jaukjeybanner

នំប៉ោង​ប្រហិត​ឆឹងទឹកម្ទេស​​​ ពីហាង Emoji ម្ដុំបឹងត្របែក​

នំប៉ោង​ញាត់​ប្រហិត​ឆឹង​ទឹក​ម្ទេសផ្ទាប់​បន្លែ​សាលាដ​នៅហាង Emoji។

ភ្នំពេញ: នំ​ប៉ោងដាក់​ល្ង​ដែលយើង​ភាគ​ច្រើនតែ​ងញុំា​ លេង ឬក៏​ជ្រលក់ជាមួយទឹកដោះ​គោ​ធ្វើជា​អាហារ​ពេលព្រឹក​នោះ ឥឡូវនេះ​អាហារដ្ឋាន​ ​Emoji បាន​យកមក​ច្នៃ​ធ្វើជាអាហារសម្រន់​ដែលមាន​រសជាតិ​ប្លែក​ឆ្ងាញ់ជាងមុន។

ម្ចាស់​ហាង​​កញ្ញា យី​ ចាន់​លក្ខណា ដែល​កំពុង​មមាញឹកឆឹង​ប្រហិត​បណ្តើរ​ដៃ​រៀបចំ​សាលាដ​ដាក់ចូល​នំ​ប៉ោង​បណ្តើរ​ បាន​និយាយថា​៖ «មុនដំបូង​ឡើយគឺ​ឃើញក្មេងៗគាត់​ចូលចិត្ត​ញ៉ាំ​ប្រហិត អ៊ីចឹង​ប្រសិនជា​យើង​លក់​ប្រហិត​ដដែល មើលទៅ​វាសាំ។ អ៊ីចឹង​​ទៅ​ចេះតែ​នឹក​ឃើញច្នៃ ហើយ​ណាមួយចំណង់​ចំណូលចិត្ត​មនុស្ស​គាត់​ត្រូវការ​អ្វីដែលប្លែក ហើយ​ខ្ញុំ​ក៏​គិត​ថាបើ​យកនំ​ប៉ោង​មកញុំា​ជាមួយ​ប្រហិត​គឺ​វា​មាន​រសជាតិ​ ប្លែក​មាត់​ម្យ៉ាងដែរ»។

មុនដំបូង​កញ្ញា​គិ​តថា ប្រើនំបុ័ង​ញាត់ប្រហិតឆឹង​ទេ ក៏ប៉ុន្តែ​ដោយ​យល់​ថា នំបុ័ង​វា​ដដែលៗ​ពេក ទើបសម្រេច​ចិត្ត​យក​នំប៉ោង​មក​ញាត់​ប្រហិត​​ឆឹងដែលកញ្ញា លក្ខណា ​ផ្សំ​គ្រឿង​ខ្លួន​ឯង រួច​ឲ្យ​អ្នកផ្ទះភ្លក្ស​សិន​ទើបដាក់​លក់។

ម្ចាស់ហាង​រូបនេះ​បានរំឭក​ថា៖ «ដាក់លក់​មិន​ទាន់បានមួយខែ​ផង​គឺមាន​ការពេញនិយម​ច្រើន​​ពី​ភ្ញៀវ ដោយ សារតែ​ខ្ញុំ​ពង្រឹង​ខ្លាំង​ទៅលើ​អនាម័យ​និង​រសជាតិ ជាពិសេស​បន្លែ​សាលាដ ដែល​យក​មកប្រើ​នេះគឺសុទ្ធតែបន្លែ​ស្រស់​ៗ ប្រហិត​សាច់គោ​វិញ​គឺសុទ្ធតែម្តង ខ្ញុំ​ចង់​ឲ្យ​ភ្ញៀវ​ទាំងអស់​មានទំនុកចិត្ត​លើអាហារ​ក្នុង​ហាង​របស់ខ្ញុំ»។

កញ្ញា យី​ ចាន់​លក្ខណា បាន​លើក​ឡើង​ថា៖ «​​ពីមុន​ខ្ញុំ​ធ្លាប់ធ្វើការ​ក្នុង​ក្រុមហ៊ុនឯកជន ហើយ​ខ្ញុំដើរ​ញ៉ាំ​អាហារ​ខាងក្រៅច្រើន ឃើញ​ហាង​ខ្លះទៅ គាត់​មិនសូវ​ខ្វល់​ពី​គុណភាព​អាហារ ដូច្នេះ​ហើយ​បានជា​ខ្ញុំ​សម្រេច​ចិត្ត​បើក​ហាងតូចមួយដែល​បម្រើ​ជូន​នូវ​ អាហារ​ដែលមានអនាម័យ​ដែល​ភ្ញៀវ​គ្រប់​រូប​អាចទទួលយកបាន»។

ក្រៅពីនេះ​នំប៉ោងញាត់​ប្រហិត​ឆឹង ហាង Emoji ក៏មាន​​ស៊ុប​ពង​ទាកូន​ចម្អិន​ជាមួយ​ផ្សិត​ ក្ដៅៗ​ ដែលអាចទទួលទាន​ជាមួយ​ម្រេច ហើយ​ច្របាច់​ក្រូចឆ្មារ​យ៉ាង​ឆ្ងាញ់​ផង​ដែរ។

ហាង​ Emoji ស្ថិតនៅ​ផ្ទះ​លេខ ៤២E0 តាម​បណ្តោយផ្លូវ ៤៨៨ ទល់មុខ​យានដ្ឋាន​ពេញចិត្តបឹងត្របែក និង​លក់​ជា​ប្រភេទ​អាហារសម្រន់ដូចជា ប្រហិត​ភ្នំភ្លើង​មួយ​ចង្កាក់ ១៥០០ រៀល ប្រហិត​ឆឹង ១៥០០ រៀល​ក្នុង​មួយ​ចង្កាក់ ស៊ុបពង​ទា​កូន​មួយ​ចាន ៣០០០ រៀល ត្រប់​បំពង ប្រហិត​ឆឹងខ្ចប់​ពងមាន់ ជាដើម។ ​

ព័ត៌មាន​បន្ថែម​ទំនាក់ទំនង​ទូរស័ព្ទលេខ ០៨៦​ ៦១៨​១៦៨ និង ០១២ ៥៣៩ ៣៦៦៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
693
923
4540431