jaukjeybanner

NBC ជំរុញ​បង្កើន​ការ​ប្រើប្រាស់​ធនាគារ​ចល័ត

អ្នក​ប្រើប្រាស់​កំពុង​ចុច​ទូរស័ព្ទ។ ការ​ប្រើប្រាស់​ធនាគារ​ចល័ត​ទាមទារ​នូវ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន ។

ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា​មាន​បំណង​​បង្កើន​ការ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ ជាពិសេស​នៅ​តាម​តំបន់​ដាច់​ស្រយាល​តាមរយៈ​ការ​ជំរុញ​​ឲ្យ​ជនជាតិ​កម្ពុជា​ បើក​គណនី​នៅ​​ធនាគារ​ និង​ជួយ​បង្ក​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ដែល​សេវា​ធនាគារ​ឌីជីថល​អាច​ផ្តល់​ជូន​បាន។

ថ្លែង​ក្នុង​វេទិកា​មួយ​នៅ​កិច្ចប្រជុំ​កំពូល​​ថ្នាក់​ជាតិ​ស្តីពី​ការ​ អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​លោក​ ឧក សារ៉ាត់ ​ប្រធាន​នាយកដ្ឋាន​ប្រព័ន្ធ​ទូទាត់​នៅ NBC បាន​ឲ្យ​ដឹង​ថា​សេវា​ធនាគារ​​ចល័ត​អាច​នាំ​ប្រជាជន​កាន់​តែ​ច្រើន​​ចូល​មក​​ ផ្នែក​ធនាគារ​ផ្លូវការ​តែ​លោក​​ពិតជា​បាន​ទទួល​ស្គាល់​ថា​សេវា​ធនាគារ​ចល័ត​ ចាំបាច់​ត្រូវ​ធ្វើការ​កែលម្អ​នៅ​កម្ពុជា​។​

លោក​បាន​​បន្ត​​ថា៖ «​​សេវា​​ធនាគារ​ចល័ត​នៅ​តែ​មាន​បញ្ហា​ប្រឈម​ច្រើន​ហើយ​ត្រូវ​ផ្សព្វផ្សាយ​ ផ្នែក​នេះ​យើង​ត្រូវ​ធានា​សុវត្ថិភាព​ និង​ការ​ប្រកួត​ប្រជែង​ដោយ​ស្មើ​ភាព​»។

លោក សារ៉ាត់ បាន​ឲ្យ​ដឹង​ថា​លទ្ធភាព​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​នៅ​​មាន​កម្រិត​នៅ​តាម​ តំបន់​ជនបទ​កំពុង​រារាំង​ដល់​ការ​ប្រើប្រាស់​ឧបករណ៍​ធនាគារ​អេឡិចត្រូនិក​ក៏ ​ដូចជា​កង្វះ​ទំនុក​ចិត្ត​​ចំពោះ​សុវត្ថិភាព​របស់​ប្រព័ន្ធ​ធនាគារ​បែប​នេះ​ ពី​សំណាក់​អតិថិជន​ និង​ប្រតិបត្តិករ​ធនាគារ​។ លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ការ​បើក​គណនី​ជាមួយ​នឹង​គ្រឹះស្ថាន​ធនាគារ​ ឬ​សេវា​ទូទាត់​ចល័ត​នឹង​កាត់​បន្ថយ​ភាព​ភ័យខ្លាច​ទាំង​នេះ​។

លោក​មាន​ប្រសាសន៍​ថា​៖ «​បើ​ពលរដ្ឋ​មាន​គណនី​ផ្ទាល់​ខ្លួន​ដោយ​មាន​អត្តសញ្ញាណ​ប័ណ្ណ​ច្បាស់​លាស់​ នឹង​ជួយ​​គ្រប់គ្រង​ហានិភ័យ​ព្រម​ទាំង​បង្កើន​ការ​សន្សំ​សម្រាប់​អតិថិជន​»។ ​

លោក​បន្ត​ថា៖ «​ការ​មាន​គណនី​ធនាគារ​កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​»​។

លោក​បន្ត​ថា​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​មាន​ការ​ទទួល​ខុស​ត្រូវ​មួយ​ផ្នែក​​ចំពោះ​ការ​ជំរុញ​វិស័យ​ ទាំង​នេះ​ហើយ​​ក៏​ចាំបាច់​ផ្តល់​សេវា​កាន់តែ​ច្រើន​ដល់​អតិថិជន​ផង​ដែរ​។

លោក​ថ្លែង​ថា៖ «​យើង​មាន​បំណង​ជំរុញ​ប្រតិបត្តិការ​ទាំង​នេះ​ដូច្នេះ​យើង​មាន​លទ្ធភាព​​ ប្រើប្រាស់​សេវា​ធនាគារ​ ២៤ ​ម៉ោង​ក៏​ដូចជា​ការ​ធានា​ដល់​ការ​គោរព​តាម​ស្តង់ដារ​អន្តរជាតិ​ផង​ដែរ​»។

លោកស្រី សូ ផូណារី អនុប្រធាន​ផ្នែក​ប្រតិបត្តិការ​ធនាគារ​អេស៊ីលីដា​បាន​​ឲ្យ​ដឹង​ថា​ដោយសារ​ កម្រិត​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ទាប​ធនាគារ​កំពុង​ចំណាយ​ធនធាន​​កាន់តែ​ ច្រើន​ដើម្បី​ជំរុញ​អតិថិជន​ឲ្យ​ទទួល​ស្គាល់​សេវា​ធនាគារ​ចល័ត​​។​

លោកស្រី​លើក​ឡើង​ថា៖ «​យើង​ត្រូវការ​ពេលវេលា​ដើម្បី​ពន្យល់​ដល់​ពលរដ្ឋ​ហើយ​ធ្វើឲ្យ​ពួកគាត់​មាន​ ទំនុក​ចិត្ត​លើ​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​ប្រាក់​តាមរយៈ​សេវា​ចល័ត​»​។

លោកស្រី​បាន​​បន្ថែម​ថា​វិស័យ​នេះ​ចាំបាច់​​ត្រូវ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ របស់​​ខ្លួន​មាន​ភាព​សាមញ្ញ​ដើម្បី​​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​ក៏​ ដូចជា​ការ​ប្រើប្រាស់​​ភាសា​ខ្មែរ​នៅលើ​កម្មវិធី​ទំនាក់​ទំនង​ទៅ​មក​របស់​ ខ្លួន​ផង​ដែរ​។

លោក គា បូរ៉ាន់ នាយក​ប្រតិបត្តិ​ AMK មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ត្រឹម​តែ​ ១០ ​ភាគរយ​ក្នុង​​ចំណោម​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ប៉ុណ្ណោះ​កំពុង​ ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​នេះ។

លោក​បាន​បន្ត​ថា​ធនាគារ​ចាំបាច់​ត្រូវ​កែលម្អ​បច្ចេកវិទ្យា​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​អតិថិជន​បន្ថែម​ទៀត​។

លោក​បន្ត​ថា៖ «​យើង​នៅ​មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ ៩០ ​ភាគរយ​ដែល​មិន​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​នេះ​ដូច្នេះ​យើង​នៅ​តែ​ ត្រូវការ​ទាក់ទាញ​​ពួកគាត់​តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​ថ្មី»។​

លោក​បន្ត​ថា៖ «​​ប្រជាជន​នៅតែ​សន្សំ​ប្រាក់​​ក្រោម​ខ្នើយ​ ឬ​នៅ​ផ្ទះ​ពួកគាត់​មិន​យល់​​ពី​ការ​សន្សំ​ប្រាក់​ជាមួយ​នឹង​គ្រឹះស្ថាន​ មីក្រូហិរញ្ញវត្ថុ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ទេ»៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
1957
2594
4647792