jaukjeybanner

តើ​ត្រូវ​ធ្វើ​យ៉ាងណា​ ដើម្បី​មាន​កម្លាំង​ធ្វើ​ការ​ បន្ទាប់​ពី​មិន​បាន​គេង​ពេញ​មួយ​យប់?

នរណាៗ​ក៏​ដឹង​ដែល​ថា​ ការ​ទទួល​ទាន​ដំណេក​​ឲ្យ​បាន​គ្រប់​គ្រាន់​ពិត​ជា​មាន​សារសំខាន់​ណាស់​ចំពោះ ​សុខភាព។ ក៏​ប៉ុន្តែ នៅ​ពេល​ខ្លះ ដោយ​សារ​តែ​ការ​មមាញឹក​ ឬ មហិច្ចតា នៅ​ក្នុង​ការងារ ឬ​ការ​សិក្សា​ អ្នក​ត្រូវ​បង្ខំ​ខ្លួនឯង​ឲ្យ​ធ្វើ​ការ​ដោយ​មិន​បាន​គេង​ពេញ​មួយ​យប់។ កាន់​តែ​អាក្រក់​ទៅ​ទៀត​នោះ នៅ​ថ្ងៃ​បន្ទាប់ អ្នក​ក៏​ត្រូវ​ទៅ​បំពេញ​ការងារ ឬ​ទៅ​សាលា​ដូច​ធម្មតា។ តើ​អ្នក​ត្រូវ​ធ្វើ​ដូច​ម្តេច​ទៅ​?

ខាង​ក្រោម​នេះ​ គឺ​ជា​គន្លឹះ​ដ៏​​មាន​ប្រយោជន៍​មួយ​ចំនួន​ដែល​អាច​ជួយ​អ្នក​បាន​នៅ​ពេល​ដែល​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានការណ៍​បែប​នេះ។

អង្គុយ​ធ្វើ​ការ​នៅ​ក្បែរ​បង្អួច​ចំហរ

ការ​ទទួល​​ពន្លឺ​ថ្ងៃ​ពិត​ជា​មាន​សារសំខាន់​ណាស់​​ក្នុង​ការ​ជួយ​ផ្តល់​ ថាមពល​ មក​ឲ្យ​ សម្រាប់​ការ​ធ្វើ​កិច្ចការ​ងារ​ប្រចាំ​ថ្ងៃ។ លោក Steve Orma វេជ្ជបណ្ឌិត និង​ជា​អ្នក​និពន្ធ​សៀវ​ភៅ​ស្តី​ពី​សុខភាព​ម្នាក់​បាន​និយាយ​ថា៖ «ពន្លឺ​ថ្ងៃ​ជួយ​កាត់​បន្ថយ​ការ​បញ្ចេញ​អរម៉ូន មេឡាតូនីន ដែល​ជា​អរម៉ូន​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​យើង​ងងុយ​គេង។ ដើម្បី​ប្រយុទ្ធ​ជា​មួយ​នឹង​ការ​ងងុយ អ្នក​គួរតែ​អង្គុយ​ធ្វើ​ការ​នៅ​ក្បែរ​បង្អួច ឬឆ្លៀត​ចេញ​ទៅ​យក​ខ្យល់​អាកាស​ខាង​ក្រៅ​ឲ្យ​បាន​ច្រើន​ដង។ ការ​ទទួល​យក​ពន្លឺ​ធម្មជាតិ​ពេញ​មួយ​ថ្ងៃ​អាច​ជួយ​អ្នក​មិន​ឲ្យ​ងោកងុយ​ បាន»។

មុជ​ទឹក​ត្រជាក់

លោកវេជ្ជបណ្ឌិត Mark Kovac បាន​ឲ្យ​ដឹង​ថា ការ​ងូត​ទឹក​ត្រជាក់​ក្នុង​រយៈ​ពេល​ចន្លោះ​ពី ៣០ ទៅ​ ៦០​ វិនាទី​​អាច​ភ្ញោច​​ប្រព័ន្ធ​ឆ្លើយ​តប​នៃ​សរសៃ​ប្រសាទ​របស់​អ្នក​ឲ្យ​រឹងមាំ ​​សម្រាប់​ការ​បំពេញ​ការងារ​ពេញ​មួយ​ថ្ងៃ​បាន។​

ការ​ធ្វើ​ចលនា​ដង្ហើម

ការ​ធ្វើ​ចលនា​ដង្ហើម​មួយ​បែប​ អាច​ជួយ​មិន​ឲ្យ​អ្នក​អស់​កម្លាំង ឬងងុយ​គេង​បាន។ ចូរ​សាកល្បង​ដក​ដង្ហើម​​ចូល​តាម​ច្រមុះ​រយៈ​ពេល​ប្រាំ​វិនាទី ហើយ​បញ្ចេញ​ដង្ហើម​មក​ក្រៅ​​វិញ​តាម​មាត់​​រយៈ​ពេល​ពីរវិ​នាទី។ អ្នក​ត្រូវ​ធ្វើ​បែប​នេះ​ចុះ​ឡើងៗ ចំនួន​ប្រាំ​ដង។ លោកវេជ្ជបណ្ឌិត Kovacs បាន​ឲ្យ​ដឹង​ថា៖ «ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​បង្កើន និង​បន្ថយ​ចង្វាក់​បេះ​ដូង​ក្នុង​ពេល​តែ​មួយ»។

ជៀងស​វាង​ការ​ទទួល​ទាន​ច្រើន​ពេក​នា​ពេល​ថ្ងៃ​ត្រង់

បើ​សិន​ជា​អ្នក​មិន​បាន​គេង ឬ​គេង​មិន​បាន​គ្រប់​គ្រាន់ ការ​ទទួល​ទាន​អាហារ​​ក្នុង​បរិមាណ​សមល្មម​ពេញ​មួយ​ថ្ងៃ​អាច​ជួយ​សន្សំ​ កម្លាំង​របស់​អ្នក​បាន។ លោក​វេជ្ជបណ្ឌិត Kovacs បាន​និយាយ ​ថា៖ «បើ​សិន​ជា​អ្នក​ពុំ​បាន​គេង​គ្រប់​គ្រាន់ នោះ​ការ​ទទួល​ទាន​ច្រើន​ពេក​នៅ​ពេល​ថ្ងៃ​ត្រង់​មិន​មែន​ជា​គំនិត​ល្អ​ សម្រាប់​អ្នក​នោះ​ឡើយ ​ព្រោះ​ការ​ទទួល​ទាន​បែប​នេះ​នឹង​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ ធ្ងន់​ខ្លួន ដោយ​សារ​តែ​អាហារ​ដែល​អ្នក​បាន​ទទួល​ទាន​កំពុង​តែ​ដាក់​បន្ទុក​ទៅ​លើ​គ្រឿង​ ក្នុង ដែល​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​មាន​អារម្មណ៍​ថា​នឿយ​ហត់ និង​ងងុយ​គេង។​

បង្កើន​កម្លាំង​ជាមួយ​នឹង​សារធាតុ​ ប្រូតេអ៊ីន

លោក​វេជ្ជ​បណ្ឌិត Jo Lichten ដែល​អ្នក​សរសេរ​សៀវភៅ​ណែនាំ​ពី​សុខភាព​ម្នាក់​ទៀត​​បាន​និយាយា​ថា អាហារ​ដែល​មាន​បរិមាណ​ ប្រូតេអ៊ីន ​ចន្លោះ​ពី ២០ ទៅ ៣៥ ក្រាម នឹង​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ស្វាង​ងងុយ​ជា​ជាង​អាហារ​ដែល​មាន​ សារធាតុ​ កាបូអ៊ីឌ្រាត ​ខ្ពស់ ដែល​គ្រាន់​តែ​អាច​ផ្តល់​ថាមពល​ឲ្យ​អ្នក​ក្នុង​រយៈ​ពេល​ខ្លី​បន្ទាប់​ពី​ ទទួល​ទាន។ ស៊ុត ទឹក​ដោះ​គោ​ជូ និង សាច់​ ដែល​មាន​ទំហំ​ប្រហែល​នឹង​បាត​ដៃ​របស់​អ្នក គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ការ​ជួយ​អ្នក​ឲ្យ​លែង​ងងុយ និង​មាន​កម្លាំង​សម្រាប់​ការ​ធ្វើ​ការងារ​បន្ត​ទៅ​ទៀត។

កុំ​ទទួល​ទាន​កាហ្វេ​ច្រើន​ពេក

ការ​ទទួល​ទាន​នូវ​កាហ្វេ​ច្រើន​ពេក​មិន​អាច​ផ្តល់​ថាមពល​ស្ថិត​ស្ថេរ​ សម្រាប់​ការ​បំពេញ​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​អ្នក​បាន​នោះ​ទេ។ ខណៈ​ដែល​មនុស្ស​ភាគ​ច្រើន​យល់​ថា ការ​ទទួល​ទាន​សារជាតិ​កាហ្វេអ៊ីន​អាច​ជួយ​ពួកគេ​ឲ្យ​ស្វាង​ពី​ភាព​ងងុយ ការ​ទទួល​ទាន​កាហ្វេ​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​អ្នក​មាន​អារម្មណ៍​ច្រាស់​ ច្រាល និង​ព្រួយ​បារម្ភ ជា​ជាង​ការ​មាន​ស្មារតី​ផ្តោត​អារម្មណ៍។

លោកវេជ្ជ​បណ្ឌិត Licten បាន​ធ្វើ​ការ​ណែ​នាំ​ថា ការ​ទទួល​ទាន​សារធាតុ​កាហ្វេអ៊ីន​ក្នុង​បរិមាណ​ចន្លោះ​ពី ៥០ ទៅ ១០០​ ក្រាម គឺ​​គ្រប់​គ្រាន់​ទៅ​ហើយ​សម្រាប់​ការ​ស្វាង​ងងុយ និង​រក្សា​នូវ​ការ​ផ្តោត​អារម្មណ៍​ទៅ​លើ​ការងារ។ អ្នក​គួរ​តែ​ទទួល​ទាន​កាហ្វេ​មួយ​ពែង​តូច​រាល់​រយៈ​បួន​ម៉ោង​ម្តង​ពេញ​មួយ​ ថ្ងៃ ហើយ​បញ្ឈប់​ការ​ទទួល​ទាន​វា​នៅ​ម៉ោង​បួន​រសៀល​ដើម្បី​ការ​ពារ​កុំ​ឲ្យ​គេង​ មិន​លក់​នៅ​ពេល​យប់។

ទទួល​ទាន​កាហ្វេ​ រួច​គេង​សម្រាក​​បន្តិច​នៅ​ពេល​ថ្ងៃ

អ្នក​ប្រាកដ​ជា​គិត​ថា សារជាតិ​កាហ្វេអ៊ីន និង ការ​គេង​ថ្ងៃពិត​ជា​មិន​សាកសម្តិ​ជាដៃ​គូ​នឹង​គ្នា​ឡើយ។​ ផ្ទុយ​ស្រឡះ ក្រុម​អ្នក​ជំនួញ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា ការ​ទទួល​ទាន​កាហ្វេ​មួយ​ពែង​​មុន​ពេល​គេង​ថ្ងៃ​អាច​ជួយ​បង្កើន​ថាមពល​ខួរ​ ក្បាល​របស់​អ្នក​បាន។

លោក​វេជ្ជ​បណ្ធិត Kovacs បាន​ណែនាំ​ឲ្យ​ទទួល​ទាន​កាហ្វេ Espresso មួយ​កែវ រួច​កំណត់​ម៉ោង​រោទិ៍​សម្រាប់​គេង​សម្រាក់​រយៈ​ពេល​ពី ២៥ ទៅ ៣០នាទី។

លោក​បាន​និយាយថា៖ «នៅ​ពេល​ដែល​អ្នក​ក្រោក​មក​វិញ សារធាតុ​កាហ្វេ​អ៊ីននឹង​ចាប់​ផ្តើម​ធ្វើ​ការភ្លាម​ ហើយ​ជួយ​ឲ្យ​អ្នក​ធ្វើ​ការ​បន្ត​ទៅ​ទៀត​រហូត​ដល់​ចប់​ម៉ោង​បាន»។ នេះ​ក៏​ដោយសារ សារធាតុ​កាហ្វេអ៊ីន​​ត្រូវ​ការ​រយៈ​ពេល​យ៉ាង​ហោច​ណាស់​ក៏ ៤៥ នាទី​​មុន​ពេល​ចាប់​ផ្តើម​មាន​ឥទ្ធិពល​ទៅ​លើ​រាង​កាយ ខណៈ​ដែល​ការ​គេង​នៅ​ពេល​ថ្ងៃ​ជួយ​បង្កើន​ឥទ្ធិពល​របស់​វា​នៅ​ក្នុង​ប្រព័ន្ធ ​សារពាង្គកាយ និង​ធ្វើ​ឲ្យ​អ្នក​ស្វាង​ងងុយ​យ៉ាង​រហ័ស៕

 

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
2003
2250
4533133