jaukjeybanner

សង្វៀនប៉ុស្តិ៍​លេខ ៥ នៅតែ​គេច​មិនផុតពីភាពមិន​ប្រក្រតី​

ឡុង ប៊ុនយីម បាន​ដួល​ដេក​ក្រោយ សំណាង លីណា​ ទាត់ចំ​កញ្ចឹង​ក​​។

ភ្នំពេញៈ ទោះ​បី​ការ​ប្រឹងប្រែងស្តា​រមុខ​មាត់​ឡើង​ វិញរបស់​ លោក ​សេង​ កដិកា​ អគ្គ​នាយក​រង ​និង​ជា​ប្រធាន​គ្រប់គ្រង​កម្ម​វិធីប្រដាល់​ប៉ុស្តិ៍លេខ ៥ ​ក្នុង​ការ​លើកស្ទួយ​ឲ្យ​មានការប្រកួត​ល្អ កាត់​សេចក្តី​មាន​តម្លាភាព ​យុត្តិធម៌​ ទាក់ទាញ​ និង​តម្រូវ​ចិត្ត​មហាជនក្តី ​ប៉ុន្តែ​លទ្ធផលនៃ​ការប្រឹង​ប្រែង​​នេះ​ នៅ​តែ​ជួបបញ្ហាលំបាក​សឹងតែ​គ្រប់ពេល​ គឺ​មិន​អាចគេចផុត​ពី​ភាព​មិនប្រក្រតី​នោះឡើយ​ក្នុង​មួយ​សប្តាហ៍​ ក៏មាន ១ ឬ ២ គូមិនខាន។​

ជាក់​ស្តែង​សម្រាប់​ការ​ប្រកួត​ កាល​ពី​ថ្ងៃ​អាទិត្យ​ កីឡាករ ​ឆេង​ ពន្លក​ កូន​សិស្ស​ លោក ​មាស ​សុខគ្រី​ និង ​ឡូញ​ វ៉ាន់ឌី​ ​កូន​សិស្ស​ ឡុង ​វិបុល​ ត្រូវបានប្រកាសឲ្យ​​ស្មើ​គ្នា​ជំនួស​ការ​បណ្តេញ​ចុះ​ពីសង្វៀន​ ​ព្រោះ​ ​ឆេង ​ពន្លក ​ត្រូវ​បាន​គណៈ​កម្មការព្រមាន ដោយគេ​ឡើង​ប្រកួតមិនអស់ពី​សមត្ថភាព​ គឺ​គ្រាន់​តែ​រាំ​លេង​តាម​ចង្វាក់​ភ្លេង​ ប៉ុន្តែលោក ​សេង​ កដិកា​ មិន​ចង់​ឲ្យ​ដេញ​ចុះ​ ​ព្រោះខ្លាចសល់​ម៉ោង​ផ្សាយផ្ទាល់។​​

បន្ថែម​លើនេះ កីឡាករ ​ឡុង ​ប៊ុន​យីម ​ត្រូវ​បាន​សន្លប់​ដោយក្បាច់ទាត់ផ្កាប់​ចាន​របស់​ ​សំណាង​ លីណា​ ក្នុងទឹកទី ២ តែគណៈកម្មការ​បាន​​បណ្តេញ​ចុះ​ ដោយមិន​ប្រកាស​លទ្ធផល ដោយ​បាន​ចោទ​ ប៊ុនយីម ថា​បាន​ទ​ទួល​សំណូក​។​

លោក​ មាស​ សុខ​គ្រី​ ស្នងការប្រកួត​ប្រចាំ​សង្វៀនប៉ុស្តិ៍លេខ ៥​ បានប្រាប់ក្រុម​គណៈ​កម្មការ​វិនិច្ឆ័យ​ឮៗ​ក្រោយ​ពេល ឡុង ​ប៊ុនយីម​ សន្លប់​ភ្លាម​ថា មិន​ត្រូវ​ប្រកាស​លទ្ធផលឈ្នះ​ចាញ់​ទេ​ ហើយ​ លោក​ គង់ ​ឌៀប ជាប្រធាន​វិនិច្ឆ័យ​ក៏​ធ្វើ​តាម​ភ្លាមៗ​ដែរ​។​

ប៉ុន្តែ​ក្រោយ​ពេល​សម្រាក​បាន​ស្រួល​ខ្លួន​បន្តិច ឡុង ប៊ុនយីម​ ​បាន​ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ​ថា​៖​«ខ្ញុំគ្មានពាក់​ព័ន្ធ​រឿង​ពុក​រលួយ​លក់ខ្លួនទេ ​គឺ​ខ្ញុំ​ទទួល​រង​ទម្ងន់​ជើង​ធ្ងន់នាំឲ្យ​សន្លប់​»។​

ប៊ុន​យីម​ បាន​ត្អូញ​ត្អែ​រ និង​ប្រកែកមិន​ទទួល​យក​នូវ​ការ​ចោទ​ប្រកាន់​ឡើយ​ ដោយ​អះអាង​​ថា៖​«​ខ្ញុំ​ទទួល​រង​ភាព​អយុត្តិធម៌»​។

ចំណែកលោក ​ឡុង ​សាលវ័ន្ដ ​គ្រូ​បង្វឹក ឡុង ប៊ុនយីម ​អះអាង​ថា​៖«​​ខ្ញុំ​មិន​បាន​ឃើញហេតុការណ៍​ប្រ​កួតនោះទេ​ ដោយ​ជាប់​រវល់​ទៅ​បុណ្យ​ ប៉ុន្តែ​កូន​សិស្ស​មួយ​នេះចរិតល្អ​មិន​ដែល​ប្រកួត​លក់​ខ្លួន​ទេ ​ទោះបីការប្រកួត​មិន​សូវ​ឈ្នះ​ក៏​ដោយ​ ហើយក៏មិន​ដែលចាញ់​គេ​ដោយ​សន្លប់​ដូច​ពេល​នេះ​ដែរ»​។​

លោក​ តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា​ បាន​ឆ្លើយ​តប​ចំពោះ​ភាព​មិន​ប្រក្រតី​នៅ​សង្វៀន​នេះថា៖«​ខ្ញុំ​មិន​សប្បាយ​ ចិត្ត0ចំពោះ​ការ​ប្រ​កួត ​ដែលមានរឿង​អាស្រូវ​ញឹក​ញាប់​បែប​នេះ​ទេ ​ហើយវិធានការ​របស់​យើង​ តែង​តែ​រឹត​បន្តឹង​ទាំងកីឡាករ​ គ្រូ ​និង​ជួរ​គណៈ​កម្មការ​ ដើម្បី​កែ​លម្អ​តែ​ពួក​ខិល​ខូចនៅតែ​មាន ​ធ្វើ​ឲ្យ​យើង​លំបាក​»។​

លោក​បញ្ជាក់ថា​៖«​ជា​គោលការណ៍មិន​ឲ្យ​លម្អៀងទេ​ ប៉ុន្តែ​មន្ត្រី​អនុវត្ត​មួយ​ចំនួន​ គឺនៅតែហ៊ាន​ប្រព្រឹត្ត​គឺ​មិនអត់​ទេប៉ុន្តែ​អ្វីៗ​ ឬ​ការចោទ​ប្រកាន់ត្រូវ​តែមានភ័ស្តុតាង​គ្រប់​គ្រាន់​។ ​មន្ត្រី​ចាស់ក្តី​ថ្មី​ក្តី​ កីឡាករក្តី​ បើ​យើង​មាន​ភ័ស្តុតាង​ គឺ​នឹង​ចាត់​វិធាន​ការ​ដាក់ពិន័យ ដោយ​គ្មាន​យោគ​យល់ឡើយ​ ទោះ​បីក្លិប​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្ញុំ​ក៏​ដោយ»​៕

អត្ថបទផ្សេងៗ

ថ្ងៃនេះ
ម្សិលមិញ
សរុប
494
2096
4643735