jaukjeybanner

ជើង​ខ្លាំង​កម្ពុជា ៣ នាក់ ត្រូវ​ដណ្តើម​ខ្សែ​ក្រវាត់នឹង​បរទេស

ភ្នំពេញៈ ​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ចំនួន ៨ នាក់រួម​មាន ឡុង សុភី សែន រ៉ាឌី ឡៅ ចន្ទ្រា សែន រ៉ាដេត យ៉េន ឌីណា សារឿន ច័ន្ទ កំពែង ខ្មៅ និង រក្ស ជ័យ ត្រូវបាន​គណៈកម្ម​ការ​រៀបចំ​ការ​ប្រកួត​របស់​សង្វៀន​អប្សរាប៉ុស្តិ៍​លេខ ១១ ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ និង​មិត្ត​ភាព​អន្ដរជាតិ​ជាមួយ​អ្នក​ប្រយុទ្ធ​មក​ពី ៥ ប្រទេស​រួម​មាន​ថៃ ជប៉ុន ចិន មីយ៉ាន់ម៉ា និងអ៊ីតាលី នៅ​ទី​រួម​ខេត្តព្រះសីហនុ នា​ថ្ងៃ​ព្រហស្បតិ៍ ចាប់​ពីម៉ោង ៥ តទៅ។

នៅ​ក្នុង​ការ​ប្រកួត ដែល​មាន​ការ​ប្រកួត​ផ្សាយ​ផ្ទាល់​តាមកញ្ចក់​ទូរទស្សន៍​អប្សរា​ប៉ុស្តិ៍​លេខ ១១ នេះ​ជើង​ខ្លាំង ឡុង សុភី សែន រ៉ាឌី និង​សែន រ៉ាដេត ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នៅ​ទំនេរ​របស់​ណាហ្គាវើល ជាមួយ​ជើង​ខ្លាំង​មក​ពី​ថៃ ចិន និង​មីយ៉ាន់ម៉ា លើ​ប្រភេទទម្ងន់​ខុសៗ​គ្នា។

រីឯ ឡៅ ចន្ទ្រា យ៉េន ឌីណា សារឿន ច័ន្ទ និង រក្ស ជ័យ ​ត្រូវ​ប្រកួត​មិត្ត​ភាព​អន្ដរជាតិ​ជាមួយ​ថៃ និង​អ៊ីតាលី។

កីឡាករវ័យ​ក្មេង ​រក្ស ​ជ័យ ​មក​ពីសមាគម​កីឡា​ប្រដាល់​ក្រ​សួង​កសិកម្ម ត្រូវ​ប្រកួត​ជា​មួយ​ថៃ Sak Kat ​ក្នុងទម្ងន់ ៣៩ គ.ក្រ គឺ​បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​គូ​មិត្តភាព​ក្នុងស្រុក​រវាង​កីឡាករ ស៊ូ ប៉ាន់យ៉ា និង ម៉ន រដ្ឋា ទម្ងន់ ៥២ គ.ក្រ។

ចំណែក​គូ​មិត្ត​ភាព​អន្ដរជាតិ​ទី ២ កីឡាករ កំពែង ខ្មៅ ត្រូវ​ជួប​អ្នក​ប្រដាល់ Phut Noy របស់​ថៃ​ក្នុង​ទម្ងន់ ៥៣ គ.ក្រ ឯ សារឿន ច័ន្ទ ត្រូវ​ប្រកួត​​នឹង​កីឡាករ​របស់​អ៊ីតាលី May Ken ក្នុង​ទម្ងន់ ៦០ គ.ក្រ ហើយ យ៉េន ឌីណា ត្រូវ​ដាក់​ឲ្យ​ជួប​ជើង​ខ្លាំង​មក​ពី​ជប៉ុន Hiroya ក្នុង​ទម្ងន់ ៦១ គីឡូ​ក្រាម​ជាថ្មី​ម្ដង​ទៀត ​ខណៈ​ការ​ជួប​គ្នា​ជា​លើកទី ១ នៅ​ទី​រួម​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី ២៦ ឆ្នាំ​២០១៤ អ្នកទាំង ២ បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា។

ចំពោះ​ជើង​ខ្លាំង ឡៅ ចន្ទ្រា ក្លិប​កង​ពល​តូច​ឆត្រ​យោង ៩១១ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​សង​សឹក​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Bacjo Kietkampoune ក្នុង​ទម្ងន់ ៦០ គីឡូ​ក្រាម ព្រោះ​​ការ​ជួប​គ្នា​លើក​ដំបូង នៅ​សង្វៀន​អប្សរា​នេះ កាល​ពី​ថ្ងៃ​ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០១៥ ឡៅ ចន្ទ្រា បានភ្លាត់​ស្នៀត​បណ្តាល​ឲ្យ Bacjo ទាត់​ឲ្យ​សន្លប់​នៅ​ក្នុងទឹកទី ១ ដ៏​គួរ​ឲ្យភ្ញាក់​ផ្អើល​បំផុត។

ចំពោះ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​វិញ កីឡាករ សែន រ៉ាដេត ត្រូវ​ប្រកួត​ក្នុង​ទម្ងន់ ៥១ គីឡូ​ក្រាម​ជាមួយ​អ្នក​ប្រដាល់​របស់​មីយ៉ាន់ម៉ា Mong Chhay Den ឯ​បងប្រុស​របស់​គេ​គឺ​ជើង​ខ្លាំង សែន រ៉ាឌី ត្រូវប៉ះ​ជន​ជាតិចិន Lee Kung ក្នុង​ទម្ងន់ ៥៧ គីឡូ​ក្រាម ខណៈអ្នក​លេង​ជង្គង់ ឡុង សុភី ​ក្លិប​សាល​វ័ន្ដ​កីឡា ​ត្រូវ​ប្រឈម​ជាមួយ​អ្នក​ប្រយុទ្ធ​របស់​ថៃ Jamlopphuphanourng ​ក្នុង​ទម្ងន់ ៧០ គីឡូក្រាម។

លោក​ សុខ ​វុទ្ធី ​ជំនួយ​ការ​រៀប​ចំ​ការ​ប្រ​កួត​នៃ​សង្វៀន​អប្សរា​ បាន​ប្រាប់ភ្នំពេញ​ ប៉ុស្តិ៍​ ​ថា​៖«​ព្រឹត្តិការណ៍​ប្រ​កួតនេះ​សង្វៀន​អប្សរា​ ​ត្រៀម​បាន​ល្អដោយ​ជម្រើសកីឡាករ​ឆ្នើមៗ​ដើម្បី​ប្រកួត ព្រោះ​​យើង​បាន​ធ្លាប់រៀប​ចំ​ធំ​បែប​នេះ​ចំនួន ២ លើក​មក​ហើយ ​គឺ​លើកទី ១ នៅ​ខេត្ត​តាកែវ​ និង​លើកទី ២ នៅ​ខេត្ដ​ស្វាយ​រៀង ​ហើយ​លើកទី ៣ នេះ​នៅ​ខេត្ត​ព្រះ​សីហនុ​នេះ នឹង​មានការ​ចូល​រួម​ពី​សម្តេច​ក្រឡាហោម ​ស ​ខេង ​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះ​សីហនុ ​និង​មាន​ការ​ឧបត្ថម្ភ​ពី​ណា​ហ្កា​វើល​ និង​សាលា​ខេត្ត​ព្រះ​សីហនុ​ ខណៈ​សង្វៀន​អប្សរា​សម្រាប់ឆ្នាំ ២០១៦ នេះ ​មាន​គម្រោង​ការ​ប្រ​កួត​ដោយសហ​ការ​ជា​មួយ​វិស័យ​ឯក​ជន​ជា​ដៃ​គូ​ ដើម្បី​ឲ្យ​កម្ម​វិធី​ប្រ​ដាល់​ដំណើរ​ការ​បាន​រលូន​ល្អ​»៕​

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2297
2461
4920297