះ​បាន​មេដាយ​មាស ជា​លើក​ដំបូង។

ចំពោះ​ក្រុម​វាយ​សី​កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​ចំនួន​៣ នៅ​លើ​វិញ្ញាសា​វាយ​ទោល​នារី វាយ​ទោល​បុរស និង​វាយ​គូ​បុរស រីឯ​ការ​ប្រកួត​វាយ​គូ​នារី កម្ពុជា​បាន​ឈ្នះ​មេដាយ​ប្រាក់ ខណៈ​ក្រុម​ស៊ី​ប៉ាក់​តាក្រ​កម្ពុជា​ផ្នែក​បុរស បាន​យក​ឈ្នះ​ក្រុមថៃ​២​សិត​ទល់​នឹង​សូន្យ ដើម្បី​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ។

បន្ថែមលើ​នេះ​​កីឡាករវាយ​កូន​ឃ្លី​លើ​តុ សឺន តុលា និង សំណាង វិរ:បុត្រ បាន​រួម​គ្នា​យក​ឈ្នះ​ក្រុម​ឡាវ ក្នុង​ប្រកួត​វាយ​ជា​គូ វគ្គ​​ផ្តាច់​ព្រ័​ត្រ ក្នុង​ថ្ងៃ​នេះ​ដែរ ដើម្បី​ឈ្នះ​មេដាយ​មាស១​ទៀតឲ្យ​កម្ពុជា ប៉ុន្តែ​ សំណាង វិរ:បុត្រ ​​បាន​ចាញ់​កីឡាករ​ឡាវ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​លើ​វិញ្ញាសា​វាយ​ទោល ដោយ​គេ​បាន​ត្រឹម​មេដាយ​ប្រាក់។ សរុប​មក​គិត​ត្រឹម​ម៉ោង​២​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ កម្ពុជា បាន​ឈ្នះ​មេដាយ​មាស​សរុប​ចំនួន​៧ ប្រាក់​៣ និង​សំរឹទ្ធ​២ ពី​ការ​ប្រកួត​នេះ៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2228
3734
4917767