jaukjeybanner

កម្ពុជា​បាន​នាំ​អង្ករ​ចេញ​កន្លះ​លាន​តោន ​តិច​ជាង​គម្រោង​ការ

កម្មករ​កំពុង​ផ្ទេរ​អង្ករ​ចេញ​ពី​ឡាន​មក​ដាក់​ក្នុង​ឃ្លាំង​នៅ​ក្រុម​ហ៊ុន​ AMRU Rice កន្លង​មក​។

ភ្នំពេញៈ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ​២០១៥ សម្រេច​បាន​តែ​ពាក់​កណ្តាល​នៃ​ផែនការ​ ១ ​លាន​តោន​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ​ ជាមួយ​នឹង​ការ​កើន​ឡើង​ជិត​៤០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៤។ នេះ​បើ​តាម​ទិន្នន័យ​ផ្លូវ​ការ​ពី​លេខាធិការដ្ឋាន ច្រក​ចេញ​ចូល​តែ​មួយ​សម្រាប់​បំពេញ​បែប​បទ​នាំ​ចេញ​អង្ករ។

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ចេញ​កាល​ពី​ថ្ងៃ​សុក្រ ​ឲ្យ​ដឹង​ថា កម្ពុជា​នាំ​ចេញ​អង្ករ​បាន ៥៣៨ ៣៩៦ តោន​បើ​ធៀប​នឹង​ ៣៨៧ ០៦១ តោន​កាល​ពី​ឆ្នាំ​ ២០១៤ ដែល​កើន​ឡើង ​៣៩,១​ ភាគរយ។

កំណើន​នេះ​នាំ​មុខ​ដោយ​ប្រទេស​ចិន ដែល​មាន​ចំនួន ២១,៧ ​ភាគរយ និង​ ម៉ាឡេស៊ី ១០,២​ ភាគរយ ក្នុង​ចំណោម​ទិសដៅ​ឈាន​មុខ​គេ​ ១០។ ប្រភេទ​អង្ករ​នាំ​ចេញ​សំខាន់ៗ​គឺ​អង្ករ​ ផ្កា​ម្លិះ និង​អង្ករ​ក្រអូប ដែល​មាន​៥១​ភាគរយ ហើយ​បន្ទាប់​មក​អង្ករ​ស​មាន​ចំនួន​ ៤១,២​ភាគរយ។

តាម​របាយការណ៍ ក្រុមហ៊ុន​អេមរុ រ៉ាយស៍ (ខេមបូឌា) នាំ​មុខ​គេ​ក្នុង​ការ​នាំ​ចេញ​អង្ករ ដែល​បាន​រួម​ចំណែក​រហូត​ដល់ ១១,៣​ ភាគរយ​នៃ​ការ​នាំ​ចេញ​សរុប បន្ទាប់​មក​ក្រុមហ៊ុន​ខ្មែរ​ហ្វូត​ដែល​មាន​១០,៨​ភាគរយ។

ស្ថិរភាព​នយោបាយ និង​ការ​ខិតខំ​ធ្វើ​ការ​ងារ​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​សម្រាប់​ការ​ ស្វែងរក​ទីផ្សារ​ថ្មី​សម្រាប់​ការ​នាំ​ចេញ​អង្ករ បាន​ធ្វើ​ឲ្យ​កម្ពុជា​រក្សា​បាន​កំណើន​នាំ​ចេញ​អង្ករ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​លោក ហ៊ាន វណ្ណហន អគ្គនាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម។

លោក​លើក​ឡើង​ថា៖ «រដ្ឋាភិបាល​តែង​តែ​ស្វែងរក​ការ​ចរចា​ថ្មីៗ​សម្រាប់​កូតា​ថ្មី​ពី​ប្រទេស​ចិន ដែល​ជា​មូលហេតុ​សំខាន់​នៃ​ការ​កើន​ឡើង»។

ដើម្បី​បង្កើន​ការ​នាំ​ចេញ​នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ចាំបាច់​ត្រូវ​ទទួល​ការ​វាយ​តម្លៃ​ដោយ​ក្រសួង​ កសិកម្ម​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​សមត្ថភាព​ម៉ាស៊ីន​កិន​ស្រូវ អនាម័យ និង​ភូត​គាម​អនាម័យ​ក្នុង​ការ​ធានា​ឲ្យ​ប្រាកដ​ពី​គុណភាព និង​សុវត្ថិភាព​ស្បៀង។

លោក​បន្ត​ថា៖ «វា​មាន​ការ​រឹត​បន្តឹង​ខ្លាំង​ក្នុង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន ដែល​តម្រូវ​ឲ្យ​មាន​ការ​ចុះ​បញ្ជី​របស់​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​សម្រាប់​ ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ ដើម្បី​ធានា​ថា វា​បាន​ឆ្លើយ​តប​ទៅ​នឹង​លក្ខណ​វិនិច្ឆ័យ​របស់​ពួក​គេ និង​សមត្ថភាព​ក្នុង​ការ​នាំ​ចេញ គុណភាព និង​សុវត្ថិភាព​ស្បៀង»។

ប៉ុន្តែ​លោក​មិន​អាច​រំពឹង​បាន​ទេ​ថា​តើ​រដ្ឋាភិបាល​អាច​បង្កើន​កូតា​ បន្ថែម​ទៅ​ប្រទេស​ចិន​ឬ​អត់​ក្នុង​ឆ្នាំ​ ២០១៦ ព្រោះ​វា​ត្រូវ​ពឹង​លើ​រោង​ម៉ាស៊ីន​កិន​ស្រូវ​ថា​តើ​អាច​ឆ្លើយ​តប​នឹង​ តម្រូវ​ការ​របស់​ពួក​គេ​ឬ​អត់?

លោក​ថ្លែង​ថា៖ «ប្រទេស​ចិន​មាន​សក្ដានុពល​ដ៏​សំខាន់​សម្រាប់​ទិសដៅ​នាំ​ចេញ​អង្ករ​សម្រាប់​កម្ពុជា»។

ទាក់​ទង​នឹង​ផល​ប៉ះពាល់​ពី​គ្រោះ​រាំង​ស្ងួត ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា វា​មាន​ផល​ប៉ះពាល់​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែ​វា​នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​សុវត្ថិភាព​ស្បៀង និង​ការ​នាំ​ចេញ​អង្ករ​នោះ​ទេ។

លោក ហ៊ាន វណ្ណហន បញ្ជាក់​ថា ចាប់​ពី​ឆ្នាំ​ ២០១៤ ដល់ ឆ្នាំ​ ២០១៥ កម្ពុជា​នៅ​មាន​ស្រូវ​៤​លាន​តោន​ក្នុង​ឃ្លាំង។

អ្នក​ជំនាញ​ខាង​កសិកម្ម​ថ្លែង​ថា តាម​រយៈ​របាយការណ៍​នេះ វា​អាច​បង្ហាញ​ថា ឧស្សាហកម្ម​អង្ករ​កំពុង​រក្សា​កំណើន​ជា​រៀង​រាល់​ឆ្នាំ ទោះ​បី​ជា ​វា​មិន​អាច​ឆ្លើយ​តប​នឹង​ផែន​ការ​របស់ រដ្ឋាភិបាល​ក៏​ដោយ។

លោក យ៉ង សាំងកុមារ អតីត​ប្រធាន​អង្គការ​កសិកម្ម សេដាក បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​ឆ្នាំ​ ២០១៦ នៅ​តែ​វិជ្ជមាន ប៉ុន្តែ​វា​នឹង​មិន​កើន​ឡើង​ច្រើន​ទេ។

លោក​លើក​ឡើង​ថា៖ «ទោះ​បី​ជា​យើង​មើល​ឃើញ​លទ្ធផល​វិជ្ជមាន​ក៏​ដោយ ក៏​សក្ដានុពល​ការ​នាំ​ចេញ​អង្ករ​នៅ​តែ​មាន​កម្រិត ដោយ​សារ​តែ​មិន​មាន​វិធានការ​ចំពោះ​ការ​ចំណាយ​លើ​ការ​ផលិត»។

លោក​បន្ត​ថា កសិករ​មិន​មាន​ដើម​ទុន ពួក​គេ​នៅ​តែ​ត្រូវ​បង់​ការ​ប្រាក់ ខណៈ​ការ​ដឹក​ជញ្ជូន និង​អគ្គិសនី​គឺ​នៅ​តែ​ជា​ឧបសគ្គ។

លោក​បញ្ជាក់​ថា៖ «ប្រព័ន្ធ​ធារា​សាស្ដ្រ និង​អ្នក​ជំនាញ​សម្រាប់​ជួយ​ដល់​កសិករ​ក្នុង​ការ​បង្ក​បង្កើន​ផល​ស្រូវ​នៅ​ តែ​មាន​កម្រិត កសិករ​ចំណាយ​ច្រើន ប៉ុន្តែ​ចំណេញ​តិច»។

បើ​តាម​លោក យ៉ង សាំងកុមារ សមាគម​កសិករ​នៅ​តែ​ចាំបាច់​ត្រូវ​បង្កើត​បន្ថែម​ទៀត​ដើម្បី​ជួយ​ដល់​កសិករ និង​ការ​ស្វែងរក​របៀប​ថ្មី​នៃ​ការ​ស្ដុក​ស្រូវ​ទុក។

លោកស្រី ថេរ សុខា ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​ផ្នែក​ផ្សព្វផ្សាយ​ទីផ្សារ​នៅ​សហព័ន្ធ​ ស្រូវ​អង្ករ (CRF) បាន​ថ្លែង​ថា ទោះ​បី​ជា​លទ្ធផល​មិន​បាន​ឆ្លើយ​តប​នឹង​ទិសដៅ​ ១ ​លាន​តោន​ក៏​ដោយ ប៉ុន្តែ​វា​នៅ​តែ​មាន​ភាព​វិជ្ជមាន និង​ជា​សញ្ញា​មួយ​ដែល​នឹង​នាំ​ទៅ​រក​ការ​សម្រេច​បាន​ទៅ​តាម​ទិសដៅ កំណត់​នៅ​ពេល​អនាគត។

លោក​ស្រី​បន្ត​ថា៖ «ហើយ​ខ្ញុំ​សង្ឃឹម​ថា នៅ​ឆ្នាំ​នេះ​វា​នឹង​កើន​ឡើង​ជិត​ដល់​ទិសដៅ​កំណត់ ហើយ​តម្លៃ​អង្ករ​នឹង​កើន​ឡើង​ផង​ដែរ»៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2046
1621
4530926