jaukjeybanner

Boeing និង Tata សហការ​ផលិត​គ្រឿង​យន្ត​ហោះ

ឧទ្ធម្ភាគចក្រ AH-64E Apache ក្នុង​ពិព័រណ៍​នា​ទីក្រុង​ឌូបៃ។

ក្រុង​ម៉ុមបៃៈ ក្រុមហ៊ុន​ផលិត​យន្តហោះ​ Boeing Co និង​ក្រុមហ៊ុន​ Tata Advanced Systems Ltd នឹង​សហការ​គ្នា​ផលិត​គ្រឿង​បន្លាស់​យន្តហោះ​នៅ​ប្រទេស​ឥណ្ឌា ដែល​ជា​កិច្ច​សហប្រតិបត្តិ​ការ​មួយ ដែល​នឹង​ជំរុញ​ដល់​ផែនការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi ក្នុង​ការ​ជំរុញ​វិស័យ​ផលិតកម្ម​ក្នុង​ស្រុក​ ក្រោម​កម្មវិធី «ផលិត​នៅ​ប្រទេស​ឥណ្ឌា» ​របស់​លោក។

ការ​សម្រេច​របស់​ក្រុមហ៊ុន​ Boeing ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​ផលិតកម្ម​មួយ​នៅ​ប្រទេស​ឥណ្ឌា​ ដែល​ត្រូវ​បាន​ប្រកាស​កាល​ពីថ្ងៃ​ចន្ទ បាន​ធ្វើឡើង​មួយ​ឆ្នាំ​​បន្ទាប់​ពី​ក្រុម​ហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ ឈីកាហ្គោ​​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​ខ្លួន​កំពុង​​ដំណើរ​ការ​ស្វែង​យល់​ពី​ដៃគូ​សម្រាប់​ទំនាក់​ ទំនង​ជា​យុទ្ធសាស្រ្ត ​និង​ប្រកប​ដោយ​ខ្លឹម​សារ​ ក្រោយ​ពេល​ដែល លោក​ Modi បាន​បន្ធូរ​បន្ថយ​ច្បាប់​សម្រាប់​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​វិស័យ​ការ​ពារ ​ជាតិ​នៅ​ប្រទេស​ឥណ្ឌា។

ក្រុមហ៊ុន​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី ថ្លែង​ការណ៍​មួយ​ថា ជាបឋម​ក្រុមហ៊ុន​ Boeing ដែល​ជា​ក្រុមហ៊ុន​ផលិត​យន្ត​ហោះ​ធំ​ជាង​គេ​របស់​ពិភពលោក និង​ក្រុម​ហ៊ុន​ Tata Advanced Systems នឹង​ផលិត​គ្រោង​ឧទ្ធម្ភាគចក្រ​ម៉ូដែល AH-64 Apache ជា​មុន​សិន បន្ទាប់​មក នឹង​ប្រកួត​ប្រជែង​ដណ្តើម​យក​កិច្ច​សន្យា​ផ្នែក​ការពារ​ជាតិ និង​អាកាស​ចរណ៍​ស៊ីវិល​ផ្សេង​ទៀត។ ​ប៉ុន្តែ ក្រុម​ហ៊ុន​ទាំង​ពីរ​ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ក្រុមហ៊ុន​បណ្តាក់​ ទុន​រួម​គ្នា​នេះ​ទេ។

លោក Pratyush Kumar ប្រធាន ក្រុមហ៊ុន​ Boeing's India បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «​ក្នុង​រយៈ​ពេល​១២​ខែ​ចុង​ក្រោយ​នេះ យើង​បាន​បង្កើន​ប្រភព​របស់​យើង​ទ្វេ​ដង​ពី​ប្រទេស​ឥណ្ឌា ហើយ​ប្តេជ្ញា​ចិត្ត​បន្ត​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​»។ លោក​មាន​ប្រសាសន៍​ថា៖ «​ក្រុមហ៊ុន​បណ្តាក់​ទុន​រួម​គ្នា​នេះ គឺ​ជា​ឧទាហរណ៍​ច្បាស់​មួយ​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​រយៈ​ពេល​វែង​របស់​ ក្រុមហ៊ុន​ Boeing ចំពោះ​កម្មវិធី «​ផលិត​នៅ​ឥណ្ឌា​» នេះ»។

បន្ទាប់​ពី​បាន​ឡើង​កាន់​តំណែង​កាល​ពី​ខែ ឧសភា ឆ្នាំ​២០១៤​ លោក Modi បាន​ប្រកាស​ពី​កម្មវិធី​ជំរុញ​របស់​លោក​ដើម្បី​លើក​កម្ពស់​វិស័យ​ផលិតកម្ម ដល់​២៥​ភាគ​រយ​នៃ​កំណើន​ផ.ស.ស របស់​ឥណ្ឌា​នៅ​ឆ្នាំ ២០២០​ ធៀប​នឹង​ទំហំ ១៨​ភាគរយ​នា​ពេល​បច្ចុប្បន្ន៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
4124
6029
5150479